km:tipitaka:sut:kn:tha:sut.kn.tha.17.03

អានន្ទត្ថេរគាថា

សង្ខេប

ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់ ព្រះ​អានន្ទ​ត្ថេរ។

sut kn tha 17 03 បាលី cs-km: sut.kn.tha.17.03 អដ្ឋកថា: sut.kn.tha.17.03_att PTS: ?

អានន្ទត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

(៣. អានន្ទត្ថេរគាថា)

[២៦១] បណ្ឌិតមិន​គួរ​ធ្វើ​សខិភាព គឺភាពជាសម្លាញ់​នឹងបុគ្គល​អ្នក​ញុះញង់ អ្នក​ក្រេវក្រោធ អ្នក​កំណាញ់ ទាំង​ជា​អ្នក​ត្រេកអរ​នឹងសេចក្ដីវិនាសទេ (ព្រោះ​ថា) ការ​សេពគប់​នឹងបុរសអាក្រក់ ជា​អំពើ​ដ៏លាមក។ទ. ៩៤ បណ្ឌិតគួរ​ធ្វើ​សខិភាព នឹង​បុគ្គល​អ្នក​មាន​សទ្ធា មាន​សីល​ជា​ទី​ស្រឡាញ់ អ្នក​មាន​ប្រាជ្ញា មាន​ការ​ចេះដឹង​ច្រើន (ព្រោះ​ថា) ការ​សេពគប់​នឹង​ពួក​សប្បុរស ជា​ការ​ចំរើន។

អ្នក​ចូរមើល​នូវ​ពុម្ព គឺអត្តភាព​ដែល​ធ្វើ​ឲ្យ​វិចិត្រ ជា​ទីប្រជុំ​នៃដំបៅ ផ្ដុំឡើង (ដោយ​ឆ្អឹង ៣០០ កំណាត់) ជា​គ្រឿង​រោលរាល ជា​ទីប្រាថ្នា​នៃជនច្រើន ជា​កាយឥតទៀង​ទាត់​ឋិត​ថេរ ព្រះ​អានន្ទត្ថេរ ជាគោតមគោត្ត ជា​អ្នក​ចេះ​ដឹងច្រើន មាន​វាចា​ដ៏​វិចិត្រ ជា​អ្នក​បំរើនូវ​ព្រះ​ពុទ្ធ បាន​ដាក់​ចុះនូវ​ភារៈ ជា​អ្នក​ប្រាស​ចាក​កិលេស ជា​គ្រឿង​ប្រកប សម្រេច​នូវ​ការ​សិង។ ព្រះ​អានន្ទត្ថេរ ជាខីណាស្រព ប្រាស​ចាក​កិលេស ជា​គ្រឿង​ប្រកប កន្លង​នូវ​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់ មាន​ចិត្តត្រជាក់​ល្អ ដល់​នូវ​ត្រើយ​នៃជាតិ និង​មរណៈ ទ្រទ្រង់​ទុក​នូវ​អត្តភាព ជាបំផុត។ សាសនធម៌​ទាំង​ឡាយ របស់​ព្រះ​ពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋាន​ក្នុង​ព្រះ​អានន្ទត្ថេរណា ព្រះ​អានន្ទត្ថេរ​នោះ ជា​គោតមគោត្ត ឋិត​នៅ​ក្នុង​ផ្លូវ​ជា​ទីទៅ​កាន់​ព្រះ​និព្វាន។ សាសនធម៌​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ទៅ (ក្នុង​ហឫទ័យ) របស់​ខ្ញុំ សាសនធម៌​ទាំង​ឡាយ​នោះ មាន ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ ខ្ញុំ​បាន​រៀន​អំពីព្រះ​ពុទ្ធ ៨ ម៉ឺន ២ ពាន់​ធម្មក្ខន្ធ អំពីពួក​ភិក្ខុ ២ ពាន់​ធម្មក្ខន្ធ។ទ. ៩៥ បុរសនេះ មិន​បាន​រៀនសូត្រ រមែង​ចាស់ (ឥតអំពើ) ដូច​គោបំរើ ចំរើន​តែសាច់ ត្រង់​ប្រាជ្ញា​របស់​វា មិន​ចំរើន​ឡើយ។ បុគ្គល​ណា ជា​អ្នក​រៀនសូត្រច្រើន ហើយមើល​ងាយ​បុគ្គល​អ្នក​មិន​បាន​រៀនសូត្រ ដោយ​ការ​រៀនសូត្រ (របស់​ខ្លួន​) បុគ្គល​នោះ ដូចមនុស្សខ្វាក់ កាន់​ប្រទីប រមែង​ភ្លឺ​ច្បាស់​ដល់​ខ្ញុំ​យ៉ាង​នេះ​ឯង។ បុគ្គល​គួរ​ចូល​ទៅ​អង្គុយជិត​នឹង​អ្នក​រៀន​សូត្រ​ច្រើន​ផង មិន​គប្បី​ញ៉ាំង​ការ​រៀន​សូត្រឲ្យ​វិនាសផង (ព្រោះ​ថា) ការ​រៀនសូត្រនោះ ជាឫសគល់​នៃព្រហ្មចរិយធម៌ ហេតុ​នោះ បុគ្គល​គួរ​ជា​អ្នក​ទ្រទ្រង់​ធម៌។ បុគ្គល​អ្នក​ចេះដឹង នូវ​ខាង​ដើម និងខាង​ចុង (នៃភាសិត) ជា​អ្នក​ដឹងអត្ថ ឈ្លាសវៃ​ក្នុង​និរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែង​កាន់​យក​នូវ​ធម៌ឲ្យ​ជា​ធម៌ ដែល​កាន់​យកល្អ​ហើយ​ផង ពិចារណា​នូវ​សេចក្តី​ផង។ បុគ្គល​អ្នក​មាន​សេចក្ដីប្រាថ្នា (ក្នុង​ធម៌) ដោយ​សេចក្ដីអត់​ធន់ រមែង​ខ្មី​ឃ្មាត ពិចារណា​នូវ​នាម​រូបនោះ បុគ្គល​នោះ មាន​ចិត្តតាំង​មាំល្អខាង​ក្នុង​សន្ដាន រមែង​ផ្គងចិត្ត​ទុក​ក្នុង​សម័យ​ដ៏​គួរ។ បុគ្គល​កាលប្រាថ្នា​នូវ​ការ​ដឹង​ធម៌ គប្បី​គប់​រក​អ្នក​រៀន​សូត្រច្រើន អ្នក​ចងចាំនូវ​ធម៌ អ្នក​មាន​ប្រាជ្ញា ជាសាវ័ក​របស់​ព្រះ​ពុទ្ធ បែប​ដូច្នោះនោះ។ បុគ្គល​អ្នក​រៀនសូត្រ​ច្រើន រមែង​អ្នក​ចងចាំនូវ​ធម៌ អ្នក​រក្សាទុកនូវ​ឃ្លាំងធម៌​របស់​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ធំ ឯ​បុគ្គល​អ្នក​រៀនសូត្រច្រើននោះ​ឈ្មោះ​ថា ជាចក្ខុ​របស់​សត្វ​លោក​ទាំង​ពួង ជា​បុគ្គល​គួរ​គេ​បូជា។ទ. ៩៦ ភិក្ខុ​មាន​ធម៌​ជា​ទី​ត្រេកអរ ត្រេកអរ​ក្នុង​ធម៌ កាល​គិតរឿយ ៗ នូវ​ធម៌ រលឹករឿយ ៗ នូវ​ធម៌ រមែង​មិនសាបសូន្យចាក​ព្រះ​សទ្ធម្ម។ បុគ្គល​អ្នក​ធ្ងន់​ដោយ​សេចក្ដី​កំណាញ់ (ថ្នម) កាយ (កាល​បើកាយ និងជីវិត) សាបសូន្យ​ទៅ ក៏​មិន​ខ្មីឃ្មាត (ចំពោះ​កិច្ចគួរ​ធ្វើ​) បុគ្គល​អ្នក​ជាប់​ចំពាក់​ដោយ​សេចក្ដីសុខ​ក្នុង​សរីរៈ តើសេចក្ដី​សប្បាយ ដោយ​សមណភាព (នឹងមាន​មក) អំពី​ទីណា។ ទិស​ទាំង​អស់ រមែង​មិនប្រាកដ ធម៌មិនភ្លឺ​ច្បាស់​ដល់​ខ្ញុំ កាល​បើព្រះ​សារីបុត្ត ជាកល្យាណមិត្ត (ទៅ​កាន់​និព្វាន) ហើយ សត្វលោក ប្រាកដ​ដូច​ជា​ទីងងឹត។ បុគ្គល​ដែល​មាន​សម្លាញ់​ព្រាត់​ប្រាស​ហើយ មាន​សាស្ដាកន្លងទៅ​ហើយ រមែង​មិន​មាន​មិត្តបែបនុ៎ះ ដូច​ជា​កាយគតាសតិឡើយ។ ពួក​ព្រះ​ថេរៈ​ណាចាស់ ៗ ពួក​ព្រះ​ថេរៈ​នោះ កន្លង​ទៅ​ហើយ ចិត្ត​របស់​ខ្ញុំ​មិនល្មម​នឹងភិក្ខុ​ថ្មី ៗ ថ្ងៃ​នេះ ខ្ញុំ​ចំរើន​ឈាន​តែម្នាក់​ឯង ដូចសត្វបក្សីចូល​ទៅ​សម្ងំ​ក្នុង​សម្បុក ក្នុង​រដូវភ្លៀង។ អ្នក​កុំឃាត់​ពួក​ជនច្រើន​នៅ​ក្នុង​ប្រទេសផ្សេង ៗ ដែល​ពុំទាន់​បាន​ចួប ឯពួក​អ្នក​ស្ដាប់ ចូរ​មកចួបចុះ ព្រោះ​ថា​ជាសម័យ (គួរ​ចួប) នឹង​ខ្ញុំ​ហើយ។ ព្រះ​សាស្ដាមានចក្ខុ ទ្រង់​ប្រទានឱកាស មិន​ហាមឃាត់​ពួក​ជនច្រើន នៅ​ក្នុង​ប្រទេស​ផ្សេង ៗ ដែល​ពុំទាន់​បាន​ចួប។ កាល​ខ្ញុំ​នៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើត​ឡើង​ទេ អ្នក​ចូរមើល​នូវ​សភាពល្អ​របស់​ធម៌ចុះ។ទ. ៩៧ កាល​ខ្ញុំ​នៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោស​សញ្ញា​មិនកើត​ឡើង​ទេ អ្នក​ចូរមើល​នូវ​ភាពល្អ​របស់​ធម៌ចុះ។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​កាយកម្ម ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោលជាប់​តាមរូប។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​វចីកម្ម ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោល​ជាប់​តាមរូប។ ខ្ញុំ​បាន​បំរើព្រះ​មាន​ព្រះ​ភាគ ដោយ​មនោកម្ម​ប្រកប​ដោយ​មេត្តា អស់ ២៥ ឆ្នាំ ដូច​ជា​ស្រមោល​ជាប់​តាមរូប។ កាលព្រះ​ពុទ្ធម្ចាស់ ទ្រង់​ចង្ក្រម ខ្ញុំ​បាន​ចង្ក្រម​តាម​ក្រោយ​ព្រះ​អង្គ នា​កាលធម៌​ដែល​ព្រះ​អង្គសំដែង ញាណ​របស់​ខ្ញុំ​ក៏កើត​ឡើង។ ខ្ញុំ​ជា​សេក្ខបុគ្គល ប្រកប​ដោយ​កិច្ច មាន​សេចក្ដីប្រាថ្នា​ក្នុង​ចិត្តមិន​ទាន់​សម្រេច (អរហត្តផល) ព្រះ​សាស្ដា ព្រះ​អង្គ​អនុគ្រោះ​ខ្ញុំ ទ្រង់​បរិនិព្វាន។ កាល​ព្រះ​សម្ពុទ្ធ ប្រកប​ដោយ​អាការ​ដ៏​ប្រសើរ​គ្រប់​យ៉ាង ទ្រង់​បរិនិព្វាន​ហើយ សេចក្ដី​ស្ញប់​ស្ញែង​នៃ​ខ្ញុំ​ក៏កើតមាន សេចក្ដីព្រឺរោម​នៃ​ខ្ញុំ​ក៏កើតមាន។ ព្រះ​អានន្ទ ជា​ពហុស្សូត អ្នកចងចាំនូវ​ធម៌ រក្សាទុកនូវ​ឃ្លាំងធម៌​នៃ​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ប្រសើរ លោក​ជាចក្ខុ​នៃសត្វ​លោក​ទាំង​អស់ បរិនិព្វាន​ហើយ។ ព្រះ​អានន្ទ ជា​ពហុស្សូត អ្នក​ចងចាំនូវ​ធម៌ ជាឃ្លាំងរក្សាទុកនូវ​ធម៌​នៃ​ព្រះ​ពុទ្ធ ទ្រង់​ស្វែង​រក​នូវ​គុណ​ដ៏​ប្រសើរ លោក​ជាចក្ខុ​នៃសត្វលោក​ទាំង​អស់ ជា​អ្នក​បន្ទោបង់​នូវ​ងងឹត ក្នុង​ទី​ដ៏ងងឹត។ទ. ៩៨ ព្រះ​អានន្ទត្ថេរ មាន​ញាណ​គតិ មាន​ស្មារតី មាន​ប្រាជ្ញា ជា​គ្រឿង​ទ្រទ្រង់ ជា​អ្នក​ស្វែង​រក​នូវ​គុណ ទ្រទ្រង់​ទុក​នូវ​ព្រះ​សទ្ធម្ម ជា​អណ្ដូង​នៃធម្មរតនៈ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ។បេ។ តណ្ហា ជា​គ្រឿង​នាំទៅ​កាន់​ភព ខ្ញុំ​ក៏​បាន​ដកចេញ​ហើយ។

អានន្ទត្ថេរ។

ឧទ្ទាន

ព្រះ​ថេរៈ ៣ អង្គ​នេះ គឺ ព្រះ​បុស្សៈ ១ ព្រះ​ឧបតិស្សៈ ១ ព្រះ​អានន្ទ ១ លោកបាន​សំដែង​គាថា ដែល​បាន​ពោល​ទុក​ក្នុង​ទី​នោះ ១០៥ គាថា។

ចប់ តឹសនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.17.03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann