km:tipitaka:sut:kn:tha:sut.kn.tha.18

ចត្តាឡីសនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn tha 18 បាលី cs-km: sut.kn.tha.18 អដ្ឋកថា: sut.kn.tha.18_att PTS: ?

ចត្តាឡីសនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ៩៩

(១៨. ចត្តាលីសនិបាតោ)

ព្រះ​មហាកស្សបត្ថេរគាថា

(១. មហាកស្សបត្ថេរគាថា)

[២៦២] ភិក្ខុមិន​គប្បីប្រព្រឹត្ត មានគណៈ​ចោមរោម (ព្រោះ) រមែង​មាន​ចិត្តក្ដៅ ក្រហាយ បាន​សមាធិ ដោយ​លំបាក ការ​សង្គ្រោះជននានា នាំ​មក​នូវ​សេចក្ដីទុក្ខ ភិក្ខុ ឃើញ​ដូច្នេះ​ហើយ មិន​គប្បី​ត្រេកអរ​នឹងគណៈ​ឡើយ។ អ្នក​ប្រាជ្ញ មិន​គប្បី​ចូល​ទៅ អែប​អប​នឹងត្រកូល​ទាំង​ឡាយ​ទេ (ព្រោះ) រមែង​មាន​ចិត្តក្ដៅក្រហាយ បាន​សមាធិ​ដោយ​លំបាក ភិក្ខុ​ណាជា​អ្នក​ល្មោភ​ក្នុង​រស​មាន​ចម្ងាញ់ ភិក្ខុ​នោះ​ជា​អ្នក​រនះរនាត ជាប់​ចិត្ត​ក្នុង​រស រមែង​ខូចបង់​ប្រយោជន៍។ មែន​ពិត អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ដឹង​នូវ​ការ​ថ្វាយ​បង្គំ និង​ការ​បូជា ក្នុង​ត្រកូល​ទាំង​ឡាយ​ថា ដូច​ជាភក់ (ព្រោះ​ថា) សរ គឺ​កិលេស​ល្អិត ៗ ភិក្ខុ​កន្លងបង់​បាន​ដោយ​លំបាក គ្រឿង​សក្ការៈ បុរសលាមក លះ​បង់​បាន​ដោយ​ក្រ។ ខ្ញុំ​ចុះ​ចាក​សេនាសនៈ (លើ​ភ្នំ) ចូល​ទៅ​កាន់​នគរ ដើម្បី​បិណ្ឌបាត។

ខ្ញុំ​បាន​យកចិត្ត​ទុកដាក់ ចូល​ទៅ​ឈរជិត បុរសឃ្លង់ ដែល​កំពុង​តែបរិភោគ។ បុរសនោះ បាន​បង្អោនពំនូតបាយ ដល់​ខ្ញុំ​ដោយ​ដៃ ដែល​មាន​រោគឃ្លង់​ទុំផេរ ៗ ហើយ កាលបុរសនោះ កំពុងដាក់​ពំនូត​បាយ ម្រាមដៃក៏ដាច់​ធ្លាក់​ទៅ​ក្នុង​បាតនុ៎ះ។ទ. ១០០ ខ្ញុំ​ផ្អែក​នឹងជញ្ជាំងផ្ទះ ហើយក៏​បាន​ឆាន់​នូវ​ពំនូតបាយនោះ កាលពំនូតបាយ​ដែល​ខ្ញុំ​កំពុងបរិភោគក្ដី បរិភោគរួច​ហើយក្ដី ខ្ញុំ​មិន​មាន​សេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយ​ដែល​ភិក្ខុ​ទៅ​ឈរទៀបទ្វារផ្ទះ​នៃជន​ដទៃ ហើយបាន​មកជាអាហារ ១ សម៉​ដែល​ត្រាំ​ដោយ​ទឹកមូត្រគោស្អុយ ជាឱសថ ១ ម្លប់​ឈើ​ជា​សេនាសនៈ ១ សំពត់​បង្សុកូលចីវរ ១ ភិក្ខុ​ណាបាន​បរិភោគ​នូវ​របស់​ទាំង​នេះ​ហើយ ភិក្ខុ​នោះ អាចនៅ​ក្នុង​ទិស​ទាំង ៤ បាន។ ពួក​មនុស្សខ្លះ កាល​ឡើង​ភ្នំ តែង​តែ​លំបាកចិត្ត ក្នុង​បច្ឆិមវ័យណា កស្សបៈ ជាទាយាទ​របស់​ព្រះ​ពុទ្ធ ជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតីមាំ រឹងប៉ឹង​ដោយ​កម្លាំងឫទ្ធិ ឡើង (ភ្នំ) ក្នុង​បច្ឆិមវ័យ​នោះ​បាន។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដីប្រកាន់ មាន​ភ័យ​ដ៏​ពន្លឹក​លះ​ចោល​ហើយ។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ កាល​ពួក​សត្វក្ដៅក្រហាយ លោកក៏ជា​បុគ្គល​ត្រជាក់។ កស្សបៈ តែឆាន់​រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយ​ចំរើន​ឈាន ជា​អ្នក​មិន​មាន​សេចក្ដីប្រកាន់ មាន​កិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ។ ចំណែកផែនដី ដែល​ផ្សាយ​ទៅ​ដោយ​ក្លិន នៃផ្កាក្ទម្ព ជា​ទី​ត្រេកអរ​នៃ​ចិត្ត សម្រែក​នៃដំរីជា​ទី​ត្រេកអរ ភ្នំ​ទាំង​ឡាយ​នោះ រមែង​ញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​នោះ មាន​ពណ៌​ដូចពពកខៀវ​ដ៏រុងរឿង មាន​ទឹកត្រជាក់ ទ្រទ្រង់​នូវ​វត្ថុ​ដ៏ស្អាត ដេរដាស​ដោយ​ភ្លៀង តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ទ. ១០១ ភ្នំ​ទាំង​នោះ ប្រាកដ​ស្មើ​ដោយ​កំពូលពពក​ដ៏ខៀវ ឧបមា​ដូចផ្ទះ​មាន​កំពូល​ដ៏​ប្រសើរ មាន​សម្រែក​នៃដំរី ជា​ទី​ត្រេកអរ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ថ្ម​ទាំង​នោះ ដែល​ភ្លៀង​បន្ទរ​ហើយ មាន​ផ្ទៃ​ជា​ទី​ត្រេកអរ ដែល​ឥសី​ទាំង​ឡាយ ធ្លាប់​អាស្រ័យនៅ​ហើយ ដែល​ពួក​សត្វ​ក្ងោកស្រែកយំ​ហើយ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ (ភ្នំ​ទាំង​ឡាយ) គួរ​ដល់​ខ្ញុំ ដែល​ប្រាថ្នា​ដើម្បី​ចំរើន​ឈាន មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​ប្រយោជន៍ ជា​ភិក្ខុ​មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​រកសេចក្ដី​ស្រួល មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ជា​អ្នក​សិក្សា គួរ​ដល់​ខ្ញុំ​ដែល​ប្រាថ្នា​ព្យាយាម មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ជាតាទិបុគ្គល។ ភ្នំ​ទាំង​នោះ​ដ៏​ដេរដាស ដោយ​ផ្កា​កណិការ រីកព្រោងព្រាត ដូចផ្ទៃមេឃ ដេរដាស​ដោយ​ពួក​បក្សី​ផ្សេង ៗ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​ឡាយ​នោះ មិន​ច្រឡូក​ច្រឡំ​ដោយ​ពួក​គ្រហស្ថ មាន​តែ​ពួក​ម្រឹគនៅ​អាស្រ័យ ដេរដាស​ដោយ​ពួក​បក្សីផ្សេង ៗ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ ភ្នំ​ទាំង​នោះ មាន​ទឹកថ្លា មាន​ថ្មក្រាស់ ប្រកប​ដោយ​ពួក​ម្រឹគ មាន​កន្ទុយ​ដូច​គោ ដេរដាស​ដោយ​ទឹក និងសារាយ តែងញ៉ាំង​ខ្ញុំ​ឲ្យ​ត្រេកអរ។ទ. ១០២ សេចក្ដីត្រេកអរ (នៃ​ខ្ញុំ) ដោយ​សារតូរ្យតន្រ្ដី​ប្រកប​ដោយ​អង្គ ៥ ប្រាកដដូច្នោះ មិន​មាន​ឡើយ ដូច (ការ​មិន​មាន​សេចក្ដី​ត្រេកអរ) នៃ​ព្រះ​យោគី ដែល​មាន​ចិត្ត មាន​អារម្មណ៍​មូល​តែ​មួយ ឃើញច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ។

បុគ្គល​មិន​ត្រូវ​ធ្វើ​ការ​ងារ​ឲ្យ​ច្រើន ត្រូវ​វៀរជន (មិន​មែន​ជាកល្យាណមិត្ត) មិន​ត្រូវ​ខ្នះខ្នែង (ដើម្បី​បច្ច័យ) បុគ្គល​ណាជា​អ្នក​ល្មោភ​ក្នុង​រសមាន​ចម្ងាញ់ បុគ្គល​នោះ ជា​អ្នក​ខ្នះខ្នែង​ជាប់​ចិត្ត​ក្នុង​រស រមែង​ខូចបង់​ប្រយោជន៍ បុគ្គល​មិន​ត្រូវ​ធ្វើ​ការ​ងារឲ្យ​ច្រើន ត្រូវ​វៀរចាក​ជន (មិន​មែន​ជាកល្យាណមិត្ត ព្រោះ) ការ​ងារនុ៎ះ មិន​មែនជា​ប្រយោជន៍ កាយ​រមែង​លំបាកនឿយព្រួយ បុគ្គល​អ្នក​ដល់​នូវ​សេចក្ដីនឿយ​ព្រួយ​នោះ រមែង​មិន​បាន​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​ឡើយ។

បុគ្គល​មិន​ពិចារណា​ឃើញខ្លួន​ឯង ដោយ​ត្រឹម​តែ​រលាស់​បបូរ​មាត់ (ស្វាធ្យាយ​ពុទ្ធវចនៈ) បុគ្គល​ប្រព្រឹត្តរឹងរូស តែង​សំគាល់​ថា អាត្មា​អញ​ប្រសើរ។ បុគ្គល​ពាល មិន​ប្រសើរ តែងសំគាល់​ខ្លួន ថាស្មើ​នឹងបុគ្គល​ប្រសើរ អ្នក​ប្រាជ្ញ​ទាំង​ឡាយ មិន​សរសើរ​ជន​អ្នក​មាន​ចិត្ត​រឹងរូស​នោះ​ឡើយ។ បុគ្គល​ណា មិន​ញាប់​ញ័រ​ក្នុង​មានះ (ទាំង ៩ ណា​មួយ) ដោយ​ចិត្តកើត​ឡើង​ថា អញជា​មនុស្ស​ប្រសើរ ឬថាអញជា​មនុស្សមិន​ប្រសើរ អញ​ជា​មនុស្សថោក ឬថាអញជា​មនុស្ស​ប្រហែល​នឹងគេ។ទ. ១០៣ អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សរសើរ​បុគ្គល​នោះ ថា​ជា​អ្នក​មាន​ប្រាជ្ញា អ្នក​និយាយទៀង​ទាត់ អ្នក​មាន​ចិត្ត​តម្កល់​មាំ ក្នុង​សីល​ទាំង​ឡាយ អ្នក​ប្រកប​រឿយ ៗ នូវ​ការ​ស្ងប់​ស្ងាត់​ចិត្ត។ បុគ្គល​ណា មិន​បាន​គោរព​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ​ទេ បុគ្គល​នោះ រមែង​ឆ្ងាយ​ចាក​ព្រះ​សទ្ធម្ម ដូច​ផែនដី (ឆ្ងាយ) ពីមេឃ។ បុគ្គល​ទាំង​ឡាយ​ណា មាន​ហិរិ និងឱត្តប្បៈ តម្កល់​នៅ​ដោយ​ប្រពៃ​គ្រប់​ពេល បុគ្គល​ទាំង​នោះ មាន​ព្រហ្មចារ្យដុះ​ចំរើន​ហើយ មាន​ភព​ថ្មីអស់​ហើយ។ ភិក្ខុ​ណា​មាន​ចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់​សំពត់​បង្សុកូល ភិក្ខុ​នោះ មិន​សម​នឹង​សំពត់​បង្សុកូលនោះ​ឡើយ ដូច​ស្វាដណ្ដប់​ស្បែកសីហៈ។ ភិក្ខុ​ណាមាន​ចិត្តមិនរវើរវាយ មិន​ឃ្លេងឃ្លោង ជា​អ្នក​មាន​ប្រាជ្ញាចាស់ សង្រួម​ឥន្រ្ទីយ៍ ទើបសម​នឹងសំពត់​បង្សុកូល ដូចសីហៈ​ក្នុង​ច្រកភ្នំ។ ពួក​ទេវតា​ដ៏​ច្រើន មាន​ឫទ្ធិ៍ មាន​យសស័ក្តិ ទេវតាមួយម៉ឺន ទាំង​អស់​នុ៎ះ ជាពួក​ព្រហ្ម ឈរនមស្ការ​ប្រណម្យអញ្ជលី ចំពោះ​ព្រះ​សារីបុត្ត ជាធម្មសេនាបតី ជា​អ្នក​ប្រាជ្ញ មាន​ឈាន​ច្រើន មាន​ចិត្តតម្កល់​មាំថា បពិត្រ​បុរស​អាជានេយ្យ ខ្ញុំ​សូម​ក្រាបថ្វាយ​បង្គំ​លោក​ម្ចាស់ បពិត្រ​បុរស​ដ៏​ឧត្តម ខ្ញុំ​សូមក្រាប​ថ្វាយ​បង្គំលោកម្ចាស់ លោកម្ចាស់​ចំរើន​ឈាន អាស្រ័យអារម្មណ៍ណា ពួក​យើង​ខ្ញុំ​មិន​បាន​ដឹង​នូវ​អារម្មណ៍​នោះ របស់​លោកម្ចាស់​ទេ។ទ. ១០៤ អស្ចារ្យហ្ន៎ អារម្មណ៍​របស់​ពួក​លោក​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ជាអារម្មណ៍​ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួក​យើង​ដូច​ពួក​ខ្មាន់​ធ្នូ បាញ់​នូវ​រោម​កន្ទុយ​សត្វ មកប្រជុំគ្នា (ពិចារណា) នៅ​តែមិន​ដឹង។ ព្រះ​កប្បិនត្ថេរ បាន​ញញឹម ព្រោះ​ឃើញ​ព្រះ​សារីបុត្តត្ថេរ​នោះ គួរ​ជា​ទី​បូជា ដែល​ពពួក​ទេវតា​បូជា​ហើយ ដោយ​ប្រការ​ដូច្នោះ។ ក្នុង​ពុទ្ធខេត្ត​ទាំង​មូល ខ្ញុំ​ជា​មនុស្ស​វិសេសខាង​ធុតង្គគុណ គ្មានលោក​ណាស្មើ​នឹង​ខ្ញុំ​ទេ លើ​កលែង​តែព្រះ​មហាមុនីចេញ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បំរើ​ហើយ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ធ្ងន់​ខ្ញុំ​ដាក់​ចោល​ហើយ តណ្ហាជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភពទៀត ខ្ញុំ​ក៏ដក​ចោល​ហើយ។ ព្រះ​គោតម​មាន​គុណ​ប្រមាណ​មិន​បាន មាន​ព្រះ​ហឫទ័យ​ឱនទៅ​រក​នេក្ខម្មៈ រលាស់​ចោល​នូវ​ភព​ទាំង ៣ មិន​ជាប់​ចំពាក់​ក្នុង​ចីវរ មិន​ជាប់​ចំពាក់​ក្នុង​សានាសនៈ មិន​ជាប់​ចំពាក់​ក្នុង​ភោជនាហារ ដូចផ្កាឈូក​មិន​មាន​មន្ទិល​សៅហ្មង មិន​ជាប់​ដោយ​ទឹក។ ព្រះ​មហាមុនីនោះ មាន​សតិប្បដ្ឋាន ជា​ព្រះ​សូរង្គ មាន​សទ្ធាជា​ព្រះ​ហស្ដ មាន​ប្រាជ្ញា​ជា​ព្រះ​សីរ្សៈ មាន​ព្រះ​ញាណធំ ព្រះ​អង្គ​ប្រព្រឹត្ត​រំលត់​ទុក្ខគ្រប់​ពេល។

ព្រះ​មហាកស្សបត្ថេរ។

ទ. ១០៥

ឧទ្ទាន

ក្នុង​ចត្តាឡីសនិបាត (នេះ) ព្រះ​ថេរៈ ព្រះ​នាម​មហាកស្សប​តែ​មួយ​អង្គ​ឯង បាន​សំដែង​នូវ​គាថា​ទាំង​ឡាយ ៤២។

ចប់ ចត្តាឡីសនិបាត។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.18.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann