km:tipitaka:sut:kn:tha:sut.kn.tha.19.01

ព្រះ​តាលបុដត្ថេរគាថា

សង្ខេប

ព្រះ​តាលបុដ​ត្រិះរិះ​​ពិចារណា​​អំពី​​ដំណើរ​​របស់​​ព្រះអង្គ​​ដោយទោមនស្ស​របស់​បព្វជិត រហូត​​ដល់​​មាន​​សេចក្តី​ត្រេកអរ​របស់​បព្វជិត​ហើយ​​បាន​​រួច​​ចាក​ និងក្តី​រីករាយ​​ក្នុង​​ព្រៃ​​ឆ្ងាយ។ (សំឡេងក្ងោក)

sut kn tha 19 01 បាលី cs-km: sut.kn.tha.19.01 អដ្ឋកថា: sut.kn.tha.19.01_att PTS: ?

ព្រះ​តាលបុដត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសិកា វិឡា


ទ. ១០៦

(១. តាលបុដត្ថេរគាថា)

[២៦៣] កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ជា​បុគ្គល​ម្នាក់​ឯង មិន​មាន​តណ្ហា​ជា​គំរប់​ពីរ នឹងឃើញ​នូវ​ភព​ទាំង​អស់ ថា​ជា​របស់​មិនទៀង នៅ​ក្នុង​ជ្រោះភ្នំ​ទាំង​ឡាយ គំនិត​នោះ អាត្មា​អញ​បាន​ត្រិះ​រិះ​ហើយ​ថា កាល​ណាហ្ន៎ បំណងនេះ​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​បាន​បួស ទ្រទ្រង់​នូវ​ផ្ទាំង​សំពត់​ដែល​កាត់​ដាច់ ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកចត់ ហើយជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​ខ្លួន​ថា របស់​អញ ជា​បុគ្គល​មិន​មាន​សេចក្ដី​ប្រាថ្នា ហើយបាន​លះនូវ​រាគៈ ទោសៈ មោហៈ ដោយ​ប្រការ​ដូច្នោះ ជា​បុគ្គល​ដល់​នូវ​សេចក្ដីសុខ ហើយ​ចូល​ទៅ​នៅ​ក្នុង​ព្រៃធំ។ កាល​ណាហ្ន៎ អាត្មា​អញ​នឹងពិចារណា​ឃើញ​នូវ​កាយមិនទៀងនេះ ជាសម្បុក​របស់​មរណៈ និងរោគ ដែល​មច្ចុ​បៀត​បៀន​ហើយ ជា​បុគ្គល​ប្រាស​ចាក​ភ័យ នៅ​ម្នាក់​ឯង​ក្នុង​ព្រៃ គំនិតនោះ កាល​ណា​នឹង​សម្រេច។ កាល​ណា​ហ្ន៎ អាត្មា​អញ​នឹង​បាន​កាន់​ដាវ​ដ៏មុត គឺមគ្គប្បញ្ញា ហើយ​ក្របែលនូវ​វល្លិ៍ គឺ​តណ្ហា ដែល​ជា​ធម្មជាតិញ៉ាំង​ភ័យឲ្យ​កើត ជា​គ្រឿង​នាំ​មក​នូវ​សេចក្ដីទុក្ខ ប្រព្រឹត្តតាម​អារម្មណ៍​ដ៏​ច្រើន ឲ្យ​លុះ​ក្នុង​អំណាច (របស់​ខ្លួន​បាន​) គំនិតនោះ កាល​ណា​នឹងសម្រេច។ទ. ១០៧ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​កាន់​យក​នូវ​សស្រ្តា​ដ៏មុតថ្លា គឺ​ប្រាជ្ញា​របស់​ឥសី​ទាំង​ឡាយ ហើយ​នឹងបំបាក់​នូវ​មារ ព្រម​ទាំង​សេនាមារ​ដោយ​ឆាប់​រហ័ស លើ​សីហាសនៈ (ថេរាសនៈ) ចំណង​នោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ ពួក​លោក​អ្នក​សប្បុរស ជា​អ្នក​គោរព​ក្នុង​ធម៌ ប្រកប​ដោយ​តាទិគុណ អ្នក​ឃើញតាមពិត មាន​ឥន្រ្ទិយឈ្នះ​ហើយ មើល​ឃើញ​អញ ថា​ជា​អ្នក​មាន​ព្យាយាម​ក្នុង​សមាគម​ទាំង​ឡាយ បំណងនោះ កាល​ណានឹងសម្រច។ កាល​ណាហ្ន៎ សេចក្ដីខ្ជិល ការ​ឃ្លាន ការ​ស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់​តូច ពស់​ធំ នឹងមិន​បៀត​បៀន​នូវ​អាត្មា​អញ​នោះ អ្នក​មាន​ប្រយោជន៍ចំពោះ​ខ្លួន ក្នុង​ភ្នំ ឬ​ច្រក​ភ្នំ បំណងនោះ កាល​ណានឹងសម្រេច។ សច្ចៈ ៤ យ៉ាង​ណា ដែល​ឃើញបាន​ដោយ​ក្រ ដែល​ព្រះ​មហេសីសម្មាសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ជា​អ្នក​មាន​ចិត្តតម្កល់​មាំ មាន​ស្មារតី បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ នោះ​ដោយ​បញ្ញា បំណងនោះ កាល​ណា​នឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ប្រកប​ដោយ​សមថៈ​ទាំង​ឡាយ ហើយបាន​ឃើញ​ដោយ​បញ្ញា នូវ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង​ធម្មារម្មណ៍​ទាំង​ឡាយ កំណត់​មិន​បាន ថា​ជា​របស់​ដែល​ភ្លើងឆេះ​ហើយ បំណង​របស់​អាត្មា​អញ​នោះ កាល​ណា​នឹងសម្រេច។ទ. ១០៨ កាល​ណាហ្ន៎ អាត្មា​អញត្រូវគេ​ពោលពាក្យ​អាក្រក់​មករក មិន​គប្បី​ទោមនស្ស​ព្រោះសម្ដីនោះ​ជាហេតុ ឬថាទោះ​បីគេ​សរសើរ ក៏​មិន​ត្រេកអរ​ព្រោះ​ការ​សរសើរនោះ​ជាហេតុ បំណង​របស់​អាត្មា​អញ​នោះ កាល​ណា​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​ពិចារណា​ឃើញ​នូវ​កំណាត់​ឈើ​ទាំង​ឡាយ​ផង ស្មៅ​ទាំង​ឡាយ​ផង វល្លិ៍​ទាំង​ឡាយ​ផង ខន្ធ ៥ ទាំង​ឡាយ​នេះ​ផង ធម៌​ទាំង​ឡាយ ទាំង​ខាង​ក្នុង ខាង​ក្រៅ មាន​ប្រមាណមិន​បាន​ផង ឲ្យ​ស្មើ ៗ គ្នា (ដោយ​សេចក្ដីមិនទៀងជាដើម និង​មិន​មាន​ខ្លឹមសារ) បំណង​របស់​អាត្មា​អញ​នោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ ភ្លៀងពុំជួកាល មាន​ទឹក​ថ្មីត្រជាក់ បង្អុរធ្លាក់​មក​ត្រូវលើ​អាត្មា​អញ ព្រម​ទាំង​ចីវរ ដែល​កំពុង​ដើរ​ក្នុង​ផ្លូវ ដែល​ពួក​លោក​អ្នក​ស្វែង​រកគុណធំ (មាន​ព្រះ​ពុទ្ធជាដើម) ត្រាច់​ទៅ​ក្នុង​ព្រៃ បំណង​របស់​អាត្មា​អញ​នោះ កាល​ណានឹងសម្រេច។ទ. ១០៩ កាល​ណាហ្ន៎ អាត្មា​អញ​នឹង​បាន​ឮសូរសំឡេង​ក្ងោក ជាសត្វមាន​កំប៉ោយ កើត​អំពី​អណ្ឌៈ ជាសត្វ​កើតពីរ​ដង យំ​ក្នុង​ច្រកភ្នំ​ក្នុង​ព្រៃ ហើយក្រោកឡើង​ធ្វើ​ទុក​ក្នុង​ចិត្ត (ដោយ​លក្ខណៈ មាន​អនិច្ចលក្ខណៈ​ជាដើម) ដើម្បី​ឲ្យ​បាន​សម្រេច​ដល់​ព្រះ​និព្វាន បំណងនោះ កាល​ណា​នឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញគប្បី​ឆ្លង​នូវ​ទន្លេ​គង្គា យមុនា សរស្សតី និងមហាសមុទ្រ​ដ៏​ជ្រៅ ដូច​ជាធ្លាក់​ទៅ​ក្នុង​បាតាល ជា​គ្រឿង​ញ៉ាំង​ភ័យឲ្យ​កើត ដោយ​ឫទ្ធិ៍មិនទើសទាក់ បំណង​នោះ កាល​ណា​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មា​អញគប្បី​វៀរនូវ​សុភនិមិត្ត​ទាំង​អស់ ប្រកប​ក្នុង​ឈាន ហើយ​ទំលាយ​នូវ​សេចក្ដីប្រាថ្នា ក្នុង​កាមគុណ​ទាំង​ឡាយ ដូច​ជាដំរីត្រាច់​ទៅ​ក្នុង​សង្រ្គាម បំណងនោះ កាល​ណានឹងសម្រេច។ កាល​ណាហ្ន៎ អាត្មា​អញ​បាន​ដឹង​សាសនា​ព្រះ​ពុទ្ធ អ្នក​ស្វែង​រកគុណ​ដ៏​ធំ ហើយត្រេកអរ ដូច​ជា​បុរសកំសត់ ចំពាក់​បំណុល​គេ ដែល​ពួក​ម្ចាស់​ទ្រព្យមកតឹងទារ ក៏​បាន​នូវ​កំណប់​ទ្រព្យ ហើយត្រេកអរ បំណង​នោះ កាល​ណានឹងសម្រេច។ អ្នក​អង្វរយើងច្រើន​ឆ្នាំ​ហើយទ. ១១០ នេះ​ជា​ការ​គួរ​នៅ​គ្រប់​គ្រង​ផ្ទះ​របស់​អ្នក​ឬ ម្នាលចិត្ត ឥឡូវ​នេះ ហេតុ​អ្វីក៏​អ្នក​នៅ​តែប្រកប​យើង​ដែល​ជា​អ្នក​បួស​ហើយនោះ។ ម្នាលចិត្ត ក្រែង​អ្នក​អង្វរ​យើងឬ ពួក​ក្ងោកជាសត្វបក្សីមាន​ស្លាប​ដ៏​វិចិត្រ ទៅ​តាមអាកាស ជាសត្វ​ស្រែកយំរំពងកក្រើកដី ក្នុង​ញកភ្នំ ពួក​ក្ងោក​ទាំង​នោះ នឹងត្រេកអរចំពោះ​អ្នក ជា​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ។ ម្នាលចិត្ត អ្នក​លះ​បង់​ត្រកូលផង ពួក​មិត្តផង ពួក​ញាតិជា​ទីស្រឡាញ់​ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណ​ទាំង​អស់​ក្នុង​លោកផង ហើយ​ចូល​មក​នៅ​ក្នុង​ព្រៃនេះ ម្ល៉ឹង​ហើយ អ្នក​នៅ​តែមិន​ត្រេកអរ​នឹងយើង។ ចិត្ត​របស់​យើងនេះ មិន​មែន​ជា​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​ដទៃ​ឡើយ ប្រយោជន៍អ្វី​ដោយ​ការ​ខ្សឹកខ្សួល ក្នុង​កាល​ដែល​ខ្លួន​ប្រុងប្រៀប (ដើម្បី​ច្បាំង​នឹងកិលេសមារ) យើង​សំឡឹង​មើល​នូវ​ភពបី​ទាំង​អស់​នេះ ថា​ជា​របស់​នាំ​ឲ្យ​ញាប់​ញ័រ ទើបចេញ​មកស្វែង​រក​អមតបទ។ ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គជា​បុគ្គល​ប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី របស់​សត្វ អ្នក​ពោល​នូវ​ពាក្យ​សុភាសិតទ. ១១១ ចិត្ត​ជាធម្មជាតិ​ញាប់​ញ័រ ដូចស្វា បុគ្គល​មិន​ទាន់​ប្រាស​ចាក​រាគៈ មិន​ងាយ​នឹងរារាំងបាន។ ក៏កាម​ទាំង​ឡាយ ជា​របស់​ដ៏​វិចិត្រ ជា​របស់​ផ្អែម ជា​ទី​រីករាយ​នៃ​ចិត្ត ជា​របស់​ដែល​ពួក​បុថុជ្ជន អ្នក​ល្ងង់​ខ្លៅ​ជាប់​ចំពាក់ ពួក​បុថុជ្ជន​នោះ ជា​អ្នក​ស្វែង​រកភព​ថ្មី តែងប្រាថ្នា​នូវ​សេចក្ដីទុក្ខ (បុថុជ្ជន​ទាំង​នោះ​) ត្រូវចិត្ត​របស់​ខ្លួន​ឯងដឹកនាំទៅ​ទម្លាក់​ក្នុង​នរក ធ្វើ​ឲ្យ​ឃ្លាតចាក​សេចក្ដីសុខ។ អ្នក​កាល​នៅ​ក្នុង​ព្រៃ ជាកន្លែង​ឮ​សូរសព្ទក្ងោក និងគ្រៀលយំ មាន​ទាំង​ខ្លាដំបង ខ្លាធំ ចោម​រោម ចូរ​អ្នក​លះ​បង់​នូវ​សេចក្ដីអាឡោះអាល័យ ក្នុង​កាយចេញ ចូរ​កុំឲ្យ (ខណៈ) ឃ្លាតទៅ​បាន ម្នាល​ចិត្ត អ្នក​គួរ​តែ​ប្រកប​យើង (ក្នុង​សម្មាប្រតិបត្តិ) ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នោះវិញ។ អ្នក​ចូរចំរើន​ឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិ​ភាវនា ចូរសម្រេច​នូវ​វិជ្ជា ៣ ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរ​ចំរើន​នូវ​មគ្គ ជាមគ្គនាំ​សត្វ​ឲ្យ​រួច​ចាក​វដ្ដទុក្ខ ជាហេតុចុះកាន់​ការ​អស់​ទុក្ខ​ទាំង​ពួង ប្រកប​ដោយ​អង្គ ៨ ប្រការ ជា​គ្រឿង​ជំរះនូវ​កិលេស​ទាំង​ពួង ដើម្បី​ដល់​នូវ​ព្រះ​និព្វានទ. ១១២ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរ​មើលឧបាទានក្ខន្ធ ថា​ជា​ទុក្ខ ដោយ​ឧបាយ​នៃ​បញ្ញា កាល​ណា តណ្ហាញ៉ាំង​ទុក្ខ​ឲ្យ​កើត​ឡើង អ្នក​ចូរលះ​បង់​នូវ​តណ្ហា​នោះ​ចោលចេញ ចូរធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ ក្នុង​អត្តភាពនេះ​ឲ្យ​បាន ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរឃើញឲ្យ​ច្បាស់ ដោយ​ឧបាយ​នៃប្រាជ្ញា ថា​ជា​របស់​មិនទៀងផង ជា​ទុក្ខផង ថា​ជា​របស់​សោះសូន្យ មិន​មែន​ខ្លួន​ប្រាណផង ថា​ជា​របស់​លាមក ជា​គ្រឿង​សម្លាប់​ផង ហើយចូរបិទនូវ​ការ​ពិចារណា​ក្នុង​ចិត្ត ដោយ​ចិត្ត​របស់​ខ្លួន ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នកជា​ស្រមណ៍​កំណោរ មាន​ភេទប្លែកពីគ្រហស្ថ​ហើយ ជា​អ្នក​ត្រាច់​ទៅ​ដើម្បី​អាហារ មាន​អំបែង​ក្នុង​ដៃ សុំគេ​ក្នុង​ត្រកូល​ទាំង​ឡាយ ចូរ​អ្នក​ប្រកប​តាម​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​សាស្ដា អ្នក​ស្វែង​រកគុណ​ដ៏​ធំវិញ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរសង្រួមឲ្យ​ល្អ ដើរ​ទៅ​ក្នុង​ចន្លោះច្រក មិន​មាន​ចិត្ត​ជាប់​ចំពាក់​ក្នុង​ត្រកូល ក្នុង​កាម​ទាំង​ឡាយ ដូច​ព្រះ​ចន្ទ​ពេញ​បូណ៌មី មិន​មាន​មន្ទិលសៅហ្មង ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាល​មុន ដោយ​ប្រការ​ដូច្នេះ។ទ. ១១៣ អ្នក​ចូរ​ជា​បុគ្គល​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្ត​នៅ​ក្នុង​ព្រៃ​ស្មសាន ទ្រទ្រង់​សំពត់​បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរ​ក្នុង​ធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាលជាដំបូង ដោយ​ប្រការ​ដូច្នេះ។ បុរស​អ្នក​ស្វែង​រកផ្លែឈើ ដាំដើមឈើ​ទាំង​ឡាយ​ ហើយប្រាថ្នា​ដើម្បី​កាប់​នូវ​ដើមឈើនោះ ត្រង់​គល់ មាន​ឧបមា​ដូចម្ដេចមិញ ម្នាលចិត្ត អ្នក​ធ្វើ​ហេតុនេះ ក៏​មាន​ឧបមេយ្យ​ដូច្នោះ អ្នក​ប្រកប​យើង​ក្នុង​សេចក្ដីញាប់​ញ័រ មិន​ទៀង​ទាត់។ ម្នាលអរូប (ចិត្ត) ទៅ​កាន់​ទីឆ្ងាយ ត្រាច់​ទៅ​តែម្នាក់​ឯង ឥឡូវ​នេះ យើងលែងធ្វើ​តាមសំដី​អ្នក​ហើយ ព្រោះ​ថាកាម​ទាំង​ឡាយ ជា​ទុក្ខ ក្ដៅផ្សា មាន​ភ័យធំ យើង​នឹងមាន​ចិត្ត​ឧទ្ទិស​ទៅ​រកព្រះ​និព្វាន​ហើយ។ យើងមិន​មែន​ចេញ​បួស ព្រោះ​តែ​ឥតបុណ្យ ព្រោះ​តែឥតសេចក្ដីអៀនខ្មាស ព្រោះ​ហេតុ​តែ​លុះ​ក្នុង​អំណាច​របស់​ចិត្ត ព្រោះ​ហេតុ​តែដើរផ្លូវឆ្ងាយ ឬព្រោះ​ហេតុ​តែការ​ចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការ​ប្ដេជ្ញា យើងបាន​ធ្វើ​ដល់​អ្នក​ហើយ។ ភាពជា​បុគ្គល​ប្រាថ្នា​តិច ការ​លះ​បង់​នូវ​សេចក្ដី​លុបគុណគេ ការ​រម្ងាប់​នូវ​ទុក្ខ (ទាំង​នេះ​) សប្បុរស​ទាំង​ឡាយ (មានព្រះ​ពុទ្ធ​ជាដើម) សរសើរ​ហើយទ. ១១៤ ម្នាលចិត្ត អ្នក​បាន​ប្រកប​យើង​ក្នុង​កាល​នោះ ដោយ​ប្រការ​ដូច្នេះ ឥឡូវ​នេះ អ្នក​ដល់​នូវ (សេចក្ដីប្រាថ្នា​ធំ) ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ។ តណ្ហា អវិជ្ជា សេចក្ដី​ស្រឡាញ់ សេចក្ដី​មិនស្រឡាញ់ រូប​ទាំង​ឡាយ​ដ៏ល្អ សុខវេទនា​ទាំង​ឡាយ និង​កាមគុណ​ទាំង​ឡាយ ជា​ទី​ពេញ​ចិត្ត (ទាំង​នេះ​) យើង​លះ​បង់​អស់​ហើយ យើងមិនអាចនៅ​គ្រប់​គ្រង​កិលេសធម៌ ដែល​យើងលះ​បង់​អស់​ហើយ​ទេ។ ម្នាលចិត្ត យើងបាន​ធ្វើ​តាមពាក្យ​អ្នក​គ្រប់​ជាតិ​ទាំង​ឡាយ​ច្រើន​ហើយ អ្នក​តាមយើង​មិន​ទាន់​ទេ ការ​ច្រឡូក​ច្រឡំខាង​ក្នុង អ្នក​បាន​ធ្វើ​ឲ្យ​កក្រើក ព្រោះ​តែ​អ្នក​ដឹងគុណ ដែល​អ្នក​ដទៃធ្វើ​ហើយ អ្នក​ធ្វើ​ឲ្យ​យើងត្រាច់​ទៅ​ក្នុង​សង្សារទុក្ខ អស់​កាលយូរ​ហើយ។ ម្នាលចិត្ត អ្នក​ធ្វើ​យើងឲ្យ​ជាព្រាហ្មណ៍ អ្នក​ធ្វើ​យើងឲ្យ​ជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើត​ជាវេស្សៈ ឬជាសុទ្ទៈ មួយ​ទៀត អ្នក​ធ្វើ​នូវ​ភាពជា​ទេវតា (ដល់​យើង) ព្រោះ​ហេតុ​តែអ្នក។ យើងជាអសុរ ព្រោះ​ហេតុ​តែអ្នក យើង​ជា​សត្វនរក ក៏​ព្រោះ​អ្នក​ជាហេតុ មួយវិញ​ទៀត ជួនកាលយើងកើតជាតិរច្ឆានទ. ១១៥ កើតជាប្រេត ព្រោះ​ហេតុ​តែ​អ្នក។ អ្នក​នឹងប្រទូស្ដយើង​រឿយ ៗ មិន​បាន​ទេ អ្នក​ធ្លាប់​ប្រលោមយើង ដូច​ជា​បុគ្គល​ឆ្កួត ឬ​ដូច​ជា​បុរស បង្ហាញនូវ​ហេតុ​នៃលោក​រឿយ ៗ ម្នាលចិត្ត យើងបាន​កំចាត់​បង់​អ្នក​ជ្រះស្រឡះ​ហើយ។ កាលពីដើម ចិត្តនេះ បាន​ត្រាច់​ទៅ​កាន់​ចារិក តាម​ចំណង់ តាមប្រាថ្នា តាមសប្បាយ ថ្ងៃ​នេះ យើង​នឹងផ្ទញ់​ផ្ទាល់​ចិត្តនោះ ដោយ​ឧបាយ​នៃប្រាជ្ញា ដូចហ្ម​ដំរីកាន់​កង្វេរ បង្វឹកដំរីចុះ​ប្រេង។ (ព្រះ​សម្មាសម្ពុទ្ធ) ជាគ្រូ​នៃយើង ទ្រង់​តាំង​ទុកនូវ​លោក​នេះ ថា​ជា​របស់​មិនទៀង ជា​របស់​មិនមាំមួន ជា​របស់​រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នក​ចូរញ៉ាំង​យើងឲ្យ​ស្ទុះទៅ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រីវិញ អ្នក​ចូរ​ញ៉ាំង​យើង ឲ្យ​ឆ្លងផុត​ចាក​ជំនន់​ដ៏​ធំ ដែល​គេ​ឆ្លងបាន​ដោយ​កម្រវិញ។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ ដូច​ជា​របស់​ចាស់ មិន​មាន​ដល់​អ្នក​ទៀត​ទេ យើងមិន​គួរ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​របស់​អ្នក​ឡើយ យើងជា​អ្នក​បួស​ក្នុង​សាសនា​នៃ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គស្វែង​រក​នូវ​គុណ​ដ៏​ធំទ. ១១៦ ពួក​បុគ្គល​ដូច​យើង មិន​មែន​ជា​អ្នក​ទ្រទ្រង់​នូវ​សេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំ​ទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ទាំង​អស់ ជា​របស់​មិនទៀង ត្រូវ រាគាទិក្កិលេស​បៀត​បៀន​ហើយ ម្នាលចិត្ត អ្នក​ទៅ​ក្នុង​ទីណា នឹងត្រេកអរ​សប្បាយ​បាន។ ម្នាល​ចិត្ត ថ្វឺយ ៗ អ្នក​នឹង​ធ្វើ​អំពើ​អ្វីដទៃ​ទៀត​ដល់​យើង ម្នាលចិត្ត យើងមិន​គួរ​ប្រព្រឹត្ត​ទៅ​តាមអំណាច​អ្នក​ឡើយ (ដូច) បុគ្គល​មិនហ៊ានពាល់​ទៃ ដែល​មាន​មាត់​ទាំង​ពីរខាង ថ្វឺយ (រូបនេះ​) សឹងពេញ (ដោយ​របស់​មិនស្អាត) សម្រាប់​ហូរ​ចេញ​នូវ​វត្ថុមិនស្អាត តាម​មុខ​ដំបៅ​ទាំង ៩។ អ្នក​នៅ​ក្នុង​ផ្ទះ គឺគុហា ត្រេកអរ​ក្នុង​ញកភ្នំ កំពូលភ្នំ ជា​ទី​ដ៏ល្អតាមប្រក្រតី មាន​ព្រៃ​ដែល​ទឹកភ្លៀងថ្មីធ្លាក់​ចុះ ជា​ទី​ដែល​ពួក​ជ្រូក និងទ្រាយ ចុះឡើង​អាស្រ័យនៅ​ហើយ​នោះ។ ហ្វូងបក្សី (ក្ងោក) មាន​កខៀវល្អ មាន​សិរល្អ មាន​តួស្លាបល្អ មាន​រោមស្លាប​ដ៏​វិចិត្រល្អ មាន​សំឡេង​ស្រែកយំឮសូរពីរោះ​ក្រៃលែងនោះ នឹងត្រេកអរ​ចំពោះ​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ (នោះឯង)។ទ. ១១៧ កាលភ្លៀង​បង្អុរចុះមក​ហើយ កាលស្មៅដុះ​ឡើង​ប្រវែង ៤ ធ្នាប់ កាលព្រៃមាន​សម្បុរ​ដូចមេឃ មាន​ផ្ការីក​ស្គុះស្គាយ​ហើយ យើង​ក៏ប្រហែល​នឹង​ដើម​ឈើ នឹងដេកត្រង់​ចន្លោះ​នៃព្រៃភ្នំ ឯកន្លែងដេក​របស់​យើងនោះ នឹងមាន​សម្ផ័ស្ស​ទន់​ដូច​ជាសំឡី។ បុរសជាឥស្សរៈ (ធ្វើ​ទាសកម្មករ ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន) យ៉ាង​ណា​មិញ (ម្នាល​ចិត្ត) យើង​នឹង​ធ្វើ​ (អ្នក​ឲ្យ​លុះ​ក្នុង​អំណាច) យ៉ាង​នោះ យើងបាន​បច្ច័យណា បច្ច័យនោះ សូម​ឲ្យ​ល្មមដល់​យើង (ម្នាលចិត្ត) ព្រោះ​ហេតុ​នោះ បុគ្គល​មិន​ខ្ជិលយ៉ាង​ណា យើង​នឹង​ធ្វើ​អ្នក​យ៉ាង​នោះ ឲ្យ​ដូច​ស្បែក​សំពោច ដែល​គេ​សម្លាប់​ល្អ​ហើយ។ បុរស​ជាឥស្សរៈ (ធ្វើ​ទាសកម្មករ ឲ្យ​លុះ​ក្នុង​អំណាចខ្លួន) យ៉ាង​ណា​មិញ យើង​នឹង​ធ្វើ​ (អ្នក​ឲ្យ​លុះ​ក្នុង​អំណាចខ្លួន​) ក៏​យ៉ាង​នោះ​ដែរ យើងបាន​បច្ច័យណា បច្ច័យនោះ សូម​ឲ្យ​ល្មម​ដល់​យើង (ម្នាល​ចិត្ត) យើង​នឹងដឹកនាំ​អ្នក​ឲ្យ​លុះ​ក្នុង​អំណាច​របស់​យើង ដោយ​សេចក្ដី​ព្យាយាម ដូចហ្មដំរី​ដ៏ប៉ិនប៉ៅ កាន់​កង្វេរ​ពង្រាប​ដំរីចុះ​ប្រេង។ យើងអាចដើរ​ទៅ​កាន់​ផ្លូវ​ដ៏​ក្សេម ដែល​ពួក​លោក​អ្នក​រក្សាចិត្ត ធ្លាប់​សេព​ហើយ​សព្វកាល ដោយ​សារអ្នក ដែល​ទូន្មាន​ល្អ​ហើយ តាំង​មាំ​ហើយ ដូចហ្មសេះ បង្ហាត់​សេះ (ឲ្យ​ទៅ​កាន់​ទីតាម​បំណង) ដោយ​សារ​សេះស្លូតត្រង់។ទ. ១១៨ (ហ្មដំរីចងក្រៀក) ដំរី​នឹងសសរ ដោយ​ខ្សែ​ដ៏មាំយ៉ាង​ណា យើង​នឹង​ចង​អ្នក​ទុក​ក្នុង​កម្មដ្ឋានារម្មណ៍ ដោយ​កំឡាំងភាវនា​យ៉ាង​នោះ​ដែរ (ម្នាលចិត្ត) អ្នក​នោះ ដែល​យើងគ្រប់​គ្រង​ហើយ ចំរើន​ល្អ​ហើយ ដោយ​សតិ នឹង​ទៅ​ជា​អ្នក​មាន​តណ្ហានិស្ស័យ​ជាដើម មិន​អាស្រ័យ​ក្នុង​ភព​ទាំង​ពួង​ឡើយ។ អ្នក​បើបាន​ផ្ដាច់​ដំណើរ​ទៅ​កាន់​ផ្លូវខុស ដោយ​ប្រាជ្ញា រួច​ផ្ទញ់​ផ្ទាល់​ដោយ​ព្យាយាម ឲ្យ​តម្កល់​នៅ​ក្នុង​ផ្លូវវិបស្សនាវិញ ហើយ​ឃើញ​នូវ​សេចក្ដីកើត សេចក្ដី​វិនាស និងសេចក្ដីចំរើន​នោះ នឹង​បាន​ជាទាយាទ នៃ​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​ពាក្យ​ដ៏​ប្រសើរ។ ម្នាលចិត្ត អ្នក​ទង់​ទាញយើង ឲ្យ​លុះ​អំណាច​នៃ​វិបល្លាស ៤1) ដូច​ជា​កូនក្មេង​អ្នក​ស្រុក ក្រែង​អ្នក​បាន​សេពគប់​នឹង​ព្រះ​មហាមុនី ប្រកប​ដោយ​សេចក្ដីករុណា ជា​អ្នក​ផ្ដាច់​នូវ​ចំណង គឺ​សំយោជនៈ​ហើយឬ។ ម្រឹគ​មាន​សេរី ចូល​ទៅ​កាន់​ភ្នំ ជា​ទី​ត្រេកអរ ដេរដាស​ដោយ​របៀបពពក ក្នុង​ព្រៃ​ដ៏​វិចិត្រ​ល្អ យ៉ាង​ណា អ្នក​នឹងត្រេកអរ​ក្នុង​ភ្នំនោះ ដែល​មិនវឹកវរ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ចិត្ត អ្នក​នឹង​វិនាសឥតមាន​សង្ស័យឡើយ។ទ. ១១៩ ម្នាលចិត្ត ជនប្រុសស្រី​ទាំង​ឡាយ​ណា ជា​អ្នក​ប្រព្រឹត្ត​ទៅ​តាម​សេចក្ដីប្រាថ្នា ទៅ​តាមអំណាច​របស់​អ្នក រមែង​ទទួលសេចក្ដីសុខណា ជនប្រុស​ស្រី​ទាំង​នោះ ជា​អ្នក​ល្ងង់​ខ្លៅ ប្រព្រឹត្ត​ទៅ​តាមអំណាច​នៃ​មារ ជា​អ្នក​ត្រេកអរ​នឹងភព ជា​សេវកៈ​របស់​អ្នក (រមែង​បាន​នូវ​សេចក្ដីសុខនោះ គឺសាមិសសុខ)។

ព្រះ​តាលបុដត្ថេរ។

ឧទ្ទាន

ក្នុង​បញ្ញាសនិបាតនោះ ព្រះ​តាលបុដត្ថេរ អ្នក​បរិសុទ្ធ ១ អង្គ ពោល​នូវ​គាថា​ទាំង​ឡាយ ៥៥។

ចប់ បញ្ញាសនិបាត។

 

លេខយោង

1)
វិបល្លាស ៤ គឺ សំគាល់​ថាទៀង ក្នុង​របស់​មិនទៀង ១ សំគាល់​ថាល្អ ក្នុង​របស់​មិនល្អ ១ សំគាល់​ថា​សុខ ក្នុង​របស់​មិន​មែន​សុខ ១ សំគាល់​ថាខ្លួន ក្នុង​សភាព​មិន​មែន​ខ្លួន ១។ អដ្ឋកថា។
km/tipitaka/sut/kn/tha/sut.kn.tha.19.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann