km:tipitaka:sut:kn:tha:sut.kn.tha.20.01

ព្រះ​មហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែង​គាថា

សង្ខេប

កម្រងវាចា របស់ព្រះមហាមោគ្គលាន អគ្គសាវកដ៏ល្បីខាងមានឫទ្ធិច្រើន។

sut kn tha 20 01 បាលី cs-km: sut.kn.tha.20.01 អដ្ឋកថា: sut.kn.tha.20.01_att PTS: ?

ព្រះ​មហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែង​គាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. មហាមោគ្គល្លានត្ថេរគាថា)

[២៦៤] ពួក​យើង ជា​អ្នក​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​ក្នុង​វត្ថុ ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ជា​អ្នក​មាន​ចិត្តតាំង​មាំល្អខាង​ក្នុង ចូរ​ទំលាយ​នូវ​សេនា​របស់​មច្ចុ (កិលេស)។ ពួក​យើង ជា​អ្នក​ប្រព្រឹត្តនៅ​ក្នុង​ព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ចូរ​កំចាត់​បង់​នូវ​សេនា​របស់​មច្ចុ ដូចដំរី​កំចាត់​កំចាយ​នូវ​ផ្ទះ​បបុស។ ពួក​យើង​ជា​អ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់​ឈើ មាន​ព្យាយាមប្រព្រឹត្ត​ទៅ​រឿយ ៗ ត្រេកអរ​ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ជា​អ្នក​មាន​ចិត្តតាំង​មាំល្អខាង​ក្នុង ចូរ​ទំលាយនូវ​សេនា​របស់​មច្ចុ។ ពួក​យើងជា​អ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់​ឈើ មាន​ព្យាយាម​ប្រព្រឹត្ត​ទៅ​រឿយ ៗ ត្រេកអរ ក្នុង​វត្ថុ​ដែល​មាន​នៅ​ក្នុង​បាត្រ ដោយ​ការ​ស្វែង​រក ចូរកំចាត់​បង់​នូវ​សេនា​របស់​មច្ចុ ដូចដំរីកំចាត់​បង់​នូវ​ផ្ទះ​បបុស។ (នែ​ស្រី​ផ្កា​មាស) ថ្វឺយ នាងរាប់​អានខ្លួន​អ្នក​ដទៃ ដែល​ជាខ្ទម គឺ​រាង​ឆ្អឹង​បែប​ចំអឹង ៗ មាន​សាច់ និងសរសៃរួបរឹត​ហើយ ពេញ (ដោយ​គ្រឿង​មិនស្អាត) មាន​ក្លិនស្អុយ។ ម្នាលនាងមាន​ពកឰ​ដ៏ទ្រូង​ដូចបិសាច ក្នុង​កាយ​របស់​នាង ដែល​ពេញ​ដោយ​លាមក ស្រោប​ដោយ​ស្បែក (នេះ​) មាន​ទ្វារសម្រាប់​បង្ហូរចេញ ៩ តែងហៀរហូរ​គ្រប់​ពេល។ទ. ១២១ ភិក្ខុ​គប្បី​វៀរបង់​នូវ​សរីរៈ​នាង ដែល​មាន​មុខហូរ ៩ មាន​ក្លិនអាក្រក់ បុគ្គល​អ្នក​ចង់​ស្អាត ដើរវាងគូថៈ យ៉ាង​ណា​មិញ ភិក្ខុ​ចៀស​វាងនូវ​សរីរៈ​របស់​នាង ក៏​យ៉ាង​នោះ​ដែរ។ អាត្មា​ដឹង​នូវ​សរីរៈ​នោះ យ៉ាង​ណា បើមហា​ជនដឹង​នូវ​សរីរៈ​នោះ យ៉ាង​នោះ គប្បី​តែចៀស​វាង​សរីរៈ​នោះ អំពីចម្ងាយ ដូចគេ​ចៀសវាង​កន្លែងគូថៈ ក្នុង​កាល​ដែល​ភ្លៀងបង្អុរចុះ។

បពិត្រ​សមណៈ លោក​មាន​ថេរវាចា​យ៉ាង​ណា បពិត្រ​លោក​អ្នក​មាន​ព្យាយាម​ច្រើន ហេតុនុ៎ះ ក៏​យ៉ាង​នឹងមែន​ហើយ តែគង់​មាន​ជនពួក​ខ្លះ លិចនៅ​ក្នុង​សរីរៈ​នុ៎ះដែរ ដូច​គោចាស់​លិចនៅ​ក្នុង​ភក់។

នរណាសំគាល់​ដើម្បី​ជ្រលក់​នូវ​អាកាស​ដោយ​រមៀត ឬ​ដោយ​គ្រឿង​ជ្រលក់​ឯ​ទៀត ការ​ងារ​របស់​បុគ្គល​នោះ នាំឲ្យ​តែកើត​សេចក្ដី​លំបាកទេ។ ចិត្ត​ដែល​តម្កល់​នៅ​ល្អ​ក្នុង​សន្ដាននោះ ក៏ស្មើគ្នា​នឹងអាកាស នាង​កុំត្រេកអរ (នឹងយើង) ដោយ​ចិត្ត​លាមក ដូច​សត្វ​ស្លាប (មមាច) ត្រេកអរ​នឹងគំនរភ្លើង​ឡើយ។ នាង​ចូរ​មើលរាង​កាយ​ដែល​ធ្វើ​ឲ្យ​វិចិត្រ​ហើយ ជា​ទីប្រជុំ​នៃដំបៅ ដែល​ឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នា​ហើយ ឈឺជា​និច្ច ដែល​ពួក​ជន​ពាល​ប្រាថ្នា​ដោយ​ច្រើន សេចក្ដី​ទៀង​ទាត់ និង​ការ​មាំមួន​របស់​រាង​កាយ​នេះ មិន​មាន​ឡើយ។

កាលព្រះ​សារីបុត្ត បរិបូណ៌​ដោយ​អាការ​ដ៏​ច្រើន បរិនិព្វាន​ហើយ សេចក្ដីស្ញប់​ស្ញែង សេចក្ដី​ព្រឺរោម ក៏កើតមាន​ឡើង​ថា។ទ. ១២២ ឱហ្ន៎ សង្ខារ​ទាំង​ឡាយ មិន​ទៀងទេ មាន​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ​ជាធម្មតា កើត​ឡើង​ហើយ​តែងរលត់​វិញ ការ​រម្ងាប់​នូវ​សង្ខារ​ទាំង​នោះ ទើបនាំ​មក​នូវ​សុខ។ ពួក​ព្រះ​យោគីណា ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំង ៥ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន ពួក​ព្រះ​យោគី​នោះ តែងចាក់​ធ្លុះ​នូវ​ធម៌​ដ៏សុខុមបាន ដូច​បុគ្គល​បាញ់​ចុង​រោមកន្ទុយ​ដោយ​ព្រួញ។ មួយ​ទៀត ពួក​ព្រះ​យោ​គីណា ពិចារណា​ឃើញច្បាស់​នូវ​សង្ខារ​ទាំង​ឡាយ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន ពួក​ព្រះ​យោគីនោះ ឈ្មោះ​ថា បាន​ចាក់​ធ្លុះ​នូវ​ធម៌​ដ៏ល្អិត ដូច​បុគ្គល​បាញ់​ចុង​រោមកន្ទុយ ដោយ​ព្រួញ។

(ភិក្ខុ​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះ​បង់​នូវ​កាមរាគៈ ដូច​ជាគេ​បោះ ឬពួយ​នឹងលំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ដូច​ជាគេ​លត់​ភ្លើង កំពុងឆេះឰ​ដ៏ក្បាល)។ ភិក្ខុ​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះ​បង់​នូវ​ភវរាគៈ ដូច​ជាគេ​បោះ ឬពួយ​នឹង​លំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ដូច​ជាគេ​លត់​ភ្លើង ដែល​កំពុងឆេះ​ឰ​ដ៏ក្បាល។

ខ្ញុំ​លុះព្រះ​សាស្ដាចារ្យ ព្រះ​អង្គ​មាន​ព្រះ​កាយអប់​រំ​ហើយ ព្រះ​អង្គ​ទ្រទ្រង់​នូវ​សរីរៈ​ជា​ទីបំផុត ទ្រង់​បាន​ដាស់​តឿន​ហើយ ក៏​ញ៉ាំង​មិគារមាតុប្រាសាទ ឲ្យ​កក្រើកបាន ដោយ​ចុង​មេជើង។ទ. ១២៣ បុគ្គល​ប្រារព្ធការ​ងារណា​មួយ ធូរ ៗ ឬ​ដោយ​កំឡាំង​ព្យាយាម​ស្ដួចស្ដើង មិន​ងាយ​បាន​ដល់​ព្រះ​និព្វាន ដែល​ជា​គ្រឿង​រួច​ចាក​គន្ថធម៌​ទាំង​ពួង​ទេ។ ភិក្ខុ​កំលោះនេះ​ក្ដី បុរស​ដ៏​ឧត្តមនេះ​ក្ដី បាន​ឈ្នះនូវ​មារ ព្រម​ទាំង​សេនា​នៃ​មារ ហើយ​ទ្រទ្រង់​នូវ​រាង​កាយជា​ទីបំផុតបាន។

ផ្លេកបន្ទោរ​ទាំង​ឡាយ រមែង​ធ្លាក់​ក្នុង​ចន្លោះ​នៃ​ភ្នំ​ឈ្មោះ​វេភារៈ និងភ្នំ​ឈ្មោះ​បណ្ឌវៈ ឯបុត្រ​នៃ​ព្រះ​ពុទ្ធ ជាតាទិបុគ្គល រកបុគ្គល​ប្រៀបស្មើ​មិន​បាន លោក​នៅ​ក្នុង​ចន្លោះភ្នំ រមែង​ដុត (នូវ​ធម៌​ជា​សត្រូវ)។ មហាព្រហ្ម ថ្វាយ​បង្គំ​ហើយ នូវ​មុនិ​អ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​រម្ងាប់ នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ជាទាយាទ​របស់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ។ ម្នាលព្រាហ្មណ៍ អ្នក​ចូរថ្វាយ​បង្គំ​ព្រះ​កស្សបៈ ជាមុនិ អ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​ស្ងាត់ នៅ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ជាទាយាទ​របស់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរចុះ។ បើ​បុគ្គល​ណា ទៅ​យកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គល​នោះ ឈ្មោះ​ថាព្រាហ្មណ៍ បរិបូណ៌​ដោយ​វេទ ក្នុង​ពួក​មនុស្ស​រឿយ ៗ។ តែ​បើ​ទុក​ជាព្រាហ្មណ៍នោះ ជា​អ្នក​ចេះចាំមន្ដ ដល់​នូវ​ត្រើយ​នៃវេទ​ទាំង ៣ ក៏​ដោយ​ចុះ ក៏នៅ​តែមិនដល់​មួយចំណិត​នៃចំណែក ដែល​គេ​ចែក ១៦ ៗ ដង នៃ​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​មហាកស្សបត្ថេរនុ៎ះឡើយ។ទ. ១២៤

ភិក្ខុ​ណាបាន​វិមោក្ខ ៨ ក្នុង​វេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញ​ចាក​និរោធសមាបត្តិនោះ​ហើយ ទើបទៅ​ដើម្បី​បិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នក​ចូរត្រេកអរ​នឹងភិក្ខុ​បែបនោះ អ្នក​កុំ​គាស់​រំលើង​ខ្លួន​ឡើយ អ្នក​ចូរធ្វើ​ចិត្ត​ឲ្យ​ត្រេកអរចំពោះ​ព្រះ​អរហន្ដ ជាតាទិបុគ្គល ចូរ​ប្រណម្យ​អញ្ជលី ថ្វាយ​បង្គំឲ្យ​ឆាប់ កុំឲ្យ​ក្បាល​អ្នក​បែកជា ៧ ភាគឡើយ។ បោដិ្ឋលភិក្ខុ​នោះ ត្រូវចំណង គឺសង្សារវដ្ដរួបរឹត​ហើយ មិន​បាន​ឃើញ​នូវ​ព្រះ​សទ្ធម្ម ស្ទុះទៅ​រក​មិច្ឆាជីវៈ ជា​ផ្លូវ​ដែល​មិន​គួរ​ទៅ ជា​ផ្លូវវៀច ផ្លូវអាក្រក់។ តុច្ឆបោដ្ឋិលភិក្ខុ ងប់​ចុះ​ក្នុង​សង្ខារ (ដែល​ច្រឡំ​ដោយ​កិលេស ជា​គ្រឿង​មិនស្អាត) លិច​ចុះ​ក្នុង​លាភៈ និងសក្ការៈ ដូច​ជាដង្កូវប្រឡាក់​ដោយ​លាមក។

អ្នកចូរមើលព្រះ​សារីបុត្ត​ដ៏​មាន​អាយុនេះ លោក​ជា​អ្នក​ឃើញ​ដោយ​ប្រពៃ ជា​អ្នក​ផុត​ចាក​ចំណែក​ទាំង​ពីរ1) ជា​អ្នក​មាន​ចិត្តតម្កល់​មាំ​ក្នុង​សន្តាន មិន​មាន​សរ គឺ​រាគៈ​ជាដើម មាន​សំយោជនៈ​អស់​ហើយ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំង​មច្ចុរាជឲ្យ​វិនាស ជា​ទក្ខិណេយ្យ​បុគ្គល ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់​មនុស្ស​ទាំង​ឡាយ។

ពួក​ទេវតាជា​ច្រើន ចំនួនមួយម៉ឺនអង្គ មាន​ឫទ្ធិ៍ មាន​យស ទេវតា​ទាំង​អស់​នុ៎ះ ទាំង​ពួក​ព្រហ្មបុរោហិត ឈរប្រណម្យនមស្ការ​ព្រះ​មោគ្គល្លានទ. ១២៥ថា បពិត្រ​លោក​ជា​បុរស​អាជានេយ្យ យើង​ខ្ញុំ​សូមនមស្ការ​ចំពោះ​លោក បពិត្រ​លោក​ជា​បុរស​ដ៏​ឧត្តម យើង​ខ្ញុំ​សូម​នមស្ការ​ចំពោះ​លោក បពិត្រ​លោកនិទ៌ុក្ខ លោក​មាន​អាសវៈ​អស់​ហើយ លោក​ជា​ទក្ខិណេយ្យបុគ្គល។

(ព្រះ​មោគ្គល្លាន) ដែល​នរ​ជន និង​ទេវតា បូជា​ហើយ លោកកើត (ដោយ​អរិយ​ជាតិ) ជា​អ្នក​គ្រប​សង្កត់​នូវ​សេចក្ដីស្លាប់​បាន មិន​ជាប់​ចំពាក់​ក្នុង​សង្ខារ ដូច​ជាផ្កាឈូកស មិន​ប្រឡាក់​ដោយ​ទឹក។

ព្រះ​មោគ្គល្លានណា ជ្រាប​នូវ​ឱកាសលោកមួយពាន់ ក្នុង​កាលមួយរំពេច ព្រះ មោគ្គល្លាននោះ ស្មើ​នឹងមហាព្រហ្ម ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិគុណ និងចុតូបបាតៈ លោក​ជា​ភិក្ខុ​ឃើញពួក​ទេវតា​ក្នុង​កាល​គួរ។

ព្រះ​សារីបុត្តត្ថេរ (ប្រសើរ) ដោយ​ប្រាជ្ញា ដោយ​សីល ដោយ​ឧបសមៈ ទុក​ជា​ភិក្ខុ​ណា ជា​អ្នក​ដល់​នូវ​ត្រើយ ភិក្ខុ​នោះ គប្បី​ជា​អ្នក​មាន​គុណយ៉ាង​ក្រៃលែង ដូច្នេះ​ឯង។

ចំណែកអាត្មា អាច​និមិ្មត​នូវ​អត្តភាព​មួយសែនកោដិ​បាន ដោយ​មួយរំពេច ជា​អ្នក​ឈ្លាសវៃ​ក្នុង​ឫទ្ធិ៍ គឺ​ការ​ធ្វើ​ផ្សេង ៗ ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ឫទ្ធិ៍។ អាត្មា​ជាមោគ្គល្លានគោត្រ ដល់​នូវ​ទីបំផុត​ដោយ​សមាធិ និងភាវៈ ស្ទាត់​ក្នុង​វិជ្ជា ជា​អ្នក​ប្រាជ្ញ មាន​ឥន្រ្ទិយតាំង​មាំ ក្នុង​សាសនា (នៃ​ព្រះ​សាស្ដា) ប្រាស​ចាក​តណ្ហានិស្ស័យជាដើម បាន​កាត់​នូវ​ចំណង គឺ​កិលេស ដូចដំរីផ្ដាច់​ទន្លីង ដែល​គេ​ធ្វើ​ដោយ​វល្លិ៍ស្អុយ។

ទ. ១២៦

ព្រះ​សាស្ដា ខ្ញុំ​បំរើ​ហើយ។បេ។ តណ្ហា ដែល​ជាធម្មជាតិនាំសត្វ​ទៅ​កាន់​ភព ខ្ញុំ​បាន​ដក​ហើយ។ កុលបុត្រ ចេញ​ចាក​ផ្ទះ​ហើយ​ទៅ​បួស ក្នុង​សំណាក់​បុគ្គល​មិន​មា​នផ្ទះ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍ជា​គ្រឿង​អស់​សំយោជនៈ​គ្រប់​យ៉ាង​នោះ ក៏​ខ្ញុំ​បាន​សម្រេច​ហើយ។ ទុស្សីមារ បៀត​បៀន​នូវ​ព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ វិធូរៈ​ផង នូវ​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ព្រះ​នាម​កក្កុសន្ធៈ​ផង ហើយឆេះនៅ​ក្នុង​នរក​ណា នរកនោះ ដូចម្ដេចទៅ។ ទុស្សីមារ បៀត​បៀន​នូវ​ព្រាហ្មណ៍ គឺសាវ័កឈ្មោះ វិធូរៈ​ផង នូវ​ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ព្រះ​នាម​កក្កុសន្ធៈ​ផង ហើយឆេះនៅ​ក្នុង​នរក​ណា នរក​នោះ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់​យ៉ាង។ ភិក្ខុ​ណាជាសាវ័ក​របស់​ព្រះ​ពុទ្ធ ដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ ម្នាល​មារ​មាន​ចិត្តខ្មៅ អ្នក​បៀត​បៀន​នូវ​ភិក្ខុ​បែបនោះ​ហើយ នឹងដល់​នូវ​សេចក្ដី​ទុក្ខ​មិន​ខាន។ វិមាន​ទាំង​ឡាយ​ណា តាំង​នៅ​អស់​មួយកប្ប ឋិត​នៅ​ក្នុង​កណ្ដាល​សាគរ មាន​ពណ៌​ដូច​ជាកែវពិទូរ្យ​ដ៏រុង​រឿង មាន​ពន្លឺភ្លឺផ្លេក មាន​ពួក​ស្រីអប្សរ​ដ៏​ច្រើនមាន​វណ្ណៈ​ផ្សេង ៗ រាំ​ក្នុង​វិមាន​ទាំង​នោះ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃ​កម្ម​នោះ។បេ។ ម្នាលមារមាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ទ. ១២៧

មួយ​ទៀត ភិក្ខុ​ណាដែល​ព្រះ​ពុទ្ធ​ជាម្ចាស់ ទ្រង់​ដាស់​តឿន​ហើយ កាល​ភិក្ខុ​សង្ឃកំពុងមើល (ភិក្ខុ​នោះ​) បាន​ធ្វើ​មិគារមាតុប្រាសាទ ឲ្យ​កក្រើកញាប់​ញ័រ ដោយ​ចុង​មេជើង។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ​បាន។បេ។ ម្នាលមារមាន​ចិត្ត​ខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាធ្វើ​វេជយន្ដប្រាសាទ ឲ្យ​កក្រើកញាប់​ញ័រ ដោយ​ចុង​មេជើង ភិក្ខុ​នោះ ជា​អ្នក​អង់​អាច​ដោយ​កំឡាំងឫទ្ធិ៍ ធ្វើ​ពួក​ទេវតាឲ្យ​សង្វេគ​ហើយ។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនុ៎ះបាន។បេ។ ម្នាលមារ​មាន​ចិត្ត​ខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណា (គង់​លើ​) វេជយន្ដប្រាសាទ ភិក្ខុ​នោះ ក៏សួរសក្ក​ទេវរាជថា ម្នាលអាវុសោ អ្នក​ដឹង​នូវ​ការអស់ និង​ការ​ផុត​ស្រឡះ​ចាក​តណ្ហាដែរឬទេ សក្កទេវរាជ លុះព្រះ​ថេរៈ​សួរប្រស្នា​ហើយ ក៏ឆ្លើយ​ដោះ​ស្រាយ​តាមសេចក្ដីពិតដល់​លោក ភិក្ខុ​ណា​ដឹង​ជាក់​លាក់​នូវ​ផល​នៃកម្មនុ៎ះ។បេ។ ម្នាលមារ មាន​ចិត្តខ្មៅ អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាជា​បុគ្គល​ក្លៀវក្លា សួរប្រស្នា​នឹងព្រហ្ម​ក្នុង​សភាឈ្មោះ​សុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់​ណា​របស់​អ្នក ដែល​មាន​ហើយ ក្នុង​កាលពី​ដើម សេចក្ដីយល់​របស់​អ្នក​នោះ នៅ​ដូច​ថ្ងៃ​នេះ​ឬ អ្នក​ឃើញពន្លឺរស្មី (នៃ​ព្រះ​មាន​បុណ្យ និងសាវ័ក) គ្រប​សង្កត់​ក្នុង​ព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះ​ថេរៈ​សួរប្រស្នា​ហើយ ក៏ឆ្លើយដោះសារ តាម​សេចក្ដីពិតដល់​លោកថាទ. ១២៨

បពិត្រ​លោកនិទ៌ុក្ខ សេចក្ដីយល់​ណារបស់​ខ្ញុំ ដែល​មាន​ហើយ ក្នុង​កាលពីដើម សេចក្ដីយល់​របស់​ខ្ញុំ​នោះ មិន​មាន​ទេ។ ខ្ញុំ​ឃើញ​ពន្លឺរស្មី (របស់​ព្រះ​មាន​បុណ្យ និងសាវ័ក) គ្រប​សង្កត់​ក្នុង​ព្រហ្ម​លោក ខ្ញុំ​នោះ​នឹងលះ​បង់​នូវ​ពាក្យ​របស់​ខ្ញុំ ដែល​យល់​ឃើញថា អាត្មា​អញជា​បុគ្គល​ទៀង​ទាត់ (នោះ​) ក្នុង​ថ្ងៃ​នេះ​ហើយ។ ភិក្ខុ​ណាដឹងជាក់​លាក់​នូវ​ផល​នៃកម្មនោះ។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាបាន​ឃើញកំពូល​ភ្នំមហា​សិនេរុផង ឃើញជម្ពូទ្វីបផង ឃើញបុព្វវិទេហទ្វីបផង ឃើញពួក​មនុស្ស​ដេក​លើ​ផែន​ដី (នៅ​ក្នុង​អបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ដោយ​ឈានវិមោក្ខ ភិក្ខុ​ណាដឹង​ជាក់​លាក់​នូវ​ផល​នៃកម្មនោះ។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ធម្មតាភ្លើងមិន​ដែល​គិតថា អញ​នឹងឆេះរលាក​មនុស្សពាលទេ តែប្រសិន​ជា​មនុស្ស​ពាលពាល់​ភ្លើង​ដែល​ឆេះ​ហើយ (ភ្លើង) ក៏ឆេះរលាកនូវ​បុគ្គល​ពាល​នោះ​ឯង ម្នាលមារ អ្នក​បៀត​បៀន​នូវ​ព្រះ​តថាគត​នោះ មុខជានឹងឆេះរលាកខ្លួន​ឯងវិញ ដូច​មនុស្ស​ពាល​ពាល់​ភ្លើង យ៉ាង​នោះ​ដែរ។ ម្នាល​មារមាន​ចិត្តបាប មារ​ឯង បៀត​បៀន​នូវ​ព្រះ​តថាគត​នោះ មុខជានឹង​បាន​សោយបាប អ្នក​សំគាល់​ថា បាប​នឹងមិនឲ្យ​ផលដល់​អញឬអ្វី។ទ. ១២៩

ម្នាលមារ​មាន​ចិត្ត​លាមក បាប​របស់​អ្នក​កាល​ធ្វើ រមែង​ប្រព្រឹត្ត​ទៅ (មិន​ជា​ប្រយោជន៍) អស់​កាល​ដ៏យូរ ម្នាលមារ អ្នក​ចូរនឿយណាយចាក​បុគ្គល​អ្នក​ត្រាស់​ដឹង នូវ​សច្ចៈ​ទាំង ៤ ប្រការ អ្នក​កុំ​ធ្វើ​នូវ​សេចក្ដីប៉ុនប៉ង ដើម្បី​បៀត​បៀនភិក្ខុ​ឡើយ។

ភិក្ខុ (មោគ្គល្លានត្ថេរ) បាន​គំរាមមារ ក្នុង​ភេសកឡាវ័ន​ដោយ​ប្រការ​ដូច្នេះ​ហើយ មារ ជាយក្ខនោះ ក៏អាក់​អន់​ចិត្ត ហើយបាត់​ទៅ​ក្នុង​ទី​នោះ​ឯង ព្រោះ​ហេតុ​តែ​សេចក្ដី​គំរាម (នៃ​ព្រះ​មោគ្គល្លាន)។

ឮថា ព្រះ​មហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែងនូវ​គាថា​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ​ឯង។

ឧទ្ទាន

ព្រះ​មោគ្គល្លានត្ថេរ មាន​ឫទ្ធិច្រើន តែ​មួយ​អង្គ​ឯង សំដែងនូវ​គាថា​ទាំង​ឡាយ ក្នុង​សដ្ឋិកនិបាត គាថា​ទាំង​នោះ មាន​ចំនួន ៦៨ គាថា។

ចប់ សដ្ឋិកនិបាត។

 

លេខយោង

1)
គឺរួចចាក​រូបកាយ​ដោយ​អរូបសមាបត្តិ ១ ចាកនាមកាយ​ដោយ​មគ្គ ១។
km/tipitaka/sut/kn/tha/sut.kn.tha.20.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann