User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:tha:sut.kn.tha.21

មហានិបាត

សង្ខេប

កម្រង​វាចា របស់​ព្រះ​វង្គីសត្ថេរ (អតីតកវី​និពន្ធ)។

sut kn tha 21 បាលី cs-km: sut.kn.tha.21 អដ្ឋកថា: sut.kn.tha.21_att PTS: ?

មហានិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ១៣០

(២១. មហានិបាតោ)

វង្គីសត្ថេរមាន​អាយុ បាន​សំដែង​គាថា

(១. វង្គីសត្ថេរគាថា)

[២៦៥] វិតក្កៈ​ទាំង​ឡាយ​នេះ ជាសភាវៈ​ឃ្នើសឃ្នង ព្រោះជា​របស់​លាមក តែង​គ្រប​សង្កត់​អាត្មា​អញ ដែល​ចេញ​ចាក​ផ្ទះ បួស​ក្នុង​ព្រះ​ពុទ្ធសាសនា (ដូច) ពួក​ខ្មាន់​ធ្នូ​ដ៏​ប្រសើរ ជា​កូន​អ្នក​ខ្ពង់​ខ្ពស់ សិក្សាស្ទាត់​ហើយ មាន​ធ្នូ​ដ៏មាំ គប្បី​បាញ់​ប្រសាច​នូវ​ព្រួញ ទាំង​ពាន់​ជុំវិញ​ខ្លួន (សត្រូវ) មិន​ឲ្យ​រត់​រួច​បាន។ បើពួក​ស្រី​ប៉ុណ្ណេះ (ឬ) លើ​សជាងនេះ នឹងមក ក៏គង់​បៀត​បៀនអាត្មា​អញមិន​បាន (ព្រោះ) អាត្មា​អញ​បាន​តាំង​មាំនៅ​ក្នុង​ធម៌​ទាំង​ឡាយ​ហើយ។ ព្រះ​ពុទ្ធដីកា​របស់​ព្រះ​ពុទ្ធ ជាអាទិច្ចពន្ធុ អាត្មា​អញ​បាន​ស្ដាប់​ម្ដង​ហើយ ចិត្ត​របស់​អាត្មា​អញត្រេកអរ​ក្នុង​ផ្លូវ​ជា​ទីទៅ​កាន់​ព្រះ​និព្វាន​នោះ​ហើយ។ ម្នាល​មារលាមក បើ​អ្នក​ចូលមក​បំបាក់​យើង ដែល​កំពុងចុះចិត្តស៊ប់​ក្នុង​វិបស្សនា​យ៉ាង​នេះ អ្នក​មិន​បាន​ឃើញផ្លូវ​របស់​យើង យ៉ាង​ណា យើង​នឹង​ធ្វើ​អ្នក​ឲ្យ​ដល់​នូវ​សេចក្ដី​ស្លាប់ យ៉ាង​នោះ​ដែរ។

បុគ្គល​ណា លះ​បង់​នូវ​សេចក្ដីអផ្សុក នូវ​សេចក្ដីត្រេកអរ នូវ​សេចក្ដីត្រិះ​រិះ ដែល​អាស្រ័យ​នូវ​ផ្ទះ ដោយ​ប្រការ​ទាំង​ពួង មិន​ធ្វើ​នូវ​សេចក្ដីប្រាថ្នា​ក្នុង​វត្ថុណា​មួយ ជា​អ្នក​មិន​មាន​សេចក្ដីប្រាថ្នា ព្រោះមិន​មាន​សេចក្ដីប្រាថ្នា បុគ្គល​នោះ ឈ្មោះ​ថាភិក្ខុ។ទ. ១៣១ ក្នុង​លោក​នេះ វត្ថុណា​មួយ នៅ​លើ​ផែនដីក្ដី លើ​អាកាសក្ដី ដែល​រាប់​ចូល​ក្នុង​ភព ៣ មាន​សភាវៈ​វិនាស​ទៅ វត្ថុ​ទាំង​អស់​នោះ ជា​របស់​មិនទៀង រមែង​ទ្រុឌ​ទ្រោមទៅ អ្នក​ប្រាជ្ញ​ទាំង​ឡាយ រមែង​យល់​ច្បាស់​យ៉ាង​នេះ។ ពួក​ជនរមែង​ជាប់​ចំពាក់​ក្នុង​ឧបធិ គឺរូប និង​សំឡេង ដែល​ឃើញ​ហើយ ឮ​ហើយ​ផង គឺក្លិន រស និងផោដ្ឋព្វៈ ដែល​ទង្គិច​ហើយ ប៉ះពាល់​ហើយ​ផង អ្នក​ចូរ​ជា​បុគ្គល​មិន​មាន​សេចក្ដីញាប់​ញ័រ បន្ទោ​បង់​នូវ​សេចក្ដីប្រាថ្នា ក្នុង​កាម​ទាំង​នោះ​ចេញ ព្រោះបុគ្គល​ណា មិន​ជាប់​ក្នុង​កាមគុណ​នុ៎ះ ពួក​អ្នក​ប្រាជ្ញទើបហៅ​បុគ្គល​នោះ ថា​ជាមុនី។ បុគ្គល​អន្ធពាល មាន​វិតក្កៈ អាស្រ័យ​នូវ​ទិដ្ឋិ ៦៨ រមែង​ជា​អ្នក​តាំង​នៅ​មាំ​ហើយ​ក្នុង​អធម៌ ព្រោះ​តែខ្លួន​ជាបុថុជ្ជន បុគ្គល​ណាមិនលុះ​ក្នុង​ពួក​នៃមិច្ឆាទិដ្ឋិ ក្នុង​វត្ថុ​ណា​មួយ ទាំង​ជា​អ្នក​មិន​និយាយអាក្រក់ បុគ្គល​នោះ ឈ្មោះ​ថាភិក្ខុ។ អ្នក​ប្រាជ្ញ​មាន​ចិត្តតម្កល់​មាំ អស់​កាល​យូរ​ហើយ ជា​អ្នក​មិនកុហក មាន​ប្រាជ្ញាល្អិត មិន​មាន​តណ្ហា ជា​អ្នក​បរិបូណ៌​ដោយ​មោនេយ្យធម៌ រំលត់​កិលេស ហើយបាន​សម្រេច​នូវ​សន្ដបទ ព្រោះ​អាស្រ័យ (ព្រះ​និព្វាន​) រង់​ចាំ​តែបរិនិព្វាន​កាល។ទ. ១៣២ ម្នាល​អ្នក​ជាគោត្រ​នៃ​ព្រះ​គោតម អ្នក​ចូរ​លះ​បង់​នូវ​មានះផង ចូរលះ​បង់​នូវ​ផ្លូវ​នៃ​មានះ កុំឲ្យ​មាន​សេសសល់​ផង (ព្រោះ) បុគ្គល​ជ្រប់​នៅ​ក្នុង​ផ្លូវ​នៃមានះ​ហើយ រមែង​មាន​សេចក្ដីក្ដៅ​ក្រហាយ អស់​កាល​យូរ។ ពួក​សត្វ​ដែល​ត្រូវសេចក្ដី​លុប​គុណ​គ្រប​សង្កត់ ត្រូវមានះ​បៀត​បៀន​ហើយ រមែង​ធ្លាក់​ទៅ​ក្នុង​នរក ពួក​ជន​ដែល​មានះបៀត​បៀន​ហើយ រមែង​ទៅ​កើត​ក្នុង​នរក សោក​សៅ​អស់​កាលយូរ។ ភិក្ខុ​អ្នក​ឈ្នះកិលេស​ដោយ​មគ្គ អ្នក​ប្រតិបត្តិ​ដោយ​ប្រពៃ រមែង​មិន​សោកសៅ​ក្នុង​កាល​ណាម្ដងឡើយ ភិក្ខុ​ណាបាន​នូវ​កិត្តិយស​ផង បាន​នូវ​សេចក្ដីសុខផង ពួក​បណ្ឌិត​តែងហៅភិក្ខុ​នោះ ថា​ជា​អ្នក​ឃើញធម៌​ដោយ​ពិត។ ហេតុ​នោះ ភិក្ខុ​អ្នក​មិនរឹងរូស មាន​ព្យាយាម​ក្នុង​សាសនា​នេះ លះ​បង់​នូវ​នីវរណៈ​ទាំង​ឡាយ ជា​អ្នក​បរិសុទ្ធ លះ​បង់​នូវ​មានះ មិន​ឲ្យ​មាន​សេសសល់ រមែង​ជា​អ្នក​ធ្វើ​នូវ​ទីបំផុត​នៃវិជ្ជា ជា​អ្នក​ស្ងប់​រម្ងាប់​កិលេស។

ទ. ១៣៣

ខ្ញុំ​ក្ដៅក្រហាយ ចិត្ត​របស់​ខ្ញុំ​អន្ទះអន្ទែង ព្រោះ​តែកាមរាគៈ បពិត្រ​ព្រះ​អានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវ​ធម៌ ជា​គ្រឿង​ញ៉ាំង​កាមរាគៈ​នោះ ឲ្យ​រលត់ ដោយ​សេចក្ដីអនុគ្រោះចុះ។

ចិត្ត​របស់​លោកអន្ទះអន្ទែង ព្រោះ​តែវិបល្លាស​នៃសញ្ញា លោក​ចូរលះ​បង់​នូវ​សុភនិមិត្ត ដែល​ប្រកប​ដោយ​កាមរាគៈ​ចោលចេញ។ លោក​ចូរចំរើន​ឯកគ្គតា​ចិត្ត ឲ្យ​តម្កល់​មាំល្អ ក្នុង​អសុភសញ្ញា ទាំង​កាយគតាសតិ ក៏ចូរ​ឲ្យ​មាន​ដល់​លោក លោក​ចូរមាន​សេចក្ដីនឿយណាយឲ្យ​ច្រើនចុះ។ ចូរចំរើន​អនិមិត្ត គឺ អនិច្ចានុបស្សនា ចូរ​ផ្ដាច់​នូវ​មានានុស័យ តទៅ លោក​នឹង​បាន​ស្ងប់​រម្ងាប់ ព្រោះ​លះ​បង់​មានះ។ បុគ្គល​មិន​គប្បី​ញ៉ាំង​ខ្លួន​ឲ្យ​ក្ដៅក្រហាយ ដោយ​វាចាណា គប្បី​ពោល​តែវាចា​នោះ បុគ្គល​មិន​គប្បី​បៀត​បៀន​ពួក​បុគ្គល​ដទៃ​ដោយ​វាចាណា វាចា​នោះ​ឯង ជាសុភាសិត។ វាចា​ណា ដែល​គេ​ទទួលត្រេកអរ បុគ្គល​គប្បី​ពោល​តែវាចាជា​ទី​ស្រឡាញ់​នោះ​ឯង បុគ្គល​កុំកាន់​យកពាក្យ​អាក្រក់ ពោល​តែ​ពាក្យ​ដែល​ជា​ទីពេញ​ចិត្ត​នៃ​ពួក​ជន​ដទៃ។ ពាក្យ​ពិត ជា​ពាក្យ​មិនស្លាប់ នេះ​ជា​ធម៌​មាន​មកពីបុរាណ ពួក​សប្បុរស តាំង​មាំ​ក្នុង​សច្ចៈ​ផង ក្នុង​អត្ថៈ​ផង ក្នុង​ធម្មៈ​ផង។ ព្រះ​ពុទ្ធ​ទ្រង់​ពោលវាចាណា ជាវាចាក្សេម ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ដើម្បី​ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ វាចា​នោះ​ឯង ជាវាចាឧត្តម ជាងវាចា​ទាំង​ឡាយ។ទ. ១៣៤

សារីបុត្រ ជា​បុគ្គល​មាន​ប្រាជ្ញាជ្រាលជ្រៅ ជា​អ្នក​ប្រាជ្ញ យល់​ផ្លូវ និង​មិន​មែន​ផ្លូវ មាន​ប្រាជ្ញាច្រើន រមែង​សំដែងធម៌ដល់​ពួក​ភិក្ខុ។ សារីបុត្រសំដែងធម៌ ដោយ​សង្ខេប​ក៏​បាន សំដែង​ដោយ​ពិស្ដារក៏​បាន លោក​មាន​សំឡេង​គឹកកងពីរោះ ដូច​សំឡេង​សាលិកា ទាំង​មាន​បដិភាណ​ផុសផុល។ កាលសារីបុត្រកំពុងសំដែង​ធម៌​នោះ ពួក​ភិក្ខុ​កំពុងស្ដាប់​សំឡេង​ដ៏ពីរោះ ក៏​មាន​ចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់​សោតប្រសាទ ទៅ​រកសំឡេង ដែល​គួរ​ត្រេកអរ គួរ​ចង់​ស្ដាប់ គួរ​ប្រាថ្នា។

ពួក​ភិក្ខុ ៥០០ រូប ជា​អ្នក​ផ្ដាច់​បង់​នូវ​ចំណង គឺសំយោជនៈ ជា​អ្នក​មិន​មាន​ទុក្ខ មាន​ភព​ថ្មីអស់​ហើយ ជា​អ្នក​ស្វែង​រកគុណ បាន​មកជួបជុំគ្នា ដើម្បី​វិសុទ្ធិ បវារណា​ក្នុង​ថ្ងៃ ១៥ នេះ។ ព្រះ​រាជាចក្រពត្តិ មាន​អាមាត្យចោមរោម យាង​ប្រទក្សិណ​ផែនដី​ដែល​មាន​សាគរជា​ទីបំផុតនេះ ដោយ​ជុំវិញ យ៉ាង​ណា។ ពួក​សាវ័កមាន វិជ្ជា ៣ អ្នក​បំផ្លាញនូវ​មច្ចុរាជ រមែង​អង្គុយជិត (ព្រះ​សាស្ដា) ព្រះ​អង្គជា​បុគ្គល​ប្រសើរលើសលុប ឈ្នះសង្គា្រម គឺ​កិលេស អ្នក​ដឹកនាំនូវ​ពួក​ក្រុម ក៏​យ៉ាង​នោះ​ដែរ។ ពួក​សាវ័ក​ទាំង​អស់ ជា​បុត្រ​នៃ​ព្រះ​មាន​ព្រះ​ភាគ សភាវៈ​សោះសូន្យ ក្នុង​ពួក​នោះ មិន​មាន​ឡើយ ខ្ញុំ​ព្រះ​ករុណា សូមក្រាបថ្វាយ​បង្គំ ចំពោះ​ព្រះ​សាស្ដា ជា​ផៅពង្ស​នៃ​ព្រះ​អាទិត្យ ព្រះ​អង្គជា​អ្នក​បំផ្លាញនូវ​សរ គឺ​តណ្ហា។ទ. ១៣៥

ពួក​ភិក្ខុ​ច្រើនជាងពាន់ អង្គុយជិតព្រះ​សុគត ដែល​កំពុងសំដែងធម៌ ជា​គ្រឿង​ប្រាស​ចាក​រាគៈ គឺព្រះ​និព្វាន ឥតមាន​ភ័យ​អំពី​ទីណា។ ពួក​សាវ័កស្ដាប់​ធម៌​ដ៏​ធំ​ទូលាយ ដែល​ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​សំដែង​ហើយ ឱហ្ន៎ ព្រះ​សម្ពុទ្ធ មាន​ភិក្ខុ​ចោម​រោម​ហើយ ល្អ​ណាស់​តើ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​មាន​ព្រះ​នាម ថានាគ ជាឥសីគំរប់ ៧1) នៃឥសី​ទាំង​ឡាយ ព្រះ​អង្គជា​អ្នក​បង្អុរនូវ​ធម៌ ស្រោច​ពួក​សាវ័ក មាន​សភាព​ដូច​ជាមហា​មេឃបង្អុរនូវ​ភ្លៀង។ បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ វង្គីសៈ ជាសាវ័ក ចេញ​ចាក​ទីនៅ​ក្នុង​វេលាថ្ងៃ ព្រោះមាន​សេចក្ដីប្រាថ្នា​ចង់​គាល់​ព្រះ​សាស្ដា ថ្វាយ​បង្គំ​ព្រះ​បាទា​របស់​ព្រះ​អង្គ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គ្រប​សង្កត់​ផ្លូវ​ខុស គឺ​កិលេសមារ បាន​ប្រព្រឹត្ត​ទំលាយ​បង្គោល គឺ​កិលេស អ្នក​ទាំង​ឡាយ ចូរ​មើលព្រះ​ពុទ្ធនោះ ព្រះ​អង្គធ្វើ​ឲ្យ​រួច​ចាក​បំណង មិន​អាស្រ័យតណ្ហា ទ្រង់​ចែក​រំលែក​ធម៌ តាម​ចំណែក។ ព្រោះ​ថា ព្រះ​អង្គបាន​ប្រាប់​ផ្លូវ​ច្រើនប្រការ ដើម្បី​ជា​គ្រឿង​រលាស់​ឱឃៈ​ចោល កាលទ្រង់​សំដែង​ប្រាប់​អមតមហានិព្វាន​នោះ​ហើយ ពួក​ជនក៏​បាន​ឃើញច្បាស់​នូវ​ធម៌ តម្កល់​នៅ​នឹង មិន​មាន​អ្នក​ណាដឹកនាំទៅ​បាន។ទ. ១៣៦ ព្រះ​ពុទ្ធនោះ អ្នក​ធ្វើ​នូវ​ពន្លឺ ទ្រង់​ឆ្លុះរកវិញ្ញាណដ្ឋិតិ​របស់​សត្វ​ទាំង​អស់ បាន​ត្រាស់​ដឹង​ផង ធ្វើ​ឲ្យ​ជាក់​ច្បាស់​ផង ទ្រង់​យាង​កន្លងផ្លូវឆ្ងាយ​បាន ហើយសំដែងធម៌​ដ៏​ប្រសើរដល់​ពួក​បញ្ចវគ្គិយភិក្ខុ អ្នក​មាន​សទ្ធា ត្រាស់​ដឹង​ធម៌មុនគេ​បង្អស់។ កាល​បើធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​យ៉ាង​នេះ​ហើយ សេចក្ដីប្រមាទ​ដូចម្ដេច នឹង​មាន​ដល់​ពួក​ជន ដែល​ជា​អ្នក​ដឹង​ច្បាស់​នូវ​ធម៌បាន ព្រោះ​ហេតុ​នោះ បុគ្គល​មិន​គប្បី​ជា​អ្នក​ប្រមាទ ក្នុង​សាសនា​របស់​ព្រះ​មាន​ព្រះ​ភាគនោះ​ឡើយ គប្បី​នមស្ការ សិក្សា​តាម សព្វ ៗ កាល។

អញ្ញាកោណ្ឌញ្ញត្ថេរ ជា​អ្នក​ត្រាស់​ដឹងតាម​ព្រះ​ពុទ្ធ មាន​សេចក្ដីព្យាយាម​មាំមួន ជា​អ្នក​បាន​នូវ​វិវេក ជា​គ្រឿង​នៅ​ជា​សុខរឿយ ៗ។ កិច្ចណាដែល​សាវ័ក អ្នក​ធ្វើ​តាម​សាសនា​នៃ​ព្រះ​សាស្ដា គប្បី​សម្រេច កិច្ចនោះ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ អ្នក​មិន​ប្រហែស​ធ្វេស សិក្សាបាន​សម្រេច​ទាំង​អស់​ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មាន​អនុភាពច្រើន បាន​សម្រេច​វិជ្ជា ៣ ស្ទាត់​ក្នុង​ចេតោបរិយញ្ញាណ ជាពុទ្ធទា​យាទ ថ្វាយ​បង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្ដា។

ពួក​សាវ័ក បាន​សម្រេច​វិជ្ជា ៣ ជា​អ្នក​សាបសូន្យចាក​មច្ចុរាជ នាំគ្នា​អង្គុយ​ជិត​ព្រះ​មុនី ព្រះ​អង្គជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ ទ្រង់​គង់​នៅ (ដោយ​ចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ទ. ១៣៧ ព្រះ​មោគ្គល្លានត្ថេរ មាន​ឫទ្ធិ៍ច្រើន យកចិត្ត​ទុក​ដាក់​ស្វះ​ស្វែង​រកចិត្ត ដែល​ផុត​ចាក​កិលេស ជាចិត្តមិន​មាន​ឧបធិ របស់​ព្រះ​ខីណាសវ​ភិក្ខុ​ទាំង​ឡាយ​នុ៎ះ។ បពិត្រ​ព្រះ​គោតម ពួក​សាវ័ក តែងអង្គុយជិតព្រះ​អង្គ ជា​ព្រះ​មុនី បរិបូណ៌​ដោយ​អវយវៈ​គ្រប់​យ៉ាង ព្រះ​អង្គដល់​នូវត្រើយ​នៃ​ទុក្ខ ព្រះ​អង្គបរិបូណ៌​ដោយ​អាការ​ច្រើនប្រការ យ៉ាង​នេះ។

ព្រះ​ចន្ទរុងរឿង ឰដ៏នភាល័យ ដែល​ប្រាស​ចាក​ពពក ព្រះ​អាទិត្យ ប្រាស​ចាក​មន្ទិល យ៉ាង​ណា​មិញ បពិត្រ​ព្រះ​មហាមុនី ព្រះ​នាម​អង្គីរសៈ ព្រះ​អង្គរុងរឿង ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ដោយ​យសបរិវារ ក៏​យ៉ាង​នោះ​ដែរ។

កាលពីដើម យើង​ខ្ញុំ​ពួក​កវី​រាប់​អាន បាន​ដើរចេញ​ពីស្រុកមួយ ទៅ​ស្រុកមួយ ពីបុរីមួយ ទៅ​បុរីមួយ វេលានោះ យើង​ខ្ញុំ​បាន​ឃើញ​ព្រះ​សម្ពុទ្ធ ព្រះ​អង្គបាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំង​ពួង។ ព្រះ​មុនីនោះ ព្រះ​អង្គជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ បាន​សំដែងធម៌ដល់​ខ្ញុំ យើង​ខ្ញុំ លុះបាន​ស្ដាប់​ធម៌​ហើយ ក៏​មាន​ចិត្តជ្រះ​ថ្លា មាន​សទ្ធា​កើត​ឡើង។ ខ្ញុំ​បាន​ស្ដាប់​ព្រះ​ពុទ្ធដីកា​នៃ​ព្រះ​មុនីនោះ​ហើយ ក៏​បាន​ដឹង​ច្បាស់​នូវ​ខន្ធ អាយតនៈ និងធាតុ​ទាំង​ឡាយ ហើយចេញ​ចាក​ផ្ទះ បួស​ក្នុង​សំណាក់​នៃបុគ្គល​មិន​មាន​ផ្ទះ។ទ. ១៣៨ ឱហ្ន៎ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង ដើម្បី​ប្រយោជន៍ដល់​ស្រី និង​ប្រុស​ដ៏​ច្រើន ដែល​ជា​អ្នក​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ។ ពួក​ភិក្ខុ និង​ពួក​ភិក្ខុ​នីណា បាន​ឃើញ​នូវ​កំណត់ ដែល​គេ​កត់​ទុក​ហើយ ព្រះ​មុនីបាន​ត្រាស់​ដឹងពោធិញ្ញាណ ដើម្បី​ប្រយោជន៍​ដល់​ពួក​ភិក្ខុ និង​ពួក​ភិក្ខុ​នី​ទាំង​នោះ​ឯង។ អរិយសច្ច​ទាំង ៤ ប្រការ គឺទុក្ខ ១ ការ​កើត​នៃ​ទុក្ខ ១ ការ​កន្លងផុតនូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ ៨ ប្រការ​ដ៏​ប្រសើរ ជាដំណើរទៅ​កាន់​សេចក្ដី​រលត់​ទុក្ខ ១ ព្រះ​ពុទ្ធ ជាវង្ស​នៃ​ព្រះ​អាទិត្យ មាន​ចក្ខុ គឺប្រាជ្ញា ទ្រង់​បាន​សំដែង​ទុក​ល្អ​ហើយ ដើម្បី​អនុគ្រោះដល់​សត្វ​ទាំង​ឡាយ។ ធម៌ គឺអរិយសច្ច​ទាំង​ឡាយ​នេះ ជា​ធម៌​ពិត ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ យ៉ាង​នេះ អរិយ​សច្ច​ទាំង​នោះ ខ្ញុំ​បាន​ឃើញតាមពិត ប្រយោជន៍ខ្លួន ខ្ញុំ​បាន​សម្រេច​ហើយ ទាំង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។ ខ្ញុំ​មកល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​របស់​ខ្ញុំ កិច្ចណាដ៏​ប្រសើរ​ក្នុង​ធម៌​ទាំង​ឡាយ ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែងវែកញែក​ហើយ​ដោយ​ប្រពៃ ខ្ញុំ​ក៏​បាន​សម្រេច​កិច្ច​នោះ​ហើយ។ ខ្ញុំ​បាន​សម្រេច​អភិញ្ញាបារមី បាន​ជំរះនូវ​សោតធាតុ បាន​នូវ​វិជ្ជា ៣ បាន​សម្រេច​ឫទ្ធិ៍ ជា​អ្នក​ឈ្លាសវៃ ក្នុង​ចេតោបរិយញ្ញាណ។ទ. ១៣៩

ខ្ញុំ​ព្រះ​អង្គសូមទូលសួរព្រះ​សាស្ដា ជា​បុគ្គល​មាន​ប្រាជ្ញាមិនថោកថយ ភិក្ខុ​ណា បាន​ផ្ដាច់​បង់​វិចិកិច្ឆា ក្នុង​អត្តភាពនេះ មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ សម្បូរ​ដោយ​យស មាន​ចិត្ត​រំលត់​ក្ដៅក្រហាយ បាន​ធ្វើ​មរណកាល ក្នុង​អគាឡវចេតិយ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ នាម​នៃ​ភិក្ខុ​ជាព្រាហ្មណ៍នោះ ព្រះ​អង្គឲ្យ​ឈ្មោះ​ថា និគ្រោធកប្បៈ លោក​នោះ មាន​ព្យាយាម​តឹង​តែង ជា​អ្នក​យល់​ឃើញធម៌មុតមាំ ប្រាថ្នា​នូវ​ព្រះ​និព្វាន បាន​ប្រព្រឹត្ត​នមស្ការ​ព្រះ​អង្គ។ បពិត្រ​ព្រះ​អង្គជាសក្កៈ មាន​ចក្ខុ​ជុំវិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា ប្រាថ្នា​ចង់​ដឹង​សាវ័ក​នោះ យើង​ខ្ញុំ​ប្រុងសោតៈ​ដើម្បី​ស្ដាប់ ព្រះ​អង្គជាសាស្ដា​របស់​យើង​ខ្ញុំ ព្រះ​អង្គ​ជា​បុគ្គល​ប្រសើរ​បំផុត។ សូម​ព្រះ​អង្គ ទ្រង់​កាត់​សេចក្ដីសង្ស័យ​របស់​យើង​ខ្ញុំ សូមព្រះ​អង្គ​ប្រាប់​នូវ​សាវ័កនោះ បពិត្រ​ព្រះ​អង្គ​មាន​បញ្ញា​ដូច​ផែនដី មាន​ចក្ខុជុំវិញ ព្រះ​អង្គទ្រង់​ជា្របនូវ​ព្រាហ្មណ៍​ដែល​បរិនិព្វាន​ហើយ សូមសំដែង​ក្នុង​កណ្តាល​នៃ​ពួក​យើង​ខ្ញុំ ដូច​ជា​សក្កទេវរាជ មាន​ព្រះ​នេត្រមួយពាន់ (សំដែង​ក្នុង​កណ្ដាល) នៃទេវតា​ទាំង​ឡាយ។ទ. ១៤០ គន្ថៈ​ទាំង​ឡាយ (មាន​អភិជ្ឈាគន្ថៈ​ជាដើម) ណា​មួយ ជា​ផ្លូវនាំឲ្យ​វង្វេង ជាបក្ខពួក​នៃ​ការ​មិន​ដឹង ជា​ទីតាំង​នៃសេចក្ដីសង្ស័យ ក្នុង​លោក​នេះ គន្ថៈ​ទាំង​នោះ មកប៉ះ​នឹង​ព្រះ​តថាគត​ហើយ រមែង​មិនកើតឡើយ ព្រោះបញ្ញាចក្ខុ​របស់​ព្រះ​អង្គនុ៎ះ ឧត្តម​ជាង​ជន​ទាំង​ឡាយ។ ប្រសិនបើបុរស (ព្រះ​មាន​ព្រះ​ភាគ) មិន​កំចាត់​បង់​នូវ​កិលេស​ទាំង​ឡាយ ដូច​ជា​ខ្យល់​កំចាត់​នូវ​ដុំ​នៃពពកទេ លោក​ទាំង​មូល ដែល​អវិជ្ជា​រួបរឹត​ហើយ សម​នឹងងងឹត​ដោយ​ពិត សូម្បី​អ្នក​មាន​ពន្លឺ គឺបញ្ញាក៏​មិនអាចបំភ្លឺបាន។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ជា​អ្នក​ធ្វើ​ពន្លឺ ខ្ញុំ​ព្រះ​អង្គ​សំគាល់​ព្រះ​អង្គនោះ ថា​ជា​អ្នក​ប្រាជ្ញ យ៉ាង​នោះ​ដែរ យើង​ខ្ញុំ​ដឹង (នូវ​ធម៌​ទាំង​អស់) របស់​ជន​អ្នក​ចេះដឹង​ទាំង​ឡាយ ទើប​បាន​ចូលមក​ជិត សូមព្រះ​អង្គ​សំដែង​ប្រាប់​នូវ​និគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យ​ច្បាស់​លាស់ ដល់​យើង​ខ្ញុំ ក្នុង​កណ្ដាល​បរិស័ទ។ បពិត្រ​ព្រះ​អង្គ​មាន​ព្រះ​សូរសៀងពីរោះ សូមព្រះ​អង្គបញ្ចេញឆាប់ ៗ នូវ​ព្រះ​ពុទ្ធដីកា​ដ៏ពីរោះ ដោយ​ព្រះ​សូរសៀងមូល ដែល​បច្ច័យ​តាក់​តែងល្អ​ហើយ ដូចហង្ស​ដកក ហើយ​ស្រែកតិច ៗ ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នានោះ មាន​ចិត្ត​ត្រង់ ប្រុងចាំស្ដាប់។ទ. ១៤១

តថាគត បាន​ផ្ទញ់​ផ្ទាល់​នូវ​ជាតិ និង​មរណៈ ឲ្យ​សាបសូន្យ មិន​ឲ្យ​មាន​សេសសល់ នឹង​សំដែង​នូវ​ធម៌ ជា​គ្រឿង​កំចាត់​បង់​នូវ​បាប មែន​ពិត បុថុជ្ជន​ទាំង​ឡាយ មិន​មាន​ការ​ធ្វើ​បាន​តាមប្រាថ្នា​ទេ ព្រះ​តថាគត​ទាំង​ឡាយ មាន​ការ​ធ្វើ​បាន​តាម​បញ្ញា។

វេយ្យាករណ៍​ដ៏បរិបូណនេះ ព្រះ​អង្គជា​បុគ្គល​មាន​ប្រាជ្ញាត្រង់​ល្អ ផ្គូរផ្គង​ហើយ​ដោយ​ប្រពៃ ការ​ធ្វើ​អញ្ជលីជា​ទីបំផុតនេះ ខ្ញុំ​ព្រះ​អង្គបាន​ប្រណម្យ​ហើយ​ដោយ​ល្អ បពិត្រ​ព្រះ​អង្គ ជា​បុគ្គល​មាន​ប្រាជ្ញាធំ​ទូលាយ កាល​បើព្រះ​អង្គជ្រាប សូម​កុំធ្វើ​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​វង្វេង​ឡើយ។ បពិត្រ​ព្រះ​អង្គ ជា​បុគ្គល​មាន​ព្យាយាមមាំ ព្រះ​អង្គ​ជ្រាប​ច្បាស់​នូវ​អរិយ​ធម៌ គឺសច្ច​ទាំង ៤ ដ៏ល្អ (ដោយ​អំណាចលោកិយធម៌) កាល​បើទ្រង់​ជ្រាបច្បាស់​ហើយ សូម​កុំធ្វើ​ឲ្យ​ខ្ញុំ​ព្រះ​អង្គវង្វេងឡើយ ខ្ញុំ​ព្រះ​អង្គ ប្រាថ្នា​ចង់​ស្ដាប់​ព្រះ​ពុទ្ធដីកា ដូច​ជា​បុរស​មាន​ខ្លួន​ក្ដៅអន្ទះអន្ទែង ក្នុង​កាលក្ដៅ ប្រាថ្នា​ចង់​បាន​ទឹក សូមព្រះ​អង្គបង្អុរនូវ​សុតៈ គឺ​ធម្មទេសនា។ និគ្រោធកប្បត្ថេរ បាន​ប្រព្រឹត្តនូវ​ព្រហ្មចារ្យ ប្រកប​ដោយ​ប្រយោជន៍​ណា ការ​ប្រព្រឹត្តិ​ព្រហ្មចារ្យ របស់​លោក​នោះ មិន​សាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ និព្វាន​ហើយ ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើង​ខ្ញុំ​ចង់​ស្ដាប់​រឿងនោះ។

ទ. ១៤២

(ព្រះ​មានព្រះ​ភាគ ទ្រង់​ត្រាស់​ថា) និគ្រោធកប្បភិក្ខុ​ បាន​ផ្ដាច់​បង់​នូវ​សេចក្ដី​ប្រាថ្នា ក្នុង​នាម​រូបនេះ​អស់​ហើយ បាន​ផ្ដាច់​បង់​នូវ​ខ្សែ​នៃសេចក្ដីប្រាថ្នា ជា​ទី​ដេកនៅ​រឿយ ៗ ក្នុង​សន្ដាន អស់​រាត្រីកាល​ដ៏​វែង ទាំង​បាន​ឆ្លងចាក​ជាតិ និង​មរណៈ ឥត​មាន​សេស​សល់ ព្រះ​មាន​ព្រះ​ភាគ ប្រសើរ​ដោយ​ឥន្ទ្រិយ ៥ (មាន​សទ្ធិន្រ្ទិយ​ជាដើម) បាន​ត្រាស់​ហើយ​យ៉ាង​នេះ។

បពិត្រ​ព្រះ​អង្គជាឥសីគំរប់ ៧ ខ្ញុំ​ព្រះ​អង្គ​នេះ បាន​ឮព្រះ​ពុទ្ធដីកា​របស់​ព្រះ​អង្គ​ហើយ ក៏ជ្រះ​ថ្លា ឯកិច្ចការ​ដែល​ខ្ញុំ​ព្រះ​អង្គសួរ​ហើយ មិន​សោះសូន្យទេ ព្រះ​ខីណាសវ​ព្រាហ្មណ៍ មិន​បញ្ឆោត​ខ្ញុំ​ព្រះ​អង្គ។ សាវ័ក​របស់​ព្រះ​ពុទ្ធ ពោលយ៉ាង​ណា ធ្វើ​យ៉ាង​នោះ បាន​ផ្ដាច់​នូវ​សំណាញ់​ដ៏មាំ ដែល​មច្ចុ​អ្នក​មាន​មាយាផ្សាយ​ទៅ​ហើយ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គួរ​បាន​ទត​ឃើញ​ច្បាស់ នូវ​ខាង​ដើម​នៃឧបាទាន កប្បត្ថេរ​បាន​កន្លង​នូវ​លំ​នៅ​នៃ​មច្ចុរាជ ដែល​គេ​ឆ្លងបាន​ដោយ​កម្រ។ បពិត្រ​ព្រះ​អង្គ​ឧត្តម​ជាង​សត្វជើងពីរ ខ្ញុំ​ព្រះ​អង្គ​សូមក្រាប​ថ្វាយ​បង្គំ​និគ្រោធកប្បត្ថេរនោះ ជា​បុត្រ​របស់​ព្រះ​អង្គ ដែល​ទុក​ដូច​ជា​ទេវតា ឧត្តម​ជាង​ទេវតា ជាអនុជាតបុត្ត មាន​ព្យាយាមធំ ជា​បុគ្គល​មិនធ្វើ​បាប ជាឱរស​នៃ​ព្រះ​ពុទ្ធនាគ។

ឮថា វង្គីសត្ថេរមាន​អាយុ បាន​សំដែង​គាថា​ទាំង​ឡាយ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហានិបាត។

ទ. ១៤៣

ក្នុង​សត្តតិនិបាត ព្រះ​វង្គីសត្ថេរ អ្នក​មានបដិភាណ​តែ ១ អង្គឯង ឥតមាន​ព្រះ​ថេរៈ​ឯ​ទៀត​ឡើយ (បាន​សំដែង) នូវគាថា​ទាំង​ឡាយ ៧១។ គាថា​ទាំង​នោះ មាន ១.៣៦០ ព្រះ​ថេរៈ​ទាំង​អស់ ២៦៤ អង្គ ជា​បុត្រ​របស់​ព្រះ​ពុទ្ធ មិន​មាន​អាសវៈ បាន​បន្លឺសីហនាទ សំដែង​ហើយ បាន​ដល់​នូវ​ទីបំផុត​ដ៏​ក្សេមក្សាន្ដ និព្វាន​ហើយ ដូច​ជាគំនរភ្លើងរលត់​ហើយ។

ចប់ ថេរគាថា។

 

លេខយោង

1)
រាប់​តាំង​ពី ព្រះ​វិបស្សិសម្មាសម្ពុទ្ធឥសី​មក។
km/tipitaka/sut/kn/tha/sut.kn.tha.21.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann