User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:thi:sut.kn.thi

មាតិកា

ថេរីគាថា

សង្ខេប

ថេរីគាថា ដែល​ជា​គម្ពីរ​ទី​៨ នៃ​ខុទ្ទកនិកាយ មាន ២៦៤ កំណាព្យ សរុប ១.២៩១ ឃ្លា ដែល​បង្ហាញ​ព្រះសង្ឃ​សម័យ​ដើម (ភិក្ខុនី) រំលឹក​ពី​ការ​តស៊ូ និង​សមិទ្ធិផលនានា តាម​ផ្លូវ​ទៅ​កាន់ព្រះ​អរហន្ត​ផល។

sut kn thi បាលី cs-km: sut.kn.thi អដ្ឋកថា: sut.kn.thi_att PTS: ?

ថេរីគាថា

«ពាក្យរបស់អ្នក​ស្ត្រី​ចាស់ទុំ»

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

ថេរីគាថា នៅក្នុងឯកសារ pdf មួយ។ (sut.kn.thi.pdf)


ទ. ១៤៤

(ថេរីគាថា)

ឯកនិបាត

(១. ឯកកនិបាតោ)

អញ្ញតរាថេរីគាថា

(១. អញ្ញតរាថេរីគាថា)

[២៦៦] ម្នាលថេរី នាងចូរដេកលក់​ស្រួល នាងចូរធ្វើ (ចីវរបី) ដោយ​សំពត់ (បង្សុកូល) ហើយស្លៀក​ដណ្ដប់​ចុះ ព្រោះរាគៈ​របស់​នាងស្ងប់​រម្ងាប់​ហើយ ដូច​ជាបន្លែ​ស្ងួត​ក្នុង​ឆ្នាំង។

ឮថា ភិក្ខុ​នីមួយរូបជាថេរី មិន​ប្រាកដ (ដោយ​នាម និងគោត្រ​ជាដើម) បាន​ពោលគាថា មាន​បការៈ​ដូច្នេះ។

មុត្តាថេរីគាថា

(២. មុត្តាថេរីគាថា)

[២៦៧] ម្នាលនាងមុត្តា នាងចូររួច​ចាក​យោគៈ​ទាំង​ឡាយ ដូច​ជា​ព្រះ​ចន្ទ​ដែល​រាហូ​ចាប់ (ហើយរួច​អំពីដៃ) នាងមាន​ចិត្ត​រួច​ស្រឡះ មិន​មាន​បំណុលទេ ចូរ​បរិភោគ​ដុំ​បាយ​ចុះ។

ឮថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​មុត្តា ដោយ​គាថា មាន​បការៈ​ដូច្នេះ។

បុណ្ណាថេរីគាថា


ទ. ១៤៥

(៣. បុណ្ណាថេរីគាថា)

[២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញ​ដោយ​ពោធិបក្ខិយធម៌​ទាំង​ឡាយ ដូច​ជា ព្រះ​ចន្ទ ក្នុង​ថ្ងៃ ១៥ កើត នាងចូរទំលាយនូវ​គំនរងងឹត គឺ​មោហៈ ដោយ​បញ្ញា​ដ៏​បរិបូណ៌។

បុណ្ណាថេរី។

តិស្សាថេរីគាថា

(៤. តិស្សាថេរីគាថា)

[២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យ​យោគៈ​ទាំង​ឡាយ​គ្រប​សង្កត់​នាងបាន នាងចូរ​ជាស្រីប្រាស​ចាក​យោគៈ​ទាំង​អស់ មិន​មាន​អាសវៈ ប្រព្រឹត្ត​នៅ​ក្នុង​លោក។

តិស្សាថេរី។

តិស្សាថេរីមួយរូប

(៥. តិស្សាថេរីគាថា)

[២៧០] ម្នាលនាងតិស្សា ចូរនាងប្រកប​ដោយ​ធម៌​ទាំង​ឡាយ ខណៈ​កុំ​កន្លងនាង​ឡើយ ព្រោះពួក​ជន​ដែល​ខណៈ​កន្លង​ហើយ រមែង​សោកស្ដាយពេញ​ប្រៀប​ក្នុង​នរក។

តិស្សាថេរីមួយរូប។

ធីរាថេរីគាថា

(៦. ធីរាថេរីគាថា)

[២៧១] ម្នាលនាងធីរា នាងចូរពាល់​ត្រូវនូវ​និរោធជា​សុខ ជា​ទីរម្ងាប់​នូវ​សញ្ញា នាង​ចូរត្រេកអរ​នឹង​ព្រះ​និព្វាន​ដ៏​ក្សេមចាក​យោគៈ​ប្រសើរបំផុត។

ធីរាថេរី។

ធីរាថេរីមួយរូប

(៧. វីរាថេរីគាថា)

[២៧២] ធីរាភិក្ខុ​នី មាន​ឥន្រ្ទិយអប់​រំ​ហើយ​ដោយ​ធម៌​ទាំង​ឡាយ ជា​ប្រធាន​នៃ​ព្យាយាម នាងចូរផ្ចាញ់​នូវ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត។

ធីរាថេរីមួយរូប។

មិត្តាថេរីគាថា


ទ. ១៤៦

(៨. មិត្តាថេរីគាថា)

[២៧៣] ម្នាលនាងមិត្តា នាងបួស​ដោយ​សទ្ធា​ហើយ ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​កល្យាណមិត្ត ចូរចំរើន​នូវ​កុសលធម៌​ទាំង​ឡាយ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ជា​ទី​ក្សេម​ចាក​យោគៈ។

មិត្តាថេរី។

ភទ្រាថេរីគាថា

(៩. ភទ្រាថេរីគាថា)

[២៧៤] ម្នាលនាងភទ្រា នាងបួស​ដោយ​សទ្ធា​ហើយ ចូរ​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ដ៏​ចំរើន (មាន​សីល​ជាដើម) នាងចូរចំរើន​នូវ​កុសលធម៌​ទាំង​ឡាយ (ដើម្បី​ដល់​) នូវ​ព្រះ​និព្វាន ជា​ទីក្សេមចាក​យោគៈ​ដ៏​ប្រសើរបំផុត។

ភទ្រាថេរី។

ឧបសមាថេរីគាថា

(១០. ឧបសមាថេរីគាថា)

[២៧៥] ម្នាលនាងឧបសមា នាងគប្បី​ឆ្លងអន្លង់ គឺសង្សារ ជា​ទីនៅ​នៃម្រឹត្យុ ដែល​ពួក​សត្វឆ្លងបាន​ដោយ​កម្រ​ក្រៃពេក ចូរនាងផ្ចាញ់​នូវ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​នូវ​រាង​កាយជា​ទីបំផុត។

ឧបសមាថេរី។

មុត្តាថេរីគាថា

(១១. មុត្តាថេរីគាថា)

[២៧៦] ខ្ញុំ​ជា​អ្នក​រួច​ដោយ​ល្អ រួច​ដោយ​ប្រពៃ ព្រោះ​ការ​រួច​ចាក​អាការ​គម បី​យ៉ាង គឺត្បាល់1) ១ អង្រែ2) ១ ប្ដីគម3) ១ ខ្ញុំ​ជា​អ្នក​រួច​ចាក​ជាតិ និង​មរណៈ​ហើយ តណ្ហា​ជា​គ្រឿង​នាំ​ទៅ​កាន់​ភព ខ្ញុំ​ដកចេញ​ហើយ។

មុត្តាថេរី។

ធម្មទិន្នាថេរីគាថា


ទ. ១៤៧

(១២. ធម្មទិន្នាថេរីគាថា)

[២៧៧] នាងថេរីណា មាន​ចំណង់​កើត​ហើយ (ដើម្បី​ផល​ដ៏​ប្រសើរ) ញ៉ាំង​សមណកិច្ច​ឲ្យ​សម្រេច​ហើយ គប្បី​ជា​អ្នក​ពាល់​ត្រូវ (នូវ​ព្រះ​និព្វាន​) ដោយ​មគ្គ​ចិត្ត (បី​ខាង​ក្រោម) មាន​ចិត្តមិន​ជាប់​ទាក់​ទង​ក្នុង​កាម​ទាំង​ឡាយ (នាងថេរី​នោះ​) បណ្ឌិត​តែង​ហៅ​ថា ឧទ្ធំសោតា (អ្នក​មាន​ខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុង​ខាងលើ​)។

ធម្មទិន្នាថេរី។

វិសាខាថេរីគាថា

(១៣.វិសាខាថេរីគាថា)

[២៧៨] អ្នក​ទាំង​ឡាយ ចូរធ្វើ​តាម​ព្រះ​ពុទ្ធសាសនា ដែល​គេ​ធ្វើ​ហើយ មិន​ក្ដៅ​ក្រហាយតាមក្រោយ ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។

វិសាខាថេរី។

សុមនាថេរីគាថា

(១៤.សុមនាថេរីគាថា)

[២៧៩] នាងឃើញធាតុ​ទាំង​ឡាយ ថា​ជា​ទុក្ខ កុំមកកាន់​កំណើតថ្មីទៀត​ឡើយ នាងរំសាយចំណង់​ក្នុង​ភពចេញ ទើបស្ងប់​រម្ងាប់​បាន។

សុមនាថេរី។

ឧត្តរាថេរីគាថា

(១៥. ឧត្តរាថេរីគាថា)

[២៨០] ខ្ញុំ​ជា​អ្នក​សង្រួម​ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត បាន​ដកតណ្ហា ព្រម​ទាំង​ឫស (ឬព្រម​ទាំង​អវិជ្ជា) ជា​អ្នក​មាន​ចិត្តត្រជាក់ សម្រេច​អនុបាទិសេស​និព្វាន​ធាតុ។

ឧត្តរាថេរី។

សុមនាថេរីបួសឯចាស់


ទ. ១៤៨

(១៦. វុឌ្ឍបព្វជិតសុមនាថេរីគាថា)

[២៨១] ម្នាលនាងចំរើន​ដោយ​សីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយ​សំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះ​ថា បើរាគៈ​របស់​នាង​ស្ងប់​រម្ងាប់​ហើយ នាង​នឹងជាស្រ្ដីមាន​ចិត្តត្រជាក់ រលត់​កិលេស។

សុមនាថេរីបួសឯចាស់។

ធម្មាថេរីគាថា


ទ. ១៤៩

(១៧. ធម្មាថេរីគាថា)

[២៨២] ខ្ញុំ​មាន​កំឡាំងថយ កាន់​ឈើច្រត់ ដើរ​ទៅ​បិណ្ឌបាត មាន​ខ្លួន​ធេងធោង ដួល​លើ​ផែនដី​ក្នុង​ទី​នោះ​ឯង លំដាប់​នោះ ចិត្ត​របស់​ខ្ញុំ​ក៏​រួច​ស្រឡះ (ចាក​កិលេស) ព្រោះ​ឃើញ​ទោស​ក្នុង​កាយ។

ធម្មាថេរី។

សង្ឃាថេរីគាថា

(១៨. សង្ឃាថេរីគាថា)

[២៨៣] ខ្ញុំ​បាន​លះ​បង់​ផ្ទះ លះកូនជា​ទី​ស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បាន​លះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺ​មោហៈ បាន​ដកតណ្ហា ព្រម​ទាំង​ឫស ជា​ស្រីស្ងប់​រម្ងាប់ ហើយបាន​សម្រេច​អនុបាទិសេសនិព្វាន​ធាតុ។

សង្ឃាថេរី។

ចប់ ឯកនិបាត។

ទុកនិបាត

(២. ទុកនិបាតោ)

នន្ទាថេរីគាថា

(១. អភិរូបនន្ទាថេរីគាថា)

[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាង​កាយ​នេះ​) មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ស្អុយ ដែល​ឆ្អឹង ៣០០ កំណាត់ ផ្គុំឡើង​ហើយ ចូរនាងអប់​រំចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ ចូរនាងចំរើន​នូវ​អនិមិត្ត ចូរលះ​ចោល​នូវ​មានានុស័យ នាង​នឹង​បាន​ស្ងប់​រម្ងាប់ ព្រោះបាន​លះនូវ​មានះនោះ។

ឮថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​នន្ទា ដោយ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។

នន្ទាថេរី។

ជន្ដាថេរីគាថា

(២. ជេន្តាថេរីគាថា)

[២៨៥] ពោជ្ឈង្គប្រាំពីរនេះ​ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ពោជ្ឈង្គ​ទាំង​អស់​នោះ ខ្ញុំ​បាន​ចំរើន​តាមលំអាន ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ហើយ។ ព្រោះ​ថា ព្រះ​មាន​ព្រះ​ភាគអង្គនោះ ខ្ញុំ​បាន​ឃើញ​ហើយ រាង​កាយ​នេះ មាន​ក្នុង​ទីបំផុត ជាតិសង្សារ (នៃ​ខ្ញុំ) អស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទៀត​ឡើយ។

ជន្ដាថេរី។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ

(៣. សុមង្គលមាតាថេរីគាថា)

[២៨៦] អញរួច​ស្រឡះ ផុតស្រឡះ រួច​ល្អ​ហើយចាក​អង្រែ (ប្ដី​របស់​អញ) មិន​មាន​សេចក្ដីអៀនខ្មាស (អញមិនគាប់​ចិត្ត) ទាំង​ឆត្រ (ក៏​មិនគាប់​ចិត្ត) អញដែរ អញ (ផុត​ស្រឡះ​) ចាក​ឆ្នាំង ចាក​ភាពជា​អ្នក​កំសត់។ទ. ១៥០ អញ​បាន​ផ្ដាច់​ផ្ដិលរាគៈ និងទោសៈ​ហើយ អញ​នោះ ចូល​ទៅ​រកគល់​ឈើ ហើយ​ចំរើន​ឈានជា​សុខថា ឱ សុខណាស់​តើ។

ថេរីភិក្ខុ​នីមួយរូប មាន​នាម និងគោត្រ មិន​ប្រាកដ។

អឌ្ឍកាសីថេរីគាថា

(៤. អឌ្ឍកាសិថេរីគាថា)

[២៨៧] សួយ​ក្នុង​ជនបទឈ្មោះ​កាសី មាន​ចំនួនប៉ុន្មាន សួយ​របស់​ខ្ញុំ ក៏​មាន​ចំនួន​ប៉ុណ្ណោះដែរ អ្នក​និគម បាន​ធ្វើ​ (ទ្រព្យចំនួន ៥០០) នោះ ឲ្យ​ជាថ្លៃ ហើយតាំងទុក​នូវ​ខ្ញុំ (ដោយ​ឈ្មោះ​ថាអឌ្ឍកាសី) ដែល​មាន​ថ្លៃ​ដោយ​ថ្លៃ។ ក្នុង​កាលជា​ខាង​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឿយណាយ​ក្នុង​រូប កាល​បើនឿយណាយ ក៏រសាយចិត្តថា សូម​កុំឲ្យ​ខ្ញុំ​អន្ទោល​ទៅ​កាន់​ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ សាសនាព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។

អឌ្ឍកាសីថេរី។

ចិត្តាថេរីគាថា

(៥. ចិត្តាថេរីគាថា)

[២៨៨] ពិតមែន​តែ​ខ្ញុំ​ជាស្រីស្គម មាន​ជំងឺ មាន​កំឡាំងថយខ្លាំង ច្រត់​ដម្បងឡើង​ទៅ​លើ​ភ្នំ។ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រទុក (អង្គុយ) លើ​ភ្នំ អាចទំលាយនូវ​គំនរងងឹត គឺ​មោហៈ​បាន ហើយសង្កត់​សង្កិននូវ​ខ្លួន (ដោយ​ការ​ទំលាយនូវ​គំនរ​ងងឹត គឺ​មោហៈ​នោះ​ឯង)។

ចិត្តាថេរី។

មេត្តិកាថេរីគាថា

(៦. មេត្តិកាថេរីគាថា)

[២៨៩] ពិតមែន​ហើយ​តែ​ខ្ញុំ​ជា​អ្នក​រងទុក្ខ មាន​កំឡាំងថមថយ មាន​វ័យកន្លង​ជ្រុល​ហើយ ច្រត់​ដំបងឡើង​ទៅ​លើ​ភ្នំ។ទ. ១៥១ ដាក់​នូវ​សង្ឃាដី ផ្កាប់​នូវ​បាត្រ អង្គុយលើ​ភ្នំ លំ​ដាប់​នោះ ចិត្ត​របស់​ខ្ញុំ​រួច​ស្រឡះ​ហើយ វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ សាសនា​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​ហើយ។

មេត្តិកាថេរី។

មិត្តាថេរីគាថា

(៧. មិត្តាថេរីគាថា)

[២៩០] ខ្ញុំ​ជា​អ្នក​ត្រេកអរ​នឹង​ពួក​ទេវតា (ក្នុង​ឋានចាតុម្មហារាជិកា) បាន​រក្សា​ឧបោសថប្រកប​ដោយ​អង្គ ៨ អស់​តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និង​បាដិហារិកបក្ខៈ​ផង ថ្ងៃ​នេះ ខ្ញុំ​នោះ មាន​ភត្ត​តែម្ដង កោរសក់ ដណ្ដប់​សង្ឃាដី មិន​គប្បី​ប្រាថ្នា​នូវ​ពួក​ទេវតា (ណា​មួយ) ទេ គប្បី​បន្ទោបង់​នូវ​សេចក្ដី​ក្រវល់​ក្រវាយ ក្នុង​ហ្ឫទ័យ (តែប៉ុណ្ណោះ)។

មិត្តាថេរី។

អភយមាតាថេរីគាថា

(៨. អភយមាតុថេរីគាថា)

[២៩១] បពិត្រ​មាតា សូមលោកពិចារណារាង​កាយ​នេះ ជា​របស់​មិនស្អាត មាន​ក្លិនស្អុយ ខាងលើ​អំពីបាទជើង ខាងក្រោម​អំពីចុង​សក់។ កាល​ខ្ញុំ​ប្រព្រឹត្តយ៉ាង​នេះ បាន​ដករាគៈ​ទាំង​ពួង​ហើយ បាន​ផ្ដាច់​សេចក្ដីក្រវល់​ក្រវាយអស់​ហើយ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ រលត់​ទុក្ខ​ហើយ។

អភយមាតាថេរី។

អភយាថេរីគាថា

(៩. អភយាថេរីគាថា)

[២៩២] ម្នាលនាងអភយា ពួក​បុថុជ្ជន​ជាប់​ចំពាក់​ក្នុង​រាង​កាយ​ណា រាង​កាយ (នោះ) ជាសភាពបែកធ្លាយ អាត្មា​អញជា​អ្នក​ដឹង​ខ្លួន មាន​ស្មារតីតាំងស៊ប់ នឹង​ដាក់​ចុះ​នូវ​រាង​កាយ​នេះ​ចោលចេញ។ទ. ១៥២ អាត្មា​អញត្រូវទុក្ខធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃ​តណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

អភយាថេរី។

សាមាថេរីគាថា

(១០. សាមាថេរីគាថា)

[២៩៣] អាត្មា​អញមិន​ទាន់​បាន​សេចក្ដីស្ងប់​រម្ងាប់​នៃ​ចិត្ត មិន​លុះអំណាច​ក្នុង​ភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាង​ក្រៅ​អំពីលំនៅ ៤ ដង ៥ ដង។ អាត្មា​អញ​នោះ ត្រូវ​ទុក្ខ​ធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ បាន​ដកតណ្ហា​ហើយ​ក្នុង​រាត្រីទី ៨ អាត្មា​អញជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិន​ប្រមាទ បាន​សម្រេច​នូវ​ការ​អស់​ទៅ​នៃតណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ។

សាមាថេរី។

ចប់ ទុកនិបាត។

តិកនិបាត


ទ. ១៥៣

(៣. តិកនិបាតោ)

សាមាថេរីដទៃ​ទៀត

(១. អបរាសាមាថេរីគាថា)

[២៩៤] តាំង​ពីកាលអាត្មា​អញបួសមក បាន ២៥ ឆ្នាំ​ហើយ អាត្មា​អញមិន​ទាន់​បាន​ស្គាល់​នូវ​សេចក្ដីស្ងប់​ចិត្តម្ដងទេ។ អាត្មា​អញមិន​បាន​សេចក្ដីស្ងប់​ចិត្ត មិន​លុះ​អំ​ណាច​ក្នុង​ភាវនាចិត្ត តែតមក អាត្មា​អញរឭកដល់​សាសនា​នៃ​ព្រះ​ជិនស្រី ក៏​បាន​ដល់​នូវ​សេចក្ដី​សំវេគ។ អាត្មា​អញត្រូវទុក្ខធម៌​ជា​ច្រើនពាល់​ត្រូវ​ហើយ ជា​អ្នក​ត្រេកអរ​ក្នុង​សេចក្ដី​មិន​ប្រមាទ បាន​សម្រេច​នូវ​ការអស់​ទៅ​នៃតណ្ហា សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​អញ​បាន​ធ្វើ​ហើយ ថ្ងៃ​នេះ​ជារាត្រី ទី ៧ របស់​អាត្មា​អញ ជារាត្រី​ដែល​តណ្ហារីង​ស្ងួត។

សាមាថេរីដទៃ​ទៀត។

ឧត្តមាថេរីគាថា

(២. ឧត្តមាថេរីគាថា)

[២៩៥] អាត្មា​អញ មិន​បាន​សេចក្ដីស្ងប់​រម្ងាប់​ចិត្ត មិន​លុះ​ក្នុង​អំណាចភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាង​ក្រៅ​អំពីលំនៅ ៤ ដង ៥ ដង។ អាត្មា​អញ​នោះ បាន​ចូល​ទៅ​រកភិក្ខុ​នី ដែល​អាត្មា​អញគួរ​ជឿ (បដាចារាថេរី) ភិក្ខុ​នីនោះ បាន​សំដែងធម៌ គឺ ខន្ធ អាយ​តនៈ ធាតុ ដល់​អាត្មា​អញ។ លុះ​អាត្មា​អញ បាន​ស្ដាប់​ធម៌​របស់​លោក តាមទំនង​ដែល​លោកបាន​ប្រៀនប្រដៅ អាត្មា​អញក៏ឆ្អែត​ដោយ​បីតិ និងសុខៈ អង្គុយលើ​បល្ល័ង្ក​មួយ អស់ ៧ ថ្ងៃ។ ក្នុង​ថ្ងៃទី ៨ អាត្មា​អញ​បាន​ទំលាយគំនរងងឹត គឺ​មោហៈ ហើយ​សណ្ដូកជើង​ទាំង​គូ។

ឧត្តមាថេរី។

ឧត្តមាថេរី មួយរូប


ទ. ១៥៤

(៣. អបរាឧត្តមាថេរីគាថា)

[២៩៦] ពោជ្ឈង្គ​ទាំង ៧ ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ពោជ្ឈង្គ​ទាំង​អស់​នោះ អាត្មា​អញ​បាន​ចំរើន​ហើយ តាមលំអាន​ដែល​ព្រះ​ពុទ្ធសំដែង​ហើយ។ អាត្មា​អញ​ជាឱរសធីតា​របស់​ព្រះ​ពុទ្ធ ជា​អ្នក​ត្រេកអរចំពោះ​ព្រះ​និព្វាន ក្នុង​កាល​ទាំង​ពួង ជា​អ្នក​បាន​សុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា។ កាម​ទាំង​អស់ ទោះជា​ទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មា​អញ​បាន​កាត់​ផ្ដាច់​ផ្ដិល​ហើយ ជាតិ​សង្សារ​របស់​អាត្មា​អញ អស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន​ទេ។

ឧត្តមាថេរី មួយរូប។

ទន្ដិកាថេរីគាថា

(៤. ទន្តិកាថេរីគាថា)

[២៩៧] អាត្មា​អញ​បាន​ចេញ​ទៅ អំពី​ទី​សម្រាក ក្នុង​វេលាថ្ងៃ លើ​ភ្នំ​ឈ្មោះ គិជ្ឈកូដ ហើយបាន​ឃើញដំរី​ដែល​ចុះឡើង ក្បែរឆ្នេរ​ស្ទឹង (ឈ្មោះ​ចន្ទភាគា)។ បុរស​កាន់​កង្វេរ បង្គាប់​ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី។ អាត្មា​អញ​បាន​ឃើញដំរី ដែល​គេ​មិន​ទាន់​ទូន្មាន គេ​អាចទូន្មាន ឲ្យ​លុះ​ក្នុង​អំណាច​របស់​ពួក​មនុស្សបាន ហើយក៏ទៅ​កាន់​ព្រៃ តាមកិរិយា​របស់​ដំរីនោះ ក៏​បាន​ធ្វើ​ចិត្ត​ឲ្យ​នឹងធឹង ព្រោះ​ឃើញ​ដំរីនោះ។

ទន្ដិកាថេរី។

ឧព្វិរីថេរីគាថា


ទ. ១៥៥

(៥. ឧព្វិរិថេរីគាថា)

[២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់​កន្ទេញ​ក្នុង​ព្រៃថា ម្នាលជីវៈ​មាសម្ដាយ ដូច្នេះ នាងចូរដឹង​ខ្លួន កូនស្រី​របស់​នាង​ទាំង​អស់ ៨៤.០០០ មាន​ឈ្មោះ​ថាជីវៈ​ដូចគ្នា ត្រូវគេ​ដុត​ក្នុង​ឈាបនដ្ឋាននេះ បណ្ដាកូនស្រី​ទាំង​នោះ តើនាងសោកចំពោះ​កូនស្រី​ណា។

សរ គឺសេចក្ដីសោក អាស្រ័យនូវ​ហ្ឫទ័យ​របស់​ខ្ញុំ​ព្រះ​អង្គ ជា​របស់​ដែល​គេ​ឃើញ​បាន​​ដោយ​ក្រ បាន​ដកចេញ​ហើយ ព្រះ​អង្គបាន​បន្ទោបង់​នូវ​សេចក្ដីសោក ព្រោះ​កូនស្រី​របស់​ខ្ញុំ​ព្រះ​អង្គ ដែល​ត្រូវសេចក្ដីសោកគ្រប​សង្កត់​ហើយ។ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​ព្រះ​អង្គនោះ មាន​សរដក​ហើយ ជា​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន បាន​រំលត់​ទុក្ខ​ហើយ ខ្ញុំ​ព្រះ​អង្គ សូមដល់​ព្រះ​ពុទ្ធជា​អ្នក​ប្រាជ្ញផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​សរណៈ។

ឧព្វិរីថេរី។

សុក្កាថេរីគាថា

(៦. សុក្កាថេរីគាថា)

[២៩៩] ពួក​មនុស្ស ក្នុង​ក្រុង​រាជគ្រឹះនេះ សម្ងំធ្វើ​កិច្ចអ្វី ដូច​ជា​បុគ្គល​សម្ងំផឹក​ទឹកឃ្មុំ ក៏​មិននាំគ្នាចូល​ទៅ​រកនាងសុក្កាថេរី ដែល​កំពុងប្រកាសព្រះ​ពុទ្ធសាសនា។ ពួក​បណ្ឌិត​បុរស ប្រកប​ដោយ​ប្រាជ្ញា ទំនងជាបាន​ក្រេបផឹកនូវ​ធម៌​នោះ ជា​ធម៌មិន​គប្បី​ដឹក​នាំ​បុគ្គល​ឲ្យ​ត្រឡប់​ថយ ជា​ធម៌មិនលាយឡំ មាន​ឱជារស ដូច​ជាពួក​អ្នក​ដើរផ្លូវ​ឆ្ងាយ បាន​ក្រេប​ផឹក​នូវ​ទឹកភ្លៀង។ទ. ១៥៦

ព្រះ​នាងសុក្កាថេរី មាន​លោកុត្តរ​ធម៌​ដ៏​បរិសុទ្ធល្អ ជាស្រីប្រាស​ចាក​រាគៈ​ហើយ ជា​អ្នក​នឹងធឹង ឈ្នះ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​រាង​កាយ មាន​ក្នុង​ទីបំផុត។

សុក្កាថេរី។

សេលាថេរីគាថា

(៧. សេលាថេរីគាថា)

[៣០០] ការ​រលាស់​ខ្លួន​ចេញ (ចាក​ភព) ក្នុង​លោក របស់​នាង មិន​មាន​ទេ នាង​នឹង​ធ្វើ​អ្វី​ដោយ​វិវេក នាងចូរបរិភោគនូវ​តម្រេក​ដែល​អាស្រ័យនូវ​កាម​ទាំង​ឡាយ កុំឲ្យ​ក្ដៅ​ក្រហាយ ក្នុង​កាលជា​ខាងក្រោយឡើយ។

កាម​ទាំង​ឡាយ​មាន​ឧបមា​ដោយ​លំពែង និងដែក​សូល ជា​គ្រឿង​កាប់​ចិញ្រ្ចាំនូវ​ឧបាទានក្ខន្ធ​ទាំង​ឡាយ អ្នក​ឯង​ពោល (សំដៅ) តម្រេក​ក្នុង​កាមណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ ជា​ទី​អផ្សុក​ដល់​អាត្មា​ទេ​តើ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរងងឹត យើងបាន​ទំលុះ​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯង​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាល​មារថោកទាប អ្នក​ឯងយើងកំចាត់​ចេញ​បាន​ហើយ។

សេលាថេរី។

សោមាថេរីគាថា

(៨. សោមាថេរីគាថា)

[៣០១] ពួក​ឥសី (មាន​ព្រះ​ពុទ្ធជាដើម) គប្បី​ដល់​នូវ​ឋានៈ​ណា ដែល​បុគ្គល​ដទៃ​មិនងាយ​នឹង​បាន​សម្ភព ស្រ្តីមិនអាច​នឹងដល់​នូវ​ឋានៈ​នោះ ដោយ​ប្រាជ្ញាប្រវែងពីរធ្នាប់​បាន​ទេ។ទ. ១៥៧

កាល​បើចិត្ត​របស់​បុគ្គល អ្នក​ឃើញច្បាស់​នូវ​ធម៌ដោយ​ប្រពៃ បាន​តម្កល់​មាំ​ហើយ កាល​បើញាណកំពុង​តែប្រព្រឹត្ត​ទៅ តើស្រ្តីភាព ហេតុម្ដេចមិន​គប្បី​ធ្វើ​នូវ​ឋានៈ​នោះ​បាន។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត យើងបាន​ទំលុះ​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯងចូរដឹងយ៉ាង​នេះ​ចុះ ម្នាល​មារ​ថោក​ទាប អ្នក​ឯង យើងកំចាត់​ចេញ​បាន​ហើយ។

សោមាថេរី។

ចប់ តិកនិបាត។

ចតុក្កនិបាត


ទ. ១៥៨

(៤. ចតុក្កនិបាតោ)

ភទ្ទកាបិលានីថេរីគាថា

(១. ភទ្ទាកាបិលានីថេរីគាថា)

[៣០២] ព្រះ​ថេរៈ​ឈ្មោះ​កស្សប ជាបុត្តពុទ្ធទាយាទ មាន​ចិត្តតម្កល់​មាំល្អ លោក​បាន​ដឹង​នូវ​បុព្វេ​និវាស ទាំង​ឃើញឋានសួគ៌ និងអបាយ លំដាប់​អំពីនោះ​មក លោក​បាន​ដល់​នូវ​ធម៌​ជា​ទី​អស់​ទៅ​នៃជាតិ បាន​សម្រេច​នូវ​អភិញ្ញា ជា​អ្នក​ប្រាជ្ញ ជាព្រាហ្មណ៍ បាន​សម្រេច​វិជ្ជា ៣ ដោយ​វិជ្ជា ៣ នេះ។ ព្រះ​ថេរីឈ្មោះ ភទ្ទកាបិលានី ក៏​យ៉ាង​នោះ​ដែរ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំង​មច្ចុឲ្យ​សាបសូន្យ ឈ្នះ​មារ ព្រម​ទាំង​វាហនៈ ហើយ​ទ្រទ្រង់​រាង​កាយ ជា​ទីបំផុត។ យើង​ទាំង​ពីររូប បាន​ឃើញទោស​ក្នុង​លោក ហើយមកបួស យើង​ទាំង​នោះ ជា​ព្រះ​ខីណាស្រព បាន​ទូន្មានខ្លួន​ហើយ ជា​អ្នក​មាន​ចិត្តត្រជាក់ បាន​និព្វាន​ហើយ។

ភទ្ទកាបិលានីថេរី។

ចប់ ចតុក្កនិបាត។

បញ្ចកនិបាត


ទ. ១៥៩

(៥. បញ្ចកនិបាតោ)

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ

(១. អញ្ញតរាថេរីគាថា)

[៣០៣] តាំង​ពីកាលអាត្មា​អញបួសមក បាន ២៥ វស្សា​ហើយ មិន​បាន​សេចក្ដី​ស្ងប់​ចិត្ត សូម្បីត្រឹមមួយផ្ទាត់​ម្រាមដៃ។ អាត្មា​អញមាន​ចិត្តទទឹក​ដោយ​កាមរាគៈ មិន​បាន​សេចក្ដីស្ងប់​ចិត្ត ផ្គងដើមដៃកន្ទក់​កន្ទេញ ហើយ​ចូល​ទៅ​កាន់​លំនៅ។ អាត្មា​អញ​នោះ ចូល​ទៅ​រកភិក្ខុ​នី (ធម្មទិន្នាថេរី) ជាស្រ្តី​ដែល​អាត្មា​អញគួរ​ជឿ លោកបាន​សំដែង​ធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ បាន​ចូល​ទៅ​ក្នុង​ទី​សម​គួរ ដឹង​នូវ​បុព្វេ​និវាស បាន​ជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មា​អញ​បាន​ជម្រះ​ហើយ ឫទ្ធិ៍អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ការ​អស់​ទៅ​នៃអាសវៈ អាត្មា​អញ​បាន​សម្រេច​ហើយ អភិញ្ញា ៦ អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ច្បាស់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញក៏​បាន​ធ្វើ​ហើយ។

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។

វិមលាថេរី ជាស្រីពេស្យាពីដើម

(២. វិមលាថេរីគាថា)

[៣០៤] អាត្មា​អញស្រវឹង រឹងត្អឹង ដោយ​ការ​សរសើរគុណ​ផង ដោយ​រូប​សម្បត្តិ​ផង ដោយ​លំអ​ដ៏​លើ​សផង ដោយ​យសផង ដោយ​វ័យផង បាន​មើល​ងាយ​ពួក​ស្រីដទៃ។ អាត្មា​អញ​ស្អិតស្អាង​រាង​កាយ​នេះ ឲ្យ​វិចិត្រល្អ ឲ្យ​ជា​ទីរាក់​ទាក់​នៃជន​ពាល ហើយឈរ​ក្បែរទ្វារ​ផ្ទះ​នៃស្រីពេស្យា ដូច​ជាព្រានម្រឹគដាក់​អន្ទាក់។ទ. ១៦០ អាត្មា​អញ​សំដែង​គ្រឿង​ប្រដាប់ និង​អវយវៈ​ដ៏កំបាំង ឲ្យ​ជាក់​ច្បាស់​ជា​ច្រើន សើច​ក្អាក​ក្អាយ បាន​ធ្វើ​មាយាច្រើនយ៉ាង (ដើម្បី​) ញ៉ាំង​ជនពាលជា​ច្រើន (ឲ្យ​ស្រើប​ស្រាល)។ ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​នោះ បាន​កោរសក់ ដណ្ដប់​សង្ឃាដី ដើរ​ទៅ​បិណ្ឌបាត រួច​អង្គុយក្រោមម្លប់​ឈើ ជា​អ្នក​បាន​នូវ​ធម៌​ដែល​មិន​មាន​វិតក្កៈ។ គ្រឿង​ប្រកប​ទាំង​ពួង ទោះជា​ទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ញ៉ាំង​អាសវៈ​ទាំង​ពួង ឲ្យ​អស់​ហើយ ជា​អ្នក​មាន​ចិត្តត្រជាក់ រំលត់​ទុក្ខ​ហើយ។

វិមលាថេរី ជាស្រីពេស្យាពីដើម។

សីហាថេរីគាថា

(៣. សីហាថេរីគាថា)

[៣០៥] កាលពីដើម អាត្មា​អញត្រូវកាមរាគៈ​បៀត​បៀន ជា​អ្នក​មាន​ចិត្ត​រវើរវាយ មិន​លុះ​ក្នុង​អំណាចភាវនាចិត្ត ព្រោះធ្វើ​ទុក​ក្នុង​ចិត្ត​មិន​ជាឧបាយ​នៃប្រាជ្ញា។ អាត្មា​អញ លុះត្រូវកិលេស​ទាំង​ឡាយ​រួបរឹត​ហើយ ជា​អ្នក​ប្រព្រឹត្តតាមសេចក្ដី​សំគាល់​ក្នុង​កាម ថា​ជា​សុខ ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ក៏​មិន​បាន​នូវ​សេចក្ដីស្ងប់​ចិត្តឡើយ។ អាត្មា​អញទៅ​ជាស្គម ស្លេកស្លាំង ស្អាប់​សម្បុរ ប្រព្រឹត្តមក​អស់ ៧ ឆ្នាំ​ហើយ អាត្មា​អញដល់​នូវ​សេចក្ដីទុក្ខ​ក្រៃពេក មិន​បាន​សេចក្ដីសុខ ទាំង​ថ្ងៃ​ទាំង​យប់។ ព្រោះមិន​មាន​សេចក្ដីសុខនោះ អាត្មា​អញ​ក៏​បាន​កាន់​ខ្សែចូល​ទៅ​ក្នុង​ចន្លោះព្រៃ (ដោយ​គិតថា)ទ. ១៦១ អាត្មា​អញ ចងក​ក្នុង​ទីនេះ​ប្រសើរ ត្រង់​វិលទៅ​កាន់​ភេទថោកទាបវិញ មិន​ប្រសើរ​ឡើយ។ អាត្មា​អញ​បាន​ធ្វើ​អន្ទាក់​យ៉ាង​មាំ ចង​នឹងមែកឈើ ដាក់​អន្ទាក់​ត្រង់​ក ក៏ស្រាប់​តែចិត្ត​របស់​អាត្មា​អញ​រួច​ស្រឡះ។

សីហាថេរី។

នន្ទាថេរីគាថា

(៤. សុន្ទរីនន្ទាថេរីគាថា)

[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាង​កាយ ដែល​មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ពុករលួយ ដែល​ឆ្អឹង ៣០០ កំណាត់​ផ្គុំឡើង​ហើយ (នេះ​) នាងចូរអប់​រំ​ចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ សរីរៈ​នេះ​យ៉ាង​ណា សរីរៈ​របស់​នាងហ្នឹង ក៏​យ៉ាង​នោះ​ដែរ សរីរៈ​របស់​នាងហ្នឹងយ៉ាង​ណា សរីរៈ​នេះ ក៏​យ៉ាង​នោះ​ដែរ នាង​កុំខ្ជិលច្រអូស ខំពិចារណារាង​កាយនុ៎ះ ទាំង​យប់ ទាំង​ថ្ងៃ យ៉ាង​នេះ​ឯងថា សរីរៈ (នេះ​) ដែល​ពួក​ជនពាលរីករាយ ជា​របស់​ពុក​រលួយ មាន​ក្លិនអាក្រក់។ លំដាប់​អំពីនោះ ខ្ញុំ​ក៏​បាន​ពិនិត្យឃើញ​ដោយ​ប្រាជ្ញា​របស់​ខ្លួន។ ខ្ញុំ​នោះ​មិនធ្វេសប្រហែស ខំ​ពិចារណា​ដោយ​ឧបាយ​នៃប្រាជ្ញា ក៏​បាន​ឃើញ​កាយ​នេះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំ​នឿយ​ណាយ​ក្នុង​កាយ រសាយ​ក្នុង​សន្ដាន ជា​អ្នក​មិន​ធ្វេសប្រហែស ក៏​បាន​ប្រាស​ចាក​យោគៈ មាន​ចិត្តស្ងប់ មាន​ទុក្ខរលត់​ហើយ។

នន្ទាថេរី។

នន្ទុត្តរាថេរីគាថា


ទ. ១៦២

(៥. នន្ទុត្តរាថេរីគាថា)

[៣០៧] អាត្មា​អញ​បាន​ថ្វាយ​បង្គំភ្លើងផង ព្រះ​ចន្ទផង ព្រះ​អាទិត្យផង ពួក​ទេវតា​ផង រួច​ហើយអាត្មា​អញទៅ​កាន់​កំពង់​នៃស្ទឹង​ទាំង​ឡាយ ហើយចុះទៅ​ក្នុង​ទឹក អាត្មា​អញ សមាទាននូវ​វត្តច្រើនយ៉ាង គឺកោរក្បាលពាក់​កណ្ដាល សម្រេច​ការ​ដេកលើ​ផែនដី មិន​បាន​បរិភោគបាយ​ក្នុង​វេលាយប់។ អាត្មា​អញ​ត្រេកអរ​ក្នុង​ការ​ស្អិតស្អាង និង​ការ​ប្រដាប់ លុះកាមរាគៈ​បៀត​បៀន​ហើយ ក៏​បាន​ទំនុក​បំរុងកាយ​នេះ ដោយ​គ្រឿង​ងូត និង​គ្រឿង​អប់។ ក្នុង​កាលខាង​ក្រោយ​មក ខ្ញុំ​បាន​នូវ​សទ្ធា (ក្នុង​សំណាក់​នៃ​ព្រះ​មហា​មោគ្គល្លាន​ត្ថេរ) ហើយ​បួស​ក្នុង​ធម្មវិន័យ កាមរាគៈ ខ្ញុំ​បាន​ដកចេញ​ហើយ ព្រោះបាន​ឃើញ​នូវ​រាង​កាយ តាម​ពិត។ ភព​ទាំង​អស់​ផង សេចក្ដី​ប្រាថ្នា​ផង សេចក្ដីតាំង​ចិត្ត​ទុកផង អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ប្រាស​ចាក​យោគៈ​ទាំង​ពួង​ហើយ បាន​ដល់​នូវ​សេចក្ដី​ស្ងប់​ចិត្ត។

នន្ទុត្តរាថេរី។

មិត្តកាលីថេរីគាថា

(៦. មិត្តាកាឡីថេរីគាថា)

[៣០៨] អាត្មា​អញចេញ​អំពីផ្ទះ ហើយមកបួស​ក្នុង​ធម្មវិន័យ ដោយ​សទ្ធា ខ្វល់​ខ្វាយ​ក្នុង​លាភៈ និងសក្ការៈ ប្រព្រឹត្ត​ដោយ​ហេតុ (ដែល​ញ៉ាំង​លាភឲ្យ​កើត​ឡើង មាន​ពាហុសច្ចៈ និងធម្មកថា​ជាដើម) នោះ ៗ។ទ. ១៦៣ អាត្មា​អញ​បាន​លះប្រយោជន៍​ដ៏​ឧត្តម​ចោល ហើយសេព​នូវ​ប្រយោជន៍ថោកទាប លុះ​ក្នុង​អំណាច​នៃកិលេស​ទាំង​ឡាយ មិន​ត្រេកអរ​នឹងប្រយោជន៍​នៃសមណៈ។ សេចក្ដីសង្វេគ ក៏​មាន​ដល់​អាត្មា​អញ​នោះ ដែល​អង្គុយ​ក្នុង​លំនៅ​ថា អាត្មា​អញដើរផ្លូវខុស លុះ​ក្នុង​អំណាច​តណ្ហា។ ជីវិត​របស់​អាត្មា​អញ​មាន​ប្រមាណតិច ជរា និងព្យាធិ​តែងញាំញី មុន​កាយ​នេះ​នឹងបែកធ្លាយ មិន​មែន​ជា​កាល​គួរ អាត្មា​អញធ្វេសប្រហែសឡើយ។ អាត្មា​អញកាលពិចារណា​នូវ​ការ​កើត​ឡើង និង​ការ​សូន្យ​ទៅ​នៃខន្ធ​ទាំង​ឡាយ​តាម​ពិត ក៏​មាន​ចិត្ត​រួច​ស្រឡះ ហើយចេញ (ចាក​កិលេស​ទាំង​ពួង) ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។

មិត្តកាលីថេរី។

សកុលាថេរីគាថា

(៧. សកុលាថេរីគាថា)

[៣០៩] អាត្មា​អញកាល​នៅ​ក្នុង​ផ្ទះ បាន​ស្ដាប់​ធម៌​របស់​ភិក្ខុ​ហើយ ឃើញធម៌ ប្រាស​ចាក​ធូលី គឺ​កិលេស ជា​ធម៌នាំ​សត្វ​ឲ្យ​ចេញ​ចាក​តណ្ហា ជាហេតុនាំឲ្យ​បាន​សេចក្ដី​សុខ មិន​ឃ្លាត។ អាត្មា​អញ​នោះ បាន​បោះ​បង់​ចោល​នូវ​កូន​ប្រុសផង កូន​ស្រីផង ទ្រព្យ និង​ស្រូវ​ផង បាន​ឲ្យ​គេ​កោរសក់ ហើយមកបួស​ក្នុង​ធម្មវិន័យ។ អាត្មា​អញ​កាល​នៅ​ជា​សិក្ខមានា បាន​ញ៉ាំង​មគ្គខាងលើ​ឲ្យ​កើត បាន​លះរាគៈ និង​ទោសៈ​ផង អាសវៈ​ទាំង​ឡាយ​ដែល​តាំង​នៅ​ជាមួយគ្នា​នឹងរាគៈ​ទោសៈ​នោះ​ផងទ. ១៦៤។ លុះ​អាត្មា​អញ​បាន​ឧបសម្បទាជា​ភិក្ខុនី​ហើយ ក៏រលឹក​ឃើញ​នូវ​បុព្វជាតិ ទាំង​ទិព្វចក្ខុ​មិន​មាន​មន្ទិល ដែល​ពួក​សប្បុរស​ចំរើន​ហើយ ក៏អាត្មា​អញ​បាន​ជម្រះ​ហើយ អាត្មា​អញ​បាន​ឃើញ​សង្ខារ​ទាំង​ឡាយ ដែល​កើត​អំពីហេតុ មាន​សភាពទ្រុឌទ្រោម ថា​ជា​របស់​ដទៃ ហើយបាន​លះអាសវៈ​ទាំង​អស់ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ បាន​រលត់​ទុក្ខ​ហើយ។

សកុលាថេរី។

សោណាថេរីគាថា

(៨. សោណាថេរីគាថា)

[៣១០] អាត្មា​អញ​បាន​សម្រាលកូនដប់ ក្នុង​សរីរៈ គឺរូបនេះ ព្រោះ​ហេតុ​នោះ អាត្មា​អញ​មាន​កំឡាំងថយ គ្រាំគ្រា បាន​ចូល​ទៅ​រកភិក្ខុ​នីមួយរូប។ លោកបាន​សំដែងធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ ក៏​បាន​កោរសក់​បួស អាត្មា​អញ​នោះ កំពុងសិក្សា (សិក្ខាបី) បាន​ជម្រះ​ទិព្វ​ចក្ខុ ដឹង​នូវ​បុព្វេ​និវាស ដែល​អាត្មា​អញ​បាន​អាស្រ័យនៅ​ហើយ​ក្នុង​កាល​មុន។ អាត្មា​អញមាន​អារម្មណ៍​តែ​មួយ មាន​ចិត្តតម្កល់​មាំ ចំរើន​អនិមិត្ត​វិមោក្ខ ជា​អ្នក​បាន​វិមោក្ខ​ក្នុង​លំដាប់ (នៃមគ្គ​ដ៏​ប្រសើរ) រលត់​កិលេស​ហើយ ព្រោះ​មិនប្រកាន់។ បញ្ចក្ខន្ធ អាត្មា​អញ​បាន​កំណត់​ហើយ មាន​ឫស​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញមិន​មាន​តណ្ហា ដែល​កើត​អំពីវត្ថុ​ដែល​តាំង​នៅ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន។

សោណាថេរី។

ភទ្ទាកុណ្ឌលាថេរីគាថា


ទ. ១៦៥

(៩. ភទ្ទាកុណ្ឌលកេសាថេរីគាថា)

[៣១១] អាត្មា​អញមាន​សក់​ដក​ហើយ (ដោយ​បន្លាត្នោត) ទ្រទ្រង់​ភក់ មាន​សំពត់​សាដក​តែ​មួយ ប្រព្រឹត្ត​ក្នុង​កាល​មុន មាន​សេចក្ដីសំគាល់​ថាទោស ក្នុង​របស់​ដែល​មិន​មាន​ទោស ទាំង​មាន​សេចក្ដីយល់​ឃើញថា មិន​មាន​ទោស​ក្នុង​របស់​ដែល​មាន​ទោស ចេញ​ទៅ​អំពី​ទី​សម្រាក​ក្នុង​វេលាថ្ងៃ បាន​ឃើញ​ព្រះ​ពុទ្ធ ទ្រង់​ប្រាស​ចាក​ធូលី គឺ​រាគាទិក្កិលេស មាន​ភិក្ខុ​សង្ឃហែហម លើ​ភ្នំគិជ្ឈកូដ ក៏លុត​ជង្គង់​ថ្វាយ​បង្គំ ប្រណម្យអញ្ជលី​ក្នុង​ទីចំពោះ​ព្រះ​ភក្រ្ដ។ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ថា ម្នាលនាង នាងចូរ​មក​ចុះ ឧបសម្បទានោះ ក៏សម្រេច​ដល់​ខ្ញុំ។ អាត្មា​អញ​បាន​ដើរ​ទៅ​កាន់​ជនបទឈ្មោះ​អង្គៈ​មគធៈ វជ្ជី កាសី និងកោសល ជា​អ្នក​មិន​មាន​បំណុល បាន​បរិភោគដុំបាយ​របស់​ជន​អ្នក​នៅ​ក្នុង​ដែន (នោះ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បាន​ឲ្យ​ចីវរដល់​នាងភទ្ទា ដែល​រួច​ចាក​គន្ថៈ​ទាំង​ពួង ឧបាសក​នោះ ប្រកប​ដោយ​បញ្ញា បាន​សោយបុណ្យច្រើន។

ភទ្ទាកុណ្ឌលាថេរី។

បដាចារាថេរីគាថា

(១០. បដាចារាថេរីគាថា)

[៣១២] ពួក​មាណព ភ្ជួរស្រែ​ដោយ​នង្គ័ល​ទាំង​ឡាយ ហើយព្រោះ​ពូជ​ទាំង​ឡាយ​លើ​ផែនដី តែងបាន​នូវ​ទ្រព្យចិញ្ចឹមកូន និង​ប្រពន្ធ​ទាំង​ឡាយ។ទ. ១៦៦ អាត្មា​អញបរិបូណ៌​ដោយ​សីល មិន​ខ្ជិល មិន​រវើរវាយ ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា ដូចម្ដេចក៏​មិន​បាន​ព្រះ​និព្វាន។ អាត្មា​អញលាងជើង​ក្នុង​ទឹក ឃើញទឹកសម្រាប់​លាង​ជើង​ហូរ​អំពី​ទីទួល មក​កាន់​ទីទាប ហើយធ្វើ​ (ឲ្យ​ជានិមិត្ត) ក្នុង​ទឹក​ទាំង​ឡាយ លំដាប់​ពីនោះ​មក អាត្មា​អញ​ក៏​បាន​តម្កល់​ចិត្តមាំ ដូចសេះអាជានេយ្យ​ដ៏​ចំរើន។ លំដាប់​នោះ អាត្មា​អញកាន់​ប្រទីប​ចូល​ទៅ​កាន់​លំនៅ រមិលមើលដំណេក ហើយ​អង្គុយ​លើ​គ្រែតូច។ ក្នុង​កាល​នោះ អាត្មា​អញ​កាន់​រនុកទ្វារ ហើយពន្លឹមចុះនូវ​ប្រឆេះ (នៃប្រទីប) ចិត្ត​ក៏​បាន​រួច​ស្រឡះ​ចាក​កិលេស ដូច​ជា​ការ​រលត់​នៃប្រទីប។

បដាចារាថេរី។

តិំសមត្តាថេរីគាថា

(១១. តិំសមត្តាថេរីគាថា)

[៣១៣] ពួក​មាណព កាន់​អង្រែ​ទាំង​ឡាយ​បុកស្រូវ តែងបាន​នូវ​ទ្រព្យ​ទាំង​ឡាយ ចិញ្ចឹមកូន និង​ប្រពន្ធ។ ពួក​នាង ចូរធ្វើ​នូវ​ពុទ្ធសាសនា ដែល​គេ​ធ្វើ​ហើយ មិន​ក្ដៅ​ក្រហាយ​តាមក្រោយ ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សេចក្ដីស្ងប់​ចិត្ត ហើយចូរធ្វើ​នូវ​ពុទ្ធសាសនាចុះ។ទ. ១៦៧

ភិក្ខុ​នី​ទាំង​នោះ បាន​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ របស់​បដាចារាថេរីនោះ​ហើយ ក៏លាងជើង ហើយ​ចូល​ទៅ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សមថធម៌ បាន​ធ្វើ​នូវ (កិច្ច​ក្នុង) ពុទ្ធសាសនា។ ក្នុង​បឋមយាម​នៃ​រាត្រី ពួក​ព្រះ​ថេរី ក៏​បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី ក៏​បាន​ទំលាយ​នូវ​គំនរងងឹត។ ពួក​ព្រះ​ថេរី​ទាំង​នោះ ក្រោកឡើង​ថ្វាយ​បង្គំបាទា (នៃបដាចារាថេរី ហើយ​ពោលថា) ពាក្យ​ប្រៀនប្រដៅ​របស់​នាង យើងបាន​ធ្វើ​តាម​ហើយ ពួក​ទេវតា​នៅ​ក្នុង​ឋាន​ត្រៃត្រឹង្ស (ហែហម) ព្រះ​ឥន្រ្ទ ដែល​បាន​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាង​ណា ពួក​យើងជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ នឹងនៅ​ហែហម (នាង​យ៉ាង​នោះ​)។

ពួក​ភិក្ខុ​នីជាថេរី ចំនួន ៣០ រូបនេះ បាន​ធ្វើ​ឲ្យ​ច្បាស់​លាស់ នូវ​ព្រះ​អរហត្ត ក្នុង​សំណាក់​នៃបដាចារាថេរី។

ចន្ទាថេរីគាថា

(១២. ចន្ទាថេរីគាថា)

[៣១៤] កាលពីដើម អាត្មា​អញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិន​មាន​កូន ព្រាត់​ប្រាស​ចាក​មិត្រ ចាក​ញាតិ​ទាំង​ឡាយ មិន​ដែល​បាន​បាយ និងសំពត់ (បរិភោគប្រើ​ប្រាស់​គ្រប់​គ្រាន់) ទេ។ទ. ១៦៨ អាត្មា​អញកាន់​ភាជន៍ដី និងឈើច្រត់ ដើរសូម​អំពី​ត្រកូលមួយ​ទៅកាន់​ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀត​បៀន ដើរ​ទៅ​អស់ ៧ ឆ្នាំ។ លុះ​កាលជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ឃើញភិក្ខុ​នី (បដាចារាថេរី) ជាស្រី​បាន​បាយ និងទឹក ហើយ​ចូល​ទៅ​និយាយ សូមបួស​ក្នុង​ធម្មវិន័យ។ ឯ​បដាចារា​ភិក្ខុ​នីនោះ បាន​បំបួស​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ ខាងក្រោយ​អំពី​នោះ​មក លោកបាន​ទូន្មាន​អាត្មា​អញ ដឹកនាំ​ក្នុង​ប្រយោជន៍យ៉ាង​សំខាន់។ អាត្មា​អញ​បាន​ស្ដាប់​ពាក្យ​របស់​លោក ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ ឯឱវាទ​របស់​ព្រះ​ថេរីជាម្ចាស់ មិន​ឥតអំពើ​ឡើយ ខ្ញុំ​ជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ។

ចន្ទាថេរី។

ចប់ បញ្ចកនិបាត។

ឆក្កនិបាត


ទ. ១៦៩

(៦. ឆក្កនិបាតោ)

បដាចារាថេរី ៥០០

(១. បញ្ចសតមត្តាថេរីគាថា)

[៣១៥] នាងមិន​ដឹងផ្លូវ​របស់​សត្វណា ដែល​មក ឬទៅ​ទេ ហើយយំរកកូន ដែល (មិន​ដឹងជា) មក​អំពី​ទីណានោះ​ថា ឱកូនអាត្មា​អញអើយ។ ទុក​ជានាងដឹងផ្លូវ​របស់​កូន​នោះ ដែល​មក ឬទៅ ក៏​មិន​គប្បី​សោករកកូននោះ​ឡើយ ព្រោះសត្វមាន​យ៉ាង​នេះ​ជា​ធម្មតា។ (សត្វនោះ​) មិន​មាន​អ្នក​ណា​មួយអង្វរ​ឲ្យ​មក​អំពី​បរលោក​នោះ ទាំង​មិន​មាន​អ្នក​ណា​មួយ អនុញ្ញាតឲ្យ​ទៅ​អំពីលោក​នេះ​ឡើយ ទំនងជាមក​អំពី​ទីណា​មួយ (មាន​នរក​ជាដើម) មកអាស្រ័យនៅ (ក្នុង​ទីនេះ​) អស់​ពីរបីថ្ងៃ។ សត្វសូម្បីទៅ​អំពីភពនេះ មកកាន់​ភពដទៃ ទៅ​អំពីភពនោះ ទៅ​កាន់​ភពដទៃ ចែកឋានទៅ​ហើយ ដោយ​សភាពជា​មនុស្ស នឹងអន្ទោលទៅ បើមក​យ៉ាង​ណា ក៏ទៅ​យ៉ាង​នោះ ការ​ខ្សឹកខ្សួល ព្រោះ​តែសត្វនោះ មាន​ប្រយោជន៍អ្វី។

លោកម្ចាស់​បានដកព្រួញ គឺសេចក្ដីសោក ដែល​ឃើញ​ដោយ​កម្រ អាស្រ័យ​នូវ​ហ្ឫទ័យ​របស់​ខ្ញុំ លោកម្ចាស់​បាន​បន្ទោបង់​សេចក្ដីសោកព្រោះកូន​របស់​ខ្ញុំ ដែល​ត្រូវ​សេចក្ដីសោក​គ្រប​សង្កត់​ហើយ។ទ. ១៧០ ក្នុង​ថ្ងៃ​នេះ ខ្ញុំ​នោះ​មាន​ព្រួញដក​ហើយ មិន​មាន​សម្រេកគំលាន មាន​ទុក្ខរលត់​ហើយ ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជា​អ្នក​ប្រាជ្ញផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​សរណៈ។

បដាចារាថេរី ៥០០។4)

វាសិដ្ឋីថេរីគាថា

(២. វាសេដ្ឋីថេរីគាថា)

[៣១៦] អាត្មា​អញត្រូវសេចក្ដីសោកព្រោះកូនបៀត​បៀន​ហើយ មាន​ចិត្តរាយ​មាយ ប្រាស​ចាក​សញ្ញា មាន​កាយអាក្រាត មាន​សក់​រាត់​រាយ អាត្មា​អញ​ដើរ​ទ្រហោ​យំ។ អាត្មា​អញពោរពេញ​ដោយ​សេចក្ដីស្រេកឃ្លាន បាន​ដើរ​ទៅ​លើ​គំនរ​សំរាម​ក្បែរថ្នល់​ផង ក្នុង​ព្រៃ​ស្មសានផង ក្នុង​ច្រករហកផង អស់​បីឆ្នាំ។ ក្នុង​កាល​ជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ជួបប្រទះ​នឹង​ព្រះ​សុគត ព្រះ​អង្គទូន្មាននូវ​ពួក​សត្វ​ដែល​មាន​ខ្លួន​មិន​ទាន់​បាន​ទូន្មាន ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះ​អង្គ​ឯង មិន​មាន​ភ័យ​អំពី​ទីណា កំពុង​ស្ដេចទៅ​កាន់​ក្រុង​មិថិលា។ អាត្មា​អញ ត្រឡប់​បាន​នូវ​ចិត្ត​ជាប្រក្រតី ហើយក៏ចូល​ទៅ​ជិតថ្វាយ​បង្គំ ឯ​ព្រះ​គោតម​នោះ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដី​អនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អង្គ​ហើយ ក៏​បាន​បួស​ក្នុង​ធម្មវិន័យ ប្រកប​ព្យាយាម​ក្នុង​សាសនា​នៃ​ព្រះ​សាស្ដា បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​បទ​ដ៏ជា​ទី​ក្សេម។ទ. ១៧១ សេចក្ដី​សោក​ទាំង​ឡាយ​ទាំង​ពួង អាត្មា​អញផ្ដាច់​ផ្ដិល​ហើយ បាន​លះ​បង់​ហើយ ឲ្យ​មាន​ទីបំផុត​ត្រឹម​ព្រះ​អរហត្ត​នេះ ព្រោះ​ថា វត្ថុ​ទាំង​ឡាយ ដែល​ជាដែនកើត​នៃ​សេចក្ដីសោក អាត្មា​អញ​កំណត់​ហើយ។

វាសិដ្ឋីថេរី។

ខេមាថេរីគាថា

(៣. ខេមាថេរីគាថា)

[៣១៧] ហៃនាងខេមា នាងនៅ​ក្មេង ជាស្រីមាន​រូប យើងសោតក៏នៅ​ក្មេងកំឡោះ នាង​ចូរ​មក យើង​នឹងត្រេកត្រអាល​ដោយ​តូរ្យតន្រ្តី​ប្រកប​ដោយ​អង្គ ៥។

អាត្មានឿយណាយ ធុញទ្រាន់ ដោយ​កាយ​ស្អុយ ដែល​មាន​ជំងឺជា​និច្ច ពុកផុយ​នេះ កាមតណ្ហា អាត្មា​អញ​បាន​ដកចេញ​ហើយ។ កាម​ទាំង​ឡាយ មាន​ឧបមា​ដោយ​លំពែង និងអណ្ដោត ជា​ទីកាប់​ចិញ្ច្រាំនូវ​ខន្ធ​ទាំង​ឡាយ អ្នក​និយាយ​ចំពោះ​តម្រេក​ក្នុង​កាមណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ មិន​ជា​ទី​ត្រេកអរ​នៃ​អាត្មាទេ។ សេចក្ដី​រីក​រាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត អាត្មា​ក៏​បាន​ទំលាយ​ហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ចូរដឹង​យ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង អាត្មា​បាន​កំចាត់​ចេញ​ហើយ។ ពួក​ជន​ពាល មិន​ដឹងតាមពិត សំពះនក្ខត្តឫក្ស​ទាំង​ឡាយ បូជាភ្លើង​ក្នុង​ព្រៃ ហើយ​សំគាល់​ថា​ជា​ការ​បរិសុទ្ធ។ទ. ១៧២ ចំណែកខាងអាត្មា នមស្ការព្រះ​សម្ពុទ្ធ ជា​បុរស​ខ្ពង់​ខ្ពស់ ជា​អ្នក​ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា បាន​រួច​ស្រឡះ​ហើយ ចាក​ទុក្ខ​ទាំង​ពួង។

ខេមាថេរី។

សុជាតាថេរីគាថា

(៤. សុជាតាថេរីគាថា)

[៣១៨] អាត្មា​អញមាន​ខ្លួន​ស្អិតស្អាង មាន​គ្រឿង​ស្លៀក​ពាក់​ល្អ ទ្រទ្រង់​ផ្កា​កម្រង លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ បិទបាំងជិត​ដោយ​គ្រឿង​អាភរណៈ​គ្រប់​យ៉ាង មាន​ពួក​ទាសី​ហែហម​ហើយ។ អាត្មា​អញ បាន​យកបាយ ទឹក បង្អែម និងចំអាប​ដ៏​ច្រើន ចេញ​ទៅ​អំពីគ្រឹហា នាំចូល​ទៅ​កាន់​ឧទ្យាន។ អាត្មា​អញត្រេកអរ លេង​ក្នុង​ឧទ្យាន​នោះ រួច​ហើយ​ក៏​មកកាន់​ផ្ទះ​របស់​ខ្លួន បាន​ឃើញវិហារ ហើយក៏​ចូល​ទៅ​កាន់​វិហារ ក្នុង​ព្រៃ​អញ្ជ័ន ជិត​ក្រុង​សាកេត។ អាត្មា​អញ​បាន​ឃើញ​ព្រះ​ពុទ្ធ ជាប្រទីប​នៃ​លោក ហើយ​ចូល​ទៅ​ថ្វាយ​បង្គំ ឯ​ព្រះ​អង្គ ជា​បុគ្គល​មាន​ចក្ខុ បាន​សំដែងធម៌ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​មហេសី​ហើយ ក៏​បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ បាន​សម្រេច​នូវ​និព្វាន​បទ ឈ្មោះ​អមតៈ ជា​ធម៌មិន​មាន​ធូលី គឺ​កិលេស ក្នុង​វិហារនោះ​ឯង។ទ. ១៧៣ លំដាប់​ពីនោះ អាត្មា​អញ​បាន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ហើយ​បួស​ក្នុង​ធម្មវិន័យ បាន​សម្រេច​ត្រៃវិជ្ជា ព្រះ​ពុទ្ធ​សាសនា មិន​ឥតអំពើ​ឡើយ។

សុជាតាថេរី។

អនោបមាថេរីគាថា

(៥. អនោបមាថេរីគាថា)

[៣១៩] អាត្មា​អញ កើត​ក្នុង​ត្រកូលខ្ពង់​ខ្ពស់ ដែល​មាន​គ្រឿង​ឧបករណ៍ជា​ទី​រីក​រាយច្រើន មាន​ទ្រព្យច្រើន ជាស្រីបរិបូណ៌​ដោយ​សម្បុរ និងរូប ជាធីតាបង្កើត​នៃសេដ្ឋី​ឈ្មោះ​មេឃិ។ ពួក​ព្រះ​រាជបុត្រក៏ចង់​បាន ពួក​សេដ្ឋីបុត្រក៏ជាប់​ចិត្ត ទើប​ប្រើ​ទូតទៅ (ក្នុង​សំណាក់) បិតា​របស់​អាត្មា​អញ (ថា) សូម​អ្នក​ឲ្យ​នាង​អនោបមាដល់​ខ្ញុំ។ ធីតា​របស់​អ្នក​ឈ្មោះ​អនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់​ថ្លៃ​ចំនួនទ្រព្យប៉ុន្មាន ខ្ញុំ​សូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ។ អាត្មា​អញ​នោះ បាន​ឃើញ​ព្រះ​សម្ពុទ្ធ ជាចម្បង​នៃលោក ព្រះ​អង្គប្រសើរបំផុត ក៏​ចូល​ទៅ​ក្នុង​ទី​សម​គួរ ថ្វាយ​បង្គំ​ព្រះ​បាទា​របស់​ព្រះ​អង្គ។ ព្រះ​គោតមនោះ បាន​សំដែង​ធម៌​ដល់​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ អាត្មា​អញ​អង្គុយ​លើ​អាសនៈ​នោះ ហើយ​បាន​សម្រេច​នូវ​ផលទី ៣។ទ. ១៧៤ លំដាប់​ពីនោះ​មក អាត្មា​អញ​បាន​កោរសក់​ទាំង​ឡាយ ហើយ​បួស​ក្នុង​ធម្មវិន័យ រាត្រីគំរប់ ៧ របស់​អាត្មា​អញ ក្នុង​ថ្ងៃ​នេះ ជារាត្រី​ដែល​តណ្ហារីងស្ងួត។

អនោបមាថេរី។

មហាបជាបតិគោតមីថេរីគាថា

(៦. មហាបជាបតិគោតមីថេរីគាថា)

[៣២០] បពិត្រ​ព្រះ​ពុទ្ធ មាន​ព្យាយាម អ្នក​ខ្ពង់​ខ្ពស់​ជាងសព្វ​សត្វ​ទាំង​ឡាយ ខ្ញុំ​សូម​ថ្វាយ​បង្គំ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រោស​ខ្ញុំ​ព្រះ​អង្គ និងជន​ដទៃច្រើនគ្នា ឲ្យ​រួច​ចាក​ទុក្ខ។ សេចក្ដីទុក្ខ​ទាំង​ពួង ខ្ញុំ​ព្រះ​អង្គបាន​កំណត់​ដឹង​ហើយ តណ្ហាជាដើម​ចម (នៃ​ទុក្ខ) ខ្ញុំ​ព្រះ​អង្គបាន​ធ្វើ​ឲ្យ​រីងស្ងួត​ហើយ មគ្គប្រកប​ដោយ​អង្គ ៨ ខ្ញុំ​ព្រះ​អង្គ​បាន​ចំរើន​ហើយ និរោធធម៌ ខ្ញុំ​ព្រះ​អង្គបាន​សម្រេច​ហើយ។ មាតាបិតា បុត្រ បង​ប្អូន និង​ជីដូនជីតា ដែល​មាន​ក្នុង​កាល​មុន ខ្ញុំ​ព្រះ​អង្គក៏​មិន​ដឹងតាមពិត មិន​បាន (នូវ​ទី​ពឹង​ក្នុង​សមុទ្រ គឺសង្សារ) បាន​អន្ទោលទៅ (យកកំណើត​ផ្សេង ៗ) ព្រះ​មាន​ព្រះ​ភាគ​អង្គនោះ ខ្ញុំ​ព្រះ​អង្គបាន​ឃើញ​ហើយ រាង​កាយ (របស់​ខ្ញុំ​ព្រះ​អង្គ) នេះ ជា​ទីបំផុត​ហើយ ជាតិសង្សារអស់​រលីង​ហើយ ឥឡូវ​នេះ ភព​ថ្មីមិន​មាន។ សូមព្រះ​អង្គទតនូវ​ពួក​សាវ័ក អ្នក​មាន​ព្យាយាមតឹង​តែង មាន​ចិត្ត​ស្លុងទៅ​រកព្រះ​និព្វាន មាន​ព្យាយាមមាំជា​និច្ច ជា​អ្នក​ព្រមព្រៀងគ្នា នេះ​ជា​ការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ។ទ. ១៧៥ ឱហ្ន៎ ព្រះ​នាងមាយា បាន​បង្កើត​ព្រះ​គោតម ដើម្បី​ជា​ប្រយោជន៍ដល់​ពួក​ជនច្រើនគ្នា (ព្រោះ​ថា) ព្រះ​គោតម​បាន​បន្ទោបង់​នូវ​គំនរទុក្ខ នៃ​ពួក​ជន​ដែល​ត្រូ​វព្យាធិ និង​មរណៈ​ចាក់​ដោត។

មហាបជាបតិគោតមីថេរី។

គុត្តាថេរីគាថា

(៧. គុត្តាថេរីគាថា)

[៣២១] ម្នាលនាងគុត្តា ការ​ដែល​នាងលះ​បង់​កូន និងគំនរទ្រព្យ ហើយ​បួស ដើម្បី​ប្រយោជន៍​ណា នាងចូរចំរើន​ឲ្យ​រឿយ ៗ នូវ​ប្រយោជន៍នោះ​ឯង នាង​កុំ​លុះ​អំណាច​នៃ​ចិត្តឡើយ។ ពួក​សត្វ ត្រូវចិត្តបញ្ឆោត​ហើយ ត្រេកអរ​ក្នុង​វិស័យ​នៃ​មារ មិន​ដឹង​ថា អាត្មា​អញ​ត្រាច់​រង្គាត់​ទៅ​កាន់​សង្សារអស់​ជាតិ​មិន​តែ​មួយ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជា​គំរប់ ៥។ ម្នាលភិក្ខុ​នី លុះនាងលះនូវ​សំយោជនៈ ជាចំណែកខាងក្រោយម​ទាំង​នោះ​ហើយ ទើបលែងវិលមកកាន់​កាមភពនេះ​ទៀត។ នាងបើខំសង្កត់​សង្កិន​កាត់​ផ្ដាច់​នូវ​សំយោជនៈ​ទាំង​ឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈ​ហើយ នឹង​ធ្វើ​នូវ​ព្រះ​និព្វាន​ជា​ទីបំផុត​នៃ​ទុក្ខបាន។ នាងបើ​ញ៉ាំង​ជាតិសង្សារឲ្យ​អស់ ហើយ​កំណត់​ដឹង​នូវ​ភព​ថ្មី នឹង​ទៅ​ជា​អ្នក​មិន​មាន​តណ្ហា ប្រព្រឹត្តស្ងប់​រម្ងាប់ ក្នុង​បច្ចុប្បន្ន ពិតប្រាកដបាន។

គុត្តាថេរី។

វិជហាថេរីគាថា


ទ. ១៧៦

(៨. វិជយាថេរីគាថា)

[៣២២] អាត្មា​អញមិនលុះអំណាច​ក្នុង​ភាវនាចិត្ត មិន​បាន​សេចក្ដីស្ងប់​ចិត្ត បាន​ចេញ​អំពីលំនៅ ៤ លើ​ក ៥ លើ​ក។ អាត្មា​អញ​បាន​ចូល​ទៅ​រកភិក្ខុ​នី (ព្រះ​ថេរី​ឈ្មោះ​ខេមា) ហើយសាកសួរ​ដោយ​គោរព លោកបាន​សំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់​អាត្មា​អញ ដើម្បី​ដល់​នូវ​ប្រយោជន៍​ដ៏​ឧត្តម។ លុះ​អាត្មា​អញ បាន​ស្ដាប់​ពាក្យ​របស់​ភិក្ខុ​នី​នោះ​ហើយ ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ​របស់​លោក ក្នុង​បុរិមយាម​នៃ​រាត្រី បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី បាន​ទំលាយនូវ​គំនរងងឹត វេលានោះ អាត្មា​អញ​បាន​ជ្រួត​ជ្រាបកាយ​ដោយ​បីតិ និងសុខៈ ទំលាយនូវ​គំនរងងឹត ហើយលាង​ជើង​ទាំង​គូ ក្នុង​រាត្រីទី ៧។

វិជហាថេរី។

ចប់ ឆក្កនិបាត។

សត្តកនិបាត


ទ. ១៧៧

(៧. សត្តកនិបាតោ)

ឧត្តរាថេរីគាថា

(១. ឧត្តរាថេរីគាថា)

[៣២៣] ពួក​មាណព កាន់​អង្រែ​ទាំង​ឡាយ​បុកស្រូវ ពួក​មាណព រមែង​បាន​នូវ​ទ្រព្យ ចិញ្ចឹមកូន និង​ប្រពន្ធ​ទាំង​ឡាយ។ នាង​ទាំង​ឡាយ ចូរព្យាយាមធ្វើ​អំពើ​ដែល​ធ្វើ​ហើយ មិន​ក្ដៅក្រហាយតាមក្រោយ ក្នុង​ព្រះ​ពុទ្ធសាសនា ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ នាង​ទាំង​ឡាយ ចូរតាំង​ចិត្ត តម្កល់​ឲ្យ​មាំ ឲ្យ​មាន​អារម្មណ៍​តែ​មួយ ហើយពិចារណា​នូវ​សង្ខារ​ទាំង​ឡាយ ថា​ជា​របស់​ដទៃ ទាំង​មិន​មែន​ជា​របស់​ខ្លួន។

អាត្មា​បាន​ស្ដាប់​ពាក្យ​របស់​ព្រះ​ថេរី​នោះ គឺ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ថេរី​ឈ្មោះ​បដាចារា ហើយបាន​លាង​ជើង រួច​ចូល​ទៅ​អង្គុយ​ក្នុង​ទី​សម​គួរ។ ក្នុង​បុរិមយាម​នៃ​រាត្រី អាត្មា​បាន​រឭក​ឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី អាត្មា​បាន​ជម្រះ​នូវ​ទិព្វចក្ខុ។ ក្នុង​បច្ឆិម​យាម​នៃ​រាត្រី អាត្មា​បាន​ទំលាយនូវ​គំនរងងឹត ជាស្រីបាន​នូវ​ត្រៃវិជ្ជា បាន​ក្រោកចេញ (អំពីអាសនៈ) ក្នុង​កាលជា​ខាងក្រោយ ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម្ចាស់ ខ្ញុំ​បាន​ប្រព្រឹត្ត​ហើយ។ ពួក​ទេវតា​ក្នុង​ឋានត្រៃត្រឹង្ស (ហែ​ហម) នូវ​សក្កទេវរាជ ដែល​ឈ្នះ​ក្នុង​សង្រ្គាមយ៉ាង​ណា ខ្ញុំ​បាន​នូវ​ត្រៃវិជ្ជា មិន​មាន​អាសវៈ ក៏ហែហម (លោកម្ចាស់) យ៉ាង​នោះ​ដែរ។

ឧត្តរាថេរី។

ចាលាថេរីគាថា


ទ. ១៧៨

(២. ចាលាថេរីគាថា)

[៣២៤] អាត្មា​ជា​ភិក្ខុ​នី បាន​ចំរើន​នូវ​ឥន្រ្ទិយ ផ្ចង់​ស្មារតី បាន​ចាក់​ធ្លុះ​នូវ​ព្រះ​និព្វាន ជា​ទីស្ងប់​រម្ងាប់​នូវ​សង្ខារ ជា​សុខ​ក្រៃលែង។

នាងជាស្ត្រីកំណោរ ប្រាកដ​ដូច​ជា​សមណី តើឧទ្ទិសចំពោះ​លទ្ធិណា នាង​មិន​គាប់​ចិត្ត​នឹង​លទ្ធិ​ទាំង​ឡាយ ហេតុអ្វីក៏​នាងជា​ស្ត្រីវង្វេង​ប្រព្រឹត្ត​បែបនេះ។

លទ្ធិ​ទាំង​ឡាយ ខាង​ក្រៅ​អំពីសាសនា​នេះ អាស្រ័យ​នូវ​ទិដ្ឋិ​ទាំង​ឡាយ ពួក​ជន (ប្រកាន់​លទ្ធិ) នោះ មិន​ដឹង​ច្បាស់​នូវ​ធម៌ ពួក​ជន​នោះ មិន​វាងវៃ​ក្នុង​ធម៌។ មាន (ព្រះ​រាជបុត្រ​មួយអង្គ) កើត​ក្នុង​សក្យ​ត្រកូល បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ មិន​មាន​បុគ្គល​ផ្ទឹម​បាន ព្រះ​អង្គបាន​សំដែងប្រាប់​អាត្មានូវ​អរិយសច្ចធម៌ ជា​ធម៌​ប្រព្រឹត្តកន្លង​នូវ​ទិដ្ឋិ គឺទុក្ខ ១ ហេតុ​នាំឲ្យ​កើតទុក្ខ ១ ទី​ដែល​ប្រព្រឹត្តកន្លង​នូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ​ជាដំណើរទៅ​កាន់​ទីរំលត់​ទុក្ខ ១។ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ហើយ គំនរ​ងងឹត អាត្មា​បាន​ទំលាយ​ហើយ ម្នាលមារកំបាប អ្នក​ចូរ​ដឹងយ៉ាង​នេះ​ចុះ ម្នាលមារ​លាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

ចាលាថេរី។

ឧបចាលាថេរីគាថា


ទ. ១៧៩

(៣. ឧបចាលាថេរីគាថា)

[៣២៥] អាត្មា​ជា​ភិក្ខុ​នី មាន​ស្មារតី មាន​ចក្ខុ គឺបញ្ញា មាន​ឥន្រ្ទិយចំរើន​ហើយ បាន​ចាក់​ធ្លុះ​នូវ​ព្រះ​និព្វាន​ជា​ទីស្ងប់ ដែល​បុរសថោកទាបមិន​ដែល​បាន​សេព​ហើយ។

នាងមិនគាប់​ចិត្ត​នឹងជាតិទេឬ សត្វ​ដែល​កើត​ហើយ តែងបរិភោគ​កាម​ទាំង​ឡាយ នាងចូរបរិភោគនូវ​តម្រេក​ក្នុង​កាម​ទាំង​ឡាយ កុំឲ្យ​មាន​សេចក្ដីស្ដាយ​ក្រោយ។

សេចក្ដី​ស្លាប់ និង​ការ​កាត់​នូវ​ដៃជើង រមែង​មាន​ដល់​សត្វ​ដែល​កើត​ហើយ សត្វ​ដែល​កើត​ហើយ រមែង​ដល់​នូវ​សេចក្ដីទុក្ខ មាន​ការ​សម្លាប់ និង​ការ​ចង​ជាកំណត់។ មាន (ព្រះ​រាជបុត្រ​មួយព្រះ​អង្គ) កើត​ក្នុង​សក្យត្រកូល បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ព្រះ​អង្គ​ផ្ចាញ់​នូវ​មារ មាន​កិលេសមារ​ជាដើម ព្រះ​អង្គ​បាន​សំដែង​ប្រាប់​អាត្មានូវ​អរិយ​សច្ចធម៌ ជា​ធម៌​កន្លង​នូវ​ជាតិ គឺទុក្ខ ១ ហេតុនាំឲ្យ​កើតទុក្ខ​មួយ ១ ទី​ដែល​ប្រព្រឹត្តកន្លង​នូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ ១។ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធដីការ​បស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ទ. ១៨០ សេចក្ដីរីករាយ ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មា​បាន​ទំលាយចេញ​ហើយ ម្នាល​មារកំបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

ឧបចាលាថេរី។

ចប់ សត្តកនិបាត។

អដ្ឋកនិបាត


ទ. ១៨១

(៨. អដ្ឋកនិបាតោ)

សីសូបចាលាថេរីគាថា

(១. សីសូបចាលាថេរីគាថា)

[៣២៦] ភិក្ខុ​នី បរិបូណ៌​ដោយ​សីល សង្រួម​ដោយ​ប្រពៃ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ គប្បី​បាន​នូវ​ព្រះ​និព្វាន​ជា​ទីស្ងប់ មាន​ឱជៈ​មិនច្របូកច្របល់​ដោយ​វត្ថុអ្វីមួយ។

ពួក​ទេវតាណា នៅ​ក្នុង​ឋានតាវត្តិង្សក្ដី នៅ​ក្នុង​ឋានយាមៈ​ក្ដី នៅ​ក្នុង​ឋាន​តុសិតក្ដី ពួក​ទេវតានៅ​ក្នុង​ឋាននិម្មានរតីក្ដី ពួក​ទេវតានៅ​ក្នុង​ឋាន​បរនិម្មិតវសវត្តី​ក្ដី នាង​ចូរតាំង​ចិត្តទៅ​រកពួក​ទេវតា​ទាំង​នោះ ដែល​នាងធ្លាប់​នៅ​ហើយ ក្នុង​កាល​មុន។

ពួក​ទេវតាណា នៅ​ក្នុង​ឋានតាវត្តិង្សក្ដី នៅ​ក្នុង​ឋានយាមៈ​ក្ដី នៅ​ក្នុង​ឋាន​តុសិតក្ដី ពួក​ទេវតានៅ​ក្នុង​ឋាននិម្មានរតីក្ដី ពួក​ទេវតានៅ​ក្នុង​ឋានបរនិម្មិតវសវត្តីក្ដី (ទេវតា​ទាំង​នោះ ចេញ​) អំពីភពទៅ​កាន់​ភព សព្វ ៗ កាល តម្កល់​នៅ​ក្នុង​សក្កាយ គឺ​ខន្ធ​បញ្ចកៈ មិន​ប្រព្រឹត្តកន្លង​នូវ​សក្កាយ ជា​អ្នក​អន្ទោលទៅ​កាន់​ជាតិ និង​មរណៈ។ លោក​ទាំង​មូល​ឆេះ លោក​ទាំង​មូលច្រានរន្ទាល លោក​ទាំង​មូលសន្ធោសន្ធៅ លោក​ទាំង​មូលញាប់​ញ័រ (ដោយ​ភ្លើង ១១ មាន​រាគៈ​ជាដើម) ព្រះ​ពុទ្ធបាន​សំដែង​ធម៌ប្រាប់​អាត្មា ជា​ធម៌​ដែល​មិន​កម្រើក មិន​មានអ្វី​ផ្ទឹម​បាន ដែល​បុថុជ្ជនសេពមិន​បាន ហើយចិត្ត​របស់​អាត្មាត្រេអរចំពោះ​ក្នុង​ធម៌​នោះ។ទ. ១៨២ អាត្មា​បាន​ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​របស់​ព្រះ​អង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មា​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មា​បាន​ធ្វើ​ហើយ។ សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំង​ពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មា​បាន​ទំលាយ​ចេញ​ហើយ ម្នាលមារ​កំបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើងកំចាត់​ចេញ​ហើយ។

សីសូបចាលាថេរី។

ចប់ អដ្ឋកនិបាត។

នវកនិបាត


ទ. ១៨៣

(៩. នវកនិបាតោ)

វឌ្ឍមាតាថេរីគាថា

(១. វឌ្ឍមាតុថេរីគាថា)

[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺ​កិលេស កុំមាន​ដល់​លោក ក្នុង​កាល​ណា ៗ ឡើយ ហៃ​កូន លោក​កុំមាន​ចំណែក​នៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះ​ថា អ្នក​ប្រាជ្ញ​ទាំង​ឡាយ លោកមិន​មាន​តណ្ហា កាត់​សេចក្ដីសង្ស័យ ជា​អ្នក​ត្រជាក់​ត្រជំ ដល់​នូវ​សេចក្ដីរាបសា មិន​មាន​អាសវៈ តែងនៅ​ជា​សុខ។ ហៃវឌ្ឍៈ ចូរ​លោក​ចំរើន​ឲ្យ​រឿយ ៗ ដើម្បី​ដល់​នូវ​ការ​ឃើញមគ្គ ដែល​ពួក​ឥសីនោះ ធ្លាប់​សន្សំមក​ហើយ ដើម្បី​ធ្វើ​នូវ​ព្រះ​និព្វាន​ជា​ទីបំផុតទុក្ខ។

បពិត្រមាតា លោកក្លៀវក្លា ប្រាប់​សេចក្ដីនេះ​ដល់​ខ្ញុំ បពិត្រ​មាតា ខ្ញុំ​សំគាល់​ថា ព្រៃ គឺ​កិលេស​របស់​លោក មិន​មាន​ដោយ​ពិត។

ហៃវឌ្ឍៈ សង្ខារ​ទាំង​ឡាយ ឯណានី​មួយ​ដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺ​កិលេស សូម្បីតូចឆ្មារក្ដី សូម្បី​បន្តិចបន្តួចក្ដី នៃ​ខ្ញុំ​មិន​មាន​ឡើយ។ ខ្ញុំ​ជា​អ្នក​មិន​ប្រមាទ បាន​ចំរើន​ឈាន មាន​អាសវៈ​ទាំង​ពួង​អស់​ហើយ ត្រៃវិជ្ជា ខ្ញុំ​បាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ទ. ១៨៤

មាតា​របស់​ខ្ញុំ បាន​ចាក់​ជន្លួញ​ដ៏​លើសលុប គឺគាថាប្រកប​ដោយ​ប្រយោជន៍​យ៉ាង​សំខាន់ ៗ ដោយ​ពិត ដូច​ជាពួក​ជន​អ្នក​អនុគ្រោះ។ ខ្ញុំ​បាន​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​លោក ដែល​ជាមាតាបង្កើត ហើយក៏ដល់​នូវ​ធម្មសង្វេគ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន​ជា​ទីក្សេម​ចាក​យោគៈ។ ខ្ញុំ​នោះ មាន​ចិត្តស្លុងទៅ​រកព្រះ​និព្វាន ដោយ​សម្មប្បធាន មិន​ខ្ជិលច្រអូស​ទាំង​យប់​ទាំង​ថ្ងៃ ជា​អ្នក​ដែល​មាតាដាស់​តឿន​ហើយ ក៏ស្ងប់​រម្ងាប់ បាន​សម្រេច​នូវ​ព្រះ​និព្វាន​ដ៏​ខ្ពង់​ខ្ពស់។

វឌ្ឍមាតាថេរី។

ចប់ នវកនិបាត។

ឯកាទសកនិបាត

(១០. ឯកាទសនិបាតោ)

កីសាគោតមីថេរីគាថា

(១. កិសាគោតមីថេរីគាថា)

[៣២៨] ភាព​នៃ​កល្យាណមិត្តចំពោះ​សត្វលោក ព្រះ​មុនីទ្រង់​សរសើរ​ហើយ បុគ្គល​កាលគប់​រក​នូវ​ពួក​កល្យាណមិត្ត សូម្បីខ្លួន​ជា​បុគ្គល​ពាល ក៏គង់​បាន​ទៅ​ជា​បណ្ឌិត។ បុគ្គល​គួរ​គប់​រក​នូវ​ពួក​សប្បុរស ប្រាជ្ញា​នៃ​ពួក​បុគ្គល​ដែល​រាប់​រក (នូវ​សប្បុរស) រមែង​ចំរើន​ដោយ​ពិត បុគ្គល​ឯណានីមួយ មាន​ក្សត្រជាដើម កាល​គប់​រក​នូវ​ពួក​សប្បុរស គប្បី​រួច​ចាក​ទុក្ខ​ទាំង​អស់​ផង គប្បី​ដឹង​នូវ​អរិយ​សច្ច​ទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកប​ដោយ​អង្គ ៨ ប្រការ ១។ ព្រះ​មាន​ព្រះ​ភាគ ជាសារថីទូន្មាននូវ​បុរស ទ្រង់​ត្រាស់​ថា ឥត្ថីភាព នាំ​មក​នូវ​សេចក្ដីទុក្ខ។ មែន​ពិត ការ​នៅ​រួមជាមួយ​នឹងស្វាមី នាំ​មក​នូវ​ទុក្ខ ស្រីពួក​ខ្លះ សម្រាលបុត្រ​តែម្ដង ដាច់​បំពង់​ស្បូន (ស្លាប់) ក៏​មាន (ស្រីពួក​ខ្លះ) ជាសុខុមាលជាតិ មាន​គភ៌រវាងពាក់​កណ្ដាល ប្រាថ្នា​សម្លាប់​កូន​ក្នុង​គភ៌ ស៊ីថ្នាំពិស ដល់​នូវ​សេចក្ដីវិនាស ទាំង​ពីរ​នាក់ (កូន និងម្ដាយ) ក៏​មាន។

ខ្ញុំ​កាលទៅ​រកទី​សម្រាល (កូន) បាន​ឃើញប្ដី​ស្លាប់ ខ្ញុំ​ទៅ​មិន​ទាន់​ដល់​ផ្ទះ​របស់​ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ។ទ. ១៨៦ កូន​ទាំង​ពីរ ក៏​ធ្វើ​មរណកាល ប្ដីរបស់​ខ្ញុំ​ក៏ស្លាប់​ក្នុង​ផ្លូវ ខ្ញុំ​ជា​ស្រី​កំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏​ត្រូវគេ​ដុត​ក្នុង​ជើងថ្ករ​ជាមួយគ្នា។ នាង​រងទុក្ខ​ប្រមាណមិន​បាន ក្នុង​ត្រកូល​ដែល​អស់​ភោគ​សម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែក​របស់​នាងប្រព្រឹត្ត​ទៅ​អស់​ពាន់​ជាតិជា​ច្រើន។ ខ្ញុំ​ឃើញនាង (កើតជា) ចចកញី ស៊ីសាច់​មនុស្ស​ក្នុង​កណ្ដាលព្រៃ​ស្មសាន មួយ​ទៀត សាច់​កូន ក៏នាងបាន​ស៊ី​ហើយ (ក្នុង​អត្តភាពនេះ​) ខ្ញុំ​មាន​វង្សត្រកូល​សាប​សូន្យ ត្រូវ​អ្នក​ផងតិះ​ដៀល មាន​ប្ដីក៏ស្លាប់ តែបាន​ត្រាស់​ដឹង​នូវ​អមតៈ។ អរិយមគ្គ​ប្រកប​ដោយ​អង្គ​៨ ជាដំណើរទៅ​កាន់​ព្រះ​និព្វាន ឈ្មោះ​អមតៈ​នេះ ខ្ញុំ​បាន​ចំរើន​ហើយ ទាំង​ព្រះ​និព្វាន ខ្ញុំ​ក៏​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយដែរ ខ្ញុំ​បាន​ឃើញ​ហើយ​នូវ​កញ្ចក់ គឺធម៌។ ខ្ញុំ​មាន​សរ គឺរាគាទិ​ក្កិលេសកាត់​ហើយ មាន​ភារៈ​ដាក់​ចុះ​ហើយ កិច្ច​ដែល​គួរ​ធ្វើ​ ខ្ញុំ​បាន​ធ្វើ​រួច​ស្រេច​ហើយ នាងកីសាគោតមី​ថេរី មាន​ចិត្តផុតស្រឡះ​ហើយ (ចាក​កិលេស) បាន​ពោល​នូវ​សេចក្ដី​នេះ។

កីសាគោតមីថេរី។

ចប់ ឯកាទសកនិបាត។

ទ្វាទសកនិបាត


ទ. ១៨៧

(១១. ទ្វាទសកនិបាតោ)

ឧប្បលវណ្ណាថេរីគាថា

(១. ឧប្បលវណ្ណាថេរីគាថា)

[៣២៩] យើងទាំង​ពីរ​នាក់ គឺមាតា និងធីតា មាន​ប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដី​តក់​ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមាន​ដល់​ខ្ញុំ​នោះ។ ថ្វឺយ កាម​ទាំង​ឡាយ ជា​របស់​មិនស្អាត មាន​ក្លិនអាក្រក់ ដូច​ជាបន្លាច្រើនយ៉ាង ដែល​នាំយើង​ទាំង​ពីរ​នាក់ គឺមាតា និងធីតា ឲ្យ​ជាភរិយាជាមួយគ្នា។ លុះ​ខ្ញុំ​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​ហើយ ឃើញនេក្ខម្មៈ ថា​ជា​របស់​ក្សេម ទើបចេញ​ចាក​ផ្ទះ​ក្នុង​ក្រុង​រាជគ្រឹះ ចូល​កាន់​ផ្នួស។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ឯទិព្វចក្ខុ និង​ចេតោបរិយញ្ញាណ ខ្ញុំ​ជម្រះ​ហើយ ទិព្វសោត​ធាតុ ខ្ញុំ​ជម្រះ​ហើយដែរ។ ទាំង​ឫទ្ធិ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ការ​អស់​ទៅ​នៃ​អាសវៈ ខ្ញុំ​បាន​ដល់​ហើយ អភិញ្ញា ៦ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។ ខ្ញុំ​និមិ្មតនូវ​រថ​ទឹមសេះ ៤ ដោយ​ឫទ្ធិ ហើយថ្វាយ​បង្គំ​ព្រះ​បាទ​ទាំង​គូ​នៃ​ព្រះ​ពុទ្ធ​ដ៏​មាន​សិរី ជា​ទីពឹង​នៃសត្វលោក។

នាងជាស្រីម្នាក់​ឯង ចូលមកកាន់​ដើមរាំងភ្នំ ដែល​នៅ​ចុង​មាន​ផ្ការីកស្គុះស្គាយ ហើយ​ឈរនៅ​ទៀប​គល់​ឈើ បុគ្គល​ណា​មួយជា​គំរប់​ពីរ​របស់​នាងក៏​មិន​មាន នែស្រ្តីពាល នាងមិនខ្លាចពួក​អ្នក​លេងទេឬ។ទ. ១៨៨ បើ​ទុក​ជា​អ្នក​លេង​ទាំង​ឡាយ​មួយ​រយ ឬមួយពាន់ ជា​បុគ្គល​មាន​សភាពយ៉ាង​នេះ មកជួបជុំគ្នា ក៏រោម (របស់​យើង) មិន​ព្រឺព្រួច មិន​ញាប់​ញ័រ នែមារ អ្នក​ម្នាក់​ឯង នឹង​ធ្វើ​នូវ​អ្វីដល់​យើងកើត។

យើងនេះ​នឹងបាត់​ទៅ ឬ​នឹងចូល​ទៅ​កាន់​ផ្ទៃ​របស់​អ្នក​ក៏​បាន ឬបើ​ទុក​ជាឈរ​នៅ​ក្បែរចន្លោះចិញ្ចើម​របស់​អ្នក ក៏​អ្នក​មើលមិន​ឃើញយើងឈរដែរ។ យើងជាស្រ្តី​ស្ទាត់​ក្នុង​អធិចិត្ត ឥទ្ធិបាទ​ទាំង​ឡាយ យើងបាន​ចំរើន​ហើយ​ដោយ​ប្រពៃ អភិញ្ញា ៦ យើងបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ពុទ្ធសាសនា យើងបាន​ធ្វើ​ហើយ។ កាម​ទាំង​ឡាយ ប្រៀប​ដោយ​លំពែង និងឈើស្រួច សម្រាប់​ចិញ្ច្រាំ​នូវ​ខន្ធ​ទាំង​ឡាយ អ្នក​ពោល​នូវ​តម្រេក​ក្នុង​កាម​ណា ឥឡូវ​នេះ តម្រេក​ក្នុង​កាមនោះ មិន​មែន​ជាតម្រេក​របស់​យើង​ឡើយ។ សេចក្ដីរីករាយ​ក្នុង​កាម​ទាំង​អស់ យើងបាន​កំចាត់​ចេញ​ហើយ គំនរ​នៃ​ងងឹត

(អវិជ្ជា) យើងបាន​ទំលាយ​ចោល​ហើយ នែមារ​មាន​ចិត្តបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ នែ​មារថោកទាប អ្នក យើងកំចាត់​ចេញ​ហើយ។

ឧប្បលវណ្ណាថេរី។

ចប់ ទ្វាទសកនិបាត។

សោឡសកនិបាត


ទ. ១៨៩

(១២. សោឡសនិបាតោ)

បុណ្ណិកាថេរីគាថា

(១. បុណ្ណាថេរីគាថា)

[៣៣០] ខ្ញុំ​ជាស្រ្តី​អ្នក​ដងទឹក មាន​ការ​ខ្លាចទណ្ឌភ័យ​នៃជន​ជាម្ចាស់​ទាំង​ឡាយ ត្រូវភ័យ​អំពីវាចា និងទោស​បៀត​បៀន ហើយចុះទឹករាល់​ពេល​ក្នុង​កាល​ត្រជាក់​រងារ។ ម្នាលព្រាហ្មណ៍ អ្នក​ខា្លច​អ្នក​ណា ទើបចុះទឹករាល់​ពេល មាន​ខ្លួន​ញាប់​ញ័រ ទទួលរងរងារ​ដ៏​ក្រៃលែង។

ម្នាលនាងបុណ្ណិកា​ដ៏​ចំរើន នាងដឹង (ថា​ខ្ញុំ) កំពុង​ធ្វើ​កុសលកម្ម ជា​គ្រឿង​បិទនូវ​បាបកម្មដែរ ម្ដេចក៏សួរ​ដេញដោល។ បុគ្គល​ណា ទោះចាស់​ក្ដី ក្មេងក្ដី ធ្វើ​បាបកម្ម បុគ្គល​នោះ រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក។

អ្នក​ល្ងង់​ណាហ្ន៎ បាន​និយាយ​ពាក្យ​នេះ ទៅ​រក​អ្នក​ដែល​ល្ងង់​ដែរ (ថាបុគ្គល) រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក (បើ​ដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វ​ដទៃ​ណា​មួយ ដែល​ត្រាច់​ទៅ​ក្នុង​ទឹក​ទាំង​អស់ នឹង​ទៅ​កាន់​ឋានសួគ៌​ដោយ​ពិត។ ពួក​ជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នក​ចាប់​ម្រឹគ ពួក​ចោរ ពួក​ពេជ្ឈ​ឃាត ឬពួក​ជនឯ​ទៀត ដែល​មាន​កម្ម​ដ៏លាមក ពួក​ជន​ទាំង​នោះ ក៏​រួច​ចាកបាបកម្ម ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក។ ប្រសិនបើ​ស្ទឹង​ទាំង​នោះ អាចបន្សាត់​ចោល​នូវ​បាប ដែល​អ្នក​ធ្វើ​ក្នុង​កាល​មុនបានទ. ១៩០ ស្ទឹង​ទាំង​នោះ ក៏អាចបន្សាត់​ចោល​នូវ​បុណ្យ​របស់​អ្នក​បាន​ដែរ ព្រោះ​ហេតុ​នោះ ខ្លួន​អ្នក​នឹង​ទៅ​ជា​បុគ្គល​ក្រៅស្រឡះ។ ម្នាលព្រាហ្មណ៍ អ្នក​ខ្លាចចំពោះ​បាបកម្មណា ហើយ​ចុះត្រាំទឹក​គ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នក​កុំធ្វើ​នូវ​បាបនោះ​វិញ កុំ (ចុះត្រាំទឹក) ឲ្យ​រងារ បៀត​បៀន​នូវ​សម្បុរសរីរៈ​របស់​អ្នក​ឡើយ។

នាងដឹកនាំ​ខ្ញុំ ដែល​ដើរផ្លូវខុស ឲ្យ​ដើរ​ទៅ​តាមផ្លូវ​ដ៏​ប្រសើរ ម្នាលនាង​ដ៏​ចំរើន ខ្ញុំ​សូមជូនសាដកសម្រាប់​ស្រោចស្រប់​ទឹកនេះ ដល់​នាង។

សំពត់​សាដក ចូរ​នៅ​ជា​របស់​អ្នក​ដ​ដែល​ចុះ ខ្ញុំ​មិន​ត្រូវការ​សំពត់​សាដក (របស់​អ្នក) ទេ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើ​សេចក្ដីទុក្ខ​មិន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទេ អ្នក​កុំធ្វើ​បាបកម្ម ទោះបី​ក្នុង​ទីវាលក្ដី ក្នុង​ទី​កំបាំងក្ដី។ បើ​អ្នក​នឹង​ធ្វើ​ ឬកំពុងធ្វើ​នូវ​បាបកម្ម សូម្បី​អ្នក​ហោះ​រត់​ទៅ ក៏​មិនរួច​ចាក​ទុក្ខ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើសេចក្ដី​ទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធ​ជាតាទិបុគ្គល​ផង នូវ​ព្រះ​ធម៌ផង នូវ​ព្រះ​សង្ឃ​ផង ជា​ទី​ពឹងចុះ ចូរសមាទាសីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹងញ៉ាំង​អ្នក​ឲ្យ​រួច​ចាក (ទុក្ខ)។

ពីដើម ខ្ញុំ​ជាព្រាហ្មណ៍​តែពូជ ថ្ងៃ​នេះ​ខ្ញុំ​ជាព្រាហ្មណ៍ពិត មាន​ត្រៃវិជ្ជា បរិបូណ៌​ដោយ​វេទ ជា​អ្នក​មាន​សួស្ដី ជា​អ្នក​លាងបាប។

បុណ្ណិកាថេរី។

ចប់ សោឡសកនិបាត។

វីសតិនិបាត


ទ. ១៩១

(១៣. វីសតិនិបាតោ)

អម្ពបាលីថេរីគាថា

(១. អម្ពបាលីថេរីគាថា)

[៣៣១] កាលពីដើម សក់​របស់​ខ្ញុំ​មាន​ចុង​ង មាន​ពណ៌ខ្មៅ ប្រាកដស្មើ​ដោយ​ពណ៌​នៃស្លាបកន្លង់ ឥឡូវ​នេះ សក់​ទាំង​ឡាយ​នោះ ប្រាកដស្មើ​ដោយ​សម្បកធ្មៃ និង​សម្បកក្រចៅ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) សំណុំសក់​របស់​ខ្ញុំ ពេញ​ដោយ​ផ្កា ហាក់​ដូច​ជាប្រអប់​ដាក់​គ្រឿង​ក្រអូប ដែល​គេ​អប់ (ឥឡូវ​នេះ​) សំណុំសក់​នោះ មាន​ក្លិន ដូច​ជាក្លិន​នៃរោម​ទន្សាយ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) សក់​របស់​ខ្ញុំ​វិចិត្រ​ដោយ​ក្រាស និងស្នៀតសក់ ល្អលើ​ស​លុប ដូច​ជាព្រៃឫស្សី​ដុះស្នាប់​ល្អ (ឥឡូវ​នេះ​) សក់​នោះ ល្បោះរង្វើល ក្នុង​សីសប្រទេស​នោះ ៗ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវពាក្យ​ពិត មិន​ប្រែ​ប្រួល។ (កាលពីដើម​សក់​របស់​ខ្ញុំ) ល្អិត មាន​ក្លិនក្រអូប ស្អិតស្អាង​ដោយ​ក្រាសមាស ប្រដាប់​ដោយ​ផ្នួង​ទាំង​ឡាយ​ដ៏ល្អត្រកាល (ឥឡូវ​នេះ​) សក់​នោះ​ថ្ពែក ព្រោះ​តែជរាទ. ១៩២ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ​ប្រួល។ (កាលពី​ដើម) ចិញ្ចើម​ទាំង​ឡាយ​របស់​ខ្ញុំ​ស្អាតល្អ ដូច​ជាគំនូស​ដែល​ជាង​រចនាល្អ (ឥឡូវ​នេះ​) ចិញ្ចើម​ទាំង​នោះ យុរយារ ដោយ​អាការ​ជ្រួញជ្រីវ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) ភ្នែក​ទាំង​ឡាយ មាន​សម្បុរថ្លា ខៀវស្រងាត់ រុង​រឿងល្អក្រឡង់ ដូច​ជាកែវមណី (ឥឡូវ​នេះ​) ភ្នែក​ទាំង​នោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ ច្រមុះ (របស់​ខ្ញុំ) ប្រាកដស្មើ​ដោយ​ដំបារមាស ដែល​គេ​មូរ​ដ៏ល្អ ល្អ​ក្នុង​កាល​នៃខ្លួន​នៅ​ក្រមុំ (ឥឡូវ​នេះ​) ច្រមុះនោះ ហាក់​ដូច​ជាទ្រុឌទ្រោម ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពី​ដើម ស្លឹក​ត្រចៀក​ទាំង​ឡាយ​របស់​ខ្ញុំ​ល្អ ហាក់​ដូច​ជាដំបារ​មាស ដែល​ជាងធ្វើ​ល្អ​ហើយ ដែល​សម្រេច​ហើយ​ដោយ​ប្រពៃ (ឥឡូវ​នេះ​) ស្លឹក​ត្រចៀក​ទាំង​នោះ យុរយារ ដោយ​អា​ការ​ជ្រួញជ្រីវ ព្រោះ​តែជរាទ. ១៩៣ ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ធ្មេញ​ទាំង​ឡាយ​របស់​ខ្ញុំ​ល្អ​ណាស់ ប្រាកដ​ស្មើ​ដោយ​ពណ៌​នៃផ្កាច្រនៀងក្រពុំ (ឥឡូវ​នេះ​) ធ្មេញ​ទាំង​នោះ​បាក់ មាន​ពណ៌​លឿង ដូច​ជាស្រូវ​ដំណើប ព្រោះ​តែ​ជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ

ប្រួល។ (កាលពីដើម) សំដី​ដែល​ខ្ញុំ​និយាយពីរោះ ដូច​ជាសំដីមេតាវៅ ដែល​ហើរ​ទៅ​កាន់​ព្រៃស្រោង​ក្នុង​ព្រៃ (ឥឡូវ​នេះ​) សំដីនោះ​ស្អកស្អា ព្រោះ​តែជរា ព្រះ​ពុទ្ធដីកា​របស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាល​ពីដើម ក របស់​ខ្ញុំ​ល្អ ដូច​ជាស័ង្ខ​មាស ដែល​ជាង​ខាត់​ហើយ​ដោយ​ល្អ (ឥឡូវ​នេះ​) កនោះ​បាក់​ឱន ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាល​ពីដើម ដើមដៃ​ទាំង​ពីរ​របស់​ខ្ញុំ ល្អ​ដូច​ជាសសរខឿន ដែល​ជាងលញ់​ហើយទ. ១៩៤ (ឥឡូវ​នេះ​) ដើម​ដៃ​ទាំង​នោះ ដូច​ជាស័ង្ខបែក​ហើយ ព្រោះ​តែជរា ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ដៃ​ទាំង​ឡាយ​របស់​ខ្ញុំ មាន​ចិញ្ចៀន​ល្អ ប្រដាប់​ដោយ​មាស សមរម្យល្អ (ឥឡូវ​នេះ​) ដៃ​ទាំង​នោះ ដូច​ជាមើម​ដំឡូងយារ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ដោះ​ទាំង​ពីរ​របស់​ខ្ញុំ ពេញ​លេញ មូល​ក្បំកៀកគ្នា មាន​សណ្ដង់​ដ៏ត្រង់​ល្អ​ណាស់ (ឥឡូវ​នេះ ដោះ​ទាំង​នោះ​) មិន​មាន​ទឹក (ជ្រាយ) បាក់​សំ​យុងចុះ ដូច​ជាបំពង់​ទឹក ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម កាយ​របស់​ខ្ញុំ​ល្អស្រស់ ដូច​ជាផែនក្ដារ​មាស ដែល​គេ​ខាត់​ហើយ​ដោយ​ប្រពៃ (ឥឡូវ​នេះ​) កាយនោះ​ប្រែប្រួល ដោយ​អាការ​ជ្រួញជ្រីវ​ដ៏ល្អិត ព្រះ​ពុទ្ធដីកា របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពី​ដើម ភ្លៅ​ទាំង​ពីរ​របស់​ខ្ញុំ ល្អ​ល្អះ ដូច​ជាប្រមោយ​នៃ​ដំរី​ដ៏​ប្រសើរ (ឥឡូវ​នេះ​) ភ្លៅ​ទាំង​នោះ ដូច​ជាថ្នាំងឫស្សី ព្រោះ​តែជរាទ. ១៩៥ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ស្មង​ទាំង​ឡាយ​របស់​ខ្ញុំ ប្រដាប់​ដោយ​ស្រោម ជាវិការៈ​នៃមាស ដែល​គេ​ប៉ាក់​ជិត​ស្និទ្ធ​ល្អ​ណាស់ (ឥឡូវ​នេះ​) ស្មង​ទាំង​នោះ ដូច​ជាដើមល្ង ព្រោះ​តែជរា ព្រះ​ពុទ្ធ​ដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែ​ប្រួល។ កាលពី​ដើម ជើង​ទាំង​ពីរ​របស់​ខ្ញុំ​ល្អ ដូច​ជាទ្រនាប់​ជើង ដែល​គេ​ញាត់​ហើយ​ប៉ុយរកា (ឥឡូវ​នេះ​) ជើង​ទាំង​នោះ ប្រេះបែកជ្រួញជ្រីវ ព្រោះ​តែជរា ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ គ្រោងកាយ មាន​សភាព​ដូច្នេះ​នេះ គ្រាំគ្រា ជាលំនៅ​នៃសេចក្ដីទុក្ខ​ច្រើនប្រការ គ្រោងកាយ​នោះ ដូច​ជាផ្ទះ​ចាស់​ដែល​មាន​គ្រឿង​បូកលាបជ្រុះចុះ ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។

អម្ពបាលីថេរី។

រោហិណីថេរីគាថា

(២. រោហិនីថេរីគាថា)

[៣៣២] (បិតាសួរនាងរោហិណីថា) នែនាង​ដ៏​ចំរើន នាងជួប​នឹង​ខ្ញុំ​ពោលថា​សមណៈ នាងភ្ញាក់​ឡើង ក៏​ពោលថា សមណៈ នាងសរសើរចំពោះ​ពួក​សមណៈ​តែ​ម៉្យាង នាង​នឹងជា​សមណី​ដោយ​ពិត។ នាង​តែងផ្គត់​ផ្គង់​បាយ ទឹក ដ៏​ច្រើន ចំពោះ​ពួក​សមណៈទ. ១៩៦ នែ​នាងរោហិណី ឥឡូវ​នេះ យើងសួរនាង ចុះនាងមាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។ ពួក​សមណៈ ជា​អ្នក​មិន​ប្រាថ្នា​ក្នុង​ការ​ងារ ខ្ជិល​ច្រអូស រស់​នៅ​ដោយ​សារទាន​ដែល​បុគ្គល​ដទៃឲ្យ ជា​អ្នក​ប៉ុនប៉ង​ប្រាថ្នា​តែ​អាហារមាន​រសឆ្ងាញ់​ទេ ចុះ​នាង​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។

(នាងរោហិណីតបថា) បពិត្រ​បិតា អ្នក​ដេញដោលសួរ​ខ្ញុំ អំពីពួក​សមណៈ​អស់​កាលយូរណាស់​ហើយ ខ្ញុំ​នឹងសំដែងនូវ​បញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់​សមណៈ​ទាំង​នោះ ដល់​អ្នក។ ពួក​សមណៈ ជា​អ្នក​ប្រាថ្នា​នូវ​ការ​ងារ មិន​ខ្ជិល​ច្រអូស ធ្វើ​ចំពោះ​តែ​ការ​ងារ​ដ៏​ប្រសើរ រមែង​លះ​បង់​នូវ​រាគៈ និងទោសៈ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​អ្នក​ធ្វើ​នូវ​កម្មស្អាត រមែង​កំចាត់​បង់​នូវ​ឫស​នៃបាប5) ទាំង​បី សមណៈ​ទាំង​នុ៎ះ បាន​លះ​បង់​នូវ​បាប​ទាំង​អស់ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះ​ឯង។ កាយ​កម្ម​របស់​សមណៈ​ទាំង​នោះ​ស្អាត វចីកម្មស្អាត​ដូចគ្នា ទាំង​មនោកម្ម​របស់​សមណៈ​ទាំង​នោះ ក៏ស្អាត ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ​ប្រាស​ចាក​មន្ទិល ស្អាត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ដូច​ជាស័ង្ខ​ដែល​ខាត់​ហើយទ. ១៩៧ ពេញ​ដោយ​ធម៌ស​ទាំង​ឡាយ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ តែងសំដែងនូវ​អត្ថ និងធម៌ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ មាន​ចិត្តប្រសើរ មាន​អារម្មណ៍​តែ​មួយ មាន​ស្មារតី ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះឯង។

ពួក​សមណៈ ទៅ​កាន់​ទី​ឆ្ងាយ​បាន (តាមសេចក្ដីពេញ​ចិត្ត) មាន​ស្មារតី ពោល​ដោយ​ឧបាយ​ប្រាជ្ញា មិន​រាយមាយ តែងដឹង​នូវ​ព្រះ​និព្វាន ជា​ទី​បំផុត​នៃ​ទុក្ខ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ចៀសចេញ​ទៅ​អំពីស្រុកណា រមែង​មិន​រមិល​អ្វីមួយ (ក្នុង​ស្រុកនោះ​) ចេញ​ទៅ​ឥតអាល័យ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទុកដាក់ (សម្បត្តិ) ក្នុង​ជង្រុក មិន​ទុកដាក់​ឆ្នាំង​អំបែង មិន​ទុកដាក់​ល្អីកញ្ជើ ស្វែង​រកចំពោះ​តែភោជន ដែល​សម្រេច​ហើយ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទទួលនូវ​ហិរញ្ញវត្ថុ (កហាបណៈ) មិន​ទទួលនូវ​មាស មិន​ទទួលនូវ​ប្រាក់ទ. ១៩៨ ញ៉ាំង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​វត្ថុ​ដែល​កើត​ឡើង​ចំពោះ​មុខ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ចេញ​អំពី​ត្រកូល​ផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅ​បួស រមែង​រាប់​រកគ្នា ទៅ​វិញ​ទៅ​មក ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។

(បិតានិយាយ​ថា) ម្នាល​នាងរោហិណី​ដ៏​ចំរើន នាងកើត​ក្នុង​ត្រកូល​នៃយើង ដើម្បី​ប្រយោជន៍​ពិត នាង​ជាស្រ្តីមាន​សទ្ធា មាន​សេចក្ដីគោរព​ដ៏មុតមាំ ក្នុង​ព្រះ​ពុទ្ធផង ព្រះ​ធម៌​ផង ព្រះ​សង្ឃ​ផង។ ដ្បិតនាងស្គាល់​នូវ​បុញ្ញក្ខេត្តនុ៎ះ ជា​បុញ្ញក្ខេត្តឧត្តមពិតមែន បើបាន​សមណៈ​ទាំង​នុ៎ះ ទទួលទក្ខិណាទាន​របស់​ខ្ញុំ ប្រហែលគ្រឿង​បូជា ដែល​ខ្ញុំ​តម្កល់​ហើយ ចំពោះ​សមណៈ​ទាំង​នុ៎ះ នឹងមាន​ផលបរិបូណ៌។

(នាងរោហិណី​ពោលថា) បើ​អ្នក​ខ្លាចទុក្ខ បើទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង ចូរ​សមាទាន​សីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹង​មាន​ប្រយោជន៍​ដល់​អ្នក។

(បិតា​ពោលថា) ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង សូមសមាទានសីល​ទាំង​ឡាយ ការ​ដល់​ទីពឹង និងសមា​ទានសីលនុ៎ះ នឹងមាន​ប្រយោជន៍ដល់​ខ្ញុំ។ទ. ១៩៩ ក្នុង​កាល​មុន ខ្ញុំ​ជាព្រាហ្មណ៍​តែ​ផៅពង្ស ឥឡូវ​នេះ ខ្ញុំ​ជាព្រាហ្មណ៍ពិត (មាន​បាបបន្សាត់​ចោល​ហើយ) ផង មាន​ត្រៃវិជ្ជាផង មាន​សួស្ដីផង ដល់​នូវ​វេទផង ជា​អ្នក​ងូតលាងបាប​ផង។

រោហិណីថេរី។

ចាបាថេរីគាថា

(៣. ចាបាថេរីគាថា)

[៣៣៣] (ឧបកៈ​ពោលថា) កាលពីដើម ខ្ញុំ​មាន​ដៃកាន់​ដំបង ឥឡូវ​នេះ ខ្ញុំ​នោះ​ជាព្រានម្រឹគ មិន​អាចបាន​ដល់​នូវ​ត្រើយ គឺព្រះ​និព្វាន ព្រោះសេចក្ដីប្រាថ្នា គឺ​តណ្ហា ព្រោះ ភក់ គឺ​កាម និងទិដិ្ឋ​ដ៏ខ្លាំងក្លា។ នាងចាបា ស្មាននូវ​ខ្ញុំ ថា​ជា​មនុស្ស​ស្រវឹង​ជ្រប់ ទើប​លួងកូន6) ខ្ញុំ​កាត់​ចំណង គឺ​កិលេស របស់​នាងចាបា ហើយ​ទៅ​បួស​ម្ដងទៀត។

(នាង​ចាបា​ពោល​ថា) បពិត្រ​មហាវីរបុរស សូម​អ្នក​កុំខឹង​នឹង​ខ្ញុំ បពិត្រ​មហាមុនី សូម​អ្នក​កុំខឹង​នឹង​ខ្ញុំ សេចក្ដីស្អាតមិន​មាន​ដល់​បុគ្គល​ដែល​មាន​សេចក្ដីក្រោធ គ្រប​សង្កត់​ទេ តបធម៌​នឹង​មាន​មកពីណា។

(ឧបកៈ​ពោលថា) ខ្ញុំ​នឹងគេ​ចចេញ​អំពី​ស្រុកនាលៈ អ្នក​ណានឹងនៅ​ក្នុង​ស្រុកនាលៈ​នេះ​បាន បើពួក​ស្រី ៗ ចងនូវ​សមណៈ​ទាំង​ឡាយ ដែល​រស់​នៅ​ដោយ​ធម៌ ដោយ​រូប​នៃស្រ្តី។

(នាងចាបា​ពោល​ថា) ម្នាលបុរសខ្មៅ សូម​អ្នក​អញ្ជើញមកសិន សឹមត្រឡប់​វិញ សូម​បរិភោគ​នូវ​កាម​ទាំង​ឡាយ ដូច​ក្នុង​កាល​មុនចុះទ. ២០០ ជន​ទាំង​ឡាយ​ណា ជាញាតិ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ជន​ទាំង​នោះ ឲ្យ​លុះ​ក្នុង​អំណាច​នៃ​អ្នក។

ម្នាលនាងចាបា នាង​ពោល​នូវ​ពាក្យ​នោះ ឲ្យ​មាន​ភាគ ៤ អំពីពាក្យ​នេះ​ក៏​ដោយ ពាក្យ​នោះ គប្បី​ជា​ពាក្យ​ឆើតឆាយ ចំពោះ​តែបុរស​ដែល​ត្រេកអរ​នឹងនាង​ប៉ុណ្ណោះ​ទេ។

ម្នាលបុរសខ្មៅ ហេតុអ្វីទើប​អ្នក​លះ​បង់​ចោល​ខ្ញុំ ជាស្រ្តីមាន​រូបឆោម លាប​ស្រឡាបអវយវៈ​ដោយ​ខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់​នូវ​កាសិកពស្រ្ត​ដ៏​ឧត្តម (សំពត់​ដែល​គេ​នាំ​មក​អំពីដែនកាសី) ជាស្រ្តីមាន​អវយវៈ​ល្អ ដូច​ជាត្នោតសាវ ដែល​រីកលើ​កំពូលភ្នំ ឬ​ដូច​ជាវល្លិ៍កេសរីក​ហើយ ឬក៏​ដូច​ជាឈើជ្រនៀង (រីក​ហើយ) ខាង​ក្នុង​ទ្វីប។

ព្រាន​សត្វ​ស្លាប ប្រាថ្នា​ចាប់​សត្វស្លាបយ៉ាង​ណា នាង​នឹង​បៀត​បៀន​អញ ដោយ​រូប​ដែល​ស្អិត​ស្អាង (យ៉ាង​នោះ​) ពុំបាន​ទេ។

នែបុរសខ្មៅ ហេតុអ្វី​ទើប​អ្នក​លះ​បង់​ចោល​នូវ​ផ្លែ គឺកូន​ខ្ញុំ ដែល​អ្នក​បង្កើតនេះ​ផង លះ​បង់​ខ្ញុំ​ដែល​ជាស្រ្តី​មាន​កូនប្រាកដដូច្នោះផង។

មហាវីរបុរស​ទាំង​ឡាយ ដែល​មាន​ប្រាជ្ញា តែងលះ​បង់​នូវ​កូន​ទាំង​ឡាយ ទាំង​ពួក​ញាតិ ទាំង​ទ្រព្យ ហើយ​បួស ដូច​ជាដំរី​ដ៏​ប្រសើរ ផ្ដាច់​នូវ​ចំណង (ហើយគេ​ច​ចេញ​ទៅ​)។ទ. ២០១

ឥឡូវ ខ្ញុំ​នឹងបៀត​បៀនកូន​អ្នក​នេះ ដោយ​ដំបង ឬក្ដិច​ដោយ​ក្រចក ឬ (បោក) លើ​ផែនដី អ្នក​មិនដល់​នូវ​ការ​យំស្ដាយចំពោះ​កូនទេឬ។

នែ​ស្រ្តីលាមក មាន​កូនតូច បើ​ទុក​ជានាងឲ្យ​កូនទៅ​សត្វចចក និង​ពួក​ឆ្កែ ក៏នាង​ញ៉ាំង​អញឲ្យ​ត្រឡប់​វិញ​ពុំបាន​ឡើយ។

នែបុរសខ្មៅ ណ្​ហើយចុះ ឥឡូវ​នេះ បើ​អ្នក​នឹង​ទៅ​ក្នុង​ទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅ​ចុះ)។

កាលពីដើម យើង​ជា​អ្នក​មាន​ពួក មិន​មែន​ជា​សមណៈ សំគាល់​ថា​ជា​សមណៈ ហើយចេញ​ពីស្រុក​ទៅ​កាន់​ស្រុក កាន់​នគរ រាជធានី។ មែន​ពិត ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ជោគអង្គនោះ តែងសំដែងធម៌ប្រោសពួក​សត្វ ដើម្បី​លះ​បង់​សេចក្ដី​ទុក្ខ​ទាំង​ពួង ក្នុង​ទីជិត​ស្ទឹង​នេរញ្ជរា ខ្ញុំ​នឹង​ទៅ​ក្នុង​សំណាក់​នៃ​ព្រះ​សម្ពុទ្ធនោះ ព្រះ​អង្គ​នឹងជាគ្រូ​នៃ​ខ្ញុំ។

ឥឡូវ​នេះ អ្នក​គប្បី​ទូលរៀបរាប់​អំពីកិច្ចថ្វាយ​បង្គំ (របស់​ខ្ញុំ) ចំពោះ​ព្រះ​លោកនាថ ជា​បុគ្គល​ប្រសើរ រួច​ហើយធ្វើ​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន។

ម្នាលនាងចាបា នាង​ពោល​នូវ​ពាក្យ​នោះ​យ៉ាង​ណា យើងគប្បី​បាន (អាចឲ្យ) នូវ​ចំណែក​បុណ្យ​នោះ ឥឡូវ​នេះ ខ្ញុំ​នឹងទូលរៀបរាប់​នូវ​កិច្ចថ្វាយ​បង្គំ​របស់​នាង ចំពោះ​ព្រះ​លោកនាថ ជា​បុគ្គល​ប្រសើរ និងធ្វើ​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន (បុណ្យ)។ទ. ២០២

លំដាប់​នោះ​ឯង បុរសខ្មៅចៀសចេញ​អំពី​ទីនោះ​ទៅ បុរសខ្មៅនោះ ក៏​បានចួប​នឹង​ព្រះ​សម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវ​ឧបាយ​នៃ​ព្រះ​និព្វាន ឈ្មោះ​អមតៈ គឺ​ទុក្ខ ១ ហេតុកើត​ឡើង​នៃ​ទុក្ខ ១ ការ​កន្លង​នូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ​ជាដំណើរទៅ​កាន់​ទីរលត់​ទុក្ខ ១។ បុរសខ្មៅ ថ្វាយ​បង្គំ​នូវ​ព្រះ​បាទ​ទាំង​ឡាយ របស់​ព្រះ​សម្ពុទ្ធ​នោះ ហើយធ្វើ​ប្រទក្សិណចំពោះ​ព្រះ​អង្គ ឧទ្ទិសដល់​នាងចាបា ហើយ​ចូល​កាន់​ផ្នួស។ វិជ្ជាបី ខ្ញុំ​បាន​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។

ចាបាថេរី។

សុន្ទរីថេរីគាថា

(៤. សុន្ទរីថេរីគាថា)

[៣៣៤] (ព្រាហ្មណ៍ជា​បិតាសួរថា) នែនាង​ដ៏​ចំរើន ក្នុង​កាល​មុន នាងកាលស៊ី​កូន​7) ទាំង​ឡាយ​ដែល​ស្លាប់​ហើយ នាងក្ដៅក្រហាយ​ក្រៃពេក ទាំង​ថ្ងៃ​ទាំង​យប់។ ម្នាល​ព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃ​នេះ នាងស៊ីកូន​ទាំង​អស់ ៧ នាក់ ព្រោះ​ហេតុ​អ្វី នាងមិន​ក្ដៅក្រហាយខ្លាំង។

(វាសិដ្ឋថេរី​ពោលថា) ម្នាលព្រាហ្មណ៍ កូន​ទាំង​រយ ពួក​ញាតិ​ទាំង​រយ ជា​ច្រើន របស់​ខ្ញុំ គឺ​ខ្ញុំ​នឹងអ្នក ស៊ី​ហើយ ក្នុង​ចំណែកកន្លង​ទៅ​ហើយ។ ខ្ញុំ​នោះ​ដឹង​នូវ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ជាតិ និង​មរណៈ ទើបមិន​សោក មិន​យំ ទាំង​មិនក្ដៅ​ក្រហាយ។ទ. ២០៣

ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដី​បែបនេះ អស្ចារ្យណាស់ នាងដឹង​ច្បាស់​នូវ​ធម៌​របស់​អ្នក​ណា ទើបនិយាយសំដី​បែបនេះ។

ម្នាលព្រាហ្មណ៍ ព្រះ​សម្ពុទ្ធ​អង្គនោះ សំដែងធម៌ដល់​សត្វ​ទាំង​ឡាយ ដើម្បី​លះ​បង់​នូវ​ទុក្ខ​ទាំង​ពួង ជិតនគរមិថិលា។ ម្នាលព្រាហ្មណ៍ ខ្ញុំ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អរហន្ដ​អង្គ​នោះ ដែល​ជា​ធម៌មិន​មាន​ឧបធិ​ក្កិលេស បាន​ដឹង​ច្បាស់​នូវ​សច្ចធម៌​ហើយ​ក្នុង​ទី​នោះ ទើប​បន្ទោបង់​នូវ​សេចក្ដីសោក​ព្រោះកូនបាន។

ខ្ញុំ​នោះ​នឹង​ទៅ​ក្នុង​ទីជិតក្រុងមិថិលាដែរ ធ្វើ​ដូចម្ដេចហ្ន៎ ព្រះ​មាន​ជោគ​អង្គនោះ គប្បី​ដោះ​ខ្ញុំ​ចាក​ទុក្ខ​ទាំង​ពួង​បាន។

ព្រាហ្មណ៍បានចួប​នឹង​ព្រះ​ពុទ្ធ ព្រះ​អង្គផុតស្រឡះ​ចាក (កិលេស) មិន​មាន​ឧបធិកិលេស ព្រះ​មុនី ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ បាន​សំដែងប្រាប់​ព្រាហ្មណ៍នោះ​នូវ​សច្ចធម៌ គឺ​ទុក្ខ ១ ហេតុកើត​ឡើង​នៃ​ទុក្ខ ១ ការ​កន្លង​នូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ​ប្រាំបី​ដ៏​ប្រសើរ ជាដំណើរ​ទៅ​កាន់​ទីរំលត់​ទុក្ខ ១។ សុជាតព្រាហ្មណ៍​មាន​សច្ចធម៌​ដឹង​ច្បាស់​ហើយ​ក្នុង​ទី​នោះ ពេញ​ចិត្ត​នឹងបព្វជ្ជា បាន​សម្រេច​វិជ្ជា​បី​ដោយ​រាត្រីបី។

ព្រាហ្មណ៍​ពោលថា ម្នាលសារថី អ្នក​ចូរ​មក អ្នក​ចូរ​ទៅ ចូរនាំរថ​នេះ​ទៅ​វិញ​ចុះ រួច​ចូរប្រាប់​ព្រាហ្ម​ណី កុំឲ្យ​មាន​មោះមៃថា ឥឡូវ​នេះ សុជាត​ព្រាហ្មណ៍​បួស​ហើយ បាន​សម្រេច​វិជ្ជា​បី ដោយ​រាត្រីបី។ទ. ២០៤

(លំដាប់​នោះ សារថី នាំយក​រថ​ផង កហាបណៈ​មួយពាន់​ផង ហើយ​ប្រាប់​នាង​ព្រាហ្មណី មិន​ឲ្យ​មោះមៃ​ថា ឥឡូវ​នេះ សុជាតព្រាហ្មណ៍បួស​ហើយ បាន​សម្រេច​វិជ្ជាបី ដោយ​រាត្រីបី​ហើយ)។

(ព្រាហ្មណី​ពោលថា) ម្នាលសារថី ខ្ញុំ​សូម​ឲ្យ​រថ​ដែល​ទឹម​ដោយ​សេះនេះ និង​កហាបណៈ​មួយពាន់​នេះ ជាអំណោយដល់​អ្នក ព្រោះ​បាន​ឮថា ព្រាហ្មណ៍​បាន​ត្រៃវិជ្ជា។

(សារថី​ពោលថា) ម្នាលព្រាហ្មណី រថ​ដែល​ទឹម​ដោយ​សេះ និង​កហាបណៈ មួយពាន់​នេះ ចូរនៅ​ជា​របស់​នាងដ​ដែល​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​នៃ​ព្រះ​សាស្ដា ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។

(ព្រាហ្មណី​ពោល​នឹងនាង​សុន្ទរីថា) នែនាងសុន្ទរី បិតា​របស់​នាងលះ​បង់​នូវ​ដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិ​ដ៏ស្ដុកស្ដម្ភ​នៅ​ក្នុង​ផ្ទះ​នេះ​ ទៅ​បួស​ហើយ នាង​ចូរប្រើប្រាស់​នូវ​ភោគៈ​ទាំង​ឡាយ​ចុះ (ព្រោះ​ថា) នាងជាទាយាទ​ក្នុង​ត្រកូល។

(នាងសុន្ទរី​ពោលថា) បិតា​របស់​ខ្ញុំ​លះ​បង់​នូវ​ដំរី គោ សេះ កែវមណី កុណ្ឌល និង​ទ្រព្យសម្បត្តិ​ដែល​មាន​​ក្នុង​ផ្ទះ​នេះ ទៅ​បួស ព្រោះត្រូវសេចក្ដីសោក​នឹងកូន​គ្រប​សង្កត់ ចំណែកខាង​ខ្ញុំ ក៏​នឹង​បួសដែរ ព្រោះត្រូវ​សេចក្ដីសោក​នឹងបង​គ្រប​សង្កត់។ទ. ២០៥

(ព្រាហ្មណី​ពោលថា) ហៃ​នាងសុន្ទរី នាងប្រាថ្នា​នូវ​តម្រិះ​ណា សូម​ឲ្យ​នាង​បាន​សម្រេច​នូវ​តម្រិះ​នោះ ដុំបាយតាមលំដាប់​ផ្ទះ​ក្ដី អាហារ​ចំណីក្ដី បំសុកូលចីវរក្ដី (ដែល​នាង​ត្រូវស្វែង​រក) កាល​បើនាងជំរះនូវ​វត្ថុ​ទាំង​នេះ នឹង​បាន​ជាស្រីមិន​មាន​អាសវៈ​ក្នុង​បរលោក។

(នាងសុន្ទរីនិយាយ​នឹងឧបជ្ឈាយ៍ថា) បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​នៅ​ជាសិក្ខមានា បាន​ជំរះទិព្វចក្ខុ​ហើយ កាលពីដើម ខ្ញុំ​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​ទីណា ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ក្នុង​ទី​នោះ។ បពិត្រ​ព្រះ​នាងជាកល្យាណី​ដ៏ល្អ របស់​ថេរី​សង្ឃ វិជ្ជាបី ខ្ញុំ​បាន​ដល់​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ព្រោះ​តែ​អាស្រ័យ​នូវ​ព្រះ​នាង។ បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​ចង់​ទៅ​កាន់​ក្រុងសាវត្ថី សូមព្រះ​នាង​អនុញ្ញាតដល់​ខ្ញុំ​ឲ្យ​ទាន ខ្ញុំ​នឹងបន្លឺនូវ​សីហនាទ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ។

ម្នាលនាងសុន្ទរី នាងចូរមើលព្រះ​សាស្ដា ព្រះ​អង្គ​មាន​សម្បុរ​ដូចមាស មាន​ព្រះ​តចៈ​ពណ៌​ដូចមាស ទ្រង់​ទូន្មានពួក​សត្វ ដែល​គេ​មិន​ទាន់​ទូន្មាន ព្រះ​អង្គជា​អ្នក​ត្រាស់​ដឹងឯង ឥតមាន​ភ័យ​អំពីណាឡើយ។ សូមព្រះ​អង្គនិមន្តទត នាងសុន្ទរី​ដែល​កំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាក​កិលេស) ឥតមាន​ឧបធិ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​សោឡស​កិច្ច​ធ្វើ​រួច​ហើយ មិន​មាន​អាសវៈ។ បពិត្រ​ព្រះ​អង្គ​ជាមហា​វីរបុរស នាងសុន្ទរី ជាសាវិការ​បស់​ព្រះ​អង្គ ចេញ​អំពីក្រុងពារាណសី មកកាន់​សំណាក់​ព្រះ​អង្គ ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ជា​ខីណាសវព្រាហ្មណ៍ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គជាគ្រូ (របស់​ខ្ញុំ) ខ្ញុំ​ព្រះ​អង្គ​ជាធីតា​របស់​ព្រះ​អង្គ ជាឱរសកើត​អំពី​ព្រះ​ឱស្ឋ មាន​កិច្ច​ធ្វើ​រួច​ហើយ ឥតមាន​អាសវៈ។ទ. ២០៦

ម្នាលនាងដ៏​ចំរើន​ ដំណើរ​របស់​នាងមកល្អ​ហើយ ដំណើររបស់​នាងមក​អំពី​ទីនោះ មិន​ឆ្ងាយទេ ព្រោះ​ពួក​អ្នក​មាន​ឥន្រ្ទិយទូន្មាន​ហើយ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​កិច្ច​ធ្វើ​ហើយ ឥតមាន​អាសវៈ រមែង​មកថ្វាយ​បង្គំ​ព្រះ​បាទា​ព្រះ​សាស្ដា​ដូចនាង​ដែរ។

សុន្ទរីថេរី។

សុភាកម្មារធីតាថេរីគាថា

(៥. សុភាកម្មារធីតុថេរីគាថា)

[៣៣៥] កាលពីដើម ខ្ញុំ​នៅ​ក្រមុំ មាន​គ្រឿង​ស្លៀក​ពាក់​ដ៏ស្អាត បាន​ស្ដាប់​ធម៌ ការ​ត្រាស់​ដឹងសច្ចធម៌ ក៏កើតមាន​ដល់​ខ្ញុំ​នោះ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុ​នោះ ខ្ញុំ​មិន​ត្រេកអរ​ក្រៃពេក ក្នុង​កាមារម្មណ៍​ទាំង​អស់ ឃើញភ័យ​ក្នុង​សក្កាយ ហើយពេញ​ចិត្ត​នឹង​ការ​ចេញ​សាងផ្នួស​តែម្យ៉ាង។ ខ្ញុំ​លះ​បង់​ពួក​ញាតិ ទាស​កម្មករ ស្រុកស្រែ​ទាំង​ឡាយ ដ៏​ស្ដុកស្ដម្ភ (និងគំនរ​នៃភោគ​ទាំង​ឡាយ​) ដែល​គួរ​ត្រេកអរ គួរ​រីករាយ ខ្ញុំ​លះ​បង់​នូវ​សម្បត្តិ​ដ៏​ច្រើន ហើយ​បួស។ទ. ២០៧ ខ្ញុំ​ចេញ (ចាក​ផ្ទះ) ដោយ​សទ្ធាយ៉ាង​នេះ​ហើយ (បួស) ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​សម្មាសម្ពុទ្ធ ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ខ្ញុំ​ប្រាថ្នា​នូវ​សេចក្ដីមិនកង្វល់ ព្រោះ​ការ​ត្រឡប់​មករកកាមនោះ មិន​សម​គួរ​ដល់​ខ្ញុំ​ទេ អ្នក​ណាលះ​ចោល​មាស និង​ប្រាក់ ហើយគប្បី​ត្រឡប់​មកយកវិញ។ ប្រាក់​ក្ដី មាសក្ដី​របស់​បុគ្គល​នុ៎ះ មិន​មែន​មាន​ដើម្បី​ព្រះ​និព្វាន​ជា​ទីស្ងប់​ទេ ការ​ទទួលមាស និងប្រាក់​នុ៎ះ មិន​សម​គួរ​ដល់​សមណៈ​ទេ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ មិន​មែន​ជាទ្រព្យប្រសើរ​ទេ។ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ សុទ្ធ​តែជា​គ្រឿង​ឲ្យ​កើតលោភ ជា​គ្រឿង​ស្រវឹង ជា​គ្រឿង​វង្វេង ជា​គ្រឿង​ព័ន្ធព័ទ្ធ​ដោយ​ធុលី គឺ​កិលេស ប្រកប​ដោយ​សេចក្ដី​រង្កៀស មាន​សេចក្ដី​ចង្អៀត​ចង្អល់​ច្រើន សេចក្ដីទៀង​ទាត់​ឋិតថេរ​ក្នុង​ទ្រព្យនេះ មិន​មាន​ទេ។ ពួក​នរ​ជន (ដែល​ត្រេកអរ) ដោយ​ទ្រព្យប៉ុណ្ណេះ ឈ្មោះ​ថា​ជា​អ្នក​ប្រហែស​ធ្វេស ជា​អ្នក​មាន​ចិត្តសៅហ្មង ជា​អ្នក​អាក់​អន់ រមែង​ធ្វើ​នូវ​ជំលោះ​ជា​ច្រើន ទៅ​វិញ​ទៅ​មក។ សេចក្ដី​វិនាសច្រើនប្រការ គឺ​ការ​សម្លាប់ ការ​ចង ការ​សៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែង​កើត​ប្រាកដ​ដល់​ពួក​ជន ដែល​ដេកត្រាំ​ក្នុង​កាម​ទាំង​ឡាយ។ អ្នក​ទាំង​ឡាយ ជាញាតិ​មែន តែហាក់​ដូច​ជា​សត្រូវ ល្បួង​ខ្ញុំ​នោះ​ក្នុង​កាម​ទាំង​ឡាយ​ធ្វើ​អ្វី (ព្រោះ) អ្នក​ទាំង​ឡាយ ជ្រាប​នូវ​ខ្ញុំ​ថា​ជា​អ្នក​បួស ជាស្រ្តីឃើញ​នូវ​ភ័យ​ក្នុង​កាម​ទាំង​ឡាយ។ទ. ២០៨ អាសវៈ​ទាំង​ឡាយ មិន​មែន​អស់​ទៅ​ព្រោះប្រាក់ និងមាស កាម​ទាំង​ឡាយ មិន​មែន​ជា​មិត្រ ជាសភាវៈ​សម្លាប់ (នូវ​ប្រយោជន៍) ជា​សត្រូវ ជា​គ្រឿង​ចងទុក​នូវ​សរ គឺ​កិលេស។ អ្នក​ទាំង​ឡាយ ជាញាតិមែន តែហាក់​ដូច​ជា​សត្រូវ ល្បួង​ខ្ញុំ​នោះ ក្នុង​កាម​ទាំង​ឡាយ​ធ្វើ​អ្វី (ព្រោះ) អ្នក​ទាំង​ឡាយ ជ្រាប​នូវ​ខ្ញុំ ថា​ជា​អ្នក​បួស មាន​ក្បាលត្រងោល ដណ្ដប់​នូវ​សង្ឃា​ដី។ ដុំបាយតាម​លំដាប់​ផ្ទះ​ក្ដី អាហារ​ចំណី​ក្ដី បង្សុកូលចីវរក្ដី នេះ​ឯងជា​អំពើ​ដ៏​សម​គួរ​ដល់​ខ្ញុំ ជាបរិក្ខារ ជា​ទីអាស្រ័យ​របស់​អ្នក​បួស។ លោក​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ​ទាំង​ឡាយ ខ្ជាក់​ចោល​នូវ​កាម​ទាំង​ឡាយ ដែល​ជា​ទិព្វ និង​ជា​របស់​មនុស្ស បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណធំ​ទាំង​នោះ មាន​ចិត្តឱនទៅក្នុង​ព្រះ​និពា្វន​ជា​ទី​ដ៏​ក្សេម បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណធំ​ទាំង​នោះ បាន​ដល់​នូវ​សេចក្ដីសុខ ឥត​កំរើក។ ទីជំរករមែង​មិន​មាន ក្នុង​កាម​ទាំង​ឡាយ​ណា ខ្ញុំ​មិនសេពគប់​ដោយ​កាម​ទាំង​ឡាយ​នោះ​ទៀត​ទេ កាម​ទាំង​ឡាយ​មិន​មែន​ជា​មិត្រ ដូច​ជា​អ្នក​សម្លាប់ ឬ​ដូច​ជាគំនរភ្លើង នាំ​មក​នូវ​សេចក្ដី​ព្រួយ។ កាម​នោះ មិន​ស្អាត ប្រកប​ដោយ​ភ័យ ប្រកប​ដោយ​សេចក្ដីចង្អៀត​ចង្អល់ ដូច​ជាបន្លា កាមនុ៎ះ ជា​គ្រឿង​ញ៉ាម ជា​គ្រឿង​កង្វល់​ក្រៃលែង មាន​មុខឈមទៅ​រកសេចក្ដីវង្វេង​ដ៏​ធំ។ទ. ២០៩ កាមគុណ​ជាឧបសគ្គៈ​ផង មាន​សភាព​គួរ​ខ្លាចផង កាមារម្មណ៍​ទាំង​ឡាយ មាន​ឧបមា​ដូចក្បាលពស់ ពួក​បុថុជ្ជនល្ងង់​ខ្លៅ ដូច​ជា​បុគ្គល​ខ្វាក់ តែង​ត្រេកត្រអាល។ ព្រោះ​ថា ពួក​ជន​ច្រើនរូប ដែល​ចំពាក់​ដោយ​គ្រឿង​ចំពាក់ គឺកាម រមែង​បាន (សេចក្ដីទុក្ខ) ក្នុង​លោក រមែង​មិន​ដឹង​ច្បាស់​នូវ​ទីបំផុត​នៃជាតិ និង​មរណៈ។ មនុស្ស​ទាំង​ឡាយ​ជា​ច្រើន តែងដើរ​ទៅ​កាន់​ផ្លូវ ជា​ទីទៅ​កាន់​ទុគ្គតិ មាន​កាមជាហេតុ ជា​គ្រឿង​នាំ​មក​នូវ​រោគដល់​ខ្លួន។ កាម​ទាំង​ឡាយ ជា​គ្រឿង​ញ៉ាំង​សត្រូវ​ឲ្យ​កើតយ៉ាង​នេះ ជាហេតុ​ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ នាំ​មក​នូវ​សេចក្ដីសៅហ្មង ជានុយ​របស់​សត្វលោក ជា​ទីតាំង​នៃ​គ្រឿង​ចង ជា​ចំណង​នៃសេចក្ដីស្លាប់។ កាម​ទាំង​ឡាយ ជា​គ្រឿង​ញ៉ាំង​សត្វឲ្យ​ឆ្កួត ឲ្យ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច ញ៉ាំង​ចិត្ត​ឲ្យ​ភ្លាំងភ្លាត់ មារ គឺកាម​របស់​ពួក​សត្វ តែងរួបរឹត​ដោយ​សេចក្ដី​សៅហ្មង យ៉ាង​ឆាប់​រហ័ស។ កាម​ទាំង​ឡាយ មាន​ទោស​រកទីបំផុតគ្មាន មាន​ទុក្ខ​ច្រើនយ៉ាង មាន​ពិស​ដ៏ខ្លាំងក្លា មាន​រសឆ្ងាញ់​តិច ជា​គ្រឿង​ធ្វើ​នូវ​ចម្បាំង ញ៉ាំង​ចំណែក​នៃ​ធម៌ស ឲ្យ​សាប​សូន្យ​ទៅ។ ខ្ញុំ​នោះ លះ​បង់​នូវ​សេចក្ដីវិនាស ដែល​មាន​កាម​ជា​ហេតុបែបនេះ ត្រេកអរ​ចំពោះ​ព្រះ​និព្វាន​សព្វ ៗ កាល មិន​ត្រឡប់​មកកាន់​កាម​នោះ​វិញ​ទេ។ ខ្ញុំ​ជាស្រ្តីប្រាថ្នា​នូវ​ភាព​ដ៏​ត្រជាក់ (ព្រះ​អរហត្ត) ធ្វើ​នូវ​ចម្បាំង​ចំពោះ​កាម​ទាំង​ឡាយ​ទ. ២១០ ជា​អ្នក​មិន​ប្រមាទ ត្រេកអរ​ចំពោះ​ព្រះ​និព្វាន ជា​ទី​អស់​ទៅ​នៃ​សំយោជនៈ។ បុគ្គល​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ​ទាំង​ឡាយ ឆ្លង​ហើយ​តាម​ផ្លូវ​ណា ខ្ញុំ​នឹងដើរ​ទៅ​តាម​ផ្លូវនោះ ជា​ផ្លូវ​ឥតសោក មាន​ធូលីទៅ​ប្រាស​ហើយ ជា​ផ្លូវក្សេម​ដ៏ត្រង់ ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ។

(ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា) អ្នក​ទាំង​ឡាយ ចូរមើល​នូវ​នាងសុភាកម្មារ​ធីតានេះ ជាស្រ្តីឋិត​នៅ​ក្នុង​ធម៌ នាងបាន​ចូល​ទៅ​កាន់​ឈាន ឥតមាន​សេចក្ដី​ញាប់​ញ័រ ហើយ​ស្មឹងស្មាធិទៀប​គល់​ឈើ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃ​នឹងថ្ងៃ​នេះ​ហើយ ជា​ភិក្ខុនី​មាន​សទ្ធា ល្អ​ក្នុង​ព្រះ​សទ្ធម្ម ដែល​នាង​ឧប្បលវណ្ណា​ទូន្មាន​ហើយ ជាស្រ្តី​មាន​វិជ្ជា ៣ លះ​បង់​នូវ​មច្ចុបាន។ ភិក្ខុ​នីនេះ ជា​អ្នក​នៅ​ឥត​មាន​បំណុល មាន​ឥន្រ្ទិយ​ចំរើន​ហើយ។ ប្រាស​ចាក​កិលេស​គ្រឿង​ប្រកប​ទាំង​ពួង មាន​កិច្ច​ធ្វើ​រួច​ហើយ មិន​មាន​អាសវៈ។ ទេវរាជ ឈ្មោះ​សក្កៈ ជាម្ចាស់​នៃ​ពួក​សត្វ ព្រម​ទាំង​ពួក​ទេវតា ចូល​ទៅ​នមស្ការចំពោះ​ភិក្ខុនី ឈ្មោះ​សុភាកម្មារធីតានោះ ដោយ​ឫទ្ធិ (របស់​ខ្លួន)។

សុភាកម្មារធីតាថេរី។

ចប់ វីសតិនិបាត។

តឹសនិបាត


ទ. ២១១

(១៤. តិំសនិបាតោ)

សុភាថេរី នៅ​ក្នុង​ជីវកម្ពវ័ន

(១. សុភាជីវកម្ពវនិកាថេរីគាថា)

[៣៣៦] (សុវណ្ណការ​បុត្ត) ជា​អ្នក​លេង រារាំងភិក្ខុ​នី ឈ្មោះ​សុភា កំពុងដើរ​ទៅ​កាន់​ជីវកម្ពវ័ន ជា​ទី​រីករាយ ភិក្ខុ​នីឈ្មោះ​សុភា ក៏​បាន​ពោល​នឹងសុវណ្ណការ​បុត្ត​នោះ​ថា។ កំហុស​ដូចម្ដេច ដែល​អាត្មាប្រទូស្ដដល់​អ្នក បាន​ជា​អ្នក​ឈររាំង​អាត្មា នែ​អា​វុសោ បុរស​មិន​គួរ​ប៉ះពាល់​នូវ​ស្រ្តី ជាបព្វជិតទេ។ សិក្ខា​ទាំង​ឡាយ​​ក្នុង​សាសនា របស់​ព្រះ​សាស្ដា ជាសិក្ខា​គួរ​គោរព ព្រះ​សុគតបាន​សំដែង​ហើយដល់​អាត្មា ហេតុ​ដូចម្ដេច ក៏​អ្នក​មក​ឈរ​រាំងអាត្មា ដែល​ជាស្រីមាន​ចំណែក​នៃធម៌​ដ៏​បរិសុទ្ធ មិន​មាន​ទីទួល គឺ​កិលេស។ អ្នក​ជា​បុគ្គល​មាន​ចិត្ត​ល្អក់ ប្រកប​ដោយ​ធូលី គឺ​រាគៈ ហេតុ​ដូចម្ដេច ក៏​អ្នក​មក​ឈររាំងអាត្មា ដែល​ជា​ស្រី​មាន​ចិត្តថ្លាស្អាត ប្រាស​ចាក​ធូលី គឺ​រាគៈ មិន​មាន​ទីទួល គឺ​កិលេស មាន​ចិត្ត​ផុត​ស្រឡះ​ហើយ (ចាក​ខន្ធបញ្ចកៈ) ទាំង​អស់។

(អ្នក​លេង​ពោលថា) នាងជាស្រ្តីនៅ​ក្រមុំផង មិន​អាក្រក់​ផង បព្វជ្ជា​នឹង​ធ្វើ​ប្រយោជន៍​អ្វីដល់​នាង ចូរនាងបោះចោលកាសាយចីវរចេញ​ទៅ ហើយចូរ​មក យើង​នឹង​បាន​ត្រេកត្រអាល ក្នុង​ព្រៃ​ដែល​មាន​ផ្ការីកល្អ។ ដើមឈើ​ទាំង​ឡាយ ហាក់​ដូច​ជា​តាំង​ឡើង​ដោយ​លំអងផ្កា បក់​ផ្សព្វផ្សាយនូវ​ក្លិន​ដ៏ក្រអូប​សព្វ​ទិសទ. ២១២ (នេះ​) ជា​វសន្ដរដូវ ជាដំបូង ជារដូវនាំ​មក​នូវ​សុខ នាងចូរ​មក យើង​នឹងត្រេក​ត្រអាល​ក្នុង​ព្រៃ ដែល​មាន​ផ្ការីក​ល្អ។ ដើមឈើ​ទាំង​ឡាយ មាន​ចុង​ស្គុះស្គាយ​ដោយ​ផ្កា លុះត្រូវ​ខ្យល់​បក់​មក ក៏ហាក់​ដូច​ជា​បន្លឺ​សំឡេងឡើង ប្រសិនបើ​នាង​នឹងចូល​ទៅ​ក្នុង​ព្រៃម្នាក់​ឯង នាង​នឹងត្រេក​ត្រអាល​ដូចម្ដេច​កើត។ នាងជាស្រ្តីឥតមិត្រ​សំឡាញ់ ចង់​ទៅ​កាន់​ព្រៃធំ ដែល​ប្រាស​ចាក (មនុស្ស) គួរ​ឲ្យ​ស្ញប់​ស្ញែង ជាព្រៃ​ដែល​ហ្វូងម្រឹគសាហាវនៅ​អាស្រ័យ ជាព្រៃ​ដែល​ដំរីចុះ​ប្រេង និងមេដំរី​បុក​បែន។ នាងប្រៀប​ដូចរូបតុក្កតា ដែល​សូន​ដោយ​មាសឆ្អិន ឬ​ដូច​ជាស្ត្រីទេពអប្សរ ត្រាច់​​ទៅ​ក្នុង​ឧទ្យានឈ្មោះ​ចិត្តរថ ម្នាលនាងជាស្ត្រីល្អ​ឥត​ឧបមា នាងល្អ​ដោយ​សំពត់​សម្រាប់​ស្លៀកដណ្ដប់ មាន​សាច់​ដ៏ល្អិតសុខុម ដែល​កើត​ក្នុង​ដែន​កាសី។ បើនាង​នៅ​ក្នុង​ចន្លោះព្រៃ ខ្ញុំ​នឹងលុះ​ក្នុង​អំណាច​នៃនាង ម្នាលនាងជាស្រ្តីមាន​ភ្នែក​ស្រទន់ ដូច​កិន្នរី ជីវិត (របស់​ខ្ញុំ) ជា​ទី​ស្រឡាញ់​ក្រៃលែង​ជាងនាង មិន​មាន​ទេ។ បើនាង​នឹង​ធ្វើ​តាមពាក្យ​ខ្ញុំ នាង​ចូរ​មក ចូរនៅ​គ្រប់​គ្រង​ផ្ទះ​ជា​សុខចុះទ. ២១៣ នាង​នឹងនៅ​ក្នុង​ប្រាសាទ​មិន​មាន​ខ្យល់ ពួក​នាងនារី ចូរធ្វើ​នូវ​ការ​ខ្វល់​ខ្វាយបម្រើដល់​នាង។ ចូរ​នាង​ទ្រទ្រង់​នូវ​សំពត់​មាន​សាច់ម៉ដ្ឋ​ ដែល​នាំ​មក​អំពី​ដែនកាសី ចូរនាង​តែងខ្លួន​ដោយ​ផ្កា​កម្រង និង​គ្រឿង​លាបចុះ ខ្ញុំ​នឹង​ផ្គត់​ផ្គង់​គ្រឿង​អាភរណៈ​ផ្សេង ៗ ច្រើន​យ៉ាង ដែល​រចនា​ហើយ​ដោយ​មាស កែវមណី និង​កែវមុក្តា ដល់​នាង។ ចូរនាង​ឡើង​កាន់​ដំណេកថ្មីល្អ ដែល​ស្អាតគ្មានធូលី ព្រោះ​ជំរះ​លាង​ប្រពៃ ដែល​ក្រាល​ដោយ​កម្រាលរោមចៀម ញាត់​ដោយ​សំឡីមាន​តម្លៃច្រើន ប្រដាប់​ដោយ​ខ្លឹមចន្ទន៍ មាន​ក្លិនក្រអូប។ នាង​ជាស្រ្តីប្រព្រឹត្ត​ព្រហ្មចារ្យ នាង​នឹងដល់​នូវ​ការ​ចាស់​គ្រាំគ្រា ត្រង់​អវយវៈ​ទាំង​ឡាយ​របស់​ខ្លួន ដូច​ជាផ្កា​ឧប្បលលូតផុតទឹក ដែល​អមនុស្ស​ហួង​ហែងរក្សា (នឹងជាវត្ថុឥតមាន​អ្នក​ណាប្រើ​ប្រាស់​កើត)។

(នាងថេរី​ពោលថា) ហេតុ​ដូចម្ដេច ក៏​អ្នក​មាន​គំនិតខុស សំឡឹងមើល (អាត្មា) ព្រោះ​ឃើញ​នូវ​អារម្មណ៍ ដែល​សន្មតថាមាន​ខ្លឹម ក្នុង​រាង​កាយ​នេះ ដ៏​ពេញ​ដោយ​សាកសព គ្រាន់​តែការ​ចំរើន​របស់​ព្រៃ​ស្មសាន ជារាង​កាយបែកធ្លាយជាធម្មតា។

(អ្នកលេង​ពោលថា) ភ្នែក​ទាំង​ឡាយ (របស់​នាង) ដូច​ជាភ្នែកកូនម្រឹគញី ឬ​ដូច​ជា​ភ្នែក​នៃកិន្នរី ក្នុង​ចន្លោះ​នៃ​ភ្នំ តម្រេក​ក្នុង​កាម​របស់​ខ្ញុំ រមែង​ចំរើន​ក្រៃលែង ព្រោះ​ឃើញ​នូវ​ភ្នែក​របស់​នាង។ទ. ២១៤ កាមគុណ​របស់​ខ្ញុំ រមែង​ចំរើន​ឡើង​ក្រៃលែង ព្រោះ​ឃើញភ្នែក​របស់​នាង ដែល​ប្រៀប​ដោយ​ត្របក​នៃផ្កា​ឧប្បល ត្រង់​មុខ ប្រាស​ចាក​មន្ទិល ប្រាកដស្មើ​ដោយ​មាស។ នែ​នាងមាន​រូប​ស្រស់​ស្រោង មាន​ភ្នែកថ្លាស្អាត បើ​ទុក​ជាយើងទៅ​កាន់​ទី​ឆ្ងាយ ក៏នៅ​តែ​រលឹក​ឃើញ ម្នាលនាងមាន​ភ្នែកថ្លា​ដូច​ភ្នែកកិន្នរី ឥត​មាន​អ្វីមួយ ជា​ទី​ស្រឡាញ់​នៃ​ខ្ញុំ ជាង​ភ្នែក​របស់​នាងទេ។

(នាងថេរី​ពោលថា) អ្នក​ប្រាថ្នា​នូវ​ធីតា ជាឱរស​របស់​ព្រះ​ពុទ្ធ (នេះ​) ឈ្មោះ​ថា​ប្រាថ្នា​ដើម្បី​ដើរ​ទៅ​តាមផ្លូវខុស ឈ្មោះ​ថាស្វែង​រកព្រះ​ចន្ទមកធ្វើ​ជាល្បែង ឈ្មោះ​ថា​ប្រាថ្នា​ដើម្បី​លោត​ឡើង​កាន់​ភ្នំសិនេរុ។ ឥឡូវ​នេះ ប្រសិន​បើ​រាគៈ គប្បី​មាន​ដល់​អាត្មា​ក្នុង​អារម្មណ៍ណា អារម្មណ៍​នោះ មិន​មាន​ក្នុង​លោក ព្រម​ទាំង​ទេវ​លោក អាត្មា​មិន​ដឹង​នូវ​ដំណើរ​នោះ​ថា មាន​ភាវៈ​អ្វីស្មើ (ដោយ​រាគៈ) ទេ បាន​ជា (រាគៈ​នោះ​) អាត្មាដក​ចោល​ទាំង​ឫស ដោយ​អរិយមគ្គ​ហើយ។ (រាគៈ​នោះ​) អាត្មា​បាន​កំចាត់​ចេញ​ហើយ ដូច​ជា​ភាជនៈ​ដាក់​​នូវ​ថ្នាំពិស ដែល​បុគ្គល​បោះ​ចោល​ក្នុង​រងើក​ភ្លើង​ហើយ អាត្មា​មិន​ឃើញ​នូវ​ដំណើរ​នោះ​ថា មាន​សភាវៈ​អ្វីស្មើ (ដោយ​រាគៈ) ទេ បាន​ជា (រាគៈ​នោះ​) អាត្មា​ដក​ចោល​ទាំង​ឫស ដោយ​អរិយមគ្គ​ហើយ។ទ. ២១៥ ខន្ធបញ្ចកៈ​ដែល​ស្រ្តីណា មិន​បាន​ពិចារណា​ឃើញ ឬថា​ស្រ្តីណា​ដែល​មិន​បាន​ចូល​ទៅ​អង្គុយជិតព្រះ​សាស្ដា អ្នក​ចូរប្រឡោមនូវ​ស្រ្តីប្រាកដដូច្នោះចុះ អ្នក​នោះ​នឹងចង្អៀត​ចង្អល់ (ព្រោះ​អាស្រ័យ) ភិក្ខុ​នីនេះ ជា​អ្នក​ដឹង (អរិយសច្ច)។ ព្រោះ​ថា ស្មារតី​របស់​អាត្មា បាន​តម្កល់​ខ្ជាប់​ហើយ ក្នុង​បុគ្គល​អ្នក​ជេរ និង​អ្នក​ថ្វាយ​បង្គំ ក្នុង​សុខ និងទុក្ខ ចិត្ត​របស់​អាត្មា មិន​ជាប់​ក្នុង​អារម្មណ៍​ទាំង​អស់​នោះ ព្រោះដឹង​ច្បាស់​ថា សង្ខតារម្មណ៍​ ជា​របស់​មិនស្អាត។ អាត្មា​ជាសាវិកា​របស់​ព្រះ​សុគត ជា​អ្នក​ដើរ​ទៅ​ដោយ​យាន គឺ​អដ្ឋង្គិកមគ្គ មាន​សរ គឺ​កិលេសដក​ចោល​ហើយ ឥតមាន​អាសវៈ ជា​អ្នក​ត្រេកអរ​ក្នុង​ផ្ទះ​ស្ងាត់។ ព្រោះ​ថាអាត្មា​បាន​ឃើញរូបយន្ដឈើ ជាគ្រោង​ថ្មី ដែល​តាក់​តែង​ដ៏​វិចិត្រ ចងរឹត​ដោយ​ខ្សែសរសៃ​ទាំង​ឡាយ និងឈើកន្លាស់​ទាំង​ឡាយ ដូច​ជាគេ​រាំ​ដោយ​អាការ​ផ្សេង ៗ។ កាល​បើ​ខ្សែ​សរសៃ និងឈើ​កន្លាស់​នោះ ដាច់​រដកចេញ​រាត់​រាយ រលុងរង្គោះ​បាក់​បែកខ្ចាត់​ខ្ចាយ កាល​បើ​រូបយន្ដ​រង្គោះ ដាច់​ខ្ចាត់​ខ្ចាយ​ហើយ បុគ្គល​មិន​គប្បី​បាន (រូប​យន្ដនោះ​) ទេ បុគ្គល​គប្បី​តម្កល់​ចិត្ត​ក្នុង​រូបនោះ ដូចម្ដេចកើត។ រាង​កាយ​ទាំង​ឡាយ​របស់​ខ្ញុំ ដូច​គ្នា​នឹងរូបយន្ដដែរ បើវៀរចាក​រូបធម៌ មាន​ចក្ខុជាដើមនោះ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន រាង​កាយ បើវៀរចាក​រូបធម៌​ហើយ ប្រព្រឹត្ត​ទៅ​មិន​បាន​ទេ បុគ្គល​គប្បី​តំកល់​ចិត្ត​ក្នុង​រាង​កាយនោះ ដូចម្ដេចកើត។ទ. ២១៦ បុគ្គល​ឃើញរូបស្រ្តី ដែល​គេ​គូរ​នឹង​ជញ្ជាំង លាបលន​ដោយ​ថ្នាំ​ដ៏ស្រស់ យ៉ាង​ណា​មិញ អ្នក​មាន​ការ​ឃើញវិបរិត ក្នុង​រូបនោះ ក៏​យ៉ាង​នោះ​ដែរ បញ្ញាជា​របស់​មនុស្ស ឥត​ប្រយោជន៍ទេឬ។ នែបុគ្គល​អន្ធពាល អ្នក​ស្ទុះចូលមកជិតនូវ​អត្តភាព​ដ៏ទទេ ដែល​ប្រៀប​ដូច​ជាថ្ងៃបណ្ដើរ​កូន តាំង​នៅ​ក្នុង​ខាង​មុខ ឬ​ដូច​ជា​យល់​សប្ដិ​ឃើញ​ដើមឈើមាស ពុំនោះ ដូច​ជារូប​យន្ដគ្រាំគ្រា ក្នុង​កណ្ដាល​នៃជន។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹក​ភ្នែក ឬក៏ពកបាយភ្នែក តែងកើត​ក្នុង​មណ្ឌល​នៃភ្នែកនោះ ដូច​ជាពពុះទឹកល័ក្ខ ដែល​បុគ្គល​ប្រស់​លើ​កម្រាល​ចៀម​ស្ងួត ព្រោះ​ថាសណ្ឋាន​របស់​ភ្នែក មាន​ពណ៌​ផ្សេង ៗ ដែល​សង្ខារតាក់​តែង​ហើយ។

នាងសុភាភិក្ខុនី មាន​ចិត្តឥតជាប់​ចំពាក់ បាន​ឆ្កៀលភ្នែកជា​ទី​ស្រឡាញ់ មិន​ជាប់​ចំពាក់ ហើយក៏ឲ្យ​ដល់​បុរសនោះ ក្នុង​ពេល​នោះ ដោយ​ពាក្យ​ថា ហ៎ អាត្មា​ឲ្យ​ភ្នែកដល់​អ្នក ចូរ​អ្នក​យកភ្នែកនោះ​ទៅ​ចុះ។ រាគៈ​របស់​បុរសនោះ ក៏ប្រាស​ចេញ​ក្នុង​ខណៈ​នោះ​ផង បុរសនោះ បាន​ញ៉ាំង​ភិក្ខុ​នី​នោះ ឲ្យ​អត់​ទោស​ក្នុង​ទីនោះ​ផង ដោយ​ពាក្យ​ថា ម្នាល​នាងជាព្រហ្មចារិនី សួស្ដីចូរ​មាន (ដល់​នាង) ការ​ប្រព្រឹត្តិអនាចារបែបនេះ នឹងមិន​មាន​ដល់​ខ្ញុំ​ទេ។ទ. ២១៧

បើ​ខ្ញុំ​បៀត​បៀនជន (ដែល​គ្មាន​រាគៈ) យ៉ាង​នេះ ក៏ហាក់​ដូច​ជា​ខ្ញុំ​ឱបភ្លើង​កំពុង​ឆេះសន្ធោ​សន្ធៅ ឬចាប់​នូវ​អាសិរិ្ពស បើ​ដូច្នោះ សូមសួស្ដីកើតមាន​ដល់​នាង សូមនាង​អត់​ទោស​ដល់​ខ្ញុំ។

ភិក្ខុនីនោះ លុះរួច​អំពីបុរសជា​អ្នក​លេងនោះ​ហើយ ក៏​បាន​ទៅ​កាន់​សំណាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ ចក្ខុក៏កើត​ឡើង​ដូចពីដើម ព្រោះបាន​ឃើញ​នូវ​មហាបុរិស​លក្ខណៈ ដែល​កើត​អំពីបុញ្ញសម្ភារ​ដ៏​ប្រសើរ។

សុភាថេរី នៅ​ក្នុង​ជីវកម្ពវ័ន។

ចប់ តឹសនិបាត។

ចត្តាឡីសនិបាត


ទ. ២១៨

(១៥. ចត្តាលីសនិបាតោ)

ឥសិទាសីថេរីគាថា

(១. ឥសិទាសីថេរីគាថា)

[៣៣៧] ភិក្ខុ​នីពីររូប ជាកុលធីតា​ក្នុង​សាក្យត្រកូល ជា​អ្នក​មាន​គុណសម្បត្តិ ក្នុង​នគរកុសុមបាដលិបុត្ត ដែល​ជាមណ្ឌល​នៃដែនដី។ បណ្ដាភិក្ខុ​នី​ទាំង​ពីររូបនោះ ភិក្ខុ​នី ១ រូប ឈ្មោះ​ឥសិទាសី ភិក្ខុ​នីទី ២ ឈ្មោះ​ពោធិ ជា​អ្នក​បរិបូណ៌​ដោយ​សីល ជា​អ្នក​ត្រេក​អរ​ដោយ​ការ​រំពឹង​ក្នុង​ឈាន ជា​ពហុស្សូត មាន​កិលេសកំចាត់​បង់​ហើយ។ ភិក្ខុ​នី​ទាំង​ពីររូបនោះ ត្រាច់​ទៅ​បិណ្ឌបាត ហើយធ្វើ​នូវ​ភត្តកិច្ច លុះ​លាង​បាត្រ​ហើយ អង្គុយជា​សុខ ក្នុង​ទីស្ងាត់ ទើបផ្ដើមនិយាយសំដី​ទាំង​ឡាយ​នេះ​ថា។ ម្នាលនាងម្ចាស់ ឈ្មោះ​ឥសិទាសី នាងជាស្រីគួរ​ជ្រះ​ថ្លា ទាំង​វ័យ​របស់​នាង​ក៏​មិន​ទាន់​សាបសូន្យ អើ ចុះនាង​ឃើញទោស​ដូចម្ដេច ទើបមកប្រកប​ខ្លួន​ក្នុង​បព្វជ្ជា។ទ. ២១៩

ឥសិទាសីភិក្ខុ​នីនោះ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម្មទេសនា កាល​បើ​ពោធិ​ភិក្ខុ​នីសាក​សួរ ក្នុង​ហេតុជា​ប្រយោជន៍ យ៉ាង​នេះ​ហើយ ក៏​បាន​ពោល​នូវ​ពាក្យ​នេះ​ថា ម្នាលនាងពោធិ នាងចូរស្ដាប់​តាមដំណើរ ដែល​ខ្ញុំ​បួសចុះ។

លំដាប់​អំពីនេះ​ទៅ គឺជា​ពាក្យ​វិសជ្ជនា

សេដ្ឋី​អ្នក​សង្រួម​ក្នុង​សីល ជា​បិតា​របស់​ខ្ញុំ ក្នុង​បុរី​ដ៏​ប្រសើរ​ឈ្មោះ​ឧជ្ជេនី (ក្នុង​ដែនអវន្ដិ) ខ្ញុំ​ជាធីតាម្នាក់ ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ជា​អ្នក​គួរ​ទទួលសេចក្ដីអនុគ្រោះ​របស់​បិតានោះ។ លុះ​ចំណេរមក​ខាង​ក្រោយ សេដ្ឋីមាន​ត្រកូល​ដ៏​ឧត្តម មាន​ទ្រព្យច្រើន មក​អំពី​នគរ​សាកេត ដណ្ដឹង​ខ្ញុំ បិតា​ក៏​បាន​ឲ្យ​ខ្ញុំ​ជា​កូន​ប្រសា​របស់​សេដ្ឋីនោះ។ ខ្ញុំ​ចូល​ទៅ​ក្រាប​ក្បាលថ្វាយ​បង្គំនូវ​ជើងម្ដាយ​ក្មេក និងឪពុកក្មេក រាល់​ល្ងាចព្រឹក តាម​ដំណើរ ដែល​មាតា​បិតាប្រៀនប្រដៅ។ ខ្ញុំ​ឃើញ​នូវ​អ្នក​ដណ្ដឹងសូម្បីម្នាក់ ដែល​ជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវារ​របស់​ស្វាមី ខ្ញុំ​ក៏រលះរលាំង ក្រាល​អាសនៈ។ ខ្ញុំ​អង្គាសផ្គត់​ផ្គង់ ឲ្យ​បាយ ទឹក និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ តាមសម​គួរ​ដល់​វត្ថុ​ដែល​គេ​ត្រូវការ។ទ. ២២០ ខ្ញុំ​ក្រោក​ឡើង​តាមកាល​គួរ ហើយ​ចូល​ទៅ​កាន់​ផ្ទះ​របស់​ប្ដី ជូតសំអាតនូវ​ធរណីទ្វារ (ជាដើម) នឹងដៃ​ជើង ផ្គងអញ្ជលីចូល​ទៅ​រកប្ដី។ ខ្ញុំ​យកស្និតសក់ ម្សៅសម្រាប់​លាបមុខ ថ្នាំសម្រាប់​បន្ដក់​ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យ​ប្ដី​ដោយ​ខ្លួន​ឯង ហាក់​ដូច​ជា (វណ្ណទាសី) អ្នក​ធ្វើ​នូវ​ការ​បំរើ។ ខ្ញុំ​ដាំបាយខ្លួន​ឯង លាងភាជន៍ខ្លួន​ឯង បំរើភស្ដា ដូច​ជាមាតាថ្នមកូនខ្ចី។ តែភស្ដា​តែងខឹងសម្បារ​នឹង​ខ្ញុំ ដែល​ជាស្ត្រី​បំរើបាយ គ្មាន​ស្រ្តីណាលើ​ស ជាស្រ្តីធ្វើ​ការ (គ្រប់​យ៉ាង) ជាស្ត្រីមិន​មាន​សេចក្ដីប្រកាន់ មាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស មាន​មារយាទ​យ៉ាង​នេះ។ ស្វាមីនោះ និយាយ​នឹងមាតាបិតា​របស់​គេ​ថា ខ្ញុំ​សូមលា (អ្នក​ម្ដាយលោកឪពុក) ទៅ (ក្នុង​ទីណា​មួយ) (ព្រោះ) ខ្ញុំ​មិនអាចនៅ​រួមគ្នា​ក្នុង​ផ្ទះ​មួយ ជាមួយ​នឹងនាង​ឥសិទាសី​ឡើយ។

(មាតាបិតា​ពោលថា) នែកូន កុំ​ពោលយ៉ាង​នេះ​ឡើយ នាង​ឥសិទាសី ជា​បណ្ឌិត​ឈ្លាសវៃ ជាស្រ្តីមាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស​ទេ ម្នាលកូន ហេតុអ្វីក៏​កូនឯង​មិន​ពេញ​ចិត្ត។

(កូន​ពោលថា) នាងឥសិទាសី មិន​បៀត​បៀនអ្វី ៗ ដល់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​នៅ​ជា​មួយ​នឹងនាងឥសិទាសី ព្រោះ​ថា នាង​ឥសិទា​សី ជាស្រីសំអប់​របស់​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹងនៅ​រួមទេ ខ្ញុំ​សូមលាទៅ​ហើយ។

ម្ដាយ​ក្មេក និង​ឪពុកក្មេក បាន​ស្ដាប់​ពាក្យ​កូននោះ​ហើយ សួរ​ខ្ញុំ​ថា​ទ. ២២១ នាងធ្វើ​ខុសអ្វីទេ នាងចូរប្រាប់​កំហុស​ដែល​នាងធ្វើ​ហើយ នាងចូរដោះ​ស្រាយ តាម​សេចក្ដី​ពិត​មកចុះ។

(ខ្ញុំ​ក៏ឆ្លើយថា) ខ្ញុំ​មិន​បាន​ប្រទូស្តអ្វី ៗ ទេ ខ្ញុំ​មិន​បៀត​បៀន មិន​ពោល​ពាក្យ​អាក្រក់ (ដល់​គាត់​ទេ) ភស្ដា​ស្អប់​ខ្ញុំ ឲ្យ​ខ្ញុំ​អាចធ្វើ​អ្វីកើត។

ម្ដាយក្មេក និងឪពុកក្មេក​ទាំង​ឡាយ​នោះ ក៏អាក់​អន់​ចិត្ត ត្រូវសេចក្ដី​ព្រួយ​គ្រប​សង្កត់ ក៏នាំ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ផ្ទះ​បិតាវិញ រក្សានូវ​កូន (ដោយ​គិតថា) យើង​នឹងរក​ឲ្យ​បាន​នូវ​ស្រ្តីមាន​រូបឆោម​ដ៏​មាន​សិរី។ គ្រាក្រោយមក បិតាបាន​ឲ្យ​ខ្ញុំ ក្នុង​ផ្ទះ​នៃ​ត្រកូលទី ២ ជា​អ្នក​ស្ដុកស្ដម្ភ ដោយ​ជំនូនពាក់​កណ្ដាល អំពីជំនូន​ដែល​សេដ្ឋី​បាន​ជូន​មក​ខ្ញុំ​មុននោះ។ ខ្ញុំ​បាន​នៅ​ក្នុង​ផ្ទះ​នៃប្ដីទី ២ នោះ អស់ ១ ខែ គ្រា​នោះ គាត់​ក៏បណ្ដេញ​ខ្ញុំ ដែល​ជាស្រ្តី​ខ្នះខ្នែងបំរើ​ដូច​ជាទាសី ជាស្រីមិនប្រទូស្ត មាន​មារយាទល្អ។ បិតា​របស់​ខ្ញុំ និយាយ​នឹងបុរស​អ្នក​ទូន្មាន (ចិត្ត) អ្នក​ទូន្មាន (កាយ និងវាចា) ដែល​កំពុងត្រាច់​ទៅ​ដើម្បី​ភិក្ខាថា អ្នក​ចូរ​ជា​កូនប្រសា​របស់​ខ្ញុំ អ្នក​ចូរបោះ​ចោល​នូវ​កំណាត់​សំពត់ និង​ឆ្នាំង។ ស្វាមីទី ៣ នោះ បាន​នៅ (ជាមួយ​នឹង​ខ្ញុំ) អស់​បក្ខ ១ (កន្លះខែ) ក៏និយាយ​នឹងបិតា​ខ្ញុំ​ថា អ្នក​ចូរ​ឲ្យ​កំណាត់​សំពត់ ឆ្នាំង និងអំបែងមក​ខ្ញុំ​វិញ ខ្ញុំ​នឹងត្រាច់​ទៅ​ដើម្បី​ភិក្ខាទៀត។ គ្រា​នោះ បិតាមាតា និងពពួក​ញាតិ​ទាំង​អស់​របស់​ខ្ញុំ និយាយ​នឹងបុរសនោះ​ថាទ. ២២២ អ្នក​ណាមិនធ្វើ​តាម​អ្នក​ក្នុង​ទីនេះ​ឬ អ្នក​ចូរប្រាប់​ហេតុ​ដែល​គេ​ធ្វើ​ដល់​អ្នក​ឲ្យ​ឆាប់។ បុរស​នោះ កាល​បើគេ​ពោល​យ៉ាង​នេះ​ហើយ ក៏​ពោល​តបថា បើខ្លួន​របស់​ខ្ញុំ​អាច​នៅ​បាន (ក៏​នាងឥសិទាសី) មិន​គួរ​ដល់​ខ្ញុំ (ព្រោះ​ហេតុ​នោះ​) ខ្ញុំ​មិននៅ​ជាមួយ​នាងឥសិទាសី ក្នុង​ផ្ទះ​មួយជាមួយគ្នាទេ។ បុរស​នោះ កាល​បើ (បិតា​របស់​ខ្ញុំ) លះ​បង់​ហើយ ក៏ទៅ​បាត់​ទៅ ចំណែកខាង​ខ្ញុំ​ជាស្រ្តីនៅ​តែម្នាក់​ឯង គិតថា​អាត្មា​អញ​នឹងលាមាតាបិតាទៅ​ស្លាប់ ឬ​ទៅ​បួស។ គ្រា​នោះ នាងថេរី​ជាម្ចាស់​ឈ្មោះ​ជិនទត្តា ជា​អ្នក​ទ្រទ្រង់​នូវ​វិន័យ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល កាល​ត្រាច់​ទៅ​ដើម្បី​ភិក្ខាហារ ក៏​បាន​និមន្ដមកកាន់​ត្រកូល​នៃ​បិតា (ខ្ញុំ)។ ខ្ញុំ​ឃើញ​នាង​ជិនទត្តា​ថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈ​របស់​យើង ប្រគេ​ន​នាងថេរីនោះ លុះ​ព្រះ​នាង​គង់​ហើយ ខ្ញុំ​ក៏ថ្វាយ​បង្គំនូវ​ព្រះ​បាទា ហើយ​ប្រគេ​ន​ភោជន។ ខ្ញុំ​ញ៉ាំង​ជិនទត្តាថេរី ឲ្យ​ឆ្អែត​ស្កប់​ស្កល់ ដោយ​បាយ និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ ហើយ​ពោលថា បពិត្រ​ព្រះ​នាង​ជាម្ចាស់ ខ្ញុំ​ចង់​បួស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌​នោះ​​ក្នុង​ផ្ទះ​នេះ​ទៅ​ចុះ ចូរញ៉ាំង​សមណៈ​ទាំង​ឡាយ​ផង ព្រាហ្មណ៍​ទាំង​ឡាយ​ផង ឲ្យ​ឆ្អែត​ស្កប់​ស្កល់​ដោយ​បាយ និងទឹក​ចុះ។ទ. ២២៣ លំដាប់​នោះ ខ្ញុំ​ក៏ប្រណម្យ​អញ្ជលី យំ​ពោល​នឹង​បិតាថា បពិត្រ​បិតា សូមលោក​អនុញ្ញាត​ខ្ញុំ ខ្ញុំ​នឹងញ៉ាំង​បាបកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​នោះ ឲ្យ​វិនាស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា (ព្រះ​សម្មាសម្ពុទ្ធ) ព្រះ​អង្គ​ប្រសើរជាងសត្វ​ជើងពីរ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​លោកុត្តរធម៌​ណា នាង​ចូរ​បាន​លុះ​នូវ​ពោធិញ្ញាណ និងអគ្គធម៌ និងព្រះ​និព្វាន​នោះ​ចុះ។ ខ្ញុំ​ថ្វាយ​បង្គំ​លា​បិតាមាតា និងពពួក​នៃញាតិ​ទាំង​អស់ ហើយ​បួសបាន ៧ ថ្ងៃ ក៏សម្រេច​វិជ្ជាបី។ ខ្ញុំ​ដឹងជាតិ​របស់​ខ្លួន បាន ៧ ជាតិ ផលវិបាកនេះ​របស់​កម្មណា ខ្ញុំ​នឹងប្រាប់​នូវកម្ម​នោះ​ដល់​នាង នាងចូរមាន​ចិត្ត​តែ​មួយ ចាំផ្ទៀងស្ដាប់​នូវ​កម្មនោះ ដូចតទៅ​នេះ ខ្ញុំ​ជាជាង​មាសមាន​ទ្រព្យច្រើន ក្នុង​នគរឈ្មោះ​ឯកកច្ឆៈ ខ្ញុំ​នោះ​ជា​មនុស្សស្រវឹង ព្រោះ​ការ​ស្រវឹង​វ័យ បាន​ប្រព្រឹត្តសេពសំភព​នឹងប្រពន្ធបុគ្គល​ដទៃ។ ខ្ញុំ​នោះ​លុះ​ឃ្លាត​ចាក​អត្តភាពនោះ​ហើយ ក៏ឆេះរោលរាល​ក្នុង​នរកអស់​កាលយូរ លុះ​រួច​ចាក​នរកនោះ​ហើយ មកចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់​នៃហ្វូង ខាំផ្ដាច់​នូវ​ជាតកម្ម គឺអង្គ​ជាត (របស់​ខ្ញុំ) ដែល​ទើប​នឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផល​នៃកម្ម​របស់​ខ្ញុំ​នុ៎ះ ដែល​គប់​រក​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​នោះ​ធ្វើ​មរណកាល ច្យុត​ចាក​កំណើត​នៃស្វានោះ​ហើយ ក៏ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មេ​ពពែខ្វាក់​ផង ខ្ចកផង ក្នុង​ដែន​នៃ​ស្ដេច​សិន្ធវៈ។ទ. ២២៤ ខ្ញុំ​ត្រូវគេ​ព្រនាក់​កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេ​គ្រៀវ ត្រូវដង្កូវបៀត​បៀន ឈឺចាប់ ព្រោះ​តែ​អំពើ​ដែល​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ច្យុត​ចាក​កំណើត​នៃពពែ​នោះ​ហើយ ក៏កើត​ជា​កូនគោ អំពីមេគោ​របស់​ឈ្មួញគោ បាន ១២ ខែ មាន​រោម​ក្រហម​ដូច​ជា​ជ្រលក់​ល័ក្ត ហើយត្រូវគេ​គ្រៀវ។ ខ្ញុំ​តែងទាញនូវ​នង្គ័ល និង​រទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ជាសត្វច្យុត​ចាក​កំណើត នៃគោនោះ​ហើយ ក៏កើត​ក្នុង​ផ្ទៃ​នៃទាសី​ក្នុង​ផ្ទះ​ក្បែរថ្នល់ មិន​ប្រាកដ​ជាស្រី មិន​ប្រាកដជាប្រុស (ខ្ទើយ) ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​ស្លាប់​ក្នុង​អាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុង​ត្រកូល​នៃ​អ្នក​រទេះ ដែល​ជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់​ទ្រព្យរឹបជាន់​ច្រើន។ កាល​ការ​ប្រាក់​ចំរើន​ច្រើន​ឡើង​ហើយ នាយ​ឈ្មួញរទេះ ក៏អូសទាញ​ខ្ញុំ អំពីផ្ទះ​នៃ​ត្រកូល ដែល​កំពុងយំខ្សឹកខ្សួល។ទ. ២២៥ គ្រា​នោះ បុត្រ​របស់​ឈ្មួញរទេះនោះ ឈ្មោះ​គិរិទាសៈ បាន​ឃើញ​ខ្ញុំ​ជាស្រ្តីនៅ​ក្រមុំ មាន​វ័យចំរើន ក្នុង​ឆ្នាំជា​គំរប់ ១៦ ក៏ហួងហែងទុក (ក្នុង​ផ្ទះ​របស់​ខ្លួន​)។ ប្រពន្ធដទៃ​របស់​គិរិទាសៈ ជាស្រ្ដីមាន​សីល​ផង មាន​គុណ​ផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ស្អប់​នូវ​ប្រពន្ធ​របស់​គាត់។ ប្ដី​ទាំង​ឡាយ លះលែង​ខ្ញុំ ដែល​ជា​អ្នក​ខ្នះខ្នែងបំរើដូច​ជាទាសី ព្រោះផល​នៃ​កម្មណា នុ៎ះជាផលកម្ម (របស់​ខ្ញុំ) នោះ ទីបំផុត​នៃបាបកម្មនោះ​ឯង ខ្ញុំ​បាន​ធ្វើ​ហើយ។

ឥសិទាសីថេរី។

ចប់ ចត្តាឡីសនិបាត។

មហានិបាត


ទ. ២២៦

(១៦. មហានិបាតោ)

សុមេធាថេរីគាថា

(១. សុមេធាថេរីគាថា)

[៣៣៨] នាងសុមេធា ជាធីតា​នៃអគ្គមហេសី​របស់​ព្រះ​រាជា ទ្រង់​ព្រះ​នាម​កោញ្ចៈ ក្នុង​នគរឈ្មោះ​មន្ដាវតី ជាស្រ្តី​ដែល​ព្រះ​អរិយៈ អ្នក​ធ្វើ​សាសនា​ឲ្យ​ជ្រះ​ថ្លា​ហើយ។ នាង​សុមេធា ជាស្រីមាន​សីល ជាធម្មកថិកា​ដ៏​វិចិត្រ ជា​ពហុស្សូត ជាស្រីបាន​បទ​ក្នុង​ព្រះ​ពុទ្ធសាសនា ចូល​ទៅ​ជិតព្រះ​មាតាបិតា ហើយទូលថា សូមទ្រង់​ទាំង​ពីរ​ស្ដាប់ (ពាក្យ​ខ្ញុំ​ម្ចាស់)។ ខ្ញុំ​ម្ចាស់​ជា​អ្នក​ត្រេកអរ ចំពោះ​ព្រះ​និព្វាន ភពសូម្បី​ជា​ទិព្វ ក៏ជា​របស់​មិន​ទៀង​ទាត់ នឹងចាំបាច់​ពោលទៅ​ថ្វី​ដល់​កាម​ទាំង​ឡាយ ដែល​ជា​របស់​សោះសូន្យ មាន​ការ​ត្រេកអរ​តិច មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន។ ពួក​ជនពាល ឈ្លក់​ក្នុង​កាម​ទាំង​ឡាយ​ណា កាម​ទាំង​ឡាយ​នោះ ជាសភាវៈ​ខ្លោចផ្សា ឧបមា​ដូច​ជាអាសិរពិស ពួក​ជនពាល​ទាំង​នោះ សឹងពេញ​ណែនត្រៀបត្រា​ក្នុង​នរក រងទុក្ខលំបាកអស់​កាល​ដ៏​អង្វែង។ ពួក​ជន​ពាលមាន​កម្ម​ដ៏លាមក មាន​គំនិតអាក្រក់ មិន​សង្រួមកាយ វាចា ចិត្ត រមែង​សង្រេងសង្រៃ ក្នុង​វិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាល​ទាំង​នោះ ជា​អ្នក​ឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុ​នៃ​ទុក្ខរួបរឹត មិន​ដឹង (នូវ​ចតុសច្ច​ធម៌) ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង រមែង​មិនត្រាស់​ដឹង​នូវ​អរិយសច្ច​ទាំង​ឡាយ។ទ. ២២៧ បពិត្រ​ព្រះ​មាតា ជន​ទាំង​ឡាយ​ជា​ច្រើន​នាក់​ណាស់ ដែល​មិន​ដឹង​នូវ​សច្ចធម៌ ដ៏ជា​ធម៌ គឺព្រះ​ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​សំដែង ហើយ​ត្រេកអរ​តែ​នឹងភព ពេញ​ចិត្ត​តែ​នឹង​ការ​កើត​ក្នុង​ពួក​ទេវតា។ សូម្បីការ​កើត​ក្នុង​ពួក​ទេវតា ក៏​មិនទៀង កាល​បើ​ភពមិន​ទៀង ពួក​ជន​ពាល​ក៏នៅ​តែ​មិនតក់​ស្លុត​នឹងភព​ដែល​សត្វ​ត្រូវកើតញយ ៗ។ វិនិបាត8) ៤ និងគតិ ២ បុគ្គល​គប្បី​បាន​ដូចម្ដេចកើត បព្វជ្ជា​របស់​ពួក សត្វ​វិនិបាត​ក្នុង​នរក មិន​មាន​ឡើយ។ សូមទ្រង់​ទាំង​ពីរអនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​ទស​ពល ខ្ញុំ​ម្ចាស់​នឹងជាស្រ្តីមាន​សេចក្ដីខ្វល់​ខ្វាយ​តិច ប្រឹងប្រែងដើម្បី​លះ​បង់​នូវ​ជាតិ និង​មរណៈ។ ប្រយោជន៍អ្វី​ដោយ​ភព ដែល​អ្នក​ផង​ត្រេកត្រអាល ប្រយោជន៍អ្វី​ដោយ​កាយជាទោស ឥតខ្លឹមសារ សូមទ្រង់​អនុញ្ញាត ខ្ញុំ​ម្ចាស់​នឹង​បួស ដើម្បី​រំលត់​នូវ​ភវតណ្ហា។ ការ​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ (ខ្ញុំ​ម្ចាស់​បាន​ចួបប្រទះ​ហើយ) កាល​មិន​មែន​ជាខណៈ ខ្ញុំ​ម្ចាស់​វៀរ​ស្រឡះ​ហើយ ខណៈ ខ្ញុំ​ម្ចាស់​បាន​ហើយ ខ្ញុំ​ម្ចាស់​មិនប្រទូស្ដនូវ​សីល និង​ព្រហ្មចរិយៈ រហូត​អស់​មួយជីវិត។

លុះនាងសុមេធា ក្រាប​ទូល​យ៉ាង​នេះ គ្រា​នោះ ព្រះ​មាតាបិតា បាន​មាន​បន្ទូល​នឹង​នាងថា យើង​ទាំង​ឡាយ​ជាគ្រហស្ថ សុទ្ធ​តែ​លុះ​ក្នុង​អំណាច​នៃសេចក្ដីស្លាប់ និងលះ​បង់​មិន​បាន​ទេ។ទ. ២២៨

មាតាជា​ទុក្ខស្រែកយំ បិតាក៏ជា​ទុក្ខ ត្រូវសេចក្ដីសោកស្ដាយ​គ្រប​សង្កត់​ដូចគ្នា ប្រឹងប្រែងសង្រួប​សង្រួមធីតានោះ ដែល​ដួលចុះលើ​ផែនដី នាផ្ទៃ​ប្រាសាទថា។

ម្នាល​កូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វី​ដោយ​ការ​សោក (ដើម្បី​ចង់​បួស) យើងបាន​ថ្វាយនាងដល់​ស្ដេច ទ្រង់​ព្រះ​នាម​អនិករត្តៈ ជាស្ដេចមាន​រូប​ល្អ ក្នុង​នគរឈ្មោះ​វារណវតី​ហើយ។ នាង​នឹង​បាន​ជាអគ្គមហេសី នឹង​បាន​ជាភរិយា របស់​ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេ​ធ្វើ​បាន​កម្រ​ណាស់។ អាណាចក្រ​ក្នុង​រាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏​មាន​ច្រើន) ភោគ​សម្បត្តិ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាង ក៏នៅ​ក្រមុំ ព្រោះ​ហេតុ​នោះ នាង​ចូរ​ប្រើប្រាស់​ភោគសម្បត្តិ តាម​ប្រាថ្នា​ចុះ។ ម្នាលកូនស្រី កិច្ច​ដែល​គេ​ត្រូវដណ្ដឹង ចូរ​មាន​ដល់​នាង។

គ្រា​នោះ នាងសុមេធា ក្រាបទូលមាតាបិតា​នោះ​ថា សម្បត្តិ​ទាំង​ឡាយ​ប្រាកដ​ដូច្នេះ ចូរ​កុំមាន (ដល់​ខ្ញុំ​ម្ចាស់) ភពជា​របស់​គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមាន​ដល់​ខ្ញុំ​ម្ចាស់ ព្រោះ​ហេតុ​នោះ កិច្ច​ដែល​គេ​ត្រូវដណ្ដឹង (ចូរ​កុំមាន​ដល់​ខ្ញុំ​ម្ចាស់​ឡើយ)។ (សរីរៈ​នេះ​) ដូច​ជាដង្កូវ ជា​កាយ​ស្អុយ មិន​ស្អាត មាន​ក្លិន​ផ្សាយ​ទៅ​គួរ​ឲ្យ​ខ្លាចទ. ២២៩ ដូច​ជា​ការុងជាវិការ​នៃស្បែក ពេញ​ដោយ​សាកសព ពេញ​ដោយ​របស់​មិនស្អាត ដែល​ហូរចេញ​ក្នុង​កាលម្ដង ៗ។ ខ្ញុំ​ម្ចាស់​ដឹង​នូវ​សរីរៈ​នោះ​ថា ដូច​ជាអ្វីមួយ ដែល​បូកលាប​ដោយ​សាច់ និង​ឈាម ជា​របស់​គួរ​ខ្ពើម​ក្រៃពេក ជាលំនៅ​នៃហ្វូងដង្កូវ ជាចំណី​នៃសត្វ​ស្លាប ជា​សាកសព (គេ​) នឹង​ឲ្យ​ដល់​អ្នក​ណាម្ដេចបាន។ កាយ​ដែល​មាន​វិញ្ញាណ​ប្រាសចេញ​ហើយ មិន​យូរប៉ុន្មាន គេ​តែងដុត​ក្នុង​ព្រៃ​ស្មសាន ពួក​ញាតិ​ដែល​ខ្ពើមរអើម ក៏បោះ​បង់​ចោល ដូច​ជាអង្កត់​អុស។ មាតាបិតា​របស់​ខ្លួន ចោលសាកសពនោះ ឲ្យ​ជាចំណីសត្វ​ដទៃ​ក្នុង​ព្រៃ​ស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួន​ដើរចេញ​ទៅ​) ចំណង់​បើ​សាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត។ សត្វ​ទាំង​ឡាយ តែងជ្រុលជ្រប់​ក្នុង​គ្រោង​កាយ ជា​សាកសពឥតខ្លឹមសារ ដែល​សង្ខារផ្សំផ្គុំ​ដោយ​ឆ្អឹង និងសរសៃ ជា​កាយ​ស្អុយ ពេញ​ដោយ​ទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ។ បើ​បុគ្គល​ពន្លាត់​រាង​កាយ​នោះ ធ្វើ​អាការ​ខាង​ក្នុង​នៃវា ឲ្យ​ត្រឡប់​មក​ខាង​ក្រៅវិញ សូម្បី​មាតា​របស់​ខ្លួន ក៏ខ្ពើម​រអើមអត់​ទ្រាំ​នឹង​ក្លិនពុំបាន។ ខ្ញុំ​ម្ចាស់​និយាយ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា នូវ​ខន្ធ ធាតុ អាយតនៈ ដែល​សង្ខារ​តាក់​តែង ថាមាន​ជាតិជាឫសគល់ នាំ​មក​នូវ​ទុក្ខ មិន​ជា​ទីពេញ​ចិត្ត នឹងប្រាថ្នា​នូវ​កិច្ច​ដែល​គេ​ត្រូវដណ្ដឹងដើម្បី​អ្វី។ លំ​ពែង ៣០០ ដែល​សំលៀងថ្មី ៗ គប្បី​ធ្លាក់​ចុះលើ​កាយ​រាល់ ៗ ថ្ងៃទ. ២៣០ ប្រសិនបើ ការ​អស់​ទៅ​នៃ​ទុក្ខ សូម្បីមាន​ការ​លំបាក (យ៉ាង​នេះ​) អស់​រយឆ្នាំ ជា​ការ​ប្រសើរ។ បុគ្គល​ណា ដឹងព្រះ​ពុទ្ធដីការ​បស់​ព្រះ​សាស្ដា​យ៉ាង​នេះ ហើយបាន​ទទួល​នូវ​សេចក្ដីលំបាក (ការ​អស់​ទៅ​នៃ​ទុក្ខ តែង​មាន​ដល់​បុគ្គល​នោះ​) សង្សារ (ការ​អន្ទោលទៅ​) របស់​បុគ្គល​ពាល​ទាំង​ឡាយ ដែល​លំបាករឿយ ៗ ជាសង្សារ​វែងឆ្ងាយ។ ការ​លំបាក​តានតឹង​មិន​មាន​ប្រមាណ រមែង​ប្រាកដ​ក្នុង​ពួក​ទេវតា ពួក​មនុស្ស ក្នុង​កំណើតតិរច្ឆាន ក្នុង​ពួក​អសុរកាយ ក្នុង​ពួក​ប្រេត និង​ក្នុង​ពួក​នរក។ ក្នុង​នរក មាន​សេចក្ដីលំបាកច្រើន សត្វ​ដែល​កើត​ក្នុង​វិនិបាត ក៏លំបាក សូម្បី​ក្នុង​ពួក​ទេវតា ក៏​មិន​មាន​ទីពឹង សេចក្ដី​សុខ​ដទៃ​ក្រៃលែង ជាងសេចក្ដីសុខ​ក្នុង​ព្រះ​និព្វាន មិន​មាន​ទេ។ បុគ្គល​ពួក​ណា ខំប្រឹងប្រែង​ក្នុង​សាសនា​របស់​ព្រះ​ទសពល ជា​អ្នក​មាន​សេចក្ដីខ្វល់​ខ្វាយតិច ខំព្យាយាមលះ​បង់​ជាតិ និង​មរណៈ បុគ្គល​ពួក​នោះ ឈ្មោះ​ថាបាន​ព្រះ​និព្វាន។ បពិត្រ​ព្រះ​បិតា ខ្ញុំ​ម្ចាស់​នឹងចេញ​បួស​ក្នុង​ថ្ងៃ​នេះ ប្រយោជន៍អ្វី​ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ឥត​ខ្លឹមសារ កាម​ទាំង​ឡាយ ទុក​ស្មើវត្ថុ​ដែល​គេ​ខ្ជាក់​ចោល ខ្ញុំ​ម្ចាស់​នឿយណាយ​ហើយ ធ្វើ​ឲ្យ​ដូចដើមត្នោតមិន​មាន​ទីកើត (ដែល​បុគ្គល​ដក​ចោល​ហើយ)។ទ. ២៣១

នាងសុមេធានោះ កំពុងនិយាយ​នឹងបិតាយ៉ាង​នេះ ស្រាប់​តែ​ព្រះ​បាទ​អនិករត្តៈ ដែល​បិតាបានថ្វាយនាងដល់​ទ្រង់ សេ្ដចព្រះ​រាជដំណើរចូល​ទៅ​ដល់ ដោយ​មាន​ពួក​កំលោះ​ហែហម (ព្រោះ) ការ​ត្រូវដណ្ដឹង មាន​ក្នុង​កាល​ប្រាកដ​ហើយ។ ក្នុង​កាល​នោះ នាងសុមេធា កាត់​នូវ​សក់​ទាំង​ឡាយ ដែល​មាន​ពណ៌ខ្មៅ​រលើ​ប ស្លូតទន់ ដោយ​ព្រះ​ខាន់ ហើយបិទទ្វារប្រាសាទ រួច​ចូលបឋមជ្ឈាន។ នាង​សុមេធា កំពុង​តែចូល​សមាបត្តិ ចំរើន​នូវ​អនិច្ចសញ្ញាលើ​ប្រាសាទ គាប់​ចួនស្ដេចអនិករត្តៈ ក៏យាង​មក​ដល់​នគរ។ នាង​សុមេធានោះ កំពុង​តែធ្វើ​ទុក​ក្នុង​ចិត្ត (នូវ​អនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែល​ស្អិតស្អាង​ព្រះ​អង្គ ដោយ​គ្រឿង​អលង្ការ ជាវិការៈ​កែវមណី និងមាស ក៏ឡើង​មក​ដោយ​រួសរាន់ ហើយធ្វើ​អញ្ជលី អង្វរនាង​សុមេធាថា។ អាជ្ញា​ក្នុង​រាជ​របស់​យើង ទ្រព្យ និង​ឥស្សរិយយស (ក៏​មាន​ច្រើន) ភោគសម្ប័ទទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាងសោត ក៏នៅ​ក្រមុំ នាងចូរប្រើប្រាស់​ភោគសម្ប័ទ តាមប្រាថ្នា​ចុះ (ព្រោះ​ថា) កាមសុខ​ក្នុង​លោក គេ​រកបាន​ដោយ​កម្រណាស់។ រាជសម្បត្តិ យើងប្រគល់​ផ្ដាច់​ឲ្យ​នាង នាងចូរ​ប្រើប្រាស់​នូវ​ភោគសម្ប័ទ​ទាំង​ឡាយ ចូរ​ឲ្យ​នូវ​ទានចុះ នាង​កុំតូចចិត្ត​ឡើយ មាតា​បិតា​របស់​នាង ជា​ទុក្ខ។ទ. ២៣២

នាងសុមេធា ជាស្រ្តី​មិន​ត្រូវការ​ដោយ​កាម មាន​មោហៈ​ទៅ​ប្រាស​ហើយ ក៏ទូល​តប​ស្ដេច​អនិករត្តៈ​នោះ​ថា ព្រះ​អង្គ​កុំត្រេកត្រអាល​ចំពោះ​កាម​ទាំង​ឡាយ ព្រះ​អង្គ​ចូរ​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​វិញ។ ព្រះ​រាជាទ្រង់​ព្រះ​នាម​មន្ធាតុ ជាធំលើ​ទ្វីប​ទាំង​បួន ជា​បុគ្គល​ប្រសើរផុតជាងពួក​ជន​អ្នក​បរិភោគ​កាម ទ្រង់​មិនឆ្អែតឆ្អន់ (ដោយ​កាម​ទាំង​ឡាយ​) ទ្រង់​ទិវង្គតទៅ សេចក្ដី​ប្រាថ្នា​របស់​ស្ដេចនោះ នៅ​តែមិនពេញ​គ្រប់​គ្រាន់​នៅ​ឡើយ។ ភ្លៀង​គប្បី​បង្អុរចុះ​នូវ​រតនៈ​ទាំង​ឡាយ ៧ ប្រការ ជុំវិញ គ្រប់​ទិស​ទាំង ១០ សេចក្ដីឆ្អែតចំពោះ​កាម​ទាំង​ឡាយ ក៏នៅ​តែ​មិនល្មម ពួក​នរ​ជន រមែង​ស្លាប់​ទៅ​ទាំង​មិនឆ្អែត។ កាម​ទាំង​ឡាយ ប្រៀប​ដូចដាវ និង​ឈើ​ស្រួច កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាក្បាល​នៃពស់ ឬប្រៀប​ដូច​ជាគប់​ភ្លើង ក្រៀម​ក្រោះ​ដូច​ជារាង​ឆ្អឹង តែងដុត​កំដៅរឿយ ៗ។ កាម​ទាំង​ឡាយ មិន​ទៀង​ទាត់ មិន​ឋិត​ថេរ មាន​ទុក្ខច្រើន មាន​ពិសខ្លាំង មាន​សេចក្ដី​តានតឹង ជាឫសគល់ មាន​សេចក្ដីទុក្ខជាផល ដូច​ជាដុំដែក​ដែល​កំពុង​ឆេះ។ កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាផ្លែឈើ ឬប្រៀប​ដូច​ដុំសាច់ នាំ​មក​នូវ​ទុក្ខ កាម​ទាំង​ឡាយ ដូច​ជា​ការ​យល់​សប្ដិ ជា​គ្រឿង​បញ្ឆោត ដូច​ជា​របស់​ខ្ចីគេ។ កាម​ទាំង​ឡាយ ដូច​ជាលំពែង និងដែកស្រួច ដូច​ជារោគ ឬ​ដូច​ជាបូស ជា​គ្រឿង​តាន​តឹង ចង្អៀតចង្អល់ទ. ២៣៣ កាម​ទាំង​ឡាយ ប្រាកដស្មើ​ដោយ​រណ្ដៅ​នៃរងើក​ភ្លើង មាន​សេចក្ដី​តានតឹង​ជាឫស ជាភ័យ ជាខ្មាំង។ កាម​ទាំង​ឡាយ មាន​សេចក្ដីទុក្ខ​ច្រើនយ៉ាង​នេះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ជាសភាវៈ​ធ្វើ​នូវ​សេចក្ដី​អន្ដរាយ សូម​ព្រះ​អង្គ​យាង​ទៅ​វិញ​ចុះ សេចក្ដីស្និទ្ធស្នាល​ក្នុង​ភព​របស់​ខ្ញុំ​ម្ចាស់ មិន​មាន​ទេ។ បុគ្គល​ដទៃ​នឹង​ធ្វើ​នូវ​ប្រយោជន៍​ដូចម្ដេច ដល់​ខ្ញុំ​ម្ចាស់​កើត កាល​បើក្បាល​របស់​ខ្លួន​ត្រូវភ្លើងឆេះ កាល​បើជរា មរណៈ​កំពុងជាប់​តាម ខ្ញុំ​ម្ចាស់​ត្រូវប្រឹងប្រែង ដើម្បី​កំចាត់​បង់​នូវ​ជរា មរណៈ​នោះ។

នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែល​មក​មិន​ទាន់​ដល់​ទ្វារ កំពុងគង់​យំលើ​ផែនដី ក៏ទូលនូវ​ពាក្យ​នេះ​ថា សង្សារ របស់​បុគ្គល​អន្ធពាល​ដែល​យំទួញញយ ៗ ចំពោះ​សេចក្ដីស្លាប់​របស់​បិតា សេចក្ដីស្លាប់​របស់​បងប្អូន និង​សេចក្ដីស្លាប់​របស់​ខ្លួន ក្នុង​សង្សារវដ្ដ ដែល​គេ​មិន​អាច​ដឹងទីបំផុតបាន ជាសង្សារវែង​ឆ្ងាយ។ សូមទ្រង់​ទាំង​ឡាយ រលឹកនូវ​ទឹកភ្នែក ទឹកដោះ និង​ឈាម កាលទ្រង់​អន្ទោល​ទៅ ព្រោះសង្សារ ដែល​គេ​មិនអាច​ដឹងទី​បំផុតបាន សូមទ្រង់​រលឹកនូវ​គំនរឆ្អឹង​ទាំង​ឡាយ របស់​ពួក​សត្វ​ដែល​អន្ទោល​ទៅ​មក ៗ។ សូមទ្រង់​រលឹកដល់​ទឹកភ្នែក ទឹកដោះ និង​ឈាម ដែល​ប្រៀប​ធៀប​នឹង​សមុទ្រធំ​ទាំង ៤ សូមទ្រង់​រលឹកនូវ​គំនរ​នៃឆ្អឹង​ទាំង​ឡាយ ក្នុង​កប្បមួយ ៗ ដែល​ស្មើ​នឹងភ្នំវេបុល្លៈ។ទ. ២៣៤ ដុំដីប៉ុនគ្រាប់​ក្របៅ ដែល​បុគ្គល​លញ់​ដីអស់​ទាំង​ជម្ពូទ្វីប ក៏​មិនល្មម គឺតិចជាង​មាតាបិតា​ទាំង​ឡាយ​របស់​សត្វ កាល​អន្ទោលទៅ​ក្នុង​សង្សារ ដែល​គេ​មិនអាច​ដឹងទីបំផុតបាន។ សូមទ្រង់​រលឹកនូវ​ស្មៅ កំណាត់​ឈើ មែកឈើ និង​ស្លឹក​ឈើ ដែល​គេ​នាំ​មកប្រៀបធៀប ខ្នាច់​ទាំង​ឡាយ (របស់​ស្មៅជាដើមនោះ​) ប្រមាណបួនធ្នាប់ ៗ ក៏​មិនល្មមស្មើ​នឹងបិតា និងជីតា​ទាំង​ឡាយ ព្រោះសង្សារ មាន​ទីបំផុតគេ​មិនអាចដឹង​បាន។ សូមទ្រង់​នឹកមើល​នូវ​អណ្ដើក​ខ្វាក់ និង​ប្រហោងនឹម (ដែល​ខ្យល់​បក់​បង្វិល) ទៅ​ក្នុង​សមុទ្រ អំពីត្រើយខាងកើត ទៅ​ត្រើយ​ដទៃ​ទៀត និងក្បាលអណ្ដើកនោះ ដែល​ចូល​ទៅ (ក្នុង​ប្រហោងនឹម) នេះ ជាសេចក្ដី​ឧបមា​ក្នុង​ការ​បាន​អត្តភាពជា​មនុស្ស។ សូមទ្រង់​រលឹកនូវ​រូប របស់​គ្រោង​កាយ ជាទោស ឥតខ្លឹមសារ មាន​ឧបមា​ដូចដុំ​នៃ​ពពុះទឹក សូមទ្រង់​ឃើញ​នូវ​ខន្ធ​ទាំង​ឡាយ ថា​ជាសភាវៈ​មិនទៀង​ទាត់ សូមទ្រង់​រលឹកនូវ​នរក​ទាំង​ឡាយ ដែល​មាន​សេចក្ដីទុក្ខ ក្ដួលក្ដៅ​ជា​ច្រើន។ សូមទ្រង់​រលឹកនូវ​សត្វ​ទាំង​ឡាយ ដែល​ញ៉ាំង​ទី​ស្មសានឲ្យ​ចំរើន​រឿយ ៗ ក្នុង​ជាតិ​ទាំង​ឡាយ​នោះ ៗ សូមរលឹកនូវ​ភ័យ​ក្នុង​ការ​ចិញ្ចឹមពោះផង សូមរលឹកនូវ​អរិយ​សច្ច​ទាំង ៤ ផង។ទ. ២៣៥

កាល​បើ​អមតធម៌​មាន ប្រយោជន៍អ្វី ដោយ​ហេតុក្ដៅផ្សា [ហេតុ​ដ៏ក្តៅផ្សា របស់​កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែង​រក ១ បរិគ្គហោ ការ​ហួងហែង​ទុក ១ អារក្ខា ការរក្សា​ទួទៅ​មិនដាច់ ១ បរិភោគោ ការប្រើប្រាស់​លៃលក ១។ អដ្ឋកថា។] ៥ យ៉ាង ដែល​ទ្រង់​សោយ​ហើយ ដ្បិត​តម្រេក​ក្នុង​កាម​ទាំង​អស់ ក្ដៅផ្សា​ក្រៃពេក ព្រោះ​ហេតុ​ក្ដៅផ្សា ៥ យ៉ាង។

កាល​បើអមតធម៌ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​របស់​ក្ដៅក្រហាយ ដ្បិតតម្រេក​ក្នុង​កាម​ទាំង​អស់ (ត្រូវភ្លើង ១១ កង) ឆេះ​ពុះឡើង ញាប់​ញ័រ​ក្ដៅសព្វ។ កាល​បើធម៌​ដែល​ឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​មាន​សត្រូវច្រើន កាម​ទាំង​ឡាយ ជាសា​ធារណៈ មាន​សត្រូវច្រើន គឺសត្រូវ​អំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គល​មិន​ជា​ទី​ស្រឡាញ់។

កាល​បើព្រះ​និព្វាន​មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​គ្រឿង​សម្លាប់ ជា​គ្រឿង​ចង ព្រោះ​ថាកាម​ទាំង​ឡាយ តែង​មាន​គ្រឿង​សម្លាប់​និង​គ្រឿង​ចង ពួក​សត្វនេះ តែងទទួល​សេចក្ដី​ទុក្ខ​ទាំង​ឡាយ ព្រោះ​តែការ​ប្រាថ្នា​កាម។ គប់​ស្មៅ ដែល​ភ្លើងកំពុងឆេះ តែងឆេះ​នូវ​បុគ្គល​អ្នក​កាន់ មិន​លែងចេញ ព្រោះ​ថាកាម​ទាំង​ឡាយ ប្រៀប​ដូច​ជាគប់​ភ្លើង តែងឆេះនូវ​ពួក​សត្វ ដែល​មិនលែងចេញ។ទ. ២៣៦ សូមទ្រង់​កុំ​លះ​បង់​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ ព្រោះ​ហេតុ​តែសុខ​ក្នុង​កាមបន្តិចបន្តួច​ឡើយ សូមទ្រង់​កុំក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ ដូច​ជាត្រីលេបនូវ​សន្ទូច។ សូមទ្រង់​កុំច្រាស់​ច្រាល់ ព្រោះ​តែកាម​ទាំង​ឡាយ ដូចសុនខ ដែល​គេ​ចងភ្ជាប់​នឹង​បង្គោល ឱ សត្វ​ទាំង​ឡាយ ជា​អ្នក​ស្រេកឃ្លាន តែងធ្វើ​តាមសេចក្ដីប្រាថ្នា ដូច​ជាពួក​ចណ្ឌាល (ព្រាន​បណ្ដើរ​ឆ្កែ ដល់​នូវ​សេចក្ដីវិនាស ព្រោះបាន​) នូវ​ឆ្កែ។ បើទ្រង់​ប្រកប​ខ្លួន​ក្នុង​កាម នឹងរង​ទុក្ខ មិន​មាន​ប្រមាណផង រងទោមនស្ស​ក្នុង​ចិត្ត​ដ៏​ច្រើន​ផង សូមទ្រង់​លះ​បង់​កាម​ទាំង​ឡាយ ជា​របស់​មិនទៀងចេញ។ កាល​បើព្រះ​និព្វាន ជាធម្មជាតមិន​ចេះ​ចាស់ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ​ជា​របស់​ចាស់ កំណើត​ទាំង​អស់ ក្នុង​ភព​ទាំង​ពួង (សុទ្ធ​តែ) ត្រូវ​មរណៈ និងព្យាធិរឹបជាន់។ ព្រះ​និព្វាន​នេះ មិន​ចាស់ មិន​ស្លាប់ ព្រះ​និព្វាន​នេះ ទាំង​មិនចាស់​មិនស្លាប់ មិន​មាន​សោក មិន​មានសត្រូវ មិន​ចង្អៀត មិន​ភ្លាំងភ្លាត់ មិន​មាន​ភ័យ មិន​ក្ដៅរោលរាល។ អមត​និព្វាន​នេះ ព្រះ​អរិយៈ​ទាំង​ឡាយ មាន​ព្រះ​ពុទ្ធជាដើមច្រើនរូប បាន​ហើយ មិន​តែ​ប៉ុណ្ណោះទេ ព្រះ​និព្វាន​នេះ គេ​គប្បី​បាន​ក្នុង​កាលសព្វថ្ងៃ​នេះ បុគ្គល​ណា ព្យាយាម​ដោយ​ឧបាយ​ប្រាជ្ញា (បុគ្គល​នោះ រមែង​បាន​នូវ​ព្រះ​និព្វាន​) តែបុគ្គល​ដែល​មិន​មាន​សេចក្ដី​ប្រឹងប្រែង មិន​អាចបាន​នូវ​ព្រះ​និព្វាន​ឡើយ។ទ. ២៣៧ នាងសុមេធា មិន​បាន​នូវ​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ ពោលយ៉ាង​នេះ នាងសុមេធា កាលពន្យល់​ស្ដេច​អនិករត្តៈ​ហើយ ក៏បោះសក់​ទាំង​ឡាយ​ចោលលើ​ផែនដី។ ស្ដេច​អនិករត្តៈ​នោះ ក្រោក​ឡើង​ផ្គងអញ្ជលី អង្វរបិតា​របស់​នាងសុមេធានោះ​ថា សូមព្រះ​អង្គ​អនុញ្ញាតបើក​រាជបុត្រី ឈ្មោះ​នាងសុមេធា ឲ្យ​បួសចុះ ដើម្បី​ឲ្យ​នាង​ឃើញ​នូវ​ព្រះ​និព្វាន ដែល​ជាគុណជាតទៀង​ទាត់។

នាងសុមេធានោះ ដែល​ជាស្រ្តីតក់​ស្លុតចំពោះ​សោក និងភ័យ លុះមាតាបិតា​បើកឲ្យ ក៏បួស ហើយសិក្សា​នូវ​អគ្គផល បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​អភិញ្ញា ៦។ ព្រះ​និព្វាន​នោះ ជាគុណជាតអស្ចារ្យ ចំឡែក បាន​កើត​មាន​ដល់​រាជកញ្ញា លុះ​ក្នុង​កាលជា​ទីបំផុត (ទៀប​នឹង​បរិនិព្វាន​) នាងបាន​សំដែងនូវ​បុព្វេ​និវាសចរិតថា។ កាលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ព្រះ​នាម​កោនាគមនៈ (ត្រាស់​ឡើង​ក្នុង​លោក) យើងជាសំឡាញ់​នឹងគ្នា​ទាំង​បីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បាន​ថ្វាយវិហារទាន ក្នុង​អារាម​នៃ​សង្ឃ ជា​និវេសន៍​ដ៏ថ្មី។ (ដោយ​អានិសង្ស​នៃវិហារ​ទាននេះ​) យើង​ទាំង​ឡាយ បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់​និយាយទៅ​ថ្វី ក្នុង​ពួក​មនុស្ស។ទ. ២៣៨ យើងជា​អ្នក​មាន​ឫទ្ធិច្រើន ក្នុង​ពួក​ទេវតា នឹងបាច់​និយាយទៅ​ថ្វី​ក្នុង​ពួក​មនុស្ស ខ្ញុំ​បាន​កើតជាស្ត្រី​កែវ ជាអគ្គមហេសី​នៃស្ដេច​ដែល​មាន​រតនៈ ទាំង ៧ ប្រការ។ អានិសង្ស​នៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែល​កើត) អំណោយទាននោះ ជាឫសគល់​ដ៏​ពេញ​ចិត្ត​ក្នុង​សាសនា អំណោយទាននោះ ជា​ការ​ជួប​ជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យ​រលត់​កិលេស (ព្រះ​និព្វាន​) របស់​ខ្ញុំ ដែល​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌។ ពួក​ជន​ណា ជឿនូវ​ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញាមិនថោកថយ ពួក​ជន​នោះ រមែង​ពោល​យ៉ាង​នេះ​ថា ពួក​ជន​នឿយ​ណាយ​ក្នុង​ភព គឺសង្សារវដ្ដ លុះនឿយណាយ​ហើយ ប្រាស​ចាក​តម្រេក។

សុមេធាថេរី។

ចប់ មហានិបាត។

ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរី​ទាំង​អស់​នោះ ៧១ អង្គ ជា​ភិក្ខុនី​អស់​អាសវៈ។

ចប់ ថេរីគាថា។

ទ. ២៣៩ (Page missing in print edition)

 

លេខយោង

1)
ស្ត្រីកាលលូកដៃ​ផាត់​ប្រមូល​គ្រាប់​ស្រូវក្នុង​ត្បាល់ ត្រូវ​បង្អោនខ្នង​ឲ្យ​កោង ដូចមនុស្ស​គម។
2)
លើកអង្រែ​បុកស្រូវ ក៏​ត្រូវ​បង្អោនខ្នង​ដូចគ្នា។
3)
ចំណែក​ស្វាមី​ជា​មនុស្ស​គមដែរ។
4)
បានជាហៅ​បដាចារាដែរ ព្រោះបានស្តាប់​ឱវាទ​របស់​នាងបដាចារាថេរី។
5)
ឫសគល់​នៃបាប ៣យ៉ាង​គឺ លោភៈ​១ ទោសៈ​១ មោហៈ​១។ អដ្ឋកថា។
6)
ដោយ​ពាក្យ​ថា នាងចាបា​ជា​កូនព្រានម្រឹគ ឯង​ជា​កូន​ឧបកាជីវក។ អដ្ឋកថា។
7)
ពាក្យថា ស៊ីកូន ក្នុង​ទីនេះ មិន​មែន​សំដៅ​យកការ​ស៊ី​ពិតមែន​នោះទេ សំដៅយក​មនុស្ស​ដែល​មានកូន​ស្លាប់ ជា​ពាក្យ​សម្រាប់​ជេរគ្នា​ដោយ​អំណាច​សេចក្តី​ខឹង។ អដ្ឋកថា។
8)
វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។
km/tipitaka/sut/kn/thi/sut.kn.thi.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann