តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរីគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn thi 02 បាលី cs-km: sut.kn.thi.02 អដ្ឋកថា: sut.kn.thi.02_att PTS: ?
ទុកនិបាត
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ទុកនិបាតោ)
(១. អភិរូបនន្ទាថេរីគាថា)
[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើងហើយ ចូរនាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ។ ចូរនាងចំរើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបានស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ។
ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយ ៗ នូវសិក្ខមានា ឈ្មោះនន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ។
នន្ទាថេរី។
(២. ជេន្តាថេរីគាថា)
[២៨៥] ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចំរើនតាមលំអាន ដែលព្រះពុទ្ធទ្រង់សំដែងហើយ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំបានឃើញហើយ រាងកាយនេះ មានក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។
ជន្ដាថេរី។
(៣. សុមង្គលមាតាថេរីគាថា)
[២៨៦] អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ (ប្ដីរបស់អញ) មិនមានសេចក្ដីអៀនខ្មាស (អញមិនគាប់ចិត្ត) ទាំងឆត្រ (ក៏មិនគាប់ចិត្ត) អញដែរ អញ (ផុតស្រឡះ) ចាកឆ្នាំង ចាកភាពជាអ្នកកំសត់។ទ. ១៥០ អញបានផ្ដាច់ផ្ដិលរាគៈ និងទោសៈហើយ អញនោះ ចូលទៅរកគល់ឈើ ហើយចំរើនឈានជាសុខថា ឱ សុខណាស់តើ។
ថេរីភិក្ខុនីមួយរូប មាននាម និងគោត្រ មិនប្រាកដ។
(៤. អឌ្ឍកាសិថេរីគាថា)
[២៨៧] សួយក្នុងជនបទឈ្មោះកាសី មានចំនួនប៉ុន្មាន សួយរបស់ខ្ញុំ ក៏មានចំនួនប៉ុណ្ណោះដែរ អ្នកនិគម បានធ្វើ (ទ្រព្យចំនួន ៥០០) នោះ ឲ្យជាថ្លៃ ហើយតាំងទុកនូវខ្ញុំ (ដោយឈ្មោះថាអឌ្ឍកាសី) ដែលមានថ្លៃដោយថ្លៃ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
អឌ្ឍកាសីថេរី។
(៥. ចិត្តាថេរីគាថា)
[២៨៨] ពិតមែនតែខ្ញុំជាស្រីស្គម មានជំងឺ មានកំឡាំងថយខ្លាំង ច្រត់ដម្បងឡើងទៅលើភ្នំ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រទុក (អង្គុយ) លើភ្នំ អាចទំលាយនូវគំនរងងឹត គឺមោហៈបាន ហើយសង្កត់សង្កិននូវខ្លួន (ដោយការទំលាយនូវគំនរងងឹត គឺមោហៈនោះឯង)។
ចិត្តាថេរី។
(៦. មេត្តិកាថេរីគាថា)
[២៨៩] ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកំឡាំងថមថយ មានវ័យកន្លងជ្រុលហើយ ច្រត់ដំបងឡើងទៅលើភ្នំ។ទ. ១៥១ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រ អង្គុយលើភ្នំ លំដាប់នោះ ចិត្តរបស់ខ្ញុំរួចស្រឡះហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនាព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
មេត្តិកាថេរី។
(៧. មិត្តាថេរីគាថា)
[២៩០] ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា (ក្នុងឋានចាតុម្មហារាជិកា) បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និងបាដិហារិកបក្ខៈផង ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បីប្រាថ្នានូវពួកទេវតា (ណាមួយ) ទេ គប្បីបន្ទោបង់នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ (តែប៉ុណ្ណោះ)។
មិត្តាថេរី។
(៨. អភយមាតុថេរីគាថា)
[២៩១] បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាទជើង ខាងក្រោមអំពីចុងសក់។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រលត់ទុក្ខហើយ។
អភយមាតាថេរី។
(៩. អភយាថេរីគាថា)
[២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មានស្មារតីតាំងស៊ប់ នឹងដាក់ចុះនូវរាងកាយនេះចោលចេញ។ទ. ១៥២ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។
អភយាថេរី។
(១០. សាមាថេរីគាថា)
[២៩៣] អាត្មាអញមិនទាន់បានសេចក្ដីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុងរាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។
សាមាថេរី។
ចប់ ទុកនិបាត។