User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:thi:sut.kn.thi.05

បញ្ចកនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 05 បាលី cs-km: sut.kn.thi.05 អដ្ឋកថា: sut.kn.thi.05_att PTS: ?

បញ្ចកនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១៥៩

(៥. បញ្ចកនិបាតោ)

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ

(១. អញ្ញតរាថេរីគាថា)

[៣០៣] តាំង​ពីកាលអាត្មា​អញបួសមក បាន ២៥ វស្សា​ហើយ មិន​បាន​សេចក្ដី​ស្ងប់​ចិត្ត សូម្បីត្រឹមមួយផ្ទាត់​ម្រាមដៃ។ អាត្មា​អញមាន​ចិត្តទទឹក​ដោយ​កាមរាគៈ មិន​បាន​សេចក្ដីស្ងប់​ចិត្ត ផ្គងដើមដៃកន្ទក់​កន្ទេញ ហើយ​ចូល​ទៅ​កាន់​លំនៅ។ អាត្មា​អញ​នោះ ចូល​ទៅ​រកភិក្ខុ​នី (ធម្មទិន្នាថេរី) ជាស្រ្តី​ដែល​អាត្មា​អញគួរ​ជឿ លោកបាន​សំដែង​ធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ។ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ បាន​ចូល​ទៅ​ក្នុង​ទី​សម​គួរ ដឹង​នូវ​បុព្វេ​និវាស បាន​ជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មា​អញ​បាន​ជម្រះ​ហើយ ឫទ្ធិ៍អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ការ​អស់​ទៅ​នៃអាសវៈ អាត្មា​អញ​បាន​សម្រេច​ហើយ អភិញ្ញា ៦ អាត្មា​អញ​បាន​ធ្វើ​ឲ្យ​ច្បាស់​ហើយ ព្រះ​ពុទ្ធសាសនា អាត្មា​អញក៏​បាន​ធ្វើ​ហើយ។

ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។

វិមលាថេរី ជាស្រីពេស្យាពីដើម

(២. វិមលាថេរីគាថា)

[៣០៤] អាត្មា​អញស្រវឹង រឹងត្អឹង ដោយ​ការ​សរសើរគុណ​ផង ដោយ​រូប​សម្បត្តិ​ផង ដោយ​លំអ​ដ៏​លើ​សផង ដោយ​យសផង ដោយ​វ័យផង បាន​មើល​ងាយ​ពួក​ស្រីដទៃ។ អាត្មា​អញ​ស្អិតស្អាង​រាង​កាយ​នេះ ឲ្យ​វិចិត្រល្អ ឲ្យ​ជា​ទីរាក់​ទាក់​នៃជន​ពាល ហើយឈរ​ក្បែរទ្វារ​ផ្ទះ​នៃស្រីពេស្យា ដូច​ជាព្រានម្រឹគដាក់​អន្ទាក់។ទ. ១៦០ អាត្មា​អញ​សំដែង​គ្រឿង​ប្រដាប់ និង​អវយវៈ​ដ៏កំបាំង ឲ្យ​ជាក់​ច្បាស់​ជា​ច្រើន សើច​ក្អាក​ក្អាយ បាន​ធ្វើ​មាយាច្រើនយ៉ាង (ដើម្បី​) ញ៉ាំង​ជនពាលជា​ច្រើន (ឲ្យ​ស្រើប​ស្រាល)។ ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​នោះ បាន​កោរសក់ ដណ្ដប់​សង្ឃាដី ដើរ​ទៅ​បិណ្ឌបាត រួច​អង្គុយក្រោមម្លប់​ឈើ ជា​អ្នក​បាន​នូវ​ធម៌​ដែល​មិន​មាន​វិតក្កៈ។ គ្រឿង​ប្រកប​ទាំង​ពួង ទោះជា​ទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ញ៉ាំង​អាសវៈ​ទាំង​ពួង ឲ្យ​អស់​ហើយ ជា​អ្នក​មាន​ចិត្តត្រជាក់ រំលត់​ទុក្ខ​ហើយ។

វិមលាថេរី ជាស្រីពេស្យាពីដើម។

សីហាថេរីគាថា

(៣. សីហាថេរីគាថា)

[៣០៥] កាលពីដើម អាត្មា​អញត្រូវកាមរាគៈ​បៀត​បៀន ជា​អ្នក​មាន​ចិត្ត​រវើរវាយ មិន​លុះ​ក្នុង​អំណាចភាវនាចិត្ត ព្រោះធ្វើ​ទុក​ក្នុង​ចិត្ត​មិន​ជាឧបាយ​នៃប្រាជ្ញា។ អាត្មា​អញ លុះត្រូវកិលេស​ទាំង​ឡាយ​រួបរឹត​ហើយ ជា​អ្នក​ប្រព្រឹត្តតាមសេចក្ដី​សំគាល់​ក្នុង​កាម ថា​ជា​សុខ ជា​អ្នក​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ក៏​មិន​បាន​នូវ​សេចក្ដីស្ងប់​ចិត្តឡើយ។ អាត្មា​អញទៅ​ជាស្គម ស្លេកស្លាំង ស្អាប់​សម្បុរ ប្រព្រឹត្តមក​អស់ ៧ ឆ្នាំ​ហើយ អាត្មា​អញដល់​នូវ​សេចក្ដីទុក្ខ​ក្រៃពេក មិន​បាន​សេចក្ដីសុខ ទាំង​ថ្ងៃ​ទាំង​យប់។ ព្រោះមិន​មាន​សេចក្ដីសុខនោះ អាត្មា​អញ​ក៏​បាន​កាន់​ខ្សែចូល​ទៅ​ក្នុង​ចន្លោះព្រៃ (ដោយ​គិតថា)ទ. ១៦១ អាត្មា​អញ ចងក​ក្នុង​ទីនេះ​ប្រសើរ ត្រង់​វិលទៅ​កាន់​ភេទថោកទាបវិញ មិន​ប្រសើរ​ឡើយ។ អាត្មា​អញ​បាន​ធ្វើ​អន្ទាក់​យ៉ាង​មាំ ចង​នឹងមែកឈើ ដាក់​អន្ទាក់​ត្រង់​ក ក៏ស្រាប់​តែចិត្ត​របស់​អាត្មា​អញ​រួច​ស្រឡះ។

សីហាថេរី។

នន្ទាថេរីគាថា

(៤. សុន្ទរីនន្ទាថេរីគាថា)

[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាង​កាយ ដែល​មាន​ជំងឺជា​និច្ច មិន​ស្អាត ជា​របស់​ពុករលួយ ដែល​ឆ្អឹង ៣០០ កំណាត់​ផ្គុំឡើង​ហើយ (នេះ​) នាងចូរអប់​រំ​ចិត្ត​ដោយ​អសុភសញ្ញា ឲ្យ​ជាចិត្តមាន​អារម្មណ៍​តែ​មួយ តាំង​នៅ​មាំល្អ។ សរីរៈ​នេះ​យ៉ាង​ណា សរីរៈ​របស់​នាងហ្នឹង ក៏​យ៉ាង​នោះ​ដែរ សរីរៈ​របស់​នាងហ្នឹងយ៉ាង​ណា សរីរៈ​នេះ ក៏​យ៉ាង​នោះ​ដែរ នាង​កុំខ្ជិលច្រអូស ខំពិចារណារាង​កាយនុ៎ះ ទាំង​យប់ ទាំង​ថ្ងៃ យ៉ាង​នេះ​ឯងថា សរីរៈ (នេះ​) ដែល​ពួក​ជនពាលរីករាយ ជា​របស់​ពុក​រលួយ មាន​ក្លិនអាក្រក់។ លំដាប់​អំពីនោះ ខ្ញុំ​ក៏​បាន​ពិនិត្យឃើញ​ដោយ​ប្រាជ្ញា​របស់​ខ្លួន។ ខ្ញុំ​នោះ​មិនធ្វេសប្រហែស ខំ​ពិចារណា​ដោយ​ឧបាយ​នៃប្រាជ្ញា ក៏​បាន​ឃើញ​កាយ​នេះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំ​នឿយ​ណាយ​ក្នុង​កាយ រសាយ​ក្នុង​សន្ដាន ជា​អ្នក​មិន​ធ្វេសប្រហែស ក៏​បាន​ប្រាស​ចាក​យោគៈ មាន​ចិត្តស្ងប់ មាន​ទុក្ខរលត់​ហើយ។

នន្ទាថេរី។

នន្ទុត្តរាថេរីគាថា


ទ. ១៦២

(៥. នន្ទុត្តរាថេរីគាថា)

[៣០៧] អាត្មា​អញ​បាន​ថ្វាយ​បង្គំភ្លើងផង ព្រះ​ចន្ទផង ព្រះ​អាទិត្យផង ពួក​ទេវតា​ផង រួច​ហើយអាត្មា​អញទៅ​កាន់​កំពង់​នៃស្ទឹង​ទាំង​ឡាយ ហើយចុះទៅ​ក្នុង​ទឹក អាត្មា​អញ សមាទាននូវ​វត្តច្រើនយ៉ាង គឺកោរក្បាលពាក់​កណ្ដាល សម្រេច​ការ​ដេកលើ​ផែនដី មិន​បាន​បរិភោគបាយ​ក្នុង​វេលាយប់។ អាត្មា​អញ​ត្រេកអរ​ក្នុង​ការ​ស្អិតស្អាង និង​ការ​ប្រដាប់ លុះកាមរាគៈ​បៀត​បៀន​ហើយ ក៏​បាន​ទំនុក​បំរុងកាយ​នេះ ដោយ​គ្រឿង​ងូត និង​គ្រឿង​អប់។ ក្នុង​កាលខាង​ក្រោយ​មក ខ្ញុំ​បាន​នូវ​សទ្ធា (ក្នុង​សំណាក់​នៃ​ព្រះ​មហា​មោគ្គល្លាន​ត្ថេរ) ហើយ​បួស​ក្នុង​ធម្មវិន័យ កាមរាគៈ ខ្ញុំ​បាន​ដកចេញ​ហើយ ព្រោះបាន​ឃើញ​នូវ​រាង​កាយ តាម​ពិត។ ភព​ទាំង​អស់​ផង សេចក្ដី​ប្រាថ្នា​ផង សេចក្ដីតាំង​ចិត្ត​ទុកផង អាត្មា​អញ​បាន​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញ​បាន​ប្រាស​ចាក​យោគៈ​ទាំង​ពួង​ហើយ បាន​ដល់​នូវ​សេចក្ដី​ស្ងប់​ចិត្ត។

នន្ទុត្តរាថេរី។

មិត្តកាលីថេរីគាថា

(៦. មិត្តាកាឡីថេរីគាថា)

[៣០៨] អាត្មា​អញចេញ​អំពីផ្ទះ ហើយមកបួស​ក្នុង​ធម្មវិន័យ ដោយ​សទ្ធា ខ្វល់​ខ្វាយ​ក្នុង​លាភៈ និងសក្ការៈ ប្រព្រឹត្ត​ដោយ​ហេតុ (ដែល​ញ៉ាំង​លាភឲ្យ​កើត​ឡើង មាន​ពាហុសច្ចៈ និងធម្មកថា​ជាដើម) នោះ ៗ។ទ. ១៦៣ អាត្មា​អញ​បាន​លះប្រយោជន៍​ដ៏​ឧត្តម​ចោល ហើយសេព​នូវ​ប្រយោជន៍ថោកទាប លុះ​ក្នុង​អំណាច​នៃកិលេស​ទាំង​ឡាយ មិន​ត្រេកអរ​នឹងប្រយោជន៍​នៃសមណៈ។ សេចក្ដីសង្វេគ ក៏​មាន​ដល់​អាត្មា​អញ​នោះ ដែល​អង្គុយ​ក្នុង​លំនៅ​ថា អាត្មា​អញដើរផ្លូវខុស លុះ​ក្នុង​អំណាច​តណ្ហា។ ជីវិត​របស់​អាត្មា​អញ​មាន​ប្រមាណតិច ជរា និងព្យាធិ​តែងញាំញី មុន​កាយ​នេះ​នឹងបែកធ្លាយ មិន​មែន​ជា​កាល​គួរ អាត្មា​អញធ្វេសប្រហែសឡើយ។ អាត្មា​អញកាលពិចារណា​នូវ​ការ​កើត​ឡើង និង​ការ​សូន្យ​ទៅ​នៃខន្ធ​ទាំង​ឡាយ​តាម​ពិត ក៏​មាន​ចិត្ត​រួច​ស្រឡះ ហើយចេញ (ចាក​កិលេស​ទាំង​ពួង) ពុទ្ធសាសនា អាត្មា​អញ​បាន​ធ្វើ​ហើយ។

មិត្តកាលីថេរី។

សកុលាថេរីគាថា

(៧. សកុលាថេរីគាថា)

[៣០៩] អាត្មា​អញកាល​នៅ​ក្នុង​ផ្ទះ បាន​ស្ដាប់​ធម៌​របស់​ភិក្ខុ​ហើយ ឃើញធម៌ ប្រាស​ចាក​ធូលី គឺ​កិលេស ជា​ធម៌នាំ​សត្វ​ឲ្យ​ចេញ​ចាក​តណ្ហា ជាហេតុនាំឲ្យ​បាន​សេចក្ដី​សុខ មិន​ឃ្លាត។ អាត្មា​អញ​នោះ បាន​បោះ​បង់​ចោល​នូវ​កូន​ប្រុសផង កូន​ស្រីផង ទ្រព្យ និង​ស្រូវ​ផង បាន​ឲ្យ​គេ​កោរសក់ ហើយមកបួស​ក្នុង​ធម្មវិន័យ។ អាត្មា​អញ​កាល​នៅ​ជា​សិក្ខមានា បាន​ញ៉ាំង​មគ្គខាងលើ​ឲ្យ​កើត បាន​លះរាគៈ និង​ទោសៈ​ផង អាសវៈ​ទាំង​ឡាយ​ដែល​តាំង​នៅ​ជាមួយគ្នា​នឹងរាគៈ​ទោសៈ​នោះ​ផងទ. ១៦៤។ លុះ​អាត្មា​អញ​បាន​ឧបសម្បទាជា​ភិក្ខុនី​ហើយ ក៏រលឹក​ឃើញ​នូវ​បុព្វជាតិ ទាំង​ទិព្វចក្ខុ​មិន​មាន​មន្ទិល ដែល​ពួក​សប្បុរស​ចំរើន​ហើយ ក៏អាត្មា​អញ​បាន​ជម្រះ​ហើយ អាត្មា​អញ​បាន​ឃើញ​សង្ខារ​ទាំង​ឡាយ ដែល​កើត​អំពីហេតុ មាន​សភាពទ្រុឌទ្រោម ថា​ជា​របស់​ដទៃ ហើយបាន​លះអាសវៈ​ទាំង​អស់ ជា​អ្នក​មាន​ចិត្ត​ត្រជាក់ បាន​រលត់​ទុក្ខ​ហើយ។

សកុលាថេរី។

សោណាថេរីគាថា

(៨. សោណាថេរីគាថា)

[៣១០] អាត្មា​អញ​បាន​សម្រាលកូនដប់ ក្នុង​សរីរៈ គឺរូបនេះ ព្រោះ​ហេតុ​នោះ អាត្មា​អញ​មាន​កំឡាំងថយ គ្រាំគ្រា បាន​ចូល​ទៅ​រកភិក្ខុ​នីមួយរូប។ លោកបាន​សំដែងធម៌ គឺ​ខន្ធ អាយតនៈ ធាតុ ដល់​អាត្មា​អញ លុះ​អាត្មា​អញ​បាន​ស្ដាប់​ធម៌​របស់​លោក​ហើយ ក៏​បាន​កោរសក់​បួស អាត្មា​អញ​នោះ កំពុងសិក្សា (សិក្ខាបី) បាន​ជម្រះ​ទិព្វ​ចក្ខុ ដឹង​នូវ​បុព្វេ​និវាស ដែល​អាត្មា​អញ​បាន​អាស្រ័យនៅ​ហើយ​ក្នុង​កាល​មុន។ អាត្មា​អញមាន​អារម្មណ៍​តែ​មួយ មាន​ចិត្តតម្កល់​មាំ ចំរើន​អនិមិត្ត​វិមោក្ខ ជា​អ្នក​បាន​វិមោក្ខ​ក្នុង​លំដាប់ (នៃមគ្គ​ដ៏​ប្រសើរ) រលត់​កិលេស​ហើយ ព្រោះ​មិនប្រកាន់។ បញ្ចក្ខន្ធ អាត្មា​អញ​បាន​កំណត់​ហើយ មាន​ឫស​ផ្ដាច់​ផ្ដិល​ហើយ អាត្មា​អញមិន​មាន​តណ្ហា ដែល​កើត​អំពីវត្ថុ​ដែល​តាំង​នៅ ឥឡូវ​នេះ ភព​ថ្មី​មិន​មាន។

សោណាថេរី។

ភទ្ទាកុណ្ឌលាថេរីគាថា


ទ. ១៦៥

(៩. ភទ្ទាកុណ្ឌលកេសាថេរីគាថា)

[៣១១] អាត្មា​អញមាន​សក់​ដក​ហើយ (ដោយ​បន្លាត្នោត) ទ្រទ្រង់​ភក់ មាន​សំពត់​សាដក​តែ​មួយ ប្រព្រឹត្ត​ក្នុង​កាល​មុន មាន​សេចក្ដីសំគាល់​ថាទោស ក្នុង​របស់​ដែល​មិន​មាន​ទោស ទាំង​មាន​សេចក្ដីយល់​ឃើញថា មិន​មាន​ទោស​ក្នុង​របស់​ដែល​មាន​ទោស ចេញ​ទៅ​អំពី​ទី​សម្រាក​ក្នុង​វេលាថ្ងៃ បាន​ឃើញ​ព្រះ​ពុទ្ធ ទ្រង់​ប្រាស​ចាក​ធូលី គឺ​រាគាទិក្កិលេស មាន​ភិក្ខុ​សង្ឃហែហម លើ​ភ្នំគិជ្ឈកូដ ក៏លុត​ជង្គង់​ថ្វាយ​បង្គំ ប្រណម្យអញ្ជលី​ក្នុង​ទីចំពោះ​ព្រះ​ភក្រ្ដ។ ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ថា ម្នាលនាង នាងចូរ​មក​ចុះ ឧបសម្បទានោះ ក៏សម្រេច​ដល់​ខ្ញុំ។ អាត្មា​អញ​បាន​ដើរ​ទៅ​កាន់​ជនបទឈ្មោះ​អង្គៈ​មគធៈ វជ្ជី កាសី និងកោសល ជា​អ្នក​មិន​មាន​បំណុល បាន​បរិភោគដុំបាយ​របស់​ជន​អ្នក​នៅ​ក្នុង​ដែន (នោះ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បាន​ឲ្យ​ចីវរដល់​នាងភទ្ទា ដែល​រួច​ចាក​គន្ថៈ​ទាំង​ពួង ឧបាសក​នោះ ប្រកប​ដោយ​បញ្ញា បាន​សោយបុណ្យច្រើន។

ភទ្ទាកុណ្ឌលាថេរី។

បដាចារាថេរីគាថា

(១០. បដាចារាថេរីគាថា)

[៣១២] ពួក​មាណព ភ្ជួរស្រែ​ដោយ​នង្គ័ល​ទាំង​ឡាយ ហើយព្រោះ​ពូជ​ទាំង​ឡាយ​លើ​ផែនដី តែងបាន​នូវ​ទ្រព្យចិញ្ចឹមកូន និង​ប្រពន្ធ​ទាំង​ឡាយ។ទ. ១៦៦ អាត្មា​អញបរិបូណ៌​ដោយ​សីល មិន​ខ្ជិល មិន​រវើរវាយ ធ្វើ​តាមសាសនា​របស់​ព្រះ​សាស្ដា ដូចម្ដេចក៏​មិន​បាន​ព្រះ​និព្វាន។ អាត្មា​អញលាងជើង​ក្នុង​ទឹក ឃើញទឹកសម្រាប់​លាង​ជើង​ហូរ​អំពី​ទីទួល មក​កាន់​ទីទាប ហើយធ្វើ​ (ឲ្យ​ជានិមិត្ត) ក្នុង​ទឹក​ទាំង​ឡាយ លំដាប់​ពីនោះ​មក អាត្មា​អញ​ក៏​បាន​តម្កល់​ចិត្តមាំ ដូចសេះអាជានេយ្យ​ដ៏​ចំរើន។ លំដាប់​នោះ អាត្មា​អញកាន់​ប្រទីប​ចូល​ទៅ​កាន់​លំនៅ រមិលមើលដំណេក ហើយ​អង្គុយ​លើ​គ្រែតូច។ ក្នុង​កាល​នោះ អាត្មា​អញ​កាន់​រនុកទ្វារ ហើយពន្លឹមចុះនូវ​ប្រឆេះ (នៃប្រទីប) ចិត្ត​ក៏​បាន​រួច​ស្រឡះ​ចាក​កិលេស ដូច​ជា​ការ​រលត់​នៃប្រទីប។

បដាចារាថេរី។

តិំសមត្តាថេរីគាថា

(១១. តិំសមត្តាថេរីគាថា)

[៣១៣] ពួក​មាណព កាន់​អង្រែ​ទាំង​ឡាយ​បុកស្រូវ តែងបាន​នូវ​ទ្រព្យ​ទាំង​ឡាយ ចិញ្ចឹមកូន និង​ប្រពន្ធ។ ពួក​នាង ចូរធ្វើ​នូវ​ពុទ្ធសាសនា ដែល​គេ​ធ្វើ​ហើយ មិន​ក្ដៅ​ក្រហាយ​តាមក្រោយ ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សេចក្ដីស្ងប់​ចិត្ត ហើយចូរធ្វើ​នូវ​ពុទ្ធសាសនាចុះ។ទ. ១៦៧

ភិក្ខុ​នី​ទាំង​នោះ បាន​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ របស់​បដាចារាថេរីនោះ​ហើយ ក៏លាងជើង ហើយ​ចូល​ទៅ​ក្នុង​ទី​សម​គួរ ប្រកប​រឿយ ៗ នូវ​សមថធម៌ បាន​ធ្វើ​នូវ (កិច្ច​ក្នុង) ពុទ្ធសាសនា។ ក្នុង​បឋមយាម​នៃ​រាត្រី ពួក​ព្រះ​ថេរី ក៏​បាន​រឭកឃើញ​នូវ​បុព្វជាតិ ក្នុង​មជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះ​នូវ​ទិព្វចក្ខុ ក្នុង​បច្ឆិមយាម​នៃ​រាត្រី ក៏​បាន​ទំលាយ​នូវ​គំនរងងឹត។ ពួក​ព្រះ​ថេរី​ទាំង​នោះ ក្រោកឡើង​ថ្វាយ​បង្គំបាទា (នៃបដាចារាថេរី ហើយ​ពោលថា) ពាក្យ​ប្រៀនប្រដៅ​របស់​នាង យើងបាន​ធ្វើ​តាម​ហើយ ពួក​ទេវតា​នៅ​ក្នុង​ឋាន​ត្រៃត្រឹង្ស (ហែហម) ព្រះ​ឥន្រ្ទ ដែល​បាន​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាង​ណា ពួក​យើងជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ នឹងនៅ​ហែហម (នាង​យ៉ាង​នោះ​)។

ពួក​ភិក្ខុ​នីជាថេរី ចំនួន ៣០ រូបនេះ បាន​ធ្វើ​ឲ្យ​ច្បាស់​លាស់ នូវ​ព្រះ​អរហត្ត ក្នុង​សំណាក់​នៃបដាចារាថេរី។

ចន្ទាថេរីគាថា

(១២. ចន្ទាថេរីគាថា)

[៣១៤] កាលពីដើម អាត្មា​អញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិន​មាន​កូន ព្រាត់​ប្រាស​ចាក​មិត្រ ចាក​ញាតិ​ទាំង​ឡាយ មិន​ដែល​បាន​បាយ និងសំពត់ (បរិភោគប្រើ​ប្រាស់​គ្រប់​គ្រាន់) ទេ។ទ. ១៦៨ អាត្មា​អញកាន់​ភាជន៍ដី និងឈើច្រត់ ដើរសូម​អំពី​ត្រកូលមួយ​ទៅកាន់​ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀត​បៀន ដើរ​ទៅ​អស់ ៧ ឆ្នាំ។ លុះ​កាលជា​ខាង​ក្រោយមក អាត្មា​អញ​បាន​ឃើញភិក្ខុ​នី (បដាចារាថេរី) ជាស្រី​បាន​បាយ និងទឹក ហើយ​ចូល​ទៅ​និយាយ សូមបួស​ក្នុង​ធម្មវិន័យ។ ឯ​បដាចារា​ភិក្ខុ​នីនោះ បាន​បំបួស​អាត្មា​អញ ដោយ​សេចក្ដីអនុគ្រោះ ខាងក្រោយ​អំពី​នោះ​មក លោកបាន​ទូន្មាន​អាត្មា​អញ ដឹកនាំ​ក្នុង​ប្រយោជន៍យ៉ាង​សំខាន់។ អាត្មា​អញ​បាន​ស្ដាប់​ពាក្យ​របស់​លោក ក៏​បាន​ធ្វើ​តាមពាក្យ​ប្រៀនប្រដៅ ឯឱវាទ​របស់​ព្រះ​ថេរីជាម្ចាស់ មិន​ឥតអំពើ​ឡើយ ខ្ញុំ​ជា​អ្នក​មាន​វិជ្ជា ៣ មិន​មាន​អាសវៈ។

ចន្ទាថេរី។

ចប់ បញ្ចកនិបាត។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann