km:tipitaka:sut:kn:thi:sut.kn.thi.12.01

បុណ្ណិកាថេរីគាថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 12 01 បាលី cs-km: sut.kn.thi.12.01 អដ្ឋកថា: sut.kn.thi.12.01_att PTS: ?

បុណ្ណិកាថេរីគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. បុណ្ណាថេរីគាថា)

[៣៣០] ខ្ញុំ​ជាស្រ្តី​អ្នក​ដងទឹក មាន​ការ​ខ្លាចទណ្ឌភ័យ​នៃជន​ជាម្ចាស់​ទាំង​ឡាយ ត្រូវភ័យ​អំពីវាចា និងទោស​បៀត​បៀន ហើយចុះទឹករាល់​ពេល​ក្នុង​កាល​ត្រជាក់​រងារ។ ម្នាលព្រាហ្មណ៍ អ្នក​ខា្លច​អ្នក​ណា ទើបចុះទឹករាល់​ពេល មាន​ខ្លួន​ញាប់​ញ័រ ទទួលរងរងារ​ដ៏​ក្រៃលែង។

ម្នាលនាងបុណ្ណិកា​ដ៏​ចំរើន នាងដឹង (ថា​ខ្ញុំ) កំពុង​ធ្វើ​កុសលកម្ម ជា​គ្រឿង​បិទនូវ​បាបកម្មដែរ ម្ដេចក៏សួរ​ដេញដោល។ បុគ្គល​ណា ទោះចាស់​ក្ដី ក្មេងក្ដី ធ្វើ​បាបកម្ម បុគ្គល​នោះ រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក។

អ្នក​ល្ងង់​ណាហ្ន៎ បាន​និយាយ​ពាក្យ​នេះ ទៅ​រក​អ្នក​ដែល​ល្ងង់​ដែរ (ថាបុគ្គល) រមែង​រួច​ចាក​បាបកម្ម ព្រោះ​ការ​ស្រោចស្រប់​ដោយ​ទឹក (បើ​ដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វ​ដទៃ​ណា​មួយ ដែល​ត្រាច់​ទៅ​ក្នុង​ទឹក​ទាំង​អស់ នឹង​ទៅ​កាន់​ឋានសួគ៌​ដោយ​ពិត។ ពួក​ជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នក​ចាប់​ម្រឹគ ពួក​ចោរ ពួក​ពេជ្ឈ​ឃាត ឬពួក​ជនឯ​ទៀត ដែល​មាន​កម្ម​ដ៏លាមក ពួក​ជន​ទាំង​នោះ ក៏​រួច​ចាកបាបកម្ម ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក។ ប្រសិនបើ​ស្ទឹង​ទាំង​នោះ អាចបន្សាត់​ចោល​នូវ​បាប ដែល​អ្នក​ធ្វើ​ក្នុង​កាល​មុនបានទ. ១៩០ ស្ទឹង​ទាំង​នោះ ក៏អាចបន្សាត់​ចោល​នូវ​បុណ្យ​របស់​អ្នក​បាន​ដែរ ព្រោះ​ហេតុ​នោះ ខ្លួន​អ្នក​នឹង​ទៅ​ជា​បុគ្គល​ក្រៅស្រឡះ។ ម្នាលព្រាហ្មណ៍ អ្នក​ខ្លាចចំពោះ​បាបកម្មណា ហើយ​ចុះត្រាំទឹក​គ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នក​កុំធ្វើ​នូវ​បាបនោះ​វិញ កុំ (ចុះត្រាំទឹក) ឲ្យ​រងារ បៀត​បៀន​នូវ​សម្បុរសរីរៈ​របស់​អ្នក​ឡើយ។

នាងដឹកនាំ​ខ្ញុំ ដែល​ដើរផ្លូវខុស ឲ្យ​ដើរ​ទៅ​តាមផ្លូវ​ដ៏​ប្រសើរ ម្នាលនាង​ដ៏​ចំរើន ខ្ញុំ​សូមជូនសាដកសម្រាប់​ស្រោចស្រប់​ទឹកនេះ ដល់​នាង។

សំពត់​សាដក ចូរ​នៅ​ជា​របស់​អ្នក​ដ​ដែល​ចុះ ខ្ញុំ​មិន​ត្រូវការ​សំពត់​សាដក (របស់​អ្នក) ទេ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើ​សេចក្ដីទុក្ខ​មិន​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទេ អ្នក​កុំធ្វើ​បាបកម្ម ទោះបី​ក្នុង​ទីវាលក្ដី ក្នុង​ទី​កំបាំងក្ដី។ បើ​អ្នក​នឹង​ធ្វើ​ ឬកំពុងធ្វើ​នូវ​បាបកម្ម សូម្បី​អ្នក​ហោះ​រត់​ទៅ ក៏​មិនរួច​ចាក​ទុក្ខ។ បើ​អ្នក​ខ្លាច​សេចក្ដីទុក្ខ បើសេចក្ដី​ទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធ​ជាតាទិបុគ្គល​ផង នូវ​ព្រះ​ធម៌ផង នូវ​ព្រះ​សង្ឃ​ផង ជា​ទី​ពឹងចុះ ចូរសមាទាសីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹងញ៉ាំង​អ្នក​ឲ្យ​រួច​ចាក (ទុក្ខ)។

ពីដើម ខ្ញុំ​ជាព្រាហ្មណ៍​តែពូជ ថ្ងៃ​នេះ​ខ្ញុំ​ជាព្រាហ្មណ៍ពិត មាន​ត្រៃវិជ្ជា បរិបូណ៌​ដោយ​វេទ ជា​អ្នក​មាន​សួស្ដី ជា​អ្នក​លាងបាប។

បុណ្ណិកាថេរី។

ចប់ សោឡសកនិបាត។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.12.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann