km:tipitaka:sut:kn:thi:sut.kn.thi.13.02

រោហិណីថេរីគាថា

សង្ខេប

ឪពុក​​ដំបូង​​មិន​​សប្បាយ​​ចិត្ត​​ចំពោះ​​ការ​​លះ​បង់​​របស់​​កូន​​ស្រី។ បន្ទាប់​​ពី​​គាត់​​បាន​ទទួលបង្រៀនអំពី​​​ប្រយោជន៍​​​ពី​​​ជីវិត​​​នេះ​​ និង​ក្រោយ​មក​​ខ្លួន​​គាត់​​ក៏​​បាន​​ចូល​​រួម​​ក្នុង​ផ្លូវ​​ដ៏​​វិសេស។ មុន​​ពេល​​បួស​ នាង​រោហិណី​ឆ្លើយ​​នឹង​​ការ​​ចោទ​​របស់​​ឪពុក​​ ដែលបាន​​ថា ព្រះ​សង្ឃ​​ខ្ជិល​​ច្រអូស។ តាម​​ពិត​​ទៅ នាង​​សង្កេត​​ឃើញ​​ថា «ពួក​​សាមណៈ​​ធ្វើ​​​ការ​​បាន​​ល្អ​បំផុត»។

sut kn thi 13 02 បាលី cs-km: sut.kn.thi.13.02 អដ្ឋកថា: sut.kn.thi.13.02_att PTS: ?

រោហិណីថេរីគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(២. រោហិនីថេរីគាថា)

[៣៣២] (បិតាសួរនាងរោហិណីថា) នែនាង​ដ៏​ចំរើន នាងជួប​នឹង​ខ្ញុំ​ពោលថា​សមណៈ នាងភ្ញាក់​ឡើង ក៏​ពោលថា សមណៈ នាងសរសើរចំពោះ​ពួក​សមណៈ​តែ​ម៉្យាង នាង​នឹងជា​សមណី​ដោយ​ពិត។ នាង​តែងផ្គត់​ផ្គង់​បាយ ទឹក ដ៏​ច្រើន ចំពោះ​ពួក​សមណៈទ. ១៩៦ នែ​នាងរោហិណី ឥឡូវ​នេះ យើងសួរនាង ចុះនាងមាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។ ពួក​សមណៈ ជា​អ្នក​មិន​ប្រាថ្នា​ក្នុង​ការ​ងារ ខ្ជិល​ច្រអូស រស់​នៅ​ដោយ​សារទាន​ដែល​បុគ្គល​ដទៃឲ្យ ជា​អ្នក​ប៉ុនប៉ង​ប្រាថ្នា​តែ​អាហារមាន​រសឆ្ងាញ់​ទេ ចុះ​នាង​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។

(នាងរោហិណីតបថា) បពិត្រ​បិតា អ្នក​ដេញដោលសួរ​ខ្ញុំ អំពីពួក​សមណៈ​អស់​កាលយូរណាស់​ហើយ ខ្ញុំ​នឹងសំដែងនូវ​បញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់​សមណៈ​ទាំង​នោះ ដល់​អ្នក។ ពួក​សមណៈ ជា​អ្នក​ប្រាថ្នា​នូវ​ការ​ងារ មិន​ខ្ជិល​ច្រអូស ធ្វើ​ចំពោះ​តែ​ការ​ងារ​ដ៏​ប្រសើរ រមែង​លះ​បង់​នូវ​រាគៈ និងទោសៈ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​អ្នក​ធ្វើ​នូវ​កម្មស្អាត រមែង​កំចាត់​បង់​នូវ​ឫស​នៃបាប1) ទាំង​បី សមណៈ​ទាំង​នុ៎ះ បាន​លះ​បង់​នូវ​បាប​ទាំង​អស់ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះ​ឯង។ កាយ​កម្ម​របស់​សមណៈ​ទាំង​នោះ​ស្អាត វចីកម្មស្អាត​ដូចគ្នា ទាំង​មនោកម្ម​របស់​សមណៈ​ទាំង​នោះ ក៏ស្អាត ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ​ប្រាស​ចាក​មន្ទិល ស្អាត​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ដូច​ជាស័ង្ខ​ដែល​ខាត់​ហើយទ. ១៩៧ ពេញ​ដោយ​ធម៌ស​ទាំង​ឡាយ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ តែងសំដែងនូវ​អត្ថ និងធម៌ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់​នៅ​ដោយ​ធម៌ មាន​ចិត្តប្រសើរ មាន​អារម្មណ៍​តែ​មួយ មាន​ស្មារតី ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នុ៎ះឯង។

ពួក​សមណៈ ទៅ​កាន់​ទី​ឆ្ងាយ​បាន (តាមសេចក្ដីពេញ​ចិត្ត) មាន​ស្មារតី ពោល​ដោយ​ឧបាយ​ប្រាជ្ញា មិន​រាយមាយ តែងដឹង​នូវ​ព្រះ​និព្វាន ជា​ទី​បំផុត​នៃ​ទុក្ខ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ចៀសចេញ​ទៅ​អំពីស្រុកណា រមែង​មិន​រមិល​អ្វីមួយ (ក្នុង​ស្រុកនោះ​) ចេញ​ទៅ​ឥតអាល័យ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទុកដាក់ (សម្បត្តិ) ក្នុង​ជង្រុក មិន​ទុកដាក់​ឆ្នាំង​អំបែង មិន​ទុកដាក់​ល្អីកញ្ជើ ស្វែង​រកចំពោះ​តែភោជន ដែល​សម្រេច​ហើយ ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ សមណៈ​ទាំង​នោះ មិន​ទទួលនូវ​ហិរញ្ញវត្ថុ (កហាបណៈ) មិន​ទទួលនូវ​មាស មិន​ទទួលនូវ​ប្រាក់ទ. ១៩៨ ញ៉ាំង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​វត្ថុ​ដែល​កើត​ឡើង​ចំពោះ​មុខ ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។ ពួក​សមណៈ ចេញ​អំពី​ត្រកូល​ផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅ​បួស រមែង​រាប់​រកគ្នា ទៅ​វិញ​ទៅ​មក ខ្ញុំ​មាន​សេចក្ដីស្រឡាញ់​ពួក​សមណៈ​ដោយ​ហេតុ​នោះ​ឯង។

(បិតានិយាយ​ថា) ម្នាល​នាងរោហិណី​ដ៏​ចំរើន នាងកើត​ក្នុង​ត្រកូល​នៃយើង ដើម្បី​ប្រយោជន៍​ពិត នាង​ជាស្រ្តីមាន​សទ្ធា មាន​សេចក្ដីគោរព​ដ៏មុតមាំ ក្នុង​ព្រះ​ពុទ្ធផង ព្រះ​ធម៌​ផង ព្រះ​សង្ឃ​ផង។ ដ្បិតនាងស្គាល់​នូវ​បុញ្ញក្ខេត្តនុ៎ះ ជា​បុញ្ញក្ខេត្តឧត្តមពិតមែន បើបាន​សមណៈ​ទាំង​នុ៎ះ ទទួលទក្ខិណាទាន​របស់​ខ្ញុំ ប្រហែលគ្រឿង​បូជា ដែល​ខ្ញុំ​តម្កល់​ហើយ ចំពោះ​សមណៈ​ទាំង​នុ៎ះ នឹងមាន​ផលបរិបូណ៌។

(នាងរោហិណី​ពោលថា) បើ​អ្នក​ខ្លាចទុក្ខ បើទុក្ខមិន​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរ​ដល់​នូវ​ព្រះ​ពុទ្ធជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង ចូរ​សមាទាន​សីល​ទាំង​ឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និង​ការ​សមាទាន​សីលនោះ នឹង​មាន​ប្រយោជន៍​ដល់​អ្នក។

(បិតា​ពោលថា) ខ្ញុំ​សូមដល់​នូវ​ព្រះ​ពុទ្ធ ជាតាទិបុគ្គល​ផង ព្រះ​ធម៌ផង ព្រះ​សង្ឃ​ផង ជា​ទីពឹង សូមសមាទានសីល​ទាំង​ឡាយ ការ​ដល់​ទីពឹង និងសមា​ទានសីលនុ៎ះ នឹងមាន​ប្រយោជន៍ដល់​ខ្ញុំ។ទ. ១៩៩ ក្នុង​កាល​មុន ខ្ញុំ​ជាព្រាហ្មណ៍​តែ​ផៅពង្ស ឥឡូវ​នេះ ខ្ញុំ​ជាព្រាហ្មណ៍ពិត (មាន​បាបបន្សាត់​ចោល​ហើយ) ផង មាន​ត្រៃវិជ្ជាផង មាន​សួស្ដីផង ដល់​នូវ​វេទផង ជា​អ្នក​ងូតលាងបាប​ផង។

រោហិណីថេរី។

 

លេខយោង

1)
ឫសគល់​នៃបាប ៣យ៉ាង​គឺ លោភៈ​១ ទោសៈ​១ មោហៈ​១។ អដ្ឋកថា។
km/tipitaka/sut/kn/thi/sut.kn.thi.13.02.txt · ពេលកែចុងក្រោយ: 2024/02/18 15:12 និពន្ឋដោយ Johann