km:tipitaka:sut:kn:thi:sut.kn.thi.13.04

សុន្ទរីថេរីគាថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 13 04 បាលី cs-km: sut.kn.thi.13.04 អដ្ឋកថា: sut.kn.thi.13.04_att PTS: ?

សុន្ទរីថេរីគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. សុន្ទរីថេរីគាថា)

[៣៣៤] (ព្រាហ្មណ៍ជា​បិតាសួរថា) នែនាង​ដ៏​ចំរើន ក្នុង​កាល​មុន នាងកាលស៊ី​កូន​1) ទាំង​ឡាយ​ដែល​ស្លាប់​ហើយ នាងក្ដៅក្រហាយ​ក្រៃពេក ទាំង​ថ្ងៃ​ទាំង​យប់។ ម្នាល​ព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃ​នេះ នាងស៊ីកូន​ទាំង​អស់ ៧ នាក់ ព្រោះ​ហេតុ​អ្វី នាងមិន​ក្ដៅក្រហាយខ្លាំង។

(វាសិដ្ឋថេរី​ពោលថា) ម្នាលព្រាហ្មណ៍ កូន​ទាំង​រយ ពួក​ញាតិ​ទាំង​រយ ជា​ច្រើន របស់​ខ្ញុំ គឺ​ខ្ញុំ​នឹងអ្នក ស៊ី​ហើយ ក្នុង​ចំណែកកន្លង​ទៅ​ហើយ។ ខ្ញុំ​នោះ​ដឹង​នូវ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ជាតិ និង​មរណៈ ទើបមិន​សោក មិន​យំ ទាំង​មិនក្ដៅ​ក្រហាយ។ទ. ២០៣

ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដី​បែបនេះ អស្ចារ្យណាស់ នាងដឹង​ច្បាស់​នូវ​ធម៌​របស់​អ្នក​ណា ទើបនិយាយសំដី​បែបនេះ។

ម្នាលព្រាហ្មណ៍ ព្រះ​សម្ពុទ្ធ​អង្គនោះ សំដែងធម៌ដល់​សត្វ​ទាំង​ឡាយ ដើម្បី​លះ​បង់​នូវ​ទុក្ខ​ទាំង​ពួង ជិតនគរមិថិលា។ ម្នាលព្រាហ្មណ៍ ខ្ញុំ​បាន​ស្ដាប់​ធម៌​របស់​ព្រះ​អរហន្ដ​អង្គ​នោះ ដែល​ជា​ធម៌មិន​មាន​ឧបធិ​ក្កិលេស បាន​ដឹង​ច្បាស់​នូវ​សច្ចធម៌​ហើយ​ក្នុង​ទី​នោះ ទើប​បន្ទោបង់​នូវ​សេចក្ដីសោក​ព្រោះកូនបាន។

ខ្ញុំ​នោះ​នឹង​ទៅ​ក្នុង​ទីជិតក្រុងមិថិលាដែរ ធ្វើ​ដូចម្ដេចហ្ន៎ ព្រះ​មាន​ជោគ​អង្គនោះ គប្បី​ដោះ​ខ្ញុំ​ចាក​ទុក្ខ​ទាំង​ពួង​បាន។

ព្រាហ្មណ៍បានចួប​នឹង​ព្រះ​ពុទ្ធ ព្រះ​អង្គផុតស្រឡះ​ចាក (កិលេស) មិន​មាន​ឧបធិកិលេស ព្រះ​មុនី ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ បាន​សំដែងប្រាប់​ព្រាហ្មណ៍នោះ​នូវ​សច្ចធម៌ គឺ​ទុក្ខ ១ ហេតុកើត​ឡើង​នៃ​ទុក្ខ ១ ការ​កន្លង​នូវ​ទុក្ខ ១ មគ្គប្រកប​ដោយ​អង្គ​ប្រាំបី​ដ៏​ប្រសើរ ជាដំណើរ​ទៅ​កាន់​ទីរំលត់​ទុក្ខ ១។ សុជាតព្រាហ្មណ៍​មាន​សច្ចធម៌​ដឹង​ច្បាស់​ហើយ​ក្នុង​ទី​នោះ ពេញ​ចិត្ត​នឹងបព្វជ្ជា បាន​សម្រេច​វិជ្ជា​បី​ដោយ​រាត្រីបី។

ព្រាហ្មណ៍​ពោលថា ម្នាលសារថី អ្នក​ចូរ​មក អ្នក​ចូរ​ទៅ ចូរនាំរថ​នេះ​ទៅ​វិញ​ចុះ រួច​ចូរប្រាប់​ព្រាហ្ម​ណី កុំឲ្យ​មាន​មោះមៃថា ឥឡូវ​នេះ សុជាត​ព្រាហ្មណ៍​បួស​ហើយ បាន​សម្រេច​វិជ្ជា​បី ដោយ​រាត្រីបី។ទ. ២០៤

(លំដាប់​នោះ សារថី នាំយក​រថ​ផង កហាបណៈ​មួយពាន់​ផង ហើយ​ប្រាប់​នាង​ព្រាហ្មណី មិន​ឲ្យ​មោះមៃ​ថា ឥឡូវ​នេះ សុជាតព្រាហ្មណ៍បួស​ហើយ បាន​សម្រេច​វិជ្ជាបី ដោយ​រាត្រីបី​ហើយ)។

(ព្រាហ្មណី​ពោលថា) ម្នាលសារថី ខ្ញុំ​សូម​ឲ្យ​រថ​ដែល​ទឹម​ដោយ​សេះនេះ និង​កហាបណៈ​មួយពាន់​នេះ ជាអំណោយដល់​អ្នក ព្រោះ​បាន​ឮថា ព្រាហ្មណ៍​បាន​ត្រៃវិជ្ជា។

(សារថី​ពោលថា) ម្នាលព្រាហ្មណី រថ​ដែល​ទឹម​ដោយ​សេះ និង​កហាបណៈ មួយពាន់​នេះ ចូរនៅ​ជា​របស់​នាងដ​ដែល​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​នៃ​ព្រះ​សាស្ដា ព្រះ​អង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរដែរ។

(ព្រាហ្មណី​ពោល​នឹងនាង​សុន្ទរីថា) នែនាងសុន្ទរី បិតា​របស់​នាងលះ​បង់​នូវ​ដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិ​ដ៏ស្ដុកស្ដម្ភ​នៅ​ក្នុង​ផ្ទះ​នេះ​ ទៅ​បួស​ហើយ នាង​ចូរប្រើប្រាស់​នូវ​ភោគៈ​ទាំង​ឡាយ​ចុះ (ព្រោះ​ថា) នាងជាទាយាទ​ក្នុង​ត្រកូល។

(នាងសុន្ទរី​ពោលថា) បិតា​របស់​ខ្ញុំ​លះ​បង់​នូវ​ដំរី គោ សេះ កែវមណី កុណ្ឌល និង​ទ្រព្យសម្បត្តិ​ដែល​មាន​​ក្នុង​ផ្ទះ​នេះ ទៅ​បួស ព្រោះត្រូវសេចក្ដីសោក​នឹងកូន​គ្រប​សង្កត់ ចំណែកខាង​ខ្ញុំ ក៏​នឹង​បួសដែរ ព្រោះត្រូវ​សេចក្ដីសោក​នឹងបង​គ្រប​សង្កត់។ទ. ២០៥

(ព្រាហ្មណី​ពោលថា) ហៃ​នាងសុន្ទរី នាងប្រាថ្នា​នូវ​តម្រិះ​ណា សូម​ឲ្យ​នាង​បាន​សម្រេច​នូវ​តម្រិះ​នោះ ដុំបាយតាមលំដាប់​ផ្ទះ​ក្ដី អាហារ​ចំណីក្ដី បំសុកូលចីវរក្ដី (ដែល​នាង​ត្រូវស្វែង​រក) កាល​បើនាងជំរះនូវ​វត្ថុ​ទាំង​នេះ នឹង​បាន​ជាស្រីមិន​មាន​អាសវៈ​ក្នុង​បរលោក។

(នាងសុន្ទរីនិយាយ​នឹងឧបជ្ឈាយ៍ថា) បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​នៅ​ជាសិក្ខមានា បាន​ជំរះទិព្វចក្ខុ​ហើយ កាលពីដើម ខ្ញុំ​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​ទីណា ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស ក្នុង​ទី​នោះ។ បពិត្រ​ព្រះ​នាងជាកល្យាណី​ដ៏ល្អ របស់​ថេរី​សង្ឃ វិជ្ជាបី ខ្ញុំ​បាន​ដល់​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ ព្រោះ​តែ​អាស្រ័យ​នូវ​ព្រះ​នាង។ បពិត្រ​ព្រះ​នាងជាម្ចាស់ ខ្ញុំ​ចង់​ទៅ​កាន់​ក្រុងសាវត្ថី សូមព្រះ​នាង​អនុញ្ញាតដល់​ខ្ញុំ​ឲ្យ​ទាន ខ្ញុំ​នឹងបន្លឺនូវ​សីហនាទ ក្នុង​សំណាក់​នៃ​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ។

ម្នាលនាងសុន្ទរី នាងចូរមើលព្រះ​សាស្ដា ព្រះ​អង្គ​មាន​សម្បុរ​ដូចមាស មាន​ព្រះ​តចៈ​ពណ៌​ដូចមាស ទ្រង់​ទូន្មានពួក​សត្វ ដែល​គេ​មិន​ទាន់​ទូន្មាន ព្រះ​អង្គជា​អ្នក​ត្រាស់​ដឹងឯង ឥតមាន​ភ័យ​អំពីណាឡើយ។ សូមព្រះ​អង្គនិមន្តទត នាងសុន្ទរី​ដែល​កំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាក​កិលេស) ឥតមាន​ឧបធិ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​សោឡស​កិច្ច​ធ្វើ​រួច​ហើយ មិន​មាន​អាសវៈ។ បពិត្រ​ព្រះ​អង្គ​ជាមហា​វីរបុរស នាងសុន្ទរី ជាសាវិការ​បស់​ព្រះ​អង្គ ចេញ​អំពីក្រុងពារាណសី មកកាន់​សំណាក់​ព្រះ​អង្គ ថ្វាយ​បង្គំនូវ​ព្រះ​បាទ​ទាំង​ឡាយ។ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ជា​ខីណាសវព្រាហ្មណ៍ ព្រះ​អង្គជា​ព្រះ​ពុទ្ធ ព្រះ​អង្គជាគ្រូ (របស់​ខ្ញុំ) ខ្ញុំ​ព្រះ​អង្គ​ជាធីតា​របស់​ព្រះ​អង្គ ជាឱរសកើត​អំពី​ព្រះ​ឱស្ឋ មាន​កិច្ច​ធ្វើ​រួច​ហើយ ឥតមាន​អាសវៈ។ទ. ២០៦

ម្នាលនាងដ៏​ចំរើន​ ដំណើរ​របស់​នាងមកល្អ​ហើយ ដំណើររបស់​នាងមក​អំពី​ទីនោះ មិន​ឆ្ងាយទេ ព្រោះ​ពួក​អ្នក​មាន​ឥន្រ្ទិយទូន្មាន​ហើយ ប្រាស​ចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប មាន​កិច្ច​ធ្វើ​ហើយ ឥតមាន​អាសវៈ រមែង​មកថ្វាយ​បង្គំ​ព្រះ​បាទា​ព្រះ​សាស្ដា​ដូចនាង​ដែរ។

សុន្ទរីថេរី។

 

លេខយោង

1)
ពាក្យថា ស៊ីកូន ក្នុង​ទីនេះ មិន​មែន​សំដៅ​យកការ​ស៊ី​ពិតមែន​នោះទេ សំដៅយក​មនុស្ស​ដែល​មានកូន​ស្លាប់ ជា​ពាក្យ​សម្រាប់​ជេរគ្នា​ដោយ​អំណាច​សេចក្តី​ខឹង។ អដ្ឋកថា។
km/tipitaka/sut/kn/thi/sut.kn.thi.13.04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann