km:tipitaka:sut:kn:thi:sut.kn.thi.15

ចត្តាឡីសនិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 15 បាលី cs-km: sut.kn.thi.15 អដ្ឋកថា: sut.kn.thi.15_att PTS: ?

ចត្តាឡីសនិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ២១៨

(១៥. ចត្តាលីសនិបាតោ)

ឥសិទាសីថេរីគាថា

(១. ឥសិទាសីថេរីគាថា)

[៣៣៧] ភិក្ខុ​នីពីររូប ជាកុលធីតា​ក្នុង​សាក្យត្រកូល ជា​អ្នក​មាន​គុណសម្បត្តិ ក្នុង​នគរកុសុមបាដលិបុត្ត ដែល​ជាមណ្ឌល​នៃដែនដី។ បណ្ដាភិក្ខុ​នី​ទាំង​ពីររូបនោះ ភិក្ខុ​នី ១ រូប ឈ្មោះ​ឥសិទាសី ភិក្ខុ​នីទី ២ ឈ្មោះ​ពោធិ ជា​អ្នក​បរិបូណ៌​ដោយ​សីល ជា​អ្នក​ត្រេក​អរ​ដោយ​ការ​រំពឹង​ក្នុង​ឈាន ជា​ពហុស្សូត មាន​កិលេសកំចាត់​បង់​ហើយ។ ភិក្ខុ​នី​ទាំង​ពីររូបនោះ ត្រាច់​ទៅ​បិណ្ឌបាត ហើយធ្វើ​នូវ​ភត្តកិច្ច លុះ​លាង​បាត្រ​ហើយ អង្គុយជា​សុខ ក្នុង​ទីស្ងាត់ ទើបផ្ដើមនិយាយសំដី​ទាំង​ឡាយ​នេះ​ថា។ ម្នាលនាងម្ចាស់ ឈ្មោះ​ឥសិទាសី នាងជាស្រីគួរ​ជ្រះ​ថ្លា ទាំង​វ័យ​របស់​នាង​ក៏​មិន​ទាន់​សាបសូន្យ អើ ចុះនាង​ឃើញទោស​ដូចម្ដេច ទើបមកប្រកប​ខ្លួន​ក្នុង​បព្វជ្ជា។ទ. ២១៩

ឥសិទាសីភិក្ខុ​នីនោះ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម្មទេសនា កាល​បើ​ពោធិ​ភិក្ខុ​នីសាក​សួរ ក្នុង​ហេតុជា​ប្រយោជន៍ យ៉ាង​នេះ​ហើយ ក៏​បាន​ពោល​នូវ​ពាក្យ​នេះ​ថា ម្នាលនាងពោធិ នាងចូរស្ដាប់​តាមដំណើរ ដែល​ខ្ញុំ​បួសចុះ។

លំដាប់​អំពីនេះ​ទៅ គឺជា​ពាក្យ​វិសជ្ជនា

សេដ្ឋី​អ្នក​សង្រួម​ក្នុង​សីល ជា​បិតា​របស់​ខ្ញុំ ក្នុង​បុរី​ដ៏​ប្រសើរ​ឈ្មោះ​ឧជ្ជេនី (ក្នុង​ដែនអវន្ដិ) ខ្ញុំ​ជាធីតាម្នាក់ ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ជា​អ្នក​គួរ​ទទួលសេចក្ដីអនុគ្រោះ​របស់​បិតានោះ។ លុះ​ចំណេរមក​ខាង​ក្រោយ សេដ្ឋីមាន​ត្រកូល​ដ៏​ឧត្តម មាន​ទ្រព្យច្រើន មក​អំពី​នគរ​សាកេត ដណ្ដឹង​ខ្ញុំ បិតា​ក៏​បាន​ឲ្យ​ខ្ញុំ​ជា​កូន​ប្រសា​របស់​សេដ្ឋីនោះ។ ខ្ញុំ​ចូល​ទៅ​ក្រាប​ក្បាលថ្វាយ​បង្គំនូវ​ជើងម្ដាយ​ក្មេក និងឪពុកក្មេក រាល់​ល្ងាចព្រឹក តាម​ដំណើរ ដែល​មាតា​បិតាប្រៀនប្រដៅ។ ខ្ញុំ​ឃើញ​នូវ​អ្នក​ដណ្ដឹងសូម្បីម្នាក់ ដែល​ជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវារ​របស់​ស្វាមី ខ្ញុំ​ក៏រលះរលាំង ក្រាល​អាសនៈ។ ខ្ញុំ​អង្គាសផ្គត់​ផ្គង់ ឲ្យ​បាយ ទឹក និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ តាមសម​គួរ​ដល់​វត្ថុ​ដែល​គេ​ត្រូវការ។ទ. ២២០ ខ្ញុំ​ក្រោក​ឡើង​តាមកាល​គួរ ហើយ​ចូល​ទៅ​កាន់​ផ្ទះ​របស់​ប្ដី ជូតសំអាតនូវ​ធរណីទ្វារ (ជាដើម) នឹងដៃ​ជើង ផ្គងអញ្ជលីចូល​ទៅ​រកប្ដី។ ខ្ញុំ​យកស្និតសក់ ម្សៅសម្រាប់​លាបមុខ ថ្នាំសម្រាប់​បន្ដក់​ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យ​ប្ដី​ដោយ​ខ្លួន​ឯង ហាក់​ដូច​ជា (វណ្ណទាសី) អ្នក​ធ្វើ​នូវ​ការ​បំរើ។ ខ្ញុំ​ដាំបាយខ្លួន​ឯង លាងភាជន៍ខ្លួន​ឯង បំរើភស្ដា ដូច​ជាមាតាថ្នមកូនខ្ចី។ តែភស្ដា​តែងខឹងសម្បារ​នឹង​ខ្ញុំ ដែល​ជាស្ត្រី​បំរើបាយ គ្មាន​ស្រ្តីណាលើ​ស ជាស្រ្តីធ្វើ​ការ (គ្រប់​យ៉ាង) ជាស្ត្រីមិន​មាន​សេចក្ដីប្រកាន់ មាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស មាន​មារយាទ​យ៉ាង​នេះ។ ស្វាមីនោះ និយាយ​នឹងមាតាបិតា​របស់​គេ​ថា ខ្ញុំ​សូមលា (អ្នក​ម្ដាយលោកឪពុក) ទៅ (ក្នុង​ទីណា​មួយ) (ព្រោះ) ខ្ញុំ​មិនអាចនៅ​រួមគ្នា​ក្នុង​ផ្ទះ​មួយ ជាមួយ​នឹងនាង​ឥសិទាសី​ឡើយ។

(មាតាបិតា​ពោលថា) នែកូន កុំ​ពោលយ៉ាង​នេះ​ឡើយ នាង​ឥសិទាសី ជា​បណ្ឌិត​ឈ្លាសវៃ ជាស្រ្តីមាន​សេចក្ដីព្យាយាម មិន​ខ្ជិលច្រអូស​ទេ ម្នាលកូន ហេតុអ្វីក៏​កូនឯង​មិន​ពេញ​ចិត្ត។

(កូន​ពោលថា) នាងឥសិទាសី មិន​បៀត​បៀនអ្វី ៗ ដល់​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​មិនអាច​នៅ​ជា​មួយ​នឹងនាងឥសិទាសី ព្រោះ​ថា នាង​ឥសិទា​សី ជាស្រីសំអប់​របស់​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹងនៅ​រួមទេ ខ្ញុំ​សូមលាទៅ​ហើយ។

ម្ដាយ​ក្មេក និង​ឪពុកក្មេក បាន​ស្ដាប់​ពាក្យ​កូននោះ​ហើយ សួរ​ខ្ញុំ​ថា​ទ. ២២១ នាងធ្វើ​ខុសអ្វីទេ នាងចូរប្រាប់​កំហុស​ដែល​នាងធ្វើ​ហើយ នាងចូរដោះ​ស្រាយ តាម​សេចក្ដី​ពិត​មកចុះ។

(ខ្ញុំ​ក៏ឆ្លើយថា) ខ្ញុំ​មិន​បាន​ប្រទូស្តអ្វី ៗ ទេ ខ្ញុំ​មិន​បៀត​បៀន មិន​ពោល​ពាក្យ​អាក្រក់ (ដល់​គាត់​ទេ) ភស្ដា​ស្អប់​ខ្ញុំ ឲ្យ​ខ្ញុំ​អាចធ្វើ​អ្វីកើត។

ម្ដាយក្មេក និងឪពុកក្មេក​ទាំង​ឡាយ​នោះ ក៏អាក់​អន់​ចិត្ត ត្រូវសេចក្ដី​ព្រួយ​គ្រប​សង្កត់ ក៏នាំ​ខ្ញុំ​ត្រឡប់​ទៅ​កាន់​ផ្ទះ​បិតាវិញ រក្សានូវ​កូន (ដោយ​គិតថា) យើង​នឹងរក​ឲ្យ​បាន​នូវ​ស្រ្តីមាន​រូបឆោម​ដ៏​មាន​សិរី។ គ្រាក្រោយមក បិតាបាន​ឲ្យ​ខ្ញុំ ក្នុង​ផ្ទះ​នៃ​ត្រកូលទី ២ ជា​អ្នក​ស្ដុកស្ដម្ភ ដោយ​ជំនូនពាក់​កណ្ដាល អំពីជំនូន​ដែល​សេដ្ឋី​បាន​ជូន​មក​ខ្ញុំ​មុននោះ។ ខ្ញុំ​បាន​នៅ​ក្នុង​ផ្ទះ​នៃប្ដីទី ២ នោះ អស់ ១ ខែ គ្រា​នោះ គាត់​ក៏បណ្ដេញ​ខ្ញុំ ដែល​ជាស្រ្តី​ខ្នះខ្នែងបំរើ​ដូច​ជាទាសី ជាស្រីមិនប្រទូស្ត មាន​មារយាទល្អ។ បិតា​របស់​ខ្ញុំ និយាយ​នឹងបុរស​អ្នក​ទូន្មាន (ចិត្ត) អ្នក​ទូន្មាន (កាយ និងវាចា) ដែល​កំពុងត្រាច់​ទៅ​ដើម្បី​ភិក្ខាថា អ្នក​ចូរ​ជា​កូនប្រសា​របស់​ខ្ញុំ អ្នក​ចូរបោះ​ចោល​នូវ​កំណាត់​សំពត់ និង​ឆ្នាំង។ ស្វាមីទី ៣ នោះ បាន​នៅ (ជាមួយ​នឹង​ខ្ញុំ) អស់​បក្ខ ១ (កន្លះខែ) ក៏និយាយ​នឹងបិតា​ខ្ញុំ​ថា អ្នក​ចូរ​ឲ្យ​កំណាត់​សំពត់ ឆ្នាំង និងអំបែងមក​ខ្ញុំ​វិញ ខ្ញុំ​នឹងត្រាច់​ទៅ​ដើម្បី​ភិក្ខាទៀត។ គ្រា​នោះ បិតាមាតា និងពពួក​ញាតិ​ទាំង​អស់​របស់​ខ្ញុំ និយាយ​នឹងបុរសនោះ​ថាទ. ២២២ អ្នក​ណាមិនធ្វើ​តាម​អ្នក​ក្នុង​ទីនេះ​ឬ អ្នក​ចូរប្រាប់​ហេតុ​ដែល​គេ​ធ្វើ​ដល់​អ្នក​ឲ្យ​ឆាប់។ បុរស​នោះ កាល​បើគេ​ពោល​យ៉ាង​នេះ​ហើយ ក៏​ពោល​តបថា បើខ្លួន​របស់​ខ្ញុំ​អាច​នៅ​បាន (ក៏​នាងឥសិទាសី) មិន​គួរ​ដល់​ខ្ញុំ (ព្រោះ​ហេតុ​នោះ​) ខ្ញុំ​មិននៅ​ជាមួយ​នាងឥសិទាសី ក្នុង​ផ្ទះ​មួយជាមួយគ្នាទេ។ បុរស​នោះ កាល​បើ (បិតា​របស់​ខ្ញុំ) លះ​បង់​ហើយ ក៏ទៅ​បាត់​ទៅ ចំណែកខាង​ខ្ញុំ​ជាស្រ្តីនៅ​តែម្នាក់​ឯង គិតថា​អាត្មា​អញ​នឹងលាមាតាបិតាទៅ​ស្លាប់ ឬ​ទៅ​បួស។ គ្រា​នោះ នាងថេរី​ជាម្ចាស់​ឈ្មោះ​ជិនទត្តា ជា​អ្នក​ទ្រទ្រង់​នូវ​វិន័យ ជា​ពហុស្សូត បរិបូណ៌​ដោយ​សីល កាល​ត្រាច់​ទៅ​ដើម្បី​ភិក្ខាហារ ក៏​បាន​និមន្ដមកកាន់​ត្រកូល​នៃ​បិតា (ខ្ញុំ)។ ខ្ញុំ​ឃើញ​នាង​ជិនទត្តា​ថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈ​របស់​យើង ប្រគេ​ន​នាងថេរីនោះ លុះ​ព្រះ​នាង​គង់​ហើយ ខ្ញុំ​ក៏ថ្វាយ​បង្គំនូវ​ព្រះ​បាទា ហើយ​ប្រគេ​ន​ភោជន។ ខ្ញុំ​ញ៉ាំង​ជិនទត្តាថេរី ឲ្យ​ឆ្អែត​ស្កប់​ស្កល់ ដោយ​បាយ និង​បង្អែម ដែល​មាន​ក្នុង​លំនៅ​នោះ ហើយ​ពោលថា បពិត្រ​ព្រះ​នាង​ជាម្ចាស់ ខ្ញុំ​ចង់​បួស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌​នោះ​​ក្នុង​ផ្ទះ​នេះ​ទៅ​ចុះ ចូរញ៉ាំង​សមណៈ​ទាំង​ឡាយ​ផង ព្រាហ្មណ៍​ទាំង​ឡាយ​ផង ឲ្យ​ឆ្អែត​ស្កប់​ស្កល់​ដោយ​បាយ និងទឹក​ចុះ។ទ. ២២៣ លំដាប់​នោះ ខ្ញុំ​ក៏ប្រណម្យ​អញ្ជលី យំ​ពោល​នឹង​បិតាថា បពិត្រ​បិតា សូមលោក​អនុញ្ញាត​ខ្ញុំ ខ្ញុំ​នឹងញ៉ាំង​បាបកម្ម​ដែល​ខ្ញុំ​ធ្វើ​ហើយ​នោះ ឲ្យ​វិនាស។ គ្រា​នោះ បិតា​ពោល​នឹង​ខ្ញុំ​ថា (ព្រះ​សម្មាសម្ពុទ្ធ) ព្រះ​អង្គ​ប្រសើរជាងសត្វ​ជើងពីរ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​លោកុត្តរធម៌​ណា នាង​ចូរ​បាន​លុះ​នូវ​ពោធិញ្ញាណ និងអគ្គធម៌ និងព្រះ​និព្វាន​នោះ​ចុះ។ ខ្ញុំ​ថ្វាយ​បង្គំ​លា​បិតាមាតា និងពពួក​នៃញាតិ​ទាំង​អស់ ហើយ​បួសបាន ៧ ថ្ងៃ ក៏សម្រេច​វិជ្ជាបី។ ខ្ញុំ​ដឹងជាតិ​របស់​ខ្លួន បាន ៧ ជាតិ ផលវិបាកនេះ​របស់​កម្មណា ខ្ញុំ​នឹងប្រាប់​នូវកម្ម​នោះ​ដល់​នាង នាងចូរមាន​ចិត្ត​តែ​មួយ ចាំផ្ទៀងស្ដាប់​នូវ​កម្មនោះ ដូចតទៅ​នេះ ខ្ញុំ​ជាជាង​មាសមាន​ទ្រព្យច្រើន ក្នុង​នគរឈ្មោះ​ឯកកច្ឆៈ ខ្ញុំ​នោះ​ជា​មនុស្សស្រវឹង ព្រោះ​ការ​ស្រវឹង​វ័យ បាន​ប្រព្រឹត្តសេពសំភព​នឹងប្រពន្ធបុគ្គល​ដទៃ។ ខ្ញុំ​នោះ​លុះ​ឃ្លាត​ចាក​អត្តភាពនោះ​ហើយ ក៏ឆេះរោលរាល​ក្នុង​នរកអស់​កាលយូរ លុះ​រួច​ចាក​នរកនោះ​ហើយ មកចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់​នៃហ្វូង ខាំផ្ដាច់​នូវ​ជាតកម្ម គឺអង្គ​ជាត (របស់​ខ្ញុំ) ដែល​ទើប​នឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផល​នៃកម្ម​របស់​ខ្ញុំ​នុ៎ះ ដែល​គប់​រក​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​នោះ​ធ្វើ​មរណកាល ច្យុត​ចាក​កំណើត​នៃស្វានោះ​ហើយ ក៏ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​មេ​ពពែខ្វាក់​ផង ខ្ចកផង ក្នុង​ដែន​នៃ​ស្ដេច​សិន្ធវៈ។ទ. ២២៤ ខ្ញុំ​ត្រូវគេ​ព្រនាក់​កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេ​គ្រៀវ ត្រូវដង្កូវបៀត​បៀន ឈឺចាប់ ព្រោះ​តែ​អំពើ​ដែល​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ច្យុត​ចាក​កំណើត​នៃពពែ​នោះ​ហើយ ក៏កើត​ជា​កូនគោ អំពីមេគោ​របស់​ឈ្មួញគោ បាន ១២ ខែ មាន​រោម​ក្រហម​ដូច​ជា​ជ្រលក់​ល័ក្ត ហើយត្រូវគេ​គ្រៀវ។ ខ្ញុំ​តែងទាញនូវ​នង្គ័ល និង​រទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ។ ខ្ញុំ​នោះ​ជាសត្វច្យុត​ចាក​កំណើត នៃគោនោះ​ហើយ ក៏កើត​ក្នុង​ផ្ទៃ​នៃទាសី​ក្នុង​ផ្ទះ​ក្បែរថ្នល់ មិន​ប្រាកដ​ជាស្រី មិន​ប្រាកដជាប្រុស (ខ្ទើយ) ព្រោះ​តែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​នៃបុគ្គល​ដទៃ។ ខ្ញុំ​ស្លាប់​ក្នុង​អាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុង​ត្រកូល​នៃ​អ្នក​រទេះ ដែល​ជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់​ទ្រព្យរឹបជាន់​ច្រើន។ កាល​ការ​ប្រាក់​ចំរើន​ច្រើន​ឡើង​ហើយ នាយ​ឈ្មួញរទេះ ក៏អូសទាញ​ខ្ញុំ អំពីផ្ទះ​នៃ​ត្រកូល ដែល​កំពុងយំខ្សឹកខ្សួល។ទ. ២២៥ គ្រា​នោះ បុត្រ​របស់​ឈ្មួញរទេះនោះ ឈ្មោះ​គិរិទាសៈ បាន​ឃើញ​ខ្ញុំ​ជាស្រ្តីនៅ​ក្រមុំ មាន​វ័យចំរើន ក្នុង​ឆ្នាំជា​គំរប់ ១៦ ក៏ហួងហែងទុក (ក្នុង​ផ្ទះ​របស់​ខ្លួន​)។ ប្រពន្ធដទៃ​របស់​គិរិទាសៈ ជាស្រ្ដីមាន​សីល​ផង មាន​គុណ​ផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ស្អប់​នូវ​ប្រពន្ធ​របស់​គាត់។ ប្ដី​ទាំង​ឡាយ លះលែង​ខ្ញុំ ដែល​ជា​អ្នក​ខ្នះខ្នែងបំរើដូច​ជាទាសី ព្រោះផល​នៃ​កម្មណា នុ៎ះជាផលកម្ម (របស់​ខ្ញុំ) នោះ ទីបំផុត​នៃបាបកម្មនោះ​ឯង ខ្ញុំ​បាន​ធ្វើ​ហើយ។

ឥសិទាសីថេរី។

ចប់ ចត្តាឡីសនិបាត។

 

លេខយោង

km/tipitaka/sut/kn/thi/sut.kn.thi.15.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann