User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:thi:sut.kn.thi.16

មហានិបាត

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn thi 16 បាលី cs-km: sut.kn.thi.16 អដ្ឋកថា: sut.kn.thi.16_att PTS: ?

មហានិបាត

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ២២៦

(១៦. មហានិបាតោ)

សុមេធាថេរីគាថា

(១. សុមេធាថេរីគាថា)

[៣៣៨] នាងសុមេធា ជាធីតា​នៃអគ្គមហេសី​របស់​ព្រះ​រាជា ទ្រង់​ព្រះ​នាម​កោញ្ចៈ ក្នុង​នគរឈ្មោះ​មន្ដាវតី ជាស្រ្តី​ដែល​ព្រះ​អរិយៈ អ្នក​ធ្វើ​សាសនា​ឲ្យ​ជ្រះ​ថ្លា​ហើយ។ នាង​សុមេធា ជាស្រីមាន​សីល ជាធម្មកថិកា​ដ៏​វិចិត្រ ជា​ពហុស្សូត ជាស្រីបាន​បទ​ក្នុង​ព្រះ​ពុទ្ធសាសនា ចូល​ទៅ​ជិតព្រះ​មាតាបិតា ហើយទូលថា សូមទ្រង់​ទាំង​ពីរ​ស្ដាប់ (ពាក្យ​ខ្ញុំ​ម្ចាស់)។ ខ្ញុំ​ម្ចាស់​ជា​អ្នក​ត្រេកអរ ចំពោះ​ព្រះ​និព្វាន ភពសូម្បី​ជា​ទិព្វ ក៏ជា​របស់​មិន​ទៀង​ទាត់ នឹងចាំបាច់​ពោលទៅ​ថ្វី​ដល់​កាម​ទាំង​ឡាយ ដែល​ជា​របស់​សោះសូន្យ មាន​ការ​ត្រេកអរ​តិច មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន។ ពួក​ជនពាល ឈ្លក់​ក្នុង​កាម​ទាំង​ឡាយ​ណា កាម​ទាំង​ឡាយ​នោះ ជាសភាវៈ​ខ្លោចផ្សា ឧបមា​ដូច​ជាអាសិរពិស ពួក​ជនពាល​ទាំង​នោះ សឹងពេញ​ណែនត្រៀបត្រា​ក្នុង​នរក រងទុក្ខលំបាកអស់​កាល​ដ៏​អង្វែង។ ពួក​ជន​ពាលមាន​កម្ម​ដ៏លាមក មាន​គំនិតអាក្រក់ មិន​សង្រួមកាយ វាចា ចិត្ត រមែង​សង្រេងសង្រៃ ក្នុង​វិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាល​ទាំង​នោះ ជា​អ្នក​ឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុ​នៃ​ទុក្ខរួបរឹត មិន​ដឹង (នូវ​ចតុសច្ច​ធម៌) ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង រមែង​មិនត្រាស់​ដឹង​នូវ​អរិយសច្ច​ទាំង​ឡាយ។ទ. ២២៧ បពិត្រ​ព្រះ​មាតា ជន​ទាំង​ឡាយ​ជា​ច្រើន​នាក់​ណាស់ ដែល​មិន​ដឹង​នូវ​សច្ចធម៌ ដ៏ជា​ធម៌ គឺព្រះ​ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​សំដែង ហើយ​ត្រេកអរ​តែ​នឹងភព ពេញ​ចិត្ត​តែ​នឹង​ការ​កើត​ក្នុង​ពួក​ទេវតា។ សូម្បីការ​កើត​ក្នុង​ពួក​ទេវតា ក៏​មិនទៀង កាល​បើ​ភពមិន​ទៀង ពួក​ជន​ពាល​ក៏នៅ​តែ​មិនតក់​ស្លុត​នឹងភព​ដែល​សត្វ​ត្រូវកើតញយ ៗ។ វិនិបាត1) ៤ និងគតិ ២ បុគ្គល​គប្បី​បាន​ដូចម្ដេចកើត បព្វជ្ជា​របស់​ពួក សត្វ​វិនិបាត​ក្នុង​នរក មិន​មាន​ឡើយ។ សូមទ្រង់​ទាំង​ពីរអនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​ទស​ពល ខ្ញុំ​ម្ចាស់​នឹងជាស្រ្តីមាន​សេចក្ដីខ្វល់​ខ្វាយ​តិច ប្រឹងប្រែងដើម្បី​លះ​បង់​នូវ​ជាតិ និង​មរណៈ។ ប្រយោជន៍អ្វី​ដោយ​ភព ដែល​អ្នក​ផង​ត្រេកត្រអាល ប្រយោជន៍អ្វី​ដោយ​កាយជាទោស ឥតខ្លឹមសារ សូមទ្រង់​អនុញ្ញាត ខ្ញុំ​ម្ចាស់​នឹង​បួស ដើម្បី​រំលត់​នូវ​ភវតណ្ហា។ ការ​កើត​ឡើង​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ (ខ្ញុំ​ម្ចាស់​បាន​ចួបប្រទះ​ហើយ) កាល​មិន​មែន​ជាខណៈ ខ្ញុំ​ម្ចាស់​វៀរ​ស្រឡះ​ហើយ ខណៈ ខ្ញុំ​ម្ចាស់​បាន​ហើយ ខ្ញុំ​ម្ចាស់​មិនប្រទូស្ដនូវ​សីល និង​ព្រហ្មចរិយៈ រហូត​អស់​មួយជីវិត។

លុះនាងសុមេធា ក្រាប​ទូល​យ៉ាង​នេះ គ្រា​នោះ ព្រះ​មាតាបិតា បាន​មាន​បន្ទូល​នឹង​នាងថា យើង​ទាំង​ឡាយ​ជាគ្រហស្ថ សុទ្ធ​តែ​លុះ​ក្នុង​អំណាច​នៃសេចក្ដីស្លាប់ និងលះ​បង់​មិន​បាន​ទេ។ទ. ២២៨

មាតាជា​ទុក្ខស្រែកយំ បិតាក៏ជា​ទុក្ខ ត្រូវសេចក្ដីសោកស្ដាយ​គ្រប​សង្កត់​ដូចគ្នា ប្រឹងប្រែងសង្រួប​សង្រួមធីតានោះ ដែល​ដួលចុះលើ​ផែនដី នាផ្ទៃ​ប្រាសាទថា។

ម្នាល​កូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វី​ដោយ​ការ​សោក (ដើម្បី​ចង់​បួស) យើងបាន​ថ្វាយនាងដល់​ស្ដេច ទ្រង់​ព្រះ​នាម​អនិករត្តៈ ជាស្ដេចមាន​រូប​ល្អ ក្នុង​នគរឈ្មោះ​វារណវតី​ហើយ។ នាង​នឹង​បាន​ជាអគ្គមហេសី នឹង​បាន​ជាភរិយា របស់​ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេ​ធ្វើ​បាន​កម្រ​ណាស់។ អាណាចក្រ​ក្នុង​រាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏​មាន​ច្រើន) ភោគ​សម្បត្តិ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាង ក៏នៅ​ក្រមុំ ព្រោះ​ហេតុ​នោះ នាង​ចូរ​ប្រើប្រាស់​ភោគសម្បត្តិ តាម​ប្រាថ្នា​ចុះ។ ម្នាលកូនស្រី កិច្ច​ដែល​គេ​ត្រូវដណ្ដឹង ចូរ​មាន​ដល់​នាង។

គ្រា​នោះ នាងសុមេធា ក្រាបទូលមាតាបិតា​នោះ​ថា សម្បត្តិ​ទាំង​ឡាយ​ប្រាកដ​ដូច្នេះ ចូរ​កុំមាន (ដល់​ខ្ញុំ​ម្ចាស់) ភពជា​របស់​គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមាន​ដល់​ខ្ញុំ​ម្ចាស់ ព្រោះ​ហេតុ​នោះ កិច្ច​ដែល​គេ​ត្រូវដណ្ដឹង (ចូរ​កុំមាន​ដល់​ខ្ញុំ​ម្ចាស់​ឡើយ)។ (សរីរៈ​នេះ​) ដូច​ជាដង្កូវ ជា​កាយ​ស្អុយ មិន​ស្អាត មាន​ក្លិន​ផ្សាយ​ទៅ​គួរ​ឲ្យ​ខ្លាចទ. ២២៩ ដូច​ជា​ការុងជាវិការ​នៃស្បែក ពេញ​ដោយ​សាកសព ពេញ​ដោយ​របស់​មិនស្អាត ដែល​ហូរចេញ​ក្នុង​កាលម្ដង ៗ។ ខ្ញុំ​ម្ចាស់​ដឹង​នូវ​សរីរៈ​នោះ​ថា ដូច​ជាអ្វីមួយ ដែល​បូកលាប​ដោយ​សាច់ និង​ឈាម ជា​របស់​គួរ​ខ្ពើម​ក្រៃពេក ជាលំនៅ​នៃហ្វូងដង្កូវ ជាចំណី​នៃសត្វ​ស្លាប ជា​សាកសព (គេ​) នឹង​ឲ្យ​ដល់​អ្នក​ណាម្ដេចបាន។ កាយ​ដែល​មាន​វិញ្ញាណ​ប្រាសចេញ​ហើយ មិន​យូរប៉ុន្មាន គេ​តែងដុត​ក្នុង​ព្រៃ​ស្មសាន ពួក​ញាតិ​ដែល​ខ្ពើមរអើម ក៏បោះ​បង់​ចោល ដូច​ជាអង្កត់​អុស។ មាតាបិតា​របស់​ខ្លួន ចោលសាកសពនោះ ឲ្យ​ជាចំណីសត្វ​ដទៃ​ក្នុង​ព្រៃ​ស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួន​ដើរចេញ​ទៅ​) ចំណង់​បើ​សាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត។ សត្វ​ទាំង​ឡាយ តែងជ្រុលជ្រប់​ក្នុង​គ្រោង​កាយ ជា​សាកសពឥតខ្លឹមសារ ដែល​សង្ខារផ្សំផ្គុំ​ដោយ​ឆ្អឹង និងសរសៃ ជា​កាយ​ស្អុយ ពេញ​ដោយ​ទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ។ បើ​បុគ្គល​ពន្លាត់​រាង​កាយ​នោះ ធ្វើ​អាការ​ខាង​ក្នុង​នៃវា ឲ្យ​ត្រឡប់​មក​ខាង​ក្រៅវិញ សូម្បី​មាតា​របស់​ខ្លួន ក៏ខ្ពើម​រអើមអត់​ទ្រាំ​នឹង​ក្លិនពុំបាន។ ខ្ញុំ​ម្ចាស់​និយាយ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា នូវ​ខន្ធ ធាតុ អាយតនៈ ដែល​សង្ខារ​តាក់​តែង ថាមាន​ជាតិជាឫសគល់ នាំ​មក​នូវ​ទុក្ខ មិន​ជា​ទីពេញ​ចិត្ត នឹងប្រាថ្នា​នូវ​កិច្ច​ដែល​គេ​ត្រូវដណ្ដឹងដើម្បី​អ្វី។ លំ​ពែង ៣០០ ដែល​សំលៀងថ្មី ៗ គប្បី​ធ្លាក់​ចុះលើ​កាយ​រាល់ ៗ ថ្ងៃទ. ២៣០ ប្រសិនបើ ការ​អស់​ទៅ​នៃ​ទុក្ខ សូម្បីមាន​ការ​លំបាក (យ៉ាង​នេះ​) អស់​រយឆ្នាំ ជា​ការ​ប្រសើរ។ បុគ្គល​ណា ដឹងព្រះ​ពុទ្ធដីការ​បស់​ព្រះ​សាស្ដា​យ៉ាង​នេះ ហើយបាន​ទទួល​នូវ​សេចក្ដីលំបាក (ការ​អស់​ទៅ​នៃ​ទុក្ខ តែង​មាន​ដល់​បុគ្គល​នោះ​) សង្សារ (ការ​អន្ទោលទៅ​) របស់​បុគ្គល​ពាល​ទាំង​ឡាយ ដែល​លំបាករឿយ ៗ ជាសង្សារ​វែងឆ្ងាយ។ ការ​លំបាក​តានតឹង​មិន​មាន​ប្រមាណ រមែង​ប្រាកដ​ក្នុង​ពួក​ទេវតា ពួក​មនុស្ស ក្នុង​កំណើតតិរច្ឆាន ក្នុង​ពួក​អសុរកាយ ក្នុង​ពួក​ប្រេត និង​ក្នុង​ពួក​នរក។ ក្នុង​នរក មាន​សេចក្ដីលំបាកច្រើន សត្វ​ដែល​កើត​ក្នុង​វិនិបាត ក៏លំបាក សូម្បី​ក្នុង​ពួក​ទេវតា ក៏​មិន​មាន​ទីពឹង សេចក្ដី​សុខ​ដទៃ​ក្រៃលែង ជាងសេចក្ដីសុខ​ក្នុង​ព្រះ​និព្វាន មិន​មាន​ទេ។ បុគ្គល​ពួក​ណា ខំប្រឹងប្រែង​ក្នុង​សាសនា​របស់​ព្រះ​ទសពល ជា​អ្នក​មាន​សេចក្ដីខ្វល់​ខ្វាយតិច ខំព្យាយាមលះ​បង់​ជាតិ និង​មរណៈ បុគ្គល​ពួក​នោះ ឈ្មោះ​ថាបាន​ព្រះ​និព្វាន។ បពិត្រ​ព្រះ​បិតា ខ្ញុំ​ម្ចាស់​នឹងចេញ​បួស​ក្នុង​ថ្ងៃ​នេះ ប្រយោជន៍អ្វី​ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ឥត​ខ្លឹមសារ កាម​ទាំង​ឡាយ ទុក​ស្មើវត្ថុ​ដែល​គេ​ខ្ជាក់​ចោល ខ្ញុំ​ម្ចាស់​នឿយណាយ​ហើយ ធ្វើ​ឲ្យ​ដូចដើមត្នោតមិន​មាន​ទីកើត (ដែល​បុគ្គល​ដក​ចោល​ហើយ)។ទ. ២៣១

នាងសុមេធានោះ កំពុងនិយាយ​នឹងបិតាយ៉ាង​នេះ ស្រាប់​តែ​ព្រះ​បាទ​អនិករត្តៈ ដែល​បិតាបានថ្វាយនាងដល់​ទ្រង់ សេ្ដចព្រះ​រាជដំណើរចូល​ទៅ​ដល់ ដោយ​មាន​ពួក​កំលោះ​ហែហម (ព្រោះ) ការ​ត្រូវដណ្ដឹង មាន​ក្នុង​កាល​ប្រាកដ​ហើយ។ ក្នុង​កាល​នោះ នាងសុមេធា កាត់​នូវ​សក់​ទាំង​ឡាយ ដែល​មាន​ពណ៌ខ្មៅ​រលើ​ប ស្លូតទន់ ដោយ​ព្រះ​ខាន់ ហើយបិទទ្វារប្រាសាទ រួច​ចូលបឋមជ្ឈាន។ នាង​សុមេធា កំពុង​តែចូល​សមាបត្តិ ចំរើន​នូវ​អនិច្ចសញ្ញាលើ​ប្រាសាទ គាប់​ចួនស្ដេចអនិករត្តៈ ក៏យាង​មក​ដល់​នគរ។ នាង​សុមេធានោះ កំពុង​តែធ្វើ​ទុក​ក្នុង​ចិត្ត (នូវ​អនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែល​ស្អិតស្អាង​ព្រះ​អង្គ ដោយ​គ្រឿង​អលង្ការ ជាវិការៈ​កែវមណី និងមាស ក៏ឡើង​មក​ដោយ​រួសរាន់ ហើយធ្វើ​អញ្ជលី អង្វរនាង​សុមេធាថា។ អាជ្ញា​ក្នុង​រាជ​របស់​យើង ទ្រព្យ និង​ឥស្សរិយយស (ក៏​មាន​ច្រើន) ភោគសម្ប័ទទាំង​ឡាយ នាំ​មក​នូវ​សេចក្ដីសុខ ទាំង​ខ្លួន​នាងសោត ក៏នៅ​ក្រមុំ នាងចូរប្រើប្រាស់​ភោគសម្ប័ទ តាមប្រាថ្នា​ចុះ (ព្រោះ​ថា) កាមសុខ​ក្នុង​លោក គេ​រកបាន​ដោយ​កម្រណាស់។ រាជសម្បត្តិ យើងប្រគល់​ផ្ដាច់​ឲ្យ​នាង នាងចូរ​ប្រើប្រាស់​នូវ​ភោគសម្ប័ទ​ទាំង​ឡាយ ចូរ​ឲ្យ​នូវ​ទានចុះ នាង​កុំតូចចិត្ត​ឡើយ មាតា​បិតា​របស់​នាង ជា​ទុក្ខ។ទ. ២៣២

នាងសុមេធា ជាស្រ្តី​មិន​ត្រូវការ​ដោយ​កាម មាន​មោហៈ​ទៅ​ប្រាស​ហើយ ក៏ទូល​តប​ស្ដេច​អនិករត្តៈ​នោះ​ថា ព្រះ​អង្គ​កុំត្រេកត្រអាល​ចំពោះ​កាម​ទាំង​ឡាយ ព្រះ​អង្គ​ចូរ​ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​វិញ។ ព្រះ​រាជាទ្រង់​ព្រះ​នាម​មន្ធាតុ ជាធំលើ​ទ្វីប​ទាំង​បួន ជា​បុគ្គល​ប្រសើរផុតជាងពួក​ជន​អ្នក​បរិភោគ​កាម ទ្រង់​មិនឆ្អែតឆ្អន់ (ដោយ​កាម​ទាំង​ឡាយ​) ទ្រង់​ទិវង្គតទៅ សេចក្ដី​ប្រាថ្នា​របស់​ស្ដេចនោះ នៅ​តែមិនពេញ​គ្រប់​គ្រាន់​នៅ​ឡើយ។ ភ្លៀង​គប្បី​បង្អុរចុះ​នូវ​រតនៈ​ទាំង​ឡាយ ៧ ប្រការ ជុំវិញ គ្រប់​ទិស​ទាំង ១០ សេចក្ដីឆ្អែតចំពោះ​កាម​ទាំង​ឡាយ ក៏នៅ​តែ​មិនល្មម ពួក​នរ​ជន រមែង​ស្លាប់​ទៅ​ទាំង​មិនឆ្អែត។ កាម​ទាំង​ឡាយ ប្រៀប​ដូចដាវ និង​ឈើ​ស្រួច កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាក្បាល​នៃពស់ ឬប្រៀប​ដូច​ជាគប់​ភ្លើង ក្រៀម​ក្រោះ​ដូច​ជារាង​ឆ្អឹង តែងដុត​កំដៅរឿយ ៗ។ កាម​ទាំង​ឡាយ មិន​ទៀង​ទាត់ មិន​ឋិត​ថេរ មាន​ទុក្ខច្រើន មាន​ពិសខ្លាំង មាន​សេចក្ដី​តានតឹង ជាឫសគល់ មាន​សេចក្ដីទុក្ខជាផល ដូច​ជាដុំដែក​ដែល​កំពុង​ឆេះ។ កាម​ទាំង​ឡាយ ប្រៀប​ដូច​ជាផ្លែឈើ ឬប្រៀប​ដូច​ដុំសាច់ នាំ​មក​នូវ​ទុក្ខ កាម​ទាំង​ឡាយ ដូច​ជា​ការ​យល់​សប្ដិ ជា​គ្រឿង​បញ្ឆោត ដូច​ជា​របស់​ខ្ចីគេ។ កាម​ទាំង​ឡាយ ដូច​ជាលំពែង និងដែកស្រួច ដូច​ជារោគ ឬ​ដូច​ជាបូស ជា​គ្រឿង​តាន​តឹង ចង្អៀតចង្អល់ទ. ២៣៣ កាម​ទាំង​ឡាយ ប្រាកដស្មើ​ដោយ​រណ្ដៅ​នៃរងើក​ភ្លើង មាន​សេចក្ដី​តានតឹង​ជាឫស ជាភ័យ ជាខ្មាំង។ កាម​ទាំង​ឡាយ មាន​សេចក្ដីទុក្ខ​ច្រើនយ៉ាង​នេះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ជាសភាវៈ​ធ្វើ​នូវ​សេចក្ដី​អន្ដរាយ សូម​ព្រះ​អង្គ​យាង​ទៅ​វិញ​ចុះ សេចក្ដីស្និទ្ធស្នាល​ក្នុង​ភព​របស់​ខ្ញុំ​ម្ចាស់ មិន​មាន​ទេ។ បុគ្គល​ដទៃ​នឹង​ធ្វើ​នូវ​ប្រយោជន៍​ដូចម្ដេច ដល់​ខ្ញុំ​ម្ចាស់​កើត កាល​បើក្បាល​របស់​ខ្លួន​ត្រូវភ្លើងឆេះ កាល​បើជរា មរណៈ​កំពុងជាប់​តាម ខ្ញុំ​ម្ចាស់​ត្រូវប្រឹងប្រែង ដើម្បី​កំចាត់​បង់​នូវ​ជរា មរណៈ​នោះ។

នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែល​មក​មិន​ទាន់​ដល់​ទ្វារ កំពុងគង់​យំលើ​ផែនដី ក៏ទូលនូវ​ពាក្យ​នេះ​ថា សង្សារ របស់​បុគ្គល​អន្ធពាល​ដែល​យំទួញញយ ៗ ចំពោះ​សេចក្ដីស្លាប់​របស់​បិតា សេចក្ដីស្លាប់​របស់​បងប្អូន និង​សេចក្ដីស្លាប់​របស់​ខ្លួន ក្នុង​សង្សារវដ្ដ ដែល​គេ​មិន​អាច​ដឹងទីបំផុតបាន ជាសង្សារវែង​ឆ្ងាយ។ សូមទ្រង់​ទាំង​ឡាយ រលឹកនូវ​ទឹកភ្នែក ទឹកដោះ និង​ឈាម កាលទ្រង់​អន្ទោល​ទៅ ព្រោះសង្សារ ដែល​គេ​មិនអាច​ដឹងទី​បំផុតបាន សូមទ្រង់​រលឹកនូវ​គំនរឆ្អឹង​ទាំង​ឡាយ របស់​ពួក​សត្វ​ដែល​អន្ទោល​ទៅ​មក ៗ។ សូមទ្រង់​រលឹកដល់​ទឹកភ្នែក ទឹកដោះ និង​ឈាម ដែល​ប្រៀប​ធៀប​នឹង​សមុទ្រធំ​ទាំង ៤ សូមទ្រង់​រលឹកនូវ​គំនរ​នៃឆ្អឹង​ទាំង​ឡាយ ក្នុង​កប្បមួយ ៗ ដែល​ស្មើ​នឹងភ្នំវេបុល្លៈ។ទ. ២៣៤ ដុំដីប៉ុនគ្រាប់​ក្របៅ ដែល​បុគ្គល​លញ់​ដីអស់​ទាំង​ជម្ពូទ្វីប ក៏​មិនល្មម គឺតិចជាង​មាតាបិតា​ទាំង​ឡាយ​របស់​សត្វ កាល​អន្ទោលទៅ​ក្នុង​សង្សារ ដែល​គេ​មិនអាច​ដឹងទីបំផុតបាន។ សូមទ្រង់​រលឹកនូវ​ស្មៅ កំណាត់​ឈើ មែកឈើ និង​ស្លឹក​ឈើ ដែល​គេ​នាំ​មកប្រៀបធៀប ខ្នាច់​ទាំង​ឡាយ (របស់​ស្មៅជាដើមនោះ​) ប្រមាណបួនធ្នាប់ ៗ ក៏​មិនល្មមស្មើ​នឹងបិតា និងជីតា​ទាំង​ឡាយ ព្រោះសង្សារ មាន​ទីបំផុតគេ​មិនអាចដឹង​បាន។ សូមទ្រង់​នឹកមើល​នូវ​អណ្ដើក​ខ្វាក់ និង​ប្រហោងនឹម (ដែល​ខ្យល់​បក់​បង្វិល) ទៅ​ក្នុង​សមុទ្រ អំពីត្រើយខាងកើត ទៅ​ត្រើយ​ដទៃ​ទៀត និងក្បាលអណ្ដើកនោះ ដែល​ចូល​ទៅ (ក្នុង​ប្រហោងនឹម) នេះ ជាសេចក្ដី​ឧបមា​ក្នុង​ការ​បាន​អត្តភាពជា​មនុស្ស។ សូមទ្រង់​រលឹកនូវ​រូប របស់​គ្រោង​កាយ ជាទោស ឥតខ្លឹមសារ មាន​ឧបមា​ដូចដុំ​នៃ​ពពុះទឹក សូមទ្រង់​ឃើញ​នូវ​ខន្ធ​ទាំង​ឡាយ ថា​ជាសភាវៈ​មិនទៀង​ទាត់ សូមទ្រង់​រលឹកនូវ​នរក​ទាំង​ឡាយ ដែល​មាន​សេចក្ដីទុក្ខ ក្ដួលក្ដៅ​ជា​ច្រើន។ សូមទ្រង់​រលឹកនូវ​សត្វ​ទាំង​ឡាយ ដែល​ញ៉ាំង​ទី​ស្មសានឲ្យ​ចំរើន​រឿយ ៗ ក្នុង​ជាតិ​ទាំង​ឡាយ​នោះ ៗ សូមរលឹកនូវ​ភ័យ​ក្នុង​ការ​ចិញ្ចឹមពោះផង សូមរលឹកនូវ​អរិយ​សច្ច​ទាំង ៤ ផង។ទ. ២៣៥

កាល​បើ​អមតធម៌​មាន ប្រយោជន៍អ្វី ដោយ​ហេតុក្ដៅផ្សា [ហេតុ​ដ៏ក្តៅផ្សា របស់​កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែង​រក ១ បរិគ្គហោ ការ​ហួងហែង​ទុក ១ អារក្ខា ការរក្សា​ទួទៅ​មិនដាច់ ១ បរិភោគោ ការប្រើប្រាស់​លៃលក ១។ អដ្ឋកថា។] ៥ យ៉ាង ដែល​ទ្រង់​សោយ​ហើយ ដ្បិត​តម្រេក​ក្នុង​កាម​ទាំង​អស់ ក្ដៅផ្សា​ក្រៃពេក ព្រោះ​ហេតុ​ក្ដៅផ្សា ៥ យ៉ាង។

កាល​បើអមតធម៌ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​របស់​ក្ដៅក្រហាយ ដ្បិតតម្រេក​ក្នុង​កាម​ទាំង​អស់ (ត្រូវភ្លើង ១១ កង) ឆេះ​ពុះឡើង ញាប់​ញ័រ​ក្ដៅសព្វ។ កាល​បើធម៌​ដែល​ឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​មាន​សត្រូវច្រើន កាម​ទាំង​ឡាយ ជាសា​ធារណៈ មាន​សត្រូវច្រើន គឺសត្រូវ​អំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គល​មិន​ជា​ទី​ស្រឡាញ់។

កាល​បើព្រះ​និព្វាន​មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ ដែល​ជា​គ្រឿង​សម្លាប់ ជា​គ្រឿង​ចង ព្រោះ​ថាកាម​ទាំង​ឡាយ តែង​មាន​គ្រឿង​សម្លាប់​និង​គ្រឿង​ចង ពួក​សត្វនេះ តែងទទួល​សេចក្ដី​ទុក្ខ​ទាំង​ឡាយ ព្រោះ​តែការ​ប្រាថ្នា​កាម។ គប់​ស្មៅ ដែល​ភ្លើងកំពុងឆេះ តែងឆេះ​នូវ​បុគ្គល​អ្នក​កាន់ មិន​លែងចេញ ព្រោះ​ថាកាម​ទាំង​ឡាយ ប្រៀប​ដូច​ជាគប់​ភ្លើង តែងឆេះនូវ​ពួក​សត្វ ដែល​មិនលែងចេញ។ទ. ២៣៦ សូមទ្រង់​កុំ​លះ​បង់​នូវ​សេចក្ដីសុខ​ដ៏​ធំ​ទូលាយ ព្រោះ​ហេតុ​តែសុខ​ក្នុង​កាមបន្តិចបន្តួច​ឡើយ សូមទ្រង់​កុំក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ ដូច​ជាត្រីលេបនូវ​សន្ទូច។ សូមទ្រង់​កុំច្រាស់​ច្រាល់ ព្រោះ​តែកាម​ទាំង​ឡាយ ដូចសុនខ ដែល​គេ​ចងភ្ជាប់​នឹង​បង្គោល ឱ សត្វ​ទាំង​ឡាយ ជា​អ្នក​ស្រេកឃ្លាន តែងធ្វើ​តាមសេចក្ដីប្រាថ្នា ដូច​ជាពួក​ចណ្ឌាល (ព្រាន​បណ្ដើរ​ឆ្កែ ដល់​នូវ​សេចក្ដីវិនាស ព្រោះបាន​) នូវ​ឆ្កែ។ បើទ្រង់​ប្រកប​ខ្លួន​ក្នុង​កាម នឹងរង​ទុក្ខ មិន​មាន​ប្រមាណផង រងទោមនស្ស​ក្នុង​ចិត្ត​ដ៏​ច្រើន​ផង សូមទ្រង់​លះ​បង់​កាម​ទាំង​ឡាយ ជា​របស់​មិនទៀងចេញ។ កាល​បើព្រះ​និព្វាន ជាធម្មជាតមិន​ចេះ​ចាស់ មាន ទ្រង់​មាន​ប្រយោជន៍អ្វី ដោយ​កាម​ទាំង​ឡាយ​ជា​របស់​ចាស់ កំណើត​ទាំង​អស់ ក្នុង​ភព​ទាំង​ពួង (សុទ្ធ​តែ) ត្រូវ​មរណៈ និងព្យាធិរឹបជាន់។ ព្រះ​និព្វាន​នេះ មិន​ចាស់ មិន​ស្លាប់ ព្រះ​និព្វាន​នេះ ទាំង​មិនចាស់​មិនស្លាប់ មិន​មាន​សោក មិន​មានសត្រូវ មិន​ចង្អៀត មិន​ភ្លាំងភ្លាត់ មិន​មាន​ភ័យ មិន​ក្ដៅរោលរាល។ អមត​និព្វាន​នេះ ព្រះ​អរិយៈ​ទាំង​ឡាយ មាន​ព្រះ​ពុទ្ធជាដើមច្រើនរូប បាន​ហើយ មិន​តែ​ប៉ុណ្ណោះទេ ព្រះ​និព្វាន​នេះ គេ​គប្បី​បាន​ក្នុង​កាលសព្វថ្ងៃ​នេះ បុគ្គល​ណា ព្យាយាម​ដោយ​ឧបាយ​ប្រាជ្ញា (បុគ្គល​នោះ រមែង​បាន​នូវ​ព្រះ​និព្វាន​) តែបុគ្គល​ដែល​មិន​មាន​សេចក្ដី​ប្រឹងប្រែង មិន​អាចបាន​នូវ​ព្រះ​និព្វាន​ឡើយ។ទ. ២៣៧ នាងសុមេធា មិន​បាន​នូវ​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ ពោលយ៉ាង​នេះ នាងសុមេធា កាលពន្យល់​ស្ដេច​អនិករត្តៈ​ហើយ ក៏បោះសក់​ទាំង​ឡាយ​ចោលលើ​ផែនដី។ ស្ដេច​អនិករត្តៈ​នោះ ក្រោក​ឡើង​ផ្គងអញ្ជលី អង្វរបិតា​របស់​នាងសុមេធានោះ​ថា សូមព្រះ​អង្គ​អនុញ្ញាតបើក​រាជបុត្រី ឈ្មោះ​នាងសុមេធា ឲ្យ​បួសចុះ ដើម្បី​ឲ្យ​នាង​ឃើញ​នូវ​ព្រះ​និព្វាន ដែល​ជាគុណជាតទៀង​ទាត់។

នាងសុមេធានោះ ដែល​ជាស្រ្តីតក់​ស្លុតចំពោះ​សោក និងភ័យ លុះមាតាបិតា​បើកឲ្យ ក៏បួស ហើយសិក្សា​នូវ​អគ្គផល បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​អភិញ្ញា ៦។ ព្រះ​និព្វាន​នោះ ជាគុណជាតអស្ចារ្យ ចំឡែក បាន​កើត​មាន​ដល់​រាជកញ្ញា លុះ​ក្នុង​កាលជា​ទីបំផុត (ទៀប​នឹង​បរិនិព្វាន​) នាងបាន​សំដែងនូវ​បុព្វេ​និវាសចរិតថា។ កាលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ព្រះ​នាម​កោនាគមនៈ (ត្រាស់​ឡើង​ក្នុង​លោក) យើងជាសំឡាញ់​នឹងគ្នា​ទាំង​បីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បាន​ថ្វាយវិហារទាន ក្នុង​អារាម​នៃ​សង្ឃ ជា​និវេសន៍​ដ៏ថ្មី។ (ដោយ​អានិសង្ស​នៃវិហារ​ទាននេះ​) យើង​ទាំង​ឡាយ បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់​និយាយទៅ​ថ្វី ក្នុង​ពួក​មនុស្ស។ទ. ២៣៨ យើងជា​អ្នក​មាន​ឫទ្ធិច្រើន ក្នុង​ពួក​ទេវតា នឹងបាច់​និយាយទៅ​ថ្វី​ក្នុង​ពួក​មនុស្ស ខ្ញុំ​បាន​កើតជាស្ត្រី​កែវ ជាអគ្គមហេសី​នៃស្ដេច​ដែល​មាន​រតនៈ ទាំង ៧ ប្រការ។ អានិសង្ស​នៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែល​កើត) អំណោយទាននោះ ជាឫសគល់​ដ៏​ពេញ​ចិត្ត​ក្នុង​សាសនា អំណោយទាននោះ ជា​ការ​ជួប​ជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យ​រលត់​កិលេស (ព្រះ​និព្វាន​) របស់​ខ្ញុំ ដែល​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌។ ពួក​ជន​ណា ជឿនូវ​ព្រះ​ពុទ្ធដីការ​បស់​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គ​មាន​ប្រាជ្ញាមិនថោកថយ ពួក​ជន​នោះ រមែង​ពោល​យ៉ាង​នេះ​ថា ពួក​ជន​នឿយ​ណាយ​ក្នុង​ភព គឺសង្សារវដ្ដ លុះនឿយណាយ​ហើយ ប្រាស​ចាក​តម្រេក។

សុមេធាថេរី។

ចប់ មហានិបាត។

ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរី​ទាំង​អស់​នោះ ៧១ អង្គ ជា​ភិក្ខុនី​អស់​អាសវៈ។

ចប់ ថេរីគាថា។

ទ. ២៣៩ (Page missing in print edition)

 

លេខយោង

1)
វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។
km/tipitaka/sut/kn/thi/sut.kn.thi.16.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann