km:tipitaka:sut:mn:sut.mn.118



អានាបានស្សតិសូត្រ ទី៨

សង្ខេប

តើ អានា​បាន​ស្សតិ ដែល​បុគ្គលបាន​ចម្រើន​ដូច​ម្តេច បាន​ធ្វើ​ឲ្យ​រឿយៗ ដូចម្តេច ទើប​ញុំាង​សតិ​ប្ប​ដ្ឋានទាំង​៤ ឲ្យ​ពេញ​បរិបូណ៌បាន? តើ សតិ​ប្ប​ដ្ឋាន​៤ ដែល​បុគ្គល​បាន​​ចម្រើនដូច​ម្តេច បាន​ធ្វើ​ឲ្យ​រឿយៗ ដូច​ម្តេច ទើប​ញុាំង​ពោជ្ឈង្គ​ទាំង​៧ ឲ្យ​ពេញ​បរិបូណ៌​បាន? តើ ពោជ្ឈង្គ​ទាំង​៧ ដែល​បុគ្គល​បាន​ចម្រើន​ដូច​ម្តេច បាន​ធ្វើ​ឲ្យ​រឿយៗ ដូច​ម្តេច ទើប​ញុាំង​វិជ្ជា និង​វិមុត្ត ឲ្យ​ពេញ​បរិបូណ៌​បាន?

mn 118 បាលី cs-km: sut.mn.118 អដ្ឋកថា: sut.mn.118_att PTS: ?

(ទី៨) អានាបានស្សតិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សោភាក

អានដោយព្រះរដ្ឋបាល

អានដោយ ឧបសិកា វិឡា

អានដោយព្រះខេមានន្ទ

(៨. អានាបានស្សតិសុត្តំ)

[២៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ព្រមដោយសាវ័កទាំងឡាយ ជាថេរៈច្រើន​រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ គឺព្រះសារីបុត្រមានអាយុ១ ព្រះមហាមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះមហាកច្ចាយនៈមានអាយុ១ ព្រះមហាកោដ្ឋិតៈមានអាយុ១ ព្រះមហាកប្បិនៈមានអាយុ១ ព្រះមហាចុន្ទមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ ព្រមដោយសាវ័កទាំងឡាយ ជាថេរៈដទៃៗ​ទៀត ដែលមានឈ្មោះល្បីល្បាញ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយជាថេរៈ តែងទូន្មាន ប្រៀនប្រដៅ (ពួកភិក្ខុថ្មីៗ)។ ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ១០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ២០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៣០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៤០រូប ក៏មាន។ ចំណែកខាងភិក្ខុថ្មីអម្បាលនោះ កាលភិក្ខុទាំងឡាយជាថេរៈ កំពុងទូន្មាន ប្រៀនប្រដៅ ក៏​ដឹងគុណវិសេសជាឱឡារិកជាងដើម។

[២៨៣] សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់​ក្នុងទីវាលស្រឡះ នាថ្ងៃបណ្ណរសឧបោសថនោះ គឺជាថ្ងៃបវារណា ដ៏បរិបូណ៌ ក្នុងរាត្រី​មានព្រះចន្ទ្រពេញវង់។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតភិក្ខុសង្ឃ ដែល​អង្គុយ​ស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតត្រេកអរ ចំពោះ​បដិបទានេះ ម្នាលភិក្ខុទាំងឡាយ តថាគតមានចិត្តត្រេកអរ ចំពោះបដិបទានេះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធសេចក្តីព្យាយាម ឲ្យលើស​ជាងប្រមាណចុះ ដើម្បីឲ្យដល់ធម៌ ដែលខ្លួន​មិនទាន់ដល់ ដើម្បីសម្រេចធម៌ ដែលខ្លួន​មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ តថាគតនឹងរង់ចាំអ្នកទាំងឡាយ ក្នុងក្រុងសាវត្ថីនេះឯង អស់ទីបំផុតនៃខែបួន ដែលជា​កាលមានផ្កាកុមុទរីក (ខែកត្តិក)។ ភិក្ខុទាំងឡាយ អ្នកនៅក្នុងជនបទ បានឮដំណឹងថា ព្រះមានព្រះភាគ នឹងរង់ចាំ ក្នុងក្រុងសាវត្ថីនោះឯង អស់ទីបំផុតនៃខែបួន ដែលជា​កាលមានផ្កាកុមុទរីក។ ទើបភិក្ខុអ្នកនៅក្នុងជនបទទាំងនោះ ប្រជុំគ្នាក្នុងក្រុងសាវត្ថី ដើម្បី​ជួបនឹងព្រះមានព្រះភាគ។ ចំណែកភិក្ខុទាំងឡាយ ជាថេរៈនោះ ក៏ទូន្មាន ប្រៀនប្រដៅពួកភិក្ខុថ្មី ឲ្យលើសជាងប្រមាណ។ ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀន​ប្រដៅភិក្ខុ១០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ២០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៣០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៤០រូប ក៏មាន។ ចំណែកភិក្ខុថ្មីអម្បាលនោះ កាលពួកភិក្ខុជាថេរៈ កំពុងទូន្មាន ប្រៀនប្រដៅ ក៏​ដឹងគុណវិសេសជាឱឡារិកជាងដើមតទៅទៀត។

[២៨៤] ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅ​ក្នុងទីវាល ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុត​នៃខែបួន ជាកាលមានផ្កាកុមុទរីក ជាថ្ងៃឧបោសថទី១៥ គឺពេញបូណ៌មី ខែកត្តិក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតភិក្ខុសង្ឃ ដែល​អង្គុយ​ស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះស្ងាត់ហើយ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ស្ងាត់ចាកការចរចា ហើយឋិតនៅក្នុងធម៌ ដែល​ជាខ្លឹមសារដ៏បរិសុទ្ធ។ បរិស័ទមានសភាពយ៉ាងណា ដែលគួរដល់ការបូជា គួរដល់​អាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។ ទានតិចតួច ដែលបុគ្គលឲ្យហើយ ទៅជាទាន​មានផលច្រើន ឬទានច្រើន ដែលបុគ្គលឲ្យហើយ ក៏រឹងរឹតតែមានផលច្រើន ក្នុងបរិស័ទ​មានសភាពយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។ បរិស័ទ​មានសភាពយ៉ាងណា ដែលសត្វលោកបានឃើញដោយក្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។ បរិស័ទ​មានសភាពយ៉ាងណា ដែលបុគ្គល​គួរស្ពាយស្បៀង ដើរតាមរកមើលអស់​ទីរាប់ដោយយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។

[២៨៥] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ តែងមានពួកភិក្ខុជាអរហន្ត​ខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ បានធ្វើកិច្ចដែលគួរធ្វើស្រេចហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេចហើយ មានសំយោជនៈ​ក្នុងភព​អស់ហើយ មានចិត្តផុតវិសេសហើយ ព្រោះដឹងដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាឱបបាតិកៈកំណើត ហើយបរិនិព្វានក្នុងលោកនោះ មិនវិលត្រឡប់ចាកលោកនោះមកវិញឡើយ (សុទ្ធាវាស) ព្រោះអស់​សំយោជនៈ ជាចំណែក​ខាងក្រោម៥ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានភិក្ខុជាសកទាគាមី នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់​សំយោជនៈ ៣ ព្រោះមានរាគៈ ទោសៈ និងមោហៈស្រាលស្តើង ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាសោតាបន្នៈ មានសភាព​មិនធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិញ្ញាណប្រព្រឹត្តទៅខាងមុខ ព្រោះអស់​សំយោជនៈ៣ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវ​សតិប្បដ្ឋានទាំង៤ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមានក្នុងភិក្ខុសង្ឃនេះ។

[២៨៦] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវ​សម្មប្បធាន៤ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ឥទ្ធិបាទ៤… ឥន្ទ្រិយ៥… ពលៈ៥… ពោជ្ឈង្គៈ៧… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមេត្តា សម្រាន្តនៅដោយ​ឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវករុណា​ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមុទិតា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវឧបេក្ខា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអសុភ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអនិច្ចសញ្ញា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។

[២៨៧] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអានាបានស្សតិ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌បាន។ ពោជ្ឈង្គទាំង៧ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌បាន។

[២៨៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន ដូចម្តេច បានធ្វើ​ឲ្យរឿយ​ៗ ដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះ​ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខចំពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី​ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមចូលទាំងពួង និងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញចូល នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ (ក្នុង​អារម្មណ៍) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យ​ប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស (ព្រម​ទាំងខន្ធ និងអភិសង្ខារ បានដល់វិបស្សនា និងមគ្គ) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើ​ឲ្យរឿយៗ យ៉ាងនេះ ទើបមានផលច្រើន មានអានិសង្សច្រើន។

[២៨៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើ​ឲ្យរឿយៗ ដូចម្តេច ទើបញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យណា ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូល​វែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដក​ដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ ទាំងពួង និងដកដង្ហើមចូល សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកាយ​ទាំងឡាយ តថាគត ពោលចំពោះតែកាយណានីមួយ ដែលដកដង្ហើមចេញ​ចូលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យនោះ។ សម័យណា ភិក្ខុ​សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញ​រឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញា​ដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បណ្តាវេទនា​ទាំងឡាយ តថាគត ពោលចំពោះតែវេទនាណាមួយ គឺវេទនា ដែលដកដង្ហើមចេញចូល ធ្វើទុកក្នុងចិត្ត​ឲ្យសម្រេចប្រយោជន៍ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញ​រឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដក​ដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ ក្នុង​អារម្មណ៍ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ ក្នុងអារម្មណ៍ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យ​រួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យ​រួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​នោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានពោល នូវអានាបានស្សតិរបស់ភិក្ខុ ដែលវង្វេងស្មារតី មិនប្រកប​ដោយប្រាជ្ញាដឹងសព្វទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យ​ប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស ព្រម​ទាំងខន្ធ និងអភិសង្ខារ បានដល់វិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវធម៌​ក្នុងធម៌​ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន។ ការលះបង់នូវអភិជ្ឈា និងទោមនស្សណា ភិក្ខុនោះ បានឃើញដោយប្រាជ្ញា ហើយ​ព្រងើយ​កន្តើយ ដោយការលះបង់នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើ​ឲ្យរឿយៗ យ៉ាងនេះហើយ រមែង​ញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។

[២៩០] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើ​ឲ្យរឿយៗដូចម្តេច ទើបញុំាងពោជ្ឈង្គៈទាំង៧ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយ​ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យ​នោះ ស្មារតីដែលភិក្ខុនោះតំកល់ខ្ជាប់ហើយ ក៏មិនបានវង្វេង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ស្មារតីដែលភិក្ខុតំកល់ខ្ជាប់ហើយ មិនបានវង្វេង ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ភិក្ខុឈ្មោះថា បានចំរើន​សតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ជាអ្នកមានស្មារតីដូច្នោះ ក៏ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុមានស្មារតីដូច្នោះ ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក្នុងសម័យ​នោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ កំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក៏ប្រារព្ធនូវសេចក្តីព្យាយាម មិនឲ្យធូរថយឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា បានប្រារព្ធ​សេចក្តី​ព្យាយាម មិនឲ្យធូរថយហើយ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធ​ហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ បីតិដែលប្រាសចាកអាមិសៈ ក៏កើតឡើងដល់​ភិក្ខុ ដែល​ប្រារព្ធ​ព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​ណា បីតិដែលប្រាសចាកអាមិសៈ កើតឡើងដល់​ភិក្ខុអ្នកប្រារព្ធ​ព្យាយាមហើយ ក្នុងសម័យ​នោះ បីតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាយរបស់​ភិក្ខុ ដែលមាន​ចិត្តប្រកបដោយបីតិ ក៏ស្ងប់ស្ងាត់ ទាំងចិត្ត ក៏ស្ងប់ស្ងាត់ដែរ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា បើកាយរបស់ភិក្ខុមានចិត្តប្រកបដោយបីតិស្ងប់​ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់ហើយ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ចិត្តរបស់ភិក្ខុ ដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ ក៏តាំង​នៅខ្ជាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ចិត្តរបស់ភិក្ខុដែលមានកាយស្ងប់​ស្ងាត់ ទាំងមានសេចក្តីសុខ តាំងនៅខ្ជាប់ហើយ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ញុំាងចិត្តដែលតាំងនៅខ្ជាប់ដូច្នោះ ឲ្យព្រងើយ​កន្តើយ ដោយស្រួល។ ម្នាលភិក្ខុទាំងឡាយ សម័យ​ណា ភិក្ខុញុំាងចិត្ត ដែលតាំងនៅខ្ជាប់ ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួលហើយ ក្នុងសម័យ​នោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុ (ពិចារណាឃើញរឿយៗ នូវវេទនា) ក្នុងវេទនាទាំងឡាយ… នូវចិត្តក្នុងចិត្ត… ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ ស្មារតី ក៏ឈ្មោះថា ភិក្ខុបានតំកល់ខ្ជាប់ មិនវង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ស្មារតីដែលភិក្ខុ​តំកល់ខ្ជាប់ មិនវង្វេងភ្លេចហើយ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ មានស្មារតីដូច្នោះ តែងជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុមានស្មារតីដូច្នោះ តែងជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាលភិក្ខុនោះ កំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងមើលនូវធម៌នោះ ដោយប្រាជ្ញាហើយ ក៏ឈ្មោះថា បានប្រារព្ធសេចក្តីព្យាយាម មិនឲ្យធូរថយឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុកំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា បានប្រារព្ធព្យាយាម មិនឲ្យធូរថយហើយ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើន​របស់ភិក្ខុ។ បីតិដែលប្រាសចាកអាមិសៈ ក៏កើតឡើងដល់​ភិក្ខុ ដែល​ប្រារព្ធ​ព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា បីតិដែលប្រាសចាកអាមិសៈ កើតឡើង​ដល់ភិក្ខុដែលប្រារព្ធព្យាយាមហើយ ក្នុងសម័យ​នោះ បីតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាយរបស់​ភិក្ខុ ដែលមានចិត្តប្រកបដោយបីតិ ក៏ស្ងប់ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​ណា បើកាយរបស់ភិក្ខុ ដែលមានចិត្តប្រកប​ដោយ​បីតិ ក៏ស្ងប់​ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់ហើយ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ចិត្តរបស់ភិក្ខុ ដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ ក៏តាំង​នៅខ្ជាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ចិត្តរបស់ភិក្ខុដែលមានកាយស្ងប់​ស្ងាត់ ទាំងមានសេចក្តីសុខ តាំងនៅខ្ជាប់ហើយ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ញុំាងចិត្តដែលតាំងនៅខ្ជាប់ដូច្នោះ ឲ្យព្រងើយ​កន្តើយ ដោយស្រួល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុញុំាងចិត្ត ដែលតាំងនៅខ្ជាប់ ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួលហើយ ក្នុងសម័យ​នោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គល​បានចំរើន​ យ៉ាងនេះ បានធ្វើឲ្យរឿយៗយ៉ាងនេះ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌​បាន។

[២៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង៧ ដែលបុគ្គល​ចំរើនហើយដូចម្តេច​ បានធ្វើឲ្យរឿយៗហើយដូចម្តេច ទើបញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌​បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យវិវេក អាស្រ័យ​វិរាគៈ អាស្រ័យនិរោធ ជាធម្មជាតបង្អោនចិត្តទៅដើម្បីលះបង់។ ភិក្ខុចំរើន​ធម្មវិចយសម្ពោជ្ឈង្គៈ… ចំរើនវីរិយសម្ពោជ្ឈង្គៈ… ចំរើនបីតិសម្ពោជ្ឈង្គៈ… ចំរើនបស្សទ្ធិ​សម្ពោជ្ឈង្គៈ… ចំរើនសមាធិសម្ពោជ្ឈង្គៈ… ចំរើនឧបេក្ខាសម្ពោជ្ឈង្គៈ ដែលអាស្រ័យវិវេក អាស្រ័យ​វិរាគៈ អាស្រ័យនិរោធ ជាធម្មជាតបង្អោនចិត្តទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គៈទាំង៧ ដែលបុគ្គល​ចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យរឿយៗហើយ យ៉ាងនេះ ទើបញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌​បាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងនូវអានាបានស្សតិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ អានាបានស្សតិសូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/mn/sut.mn.118.txt · ពេលកែចុងក្រោយ: 2023/11/23 14:58 និពន្ឋដោយ Johann