User Tools

Site Tools


Translations of this page?:
km:tipitaka:sut:sn:sn42:sn42.008.than

សង្ខធមសូត្រ ទី៨

[២៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុង​នាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត ជាសាវករបស់និគ្រន្ថ ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរ ដូច្នេះថា ម្នាលគាមណី និគ្គណ្ឋនាដបុត្ត រមែង​សំដែងធម៌ដូចម្តេច ដល់ពួកសាវក។ បពិត្រព្រះអង្គដ៏ចំរើន និគ្គណ្ឋនាដបុត្ត រមែង​សំដែងធម៌ ដល់ពួកសាវក យ៉ាងនេះថា បុគ្គលឯណាមួយសម្លាប់ សត្វ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុង អបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុង​នរក បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅ​កើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់​នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក កម្មឯណាៗ ច្រើនជាង​ កម្មនោះៗ តែងនាំបុគ្គលទៅ។ បពិត្រព្រះអង្គដ៏ចំរើន និគ្គណ្ឋនាដបុត្ត តែងសំដែងធម៌ដល់ពួក​សាវកយ៉ាងនេះឯង ។

[២៥១] ម្នាលគាមណី កម្មឯណា ៗ ដែលច្រើនជាង កម្មនោះ ៗ តែងនាំ​បុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើត​ក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត​។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់​សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ សំឡាប់សត្វ និងសម័យដែលមិន​សំឡាប់សត្វ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នក​សំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យ ដែលបុរសនោះ សំឡាប់សត្វ តិចជាង។ សម័យដែលបុរសមិនសំឡាប់សត្វនោះ ច្រើន​ជាង​ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្មនោះៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើ​តាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នក​កាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និង​មិនគួរ ចុះសម័យ ដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ និងសម័យ ដែល​មិនបានកាន់ទ្រព្យ ដែលគេមិនឲ្យ​ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ តិចជាង។ សម័យដែលបុរសនោះ មិនកាន់យកទ្រព្យ ដែលគេមិនឲ្យ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្មនោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត ។

[២៥៣] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និងសម័យ​ដែល​មិន​ប្រព្រឹត្ត​ខុស ក្នុងកាមទាំងឡាយ តើសម័យណា ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តិចជាង។ សម័យដែលបុរសនោះ មិនប្រព្រឹត្តខុស ក្នុងកាម​ទាំងឡាយ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង កម្ម នោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៤] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នក​និយាយ​កុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ​ដែលបុរសនោះ និយាយកុហក និងមិននិយាយកុហក តើសម័យណាច្រើនជាង។ បពិត្រ​ព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយ​ប្រកាន់​សម័យគួរ និងមិន​គួរ ឯសម័យដែលបុរសនោះ និយាយកុហក តិចជាង។ សម័យ​ដែលបុរសនោះ មិននិយាយកុហក ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្ម ឯណា ៗ ច្រើនជាង កម្មនោះ ៗ តែនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណា​ម្នាក់ ទៅ​កើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។

[២៥៥] ម្នាលគាមណី គ្រូពួកខ្លះក្នុងលោកនេះ ជាអ្នកមានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា បុគ្គលឯណាមួយ សំឡាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុង​អបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គល​ទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក បុគ្គលឯណាមួយ ប្រព្តឹត្តខុស​ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងកើតទៅក្នុងអបាយ ទៅកើតក្នុងនរក បុគ្គល​ឯណាមួយ និយាយ​កុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅ​កើត​ក្នុងនរក​។

[២៥៦] ម្នាលគាមណី សាវកដែលមានសេចក្តីជ្រះថ្លាក្រៃពេកនឹងគ្រូនោះ សាវកនោះ រមែង​យល់យ៉ាងនេះថា​ គ្រូរបស់អញមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា​ បុគ្គលឯណាមួយ សម្លាប់សត្វ បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុង​អបាយ ទៅកើត​ក្នុងនរក។ ម្នាល​គាមណី សាវកនោះ រមែង​មានសេចក្តីយល់ថា ចំណែកអញ បាន​សម្លាប់​សត្វហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុង​នរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិ​នោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេ​នាំយក​ទៅទំលាក់។ គ្រូរបស់អញ មានវាទៈ​យ៉ាងនេះថា មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនបាន​ឲ្យ បុគ្គលទាំងអស់នោះ តែងទៅ​កើតក្នុងអបាយ ទៅកើតក្នុងនរក។ ​ម្នាលគាមណី សាវកនោះ រមែង​មានសេចក្តីយល់ថា ចំណែកអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ​ហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់​វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ ​មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែង​មានសេចក្តីយល់ថា ចំណែកអញ បានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយហើយ អញត្រូវទៅកើត​ក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្ត​នោះទេ មិនរលាស់ទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈ យ៉ាងនេះថា មានទិដ្ឋិយ៉ាងនេះថា បុគ្គលឯណាមួយ និយាយកុហក បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក។ ម្នាលគាមណី សាវកនោះ រមែង​​មានសេចក្តីយល់ថា ចំណែកអញ បាននិយាយពាក្យកុហកហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរក​ ហើយមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនរលាស់ទិដ្ឋិនោះ​ចេញទេ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។

[២៥៧] ម្នាលគាមណី ចំណែកខាងព្រះតថាគត ជាអ្នកឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ត្រាស់ដឹងនូវសច្ចៈធម៌ មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងហើយ ក្នុងលោកនេះ។ ព្រះតថាគតនោះ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាក​អទ្និនាទានផង តែងបន្ទោស បន្តុះបង្អាប់ នូវកាមេសុមិច្ឆាចារផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង ​តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទ​ផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ម្នាលគាមណី សាវក ក៏មានសេចក្តីជ្រះថ្លានឹងព្រះសាស្តានោះឯង។ សាវកនោះ ពិចារណា ដូច្នេះថា ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង ​ដោយអនេកបរិយាយ។ ឯអញ បានសំឡាប់សត្វ តាមតែប្រទះ សត្វដែលអញសំឡាប់ទាំងប៉ុន្មាន អំពើនោះ​ មិនល្អ អំពើនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ​ជាបច្ច័យជាមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ​ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវបាណាតិបាតនោះចេញផង វៀរចាក​បាណាតិបាតតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែង​មានដោយអាការ យ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែង​មានដោយអាការយ៉ាងនេះ។

[២៥៨] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង ដោយអនេកបរិយាយ។ ឯ​អញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែប្រទះ ទ្រព្យដែលអញ បានកាន់យកហើយទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញមុខជាមានសេចក្តី​ក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យជាមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវអទិន្នាទាននោះចេញផង វៀរចាកអទិន្នាទានតទៅទៀតផង។ ឯការលះបង់បាបកម្មនុ៎ះ រមែង​មានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែង​មាន ដោយអាការយ៉ាងនេះ។

[២៥៩] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវកាមេសុមិច្ឆាចារផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង ដោយអនេកបរិយាយ។ ឯអញបានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តាមតែប្រទះ ការប្រព្រឹត្តខុស ក្នុង​កាមទាំងឡាយ ដែលអញសន្សំទាំងប៉ុន្មាន​ អំពើនោះ មិនល្អ ​អំពើនោះ មិនប្រពៃទេ ​អញ មុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន បាបកម្មនោះ អញមិន​មែនជាមិនធ្វើឡើយ។ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់នូវកាមេសុមិច្ឆាចារ​នោះផង ​វៀរចាកកាមេសុមិច្ឆាចារតទៅទៀតផង។ ឯការលះបង់នូវបាបកម្មនុ៎ះ រមែង​មានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែង​មាន ដោយអាការយ៉ាងនេះ។

[២៦០] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង សំដែង​ប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ឯអញ បាននិយាយកុហក តាមតែប្រទះ ពាក្យដែលអញ បាននិយាយកុហកទាំងប៉ុន្មាន ពាក្យនោះ មិនល្អ ​ពាក្យនោះ មិនប្រពៃទេ អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។​​ លុះសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់ នូវមុសាវាទនោះផង វៀរចាកមុសាវាទតទៅទៀតផង។ ​ ឯការលះបង់បាបកម្មនុ៎ះ រមែង​មាន ដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែង​មាន ដោយអាការយ៉ាងនេះ។

[២៦១] សាវកនោះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត លះបង់ អទិន្នាទាន វៀរចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរចាកមុសាវាទ លះបង់បិសុណាវាចា វៀរចាកបិសុណាវាចា លះបង់ផរុសវាចា វៀរចាកផរុសវាចា លះបង់សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ លះបង់អភិជ្ឈា មិនមានអភិជ្ឈា លះបង់ព្យាបាទប្រទូស្ត មានចិត្តមិនព្យាបាទ លះបង់​មិច្ឆាទិដ្ឋិ មានចិត្តជាសម្មាទិដ្ឋិ។ ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នក​ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅ​កាន់ទិសទី ១ ទិសទី ២ ​ដូចគ្នា។ ទិសទី ​៣ ដូចគ្នា។ ទិសទី ៤ ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។ ម្នាលគាមណី បុរសអ្នកផ្លុំ​ស័ង្ខដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក​ យ៉ាងណាមិញ។ ម្នាលគាមណី មេត្តាចេតោវិមុត្តិ កាលបើបុគ្គល បានចំរើនយ៉ាងនេះហើយ ធ្វើឲ្យច្រើន យ៉ាងនេះហើយ កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ មិនឋិតនៅត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ ក៏យ៉ាងនោះដែរ។ ម្នាលគាមណី ​លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង ​មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្ត​ប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា។ ទិសទី ៣ ដូចគ្នា។ ទិសទី ៤ ដូចគ្នា។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។ ម្នាលគាមណី បុរសអ្នកផ្លុំស័ង្ខ ដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក​ យ៉ាងណាមិញ។ ម្នាលគាមណី កាលបើឧបេក្ខាចេតោវិមុត្តិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ ​ ធ្វើឲ្យច្រើនយ៉ាងនេះហើយ កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវ​ប្រមាណ កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ មិនឋិតនៅតែត្រឹម​រូបារូបាវចរកម្មប៉ុណ្ណោះទេ ក៏យ៉ាងនោះដែរ ​។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាង​នេះហើយ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ​។ សូមព្រះដ៏មាន​ព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។ ចប់ សូត្រ ទី​ ៨ ។

km/tipitaka/sut/sn/sn42/sn42.008.than.txt · ពេលកែចុងក្រោយ: 2019/08/26 11:00 និពន្ឋដោយ Johann