km:tipitaka:sut:sn:sn42:sn42.008.than

Differences

This shows you the differences between two versions of the page.

Link to this comparison view

km:tipitaka:sut:sn:sn42:sn42.008.than [2019/08/26 11:00] – បង្កើត Johannkm:tipitaka:sut:sn:sn42:sn42.008.than [Unknown date] (ឥឡៅវ) – យកចេញ - កំរេពីក្រៅ (Unknown date) 127.0.0.1
ខ្សែ 1: ខ្សែ 1:
-====== សង្ខធមសូត្រ ទី៨ ====== 
  
-[២៥០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ គាមណីឈ្មោះ អសិពន្ធកបុត្ត ជាសាវករបស់និគ្រន្ថ  ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរ ដូច្នេះថា ម្នាលគាមណី និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ដូចម្តេច ដល់ពួកសាវក។ បពិត្រព្រះអង្គដ៏ចំរើន  និគ្គណ្ឋនាដបុត្ត រមែងសំដែងធម៌ ដល់ពួកសាវក យ៉ាងនេះថា  បុគ្គលឯណាមួយសម្លាប់ សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុង អបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ និយាយកុហក  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ    ទៅកើតក្នុងនរក  កម្មឯណាៗ ច្រើនជាង កម្មនោះៗ តែងនាំបុគ្គលទៅ។ បពិត្រព្រះអង្គដ៏ចំរើន  និគ្គណ្ឋនាដបុត្ត តែងសំដែងធម៌ដល់ពួកសាវកយ៉ាងនេះឯង ។ 
- 
-[២៥១]  ម្នាលគាមណី  កម្មឯណា ៗ ដែលច្រើនជាង  កម្មនោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ  ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។ ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យ ដែលបុរសនោះ សំឡាប់សត្វ និងសម័យដែលមិនសំឡាប់សត្វ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកសំឡាប់សត្វ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ  ឯសម័យ ដែលបុរសនោះ សំឡាប់សត្វ តិចជាង។ សម័យដែលបុរសមិនសំឡាប់សត្វនោះ  ច្រើនជាងដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្មនោះៗ តែងនាំបុគ្គលទៅ។  កាលបើយ៉ាងនេះ  មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ  បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។ 
- 
-[២៥២] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ  ចុះសម័យ ដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ និងសម័យ ដែលមិនបានកាន់ទ្រព្យ ដែលគេមិនឲ្យ តើសម័យណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន  បុរសឯណា ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ កាន់យកទ្រព្យ ដែលគេមិនឲ្យ តិចជាង។  សម័យដែលបុរសនោះ មិនកាន់យកទ្រព្យ ដែលគេមិនឲ្យ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្មនោះ ៗ តែងនាំបុគ្គលទៅ។  កាលបើយ៉ាងនេះ  មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរកទេ បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត ។ 
- 
-[២៥៣]  ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ  ចុះសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ និងសម័យដែលមិនប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តើសម័យណា ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន  បុរសឯណា ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ  ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ  ឯសម័យដែលបុរសនោះ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តិចជាង។ សម័យដែលបុរសនោះ មិនប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្មឯណា ៗ ច្រើនជាង  កម្ម នោះ ៗ តែងនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ  ទៅកើតក្នុងនរកទេ  បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។ 
- 
-[២៥៤] ម្នាលគាមណី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ ដោយប្រកាន់សម័យគួរ និងមិនគួរ ចុះសម័យដែលបុរសនោះ និយាយកុហក និងមិននិយាយកុហក តើសម័យណាច្រើនជាង។  បពិត្រព្រះអង្គដ៏ចំរើន បុរសឯណា ជាអ្នកនិយាយកុហក ក្នុងវេលាយប់ ឬវេលាថ្ងៃ  ដោយប្រកាន់សម័យគួរ និងមិនគួរ ឯសម័យដែលបុរសនោះ និយាយកុហក តិចជាង។ សម័យដែលបុរសនោះ មិននិយាយកុហក ច្រើនជាង ដោយពិត។ ម្នាលគាមណី កម្ម ឯណា ៗ ច្រើនជាង កម្មនោះ ៗ តែនាំបុគ្គលទៅ។ កាលបើយ៉ាងនេះ មិនមានបុគ្គលណាម្នាក់ ទៅកើតក្នុងអបាយ  ទៅកើតក្នុងនរកទេ  បើតាមពាក្យរបស់និគ្គណ្ឋនាដបុត្ត។ 
- 
-[២៥៥]  ម្នាលគាមណី  គ្រូពួកខ្លះក្នុងលោកនេះ  ជាអ្នកមានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ សំឡាប់សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនឲ្យ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក  បុគ្គលឯណាមួយ ប្រព្តឹត្តខុសក្នុងកាមទាំងឡាយ បុគ្គលទាំងអស់នោះ តែងកើតទៅក្នុងអបាយ ទៅកើតក្នុងនរក  បុគ្គលឯណាមួយ និយាយកុហក  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។ 
- 
-[២៥៦]  ម្នាលគាមណី  សាវកដែលមានសេចក្តីជ្រះថ្លាក្រៃពេកនឹងគ្រូនោះ  សាវកនោះ រមែងយល់យ៉ាងនេះថា គ្រូរបស់អញមានវាទៈយ៉ាងនេះ  មានទិដ្ឋិ យ៉ាងនេះថា បុគ្គលឯណាមួយ សម្លាប់សត្វ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។  ម្នាលគាមណី  សាវកនោះ រមែងមានសេចក្តីយល់ថា  ចំណែកអញ បានសម្លាប់សត្វហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។  គ្រូរបស់អញ មានវាទៈយ៉ាងនេះថា  មានទិដ្ឋិ យ៉ាងនេះថា  បុគ្គលឯណាមួយ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។ ម្នាលគាមណី  សាវកនោះ រមែងមានសេចក្តីយល់ថា  ចំណែកអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរកមិនខាន  ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈយ៉ាងនេះ  មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។  ម្នាលគាមណី  សាវកនោះ  រមែងមានសេចក្តីយល់ថា  ចំណែកអញ បានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយហើយ  អញត្រូវទៅកើតក្នុងអបាយ  ទៅកើតក្នុងនរកមិនខាន  ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ គ្រូរបស់អញ មានវាទៈ យ៉ាងនេះថា មានទិដ្ឋិយ៉ាងនេះថា  បុគ្គលឯណាមួយ និយាយកុហក  បុគ្គលទាំងអស់នោះ តែងទៅកើតក្នុងអបាយ  ទៅកើតក្នុងនរក។  ម្នាលគាមណី  សាវកនោះ រមែងមានសេចក្តីយល់ថា ចំណែកអញ បាននិយាយពាក្យកុហកហើយ អញត្រូវទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ហើយមិនលះបង់វាចានោះទេ  មិនលះបង់ចិត្តនោះទេ  មិនរលាស់ទិដ្ឋិនោះចេញទេ  នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ 
- 
-[២៥៧]  ម្នាលគាមណី  ចំណែកខាងព្រះតថាគត  ជាអ្នកឆ្ងាយចាកសឹកសត្រូវ គឺកិលេស  ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន  បរិបូណ៌ដោយវិជ្ជា និងចរណៈ  មានដំណើរល្អ  ដឹងច្បាស់នូវត្រៃលោក  ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន  ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវសច្ចៈធម៌  មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ  បានកើតឡើងហើយ ក្នុងលោកនេះ។  ព្រះតថាគតនោះ  តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង  តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ  វៀរចាកអទ្និនាទានផង  តែងបន្ទោស  បន្តុះបង្អាប់  នូវកាមេសុមិច្ឆាចារផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង តែងបន្ទោស  បន្តុះបង្អាប់  នូវមុសាវាទផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង  ដោយអនេកបរិយាយ។  ម្នាលគាមណី  សាវក ក៏មានសេចក្តីជ្រះថ្លានឹងព្រះសាស្តានោះឯង។  សាវកនោះ ពិចារណា ដូច្នេះថា  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវបាណាតិបាតផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង ដោយអនេកបរិយាយ។  ឯអញ បានសំឡាប់សត្វ តាមតែប្រទះ សត្វដែលអញសំឡាប់ទាំងប៉ុន្មាន  អំពើនោះ មិនល្អ  អំពើនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះជាបច្ច័យជាមិនខាន  បាបកម្មនោះ អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវបាណាតិបាតនោះចេញផង  វៀរចាកបាណាតិបាតតទៅទៀតផង។  ឯការលះបង់បាបកម្មនុ៎ះ  រមែងមានដោយអាការ យ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមានដោយអាការយ៉ាងនេះ។ 
- 
-[២៥៨]  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវអទិន្នាទានផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកអទិន្នាទានផង  ដោយអនេកបរិយាយ។  ឯអញ បានកាន់យកទ្រព្យ ដែលគេមិនឲ្យ តាមតែប្រទះ  ទ្រព្យដែលអញ បានកាន់យកហើយទាំងប៉ុន្មាន  អំពើនោះ មិនល្អ  អំពើនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យជាមិនខាន  បាបកម្មនោះ  អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវអទិន្នាទាននោះចេញផង  វៀរចាកអទិន្នាទានតទៅទៀតផង។  ឯការលះបង់បាបកម្មនុ៎ះ  រមែងមានដោយអាការយ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ។ 
- 
-[២៥៩]  ព្រះដ៏មានព្រះភាគ តែងបន្ទោស  បន្តុះបង្អាប់  នូវកាមេសុមិច្ឆាចារផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង  ដោយអនេកបរិយាយ។  ឯអញបានសន្សំការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ តាមតែប្រទះ  ការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដែលអញសន្សំទាំងប៉ុន្មាន អំពើនោះ មិនល្អ អំពើនោះ មិនប្រពៃទេ អញ មុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន  បាបកម្មនោះ  អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់នូវកាមេសុមិច្ឆាចារនោះផង វៀរចាកកាមេសុមិច្ឆាចារតទៅទៀតផង។  ឯការលះបង់នូវបាបកម្មនុ៎ះ រមែងមានដោយអាការយ៉ាងនេះ ការកន្លងផុតបាបកម្មនុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។ 
- 
-[២៦០] ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង  សំដែងប្រាប់ថា  ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង  ដោយអនេកបរិយាយ។  ឯអញ បាននិយាយកុហក តាមតែប្រទះ ពាក្យដែលអញ បាននិយាយកុហកទាំងប៉ុន្មាន  ពាក្យនោះ មិនល្អ ពាក្យនោះ មិនប្រពៃទេ  អញមុខជាមានសេចក្តីក្តៅក្រហាយ ព្រោះកម្មនោះ ជាបច្ច័យមិនខាន  បាបកម្មនោះ  អញមិនមែនជាមិនធ្វើឡើយ។  លុះសាវកនោះ ពិចារណា ដូច្នេះហើយ  ក៏លះបង់ នូវមុសាវាទនោះផង  វៀរចាកមុសាវាទតទៅទៀតផង។  ឯការលះបង់បាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ  ការកន្លងផុតបាបកម្មនុ៎ះ  រមែងមាន ដោយអាការយ៉ាងនេះ។ 
- 
-[២៦១]  សាវកនោះ លះបង់បាណាតិបាត  វៀរចាកបាណាតិបាត  លះបង់ អទិន្នាទាន  វៀរចាកអទិន្នាទាន  លះបង់កាមេសុមិច្ឆាចារ  វៀរចាកកាមេសុមិច្ឆាចារ  លះបង់មុសាវាទ  វៀរចាកមុសាវាទ លះបង់បិសុណាវាចា  វៀរចាកបិសុណាវាចា  លះបង់ផរុសវាចា  វៀរចាកផរុសវាចា  លះបង់សម្ផប្បលាបៈ  វៀរចាកសម្ផប្បលាបៈ  លះបង់អភិជ្ឈា  មិនមានអភិជ្ឈា  លះបង់ព្យាបាទប្រទូស្ត  មានចិត្តមិនព្យាបាទ  លះបង់មិច្ឆាទិដ្ឋិ  មានចិត្តជាសម្មាទិដ្ឋិ។  ម្នាលគាមណី  លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ យ៉ាងនេះហើយ  ក៏ជាអ្នកមិនមានសេចក្តីវង្វេង  មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយមេត្តា  ផ្សាយទៅកាន់ទិសទី ១  ទិសទី ២ ដូចគ្នា។  ទិសទី ៣ ដូចគ្នា។  ទិសទី ៤ ដូចគ្នា។  មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់  ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។  ម្នាលគាមណី  បុរសអ្នកផ្លុំស័ង្ខដ៏មានកម្លាំង  តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ។  ម្នាលគាមណី  មេត្តាចេតោវិមុត្តិ  កាលបើបុគ្គល បានចំរើនយ៉ាងនេះហើយ  ធ្វើឲ្យច្រើន យ៉ាងនេះហើយ  កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ  កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ  មិនឋិតនៅត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ  ក៏យ៉ាងនោះដែរ។  ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា  ប្រាសចាកព្យាបាទ យ៉ាងនេះហើយ  ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់  មានស្មារតីខ្ជាប់ខ្ជួន  មានចិត្តប្រកបដោយករុណា។  មានចិត្តប្រកបដោយមុទិតា។  មានចិត្តប្រកបដោយឧបេក្ខា  ផ្សាយទៅកាន់ទិសទី ១  ទិសទី ២ ដូចគ្នា។  ទិសទី ៣ ដូចគ្នា។  ទិសទី ៤ ដូចគ្នា។  មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ  ប្រមាណមិនបាន  មិនមានពៀរ  មិនមានព្យាបាទ  ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ  ទិសខាងក្រោម  និងទិសទទឹង  គឺទិសតូច ៗ  ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង  ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។  ម្នាលគាមណី  បុរសអ្នកផ្លុំស័ង្ខ ដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ។  ម្នាលគាមណី  កាលបើឧបេក្ខាចេតោវិមុត្តិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ  ធ្វើឲ្យច្រើនយ៉ាងនេះហើយ  កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ  កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ  មិនឋិតនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ  ក៏យ៉ាងនោះដែរ ។  កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណី ជាសាវករបស់និគ្រន្ថ ក៏សរសើរព្រះដ៏មានព្រះភាគ ដូច្នេះថា  ភ្លឺច្បាស់ណាស់ ព្រះអង្គ  ភ្លឺច្បាស់ណាស់ ព្រះអង្គ។ បេ។  សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត    តាំងអំពីថ្ងៃនេះតទៅ។    ចប់ សូត្រ ទី ៨ ។