ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
រឿងដ៏ល្បីរបស់មុចលិន្ទនាគរាជការពារព្រះពុទ្ធពីត្រជាក់និងភ្លៀង ខណៈមួយសប្តាហ៍ទៀតកំពុងធ្វើសមាធិ។
mv 01.03 បាលី cs-km: vin.mv.01.03 អដ្ឋកថា: vin.mv.01.03_att PTS: ?
មុចលិន្ទកថា (ទី៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
រឿងក៏ត្រូវបានរកឃើញនៅក្នុង សុត្តបិដក ខុទ្ទកនិកាយ ឧទាន៖ មុចលិន្ទសូត្រ។
អានដោយ ព្រះខេមានន្ទ
(មុចលិន្ទកថា (៣.))
[៥] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាកសមាធិនោះ ហើយទ្រង់ចេញអំពីម្លប់អជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់រាំង សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។
សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាលឡើងជាភ្លៀង។ មានភ្លៀងរលឹមអស់៧ថ្ងៃ បណ្តាលឲ្យអាប់ពន្លឺព្រះអាទិត្យ ដោយអំណាចខ្យល់ត្រជាក់។ គ្រានោះ មុចលិន្ទនាគរាជចេញអំពីលំនៅរបស់ខ្លួន ហើយពេនព័ទ្ធព្រះកាយព្រះដ៏មានព្រះភាគ៧ជុំ ដោយក្នេន (របស់ខ្លួន) ហើយលើកពពារដ៏ធំបាំងពីខាងលើព្រះសីរ្សព្រះដ៏មានព្រះភាគ ហើយឋិតនៅដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្តៅក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគ សម្ផស្ស របោមមូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគឡើយ។ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀងរាំងហើយ មេឃស្រឡះហើយ ក៏រំសាយក្នេនចេញចាកព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទរបស់ខ្លួន និម្មិតជាភេទមាណព1) ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានទ. ១០ព្រះភាគពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា
សេចក្តីស្ងាត់ចាកកិលេសរបស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តីសង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក សេចក្តីណាយចាករាគៈ និងការប្រព្រឹត្តកន្លងកាមទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ កិរិយាកំចាត់បង់នូវអស្មិមានះនុ៎ះ ជាសុខយ៉ាងក្រៃលែង។
ចប់ មុចលិន្ទកថា។