User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤. រាជាយតនកថា

សង្ខេប

ឧបាសក​​ពីរ​​នាក់​​ដំបូង​​ដែល​​ដោល​ព្រះពុទ្ធ និង​​ព្រះ​ធម៌​ជា​ទី​ជ្រក​ពួន។

mv 01.04 បាលី cs-km: vin.mv.01.04 អដ្ឋកថា: vin.mv.01.04_att PTS: ?

រាជាយតនកថា (ទី៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(រាជាយតនកថា (៤.))

[៦] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានជោគ ទ្រង់ក្រោកចេញចាក​សមាធិ​នោះហើយ យាង​ចេញពីម្លប់ដើមរាំង ហើយទ. ១១យាងចូលទៅកាន់ដើមរាជាយតនៈ​1) លុះចូល​ទៅ​ដល់​ហើយ ទ្រង់​គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់ដើម​រាជាយតនៈ ទ្រង់សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។

សម័យនោះឯង មានពាណិជពីរនាក់ (ជាបងប្អូន​នឹងគ្នាបង្កើត) ឈ្មោះតបុស្សៈ១ ភល្លិកៈ១ ជាអ្នកដើរផ្លូវឆ្ងាយ ចេញអំពី​ឧក្កលជនបទ សំដៅទៅកាន់ប្រទេសនោះ។ គ្រានោះ មានទេវតាជាញាតិសាលោហិត​2) របស់តបុស្សៈ និងភល្លិកៈពាណិជ បាននិយាយពាក្យនេះ​នឹង​តបុស្សៈ ភល្លិកៈពាណិជថា ម្នាលគ្នាយើង ព្រះដ៏មានព្រះភាគអង្គនេះ ទើបនឹងបាន​ត្រាស់​ជាដម្បូង ឥឡូវ​ព្រះអង្គគង់នៅក្រោមម្លប់រាជាយតនៈ (ឯណោះ) អ្នកទាំងឡាយ គួរចូល​ទៅបូជាព្រះដ៏មានព្រះភាគអង្គនោះ​ដោយសដូវផង់ និងសដូវដុំចុះ ការបូជា​នោះនឹង​បានជា​ប្រយោជន៍ និងសេចក្តីសុខ​ដល់អ្នកទាំងឡាយ​អស់កាលយូរអង្វែង។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ ក៏នាំយកនូវសដូវផង់ និងសដូវដុំចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងកន្លែង​ដ៏សមគួរ។ លុះ​តបុស្សៈ និងភល្លិកៈពាណិជឋិតនៅ​ក្នុងកន្លែង​ដ៏សមគួរហើយទ. ១២ ទើបពោលពាក្យនេះ​នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគទទួលនូវ​សដូវផង់ និងសដូវ​ដុំ​របស់យើងខ្ញុំ ព្រោះថា ការទទួល​នឹងបានជាប្រយោជន៍​ និងសេចក្តីសុខដល់​យើង​ខ្ញុំ​ទាំងឡាយអស់កាលយូរអង្វែង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះថា ធម្មតា ព្រះតថាគត​ទាំងឡាយមិនដែលទទួល (អាមិសៈ) ផ្ទាល់នឹងដៃឡើយ បើដូច្នោះ តើ តថាគត​គួរទទួល​នូវសដូវផង់ និងសដូវដុំដោយវត្ថុអ្វីហ្ន៎។ គ្រានោះ មហារាជ​​3) ​ទាំង៤ ទ្រង់ជ្រាបព្រះតម្រិះរបស់​ព្រះដ៏មានព្រះភាគ (ដោយចិត្តរបស់ខ្លួន) ទើបនាំនូវបាត្រថ្មកែវ​ទាំងឡាយ៤ អំពីទិសទាំង៤ បង្អោន​ចូលមកថ្វាយព្រះដ៏មានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគទទួល​នូវសដូវផង់ និងសដូវដុំ​ដោយបាត្រនេះចុះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួល​នូវសដូវផង់ និងសដូវដុំ ដោយបាត្រថ្មកែវ​ទាំងឡាយដ៏មានដំឡៃច្រើន លុះទទួល​ស្រេចហើយ ក៏ទ្រង់សោយ (ក្នុងពេលនោះ)។ គ្រានោះ តបុស្សៈ និងភល្លិកៈពាណិជ​បាននិយាយ​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ​ដ៏ចំរើន យើងខ្ញុំទាំង​ឡាយនេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគ និងព្រះធម៌ជាទីរឭក សូមព្រះអង្គទ្រង់ជ្រាបនូវ​យើងខ្ញុំ​ទាំងឡាយ​ថាជាឧបាសក​បានដល់​នូវទីរឭកស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះ​ទ. ១៣ជាដើម​តរៀងទៅ។ ក៏ឯពាណិជ​ទាំងពីរនាក់នោះបាន​នាមបញ្ញត្តិថា ទ្វេវាចិកឧបាសក​4) ជាដម្បូងក្នុងលោក។

ចប់ រាជាយតនកថា។

 

1)
ដើមកែស
2)
ញាតិសាលោហិតនោះ គឺជន​ដែលធ្លាប់ជាញាតិ​របស់ពាណិជ​ទាំងនោះ​មកកើតជាទេវតា។
3)
លោកបាលទេវបុត្តទាំង៤ ដែលជាស្តេច​ធំក្នុងស្ថានសួគ៌ឈ្មោះ​ចាតុម្មហារាជិកៈ
4)
ឧបាសក​បានបញ្ចេញ​វាចាប្តេជ្ញាខ្លួនយក​ព្រះពុទ្ធ និងព្រះធម៌​ទាំងពីរ​ជាទីពឹងទីរឭក ព្រោះក្នុងពេលនោះ មិនទាន់មានព្រះសង្ឃនៅឡើយ។
km/tipitaka/vin/mv/vin.mv.01.04.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann