User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.05

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ សង្ខេប: កំណើតនៃសាសនានិងព្រះសង្ឃនិងកំណត់កង់ព្រះធម៌ដោយចលនាពីព្រះពុទ្ធ។

៥. ព្រហ្មយាចនកថា

សង្ខេប

ក្រោយ​ពេល​បាន​ត្រាស់​ដឹង ព្រះ​សម្មាសម្ពុទ្ធ​មិន​មាន​បំណង​បង្រៀន​ ព្រះ​ធម៌​ទេ ព្រោះ​ពិបាក​យល់​ សម្រាប់​មនុស្ស​ទូទៅ។ សំណាង​ល្អ​ ដែលសហ​ម្បតិ​ព្រហ្ម​បាន​ឃើញ​ភយន្តរាយ ក្នុង​ពេល​វេលា​សម​ស្រប។ ។

mv 01.05 បាលី cs-km: vin.mv.01.05 អដ្ឋកថា: vin.mv.01.05_att PTS: ?

ព្រហ្មយាចនកថា (ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ផ្នែកខ្លះក៏រកឃើញនៅ អាយាចនសូត្រ sut.sn.06.001

អានដោយ ឧបាសិកា វិឡា

(ព្រហ្មយាចនកថា (៥.))

[៧] ​ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះមានជោគ ទ្រង់ក្រោកចាក​សមាធិ​នោះ ហើយយាង​ចេញអំពីក្រោមម្លប់រាជាយតនៈ ហើយយាងចូលទៅកាន់ដើម​អជបាលនិគ្រោធ​វិញ។ បានឮថា ព្រះដ៏មានព្រះភាគ ក៏គង់​នៅក្រោម​ម្លប់អជបាលនិគ្រោធនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់សម្ងំនៅក្នុងទីស្ងាត់​តែមួយ​ព្រះអង្គ ទើបទ្រង់ព្រះតម្រិះយ៉ាងនេះថា ក៏ធម៌​ដែលតថាគត​បានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌គឺសត្វ​ឃើញបាន​ដោយកម្រ ជាធម៌ គឺសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ដ៏ឧត្តម ជាធម៌​ដែល​សត្វមិនគប្បី​ស្ទង់​ប្រមើល​ដោយសេចក្តី​ត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌ លុះតែអ្នកប្រាជ្ញ​ទើបត្រាស់​ដឹងបាន ក៏ឯពពួកសត្វនេះ សុទ្ធតែនៅកំពុង​រីករាយក្នុងសេចក្តីអាល័យ កំពុង​ត្រេកត្រអាល​ក្នុងសេចក្តីអាល័យ កំពុង​ស្រើបស្រាល​ក្នុងសេចក្តីអាល័យ (ចំពោះ​កាមទាំងឡាយ​នៅឡើយ) ក៏បដិច្ចសមុប្បាទធម៌ គឺធម៌​ជាបច្ច័យ​នៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌​នេះ ជាហេតុនាំឲ្យពពួកសត្វ​នៅរីករាយក្នុងទ. ១៤សេចក្តីអាល័យ នៅ​ត្រេក​ត្រអាល​​ក្នុងសេចក្តីអាល័យ នៅ​ស្រើបស្រាល​ក្នុងសេចក្តីអាល័យ ឃើញបានដោយកម្រ ម្យ៉ាងទៀត ធម៌ណាសម្រាប់រម្ងាប់​បង់នូវសង្ខារទាំងពួង សម្រាប់លះចោលនូវឧបធិ គឺខន្ធ និង​កិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទីណាយចាករាគៈ ជាទីរលត់នៃទុក្ខគឺនិព្វាន ធម៌ទាំង​អម្បាលនេះ ជាហេតុដែលពពួកសត្វឃើញបានដោយកម្រក្រៃពេក បើទុកជា​តថាគត​សំដែងធម៌ទៅ ក៏គង់សត្វ​ទាំងឡាយដទៃ​មិនអាច​នឹងត្រាស់ដឹង​នូវធម៌​របស់តថាគត​បានឡើយ ព្រោះហេតុនោះ សេចក្តី​លំបាក សេចក្តីនឿយព្រួយ មុខជានឹងមានដល់តថាគត​មិនខាន។ ម្យ៉ាងទៀត ព្រះគាថាទាំងឡាយ​ជាហេតុអស្ចារ្យសមគួរនេះ ព្រះដ៏មានព្រះភាគ​មិនដែល​បានឮ​ក្នុងកាលមុនឡើយ ក៏កើតប្រាកដដល់ព្រះអង្គថា

ឥឡូវនេះ តថាគតគួរសំដែង​នូវធម៌​ដែលតថាគត​បានត្រាស់ដឹង​ហើយដោយកម្រ (នុ៎ះទៅចុះ)។ ប៉ុន្តែសត្វទាំងឡាយដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនអាច​នឹង​ត្រាស់ដឹងនូវធម៌នេះបាន​ដោយងាយទេ។ សត្វទាំងឡាយដែល​កំពុងត្រេកអរ​ដោយរាគៈ ដែលគំនរងងឹត (គឺអវិជ្ជា) កំពុង​បិទបាំង (យ៉ាងនេះ) មុខជា​នឹងមិន​ឃើញ​នូវធម៌​ដែលនាំសត្វឲ្យ​ដល់នូវ​ព្រះនិព្វាន ជាធម៌​ល្អិតឆ្មារ ជ្រាលជ្រៅ សត្វ​ឃើញ​បានដោយកម្រ (នុ៎ះទេ)។

ទ. ១៥

កាលដែលព្រះដ៏មានព្រះភាគពិចារណាឃើញ ដោយន័យដែលត្រិះរិះ​ដូច្នេះហើយ ព្រះហឫទ័យក៏ឱន​ទៅដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បី​សំដែងធម៌ឡើយ។

[៨] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវ​សេចក្តីត្រិះរិះ​ក្នុងព្រះហឫទ័យ​របស់​ព្រះដ៏មានព្រះភាគ​ដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹង​ត្រិះរិះដូច្នេះថា អើហ្ន៎ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យ​ឱនទៅដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅ​ដើម្បី​សំដែងធម៌ (យ៉ាងនេះ) ឱ សត្វលោកវិនាសតើហ្ន៎ ឱ សត្វលោកវិនាសតើហ្ន៎។ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ (ដោយ​ឆាប់ភ្លាម) ប្រៀបដូចបុរសអ្នកមានកំឡាំង លាចេញនូវ​ដើមដៃដែលខ្លួន​បត់ចូល ឬបត់​ចូលនូវដើមដៃ​ដែលខ្លួន​លាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម​ធ្វើសំពត់​ឧត្តរាសង្គឆៀងស្មា​ម្ខាង ហើយលុតចុះនូវមណ្ឌល​ជង្គង់ខាងស្តាំ​លើផែនដី ប្រណម្យអញ្ជលី ថ្វាយបង្គំ​ចំពោះត្រង់​ព្រះដ៏មានព្រះភាគ ទើបពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគសំដែងធម៌ សូមព្រះសុគតសំដែងធម៌ (ដ្បិត) សត្វទាំងឡាយ​ដែលមាន​ធូលី គឺរាគាទិក្កិលេសដ៏​ស្រាលទ. ១៦ស្តើង​ក្នុងភ្នែក គឺបញ្ញា តែខានស្តាប់ធម៌​ ក៏មុខ​ជានឹងសាបសូន្យ​មិនខាន សត្វទាំងឡាយ អ្នកបម្រុងនឹងត្រាស់ដឹងនូវធម៌ ក៏គង់មានដែរ។ សហម្បតិព្រហ្មបាន​ពោល​ពាក្យនេះ (ប៉ុណ្ណេះ) លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃតទៅទៀតថា

ពីមុន​រៀងមក ធម៌ដែលជនទាំងឡាយអ្នកប្រកបដោយមន្ទិល តែងគិត ជាធម៌​មិនបរិសុទ្ធទេ កើតប្រាកដហើយក្នុងដែនមគធៈ។ សូមព្រះអង្គបើក​នូវទ្វារ​នៃ​ព្រះនិព្វាននុ៎ះ សត្វទាំងឡាយប្រុងចាំស្តាប់ធម៌ដែល​ព្រះអង្គ​ជាអ្នក​ប្រាសចាក​មន្ទិល ទ្រង់ត្រាស់ដឹង​តាម (លំអានព្រះពុទ្ធ​អំពីបូរាណ)។ ប្រៀប​ដូចជាបុរស​អ្នកមាន​ចក្ខុ ឈរនៅ​លើកំពូល​ភ្នំដ៏ហើយដោយថ្មសុទ្ធ ក្រឡេកមើលឃើញ​ប្រជុំជន​ដោយជុំវិញយ៉ាងណាមិញ បពិត្រព្រះអង្គ​មានបញ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមាន​សេចក្តីសោក​ទៅប្រាសហើយ សូមទ្រង់ឡើងកាន់​ប្រាសាទដ៏​ហើយដោយធម៌ ពិចារណាមើលនូវ​ប្រជុំជន​អ្នកច្រឡំ​ដោយ​សេចក្តីសោក​ដែលជាតិ​ ជរាកំពុង​គ្របសង្កត់ មានឧបមាដូច្នោះដែរ។ បពិត្រព្រះអង្គ​អ្នកមាន​ព្យាយាម អ្នកឈ្នះ​សង្គ្រាមទ. ១៧ហើយ ជានាយក​នៃពួកសត្វ អ្នកមិនជាប់ជំពាក់​បំណុល គឺកាម សូមព្រះអង្គក្រោកឡើង សូមទ្រង់​ស្តេច​ទៅក្នុងលោក។ សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយអ្នកបំរុង​នឹងត្រាស់ដឹង​នូវ​ធម៌ ក៏គង់មានដែរ។

[៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវ​សេចក្តី​អារាធនារបស់​សហម្បតិព្រហ្មផង ទ្រង់អាស្រ័យនូវ​សេចក្តីករុណា​ចំពោះ​សត្វទាំងឡាយផង ទើបទ្រង់​រមិលមើល​នូវសត្វលោកដោយ​ពុទ្ធចក្ខុ។ ព្រះដ៏មានព្រះភាគ កាលទ្រង់​រមិលមើលនូវ​សត្វលោក​ដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វ​ទាំងឡាយ មានធូលី គឺរាគាទិក្កិលេស​តិចក្នុង​ភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេស​ច្រើនក្នុងភ្នែក(ខ្លះ) មានឥន្ទ្រិយរឹង(ខ្លះ) មានឥន្ទ្រិយ​ទន់​(ខ្លះ) មានអាការល្អ(ខ្លះ) មានអាការអាក្រក់(ខ្លះ) ជាសត្វដែល​ព្រះអង្គ​គួរឲ្យ​ត្រាស់ដឹង​បានដោយ​ងាយ(ខ្លះ) ឲ្យត្រាស់ដឹងបានដោយ​កម្រ(ខ្លះ) ជាអ្នកឃើញ​បរលោក​ និងទោសដោយ​សភាព​គួរខ្លាចខ្លះ។ (សេចក្តីប្រៀបថា) មានផ្កាជលជាតិពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាទ. ១៨ឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃ​ឈូកសក្តី តែងកើត​ឡើង​ក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើងតាមទឹក លិចនៅក្នុងទឹកនៅឡើយ មានផ្កាជលជាតិ​ពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិ​ពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះខ្ពស់ឡើងជាងទឹក មិនជាប់ជំពាក់​ដោយទឹក មានឧបមាយ៉ាងណាមិញ ព្រះដ៏មានព្រះភាគ កាលទ្រង់រមិលមើល​សត្វលោក​ដោយពុទ្ធ​ចក្ខុ ទ្រង់​ឃើញសត្វ​ទាំងឡាយ មានធូលី គឺរាគាទិក្កិលេស​តិចក្នុងភ្នែក (ខ្លះ) មានធូលី គឺរាគាទិក្កិលេស​ច្រើន​ក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយ​រឹង(ខ្លះ) មានឥន្ទ្រិយ​ទន់(ខ្លះ) មានអាការល្អ (ខ្លះ) មានអាការ​មិនល្អ(ខ្លះ) ជាសត្វ​ដែលព្រះអង្គគួរ​ឲ្យត្រាស់ដឹង​បានដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹង​បានដោយ​កម្រ(ខ្លះ) សត្វចំពូកខ្លះ ឃើញបរលោក និងទោសដោយសភាព​គួរខ្លាច មានឧបមេយ្យ​ដូច្នោះ​ឯង លុះទ្រង់ឃើញហើយ ទើបទ្រង់​សំដែង​ជាបទគាថា​នឹងសហម្បតិព្រហ្មថា

ទ្វារនៃព្រះនិព្វានទាំងនោះបើកហើយ សត្វទាំងឡាយណាមាន​សោតប្បសាទ សត្វទាំងឡាយនោះចូរ​បញ្ចេញ​នូវ​សទ្ធាចុះ។ទ. ១៩ ម្នាលមហាព្រហ្ម តថាគត​មាន​សេចក្តី​សំគាល់ក្នុងការលំបាក បានជាមិនសំដែងធម៌ដ៏ឧត្តម ដែលស្ទាត់​ក្នុង​សំណាក់មនុស្ស​ទាំងឡាយ។

គ្រានោះ សហម្បតិព្រហ្មគិតថា ខ្លួនអញ​ជាបុគ្គលគឺ​ព្រះដ៏មានព្រះភាគ​ទ្រង់យល់ព្រម​ដើម្បីនឹងសំដែងធម៌​ហើយ (លុះគិតដូច្នេះហើយ) ក៏ថ្វាយបង្គំលា​ព្រះដ៏មានព្រះភាគ​ធ្វើ​ប្រទក្សិណ ហើយក៏បាត់​អំពីទីនោះមួយ​រំពេចទៅ។

ចប់ ព្រហ្មយាចនកថា។

 

km/tipitaka/vin/mv/vin.mv.01.05.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann