User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.07

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៧. បព្វជ្ជាកថា

សង្ខេប

យស​ជា​កូន​អ្នក​ខ្ចី​លុយ ខ្ពើម​នឹង​កម​បាន​ជួប​ព្រះពុទ្ធ​ក្នុង​ព្រៃ។ លុះ​បាន​ឡើង​ដល់​ធម៌​ដ៏​ខ្ពង់ខ្ពស់​ហើយ ​បិតា​តាម​ស្វែង​រក​ព្រះអង្គ ក៏​បាន​ទៅ​នៅ​ ជា​ឧបាសក​ដល់​តេវាចិកសរណគមន៍ ជាដម្បូង​ក្នុងលោក។ ក្រោយ​មក​មាន​មិត្ត​ភក្តិ​របស់​ព្រះយស​មួយ​ចំនួន​ធំ​តាម​គាត់​ទៅ​បួស។

mv 01.07 បាលី cs-km: vin.mv.01.07 អដ្ឋកថា: vin.mv.01.07_att PTS: ?

បព្វជ្ជាកថា (ទី៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ


(បញ្ចវគ្គិយកថា (៧.))

បព្វជ្ជារបស់ព្រះយស

[២៥] សម័យនោះឯង ក្នុងក្រុងពារាណសី មានកុលបុត្រ (ម្នាក់) ឈ្មោះយស ជាកូន​សេដ្ឋី ជា​បុគ្គលចំរើនដោយ​សេចក្តីសុខ។ យសកុលបុត្រនោះមាន​ប្រាសាទ៣ ប្រាសាទ១ សម្រាប់​នៅក្នុងរដូវ​រងា ប្រាសាទ១សម្រាប់​នៅក្នុងរដូវក្តៅ ប្រាសាទ១ សម្រាប់​នៅក្នុង​រដូវ​ភ្លៀង។ យសកុលបុត្រនោះ មាតាបិតា​ឲ្យពួកអ្នកភ្លេងតូរ្យតន្ត្រីសុទ្ធ​សឹងតែ​ស្រីឥត​មានបុរស​ឡើយ ចាំបម្រើអស់កំណត់​៤ខែ ក្នុងប្រាសាទ​សម្រាប់នៅក្នុង​រដូវភ្លៀង មិនដែល​ចុះមក​កាន់​ផ្ទៃ​ប្រាសាទ​ខាងក្រោមទេ។ គ្រានោះ យសកុលបុត្រ​ឆ្អែត​ស្កប់ស្កល់​ដោយកាមគុណទាំង៥ កាលពួក​ស្រីកំពុងបម្រើ ក៏ដេកលក់ទៅ​ជាមុន ឯជន​ជាបរិសទ្យ ក៏ដេកលក់​ជាខាងក្រោយ។ រីឯ​ប្រទីប​ដែលគេអុជទុក​ដោយប្រេង តែងឆេះ​បំភ្លឺទាល់ព្រឹក រាល់ៗយប់។ គ្រានោះ យសកុលបុត្រ ភ្ញាក់ពីនិន្ទ្រាមុនគេ បានឃើញជន​ជាបរិសទ្យ​របស់ខ្លួន​កំពុងដេកលក់ ស្រីខ្លះ​មានពិណ​នៅ​ត្រង់​ក្លៀក ស្រីខ្លះមានស្គរ​សម្ភោរ​នៅត្រង់ក ស្រីខ្លះ​មានស្គរធំ​នៅក្បែរទ្រូង ស្រីខ្លះមានសក់​រំសាយ ស្រីខ្លះ​មានទឹកមាត់​ហូរហៀរ ស្រីខ្លះកំពុងមមើ (យសកុលបុត្រ​បាន​ឃើញជន​ជាបរិសទ្យ​របស់​ខ្លួន) ហាក់ដូចជាព្រៃស្មសាន មកប្រាកដក្នុងកណ្តាប់ដៃ។ យស​កុលបុត្រ​នោះ លុះបានឃើញ​ហើយ កើតសេចក្តីជិនឆ្អន់ចិត្ត ក៏ឋិត​នៅស៊ប់​ក្នុងសេចក្តី​នឿយ​ណាយ។ ទើបយសកុលបុត្របន្លឺ​ឧទានវាចា (ដោយសេចក្តី​សង្វេគ)ថា ឱហ្ន៎ (ទីនេះ) ច្របូក​ច្របល់​ណាស់តើ ឱហ្ន៎ (ទីនេះ) ជំពាក់​វាក់វិន​ណាស់តើ។ គ្រានោះ យសកុលបុត្រ​ពាក់​ទ្រនាប់​ជើង​មាស ដើរសំដៅ​ទៅកាន់​មាត់​ទ្វារផ្ទះ។ អមនុស្ស​1) ​ទាំងឡាយ បើកទ្វារទុក ដោយបំណង​ថា អ្នកណា​មួយកុំធ្វើអន្តរាយ​ក្នុងការចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ភាព​​នៃ​បុគ្គល​មិនមាន​ការងារ​ជាប្រយោជន៍​ដល់ផ្ទះ​របស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់​ទៅកាន់ទ្វារ​ព្រះនគរ។ អមនុស្ស​ទាំងឡាយ​បើកទ្វារ​ទុកដោយ​បំណងថា អ្នកណា​មួយ​កុំធ្វើ​អន្តរាយ​​ក្នុងការចេញ​ចាកផ្ទះ ហើយបួស​ក្នុងភាព​នៃ​បុគ្គល​មិនមាន​ការងារ​ជាប្រយោជន៍​ដល់​ផ្ទះ​របស់យសកុលបុត្រឡើយ។ គ្រានោះ យសកុលបុត្រ ក៏ដើរតម្រង់​ទៅកាន់​ឥសិបតនមិគទាយវន។

[២៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងសម័យ​ព្រឹក​ព្រាងស្វាង​រាត្រី ហើយទ្រង់ចង្ក្រម​ក្នុងទីវាល។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​យសកុលបុត្រ​ដើរមក​អំពី​ចម្ងាយ លុះទ្រង់​ឃើញហើយ ក៏យាង​ចេញអំពី​កន្លែងចង្ក្រម ហើយគង់​លើអាសនៈ​ដែល​គេក្រាលទុកស្រាប់។ គ្រានោះ យសកុលបុត្រ​បន្លឺឧទានវាចា (ដោយសេចក្តីសង្វេគ) ក្នុងទី​ជិត​ ព្រះដ៏មានព្រះភាគថា ឱហ្ន៎ (ទីនុ៎ះ) ច្របូកច្របល់​ណាស់តើ ឱហ្ន៎ (ទីនុ៎ះ) ជំពាក់វាក់វិន​ណាស់​តើ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកានេះ​នឹង​យសកុលបុត្រថា ម្នាល​យស ទីនេះឯង មិនច្របូកច្របល់ ទីនេះ​មិនជំពាក់​វាក់វិនទេ ម្នាលយស មកណេះ មកអង្គុយ (ឯណេះ) តថាគត​នឹងសំដែងធម៌​ដល់អ្នក។ គ្រានោះ យសកុលបុត្រក៏រីករាយ អណ្តែត​ចិត្ត​ដោយ​​គិតឃើញថា ឮថា ទីនេះ​មិនច្របូកច្របល់ ទីនេះ​មិនជំពាក់វាក់វិន (គិតដូច្នេះ​ហើយ) ក៏ដោះទ្រនាប់ជើង​មាសចេញ ដើរតម្រង់​ទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះយសកុលបុត្រ​អង្គុយ​​ក្នុងទី​ដ៏​សមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ព្រះអង្គសំដែង​អនុបុព្វីកថា ដូចម្តេច គឺទ្រង់​ប្រកាស ទានកថា សីលកថា សគ្គកថា និងទោសនៃកាម​ទាំងឡាយ​ដ៏លាមក ដ៏សៅហ្មង និងអានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវ​យសកុលបុត្រថាមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈ មានចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ កាលនោះ ព្រះអង្គក៏​ទ្រង់​សំដែង​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់​ដោយវត្ថុ​មានពណ៌ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់​ដោយល្អបាន មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើងដល់យសកុលបុត្រ​ក្នុងកន្លែង​អង្គុយ​នោះ​ឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ ក៏រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។

[២៧] គ្រានោះ មាតារបស់យសកុលបុត្រឡើងទៅកាន់ប្រាសាទ មិនបានឃើញ​យសកុលបុត្រ ក៏ដើរតម្រង់​ទៅរកសេដ្ឋីគហបតិ (ជាស្វាមី) លុះចូល​ទៅដល់ហើយ ក៏ប្រាប់​សេដ្ឋីគហបតិថា បពិត្រគហបតិ យសកុមារ ជាកូនរបស់អ្នក មិនឃើញទេ។ គ្រានោះ សេដ្ឋី​គហបតិ​បញ្ជូនបម្រើ​ទៅដោយសេះ​ក្នុងទិសទាំង៤ ខ្លួនឯងក៏ដើរសំដៅ​ទៅកាន់​ឥសិបតនមិគទាយវន។ សេដ្ឋីគហបតិ​បានឃើញ​ដានទ្រនាប់ជើងមាស (ស្បែកជើងមាស) លុះ​ឃើញហើយ ក៏ដើរទៅតាមដាន​ទ្រនាប់ជើង​នោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ច្បាស់​​នូវសេដ្ឋី​គហបតិ​ដើរមកអំពី​ចម្ងាយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញហើយ ក៏​ទ្រង់​ពុទ្ធបរិវិតក្កថា តថាគត​គួរធ្វើឥទ្ធាភិសង្ខារ​2)) មិនឲ្យ​សេដ្ឋី​គហបតិ​ដែលអង្គុយនៅ​ក្នុងទីនេះ ឃើញ​យសកុលបុត្រ ដែលអង្គុយ​នៅក្នុងទីនេះឯង។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់​តាក់តែងនូវ​ឥទ្ធាភិសង្ខារ មានសភាព​ដូច្នោះ​ហើយ។ កាលនោះ សេដ្ឋីគហបតិក៏​ដើរចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​យសកុលបុត្រ​ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ ចូរ​អ្នក​អង្គុយ​សិនចុះ បើអ្នកអង្គុយ​ក្នុងទីនេះ មុខជានឹង​ឃើញយសកុលបុត្រអង្គុយ​ក្នុងទីនេះ​ដែរ។ គ្រានោះ សេដ្ឋីគហបតិនឹកសង្ឃឹមថា ឮថា បើអញ​អង្គុយ​នៅក្នុងទីនេះឯង គង់នឹង​បានឃើញ​យសកុលបុត្រ​អង្គុយ​នៅក្នុងទីនេះដែរ ហើយក៏ត្រេកអររីករាយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ។ លុះសេដ្ឋីគហបតិអង្គុយ​នៅក្នុងទីដ៏​សមគួរហើយ ទើប​ព្រះដ៏​មានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា គឺទ្រង់​ប្រកាស ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាម​ទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សេដ្ឋីគហបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណៈ មានចិត្តខ្ពស់​ មានចិត្តជ្រះថ្លា ក្នុងកាលណា ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ តែង​លើក​ឡើងសំដែង ដោយព្រះអង្គឯង ទ្រង់ក៏​ប្រកាសនូវ​ធម្មទេសនានោះគឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះឯង។ ធម្មតា សំពត់សស្អាត មិនដិត​ប្រឡាក់​ដោយវត្ថុ​មានពណ៌ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់​បានដោយល្អ មានឧបមា​ដូចម្តេចមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើត​ឡើងដល់សេដ្ឋីគហបតិ ​ក្នុងទី​អង្គុយ​នោះថា ធម្មជាតណាមួយ ដែលកើត​ឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែងរលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ គ្រានោះ សេដ្ឋីគហបតិ​បានឃើញ​អរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានជឿជាក់​នូវអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន (ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ) ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុរសដែលផ្ងារ​ឡើងនូវរបស់​ដែលគេផ្កាប់ចុះ ឬបើកចេញនូវ​របស់ដែលគេ​បិទបាំងទុក ឬប្រាប់ផ្លូវ​ដល់បុរស​អ្នក​វង្វេង​ផ្លូវ ឬទ្រោលបំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុទាំងឡាយ នឹងឃើញរូប​បានដោយងាយ មានឧបមាយ៉ាងណាមិញ ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាស​ហើយ​ដោយបរិយាយ​ជាច្រើន ក៏មានឧបមេយ្យ​ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវព្រះ​ដ៏​មាន​ព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាប​ខ្ញុំព្រះអង្គ​ថាជាឧបាសក អ្នកដល់​នូវទីរលឹក​ស្មើដោយជីវិត ក្នុងកាល​មានថ្ងៃនេះជាដើម​ទៅ។ ឯសេដ្ឋីគហបតិនោះ (បាននាមបញ្ញត្តិថា) តេវាចិកឧបាសក (គឺឧបាសក​ដល់​តេវាចិកសរណគមន៍) ជាដម្បូង​ក្នុងលោក។

[២៨] គ្រានោះ យសកុលបុត្រ កាលដែលព្រះដ៏មានព្រះភាគ​កំពុង​សំដែងធម៌​ដល់បិតា (របស់​ខ្លួន) ក៏ពិចារណានូវ​ភូមិធម៌​ដែលខ្លួន​ឃើញហើយ ដែលខ្លួនត្រាស់ដឹងហើយ ចិត្តក៏រួចផុត​ស្រឡះ​ចាកអាសវធម៌​ទាំងឡាយ ឥតជាប់​ចំពាក់​ដោយឧបាទានឡើយ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រិះរិះ​យ៉ាងនេះថា យសកុលបុត្រ កាលដែល​តថាគត​កំពុងសំដែង​ធម៌ដល់បិតា (របស់ខ្លួន) ក៏ពិចារណានូវ​ថ្នាក់នៃធម៌​ដែលខ្លួន​ឃើញហើយ ត្រាស់ដឹងហើយ ចិត្តក៏រួចផុត​ស្រឡះ​ចាកអាសវធម៌​ទាំងឡាយ ឥតជាប់​ចំពាក់​ដោយឧបាទាន ឯយសកុលបុត្រ (នេះ) មិនគួរនឹង​វិលត្រឡប់ទៅ​ដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាមទាំងឡាយ​ ដូច​កាលនៅ​ឃរាវាស​ក្នុងកាល​មុនទេ បើដូច្នោះ គួរតថាគត​រម្ងាប់នូវ​ឥទ្ធាភិសង្ខារ​3) (គឺ​រំសាយឫទ្ធិ ឬស្រាយឫទ្ធិ)​នោះចេញ។ គ្រានោះ ព្រះដ៏មានព្រះភាគ​បានរំសាយ​ឥទ្ធាភិសង្ខារ​នោះហើយ។ សេដ្ឋីគហបតិ បានឃើញ​យសកុលបុត្រ​អង្គុយ​នៅ (ក្នុងទីនោះ) លុះឃើញហើយ ក៏និយាយពាក្យ​នេះនឹង​យសកុលបុត្រថា នែយស មាតារបស់​អ្នកមាន​សេចក្តី​សោកខ្សឹកខ្សួល ចូរអ្នក​ឲ្យជីវិត​ដល់មាតា​របស់អ្នក​ផង។ គ្រានោះ យសកុលបុត្រ​ក៏ងើប​មើល​ព្រះដ៏មាន​ព្រះ​ភាគ។ ឯព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា​នេះនឹងសេដ្ឋី​គហបតិថា ម្នាលគហបតិ អ្នកឯងសំគាល់​យសកុលបុត្រនោះ​ថាដូចម្តេចទៅ ឯយសកុលបុត្រ​(នេះ) ឈ្មោះថា​ឃើញធម៌​​ហើយ​ដោយ​សេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះថា យសកុលបុត្រនោះ​ពិចារណា​នូវភូមិធម៌ ដូចជាធម៌​ដែលអ្នកឃើញហើយ អ្នកដឹងហើយ ចិត្ត (របស់​យសកុលបុត្រនោះ) ក៏រួចចាក​អាសវធម៌​ទាំងឡាយ​ហើយ ឥតមាន​ជាប់ចំពាក់​ដោយឧបាទានឡើយ ម្នាលគហបតិ យស (នេះ) គួរនឹងវិល​ត្រឡប់​ទៅដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាមទាំងឡាយ​ដូចនៅ​ជា​ឃរាវាស​​ក្នុងកាល​មុនដែរ​ឬទេ។ សេដ្ឋីគហបតិ​ក្រាបទូល​ថា សូមទ្រង់​ព្រះមេត្តាប្រោស ហេតុ​នេះ​មិនគួរទេ។ ព្រះបរម​សាស្តា ទ្រង់ត្រាស់ថា ម្នាលគហបតិ យសកុលបុត្រ(នេះឯង) ឈ្មោះ​ថាឃើញធម៌ហើយ​ដោយ​សេក្ខញ្ញាណ និងសេក្ខទស្សនៈ ព្រោះយសកុលបុត្រនោះ​ពិចារណា​នូវភូមិធម៌ ដូចជាធម៌​ដែលអ្នក​ឃើញ​ហើយ អ្នកត្រាស់ដឹងហើយ ចិត្តក៏រួចចាកអាសវធម៌​ទាំង​ឡាយ​ហើយ ឥតមាន​ជាប់ចំពាក់​ដោយឧបាទានឡើយ ម្នាលគហបតិ យសកុលបុត្រ មិនគួរ​នឹង​វិល​ត្រឡប់​ទៅដើម្បី​ភាវៈ​ថោកទាប ហើយបរិភោគ​កាមទាំងឡាយ​ដូចនៅ​ជាឃរាវាស​ក្នុង​កាលពី​មុនទេ។ សេដ្ឋី​គហបតិ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យសកុលបុត្រ​មានលាភ​ហើយ បពិត្រព្រះអង្គដ៏ចំរើន (អត្តភាព​ជាមនុស្ស) យសកុលបុត្រ​បានល្អហើយ ព្រោះចិត្ត​របស់​យសកុលបុត្រ​រួចចាក​អាសវធម៌​ទាំងឡាយហើយ ឥតមានជាប់ចំពាក់​ដោយឧបាទានឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់​ទទួលភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់​ក្នុង​ថ្ងៃ​នេះ ព្រមទាំងយសកុលបុត្រ​ជាបច្ឆា ​4) សមណៈផង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀមនៅ។ គ្រានោះ សេដ្ឋីគហបតិដឹងថា ព្រះដ៏មានព្រះ​ភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ហើយដើរ​ចេញទៅ។ កាលបើ​សេដ្ឋីគហបតិចេញ​ទៅមិនយូរ​ប៉ុន្មាន ក៏​យសកុលបុត្រ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគក្នុងពេលនោះថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​​គួរ​បានបព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ត្រាស់ហៅថា អ្នកចូរ​មក​5) ​ជាភិក្ខុចុះ ហើយ​ទ្រង់ត្រាស់ថា សាសនធម៌ តថាគត ពោលល្អហើយ អ្នកចូរ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ចុះ។ ឯ​ព្រះពុទ្ធ​​ដីកាដែលទ្រង់​ត្រាស់ថា​ អ្នកចូរ​មកជា​ភិក្ខុនោះឯង ជាឧបសម្បទា​របស់​យសកុលបុត្រ​ដ៏មានអាយុនោះ។ ព្រះអរហន្តទាំងឡាយ​៧អង្គ កើតមានក្នុងលោកក្នុងគ្រានោះឯង។

ចប់ បព្វជ្ជារបស់ព្រះយស។

បព្វជ្ជារបស់​គ្រហស្ថជាសំឡាញ់​គ្នា៤នាក់

[២៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយ​បាត្រនិងចីវរ​ក្នុង​បុព្វណ្ហ​សម័យ ​​6) មានព្រះយសដ៏មានអាយុ​ ជាបច្ឆា​សមណៈ យាងចូលទៅកាន់​លំនៅ​របស់សេដ្ឋី​គហបតិ លុះចូល​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលសេដ្ឋី​ក្រាលបម្រុង​ទុកហើយ។ គ្រានោះ មាតា និងស្រ្តី​ជាបុរាណទុតិយិកា​7) របស់ព្រះយស​ដ៏មានអាយុ នាំគ្នាដើរចូល​ទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​ដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​​អនុបុព្វីកថា​ដល់ស្រី​ទាំងនោះ គឺទ្រង់​ប្រកាស​ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់​កាម​ទាំងឡាយដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងកា​រចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ស្រីទាំងឡាយនោះ​ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែតឡើង​ មានចិត្តជ្រះថ្លា ក្នុង​កាល​ណា ព្រះអង្គ​ក៏ទ្រង់សំដែងធម្មទេសនា ​ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយ​ព្រះអង្គឯង គឺទ្រង់​ប្រកាសទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាល​នោះ​។ សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គួរទទួលទឹកជ្រលក់​បានដោយប្រពៃ មានឧបមា​ដូចម្តេច​មិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់​ស្រីទាំងឡាយ​នោះ ក្នុងទី​អង្គុយ​នោះឯងថា ធម្មជាតិណាមួយ ដែលកើត​ឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​​នោះ តែងរលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ ស្រីទាំង​អម្បាលនោះ ​បានឃើញ​អរិយសច្ចធម៌ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បាន​ចុះ​ចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវ​ក្លា មិនបាច់​ជឿស្តាប់​ពាក្យបុគ្គល​ដទៃ ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដោយពាក្យ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះពុទ្ធដីកា​ដែលព្រះអង្គ​ត្រាស់ហើយ​នេះ ពីរោះ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន បុរស​ដែលផ្ងារ​ឡើងនូវរបស់​ដែលគេផ្កាប់ចុះ ឬបើកចេញ​នូវរបស់​ដែលគេ​បិទបាំងទុក ឬប្រាប់ផ្លូវ​ដល់​អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺ​នូវ​ប្រទីប​ប្រេង​ក្នុងទីងងឹត ដោយគិតថា មនុស្សទាំងឡាយដែលមានចក្ខុ នឹងឃើញរូប​បានដោយងាយ មានឧបមា​យ៉ាង​ណា​មិញ ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ប្រកាស​ហើយ ​ដោយបរិយាយ​ជាច្រើន ក៏មាន​ឧបមេយ្យ​​ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនេះ សូមដល់​នូវព្រះ​ដ៏មាន​ព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីរលឹក សូមព្រះអង្គ ទ្រង់​ជ្រាប​នូវ​យើងខ្ញុំទាំងឡាយ​ថាជាឧបាសិកា ដល់​នូវទីរលឹក​ស្មើដោយជីវិត ក្នុងកាល​មានថ្ងៃនេះជាដើមទៅ។ ឯស្រី​ទាំង​អម្បាលនោះ បាននាមបញ្ញត្តិ​ជាឧបាសិកា​ដល់នូវ​តេវាចិកាសរណគមន៍ ជាដម្បូង​ក្នុងលោក។ គ្រានោះ បិតាមាតា និងស្រី​ជាបុរាណទុតិយិការបស់​ព្រះយស​ដ៏មានអាយុ​អង្គាស​ព្រះដ៏មាន​ព្រះភាគ និង​ព្រះយសដ៏មានអាយុ ដោយខាទនីយភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ដោយដៃ​ខ្លួនឯង ឲ្យឆ្អែត​ស្កប់​ស្កល់​ហើយ (សំគាល់) នូវ​​ព្រះដ៏មានព្រះភាគ ដែលឆាន់ហើយ មានព្រះហស្ថលែងលូកចុះ​ក្នុងបាត្រហើយ ទើបអង្គុយ​ចុះក្នុងទី​ដ៏សមគួរ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​មាតា​បិតា និង​ស្រីបុរាណទុតិយិកា​របស់​ព្រះយស​ដ៏មានអាយុ ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យ​ឧស្សាហ៍មាំ ឲ្យរីករាយ​ដោយធម្មីកថា ហើយទើបទ្រង់​ក្រោកចាក​អាសនៈ​ចៀសចេញទៅ។

[៣០] (លំដាប់នោះ) មានគ្រហស្ថ៤នាក់ ជាសំឡាញ់របស់​ព្រះយស​ដ៏មានអាយុ គឺ​ឈ្មោះ​វិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាបុត្រពួក​ត្រកូលសេដ្ឋី និងអនុសេដ្ឋី​ក្នុងក្រុង​ពារាណសី បានឮដំណឹងថា យសកុលបុត្រ​កោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ចេញអំពី​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​ផ្ទះ។ លុះសំឡាញ់ទាំង​នោះបាន​ឮដំណឹង (យ៉ាងនេះ)​ហើយ ទើបត្រិះរិះ​ដូច្នេះថា យសកុលបុត្រ​​កោរសក់ និងពុកមាត់ពុកចង្កា ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ចេញទៅ​អំពី​​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​ផ្ទះ ​ក្នុងធម្មវិន័យណា ធម្មវិន័យ​នោះ មិនមែនជា​របស់ថោកទាប​ដោយពិត ទាំងបព្វជ្ជា​នោះសោត ក៏មិនមែន​ជារបស់​ថោកទាប​ឡើយ។ សំឡាញ់ទាំងនោះ​នាំគ្នាចូលទៅរក​ព្រះយស​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះយស​ដ៏មានអាយុ ហើយឋិតនៅក្នុងទី​ដ៏សមគួរ។ លំដាប់នោះ ព្រះយស​ដ៏​មាន​អាយុនាំសំឡាញ់​គ្រហស្ថទាំង៤នាក់​នោះចូល​ទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទី​ដ៏សមគួរ លុះ​ព្រះយស​ដ៏មាន​អាយុ​អង្គុយ​នៅក្នុងទីដ៏​សមគួរ​ហើយ ក្រាបទូល​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន សំឡាញ់​របស់​ខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ៤នាក់នេះ ឈ្មោះ​វិមលៈ១ សុពាហុ១ បុណ្ណជិ១ គវម្បតិ១ ជាកូនពួកត្រកូល​សេដ្ឋី និង​អនុសេដ្ឋី​ក្នុងក្រុង​ពារាណសី (ជាមួយគ្នា) សូមព្រះដ៏មានព្រះភាគឲ្យ​ឱវាទ​ប្រៀន​ប្រដៅ​សំឡាញ់​អម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់សំដែង​អនុបុព្វីកថាដល់​បុរស​ទាំងឡាយនោះ គឺទ្រង់សំដែង​ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់​កាមទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការ​ចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា បុរសទាំង៤នាក់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ​ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម គួរទទួលទឹកជ្រលក់បាន​ដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើង​ដល់​បុរសទាំងអម្បាលនោះ ​ក្នុងទី​​អង្គុយ​​នោះឯងថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ បុរស​ទាំងអម្បាលនោះ​បាន​ឃើញ​​អរិយសច្ចធម៌​ហើយ បានដល់អរិយសច្ចធម៌ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បាន​ចុះ​ចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់​នូវ​សេចក្តី​ក្លៀវក្លា មិន​បាច់ជឿ​ស្តាប់ពាក្យ​បុគ្គលដទៃឡើយ ក្នុងសាសនានៃព្រះសាស្តា ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យ​នេះថា បពិត្រព្រះអង្គដ៏​ចំរើន យើងខ្ញុំ​ទាំង​អម្បាលនេះ គួរ​បាន​បព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ ចូរមក​ជា​ភិក្ខុ​ចុះ ហើយ​ត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ​ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​ទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទា​របស់លោក​ដ៏មាន​អាយុ​​ទាំង​អម្បាលនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឱវាទ​ប្រៀនប្រដៅ​ភិក្ខុទាំងអម្បាល​នោះ​​ដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុង​ឲ្យឱវាទ​ប្រៀន​ប្រដៅ​ដោយធម្មីកថា ក៏មានចិត្ត​ផុតចាកអាសវធម៌ទាំងឡាយ ឥតមាន​ជាប់ចំពាក់​ដោយ​ឧបាទានឡើយ។ ព្រះអរហន្ត​ទាំងឡាយ​១១អង្គកើត​មានក្នុងលោក​ក្នុងកាលនោះឯង។

ចប់ បព្វជ្ជារបស់​គ្រហស្ថជាសំឡាញ់​គ្នា៤នាក់។

បព្វជ្ជារបស់​គ្រហស្ថជាសំឡាញ់​គ្នា៥០នាក់

[៣១] មានគ្រហស្ថជាសំឡាញ់របស់ព្រះយស​ដ៏មានអាយុប្រមាណ៥០នាក់(​ទៀត) ជាអ្នកនៅ​ក្នុងជនបទ (ស្រុកក្រៅ) ជាកូននៃ​ពួកត្រកូល​ទាំងឡាយ មានបុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស​8) បានឮដំណឹងច្បាស់ថា យសកុលបុត្រ​កោរសក់ និងពុកមាត់ពុកចង្កា ហើយ​ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ ចេញទៅអំពី​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​ផ្ទះ។ លុះជនទាំង​នោះ​បានឮដំណឹង (យ៉ាងនេះ)​ហើយ ក៏ត្រិះរិះ​ដូច្នេះថា យសកុលបុត្រ​​កោរសក់ និងពុកមាត់​ពុក​ចង្កា ហើយស្លៀក​សំពត់​កាសាយៈ ​ចេញ​អំពី​​ផ្ទះ ហើយបួស​ក្នុង​ភេទនៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយ​​ផ្ទះក្នុងធម្មវិន័យណា ធម្មវិន័យ​នោះ មិនមែនជា​របស់ថោកទាប​ដោយពិត ទាំង​បព្វជ្ជា​នោះសោត ក៏មិនមែន​ជារបស់​ថោកទាប​ឡើយ។ បុរសទាំង​៥០​នាក់នោះ ​នាំគ្នា​ចូលទៅ​រក​​ព្រះយស​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំ​ព្រះយស​ដ៏មាន​អាយុ ហើយ​ឋិត​នៅ​ក្នុងទី​ដ៏សមគួរ។ គ្រានោះ ព្រះយស​ដ៏​មាន​អាយុ នាំ​គ្រហស្ថជាសំឡាញ់ទាំង៥០នាក់​នោះ​ចូល​ទៅគាល់ផ្ទះព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុងទី​ដ៏សមគួរ លុះ​ព្រះយស​ដ៏មាន​អាយុ​អង្គុយ​នៅក្នុងទីដ៏​សមគួរ​ហើយ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន គ្រហស្ថជា​សំឡាញ់​របស់​ខ្ញុំ​ព្រះអង្គ​មានប្រមាណ​៥០នាក់ទាំងនេះ ជាអ្នកនៅក្នុងជនបទ ជាបុត្រនៃ​ពួក​ត្រកូល​មានបុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស សូមព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឱវាទ​ប្រៀន​ប្រដៅ​សំឡាញ់​ទាំងអម្បាលនេះឲ្យទាន។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថាដល់​បុរស​ទាំងអម្បាលនោះ គឺទ្រង់សំដែង​ទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់​កាមទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការ​ចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់​ជ្រាប​ថា បុរសទាំង៥០នាក់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មាន​ចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ​ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត មិនប្រឡាក់របស់ខ្មៅ គឺធ្យូង ឬល័ក្ត​ខ្មៅ​ គួរទទួលទឹកជ្រលក់​បានដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ធម្មចក្ខុ​ គឺសោតា​បត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើងដល់បុរសទាំងនោះ ​ក្នុងទី​​អង្គុយ​​នោះឯងថា ធម្មជាតិ​ណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជាធម្មតា មាន​ឧបមេយ្យ​ដូច្នោះឯង។ បុរស​ទាំង៥០នាក់នោះ​ បានឃើញ​អរិយសច្ចធម៌​ហើយ បាន​ដល់​អរិយសច្ចធម៌​ហើយ បានត្រាស់ដឹងអរិយសច្ចធម៌ហើយ បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់​នូវ​ភាវៈជាអ្នកក្លាហាន មិនបាច់ជឿ​ស្តាប់ពាក្យ​បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យ​នេះថា បពិត្រព្រះអង្គដ៏​ចំរើន យើងខ្ញុំ​ទាំងឡាយនេះ គួរ​បាន​បព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ ចូរ​មក​ជា​ភិក្ខុចុះ ហើយ​ទ្រង់ត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ​ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​កងទុក្ខដោយល្អចុះ។ ព្រះពុទ្ធដីកានោះឯង ជាឧបសម្បទា​របស់លោកដ៏មានអាយុ​ទាំង​អម្បាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទូន្មាន ​ប្រៀនប្រដៅ​ភិក្ខុទាំងអម្បាល​នោះ​ដោយធម្មីកថា។ ភិក្ខុទាំងអម្បាលនោះ កាលដែលព្រះដ៏មានព្រះភាគកំពុង​ទូន្មាន​ប្រៀន​ប្រដៅ​ដោយធម្មីកថា ចិត្តក៏រួច​ចាក​អាសវធម៌​ទាំងឡាយ ឥតមាន​ជាប់ចំពាក់​ដោយ​ឧបាទានឡើយ។ ព្រះអរហន្ត​ទាំងឡាយ៦១អង្គ​កើត​ឡើង​ក្នុងលោក ​ក្នុងកាលនោះឯង។

(ចប់ បព្វជ្ជារបស់​គ្រហស្ថជាសំឡាញ់​គ្នា៥០នាក់។)

 

1)
អមនុស្ស សព្ទនេះ ប្រែថា សត្វដែល​មិន​មែន​​ជាមនុស្ស គឺទេវតា បិសាច។បេ។ តែក្នុងទីនេះ សំដៅសេចក្តី​ចំពោះ​ទេវតា។
2)
សំដែងឫទ្ធិ មិនឲ្យឃើញ (បំបាំង
3)
គឺព្រះអង្គធ្វើឲ្យ​សេដ្ឋី​គហបតិ​បានឃើញ​យសកុលបុត្រ (គឺ​បង្ហាញ ឬបញ្ចេញ​ខ្លួនយសកុលបុត្រ​ឲ្យបិតា​ឃើញ)។
4)
អ្នកទៅជាមួយ អ្នកតាមហែ។
5)
អ្នកឯង​ចូរទៅជាភិក្ខុ ឬចូរក្លាយ​ទៅជាភិក្ខុ។
6)
ក្នុងពេលមុនថ្ងៃរះ ពីព្រហាម ឬពីព្រលឹម។
7)
ប្រពន្ធ​ពីដើម (កាល​ព្រះយស​នៅជាគ្រហស្ថ)។
8)
គឺត្រកូល​មានជីដូនជីតាជាលំដាប់​តៗគ្នាមក​ច្រើនជួរ។
km/tipitaka/vin/mv/vin.mv.01.07.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann