User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.08

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៨. មារកថា

សង្ខេប

មារព្យាយាមរំខានព្រះពុទ្ធ។

mv 01.08 បាលី cs-km: vin.mv.01.08 អដ្ឋកថា: vin.mv.01.08_att PTS: ?

មារកថា (ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(មារកថា (៨.))

[៣២] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយ អំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ​1) ទោះបីជារបស់មនុស្សក្តី ​2) ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយសោត ក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបី​ជា​របស់​ទេវតាក្តី ទោះបី​ជា​របស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​ត្រាច់ទៅ​កាន់​ចារិក (គឺស្រុក​និងនិគម​និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តី​សុខ​ដល់​ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បី​សេចក្តី​សុខដល់ទេវតា និងមនុស្សទាំងឡាយ អ្នក​ទាំងឡាយ​កុំ​ទៅ​ពីរនាក់​តាមផ្លូវ​មួយ​ជាមួយ​គ្នា​ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរសម្តែង​ធម៌ឲ្យពីរោះបទ​ដើម បទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏​បរិសុទ្ធ​ប្រកបដោយ​អត្ថ និង​​ព្យញ្ជនៈ​ដ៏ពេញបរិបូណ៌​ទាំងអស់ សត្វទាំងឡាយ​ដែលមានធូលី គឺរាគាទិក្កិលេស​តិច​ក្នុងភ្នែក​ក៏​មាន សត្វ​ទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបំរុង ត្រាស់​ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅកាន់​សេនានិគម​3) ក្នុង​ឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។

[៣៣] គ្រានោះ ក្រុងមារ ជាអ្នកមានចិត្ត​អាក្រក់ ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដោយគាថា ថា

បពិត្រសមណៈ ព្រះអង្គជាប់ចំពាក់​ហើយដោយ​អន្ទាក់ទាំងពួង ទោះបី​ជារបស់​ទេវតា​ក្តី ទោះបី​ជារបស់​មនុស្សក្តី គឺព្រះអង្គ​ជាបុគ្គល​ជាប់ចំពាក់​ដោយចំណង​ដ៏មាំ ព្រះអង្គ​មិន​រួច​អំពីវិស័យ​របស់ខ្ញុំឡើយ។

ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា

នែក្រុងមារ អ្នកជាសត្វ​ដ៏ថោកទាប តថាគត​រួចហើយ​ចាកអន្ទាក់​ទាំងអស់ ទោះបី​ជារបស់​ទេវតាក្តី ទោះបី​ជារបស់មនុស្សក្តី គឺតថាគត​ជាបុគ្គល​រួចស្រឡះ​ហើយចាក​ចំណង​ដ៏មាំ អ្នកឯងសោត ក៏តថាគត​នាំចេញ​អំពី​ពុតកំណាច (គឺ​តថាគត​ឲ្យ​ចាលចាញ់​ហើយ)។

ក្រុងមារក្រាបបង្គំទូលថា

បពិត្រព្រះសមណៈ អន្ទាក់ណា​ដែលត្រាច់​ទៅក្នុងអាកាស អន្ទាក់នេះ​ឯង គឺឆន្ទរាគ ដែល​ត្រាច់ទៅក្នុងចិត្ត (របស់សត្វ ខ្ញុំនឹងទាក់​ព្រះអង្គ​ដោយអន្ទាក់​ គឺឆន្ទរាគនោះ ព្រះអង្គ​គង់​មិនរួច (អំពីវិស័យ) របស់ខ្ញុំទេ។

ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលមារ ជាសត្វដ៏ថោកទាប រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាគ្រឿង​តម្រេក​ក្នុងចិត្ត​នៃសត្វ ចំណង់​របស់តថាគត​ក្នុងអារម្មណ៍ មានរូបជាដើមនេះ ប្រាសចាកអស់ហើយ អ្នកឯងសោត ក៏តថាគត​នាំចេញ​អំពី​ពុត​កំណាច (គឺតថាគត​ឲ្យចាល​ចាញ់)ហើយ។

លំដាប់នោះ ក្រុងមារ​ជាអ្នកមានចិត្តអាក្រក់ កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគស្គាល់​អញ ព្រះសុគត​ស្គាល់អញ រួចក៏​អន្តរធានបាត់ទៅ​អំពី​កន្លែងនោះឯង។

ចប់ មារកថាក់។

 

1)
កាមគុណ​ទាំង៥ ដ៏ជាទិព្វរបស់ទេវតា។
2)
កាមគុណ​ទំាង៥ ជារបស់មនុស្ស។
3)
ក្នុង​តតិយ​សារត្ថទីបនីដីកាមហាវគ្គពន្យល់ថា សេនានិគមនោះ ជាប្រទេស ជាទីនៅ​របស់​សេនាទាហាន​ពីបឋមកល្បមក ព្រោះហេតុនោះ ទើប​ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅថា សេនានិគម។ សេនានិគម​នេះហើយ​ដែល​ជាស្រុក​របស់​បិតានាង​សុជាតា ដែលថ្វាយ​មធុបាយាស​ដល់​ព្រះអង្គ​ជាដម្បូង។
km/tipitaka/vin/mv/vin.mv.01.08.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann