ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
ព្រះពុទ្ធទ្រង់អនុញ្ញាតឱ្យព្រះសង្ឃទ្រង់បួសអ្នកដទៃជាលើកដំបូង។
បព្វជ្ជូបសម្បទាកថា (ទី៩)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ (៩.) )
[៣៤] សម័យនោះឯង ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គល1) ផង នូវពួកឧបសម្បទាបេក្ខបុគ្គល2) ផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគនឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ (ចំពោះព្រះអង្គ)។ ឯភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យកើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុទាំងឡាយតែងនាំមកនូវពួកបព្វជ្ជាបេក្ខបុគ្គលផង នូវពួកឧបសម្បទាបេក្ខបុគ្គលផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ (មកកាន់សំណាក់តថាគត) ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងបំបួស នឹងឲ្យឧបសម្បទាដល់កុលបុត្រទាំងនោះ ចំណែកភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកការសម្ងំនៅក្នុងកម្មដ្ឋាន ក្នុងវេលាថ្ងៃរសៀល ហើយព្រះអង្គឲ្យប្រជុំភិក្ខុសង្ឃ រួចធ្វើធម្មីកថា ត្រាស់ចំពោះភិក្ខុទាំងឡាយក្នុងកាលនោះថា ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅក្នុងទីស្ងាត់ សម្ងំក្នុងកម្មដ្ឋានក្នុងទីនេះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឥឡូវនេះឯង ភិក្ខុទាំងឡាយតែងនាំមកនូវបព្វជ្ជាបេក្ខបុគ្គលទាំងឡាយផង នូវឧបសម្បទាបេក្ខបុគ្គលទាំងឡាយផង អំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ដោយគិតថា ព្រះដ៏មានព្រះភាគ នឹងឲ្យបព្វជ្ជា និងឧបសម្បទាដល់កុលបុត្រទាំងនោះ ភិក្ខុទាំងឡាយក្តី បព្វជ្ជាបេក្ខបុគ្គលទាំងឡាយក្តី ឧបសម្បទាបេក្ខបុគ្គលទាំងឡាយក្តី ក៏រមែងលំបាកក្នុងដំណើរនោះ បើដូច្នោះ គួរតថាគតអនុញ្ញាតដល់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថា អ្នកទាំងឡាយ ចូរឲ្យបព្វជ្ជា ឲ្យឧបសម្បទា (ដល់កុលបុត្រ) ក្នុងទិសនោះៗ ក្នុងជនបទនោះៗក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវឲ្យបព្វជ្ជា ឲ្យឧបសម្បទាយ៉ាងនេះ។ កុលបុត្រនោះ ភិក្ខុគប្បីកោរសក់ និងពុកមាត់ឲ្យជាដម្បូង ហើយឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចឲ្យពាក់ចីពរឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ ហើយឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចប្រាប់ថា អ្នកចូរពោលពាក្យយ៉ាងនេះ3) ថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបព្វជ្ជា និងឧបសម្បទាដោយត្រៃសរណគមន៍ទាំងឡាយនេះ។
ឧបសម្បទាកថា ដោយត្រ័យសរណគមន៍ ចប់។