User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.11

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១១. ភទ្ទវគ្គិយវត្ថុ

សង្ខេប

មិត្ត ៣០ នាក់ ដែល​កំពុង​ស្វែង​រកស្រី​ពេស្យា​ដែល​រត់​គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​ ត្រូវ​បាន​ព្រះពុទ្ធ​សួរ​ថា «ហេតុ​អ្វី​មិន​ស្វែង​រក​ខ្លួន?»។ មិន​យូរ​ប៉ុន្មាន បុរស​ទាំង ៣០ នាក់ បាន​ត្រាស់​ដឹង​ដល់​ព្រះអរហន្ត។

ភទ្ទវគ្គិយវត្ថុ (ទី១១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(រឿងពួកភទ្ទវគ្គិយភិក្ខុ​ជាសំឡាញ់នឹងគ្នា (១១.))

[៣៦] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់​នៅក្នុង​ក្រុងពារាណសី គួរ​ដល់​ពុទ្ធអធ្យាស្រ័យ រួចទ្រង់​យាងចេញ​ទៅកាន់ចារិក​ក្នុងឧរុវេលាប្រទេស។ កាលនោះ ព្រះអង្គ​ទ្រង់យាង​ចុះចាក​ផ្លូវ សំដៅ​ទៅកាន់​ដងព្រៃមួយ លុះយាងទៅដល់ហើយ ទ្រង់ចូលទៅកាន់​ដងព្រៃនោះ ហើយគង់​នៅទៀប​គល់​ឈើមួយ។

សម័យនោះឯង ពួកភទ្ទវគ្គិយកុមារ ប្រមាណ​៣០នាក់ ជាសំឡាញ់​នឹងគ្នា ព្រមទាំង​ភរិយា កំពុង​ឲ្យភរិយា​បម្រើ (ដោយកាម) ក្នុងដងព្រៃ​នោះ។ មានកុមារម្នាក់​ឥតភរិយា​នឹងគេ។ ទើបកុមារទាំងនោះ​ទៅនាំយក​ស្រីពេស្យា (ស្រីផ្កាមាស) ម្នាក់មក ដើម្បីប្រយោជន៍​ដល់កុមារដែល​ឥត​ភរិយានោះ។ លំដាប់​នោះឯង កាលដែលកុមារ​ទាំងនោះ ប្រហែសធ្វេស កំពុងឲ្យ​ភរិយារបស់​ខ្លួនបម្រើ ស្រីពេស្យានោះ​បានលួច​យកភណ្ឌៈ1) រត់បាត់ទៅ។ កាលនោះ កុមារជាសំឡាញ់នឹង​គ្នា​ទាំងនោះ ខ្វល់​ខ្វាយ​ដល់កុមារ​ជាសំឡាញ់​ ជួយស្វែងរក​ស្រីពេស្យានោះ ក៏បានដើរ​ទៅកាន់ដងព្រៃ​នោះ បានឃើញ​ព្រះដ៏មានព្រះភាគ គង់នៅទៀប​គល់ឈើមួយ លុះឃើញហើយ ទើបនាំគ្នា​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​បានឃើញ​ស្រី(ម្នាក់)​ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ចុះអ្នកត្រូវការអ្វី​ដោយស្រី(នោះ)។ កុមារទាំងអម្បាលនោះ​ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នាប្រមាណ​៣០នាក់ ជាពួកដ៏ចំរើន ជាសំឡាញ់នឹងគ្នា នៅក្នុងឧរុវេលាប្រទេសនេះ មានភរិយា​គ្រប់ៗគ្នា បានឲ្យភរិយា​បម្រើក្នុង​ដងព្រៃនេះ ឯកុមារ​ជាសំឡាញ់​​ម្នាក់ មិនមានភរិយា​នឹងគេឡើយ យើងខ្ញុំបាន​នាំយកស្រីពេស្យាម្នាក់មក ដើម្បីប្រយោជន៍​ដល់​កុមារ​ជា​សំឡាញ់​នោះ បពិត្រព្រះអង្គដ៏ចំរើន ​កាលដែលយើងខ្ញុំប្រហែសធ្វេស កំពុងឲ្យ​ភរិយារបស់​ខ្លួនបម្រើ ស្រីពេស្យានោះ​ក៏លួច​យកភណ្ឌៈ រត់បាត់ទៅក្នុងពេលនោះ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ យើងខ្ញុំ​ជាសំឡាញ់នឹង​គ្នា​ខ្វល់​ខ្វាយ​ដល់កុមារ​ជាសំឡាញ់​ ជួយស្វែងរក​ស្រីពេស្យានោះ ក៏បានដើរ​មកកាន់​ដងព្រៃ​​នេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយសំគាល់​រឿង​នោះដូចម្តេច អ្នកទាំងឡាយ​គួរស្វែងរក​ស្រីប្រសើរជាង ឬគួរ​ស្វែងរក​ខ្លួន​ប្រសើរជាង។ កុមារ​ទាំងអម្បាលនោះ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំគួរ​ស្វែងរក​ខ្លួនប្រសើរជាង។ ទើបព្រះ​អង្គត្រាស់ថា ម្នាលកុមារ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​អង្គុយ​មកសិនចុះ តថាគត​នឹងសំដែងធម៌​ដល់អ្នកទាំងឡាយ។ ភទ្ទវគ្គិយកុមារជាសំឡាញ់​នឹងគ្នាទាំងនោះទទួល​ព្រះពុទ្ធដីកា​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន យ៉ាងហ្នឹងហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏​សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា​ដល់​ពួកភទ្ទវគ្គិយកុមារ​ជាសំឡាញ់​នឹងគ្នា​ទាំងនោះ គឺទ្រង់​ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោសរបស់កាម​ទាំងឡាយ​ដ៏លាមក​សៅហ្មង១ អានិសង្ស​ក្នុងការចេញ​ចាកកាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភទ្ទវគ្គិយកុមារទាំងនោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្តអណ្តែតឡើង​ មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះអង្គ ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើងសំដែង ចំពោះព្រះអង្គ គឺសំដែងទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរ​ទទួល​ទឹកជ្រលក់​បានដោយប្រពៃ មានឧបមា​ដូចម្តេចមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏កើតឡើងដល់ភទ្ទវគ្គិយកុមារទាំងនោះ ​ក្នុងទី​អង្គុយ​នោះឯងថា ធម្មជាតិណាមួយ ដែលមានកិរិយាកើត​ឡើង​ ធម្មជាតទាំងអស់​នោះ រមែង​រលត់​​ទៅវិញ​ជា​ធម្មតា មានឧបមេយ្យ​ដូច្នោះ​ឯង។ ភទ្ទវគ្គិយកុមារទាំងនោះបានឃើញ​អរិយសច្ចធម៌​ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់​ជឿ​ស្តាប់​ពាក្យបុគ្គល​ដទៃ ក្នុងសាសនានៃ​ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំគួរបានបព្វជ្ជា គួរ​បានឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភទ្ទវគ្គិយកុមារទាំងនោះ​ថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ ហើយ​ទ្រង់ត្រាស់​ថា សាសនធម៌ តថាគត​បានសំដែងល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុតនៃ​ទុក្ខ​ដោយល្អចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់ភទ្ទវគ្គិយភិក្ខុ​ដ៏មាន​អាយុទាំងនោះ។

ចប់ រឿងពួកភទ្ទវគ្គិយភិក្ខុ​ជាសំឡាញ់នឹងគ្នា។

ទុតិយភាណវារៈ ចប់។

 

1)
បង្វេច ឬទ្រព្យ
km/tipitaka/vin/mv/vin.mv.01.11.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann