km:tipitaka:vin:mv:vin.mv.01.12

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១២. ឧរុវេលបាដិហារិយកថាថុ

សង្ខេប

អព្ភូត​ហេតុ​ជា​ច្រើន​អាច​បំបែក​មោទនភាព​របស់អាចារ្យអ្នក​ថ្វាយ​បង្គំ​ភ្លើង។ គាត់ និង​សហគមន៍​ទាំង​មូល​របស់​គាត់​បាន​ក្លាយ​ជា អរហន្ត ដោយ​បាន​ស្តាប់​ព្រះសូត្រ​ដ៏​ល្បីល្បាញ «អធិប្បាយ​ពីភ្លើង»។

ឧរុវេលបាដិហារិយកថាថុ (ទី១២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

ការ​បង្រៀន​នៅ​ចុង​បញ្ចប់​នៃ​ជំពូក​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង អាទិត្តសូត្រ នៃ សំយុត្តនិកាយដែរ។

អានដោយ ព្រះខេមានន្ទ

(ឧរុវេលប្បាដិហារិយភាណវារៈ ជាគំរប់បី (១២.))

បាដិហារ្យជាបឋម

[៣៧] ​ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាច់​ទៅកាន់ចារិកតាមលំដាប់ ក៏ទ្រង់​ពុទ្ធដំណើរ​សំដៅ​ទៅកាន់​ឧរុវេលាប្រទេស។ សម័យនោះឯង ជដិល៣នាក់ (ជាបងប្អូន​នឹងគ្នា) គឺឧរុវេលកស្សប១ នទីកស្សប១ គយាកស្សប១ អាស្រ័យ​នៅក្នុង​ឧរុវេលាប្រទេស​(នោះ)។ បណ្តាជដិលទាំងនោះ មានជដិល​ឈ្មោះ​ឧរុវេលកស្សប​ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល​៥០០នាក់។ ជដិល​ឈ្មោះនទីកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល​៣០០នាក់។ ជដិល​ឈ្មោះគយាកស្សប ជានាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ ប្រសើរ​ជាង​ជដិល២០០នាក់។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់​យាងចូល​ទៅកាន់​អាស្រម​របស់ជដិល​ឈ្មោះឧរុវេលកស្សប លុះចូល​ទៅដល់​ហើយ ទ្រង់​មាន​ព្រះពុទ្ធ​ដីកា​នឹងជដិល​ឈ្មោះឧរុវេលកស្សប​ថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហាសមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែថាក្នុង​រោងភ្លើង​នេះមាន​នាគរាជ​មួយជាសត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះវាបៀតបៀន​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់នឹង​ជដិលឈ្មោះ ឧរុវេលកស្សប​ជាគំរប់ពីរដងទៀតថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហាសមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែក្នុង​រោងភ្លើង​នេះ មាន​នាគរាជ​មួយជាសត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះវាបៀតបៀន​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់នឹង​ជដិលឈ្មោះ ឧរុវេលកស្សប​ជាគំរប់បីដងទៀតថា នែកស្សប បើអ្នកមិន​ចង្អៀត​ចង្អល់ទេ យើងសូម​នៅក្នុង​រោង​ភ្លើង​បានមួយ​រាត្រី។ ឧរុវេលកស្សប​ពោលតបថា បពិត្រ​មហាសមណៈ ខ្ញុំមិនមាន​សេចក្តី​ចង្អៀតចង្អល់​អ្វីទេ តែក្នុង​រោងភ្លើង​នេះ មាន​នាគរាជ​មួយ ជាសត្វ​កាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏​ពន្លឹក កុំឲ្យ​តែនាគរាជ​នោះ​វាបៀតបៀន​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា នែកស្សប នាគរាជ​នោះបៀតបៀន​យើង​មិនបាន​ទេ ណ្ហើយចុះ អ្នកចូរ​ព្រមឲ្យ​រោងភ្លើង​ (ដល់យើងចុះ)។ ឧរុវេលកស្សបតបថា បពិត្រមហាសមណៈ ព្រះអង្គចូរ​នៅតាម​សប្បាយចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅ​កាន់​រោងភ្លើង​ ហើយ​ក្រាលនូវកម្រាល​ស្មៅ គង់​ផ្គត់ភ្នែន តាំងកាយ​ដ៏ត្រង់​ដម្កល់​សតិឆ្ពោះ​មុខទៅ​កាន់កម្មដ្ឋាន។

[៣៨] គ្រានោះ នាគនោះបានឃើញព្រះដ៏មានព្រះភាគ យាងចូល​ទៅ លុះឃើញហើយ កើតទុក្ខ តូចចិត្ត ក៏បណ្តាលផ្សែង​ឲ្យហុយចេញ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះ​យ៉ាងនេះថា ការនេះ​គួរ​តថាគត កុំបៀតបៀនស្បែក​សម្បុរថ្ងៃ ស្បែកបន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង​របស់នាគ​រាជ​នេះ​ឲ្យសោះ ហើយគ្រាន់តែ​គ្របសង្កត់​តេជះ (របស់នាគរាជ) ដោយតេជះ​របស់តថាគតចុះ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ សំដែង​ឥទ្ធាភិសង្ខារ មានសភាពដូច្នោះហើយ ក៏បណ្តាល​ផ្សែង​ឲ្យហុយ​តបទៅ​វិញ។ ចំណែកនាគនោះ អត់ទ្រាំសេចក្តី​ក្រោធ​មិនបាន ក៏បណ្តាល​ភ្លើង​ឲ្យឆេះ​ឡើង។ ឯព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ចូលឈាន មានតេជោធាតុ​ជាអារម្មណ៍ ហើយទ្រង់​បណ្តាលភ្លើង​ឲ្យឆេះ​ឡើងដែរ។ កាលបើអ្នក​មានឫទ្ធិ​ទាំងពីរ​បណ្តាល​ពន្លឺ​ភ្លើងឲ្យភ្លឺព្រោងព្រាយឡើង​ហើយ ឯរោងភ្លើង​ក៏រុងរឿង​ភ្លឺសន្ធោរសន្ធៅ​ឡើងហាក់ដូចជា​ភ្លើងឆេះ។ លំដាប់នោះ ជដិលទាំង​អម្បាលនោះ នាំគ្នាចោមរោមរោងភ្លើង ហើយពោលយ៉ាងនេះថា ឱសមណៈ​មានរូបល្អម្ល៉េះ ឥឡូវ​ត្រូវនាគ​រាជ​បៀត​បៀន។ ឯព្រះដ៏មានព្រះភាគ លុះរាត្រីនោះកន្លងទៅហើយ ទ្រង់​មិនបាន​ប៉ះពាល់​ស្បែកក្រៅ ស្បែក​បន្ទាប់ សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង​របស់នាគនោះ ទ្រង់គ្របសង្កត់​តេជះ​ដោយតេជះ​ ហើយទ្រង់​ចាប់​នាគច្រកក្នុងបាត្រ (នាំយកទៅ) បង្ហាញ​ដល់ជដិលឈ្មោះឧរុវេលកស្សបថា នែកស្សប នេះនាគ​របស់អ្នកឯង តថាគត​បានគ្របសង្កត់​តេជះ​របស់វា ដោយតេជះ​តថាគតហើយ។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សបត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា (ព្រះអង្គ) អាចគ្រប់សង្កត់​តេជះ​របស់​នាគជាសត្វកាច មានឫទ្ធិ មានពិស​ក្នុងចង្កូម មានពិស​ដ៏ពន្លឹក ដោយតេជះ​(របស់​ព្រះអង្គបាន) តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជាព្រះអរហន្តដូចអញទេ។

[៣៩] ព្រះដ៏មានព្រះភាគ (ទ្រង់ប្រថាប់នៅ) ជិតឆ្នេរស្ទឹងនេរញ្ជរា ទ្រង់មានព្រះពុទ្ធដីកា​នឹង​ជដិល​ឈ្មោះឧរុវេលកស្សបថា នែកស្សប បើអ្នក​មិនចង្អៀតចង្អល់ទេ តថាគត​សុំនៅក្នុងរោងភ្លើង​ក្នុង​ថ្ងៃនេះ​បាន១ថ្ងៃសិន។ ឧរុវេលកស្សប​ពោលតបថា អើមហាសមណៈ ខ្ញុំមិនចង្អៀតចង្អល់​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាថ្នា​សេចក្តីសប្បាយ ទើបឃាត់​ព្រះអង្គថា ក្នុងរោងភ្លើងនេះមាននាគរាជ​មួយជាសត្វកាច មានឫទ្ធិ មានពិសក្នុងចង្កូម មានពិស​ដ៏ពន្លឹក កុំឲ្យនាគរាជ​នោះវាបៀតបៀន​ព្រះអង្គឡើយ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ឯនាគនោះមិនអាច​បៀតបៀន​តថាគត​បានទេ ណ្ហើយចុះ អ្នកចូរ​ព្រមឲ្យរោងភ្លើង (ដល់​តថាគតចុះ)។

ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ឧរុវេលកស្សប​ព្រមឲ្យ​ហើយ ព្រះអង្គ​មិនតក់ស្លុត ឥត​មានកោតញញើត ទើបយាងចូលទៅ។ ពស់ជាអហិនាគ បានឃើញ​ព្រះអង្គយាង​ចូលទៅ ក៏តូចចិត្ត ទើបបណ្តាលផ្សែង​ឲ្យហុយ​ចេញ។ ឯព្រះសម្ពុទ្ធ​ជាមនុស្ស​នាគ ទ្រង់​មានព្រះហឫទ័យ​រីករាយ ឥតមានសេចក្តី​អាក់អន់ ក៏បណ្តាល​ផ្សែង​ឲ្យហុយ​ចេញ​ក្នុង​ទីនោះដែរ។ ចំណែក​អហិនាគ អត់ទ្រាំសេចក្តី​ក្រោធ​មិនបាន ក៏បណ្តាល​ភ្លើង​ឲ្យឆេះ​ឡើង ដូចជាភ្លើង​ធម្មតា។ ឯមនុស្សនាគ ទ្រង់ឆ្លាស​ក្នុងឈាន មានតេជោធាតុ​ជា​អារម្មណ៍ ក៏បណ្តាល​ឲ្យឆេះឡើង​ក្នុងទីនោះដែរ។ កាលបើ​អ្នកមានឫទ្ធិ​ទាំងពីរ​បណ្តាល​ឲ្យភ្លើង​ភ្លឺ​ព្រោងព្រាយ​ឡើងព្រមគ្នាហើយ ពួជដិលដ៏ចោមរោម​រោងភ្លើង។

ជដិលទាំងឡាយ​និយាយ​គ្នាថា ឱ មហាសមណៈ​មានរូបល្អម្ល៉េះ ឥឡូវ​ត្រូវនាគ​បៀតបៀន។

លុះរាត្រីកន្លងទៅហើយ រស្មី​របស់អហិនាគ​ក៏រលត់​សូន្យទៅ។ ឯរស្មី​មានពណ៌​ច្រើន​របស់​ព្រះសម្ពុទ្ធ​ដ៏មានឫទ្ធិ ក៏តាំង​នៅដដែល។ រស្មី​មានពណ៌ច្រើន​គឺ ខៀវខ្លះ ក្រហមខ្លះ ហង្សបាទ (ក្រហមទន់)ខ្លះ លឿងខ្លះ ពណ៌ផ្លេកខ្លះ មាននៅក្នុងព្រះកាយ​របស់​ព្រះសម្ពុទ្ធ​ដែលមានព្រះនាម​ថា អង្គីរស។ ព្រះសម្ពុទ្ធ​ទ្រង់ចាប់​អហិនាគ​ច្រកក្នុង​បាត្រ​ហើយ (នាំទៅ) បង្ហាញ​ព្រាហ្មណ៍​ថា នែកស្សប នេះនាគរបស់អ្នក តថាគត​គ្របសង្កត់​តេជះ​របស់វា ដោយតេជះ​របស់​តថាគតហើយ។

គ្រានោះ ជដិល​ឈ្មោះឧរុវេលកស្សប ជ្រះថ្លាដោយ​ឥទ្ធិប្បាដិហារ្យនេះ របស់ព្រះដ៏មានព្រះភាគ ទើបក្រាបទូល​ព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រ​មហាសមណៈ សូមព្រះអង្គ​គង់នៅ​ក្នុងទី​នេះ ខ្ញុំនឹង​អង្គាស​ដោយនិច្ចភត្តដល់​ព្រះអង្គ។

ចប់ បាដិហារ្យជាបឋម។

បាដិហារ្យជាគំរប់២

[៤០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុងដងព្រៃមួយ ក្នុងទីជិត​អាស្រម​របស់​ជដិល​ឈ្មោះ​ឧរុវេលកស្សប។ កាលនោះ ទេវតាទាំង៤ ជាស្តេចធំ មានសម្បុរល្អ (ចុះមក) ក្នុងវេលា​ពាក់​កណ្តាល​អធ្រាត្រ បណ្តាលរស្មីឲ្យភ្លឺ​ក្នុងដងព្រៃទាំងអស់ ហើយចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបឋិតនៅ​ក្នុងទិសទាំង៤ មានគួរនា​ដូច​គំនរ​ភ្លើង​ដ៏ធំ។ លុះរាត្រីនោះ​កន្លងហើយ ទើបជដិលឈ្មោះ​ឧរុវេលកស្សប​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារ​សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណា​ដែល​មានសម្បុរ​ល្អ (ចុះមក) ក្នុងវេលាពាក់កណ្តាល​អធ្រាត្រ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ហើយចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ហើយ​ស្ថិតនៅក្នុង​ទិស​ទាំង៤ មានគួរនា​ដូចគំនរ​ភ្លើងដ៏ធំ។ ទ្រង់ត្រាស់ថា នែកស្សប ឯអ្នកទាំងនោះ គឺស្តេច​ធំទាំង៤ ចូលមកគាល់​តថាគត​ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សបត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះហេតុថា អម្បាលមហារាជ​ទាំង៤ ក៏គង់​ចូលមកគាល់​ដើម្បីស្តាប់​ធម៌ដែរ តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់២។

បាដិហារ្យជាគំរប់៣

[៤១] គ្រានោះ សក្កទេវរាជ ជាធំជាង​ទេវតាទាំងឡាយ មានពណ៌ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុងដង​ព្រៃទាំងអស់ ក្នុងវេលា​កណ្តាល​អធ្រាត្រ ហើយចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ មានគួរនា​ដូច​គំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងកាលយប់មុន។ លុះរាត្រីនោះ​កន្លងហើយ ទើប​ជដិល​ឈ្មោះ​ឧរុវេលកស្សប​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបទូល​ព្រះដ៏មាន​ព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រមហាសមណៈ ចុះអ្នកណា​ដែល​មានពណ៌​ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ក្នុងវេលាកណ្តាល​អធ្រាត្រ ហើយចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ទើប​ឋិតនៅក្នុង​ទីដ៏សមគួរ មានគួរនា​ដូចគំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងកាលយប់មុន។ ទ្រង់ត្រាស់ថា នែកស្សប អ្នកនោះហើយ គឺសក្កទេវរាជ ជាធំ​ជាងទេវតា​ទាំងឡាយ ចូលមករក​តថាគត​ ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា សក្កទេវរាជ​ ជាធំជាង​ពួកទេវតា គង់​ចូលមកគាល់​ដើម្បីនឹងស្តាប់​ធម៌ តែបើទុក​ជាយ៉ាងនោះ ក៏គង់​មិនមែន​ជាព្រះអរហន្តដូចអញទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់៣។

បាដិហារ្យជាគំរប់៤

[៤២] លំដាប់នោះ សហម្បតិព្រហ្ម មានសម្បុរល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺ​ក្នុងដង​ព្រៃទាំងអស់ ក្នុង​វេលា​កណ្តាល​អធ្រាត្រ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ទើបឋិតនៅ​ក្នុងទីដ៏សមគួរមួយ មានគួរនា​ដូច​គំនរ​ភ្លើងធំដ៏​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានហើយក្នុងយប់មុនៗ។ កាលបើរាត្រីនោះ​កន្លងទៅហើយ ទើប​ជដិល​ឈ្មោះ​ឧរុវេលកស្សប​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ទើបក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដោយ​ពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាលសមគួរហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រ​មហាសមណៈ ចុះអ្នកណា​ហ្ន៎​មានពណ៌​ល្អ បណ្តាល​រស្មី​ឲ្យ​ភ្លឺក្នុង​ដងព្រៃ​ទាំងអស់ ក្នុងវេលាកណ្តាល​អធ្រាត្រ ចូល​មកគាល់​ព្រះអង្គ លុះចូល​មកដល់ហើយ ថ្វាយបង្គំ​ព្រះអង្គ ហើយ​ឋិតនៅក្នុង​ទីដ៏សមគួរ គួរនា​ដូចគំនរ​ភ្លើងដ៏ធំ ​រុងរឿង និងឧត្តម​ជាងរស្មី​នៃពណ៌​ដែលមានក្នុងយប់មុនៗនោះ។ ព្រះអង្គ​ត្រាស់​ថា នែកស្សប ជននោះឯង គឺសហម្បតិព្រហ្ម ចូលមករក​តថាគត​ ដើម្បី​នឹងស្តាប់ធម៌។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា មហាសមណៈ (នេះ) មានឫទ្ធិខ្លាំង មានអានុភាព​ធំ​មែន ព្រោះថា អម្បាលសហម្បតិព្រហ្ម ក៏គង់​ចូលមកគាល់​ដើម្បីនឹងស្តាប់​ធម៌ដែរ តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជាព្រះអរហន្តដូចអញទេ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហារ​របស់​ជដិល​ឈ្មោះឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់៤។

បាដិហារ្យជាគំរប់៥

[៤៣] សម័យនោះឯង គ្រឿងបូជាធំ នឹងកើតឡើងដល់​ជដិល​ឈ្មោះ​ឧុវេលកស្សប។ (ព្រោះថា) ជនអ្នកនៅក្នុងដែន​អង្គៈ និងមគធៈ​ទាំងអស់គ្នា ប្រាថ្នានឹងនាំយកខាទនីយភោជនីយាហារ​មានប្រមាណ​ច្រើន​ចូលមកបូជា។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលឥឡូវ​នេះ​ឯង គ្រឿងបូជា​ធំនឹងកើត​ឡើងដល់អញ ដ្បិត​ថាជនអ្នកនៅក្នុងដែន​អង្គៈ និងមគធៈ​ទាំងអស់គ្នា នឹង​នាំយកខាទនីយភោជនីយាហារ​មានប្រមាណ​ច្រើន​ចូលមកបូជា​​ បើមហាសមណៈ​នឹងធ្វើ​ឥទ្ធិប្បាដិហារ្យ​ក្នុងទីប្រជុំ​មហាជន លាភសក្ការៈ​នឹង​ចំរើនដល់​មហាសមណៈ លាភសក្ការៈ​របស់អញ​ ក៏នឹងសាបសូន្យ​ទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុង​ថ្ងៃស្អែក​នេះទៅអេះ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ក្នុងចិត្ត​របស់​ជដិល​ឈ្មោះឧរុវេលកស្សប ដោយព្រះហឫទ័យ​ព្រះអង្គ ទើបទ្រង់​យាងទៅកាន់​ឧត្តរកុរុទ្វីប នាំយកចង្ហាន់​បិណ្ឌបាត​មកអំពី​ឧត្តរកុរុទ្វីបនោះ ហើយទ្រង់​សោយ​ជិត​ស្រះអនោត្ត ហើយទ្រង់​សម្រាក​ឥរិយាបទ​នៅក្នុងវេលា​ថ្ងៃ​ក្នុងកន្លែង​នោះឯង។កាលបើរាត្រី​នោះ​កន្លង​ទៅហើយ ទើបជដិល​ឈ្មោះឧរុវេលកស្សប​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ ដោយពាក្យនេះថា បពិត្រមហាសមណៈ កាល(នេះ) ជាកាល​សមគួរ​ហើយ ភត្តាហារក៏​សម្រេចហើយ បពិត្រមហាសមណៈ ហេតុដូចម្តេច ក៏ព្រះអង្គ​មិនយាង​មកក្នុងថ្ងៃ​ម្សិលមិញ ចំណែកខ្ញុំ ៗតែង​រលឹក​ព្រះអង្គ ទន្ទឹងចាំមើលផ្លូវថា មហាសមណៈ​មិនមក​ទេឬអ្វី ហើយបាន​ទាំងដំកល់​ចំណែក​ខាទនីយាហារទុក ដើម្បីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប ក្រែង​អ្នក​ត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវ​នេះ គ្រឿងបូជា​ធំនឹងកើត​ឡើងដល់អញ ដ្បិតថា ជនអ្នកនៅ​ក្នុងដែន​អង្គៈ និងមគធៈ​ទាំងអស់គ្នា នឹង​នាំយកខាទនីយភោជនីយាហារ​មានប្រមាណ​ច្រើន​ចូល​មក​បូជា​​ បើមហាសមណៈ​នឹងធ្វើ​ឥទ្ធិប្បាដិហារ្យ​ក្នុងទីប្រជុំ​មហាជន ឯលាភសក្ការៈ​នឹង​ចំរើនដល់​មហា​សមណៈ លាភសក្ការៈ​របស់អញ​ នឹងសាបសូន្យ​ទៅ ឱមហាសមណៈ កុំគប្បីមកឆាន់ក្នុង​ថ្ងៃស្អែក​ទៅអេះ ដូច្នេះ ពិតមែនឬទេ នែកស្សប ចំណែកតថាគត​ឯង បានដឹង​សេចក្តី​បរិវិតក្ក​ក្នុងចិត្ត​របស់អ្នក​ឯង ដោយចិត្តតថាគត ហើយតថាគត​ក៏ទៅកាន់​ឧត្តរកុរុទ្វីប នាំយកចង្ហាន់​បិណ្ឌបាត​មកអំពី​ទ្វីបនោះ រួចឆាន់​ជិតស្រះអនោត្ត ហើយសម្រាក​ឥរិយាបថ​ក្នុងវេលាថ្ងៃ​ក្នុង​កន្លែង​នោះឯង។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំងណាស់តើ មានអានុភាពធំមែន ព្រោះថា ព្រះអង្គ​ស្គាល់ចិត្ត​ដោយចិត្ត​របស់ព្រះអង្គ​បាន តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជា​ព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សប​ស្រេចហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

ចប់ បាដិហារ្យជាគំរប់៥។

[៤៤] សម័យនោះឯង សំពត់បង្សុកូល1) កើតឡើងដល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹង​ដូច្នេះថា តថាគត​គួរនឹង​លាងសំពត់​បង្សុកូលក្នុងទីណាអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា បានជ្រាប​ពុទ្ធបរិវិតក្ក​របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់​ខ្លួន ហើយក៏ជីកស្រះ (មួយ) ដោយដៃ​ឯង ហើយក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយ​ពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះអង្គ​លាងសំពត់​បង្សុកូល​ក្នុងស្រះ​នេះចុះ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះតម្រិះ​ដូច្នេះថា តថាគត​គួរ​បោកគក់​សំពត់​បង្សុកូល​នឹងរបស់អ្វីអេះ។ លំដាប់នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ជ្រាប​ចេតោបរិវិតក្ក (ព្រះតម្រិះ) ​របស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់​ខ្លួន ទើបនាំយកថ្ម១ផែនធំ មក​ថ្វាយ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូល​លើថ្មនេះ​ចុះ។ គ្រានោះ ​ព្រះដ៏មានព្រះភាគ ទ្រង់​រំពឹងថា តថាគត​គួរពាក់ព្យួរ ហើយពូតនឹងរបស់អ្វីហ្ន៎។ លំដាប់​នោះ មានទេវតា​អាស្រ័យ​នៅលើ​ដើមថ្ងាន់ ជ្រាប​ចេតោបរិវិតក្ក របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត​របស់​ខ្លួន ទើបបង្អោនមែកថ្ងាន់​ឲ្យទាប​ចុះមក​ ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ពាក់ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​រំពឹងទៀតថា តថាគត​គួរត្រដាង​ហាលសំពត់​បង្សុកូល​ត្រង់កន្លែងណាហ្ន៎។ ខណៈនោះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ករបស់ព្រះដ៏មានព្រះភាគ ដោយចិត្តរបស់​ខ្លួន ទើបនាំយក​ថ្ម១ផែនធំ​មកថ្វាយ ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រដាងហាលសំពត់​បង្សុកូលលើថ្ម​នេះ​ចុះ។ កាលបើរាត្រី​នោះកន្លងទៅហើយ ជដិលឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបទូល​​ព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា មហាសមណៈ កាលនេះ​ជាកាល​សមគួរហើយ ភត្តាហារ​ក៏សម្រេច​ហើយ បពិត្រ​មហាសមណៈ ស្រះបោក្ខរណីនេះ ពីមុន​មិនមាន​ក្នុងកន្លែងនេះទេ (ឥឡូវនេះ) ស្រះបោក្ខរណីនោះ មានក្នុងកន្លែងនេះ ផែនថ្ម​នេះគេដម្កល់​ទុក​ពីមុន ក៏មិនមានដែរ ចុះ(ឥឡូវនេះ) ផែនថ្មនេះ អ្នកណា​គេដម្កល់​ទុក មែកថ្ងាន់នេះ កាលពីមុន​មិន​ទាបចុះ​មកទេ (ក៏ឥឡូវ)នេះ មែកថ្ងាន់នេះឯង ទៅជាទាបចុះមក ព្រោះហេតុអ្វីហ្ន៎។ ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា នែកស្សប សំពត់បង្សុកូល កើតឡើងដល់តថាគតក្នុងទីនេះ នែកស្សប តថាគតរំពឹង​ដូច្នេះថា តថាគត​គួរ​លាងសំពត់​បង្សុកូលក្នុងទីណាហ្ន៎ នែកស្សប (លុះតថាគតរំពឹង​យ៉ាងនេះហើយ) លំដាប់​នោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ក​​របស់តថាគត ដោយចិត្តរបស់គេ ក៏ជីក​ស្រះបោក្ខរណី ដោយដៃ​ ហើយពោលពាក្យ​នេះនឹង​តថាគតថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ​លាងសំពត់​បង្សុកូល​ក្នុងស្រះ​បោក្ខរណី​នេះចុះ ស្រះបោក្ខរណីនេះ ហើយដែល​អមនុស្ស​2) ជីកដោយដៃ នែកស្សប តថាគតរំពឹង​ដូច្នេះទៀតថា តថាគត​គួរ​បោកគក់​សំពត់​បង្សុកូលលើអ្វីហ្ន៎ ម្នាលកស្សប កាលនោះ សក្កទេវរាជ ជាធំ​ជាងពួក​ទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ក របស់តថាគត ដោយចិត្តរបស់គេ ទើបនាំយកផែនថ្ម១ផ្ទាំងធំ មកថ្វាយ​ដោយពាក្យថា បពិត្រ​​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បោកគក់សំពត់បង្សុកូលលើថ្មនេះចុះ ថ្មនេះឯង​ដែល​អមនុស្ស​បានដម្កល់ទុក ម្នាលកស្សប តថាគតរំពឹងដូច្នេះទៀតថា តថាគត​គួរពាក់ព្យួរ ហើយពូត​នឹង​របស់​អ្វីហ្ន៎ កស្សប ក្នុងកាលនោះ ទេវតា​អាស្រ័យ​នៅលើ​ដើមថ្ងាន់ ជ្រាប​ចេតោបរិវិតក្ក របស់​តថាគត​ ដោយចិត្តរបស់​គេ ទើបបង្អោនមែកថ្ងាន់​ឲ្យទាប​ចុះមក​ ​ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ពាក់​ព្យួរ ហើយពូតនឹងមែនថ្ងាន់នេះចុះ ឯដើមថ្ងាន់​ក៏ទន់​ទោរមក​តោងដោយដៃបាន កស្សប តថាគត​រំពឹងដូច្នេះទៀតថា តថាគត​គួរត្រដាង​ហាលសំពត់​បង្សុកូល​ត្រង់កន្លែងណាហ្ន៎ កស្សប លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ជ្រាប​ចេតោបរិវិតក្ករបស់តថាគត ដោយចិត្តរបស់គេ ទើបនាំយក​ផែនថ្ម១ផ្ទាំងធំ​មកថ្វាយ ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ត្រដាង​ហាល​សំពត់​​បង្សុកូលលើថ្ម​នេះ​ចុះ ថ្មនេះហើយ ដែល​អមនុស្ស​គេបានដម្កល់​ទុក។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា អម្បាល​សក្កទេវរាជ ជាធំ​ជាងទេវតា ក៏គង់​មកធ្វើ​ការបម្រើ តែបើទុក​ជាយ៉ាងនោះ ក៏គង់​នៅមិនមែន​ជា​ព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សបហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។

[៤៥] កាលបើរាត្រី​នោះកន្លងទៅហើយ ទើបជដិលឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​ព្រះ​ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលនូវ​កាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រ​មហាសមណៈ កាលនេះ​ជាកាលគួរហើយ ភត្តាហារក៏សម្រេចហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកាថា ម្នាលកស្សប អ្នកឯង​ចូរទៅចុះ តថាគត​នឹងទៅក្រោយ។ ព្រះដ៏មានព្រះភាគ លុះបញ្ជូន​ឧរុវេលកស្សប​ឲ្យទៅមុនហើយ ក៏ទ្រង់​យាងទៅកាន់​ជម្ពូទ្វី ដែលលោក​សន្មត​ដោយ​ដើម​ព្រីង ហើយនាំយក​ផ្លែអំពី​ដើមព្រីងនោះ រួចយាង​ត្រឡប់​មកគង់​ក្នុងរោងភ្លើង បានមុន​ជដិល​នោះវិញ។ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក៏បានឃើញ​ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងរោងភ្លើង​ដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​មហាសមណៈ ព្រះអង្គ​ទ្រង់​ពុទ្ធ​ដំណើរ​មកតាមផ្លូវណា (កាលដែល​មក) ខ្ញុំ​ចេញមកមុន​ព្រះអង្គ (លុះមក​ដល់ទីនេះ) ត្រឡប់ជា​ព្រះអង្គ​មកដល់​គង់​នៅក្នុង​រោងភ្លើង​មុនខ្ញុំភ្លាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា កស្សប កាលតថាគត​បាន​បញ្ជូន​អ្នកមក​ក្នុងទីនេះហើយ តថាគត​ទៅកាន់ជម្ពូទ្វី ដែលលោក​សន្មត​ដោយដើមព្រីង ហើយ​តថាគត​នាំយកផ្លែអំពីដើមព្រីង​នោះ រួចមក​អង្គុយ​នៅ​ក្នុងរោងភ្លើង(នេះ) បានមុនអ្នក កស្សប ផ្លែនេះ​គឺផ្លែព្រីង មានសម្បុរល្អ មានក្លិនក្រអូប មានរសឆ្ងាញ់ បើអ្នកចង់បរិភោគ ចូរបរិភោគចុះ។ ជដិល​ឈ្មោះ​ឧរុវេលកស្សប​ក្រាបទូលថា បពិត្រមហាសមណៈ ណ្ហើយ (ខ្ញុំអរហើយ) ព្រះអង្គបាននាំមក​នូវ​ផ្លែ​ព្រីងនេះ សូមព្រះអង្គ​សោយផ្លែព្រីង​នេះ​ព្រះអង្គឯងចុះ។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​រិះគិត​ដូច្នេះថា មហាសមណៈនេះ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះកាលព្រះអង្គបញ្ជូន​អញមក (ក្នុងទីនេះ) មុន​ព្រះអង្គ ហើយទ្រង់​ទៅកាន់​ជម្ពូទ្វីដែល​លោកសន្មត​ដោយដើមព្រីង ហើយនាំយក​ផ្លែ​អំពី​ដើមព្រីង​នោះ រួចត្រឡប់​ជាមកគង់​នៅក្នុងរោងភ្លើង​(នេះ) បានមុនអញវិញ តែបើទុក​ជា​យ៉ាង​នោះឯង ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ភត្តាហាររបស់ជដិល​ឈ្មោះ​ឧរុវេលកស្សបហើយ ទ្រង់ប្រថាប់​នៅ​ក្នុងដងព្រៃនោះឯង។ កាលបើរាត្រី​នោះកន្លងទៅហើយ ជដិលឈ្មោះ​ឧរុវេលកស្សប ចូលទៅគាល់​ព្រះ​ដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបទូលនូវ​កាល (នៃភត្ត) ដល់ព្រះដ៏មានព្រះភាគថា បពិត្រ​មហាសមណៈ កាលនេះ​ជាកាលគួរហើយ ភត្តាហារ​ក៏​សម្រេចហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ជូនជដិលឈ្មោះ​ឧរុវេលកស្សបថា នែកស្សប អ្នកទៅ (មុន)ចុះ តថាគត​នឹងទៅ(តាមក្រោយ) ហើយព្រះអង្គ​យាងទៅកាន់​ជម្ពូទ្វី ដែលលោក​សន្មត​ដោយ​ដើម​ព្រីង ក៏ទ្រង់នាំផ្លែស្វាយនៅជិត​ដើមព្រីងនោះ។បេ។ ទ្រង់នាំ​យកផ្លែកន្ទួត​នៅជិត​ដើមព្រីង​នោះ។បេ។ ទ្រង់នាំយកផ្លែសម៉នៅ​ជិត​ដើមព្រីងនោះ។បេ។ ទ្រង់យាងទៅកាន់​ស្ថាន​តាវត្តឹង្ស ទេវលោក ហើយទ្រង់​នាំមក​នូវ​ផ្កា​បារិច្ឆត្តកព្រឹក្ស រួចទ្រង់​មកគង់នៅ​ក្នុងរោងភ្លើងជាមុន។ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក៏បាន​ឃើញ​ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងរោងភ្លើង​ដោយច្បាស់លាស់ លុះឃើញហើយ ទើបក្រាបបង្គំទូល​ព្រះដ៏​មានព្រះភាគ យ៉ាងនេះថា បពិត្រ​មហាសមណៈ ព្រះអង្គ​ទ្រង់​ពុទ្ធ​ដំណើរ​មកតាមផ្លូវណា (កាលដែល​មក) ខ្ញុំ​ចេញមកមុន​ព្រះអង្គ (វេលាមក​ដល់ក្នុងទីនេះ) ត្រឡប់ជា​ព្រះអង្គ​មក​គង់​នៅក្នុង​រោងភ្លើង​បានមុនខ្ញុំវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែកស្សប កាលតថាគត​​បញ្ជូន​អ្នកមក​ក្នុងទីនេះ ហើយតថាគត​ទៅកាន់ស្ថានតាវត្តឹង្ស នាំមកនូវ​ផ្កាបារិច្ឆត្តកព្រឹក្ស រួចមក​អង្គុយ​នៅ​ក្នុងរោង​ភ្លើង​ បានមុនអ្នកឯង កស្សប នេះឯងផ្កា​បារិច្ឆត្តកព្រឹក្ស មានសម្បុរល្អ មានក្លិនក្រអូបមែន។ គ្រានោះ ជដិល​ឈ្មោះ​​ឧរុវេលកស្សប ​ត្រិះរិះ​ដូច្នេះថា មហាសមណៈ(នេះ) មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គបញ្ជូន​អញឲ្យ​មក​មុន​​ព្រះអង្គ រួចព្រះអង្គ​យាងទៅ​កាន់ឋាន​តាវត្តឹង្ស នាំយក​ផ្កា​បារិច្ឆត្តកព្រឹក្ស ហើយមកគង់​នៅក្នុង​រោង​ភ្លើង​នេះ បានមុនអញ តែបើទុក​ជាយ៉ាងនោះសោត ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៦] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹង​ធ្វើសេចក្តី​គោរពភ្លើង ក៏មិនអាច​នឹង​ពុះ​ឧសទាំងឡាយ​ឲ្យបែក​ចេញបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះមានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹង​ពុះឧស​ឲ្យបែក​បានដោយ​ហេតុណា ​ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់មហាសមណៈ​ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងជដិល​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកចូរពុះ​ឧសទាំងឡាយ​ឲ្យបែកទៅ។ ឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គ​ធ្វើឧស​ទាំងឡាយ​ឲ្យបែកឲ្យទាន។ ចំណែក​ឧស​ទាំង​៥០០​ដុំ ក៏បែក​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហាសមណៈ​នេះ​ មានឫទ្ធិខ្លាំង មានអានុភាពធំមែន ព្រោះថា ព្រះអង្គអាចនឹង​បំបែក​ឧសទាំងឡាយ​ចេញបាន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៧] សម័យនោះឯង ជដិលទាំងអម្បាលនោះប្រាថ្នានឹង​ធ្វើសេចក្តី​គោរពភ្លើង ក៏មិនអាច​នឹងបង្កាត់​ភ្លើង​​ឲ្យឆេះឡើងបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះមានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹងបង្កាត់ភ្លើង​ឲ្យឆេះឡើង​បានដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហាសមណៈ​​ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹង​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកចូរបង្កាត់ភ្លើងទៅ។ ជដិលឈ្មោះឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គ​បង្កាត់​ឲ្យទាន។ ភ្លើង​ទាំង​៥០០គំនរ ក៏ឆេះឡើង​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហាសមណៈ​នេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះថា ព្រះអង្គអាចធ្វើភ្លើងឲ្យឆេះឡើងបាន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៨] សម័យនោះឯង ជដិលទាំងអម្បាលនោះ​ធ្វើសេចក្តី​គោរពភ្លើងទាំងឡាយ រួចហើយ មិនអាច​នឹងលត់​ភ្លើងទាំងឡាយ​ឲ្យរលត់វិញបាន។ កាលនោះ ជដិល​ទាំងអម្បាល​នោះមានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើង​មិនអាច​នឹងលត់ភ្លើង​ទាំងឡាយបាន ដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហាសមណៈ​​ដោយពិត​ឥតសង្ស័យ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹង​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកចូរលត់ភ្លើងទាំងឡាយទៅ។ ជដិលឈ្មោះឧរុវេលកស្សប​ទូលថា បពិត្រ​មហាសមណៈ សូមព្រះអង្គលត់ភ្លើងទាំងឡាយ​ឲ្យទាន។ ភ្លើង​ទាំង​៥០០គំនរ ក៏រលត់​​ព្រមគ្នា​តែម្តង។ លំដាប់នោះ ជដិលឈ្មោះ​ឧរុវេលកស្សប រពឹង​យ៉ាងនេះថា មហាសមណៈ​នេះ​ មាន​ឫទ្ធិ​ខ្លាំង មាន​អានុភាព​ធំមែន ព្រោះហេតុថា ព្រះអង្គអាចនឹង​លត់ភ្លើងទាំងឡាយបាន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៤៩] សម័យនោះឯង ជដិលទាំងនោះ នាំគ្នាមុជចុះខ្លះ ងើបឡើងខ្លះ ធ្វើនូវការ​មុជចុះ និងងើបឡើងខ្លះ ក្នុងស្ទឹង​នេរញ្ជរា ក្នុងសម័យ​មានទឹក​សន្សើម​ធ្លាក់ចុះខ្លំាង ប្រហែល​ជា​៨រាត្រី ក្នុង​ចន្លោះ​ខែទាំងពីរ​3) ជាពេល​ត្រជាក់ មាននៅក្នុង​ហេមន្តរដូវ។ ជដិលទាំងអម្បាលនោះ ធ្លាប់នាំគ្នាឡើង​មក ហើយអាំងភ្លើង​ក្នុងកន្លែងណា ព្រះដ៏មានព្រះភាគ ទ្រង់និម្មិត​ចង្ក្រាន​ប្រមាណ​៥០០​ទុកក្នុង​កន្លែងនោះ។ ឯជដិល​អម្បាលនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ចង្ក្រាន​ទាំងនេះ គេរៀបចំទុក​ដោយ​ហេតុណា​ ហេតុនោះ គឺជា​ឥទ្ធានុភាព​របស់​មហាសមណៈ​​ដោយពិត​ឥតសង្ស័យ។ លំដាប់នោះ ​ជដិល​​ឈ្មោះ​ឧរុវេលកស្សប​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា មហាសមណៈ​(នេះ)​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះថា ព្រះអង្គ​អាចនិម្មិត​ចង្ក្រាន​ទុកបានច្រើន តែបើទុក​ជាយ៉ាង​នោះ​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៥០] សម័យនោះឯង មានភ្លៀងធំ ពុំជួនកាល បង្អុរចុះមក មានជំនន់​ធំពាសពេញទៅ។ ព្រះដ៏មានព្រះភាគ​គង់នៅក្នុង​ប្រទេសណា ប្រទេសនោះ ទឹកលិចអស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា បើមានហេតុយ៉ាងនេះ គួរតែតថាគត​ធ្វើទឹក​ឲ្យញែក​ចេញដោយ​ជុំវិញ ហើយដើរ​ចង្ក្រម​លើផែនដី ដ៏មានធូលី​ហុយឡើង​ដេរដាស​ក្នុងទីកណ្តាល​ទឹកនោះឯង។ លំដាប់នោះ ព្រះអង្គ​ក៏​ធ្វើ​ទឹកឲ្យញែក​ចេញជុំវិញ រួចទ្រង់​ចង្ក្រម​លើផែនដី ដ៏មានធូលី​ហុយឡើង​ដេរដាស ក្នុងទីកណ្តាល​ទឹក (នោះឯង)។ កាលនោះ ជដិលឈ្មោះឧរុវេលកស្សប គិតថា មហាសមណៈ​សូមកុំឲ្យលង់​ទឹកឡើយ។ លុះឧរុវេលកស្សប​គិតហើយ ទើបឡើងជិះទូក​ទៅ មួយអន្លើ​ដោយជដិល​ទាំងឡាយ​ជាច្រើននាក់ សំដៅ​ទៅកាន់​ប្រទេស​ដែលព្រះអង្គ​គង់នៅនោះ។ ជដិលឈ្មោះ​ឧរុវេលកស្សប ក៏បានឃើញ​ព្រះដ៏​មានព្រះភាគ ធ្វើទឹក​ឲ្យញែក​ចេញជុំវិញ​ព្រះអង្គ ហើយយាងចង្ក្រម​លើផែនដី ដ៏មានធូលី​ហុយ​ឡើង​ដេរដាស ក្នុងទីកណ្តាល​ទឹកដោយ​ច្បាស់លាស់ លុះឃើញហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ​ដោយពាក្យ​ដូច្នេះថា បពិត្រមហាសមណៈ ព្រះអង្គ​គង់នៅ​ក្នុងទីនេះឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា អើ កស្សប តថាគត​នៅក្នុងទីនេះឯង ហើយព្រះអង្គ​ក៏ហោះឡើងទៅឯអាកាស ហើយទ្រង់​ចុះ​ទៅ​គង់​ក្នុងទូក (ក្នុងមួយរំពេច​នោះឯង)។ លំដាប់នោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប​ រំពឹងយ៉ាងនេះថា មហាសមណៈនេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន ព្រោះហេតុថា អម្បាលទឹក ក៏គង់​នឹង​មិនលិច​ព្រះអង្គ តែបើទុក​ជាយ៉ាង​នោះសោត​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ។

[៥១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះបរិវិតក្កដូច្នេះថា មោឃបុរសនេះ ត្រិះរិះ​យ៉ាងនេះ​យូរណាស់មកហើយ​ថា មហាសមណៈនេះ​ មានឫទ្ធិខ្លាំង មាន​អានុភាព​ធំមែន តែបើទុក​ជាយ៉ាង​នោះ​​ ក៏គង់នៅ​មិនមែន​ជា​ព្រះអរហន្តដូចអញទេ បើដូច្នោះ គួរតថាគត​ធ្វើជដិល​នេះឲ្យកើត​សេចក្តី​សង្វេគ (ស្លុតចិត្ត)។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ព្រះពុទ្ធដីកា​នេះនឹង​ជដិល​ឈ្មោះ​ឧរុវេលកស្សប​ថា នែកស្សប អ្នកឯង​មិនមែន​ជាព្រះអរហន្តទេ អ្នកមិនទាន់​បានដល់​អរហត្តមគ្គទេ ម្យ៉ាងទៀត អ្នកឯង​នឹងជា​អរហន្តឬ ៗថា ជាបុគ្គល​ដល់ហើយនូវ​អរហត្តមគ្គ ដោយបដិបទា4) ណា បដិបទា​នោះ​មិនមាន​ដល់អ្នកទេ។ គ្រានោះ ជដិល​ឈ្មោះ​ឧរុវេលកស្សប ក្រាបសិរសាចុះ​ទៀប​ព្រះបាទា​របស់​ព្រះដ៏មានព្រះភាគ ហើយក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ (ក្នុងកាល​ឥឡូវនេះ)។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា នែកស្សប អ្នកឯងជា​នាយក ជាអ្នកដឹកនាំ ជាកំពូល ជាប្រធាន ជាបុគ្គល​ដ៏ឧត្តម​ប្រសើរ​ជាង​ជដិល​ទាំងឡាយប្រមាណ៥០០រូប អ្នកត្រូវប្រាប់​ជដិល​ទាំងអម្បាល​នោះជាមុន​សិន បើជដិល​ទាំងអម្បាលនោះ​ គេយល់យ៉ាងណា គេក៏នឹងធ្វើ​យ៉ាងនោះដែរ។ កាលនោះ ជដិល​ឧរុវេលកស្សប​ដើរចូលទៅរក​ជដិល​ជាកូនសិស្ស​ទាំងអម្បាលនោះ លុះចូល​ទៅដល់ហើយ ទើប​ប្រាប់​ជដិល​ទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំចង់​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះមហាសមណៈ (នុ៎ះ) អ្នកទាំងឡាយយល់យ៉ាង​ណា ចូរធ្វើ​យ៉ាងនោះចុះ។ ជដិល​ទាំងអម្បាល​នោះ​តបថា បពិត្រលោកដ៏ចំរើន ខ្ញុំទាំងអស់គ្នា ជាអ្នក​ជ្រះថ្លាហើយ​ក្នុងសំណាក់​ព្រះមហាសមណៈ (នុ៎ះ) យូរ​ណាស់​មកហើយ បើលោកម្ចាស់​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះមហាសមណៈ យើង​ខ្ញុំ​ទាំងអស់គ្នា នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមហាសមណៈ​(នុ៎ះ)​ដែរ។ កាលនោះ ជដិល​ទាំងអម្បាលនោះ​បណ្តែត​ចោលនូវ​គ្រឿង​បរិក្ខារ ព្រមទាំង​សក់ ទាំងជដា​5) ទំាងអម្រែក ទំាងគ្រឿង​បូជាភ្លើង ក្នុងទឹក ហើយនាំគ្នាចូលទៅកាន់​ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូល​ទៅ​ហើយ ក្រាបសិរសា​ចុះទៀប​ព្រះបាទា​ព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ចូរមក​ជាភិក្ខុ​ចុះ ហើយត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​នឹងធ្វើនូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខ​ដោយល្អចុះ។ ឯព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មានអាយុ​ទាំងឡាយនោះ។

[៥២] ឯជដិលឈ្មោះនទីកស្សប បានឃើញគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿង​បូជាភ្លើង អណ្តែតទៅតាម​ទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះនទីកស្សប បានឃើញ​ហើយ គិតដូច្នេះថា សេចក្តីអន្តរាយ​កុំបីមាន​ដល់តាបស​ជាបងអញឡើយ។ គិតហើយ ក៏ប្រើ​ជដិល​ទាំងឡាយ​ឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយ​ចូរទៅស្តាប់​ដំណឹង​បងខ្ញុំមើល ថាហើយ ទើបខ្លួន​ឯងក៏​ទៅជាមួយ​នឹងជដិល​ទាំង៣០០រូប ដើរ​តម្រង់​ទៅកាន់ទីដែល​ឧរុវេលកស្សប​ដ៏មានអាយុ​នៅ លុះចូល​ទៅដល់​ហើយ និយាយពាក្យនេះនឹង​ឧរុវេលកស្សប​ដ៏មានអាយុថា បពិត្រ​កស្សប អំពើ​នេះប្រសើរ​ហើយឬអ្វីហ្ន៎។ ឧរុវេលកស្សប​ប្រាប់ថា អើ​អ្នកដ៏មានអាយុ​ទាំងឡាយ អំពើនេះ​ប្រសើរហើយ។ កាលនោះ ជដិល​ទាំងអម្បាល​នោះក៏បណ្តែត​ចោលនូវគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំង​គ្រឿង​​បូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក្រាប​សិរសា​ចុះទៀប​ព្រះបាទា​ព្រះដ៏មានព្រះភាគ ហើយក្រាប​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ គួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅថា អ្នកទាំងឡាយ​ចូរមក​ជាភិក្ខុ​ចុះ ហើយត្រាស់ថា សាសនធម៌ តថាគត​ពោលល្អហើយ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខ​ដោយល្អចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មានអាយុ​ទាំង​អម្បាល​នោះ។

[៥៣] ឯជដិលឈ្មោះគយាកស្សប បានឃើញគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំងគ្រឿង​បូជាភ្លើង អណ្តែតទៅតាម​ទឹក ដោយច្បាស់លាស់ លុះជដិលឈ្មោះគយាកស្សប បានឃើញ​ហើយ ក៏មានសេចក្តីត្រិះរិះ​ថា សេចក្តីអន្តរាយ​កុំបីមាន​ដល់តាបស​ទាំងពីរនាក់​ជាបងអញឡើយ។ ទើប​ប្រើ​ជដិល​ទាំងឡាយ​ឲ្យទៅ ដោយពាក្យថា អ្នកទាំងឡាយ​ចូរទៅស្តាប់​ដំណឹង​បងអញ​ទំាងពីរនាក់មើល ថាហើយ ខ្លួន​ឯងក៏​ទៅជាមួយ​នឹងជដិល​ទាំង២០០រូប ដើរ​តម្រង់​ទៅកាន់ទីដែល​ឧរុវេលកស្សប​ដ៏មាន​អាយុ​នៅ លុះចូល​ទៅដល់​ហើយ ក៏និយាយពាក្យនេះនឹង​ឧរុវេលកស្សប​ដ៏មានអាយុថា បពិត្រ​កស្សប អំពើ​នេះប្រសើរ​ឬអ្វីហ្ន៎។ ឧរុវេលកស្សប​ប្រាប់ថា អើ​អ្នកដ៏មានអាយុ​ទាំងឡាយ អំពើនេះ​ប្រសើរហើយ។ កាលនោះ ពួកជដិល​ទាំង​នោះ បណ្តែត​ទៅនូវគ្រឿង​បរិក្ខារ ព្រមទាំងសក់ ទាំងជដា ទាំងអម្រែក ទាំង​គ្រឿង​​បូជាភ្លើង ទៅក្នុងទឹក ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូល​ទៅ​ដល់​ហើយ ក្រាបក្បាលទៀប​ព្រះបាទា​ព្រះដ៏មានព្រះភាគ ហើយបានពោល​នូវពាក្យនេះ​នឹង​ព្រះដ៏មាន​ព្រះ​ភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងឡាយ គួរបាននូវបព្វជ្ជា គួរបាននូវ​ឧបសម្បទា ក្នុងសំណាក់​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរមក​​ចុះ ទើបត្រាស់ថា សាសនធម៌ តថាគត​ពោលហើយដោយ​ប្រពៃ អ្នកទាំងឡាយ ចូរប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខ​ដោយប្រពៃចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់លោក​ដ៏មានអាយុ​ទាំង​​នោះ។

[៥៤] ឧសប្រាំរយកំណាត់​មិនបែក ក៏ត្រឡប់​ទៅជាបែក ភ្លើងមិនឆេះ ក៏ត្រឡប់​ទៅជាឆេះ ភ្លើង​មិនរលត់ ក៏ត្រឡប់​ទៅជារលត់ ដោយអធិដ្ឋាន​របស់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់​និម្មិត​ចង្ក្រាន​ទាំងឡាយ​ចំនួន៥០០។ បាដិហារ្យចំនួន​បីពាន់ប្រាំរយ​ ក៏មានដោយន័យ​នេះឯង។

[៥៥] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងឧរុវេលាប្រទេស តាមសមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរ​ទៅក្នុង​គយាសីសប្រទេស មួយអន្លើ​ដោយ​ភិក្ខុសង្ឃ​ដ៏ច្រើនចំនួន​១០០០អង្គ គឺ​ពួក​ភិក្ខុដែល​ជាជដិល​ក្នុងកាលមុន​ទាំងអស់នោះឯង។ មាន​សេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅ​លើខ្នងថ្មឈ្មោះ​គយាសីសៈ ទៀបគយាប្រទេសនោះ មួយអន្លើ​ដោយភិក្ខុ១០០០អង្គ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតិ​ទាំងអស់​ជារបស់​ក្តៅ ម្នាលភិក្ខុទាំងឡាយ ធម្មជាត​ទាំងអស់​ជារបស់​ក្តៅ(នោះ) តើគឺអ្វី ម្នាលភិក្ខុ​ទាំង​ឡាយ ចក្ខុជារបស់ក្តៅ រូបទាំងឡាយជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្ស​​6) ជារបស់ក្តៅ ការសោយ​អារម្មណ៍ណានេះ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើត​ឡើងអំពីបច្ច័យ គឺ​ចក្ខុ​សម្ផស្ស ការសោយ​អារម្មណ៍​នោះ​ឯង ក៏​ជារបស់ក្តៅ ចុះក្តៅ​ដោយហេតុ​អ្វី តថាគតពោលថា ក្តៅដោយភ្លើង​គឺរាគៈ ​ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅ(ដោយភ្លើង) គឺជាតិ ជរា មរណៈ ក្តៅដោយ(ភ្លើងគឺ) សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល ​សេច​​ក្តីលំបាកកាយ ​សេច​ក្តីតូចចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត។ ត្រចៀក​ជា​របស់​ក្តៅ សំលេង​ ជា​របស់​ក្តៅ។បេ។ ច្រមុះ​ជា​របស់ក្តៅ ក្លិនទាំងឡាយជារបស់ក្តៅ។បេ។ អណ្តាតជារបស់ក្តៅ រសទាំងឡាយ​ជារបស់ក្តៅ។បេ។ កាយ​ជា​របស់​ក្តៅ ផោដ្ឋព្វៈ​7) ទាំងឡាយជារបស់ក្តៅ។បេ។ ចិត្តជារបស់ក្តៅ ធម្មារម្មណ៍ទាំងឡាយ ជា​របស់​ក្តៅ មនោវិញ្ញាណជារបស់ក្តៅ មនោសម្ផស្ស​8) ជារបស់ក្តៅ ​សេចក្តីសោយអារម្មណ៍ណាជាសុខក្តី ជា​ទុក្ខក្តី មិនមែនជាទុក្ខជាសុខក្តី តែងកើត​ឡើងព្រោះបច្ច័យ គឺមនោសម្ផស្ស សេចក្តីសោយ​អារម្មណ៍នោះ​ឯង ក៏​ជារបស់ក្តៅ ចុះក្តៅ​ដោយ​អ្វី តថាគតពោលថា ក្តៅដោយភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ ក្តៅដោយជាតិ ជរា មរណៈ ក្តៅដោយសេចក្តីសោក ​សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តី​ចង្អៀត​ចង្អល់​ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយ​សុត្តៈ (គឺ​ជាអ្នកចេះដឹង) កាលឃើញ​យ៉ាងនេះ រមែងនឿយណាយក្នុងចក្ខុផង ក្នុងរូបទាំងឡាយផង ក្នុងចក្ខុវិញ្ញាណផង ក្នុងចក្ខុសម្ផស្ស​ផង សេចក្តីសោយអារម្មណ៍ណា ជាសុខ​ក្តី​ ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខ​ក្តី តែងកើត​ឡើងអំពី​បច្ច័យ គឺចក្ខុ​សម្ផស្ស​ អរិយសាវករមែង​នឿយណាយ​ក្នុងសេចក្តីសោយ​អារម្មណ៍​​នោះឯងផង ក្នុងត្រចៀក​ផង ក្នុងសំឡេង​ទាំងឡាយផង។បេ។ ក្នុងច្រមុះផង ក្នុងក្លិនទាំងឡាយផង។បេ។ ក្នុងអណ្តាត​ផង ក្នុងរស​ទាំងឡាយផង។បេ។ ក្នុងកាយផង ក្នុងផោដ្ឋព្វៈទាំងឡាយផង។បេ។ ក្នុងចិត្តផង ក្នុងធម្មារម្មណ៍​ទាំងឡាយផង នឿយណាយ​ក្នុងមនោវិញ្ញាណផង នឿយណាយក្នុងមនោសម្ផស្ស​ផង សេចក្តី​សោយអារម្មណ៍ណា​ដែលជាសុខ​ក្តី​ ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខ​ក្តី រមែង​កើត​ឡើង​អំពីបច្ច័យ គឺមនោសម្ផស្ស អរិយសាវក រមែងនឿយ​ណាយ​​ក្នុងសេចក្តីសោយ​អារម្មណ៍​​នោះឯងផង កាលបើនឿយណាយហើយ ក៏ប្រាសចាក​តម្រេក ព្រោះប្រាសចាកតម្រេក (នោះឯង) ចិត្តក៏​ផុត​ស្រឡះ​ចាកសេចក្តី​ប្រកាន់មាំ កាលបើ​ចិត្ត​រួចស្រឡះ​ហើយ ក៏មានញាណ​ដឹងថា ចិត្ត​របស់​អញរួច​ស្រឡះ​​ហើយ អរិយសាវ័កនោះដឹងច្បាស់ថា កំណើតអស់ហើយ ព្រហ្មចរិយធម៌​​ បាន​នៅរួចហើយ សោឡសកិច្ច​ បាន​ធ្វើ​រួច​ហើយ កិច្ចដទៃ​ក្រៅអំពីសោឡសកិច្ចនេះ ​មិនមាន​ឡើយ។ កាលព្រះដ៏មានព្រះភាគ កំពុង​សំដែង​វេយ្យាករណ៍9) ​នេះ ចិត្តរបស់ភិក្ខុចំនួន១០០០រូបនោះ ក៏ផុតចាកអាសវៈធម៌​ទាំងឡាយ​ឥតមាន​ជាប់​ចំពាក់​ដោយ​ឧបាទានឡើយ។

ចប់ អាទិត្តបរិយាយសូត្រ។

ចប់ ឧរុវេលប្បាដិហារិយភាណវារៈ ជាគំរប់បី។

 

1)
សម្ពត់ដែល​ជាប់ដោយ​អាចមន៍ដី​ មានសម្ពត់​ដែល​ឥតម្ចាស់​ជាដើម។
2)
ក្រៅពីជាតិ​មនុស្ស ក្នុងទីនេះ​គឺ​ព្រះឥន្ទ្រ។
3)
គឺ​៤រាត្រីខាងចុង​ខែមាឃ ៤រាត្រី​ខាងដើម​ខែ​ផល្គុណ រួមជា៨រាត្រី។
4)
សេចក្តីប្រតិបត្តិ
5)
ផ្នួងសក់
6)
វត្ថុដែលពាល់​ត្រូវដោយ​ភ្នែក គឺអារម្មណ៍​ដែលឃើញ​ដោយភ្នែក មានរូបជាដើម។
7)
វត្ថុដែលមានរូប មានសំពត់អាវ ជាដើម ដែលមក​ប៉ះ​ពាល់​ត្រូវកាយ ហៅថា ផោដ្ឋព្វៈ។
8)
សេចក្តី​ផ្សព្វផ្សាយ​ក្នុងចិត្ត គឺអារម្មណ៍​ដែលមកប៉ះ​ពាល់ដល់គំនិត។
9)
របៀប​បាឡី​ដែលជាពាក្យ​រាយសុទ្ធ ឥតមាន​ចង​ជាបទ​បាទ គឺមិនចង​ជាពាក្យ​កាព្យ​ដែល​ហៅថា​គាថាទេ។
km/tipitaka/vin/mv/vin.mv.01.12.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann