User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.13

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៣. ពិម្ពិសារសមាគមកថា

សង្ខេប

ព្រះ​ពុទ្ធ​បាន​បង្រៀន​ព្រះ​បាទ​​មាគធ​សេនិយ​ពិម្ពិសារ​​មក​ដល់​សោតា​​បត្តិមគ្គ។ ព្រះរាជា​ទ្រង់​ប្រគេន​វត្ត​អារាមទី ១ សម្រាប់​ព្រះសង្ឃ។ ព្រះពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទទួល​វត្តអារាម។

ពិម្ពិសារសមាគមកថា (ទី១៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៣.)

[៥៦] កាលនោះ ព្រះដ៏មានព្រះភាគ គង់លើ​ខ្នងថ្ម​ឈ្មោះគយាសីសៈ តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ ហើយទ្រង់ពុទ្ធ​ដំណើរ​ទៅក្នុងក្រុងរាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃ​ដ៏ច្រើន ចំនួន​១០០០អង្គ គឺបុរាណជដិល​ទាំងអស់នោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់​ចារិក​ដោយ​លំដាប់ ក៏បានទៅដល់​ក្រុងរាជគ្រឹះ។ មានសេចក្តី​ដំណាលថា ព្រះដ៏មានព្រះភាគ គង់នៅក្នុង​សុប្បតិដ្ឋចេតិយ ក្នុង​លដ្ឋិវនឧទ្យាន ទៀប​ក្រុង​រាជគ្រឹះនោះ។

[៥៧] ព្រះបាទ​មាគធសេនិយពិម្ពិសារ បានទ្រង់ព្រះ​សណ្តាប់​ដំណឹង​ច្បាស់ថា ព្រះសមណគោតម​ដ៏ចំរើន ជាសក្យបុត្រ ចេញចាក​សក្យត្រកូល​ហើយបួស ឥឡូវ​យាងមកកាន់​ក្រុង​រាជគ្រឹះ គង់នៅក្នុង​សុប្បតិដ្ឋចេតិយ ក្នុងលដ្ឋិវនឧទ្យាន (សួនច្បារត្នោត) ទៀបក្រុងរាជគ្រឹះ កិត្តិសព្ទដ៏​ពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ​សុសសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់​ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹង​ដោយប្រពៃ​ចំពោះ​ព្រះអង្គ​ឯង ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មាន​ដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ទ្រង់ជាអ្នក​ទូន្មាននូវ​បុរស​ដែលគួរ​ទូន្មាន​បាន ទ្រង់​ជាគ្រូនៃ​ទេវតា​ និង​មនុស្ស​ទាំងឡាយ ទ្រង់បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ទ្រង់លែង​ត្រឡប់​មកកាន់​ភពថ្មីទៀត ដោយប្រការ​ដូច្នេះ ព្រះដ៏មានព្រះភាគនោះ បានធ្វើឲ្យជាក់ច្បាស់​ដោយប្រាជ្ញា​ចំពោះព្រះអង្គឯង ហើយញុំាង​លោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួក​សត្វព្រមទាំង​សមណៈ និងព្រាហ្មណ៍ ព្រមទាំងទេវតា និងមនុស្ស​ឲ្យបាន​ត្រាស់​ដឹងផង ព្រះដ៏មានព្រះភាគនោះ ទ្រង់សំដែង​ធម៌ដ៏​ពីរោះ​បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទ្រង់ប្រកាស​នូវព្រហ្មចរិយធម៌ដ៏​បរិសុទ្ធ ព្រមទាំងអត្ថ ព្រមទាំង​ព្យញ្ជនៈ​ដ៏​បរិបូណ៌​ពេញលេញ កិរិយា​ដែលបាន​ឃើញ​ព្រះអរហន្ត​ទាំងឡាយ​មាន​សភាព​យ៉ាងនោះ ជាការ​ប្រពៃ​ពេក។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ មានទាំង​ព្រាហ្មណ៍​ និងគហបតិ ដែលនៅក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺនជាបរិវារ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចហើយ​គង់នៅក្នុង​ទីដ៏សមគួរ។ ឯពួកព្រាហ្មណ៍​ និងគហបតិដែល​នៅក្នុង​ដែនមគធៈចំនួន​ដប់ពីរហ្មឺននោះ ពួកខ្លះថ្វាយបង្គំព្រះ​ដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ពួកខ្លះក៏​ពោលពាក្យ​រីករាយ​ជាមួយ​នឹងព្រះដ៏មាន​ព្រះភាគ លុះធ្វើពាក្យគួរ​រីករាយ​ គួរ​រលឹក​ឲ្យសម្រេច​ហើយ ក៏អង្គុយ​នៅក្នុងទីដ៏​សមគួរ ពួកខ្លះ ក៏ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ ពួកខ្លះ ក៏ប្រកាស​នាម និងគោត្ត​របស់ខ្លួនក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ ពួកខ្លះក៏ស្ងៀម អង្គុយ​នៅក្នុងទីដ៏សមគួរ។ ទើបពួកព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺន​នោះ ក៏មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា មហាសមណៈ​ប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​ឧរុវេលកស្សប​ឬហ្ន៎ ឬថាឧរុវេលកស្សប​ប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ។ ឯព្រះ​ដ៏មានព្រះភាគ ក៏​ជ្រាប​សេចក្តី​ត្រិះរិះ​នៃចិត្ត​របស់ពួក​ព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺននោះ ដោយព្រះហឫទ័យ​ព្រះអង្គ ហើយទ្រង់ត្រាស់​នឹងព្រះឧរុវេលកស្សប​ដ៏មានអាយុ​ដោយ​ព្រះគាថា ថា

អ្នកឯងនៅក្នុង​ឧរុវេលាប្រទេស ជាអ្នកប្រដៅពួកតាបស តើអ្នកឃើញ​អ្វី​ បានជាលះបង់​ការបូជាភ្លើង​ចោលចេញ។ ម្នាលកស្សប តថាគតសួរ​សេចក្តីនេះ​នឹងអ្នក ការបូជាភ្លើង​ដែល​អ្នកលះបង់ហើយ តើព្រោះហេតុអ្វី។

ឧរុវេលកស្សប​ក្រាបបង្គំ​ទូលថា ជនទាំងឡាយតែងពោល​សរសើរ​ចំពោះនូវកាម​ទាំងឡាយ គឺរូប សំឡេង ព្រមទាំងរសផង នូវស្រីទាំងឡាយផង ព្រោះការបូជា ខ្ញុំ​ព្រះអង្គដឹងថា កាមគុណ​មានរូបជាដើមនេះ ជាគ្រឿង​សៅហ្មង​ក្នុងឧបធិ​​1) ទាំងឡាយ ព្រោះហេតុ​ដូច្នោះ ខ្ញុំព្រះអង្គ​មិនត្រេកអរ​ក្នុងការ​បូជាធំ និង​ការបូជាតូច (គឺ​ការ​គោរព​ភ្លើង​រាល់ថ្ងៃ)។

ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលកស្សប ចិត្តរបស់អ្នក​មិនត្រេកអរ​ហើយ ក្នុងកាមគុណ​ទាំងឡាយនោះ គឺរូប សំឡេង ព្រមទាំងរស ម្នាលកស្សប ម្យ៉ាងទៀត ចិត្តរបស់អ្នក​ត្រេកអរ​ក្នុងមនុស្សលោក និងទេវលោក​ខ្លះដែរឬ ចូរអ្នក​ពោលហេតុនេះ​មក​តថាគត​មើល។

ព្រះឧរុវេលកស្សប​ក្រាបទូលថា ខ្ញុំព្រះអង្គ​ឃើញនូវ​ព្រះនិព្វាន ជារបស់ល្អិត ឥតមាន​ឧបធិ ឥតមាន​សេចក្តីខ្វល់ មិនជាប់​ចំពាក់​នៅក្នុងកាមភព ជាធម្មជាតពិត មិនប្រែប្រួល ជាធម្មជាត គឺបុគ្គល​មិនគប្បី​បានដោយ​ហេតុដទៃ (ក្រៅពីមគ្គ) ព្រោះហេតុ​ដូច្នោះ បានជា​ខ្ញុំ​ព្រះអង្គ​មិនត្រេកអរ​ក្នុងការ​បូជាធំ និងការបូជាតូច។

[៥៨] លំដាប់នោះ ព្រះឧរុវេលកស្សប​ដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើនូវសំពត់​ឧត្តរាសង្គៈ​2) លើស្មាម្ខាង ហើយក្រាបសិរសាទៀប​ព្រះបាទា​របស់ព្រះដ៏មានព្រះភាគ រួចក៏​បានបង្គំ​ទូលពាក្យ​នេះនឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវក​ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​ជាសាវក។ គ្រានោះ ពួកព្រាហ្មណ៍​ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់ពីរហ្មឺននោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ឧរុវេលកស្សប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ​ទេតើ។ ពេលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​នៃពួក​ព្រាហ្មណ៍ និងគហបតិចំនួនដប់ពីរហ្មឺន​ដែលនៅ​ក្នុងដែន​មគធៈ​នោះ ដោយព្រះហឫទ័យ​របស់​ព្រះអង្គ រួចហើយ ក៏ទ្រង់​សំដែង​អនុបុព្វីកថា គឺទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃ​កាមគុណ​ដ៏លាមក ដ៏សៅហ្មង១ អានិសង្ស​នៃការចេញចាក​កាម (បួស)១។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវពួកព្រាហ្មណ៍ និងគហបតិ​ទាំងនោះថា ជាបុគ្គលមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈធម៌ មានចិត្តអណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ព្រះធម្មទេសនាណា ដែល​ព្រះពុទ្ធ​ទាំងឡាយ​លើក​ឡើងសំដែង​ដោយព្រះអង្គឯង ព្រះអង្គ​ក៏ទ្រង់​ប្រកាស​ធម្មទេសនានោះ គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ដ៏ប្រាសចាកពណ៌ខ្មៅ (គឺធ្យូង ឬល័ក្ត​ខ្មៅ​ជាដើម) គួរទទួលគ្រឿងជ្រលក់​បានដោយ​ប្រពៃ មានឧបមា​យ៉ាងណាមិញ ឯធម្មចក្ខុ​ គឺសោតា​បត្តិមគ្គដ៏​ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល ក៏​កើត​ឡើងដល់ពួក​ព្រាហ្មណ៍ និងគហបតិ​ដែលនៅ​ក្នុងដែន​មគធៈ ចំនួន​ដប់មួយហ្មឺន មានព្រះបាទ​ពិម្ពិសារ​ជាប្រធាន​លើអាសនៈ​នោះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់​នោះ ក៏​រលត់​​ទៅ​ជាធម្មតាដែរ មានឧបមេយ្យ​ដូច្នោះឯង។ ចំណែក​ព្រាហ្មណ៍​ និងគហបតិ​ចំនួន​មួយហ្មឺន​រូប ក៏ថ្វាយខ្លួន​ជាឧបាសក។

[៥៩] គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ឃើញ​អរិយសច្ចធម៌ហើយ ទ្រង់បាន​ដល់​អរិយសច្ចធម៌ហើយ ទ្រង់បាន​ត្រាស់​ដឹងអរិយសច្ចធម៌​ហើយ ទ្រង់ចុះព្រះទ័យស៊ប់​ក្នុងអរិយសច្ចធម៌​ហើយ ទ្រង់ឆ្លងផុត​សេចក្តី​សង្ស័យហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា មិនជឿ​ស្តាប់បុគ្គល​ដទៃក្នុងសាសនា​ព្រះសាស្តា ទ្រង់បាន​ពោលពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ​នៅឡើយ ខ្ញុំព្រះអង្គ​មាន​បំណង​៥យ៉ាង ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ក៏សម្រេច​អស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ មានសេចក្តី​ត្រិះរិះដូច្នេះថា សូមឲ្យ​ជន​ទាំងឡាយអភិសេក​អញ​ក្នុងរាជ​សម្បត្តិ បពិត្រ​ព្រះអង្គដ៏ចំរើន នេះជា​បំណង​ទី១​របស់ខ្ញុំ​ព្រះអង្គ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី២​របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះថា សូមឲ្យព្រះអរហន្ត​សម្មាសម្ពុទ្ធ​គប្បី​ចូលមក​កាន់ដែន​របស់អញនោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ក៏បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៣​របស់ខ្ញុំ​ព្រះអង្គ​នេះដូច្នេះថា សូមឲ្យខ្ញុំព្រះអង្គ​បានចូល​ទៅសេពគប់​នឹង​ព្រះដ៏មានព្រះភាគ​នោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៤​របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះថា ព្រះដ៏មានព្រះភាគ​នោះ គប្បីសំដែង​ធម៌ដល់អញ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ ​សម្រេច​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បំណងទី៥​របស់ខ្ញុំ​ព្រះអង្គនេះ​ដូច្នេះថា ចំណែកខាង​អញ គប្បី​ដឹងច្បាស់​នូវធម៌របស់​ព្រះ​ដ៏មានព្រះភាគនោះ ឥឡូវ​នេះ បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ បាន​សម្រេច​ហើយ បពិត្រ​ព្រះអង្គដ៏ចំរើន ពីដើម កាលដែល​ខ្ញុំព្រះអង្គ​នៅជាកុមារ​នៅឡើយ ខ្ញុំព្រះអង្គ​មាន​បំណង​៥យ៉ាងនេះ ឥឡូវ​នេះ បំណង​ទាំង៥យ៉ាងរបស់ខ្ញុំ​ព្រះអង្គ​នោះ ក៏​បាន​សម្រេច​បរិបូណ៌ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់ព្រះអង្គ​ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភាសិត​របស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយដោយ​អនេក​បរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនា​ដូចជាមនុស្ស​ចាប់របស់​ដែលគេ​ផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ​ ដូច​ជាមនុស្ស​បើកបង្ហាញ​របស់ដែល​គេលាក់បិទបាំងទុក ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬក៏ដូច​ជាមនុស្ស​កាន់ប្រទីប​ប្រេង ទ្រោលបំភ្លឺក្នុងទី​ងងឹត ដោយគិតថា មនុស្សដែល​មាន​ចក្ខុ នឹងបាន​មើលឃើញ​នូវរូបទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគ​ជាម្ចាស់ ជ្រាបនូវ​ខ្ញុំព្រះអង្គ​ថាជាឧបាសក ដល់នូវ​សរណគមន៍​ស្មើដោយ​ជីវិត ចាប់តាំង​តែអំពីថ្ងៃ​នេះជាដើម​ទៅ មិនតែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ​ជាម្ចាស់​ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលភត្ត​របស់ខ្ញុំព្រះអង្គ​ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ​ ទ្រង់​ទទួលនិមន្ត​ដោយតុណ្ហីភាព។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ជ្រាបថា ព្រះដ៏មានព្រះភាគ​ទទួល​និមន្ត​ហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅ។

[៦០] លំដាប់នោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះរាត្រី​នោះកន្លងទៅហើយ (ភ្លឺឡើង) ព្រះអង្គក៏​ទ្រង់ឲ្យចាត់ចែង​ខាទនីយភោជនីយាហារ​ដ៏ឧត្តមរួចហើយ ទ្រង់ចាត់ឲ្យ​មនុស្ស​ទៅក្រាបទូល​នូវ​កាលនៃភត្ត​ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តាហារ​សម្រេចហើយ។ ឯព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយទ្រង់បាត្រ និងចីវរ​ក្នុងបុព្វណ្ហសម័យ រួចហើយ​ទ្រង់ចូល​ទៅកាន់ក្រុង​រាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃ​ដ៏ច្រើន​ចំនួន​១០០០រូប គឺពួក​បុរាណ​ជដិល​ទាំងអស់នោះឯង។

[៦១] សម័យនោះឯង ព្រះឥន្ទ្រ​ជាធំ​ជាងទេវតាទាំងឡាយ ប្លែង​ភេទ​ជាមាណព ហើយដើរ​ទៅ​អំពី​មុខបង្អស់​នៃភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជាប្រធាន ហើយច្រៀង​នូវគាថានេះថា

ព្រះដ៏មានព្រះភាគ ព្រះអង្គទូន្មានហើយ (នូវឥន្ទ្រិយ) មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ (ចាកអាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាស ឈ្មោះសិង្គី​3) ទ្រង់យាងចូល​ទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល ដែល​ជាអ្នក​ទូន្មានហើយ (នូវឥន្ទ្រិយ)​ដែរ ជាអ្នក​មានចិត្តផុត​ស្រឡះ​ហើយ (ចាកអាសវធម៌)។ ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យ​ផុតហើយ (ចាកសេចក្តី​សៅហ្មង) និងមាន​ព្រះ​ហឫទ័យផុត​ស្រឡះ​ហើយ (ចាក​អាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅកាន់​ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលមាន​ចិត្ត​ផុត​ហើយ (ចាក​សេចក្តី​សៅហ្មង) ទាំងមានចិត្ត​ផុតស្រឡះហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លង (ចាកលោក) ហើយទាំងមាន​ព្រះហឫទ័យ​ផុតស្រឡះ​ហើយ (ចាក​អាសវធម៌)​ ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅកាន់​ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលឆ្លងហើយ(ចាកលោក) ទាំងមាន​ចិត្ត​ផុតស្រឡះ​ហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគ មានព្រះហឫទ័យ​រម្ងាប់ហើយ (ចាកអកុសលធម៌) ទាំងមាន​ព្រះហឫទ័យ​ផុតស្រឡះ​ហើយ (ចាកអាសវធម៌) ព្រះអង្គ​មានពណ៌​ល្អដូច​ដុំមាសឈ្មោះ​សិង្គី ទ្រង់​យាងចូល​ទៅកាន់​ក្រុងរាជគ្រឹះ មួយអន្លើ​ដោយពួក​បុរាណជដិល​ដែលមាន​ចិត្ត​រម្ងាប់​ហើយ (ចាកអកុសលធម៌) ទាំងមានចិត្ត​ផុតស្រឡះហើយ (ចាក​អាសវធម៌)។

ព្រះដ៏មានព្រះភាគនោះ ទ្រង់មានអរិយវាស១០យ៉ាង​4) ទ្រង់​មាន​កំលាំង​១០​​5) ព្រះអង្គជ្រាបច្បាស់​នូវធម៌ (គឺ​កម្មបថ)១០ ប្រការ ទ្រង់ប្រកប​ដោយអង្គ​ជារបស់នៃ​អសេខបុគ្គល១០យ៉ាង6) មាន​ភិក្ខុសង្ឃ​១ពាន់​ជាបរិវារ ទ្រង់យាង​ចូលទៅកាន់​ក្រុង​រាជគ្រឹះ។

[៦២] ពួកមនុស្ស​ឃើញសក្កទេវរាជ ជាធំជាង​ទេវតា និងមនុស្សទាំងឡាយហើយ ពោលយ៉ាង​នេះថា ឱហ្ន៎ មាណពនេះ មានរូបល្អអីម្ល៉េះ ឱហ្ន៎ មាណពនេះមានរូបគួរ​ពិតពិល​រមិលមើល ឱហ្ន៎ មាណពនេះគួរ​ជាទីជ្រះថ្លា មាណពនេះ​ឯងជាកូន​ចៅអ្នកណាហ្ន៎។ លុះពួកមនុស្ស​ពោលពាក្យ​យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាង​ទេវតាទាំងឡាយ ក៏បាន​ពោលតប​ទៅនឹង​ពួកមនុស្ស​នោះ​វិញ​ដោយគាថា ថា

អ្នកប្រាជ្ញណាទូន្មាន​ឥន្ទ្រិយ​ទាំងអស់បានហើយ មានព្រះហឫទ័យ​ស្អាត​រកបុគ្គល​ប្រៀប​មិនបាន ឆ្ងាយចាកសត្រូវ ពោលគឺកិលេស មានដំណើរល្អក្នុងលោក ខ្ញុំឯង​ជាអ្នកបម្រើ​អ្នកប្រាជ្ញនោះ។

[៦៣] កាលនោះ ព្រះដ៏មានព្រះភាគ មួយអន្លើដោយ​ភិក្ខុសង្ឃ ទ្រង់យាងចូលទៅកាន់​និវេសនស្ថាន​របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ក៏គង់លើ​អាសនៈ​ដែល​គេ​រៀបចំថ្វាយ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ​អង្គាស​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជា​ប្រធាន ឲ្យ​ឆ្អែត​ ឲ្យស្កប់ស្កល់​7) ដោយខាទនីយភោជនីយាហារដ៏​ឧត្តម ដោយព្រះហស្ថ​ព្រះអង្គឯង ហើយ​ទ្រង់​កំណត់​ដឹងនូវ​ព្រះដ៏មានព្រះភាគដែល​ទ្រង់​សោយរួចហើយ ត្រង់ដែល​ទ្រង់​ដាក់​ព្រះហស្ថ​ចុះចាក​បាត្រ រួចក៏ស្តេច​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ គង់នៅ​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​ព្រះតម្រិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ​គួរគង់​នៅក្នុងទីណាហ្ន៎ ទីណាដែល​មិនឆ្ងាយ​ មិនជិត​ពេក អំពីស្រុក​ ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូល​ទៅរក​នៃមនុស្ស​ទាំងឡាយ​ដែល​ត្រូវការ ជាទីមិនបាន​ច្រឡូកច្រឡំ​ក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមាន​សេចក្តី​គឹកកងក្នុង​វេលាយប់ មានខ្យល់​បក់ស្រួល គួរដល់កិរិយាពួននៅ​នៃមនុស្ស​ទាំងឡាយ និងជាទីគួរ​ដល់ការ​សម្ងំនៅ។ ព្រះរាជ​តម្រិះនេះ​ក៏​មានដល់ព្រះបាទ​មាគធសេនិយពិម្ពិសារ​ក្នុងខណៈ​នោះថា អើ ឧទ្យាន​វេឡុវន​របស់យើង​នេះ មិនឆ្ងាយ​ពេក មិនជិត​ពេកអំពីស្រុក​ ជាទីល្មមទៅ ល្មមមកបាន គួរជាទីចូល​ទៅរក​នៃមនុស្ស​ទាំងឡាយ​ដែល​ត្រូវការ ជាទីមិនបាន​ច្រឡូកច្រឡំ​ក្នុងវេលាថ្ងៃ មានសំឡេងតិច មិនមាន​សេចក្តី​គឹកកងក្នុង​វេលាយប់ មានខ្យល់​បក់ស្រួល គួរដល់កិរិយាពួននៅ​នៃមនុស្ស​ និងជាទីគួរ​ដល់ការ​សម្ងំ បើដូច្នោះ គួរអញ​ថ្វាយ​ឧទ្យាន​វេឡុវន​នេះដល់​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន។ ពេលនោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ​កាន់យក​កុន្ទីទឹក ជាវិការៈ​នៃមាស ហើយថ្វាយដល់ព្រះដ៏មានព្រះភាគ រួចក៏​ក្រាបទូល​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​សូមថ្វាយ​នូវឧទ្យាន​វេឡុវននេះ​ដល់​ព្រះភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជា​ប្រធាន។ ព្រះដ៏មាន​ព្រះភាគ ក៏ទ្រង់ទទួល​អារាម​(នោះ)។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យឃើញព្រម ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ឡើង ឲ្យ​រីករាយស្មើ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌ ហើយក៏​ក្រោក​ចាកអាសនៈ​ចៀសចេញទៅ។ ព្រោះនិទាននេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់​ត្រាស់ចំពោះ​ភិក្ខុទាំងឡាយ​ក្នុងពេល​នោះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​អារាម (ដល់​អ្នកទាំងឡាយ)។

(ចប់ ពិម្ពិសារសមាគមកថា។)

 

1)
វិមតិវិនោទនីដីកា ថា ឧបធិ មាន៤យ៉ាង គឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១។ តែក្នុង​ទីនេះ សំដៅ​យកខន្ធូបធិតែម្យ៉ាង។ ឯឧបធិសព្ទនេះ ប្រែថា ខ្លួន រាងកាយ​គោល ហេតុ នៃសេចក្តី​វិលកើត កិលេស​ និងសេចក្តី​កង្វល់។
2)
ចីពរ
3)
សព្ទដែល​ប្រែថា មាស តាមក្នុងអភិធានមាន​១៧យ៉ាង គឺសុវណ្ណ កនក ជាតរូប សោណ្ណ កញ្ចន សត្ថុវណ្ណ ហរិ កម្ពុ បារុ ហេម ហាដក តបនីយ ហិរញ្ញ បាមីករ សាតកុម្ភ ជម្ពុនទ សិង្គី។ តែក្នុង​វិមតិវិនោទនីដីកាថា បណ្តាមាស​ទាំង​១៧នេះ មាសឈ្មោះ​សិង្គី​ប្រសើរ​ជាងមាស​ឯទៀត។
4)
វិមតិវិនោទនីដីកាថា លះនីវរណធម៌​ប្រាំ១ ឆឡង្គុបេក្ខា១ ដំកល់ស្មារតី​ដោយខ្ជាប់ខ្ជួន១ អបស្សេនធម៌បួន១ លះមិច្ឆាទិដ្ឋិ១ ការមិនស្វែងរក​បីយ៉ាងគឺ កាម ភព និងព្រហ្មចារ្យ១ មានសេចក្តី​ត្រិះរិះ​មិន​ល្អក់​វិកវរ១ មានកាយសង្ខារ​រម្ងាប់​ហើយ១ មគ្គញ្ញាណ១ ផលញ្ញាណ១។
5)
ប្រកប​ដោយកំលាំងកាយ១០ និងកំលាំងញាណ១០ ឯកំលាំងកាយ១០ នោះ​ធៀប​ដោយកំលាំងដំរី១០ត្រកូល គឺដំរី​កាឡាវកៈ១ គង្គេយ្យៈ១ បណ្ឌរៈ១ តម្ពៈ១ បិង្គលៈ១ គន្ធៈ១ មង្គល១ ហេមវត១ ឧបោសថ១ ឆទ្ទន្ត១។ កំលាំងដំរី​កាឡវក១០ ស្មើ​នឹង​កំលាំងដំរី​គង្គេយ្យ១ បណ្តាដំរី​ទាំង​១០ត្រកូលនោះ មានកំលាំង​លើសគ្នា១០ៗឡើង​ទៅ កំលាំង​ដំរីឆទ្ទន្ត១០ ទើបស្មើនឹង​កំលាំង​ព្រះពុទ្ធ១។ ឯកំលាំង​ញាណ១០ នោះគឺ កំលាំង​សេចក្តីដឹងហេតុគួរ និងមិនគួរតាម​ពិត១ ដឹងកម្មនិងផលនៃកម្ម១ ដឹងបដិបទា​ប្រព្រឹត្តទៅក្នុងភព​ទាំងពួង១ ដឹងលោក​ដែលមាន​ធាតុ​ច្រើន១ ដឹងថាសត្វ​ទាំងឡាយ​មាន​អធ្យាស្រ័យ​ផ្សេងៗគ្នា១ ដឹង​ឥន្ទ្រិយ​របស់សត្វ​ដ៏ឆ្លៀវឆ្លាស​និងទន់ទាប១ ដឹងសេចក្តី​សៅហ្មង និងសេចក្តី​ផូរផង់ និងការចេញ​ចាកឈាន​វិមោក្ខសមាធិសមាបត្តិ​១ ដឹងខន្ធ​បញ្ចកៈ ដែលអាស្រ័យ​នៅក្នុងកាល​មុន១ ញាណ គឺចក្ខុដូចជាទិព្វ១ ដឹងសេចក្តី​អស់​ទៅ​នៃអាសវធម៌១។
6)
គឺអដ្ឋង្គិកមគ្គ និងសម្មាញាណ និងសម្មាវិមុត្តិ។
7)
ក្នុងអដ្ឋកថា ថា មហាក្សត្រិយ៍ ស្តេចទ្រង់អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែត​បរិបូណ៌ ត្រាតែ​ព្រះភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជាប្រធាននោះ ហាមឃាត់​ដោយដៃ ឬដោយ​មុខ ឬដោយ​វចីភេទថា ល្មមហើយៗ។
km/tipitaka/vin/mv/vin.mv.01.13.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann