km:tipitaka:vin:mv:vin.mv.01.14

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៤. សារិបុត្តមោគ្គល្លានបព្វជ្ជាកថា

សង្ខេប

បព្វជ្ជា​របស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។

សារិបុត្តមោគ្គល្លានបព្វជ្ជាកថា (ទី១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(បព្វជ្ជា​របស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន (១៤.))

[៦៤] សម័យនោះឯង សញ្ជយបរិព្វាជក​នៅអាស្រ័យ​ក្នុងក្រុង​រាជគ្រឹះ មួយអន្លើ​ដោយ​បរិព្វាជក​បរិសទ្យ​ដ៏ច្រើន គឺ​បរិព្វាជក​ចំនួន​២៥០រូប។ សម័យនោះឯង ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​បរិព្វាជក​ឈ្មោះ​សញ្ជយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន​នោះ​បានធ្វើ​ប្តេជ្ញា​នឹងគ្នាថា អ្នកណាបាន​ដឹង​នូវ​អមតធម៌មុន អ្នកនោះ​គប្បី​ប្រាប់​ដល់​ម្នាក់ទៀត។ កាលនោះ ព្រះអស្សជិ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រនិង​ចីវរ​អំពីព្រឹក លោកប្រកប​ដោយ​ឥរិយាបថ គឺដើរទៅ ដើរមក ក្រឡេកមើលទៅ ក្រឡេក​មើលផ្សេងៗ បត់ដៃ​ជើង និងលាតដៃជើង មានភ្នែក​សង្រួម គួរជាទីជ្រះថ្លា ចូលទៅកាន់​ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ បរិព្វាជកឈ្មោះ​សារីបុត្ត បានឃើញ​នូវ​ព្រះអស្សជិដ៏មានអាយុ កំពុង​ត្រាច់​ទៅដើម្បីបិណ្ឌបាត​ក្នុងក្រុងរាជគ្រឹះ បរិបូណ៌​ដោយឥរិយាបថ គឺ​ដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃ​ជើង និងលាតដៃជើង មានភ្នែក​សង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ជនទាំងឡាយណា ជាអរហន្តក្តី បានដល់​ហើយនូវអរហត្តមគ្គក្តី​ក្នុងលោក ភិក្ខុនេះក៏ប្រហែល​ជាពួកនៃ​ជន​ទាំងនោះដែរ បើដូច្នោះ គួរ​តែអញ​ចូលទៅរក​ភិក្ខុនេះហើយសួរថា ម្នាលលោកដ៏មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូ​របស់លោក ខ្លួនលោកនេះ​ឯងគាប់ចិត្ត​ធម៌របស់​អ្នកណា។ លំដាប់នោះ សារីបុត្តបរិព្វាជក មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលនេះជាកាល​មិនគួរ​ដើម្បីសួរនូវ​ភិក្ខុនេះឡើយ (ព្រោះ) ភិក្ខុនេះកំពុង​ចូលទៅកាន់​ចន្លោះផ្ទះ ត្រាច់​ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរតែអញ​ទៅតាមភិក្ខុនេះ អំពី​ក្រោយៗទៅ​ចុះ ក៏ការដែល​ជាប់តាម​ភិក្ខុនេះឯង គង់ដឹង​នូវមគ្គញ្ញាណ​ដែលជន​ទាំងឡាយ​គេត្រូវការដឹង ឬភិក្ខុ​នេះ​ឯង ជាអ្នកស្វែង​រកនូវព្រះនិព្វាន​ដែលជនទាំងឡាយ​គេត្រូវការដឹង។ ឯព្រះអស្សជិដ៏​មានអាយុ ត្រាច់​ទៅ​ដើម្បីបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ទទួលបិណ្ឌបាតហើយ ក៏ត្រឡប់មកវិញ។ បរិព្វាជកឈ្មោះ​សារីបុត្ត ក៏ចូលទៅកាន់​សំណាក់​ព្រះអស្សជិ​ដ៏មានអាយុ​ក្នុងកាលនោះ លុះចូលទៅជិតហើយ ធ្វើសេចក្តីរីករាយ​ជាមួយនឹង​ព្រះអស្សជិ​ដ៏មានអាយុ ហើយពោលនូវ​ពាក្យជាទី​ត្រេកអរ ជាទីរលឹក ល្មមឲ្យ​កើតសេចក្តី​ស្និទ្ធស្នាលបាន លុះសម្រេច​កិច្ចនោះហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះបរិព្វាជកឈ្មោះ​សារីបុត្ត ឋិតនៅក្នុងទីដ៏សមគួរ​ហើយ ក៏បាន​ពោលពាក្យនេះ​នឹង​ព្រះអស្សជិ​ដ៏មានអាយុថា ម្នាលលោក​ដ៏មាន​អាយុ ឥន្ទ្រិយ​ទាំងឡាយ​របស់លោក​ក៏ស្រស់បស់ សម្បុរស្បែក​របស់លោក​ក៏ស្អាតផូរផង់ ម្នាលលោកដ៏​មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជា​គ្រូរបស់លោក ខ្លួនលោកនេះឯង ពេញ​ចិត្ត​​ធម៌របស់​អ្នកណា។ ព្រះអស្សជិ​ឆ្លើយថា ម្នាលអាវុសោ មានមហាសមណៈ​(មួយព្រះអង្គ) ជា​សក្យបុត្រ ចេញចាក​សក្យត្រកូល ហើយទ្រង់ព្រះផ្នួស ខ្ញុំឯង​ក៏បួសតាម​ព្រះមហាសមណៈ​ដ៏មាន​ព្រះភាគ​នោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់ខ្ញុំ ចំណែកខ្ញុំ​ក៏គាប់ចិត្ត​នូវធម៌​អាថ៌​របស់​ព្រះដ៏​មាន​ព្រះភាគ​នោះ។ បរិព្វាជក​ឈ្មោះសារីបុត្ត​សួរថា ចុះគ្រូរបស់លោកម្ចាស់ពោល​ពាក្យដូចម្តេច សំដែង​ធម៌​ដូចម្តេច។ ព្រះអស្សជិ​ឆ្លើយថា នែអ្នកដ៏មានអាយុ អាត្មាឯង ជាភិក្ខុថ្មី ទើបនឹងបួស មកកាន់​ធម៌វិន័យ​​នេះថ្មីៗ អាត្មា​មិនអាច​ដើម្បី​សំដែង​ធម៌ដោយ​ពិស្តារ​បានទេ តែថាអាត្មា​នឹងពោល​នូវសេចក្តី​ដល់អ្នក​ដោយសង្ខេប​បាន។

បរិព្វាជក​ឈ្មោះសារីបុត្តឆ្លើយថា សូមលោកម្ចាស់​សំដែង​ធម៌​តិចក្តី ច្រើនក្តី សូមសំដែង​តែ​ទំនង​សេចក្តី​ម្យ៉ាង​ដល់ខ្ញុំ ៗត្រូវការ​ដោយ​ទំនង​សេចក្តី តែម្យ៉ាងទេ លោកម្ចាស់​មិនបាច់​ពោល​ព្យញ្ជនៈ​ឲ្យច្រើន​ឡើយ។

[៦៥] គ្រានោះ ព្រះអស្សជិ​ដ៏មានអាយុ បានពោល​នូវធម្មបរិយាយ​នេះដល់​បរិព្វាជក​ឈ្មោះ​សារីបុត្ត ថា

ធម៌​ទាំងឡាយណា1) គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគត​ពោលនូវ​ហេតុ​នៃ​ធម៌​ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​ណា ព្រះតថាគត​ពោលនូវ​សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​នោះ ព្រះមហាសមណៈ មានប្រក្រតី​ពោលពាក្យយ៉ាងនេះ។

[៦៦] កាលនោះ បរិព្វាជក​ឈ្មោះសារីបុត្ត លុះបានស្តាប់​ធម្មបរិយាយនេះហើយ ក៏មានធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះរមែង​រលត់​ទៅវិញ​ជាធម្មតា។

សារីបុត្តបរិព្វាជក​ពោលថា និព្វាន​ធម៌នេះមានប្រាកដមែន លោម្ចាស់​បានត្រាស់ដឹង​និព្វាន ដែលគ្មានសេចក្តី​សោក ព្រះនិព្វាន​នោះ ខ្ញុំមិនដែលបាន​ឃើញ មិនដែល​បាន​ជួបប្រទះ​ឡើយ ដោយហ្មឺន​នៃកប្ប​ទាំងឡាយជាច្រើន។

[៦៧] គ្រានោះ បរិព្វាជក​ឈ្មោះសារីបុត្ត ចូលទៅរក​បរិព្វាជក​ឈ្មោះមោគ្គល្លាន។ បរិព្វាជក​ឈ្មោះ​មោគ្គល្លាន បានឃើញបរិព្វាជក​ឈ្មោះសារីបុត្ត​កំពុង​ដើរមកពីចម្ងាយ លុះឃើញហើយ ក៏បាន​ពោល​ពាក្យនេះ​នឹងបរិព្វាជក​ឈ្មោះសារីបុត្តថា ម្នាលអ្នកដ៏មានអាយុ ឥន្ទ្រិយ​ទាំងឡាយរបស់​អ្នក​ស្រស់​បស់អីម្ល៉េះ សម្បុរ​ស្បែក​របស់អ្នក​ក៏ស្អាតផូរផង់ ម្នាលអ្នកដ៏មានអាយុ អ្នកបានដឹង​នូវអមតធម៌​ហើយឬ។ បរិព្វាជក​ឈ្មោះសារីបុត្ត​ឆ្លើយថា អើ អ្នកដ៏មានអាយុ ខ្ញុំបានដឹង​អមតធម៌​ហើយ។ បរិព្វាជក​ឈ្មោះមោគ្គល្លាន​សួរថា អ្នកបានដឹង​នូវអមតធម៌​ដូចម្តេច។ បរិព្វាជក​ឈ្មោះសារីបុត្ត​ឆ្លើយថា នែអាវុសោ ខ្ញុំបានឃើញ​ភិក្ខុឈ្មោះ​អស្សជិ​កំពុង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ប្រកបដោយ​ឥរិយាបថ គឺដើរទៅដើរមក ក្រឡេកមើលទៅ ក្រឡេកមើលផ្សេងៗ បត់ដៃជើង និងលាតដៃជើង មានភ្នែកសង្រួម គួរជាទីជ្រះថ្លា លុះឃើញហើយ ខ្ញុំក៏​មានសេចក្តីត្រិះរិះថា ឱហ្ន៎ ជនទាំងឡាយណាក្នុងលោក​ដែលជា​អរហន្តក្តី ជាអ្នកដល់ហើយ​នូវអរហត្តមគ្គក្តី ភិក្ខុនេះឯង ប្រហែល​ជាពួកនៃ​ជន​ទាំងនោះ បើដូច្នោះ គួរអញ​ចូលទៅរក​ភិក្ខុនេះ​ហើយសួរថា ម្នាលលោកដ៏មានអាយុ លោកម្ចាស់បួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជាគ្រូ​របស់លោក លោកពេញចិត្តនឹង​ធម៌របស់​អ្នកណា នែអ្នកដ៏មានអាយុ ខ្ញុំឯងក៏មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលនេះជាកាល​មិនគួរ​សួរ​ភិក្ខុនេះទេ ភិក្ខុនេះ​ចូលទៅកាន់​ចន្លោះផ្ទះ ហើយត្រាច់​ទៅដើម្បីបិណ្ឌបាត បើដូច្នោះ គួរអញជាប់តាមភិក្ខុនេះ អំពី​ក្រោយៗទៅ​ ក៏ការ​ដែល​​ជាប់តាម​ភិក្ខុនេះ គង់ដឹង​នូវមគ្គញ្ញាណ​ដែលជន​ទាំងឡាយ​គេត្រូវការដឹង ឬភិក្ខុ​នេះ​ឯង ជាអ្នក​ស្វែង​រកនូវព្រះនិព្វាន​ដែលជនទាំងឡាយ​គេត្រូវការដឹង ម្នាលអ្នកដ៏មានអាយុ ពេលនោះ អស្សជិភិក្ខុ​ ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត​ក្នុងក្រុងរាជគ្រឹះ ហើយក៏កាន់យក​បិណ្ឌបាត​ត្រឡប់មកវិញ នែអ្នក​ដ៏មានអាយុ ខ្ញុំក៏ចូលទៅរកអស្សជិភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយ​ជាមួយនឹងអស្សជិភិក្ខុ​ លុះបញ្ចប់ពាក្យដែល​គួររីករាយ និងពាក្យដែលគួរ​រលឹក ល្មមឲ្យ​កើតសេចក្តី​ស្និទ្ធស្នាលហើយ ក៏ឋិត​នៅក្នុង​ទីដ៏សមគួរ ម្នាលអ្នកដ៏មានអាយុ លុះខ្ញុំឋិតនៅក្នុងទីដ៏សមគួរ​ហើយ ក៏បាន​ពោលពាក្យនេះ​នឹង​អស្សជិភិក្ខុថា ម្នាលលោកដ៏មានអាយុ ឥន្ទ្រិយ​ទាំងឡាយ​របស់លោក​ក៏ស្រស់បស់អីម្ល៉េះ សម្បុរស្បែក​របស់លោក​ក៏បរិសុទ្ធផូរផង់ ម្នាលលោកដ៏​មានអាយុ លោកបួស​ចំពោះ​អ្នកណា ម្យ៉ាងទៀត អ្នកណាជា​គ្រូរបស់លោក លោកពេញចិត្ត​ធម៌របស់​អ្នកណា អស្សជិភិក្ខុ​ឆ្លើយថា ម្នាលអ្នកដ៏មានអាយុ មាន​មហាសមណៈ​ ជាសក្យបុត្រ ចេញចាក​សក្យត្រកូល ហើយបួស ខ្ញុំបួសតាមនូវ​ព្រះមហាសមណៈ​ដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់យើង យើងពេញចិត្ត​នូវធម៌​​របស់​ព្រះដ៏មានព្រះភាគ​នោះ (ហើយខ្ញុំសួរទៀត)​ថា គ្រូរបស់លោកដ៏​មានអាយុ មានប្រក្រតី​ពោល​ពាក្យ​ដូចម្តេច សំដែង​ធម៌​ដូចម្តេច ទើបអស្សជិភិក្ខុ​ឆ្លើយថា ម្នាលអ្នកដ៏មានអាយុ អាត្មាឯងជាភិក្ខុថ្មី បួសមិន​ទាន់បាន​យូរទេ ទើបតែនឹងមកកាន់ធម៌វិន័យ​នេះថ្មីៗ អាត្មា​មិនអាច​ដើម្បី​សំដែង​ធម៌ដល់អ្នក ឲ្យ​ពិស្តារ​បានទេ តែថាអាត្មា​នឹងពោល​នូវទំនងសេចក្តី​ដោយសង្ខេបដល់អ្នក​បាន (ខ្ញុំក៏និយាយ​ទៅនឹង​អស្សជិ​ភិក្ខុ​នោះ)​ថា

សូមលោកពោលនូវ​ធម៌​តិចក្តី ច្រើនក្តីឲ្យទាន សូមលោកពោលនូវ​​ទំនង​សេចក្តីតែ​ម្យ៉ាង​ដល់ខ្ញុំ ៗត្រូវការ​ដោយ​សេចក្តី លោក​មិនបាច់សំដែង​ព្យញ្ជនៈ​ឲ្យច្រើនទេ។

[៦៨] ម្នាលអ្នកដ៏មានអាយុ អស្សជិភិក្ខុ ​ក៏បានពោលធម្មបរិយាយ​នេះក្នុងកាលនោះថា

ធម៌​ទាំងឡាយណា គឺខន្ធ៥ តែងកើតអំពីហេតុ ព្រះតថាគត​ពោលនូវ​ហេតុ​នៃ​ធម៌​ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​ណា ព្រះតថាគត​ពោលនូវ​សេចក្តី​រលត់​ និងឧបាយ​ជាគ្រឿង​រលត់​នៃធម៌​ទាំងឡាយ​នោះ ព្រះមហាសមណៈ មានប្រក្រតី​ពោលយ៉ាងនេះ។

[៦៩] កាលនោះ បរិព្វាជក​ឈ្មោះ​មោគ្គល្លាន លុះបានស្តាប់​ធម្មបរិយាយ​នេះហើយ ក៏មាន​ធម្មចក្ខុ គឺសោតាបត្តិមគ្គញ្ញាណ ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ក្នុងចិត្តថា ធម្មជាត​ណាមួយ​ដែល​មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តី​រលត់​ទៅវិញ​ជាធម្មតា។

ទើបបរិព្វាជក​ឈ្មោះមោគ្គល្លាន​ពោលថា និព្វាន​ធម៌នេះ មានប្រាកដមែន លោកម្ចាស់​បានត្រាស់ដឹង​ព្រះនិព្វានដែលគ្មាន​សេចក្តីសោក ព្រះនិព្វាន​នោះ ខ្ញុំ​មិនដែល​បានឃើញ មិនដែលបានជួប​ប្រទះ​ឡើយ ដោយហ្មឺន​នៃកប្បទាំងឡាយជាច្រើន។

[៧០] បរិព្វាជក​ឈ្មោះមោគ្គល្លាន បានពោលពាក្យនេះ​ទៅនឹង​បរិព្វាជក​ឈ្មោះសារីបុត្ត​ក្នុងកាល​នោះថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយនឹងទៅកាន់សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះជាគ្រូ​របស់យើង។ បរិព្វាជក​ឈ្មោះសារីបុត្តឆ្លើយថា ម្នាលអ្នកដ៏មានអាយុ បរិព្វាជក​ចំនួន​២៥០រូបនេះឯង អាស្រ័យ​យើងទាំងឡាយ ​បានឃើញនូវយើង​ទាំងឡាយ ទើបនៅក្នុងទីនេះបាន យើងទាំងឡាយ​ត្រូវ​លា​ពួកបរិព្វាជក​ទាំងនោះសិន ពួកបរិព្វាជក​ទាំងនោះ​នឹងយល់យ៉ាងណា គេក៏ធ្វើ​យ៉ាងនោះចុះ។ កាលនោះ សារីបុត្ត និង​មោគ្គល្លាន​ក៏ចូលទៅរក​ពួកបរិព្វាជក​ទាំងនោះ លុះចូលទៅ​ដល់ហើយ ក៏បាន​ពោល​ពាក្យនេះ​ទៅនឹង​បរិព្វាជកទាំងនោះថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើងទាំងឡាយ។ ពួកបរិព្វាជក​ទាំងនោះ​ឆ្លើយថា យើងទាំងឡាយអាស្រ័យ​នូវលោកទាំងឡាយ​ដ៏មានអាយុ បានឃើញ​នូវលោកទាំងឡាយ​ដ៏មានអាយុ ទើបនៅក្នុងទីនេះបាន បើលោក​ទាំងឡាយដ៏មានអាយុ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ក្នុង​សំណាក់​ព្រះ​មហាសមណៈ យើងទាំងឡាយ​ទាំងអស់គ្នា ក៏នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​មហាសមណៈ​ដែរ។ លំដាប់នោះ សារីបុត្តនិង​មោគ្គល្លាន ក៏ចូលទៅរក​បរិព្វាជក​ឈ្មោះ​សញ្ជយ លុះចូលទៅដល់​ហើយ ក៏បានពោល​នូវពាក្យ​នេះ​នឹងបរិព្វាជក​ឈ្មោះសញ្ជយ​ថា ម្នាលលោកដ៏មានអាយុ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើង​ទាំងឡាយ។ បរិព្វាជក​ឈ្មោះសញ្ជយ​ឆ្លើយ​ថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំងបីនាក់​នឹងគ្រប់គ្រង​រក្សាគណៈ​នេះ។ សារីបុត្តនិង​មោគ្គល្លាន​បានពោលពាក្យនេះ​នឹង​បរិព្វាជក​ឈ្មោះសញ្ជយ​អស់វារៈ​ជាគំរប់​ពីរដងផង។បេ។ អស់វារៈ​គំរប់​បីដងផងថា ម្នាលអ្នកដ៏មានអាយុ យើងទាំងឡាយ​នឹងទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ ៗនោះ​ជាគ្រូរបស់យើង​ទាំងឡាយ។ បរិព្វាជក​ឈ្មោះសញ្ជយ​ឆ្លើយ​ថា ម្នាលអ្នកដ៏មានអាយុ មិនគួរទេ អ្នកទាំងឡាយកុំទៅឡើយ ពួកយើងទាំង៣នាក់​នឹងគ្រប់គ្រង​រក្សា​គណៈ​​នេះ។ គ្រានោះ សារីបុត្តនិងមោគ្គល្លាន ក៏នាំបរិព្វាជក​ចំនួន​២៥០​រូបនោះ ចូលទៅកាន់​វត្តវេឡុវន។ ចំណែកខាងបរិព្វាជក​ឈ្មោះសញ្ជយ ក៏(មានសេចក្តី​ទោមនស្ស​ដុតឡើង) បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ រហូត​ដល់ក្អួតឈាម​ចេញអំពី​មាត់​ក្នុងទីនោះ។

[៧១] ព្រះដ៏មានព្រះភាគ​បានទតឃើញ​សារីបុត្តនិងមោគ្គល្លាន​កំពុងដើរ​មកអំពីចម្ងាយ លុះទត​ឃើញហើយ ក៏ទ្រង់ហៅ​ភិក្ខុទាំងឡាយមក​ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ជន​ជាសំឡាញ់នឹងគ្នា​ទាំងពីរ​នាក់នុ៎ះ ឈ្មោះកោលិតៈ១ ឈ្មោះឧបតិស្សៈ១ នឹងមក​ដល់ឥឡូវ​ហើយ ហ្នឹងហើយជា​គូនៃ​សាវក​របស់​តថាគត​ដែលជាគូ​ដ៏ប្រសើរ ជាគូដ៏​ចំរើន។

ពេលនោះ ព្រះសាស្តា​ទ្រង់ព្យាករ​នូវជន​ទាំងពីរនោះដែល​មាន​ចិត្តយាងចុះ​ក្នុងធម៌​ដ៏ជ្រាល​ជ្រៅ ក្នុងញាណវិស័យ​ ក្នុងធម៌ជាគ្រឿង​អស់ទៅ​នៃ​ឧបធិ​ដ៏ប្រសើរ (ព្រះនិព្វាន) តាំងតែ​ពី​មិនទាន់​មកដល់វត្ត​វេឡុវនថា ជនទាំងពីរ​នាក់ ជាសំឡាញ់​នឹងគ្នានុ៎ះ ឈ្មោះ​កោលិតៈ១ ឈ្មោះ​ឧបតិស្សៈ១ នឹងមកដល់​ឥឡូវ​ហើយ នឹងហើយជាគូ​នៃ​សាវករបស់​តថាគត ដែល​ជាគូ​ដ៏ប្រសើរ ជាគូ​ដ៏ចំរើន។

[៧២] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបសិរសាទៀប​ព្រះបាទទាំងគូ​នៃ​ព្រះដ៏មានព្រះភាគ ហើយបាន​ពោលពាក្យ​នេះ​នឹង​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងឡាយ​គប្បីបាន​បព្វជ្ជា គប្បីបាន​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ​បាន​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរមកចុះ ហើយទ្រង់ត្រាស់​ថា ធម៌តថាគតសំដែងហើយដោយ​ប្រពៃ អ្នកទាំងឡាយ​ចូរប្រព្រឹត្ត​នូវព្រហ្មចរិយធម៌ ដើម្បី​ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុតនៃ​ទុក្ខដោយ​ប្រពៃ​ចុះ។ ព្រះពុទ្ធដីកា​នោះឯង ជាឧបសម្បទា​របស់​លោកដ៏មានអាយុ​ទាំងនោះ។

(អភិញ្ញាតានំ បព្វជ្ជា)

[៧៣] សម័យនោះឯង កុលបុត្រ​ទាំងឡាយ​នៅក្នុងដែន​មគធៈ ដែល​មានកេរ្តិ៍ឈ្មោះ គេ​ដឹងឮ​គ្រប់គ្នា ក៏តែងប្រព្រឹត្តព្រហ្មចរិយធម៌​ក្នុងសំណាក់​​ព្រះដ៏មានព្រះភាគ។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណគោតម ប្រតិបត្តិដើម្បី​ធ្វើមនុស្ស​មិនឲ្យ​មានកូន សមណគោតម​ប្រតិបត្តិ ដើម្បីធ្វើឲ្យស្រី​ទៅជាមេម៉ាយ សមណគោតម ប្រតិបត្តិដើម្បី​ផ្តាច់​បង់ត្រកូល ឥឡូវ​គាត់បំបួស​ជដិល​ចំនួន​មួយពាន់នាក់ ហើយបំបួស​ទាំងបរិព្វាជកចំនួន​២៥០នាក់ ជាពួក​សញ្ជ័យ​នេះទៀត ទាំង​កុលបុត្រ​ទាំងឡាយ​ដែលនៅក្នុង​ដែន​មគធៈ​ដែលមាន​កេរ្តិ៍ឈ្មោះ គេដឹងឮគ្រប់គ្នានេះទៀត ក៏ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងសំណាក់​ព្រះសមណគោតមដែរ។ ឯមនុស្ស​ទាំងឡាយ​ឃើញពួក​ភិក្ខុហើយ ក៏នាំគ្នា​ចោទដោយគាថានេះថា

មហាសមណៈ យាងមកហើយ​កាន់ក្រុង​គិរិព្វជៈ (ភ្នំមានសណ្ឋាន​ដូចជាក្រោល) របស់ពួកជន​នៅក្នុងដែនមគធៈ ព្រះអង្គនាំអស់ពួក​បរិវារ​របស់សញ្ជ័យ​ទៅហើយ ឥឡូវ​នឹងនាំយកអ្នកណាទៅទៀតអេះ។

[៧៤] ពួកភិក្ខុបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ទើបពួក​ភិក្ខុនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំឡេង​នោះនឹងមិនមាន​នៅអស់​កាលដ៏យូរទេ សំឡេង​នោះនឹងមាន​នៅត្រឹម​តែ៧ថ្ងៃ លុះកន្លង​៧ថ្ងៃ​ទៅ នឹង​អន្តរធាន​បាត់ទៅឯង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា ចោទអ្នក​ទាំងឡាយ​ដោយគាថា​នេះថា

មហាសមណៈយាងមកហើយកាន់ក្រុង​គិរិព្វជៈ របស់ពួកជន​ក្នុងដែន​មគធៈ លោកនាំ​ទៅនូវពួក​សញ្ជ័យ​ទាំងអស់ហើយ ឥឡូវ​នេះនឹងនាំ​អ្នកណាទៅទៀតអេះ។ (បើដូច្នោះ) អ្នកទាំងឡាយ ចូរចោទ​ជនទាំងនោះដោយ​គាថានេះវិញថា ព្រះតថាគត​ទាំងឡាយ​មាន​សេចក្តីព្យាយាមដ៏មាំ ណែនាំ​សត្វដោយ​ព្រះសទ្ធម្ម​ដ៏ប្រពៃពិត ហេតុដូចម្តេច​ក៏មាន​សេចក្តី​ច្រណែន នឹងពួក​អ្នកប្រាជ្ញ ដែលជាអ្នក​ណែនាំ​សត្វដោយ​ធម៌ (នោះឯង)។

[៧៥] សម័យ​នោះឯង ពួកមនុស្សឃើញ​ភិក្ខុទាំងឡាយហើយ ចោទដោយគាថានេះថា ​

មហាសមណៈយាងមកហើយកាន់ក្រុង​គិរិព្វជៈ របស់ពួកជន​​មគធៈ នាំយកពួកបរិវារ​របស់​សញ្ជ័យ​ទាំងពួងទៅហើយ ឥឡូវ​នេះនឹងនាំយក​អ្នកណាទៅទៀតហ្ន៎។

ភិក្ខុទាំងឡាយ ចោទតបនឹងមនុស្ស​ទាំងនោះដោយ​គាថានេះថា ព្រះតថាគត​ទាំងឡាយ​មាន​សេចក្តីព្យាយាមដ៏មាំ ណែនាំ​សត្វដោយ​ព្រះសទ្ធម្ម​ដ៏ប្រពៃពិត ហេតុដូចម្តេច​ក៏មាន​សេចក្តី​ច្រណែនពួក​អ្នកប្រាជ្ញ ដែលជាអ្នក​ណែនាំ​សត្វដោយ​ធម៌ (នោះឯង)។

[៧៦] ពួកមនុស្សពោលពាក្យយ៉ាងនេះថា បានឮថា សមណៈ​ទាំងឡាយជាសក្យបុត្រ ណែនាំ​សត្វដោយធម៌ មិនមែន​ណែនាំ​ដោយសភាវៈ​មិនមែនធម៌ទេ។ សំឡេង​នោះក៏​មានត្រឹម​តែ​៧ថ្ងៃ លុះកន្លង​៧ថ្ងៃ​ ក៏អន្តរធាន​បាត់ទៅឯង។

ចប់ បព្វជ្ជា​របស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន។

ចប់ ភាណវារៈជាគំរប់៤។

 

1)
អដ្ឋកថា ធម៌ទាំងឡាយណា ជាផល គឺទុក្ខសច្ច តែងកើត​ឡើងអំពី​ហេតុ គឺសមុទយសច្ច ព្រះតថាគតតែង​ពោលនូវ​សមុទយសច្ចថា ជាហេតុ​ផ្តើម​ឡើង​ឲ្យ​កើតនូវធម៌ទាំងឡាយ គឺទុក្ខសច្ចនោះ ធម៌ណាជាផល គឺកន្លែងរលត់​នៃទុក្ខសច្ច និងសមុទយសច្ចទាំងនោះក្តី ធម៌ណាជាហេតុ ជាឧបាយ ដើម្បីញុំាងទុក្ខសច្ច និងសមុទយសច្ច មិនឲ្យប្រព្រឹត្តទៅបានក្តី ព្រះតថាគត​មានប្រក្រតី​ពោលនូវ​ធម៌​ទាំងនោះ។ អធិប្បាយថា ព្រះតថាគតតែង​សំដែងនូវអរិយសច្ច​ទាំង៤យ៉ាងថា ទុក្ខសច្ច​ជាផលនៃ​សេចក្តីទុក្ខទាំងពួង សមុទយសច្ច ជាហេតុនាំឲ្យកើតទុក្ខ​ទាំងពួង និរោធសច្ច​ជាផលនៃ​សេចក្តីសុខទាំងពួង មគ្គសច្ច ជាហេតុ​នាំឲ្យកើត​សេចក្តីសុខ​ទាំងពួង។
km/tipitaka/vin/mv/vin.mv.01.14.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann