km:tipitaka:vin:mv:vin.mv.01.24

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៤. ឧបសម្បាទេតព្វឆក្កំ

សង្ខេប

?

mv 01.24 បាលី cs-km: vin.mv.01.24 អដ្ឋកថា: vin.mv.01.24_att PTS: ?

ឧបសម្បាទេតព្វឆក្កំ (ទី២៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(ឧបសម្បាទេតព្វឆក្កសោឡសវារៈ (២៤.))

[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន គឺភិក្ខុមិនប្រកបដោយ​សីលក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកប​ដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់​ដប់១ ​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុប្រកបដោយ​សីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​បញ្ញាខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សា​ដប់ ឬមានវស្សា​ច្រើនជាង​ដប់ឡើងទៅ១ ​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​​បម្រើខ្លួនទេ គឺភិក្ខុ​មិន​ប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវសីលក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ ដោយខ្លួនឯង មិនបាន​ដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវសមាធិក្ខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួន​ឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវបញ្ញាខន្ធ​ជាអសេក្ខៈ១ មិនប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវវិមុត្តិក្ខន្ធ​ជាអសេក្ខៈ១ មិនបានប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង មិនបានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សាមិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុ​ប្រកប​ដោយ​សីលក្ខន្ធជាអសេក្ខៈ​ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវសីលក្ខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​សមាធិក្ខន្ធ​ជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់យក​នូវ​សមាធិក្ខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​បញ្ញាខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យកាន់​យក​នូវបញ្ញាខន្ធ​ជាអសេក្ខៈ១ ប្រកបដោយ​វិមុត្តិក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បានដឹកនាំ​អ្នកដទៃ​ឲ្យ​កាន់​យកនូវវិមុត្តិក្ខន្ធ​ជាអសេក្ខៈ១ ប្រកប​ដោយ​វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ដោយខ្លួនឯង បាន​ដឹកនាំ​អ្នកដទៃ​ឲ្យកាន់យកនូវ​វិមុត្តិញ្ញាណទស្សនក្ខន្ធ​ជាអសេក្ខៈ១ មានវស្សា​ដប់ ឬមានវស្សា​ច្រើន​ជាង​ដប់​ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ៦ដទៃទៀត មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ គឺភិក្ខុគ្មានសទ្ធា១ មិនខ្មាសបាប១ មិនខ្លាចបាប១ ខ្ជិល១ ភ្លេចស្មារតី១ មានវស្សាមិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ​ទាំង៦​នេះឯង មិន​គួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​​អង្គ៦ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន គឺភិក្ខុមានសទ្ធា១ មាន​សេចក្តី​ខ្មាសបាប១ មានសេចក្តីខ្លាចបាប១ ប្រារព្ធ​ព្យាយាម​ជាប់១ មានសតិ​ខ្ជាប់ខ្ជួន១ មានវស្សា​ដប់ ឬ​មាន​វស្សា​ច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គ​ទាំង៦​នេះឯង គួរឲ្យ​ឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ​៦​ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុវិបត្តិចាកសីល ក្នុង​អធិសីល១ វិបត្តិចាកមារយាទ ក្នុង​អជ្ឈាចារ១ វិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ គឺភិក្ខុលះបង់​សម្មាទិដ្ឋិ ហើយទៅប្រកប​ដោយ​អន្តគាហិកទិដ្ឋិវិញ១ ចេះដឹងតិច១ អាប់ឥតប្រាជ្ញា១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន គឺភិក្ខុមិន​បានវិបត្តិចាកសីល ក្នុង​អធិសីល១ មិនបានវិបត្តិចាកមារយាទ ក្នុង​អជ្ឈាចារ១ មិនបានវិបត្តិចាកទិដ្ឋិ ក្នុងសម្មាទិដ្ឋិ១ ចេះដឹងច្រើន១ មានប្រាជ្ញា១ មានវស្សាដប់ ឬមាន​វស្សា​ច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនអាចដើម្បី​បម្រើ​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបម្រើក្តី នូវ​អន្តេវាសិក ឬនូវ​សទ្ធិវិហារិក​ដែលមានជម្ងឺ​១ មិនអាចដើម្បី​បំបាត់​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបំបាត់ក្តី នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬ​សទ្ធិវិហារិក​១ មិនអាចដើម្បី​បន្ទោបង់​ដោយ​ខ្លួន​ឯងក្តី ឲ្យគេបន្ទោបង់ក្តី ​នូវសេចក្តី​សង្ស័យ​ដែល​កើត​ឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិក​ដោយធម៌១ មិនស្គាល់អាបត្តិ១ មិនស្គាល់​វិធីដែលចេញ​ចាកអាបត្តិ១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួន​បាន គឺភិក្ខុអាចដើម្បី​បម្រើដោយខ្លួនឯងក្តី ឲ្យគេបម្រើក្តីនូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ដែលមានជម្ងឺ​១ អាចដើម្បី​បំបាត់​ដោយខ្លួនឯងក្តី ឲ្យគេបំបាត់ក្តី នូវ​សេចក្តី​អផ្សុក​របស់អន្តេវាសិក ឬរបស់​សទ្ធិវិហារិក១ អាច​បន្ទោបង់​ដោយ​ខ្លួន​ឯង​ក្តី ឲ្យគេបន្ទោបង់ក្តី ​នូវសេចក្តី​សង្ស័យ​​ដែល​កើត​ឡើងចំពោះអន្តេវាសិក ឬសទ្ធិវិហារិក​ ដោយធម៌១ ស្គាល់អាបត្តិ១ ស្គាល់​វិធីដែលចេញ​ចាកអាបត្តិ១ មានវស្សាដប់ ឬច្រើនជាងដប់ឡើងទៅ១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៥៦នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនអាចដើម្បី​ញុំាង​អន្តេវាសិក ឬ​សទ្ធិវិហារិកឲ្យសិក្សាក្នុង​អភិសមាចារិកាសិក្ខា (ខន្ធកវគ្គ)១ មិនអាច​ដើម្បីទូន្មាន​នូវអន្តេវាសិក ឬសទ្ធិវិហារិក​​ក្នុង​អាទិព្រហ្មចរិយកាសិក្ខា (សេក្ខប្បញ្ញត្តិ)១ មិនអាចដើម្បីទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងអភិធម្ម​១ មិនអាច​ដើម្បី​ទូន្មាន​នូវ​អន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិ​វិន័យ១ មិនអាចដើម្បីដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែលកើតឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាមិនទាន់គ្រប់ដប់១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន គឺភិក្ខុ​អាចដើម្បី​ញុំាង​អន្តេវាសិក ឬ​សទ្ធិវិហារិក ក្នុង​អភិសមាចារិកាសិក្ខា១ អាច​ដើម្បីទូន្មាន​នូវ​អន្តេវាសិក ឬសទ្ធិវិហារិក​ក្នុង​អាទិព្រហ្មចរិយកាសិក្ខា១ អាចដើម្បីទូន្មាននូវ​អន្តេវាសិក ឬ​សទ្ធិវិហារិក​ក្នុងអភិធម្ម១ អាចដើម្បីទូន្មាននូវអន្តេវាសិក ឬសទ្ធិវិហារិកក្នុងអភិវិន័យ១ អាចដើម្បីដោះស្រាយនូវ​ទិដ្ឋិ​ខុស ដែលកើតឡើង​ចំពោះ​អន្តេវាសិក ឬសទ្ធិវិហារិកដោយធម៌១ មានវស្សាដប់ ឬមានវស្សាច្រើនជាង​ដប់ឡើងទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំង៦​នេះឯង គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ដទៃទៀត មិនគួរ​ឲ្យ​ឧបសម្បទា មិនគួរ​ឲ្យ​និស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើ​ទេ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់អនាបត្តិ១ មិនស្គាល់​លហុកាបត្តិ១ មិនស្គាល់​គរុកាបត្តិ១ មិនបាន​ចេះចាំ​ស្ទាត់នូវបាតិមោក្ខ​ទាំងពីរដោយពិស្តារ មិនបានចែក​ដោយល្អ មិនបានប្រព្រឹត្តទៅដោយល្អ មិន​បាន​វិនិច្ឆ័យ​ដោយត្រឹមត្រូវតាមសុត្ត តាមអនុព្យញ្ជនៈ១ មាន​វស្សាមិនទាន់គ្រប់​ដប់១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦​នេះឯង មិនគួរឲ្យឧបសម្បទា មិន​គួរ​ឲ្យនិស្ស័យ មិនគួរ​ឲ្យ​សាមណេរ​បម្រើទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គ៦ គួរ​ឲ្យ​ឧបសម្បទា គួរ​ឲ្យ​និស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើ​បាន គឺភិក្ខុ​ស្គាល់​អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់​លហុកាបត្តិ១ ស្គាល់​គរុកាបត្តិ១ ​ចេះចាំស្ទាត់​នូវបាតិមោក្ខ​ទាំងពីរដោយ​ពិស្តារ ចែក​ចេញដោយល្អ ប្រព្រឹត្ត​ទៅដោយល្អ វិនិច្ឆ័យ​ដោយត្រឹមត្រូវ​តាមសុត្ត តាមអនុព្យញ្ជនៈ១ មានវស្សាដប់ ឬច្រើនជាង​ដប់​ឡើង​ទៅ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ៦​នេះ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរ​ឲ្យ​សាមណេរ​បម្រើខ្លួនបាន។

ចប់ ឧបសម្បាទេតព្វឆក្កសោឡសវារៈ។

 

km/tipitaka/vin/mv/vin.mv.01.24.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann