km:tipitaka:vin:mv:vin.mv.01.25

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៥. អញ្ញតិត្តិយបុព្វកថា

សង្ខេប

?

mv 01.25 បាលី cs-km: vin.mv.01.25 អដ្ឋកថា: vin.mv.01.25_att PTS: ?

អញ្ញតិត្តិយបុព្វកថា (ទី២៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៥.)

[១០០] សម័យនោះឯង ភិក្ខុណាដែលធ្លាប់​ជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍​​និយាយ​ប្រដៅ​ប្រកប​ដោយធម៌ហើយ ក៏ពោលតិះដៀល​ឧបជ្ឈាយ៍ ហើយរត់​ចូលទៅ​កាន់លទ្ធិតិរ្ថិយ​នោះដូច​ដែលវិញ។ បុគ្គល​នោះវិលត្រឡប់​មកសូម​ឧបសម្បទា​នឹងភិក្ខុទាំងឡាយ​ម្តងទៀត។ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលធ្លាប់​ជាតិរ្ថិយដទៃហើយ កាលបើឧបជ្ឈាយ៍​និយាយប្រដៅ​ប្រកបដោយធម៌ហើយ ក៏ពោល​តិះដៀល​ឧបជ្ឈាយ៍ ហើយរត់ចៀសទៅកាន់លទ្ធិ​តិរ្ថិយនោះដូចដែលវិញ លុះបុគ្គល​នោះត្រឡប់​មកវិញ សង្ឃមិនត្រូវ​ឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គល​ណាឯទៀត ធ្លាប់ជាតិរ្ថិយ​ដទៃ ហើយប្រាថ្នា​បព្វជ្ជា ប្រាថ្នា​ឧបសម្បទា​ក្នុងធម៌វិន័យនេះ សង្ឃត្រូវឲ្យបរិវាស​ដល់បុគ្គល​នោះកំណត់​ត្រឹម​៤ខែ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស​បែបយ៉ាងនេះ។ គឺភិក្ខុត្រូវឲ្យបុគ្គលនោះ​កោរសក់ និងពុកមាត់​ជាមុន រួចហើយឲ្យស្លៀកដណ្តប់​សំពត់កាសាយៈ ហើយឲ្យគ្រងចីពរ​ឆៀងស្មាម្ខាងរួចហើយ ឲ្យថ្វាយបង្គំ​បាទាភិក្ខុទាំងឡាយ រួចឲ្យអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់ថា អ្នកឯង​ចូរ​ពោល​យ៉ាងនេះ គឺត្រូវ​ពោលថា ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណាសូមដល់នូវ​ព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា​សូមដល់នូវ​ព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ធ្លាប់​ជាតិរ្ថិយ​ដទៃ​នោះ ត្រូវចូលទៅកាន់​ជំនុំសង្ឃ ហើយពាក់ចីពរឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទា​ភិក្ខុ​ទាំងឡាយ ហើយ​អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយគប្បីពោល​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំ​ព្រះករុណាឈ្មោះនេះ ធ្លាប់ជាតិរ្ថិយ​ដទៃ ប្រាថ្នានូវឧបសម្បទា​ក្នុងធម៌វិន័យ​នេះ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំព្រះករុណានោះសូមបរិវាស​នឹងសង្ឃ​អស់៤ខែ។ បុគ្គលនោះ គប្បីសូមជា​គំរប់​ពីរដង គប្បីសូម​ជាគំរប់​បីដង។ ភិក្ខុដែលឆ្លាសប្រតិពល ត្រូវផ្តៀងសង្ឃ​ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវ​ឧបសម្បទាក្នុងធម៌​វិន័យ​នេះ ឥឡូវបុគ្គល​នោះ​សូម​បរិវាស​នឹងសង្ឃអស់៤ខែ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគួរ​ឲ្យបរិវាស​ដល់កុលបុត្រ​ឈ្មោះនេះ ដែល​ធ្លាប់ជាតិរ្ថិយដទៃ​អស់៤ខែចុះ។ នេះជាពាក្យផ្តៀងសង្ឃឲ្យ​ដឹង។ បពិត្រព្រះសង្ឃ​ដ៏​ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ធ្លាប់ជាតិរ្ថិយដទៃ ប្រាថ្នានូវ​ឧបសម្បទាក្នុងធម៌​វិន័យ​នេះ។ បុគ្គលនោះសូមបរិវាស​នឹងសង្ឃកំណត់៤ខែ។ ឥឡូវ​សង្ឃឲ្យបរិវាស​ដល់បុគ្គលនេះ ដែល​ធ្លាប់ជា​តិរ្ថិយដទៃ​កំណត់៤ខែ។ ការឲ្យបរិវាស​ដល់បុគ្គល​ឈ្មោះនេះ ដែល​ធ្លាប់ជាតិរ្ថិយ​ដទៃកំណត់​៤ខែ គួរដល់​លោកម្ចាស់ដ៏មានអាយុអង្គណា លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បីស្ងៀមនៅចុះ មិនគួរ​ដល់លោកម្ចាស់ដ៏មានអាយុអង្គណាទេ លោកម្ចាស់ដ៏មានអាយុអង្គនោះ គប្បី​ពោលឡើង។ សង្ឃបានឲ្យបរិវាស​ដល់បុគ្គលឈ្មោះនេះ ដែលធ្លាប់ជា​តិរ្ថិយ​ដទៃកំណត់​៤ខែហើយ។ ការឲ្យ​តិត្ថិយបរិវាស​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំ​ទុកនូវ​សេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ​ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះឯង។ (បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃខ្លះ) មិនបានញុំាង​សង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ចូល​ទៅកាន់ស្រុកហួសកាល ហួសវេលា ត្រឡប់មកវិញក្នុងវេលាថ្ងៃពេក (ហួសថ្ងៃ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា​មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ គោចរ​ទៅកាន់​សំណាក់​ស្រីផ្កាមាស​ក្តី គោចរទៅកាន់សំណាក់ស្រីមេម៉ាយក្តី គោចរទៅកាន់សំណាក់កុមារីធាត់ (ក្រមុំចាស់)ក្តី គោចរ​ទៅកាន់​សំណាក់មនុស្សខ្ទើយក្តី គោចរទៅកាន់សំណាក់ភិក្ខុនីក្តី។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដទៃមានតទៅទៀត អស់ទាំងការងារធំតូច​ទាំងឡាយណា​របស់​សព្រហ្មចារី​បុគ្គលទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ក៏មិនបានវាងវៃក្នុង​ការងារនោះឡើយ ជាបុគ្គល​ខ្ជិល មិនប្រកបដោយ​បញ្ញា​ពិចារណា​ជាឧបាយ​ក្នុងការងារ​ធំតូចនោះ មិនអាច​ដើម្បី​ធ្វើបាន មិនអាច​ដើម្បី​ចាត់ចែងបាន។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឥតមានសេចក្តី​ប្រាថ្នា​ដ៏ក្លៀវក្លា​ក្នុងបាឡី អដ្ឋកថា អធិសីល (បាតិមោក្ខសំវរសីល) អធិចិត្ត (លោកិយសមាធិភាវនា) និង​អធិប្បញ្ញា (លោកុត្តរមគ្គភាវនា) ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ បានចេញចាក​លទ្ធិតិរ្ថិយ​របស់សាស្តាណា​ហើយ ដល់វេលាមានគេពោល​តិះដៀល​​ចំពោះសាស្តានោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាម​សេចក្តី​​ពេញចិត្ត​របស់សាស្តានោះ តាមសេចក្តី​ប្រកាន់របស់សាស្តា​នោះ ក៏ស្រាប់តែ​ខឹង តូចចិត្ត ឥតមាន​ត្រេកអរឡើយ កាលបើ​មានគេពោល​តិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះ​សង្ឃវិញ ក៏សប្បាយចិត្ត មាន​កាយ​និងចិត្តអណ្តែតឡើង ហើយត្រេកអរ​ពេកណាស់ ម្យ៉ាងទៀត បើចេញ​ចាកពីលទ្ធិ​តិរ្ថិយ​របស់​សាស្តា​ណាហើយ កាលបើមានគេពោលសរសើរចំពោះ​សាស្តា​នោះ តាមទិដ្ឋិរបស់សាស្តានោះ តាម​សេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់សាស្តានោះ តាមសេចក្តី​ប្រកាន់​របស់​សាស្តា​នោះ ក៏សប្បាយចិត្ត មានកាយនិងចិត្តអណ្តែតឡើង ហើយមាន​សេចក្តី​ត្រេកអរ​ពេកណាស់ កាល​បើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬព្រះសង្ឃវិញហើយ ក៏ខឹង​តូចចិត្ត ឥតត្រេកអរឡើយ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះហើយ ជាហេតុដ៏ឆ្នើម (ជាកំពូល) ក្នុងកិរិយាដែល​ មិន​បានញុំាងសង្ឃ​ឲ្យត្រេកអរ​ របស់បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះ​ថា មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ បើត្រឡប់​មកវិញ សង្ឃ​មិនត្រូវឲ្យ​ឧបសម្បទា​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរបាន នោះតើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានបុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ចូល​ទៅកាន់​ស្រុក​មិន​ឲ្យហួសពេល ត្រឡប់ចេញមកវិញ ក៏មិនឲ្យហួសថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា​បានញុំាងសង្ឃ​ឲ្យត្រេកអរបែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ មិនបានគោចរ​ទៅកាន់សំណាក់ស្រីផ្កាមាស មិនបានគោចរ​ទៅកាន់​សំណាក់ស្រីមេម៉ាយ មិនបានគោចរទៅកាន់សំណាក់កុមារីដ៏ធាត់ (ក្រមុំចាស់) មិនបានគោចរ​ទៅកាន់​សំណាក់​មនុស្សខ្ទើយ មិនបានគោចរទៅកាន់សំណាក់ភិក្ខុនី។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បានញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដទៃ​មាន​តទៅ​ទៀត ការងារធំតូច​របស់​សព្រហ្មចារី​បុគ្គលទាំងឡាយឯណា បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ក៏​វាងវៃ​ក្នុង​ការងារនោះ ជាបុគ្គលមិន​ខ្ជិល ប្រកបដោយ​បញ្ញាពិចារណា​ជាឧបាយ​ក្នុងការងារនោះ អាច​ដើម្បី​ធ្វើបាន អាច​ដើម្បី​ចាត់ចែងបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បាន​ញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ មានសេចក្តី​ប្រាថ្នា​ដ៏ក្លៀវក្លា​ក្នុងបាឡី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា បាន​ញុំាងសង្ឃ​ឲ្យត្រេកអរ​បែបនេះ​ក៏​មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត បុគ្គល​ដែលធ្លាប់​ជា​តិរ្ថិយ​ដទៃ បានចេញចាក​លទ្ធិតិរ្ថិយ​របស់សាស្តាណា​ហើយ កាលបើមានគេពោល​តិះដៀល​ចំពោះសាស្តានោះ តាមទិដ្ឋិ​របស់​សាស្តា​នោះ តាមសេចក្តី​គាប់ចិត្តរបស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់សាស្តានោះ តាមសេចក្តី​ប្រកាន់​របស់សាស្តា​នោះ ក៏សប្បាយចិត្ត មានកាយនិងចិត្ត​អណ្តែតឡើងហើយ ត្រេកអរពេកណាស់ កាលបើ​មានគេពោល​តិះដៀល ព្រះពុទ្ធ ព្រះធម៌ ឬព្រះ​សង្ឃហើយ ក៏ត្រឡប់ជាខឹងតូចចិត្ត ឥតត្រេកអរ​ឡើយ ម្យ៉ាងទៀត ប្រសិនបើបុគ្គល​ដែល​ធ្លាប់​ជាតិរ្ថិយ​ដទៃ បានចេញ​ចាកពីលទ្ធិ​តិរ្ថិយ​របស់សាស្តា​ណា​ហើយ កាលបើមានគេពោលសរសើរចំពោះ​សាស្តា​នោះ តាមទិដ្ឋិរបស់សាស្តានោះ តាមសេចក្តី​គាប់​ចិត្ត​របស់​សាស្តានោះ តាមសេចក្តី​ពេញចិត្ត​របស់​សាស្តា​នោះ តាមសេចក្តី​ប្រកាន់របស់សាស្តា​នោះហើយ ក៏ខឹង តូចចិត្ត ឥតមានសេចក្តី​ត្រេកអរ​ឡើយ កាលបើមានគេពោលសរសើរព្រះពុទ្ធ ព្រះធម៌ ឬ​ព្រះសង្ឃ​វិញ ក៏សប្បាយចិត្ត មានកាយ​និងចិត្ត​អណ្តែត​ឡើង ​​ត្រេកអរ​ក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ជាហេតុដ៏ឆ្នើម ជាកំពូល ក្នុងកិរិយា​ញុំាង​សង្ឃ​ឲ្យត្រេកអរ​ របស់បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ ឈ្មោះថា ញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ (បើ) បុគ្គល​ដែលធ្លាប់ជា​តិរ្ថិយ​ដទៃ បានញុំាងសង្ឃ​ឲ្យត្រេកអរ​យ៉ាងនេះ​ហើយ លុះត្រឡប់​មកវិញ សង្ឃគួរឲ្យ​ឧបសម្បទាចុះ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គល​ដែលធ្លាប់​ជា​តិរ្ថិយ​ដទៃ មានកាយ​អាក្រាតដើរមក សង្ឃត្រូវ​ស្វែងរក​ចីវរ មានឧបជ្ឈាយ៍​ជាមូលឲ្យ (គឺធ្វើឧបជ្ឈាយ៍​ឲ្យជាធំ) ប្រសិនបើបុគ្គលនោះ មិនទាន់​បាន​កោរសក់នៅឡើយទេ ហើយដើរមក ភិក្ខុត្រូវផ្តៀងសង្ឃ ដើម្បី​ធ្វើភណ្ឌុកម្មឲ្យ (ដើម្បី​កោរសក់ឲ្យ1) )ចុះ។ ម្នាលភិក្ខុទាំងឡាយ ពួក​ជនណាជាតាបស ជាអ្នកបូជាភ្លើង (បើ) ជនទាំងនោះ​បានមកហើយ សង្ឃគួរ​ឲ្យឧបសម្បទាបាន សង្ឃ​មិនចាំបាច់​ឲ្យបរិវាស​ដល់ជន​ទាំងនោះ​ឡើយ។ ការដែលមិនចាំបាច់​ឲ្យបរិវាសនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ពួកជន​ទាំងនោះជាកម្មវាទី (គឺ​ពោលថាកម្ម​មាន ថាផលកម្មក៏មាន) ជាកិរិយវាទី (គឺពោល​ថាផលបុណ្យ​បាប​កើត​ពីកិរិយាធ្វើ)។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​ជាសាកិយ​ដោយ​ជាតិ ធ្លាប់ជាតិរិ្ថយដទៃ មក(សូម​ឧបសម្បទា) បុគ្គលនោះ លុះមកហើយ សង្ឃគួរឲ្យ​ឧបសម្បទា​ចុះ សង្ឃ​កុំចាំបាច់​ឲ្យបរិវាស​ដល់​បុគ្គល​នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដ្បិត​តថាគតឲ្យ​ការបរិហារ (សេចក្តីរក្សា) នេះ ឲ្យផ្សេងគ្នា​ដល់​ពួកញាតិ។

ចប់ អញ្ញតិត្តិយបុព្វកថា។

ចប់ ភាណវារៈទី៧។

 

1)
នឹងមាន​សំដែង​ទៅខាងមុខ
km/tipitaka/vin/mv/vin.mv.01.25.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann