User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.26

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៦. បញ្ចាពាធវត្ថុ

សង្ខេប

?

mv 01.26 បាលី cs-km: vin.mv.01.26 អដ្ឋកថា: vin.mv.01.26_att PTS: ?

បញ្ចាពាធវត្ថុ (ទី២៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៦.)

[១០១] សម័យនោះ អាពាធទាំងឡាយ៥យ៉ាង គឺឃ្លង់ ពក ស្រែង រោគរីងរៃ និងឆ្កួតជ្រូក កើតមាន​ច្រើន ក្នុងដែនមគធៈ។ ពួកមនុស្សដែលកើតរោគ​ទាំង៥យ៉ាង បានចូល​ទៅរកពេទ្យ ឈ្មោះ​ជីវកកោមារភត្យ ហើយនិយាយ​យ៉ាងនេះថា បពិត្រលោកអាចារ្យ សូមលោកមេត្តា​ថែរក្សាជម្ងឺ​យើង​ទាំងឡាយផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើនពេក (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកទាំងឡាយ) បានទេ។ មនុស្សទាំងនោះ​និយាយ​អង្វរថា បពិត្រលោកអាចារ្យ សម្បត្តិទាំងអស់​ (របស់យើងៗជូន)លោក ឯយើងទាំងអស់​គ្នាសោត ក៏នៅជាខ្ញុំលោកទៀត បពិត្រលោកអាចារ្យ សូមលោក​មេត្តាថែរក្សា​ជម្ងឺយើងទាំងឡាយ​ផង។ គ្រូពេទ្យនិយាយប្រាប់ថា ម្នាលអ្នកទាំងឡាយ ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវ​ថែរក្សាព្រះបាទ​ពិម្ពិសារសេនិយជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកទាំងឡាយ) បានទេ។ គ្រានោះ ពួកមនុស្ស​អម្បាលនោះមានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ពួកសមណៈ​ជាសក្យបុត្រ​នេះឯង មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខ​ប្រព្រឹត្តទៅ​ស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេក​ដែលខ្យល់​ចូលមិនបាន បើដូច្នោះ គួរតែយើងទាំងអស់​បួស​ក្នុង​ពួកសមណៈ ជាសក្យបុត្រ​ចុះ ភិក្ខុទាំងឡាយនឹងបានបម្រើផង ពេទ្យឈ្មោះ​ជីវកកោមារភត្យ​នឹងបាន​ថែរក្សា​ជម្ងឺផង ក្នុងទីនោះ​មិនខានឡើយ។ គ្រានោះ ពួកមនុស្ស​ទាំងនោះ ក៏ចូល​ទៅរក​ភិក្ខុ​ទាំងឡាយហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយ ឲ្យបព្វជ្ជា ឧបសម្បទា​មនុស្សទាំងនោះ។ (លុះឲ្យបព្វជ្ជា ឧបសម្បទាហើយ) ភិក្ខុទាំងឡាយក៏បម្រើពួក​ភិក្ខុដែល​មានជម្ងឺនោះ ពេទ្យឈ្មោះជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺនោះមែន។ សម័យនោះឯង ភិក្ខុទាំងឡាយ​កាលបម្រើភិក្ខុឈឺ​ជាច្រើនរូប ក៏រមែង​សូមគេច្រើនពេក អង្គាសគេច្រើនពេក ដោយពាក្យថា អ្នកទាំងឡាយចូរឲ្យនូវ​គិលានភត្ត (ភត្ត​ដែល​ប្រគេន​ដល់ភិក្ខុឈឺ) នូវគិលានុបដ្ឋាកភត្ត (ភត្តដែល​គេប្រគេន​ដល់ភិក្ខុអ្នក​បម្រើភិក្ខុឈឺ) នូវគិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជម្ងឺ)។ ឯជីវកកោមារភត្យ កាលបើថែទាំរក្សា​ភិក្ខុឈឺ​ច្រើនរូប​ហើយ ក៏ចោលរាជកិច្ចខ្លះចេញ។ មានបុរសម្នាក់ទៀត មានអាពាធ​គ្រប់ទាំង៥ ​ក៏ចូល​ទៅរក​ជីវកកោមារភត្យ ហើយនិយាយពាក្យនេះថា បពិត្រលោកអាចារ្យ សូមលោករក្សាជម្ងឺ​ខ្ញុំផង។ ជីវកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយៈជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកឯង) បានទេ។ បុរសនោះនិយាយអង្វរថា បពិត្រលោកអាចារ្យ សម្បត្តិ​ទាំងអស់​(របស់ខ្ញុំ​ៗនឹងជូន)លោក ទាំងខ្លួនខ្ញុំសោត ក៏នឹងនៅជាខ្ញុំ​លោក បពិត្រលោកអាចារ្យ សូមលោកមេត្តា​ថែរក្សាជម្ងឺ​ខ្ញុំផង។ ជីវរកកោមារភត្យនិយាយប្រាប់ថា ម្នាលអ្នក ខ្ញុំមានកិច្ចច្រើន មានការរវល់ច្រើន (សព្វថ្ងៃនេះ) ខ្ញុំត្រូវថែរក្សាព្រះបាទ​ពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែន​មគធៈផង ស្រីស្នំផង ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធានផង ខ្ញុំមិនអាច​នឹង​ថែរក្សា​ជម្ងឺ (អ្នកឯង) បានទេ។ គ្រានោះ បុរសនោះមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា ពួកសមណៈ​ជាសក្យបុត្រទាំង​នេះ មានសេចក្តីសុខជាប្រក្រតី មានសេចក្តីសុខ​ប្រព្រឹត្តទៅ​ស្មើ ឆាន់តែភោជនល្អ សិងតែលើដំណេក​ដែលខ្យល់​ចូលមិនបាន បើដូច្នោះ គួរតែអញបួស​ក្នុង​ពួក​សមណៈ ជាសក្យបុត្រ​ចុះ ភិក្ខុទាំងឡាយនឹងបម្រើផង ជីវកកោមារភត្យ​នឹង​ថែរក្សា​ជម្ងឺផង ក្នុងទីនោះ​មិនខាន លុះខ្លួនអញ​ជារោគកាលណាហើយ នឹងសឹក(មកវិញ)។ លំដាប់នោះ បុរសនោះចូល​ទៅរក​ភិក្ខុ​ទាំងឡាយហើយសូមនូវផ្នួស។ ភិក្ខុទាំងនោះ ឲ្យបព្វជ្ជា ឧបសម្បទា​បុរសនោះ។ ភិក្ខុទាំងឡាយ​ក៏​បម្រើផង ជីវកកោមារភត្យ ក៏ថែរក្សាជម្ងឺបុរសនោះផង។ លុះភិក្ខុនោះបានជារោគ​ហើយ ក៏សឹកទៅវិញ។ ជីវកកោមារភត្យ បានឃើញបុរសដែល​សឹកនោះ លុះឃើញហើយ ក៏សួរ​បុរស​នោះថា នែអ្នក អ្នកឯងឬអ្វី ដែលកាលពីដើម​ឃើញបួស​នឹងភិក្ខុទាំងឡាយ។ បុរសនោះឆ្លើយថា ហ្នឹងហើយ ​លោកអាចារ្យ។ ជីវកកោមារភត្យសួរថា នែអ្នក ហេតុដូចម្តេចបានជាអ្នក​ឯងធ្វើដូច្នេះ។ បុរស​នោះ​ក៏ប្រាប់​រឿងនុ៎ះ​ដល់ជីវកកោមារភត្យ។ ជីវកកោមារភត្យ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសម​បើលោកម្ចាស់​ទាំងឡាយ​មកបំបួសមនុស្ស​ដែលមានអាពាធ​ទាំង៥យ៉ាង (ដូច្នេះ)សោះ។ គ្រានោះ ជីវកកោមារភត្យ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំ​ រួចអង្គុយ​ក្នុងទីដ៏សមគួរ លុះអង្គុយ​ក្នុងទីដ៏សមគួរហើយ ជីវកកោមារភត្យក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមពរថា លោកម្ចាស់ទាំងឡាយ​កុំបំបួស​មនុស្សដែល​មានអាពាធ​ទាំង៥យ៉ាងឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​ជីវកកោមារភត្យឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយ​ដោយធម្មីកថា។ ឯជីវកកោមារភត្យ ដែលព្រះដ៏មានបុណ្យ ទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ និងឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា​ហើយ ទ្រង់ហៅភិក្ខុទាំងឡាយមក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលមានអាពាធ​ទាំង៥យ៉ាង​ហើយ អ្នកទាំងឡាយ​មិនគប្បី​បំបួស​ឡើយ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.26.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann