User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.27

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២៧. រាជភដវត្ថុ

សង្ខេប

?

mv 01.27 បាលី cs-km: vin.mv.01.27 អដ្ឋកថា: vin.mv.01.27_att PTS: ?

រាជភដវត្ថុ (ទី២៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៧.)

[១០២] សម័យនោះឯង មានកើតបះបោរនៅស្រុកចុង​ដែនរបស់​ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ។ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ក៏ទ្រង់ត្រាស់បង្គាប់​មហាមាត្យ​ទាំងឡាយដែលជា​នាយក​លើសេនាថា ម្នាលនាយ អ្នកទាំងឡាយ​ចូរទៅត្រួតត្រាមើលស្រុកចុងដែន។ មហាមាត្យ​ទាំងឡាយ​ជានាយក​លើសេនាទទួលព្រះរាជឱង្ការ​របស់ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈថា ព្រះករុណាវិសេស។ លំដាប់នោះ ពួកយោធាដែលមានកេរ្តិ៍ឈ្មោះល្បី​ទូទ័រ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយភ្លើតភ្លើនតែ​ក្នុងការច្បាំង កាលបើ​ទៅច្បាំងហើយ ឈ្មោះ​ថាធ្វើអំពើ​បាបផង ឈ្មោះថា​ទទួលសោយ​នូវអំពើ​បាបដ៏ច្រើនផង យើងទាំងឡាយ​គួរវៀរ​ចាកបាប និងគួរធ្វើអំពើល្អដោយ​ឧបាយ​ដូចម្តេចហ្ន៎។ ទើបពួកយោធាទាំងនោះ​មានសេចក្តី​រំពឹង​យ៉ាងនេះ​(ទៀត)ថា មានតែពួកសមណៈ​ជាសក្យបុត្រ​ទាំងនេះ ទើបលោក​ជាអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្ត​ប្រពៃ ប្រព្រឹត្តប្រសើរ និយាយ​ពាក្យទៀងត្រង់ មានសីល មានកល្យាណធម៌ ប្រសិនណាជាយើង​ទាំងឡាយ​ទៅបួសនឹងពួកសមណៈ​ជាសក្យបុត្រហើយ យើងទាំងឡាយនឹងបាន​វៀរចាក​បាបផង បានធ្វើបុណ្យ​ផង ដោយទំនងយ៉ាងនេះឯង។ លុះរំពឹង​ដូច្នេះហើយ ពួកយោធា​ទាំងនោះ​ក៏ចូលទៅ​រក​ភិក្ខុទាំងឡាយ​ហើយសូមនូវផ្នួស។ ភិក្ខុទាំងឡាយក៏​ឲ្យបព្វជ្ជា ឧបសម្បទា យោធាទាំងនោះ។ ពួក​មហាមាត្យ​ ជានាយកលើ​សេនា​បានសួររាជអាមាត្យ (ខ្ញុំរាជការ) ទាំងឡាយថា នែនាយ ពួកយោធា​ឈ្មោះនេះផង ឈ្មោះនេះផង ហេតុដូចម្តេច​ក៏មិនឃើញ។ រាជអាមាត្យឆ្លើយថា បពិត្រអ្នកម្ចាស់ ពួក​យោធាឈ្មោះនេះផង ឈ្មោះនេះផង ទៅបួសនឹងពួកភិក្ខុហើយ។ មហាមាត្យ​ទាំងឡាយដែល​ជានាយក​លើសេនា ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនសមបើនឹង​បំបួស​រាជអាមាត្យ (ដូច្នេះ)សោះ។ ពួកមហាមាត្យ ដែលជានាយក​លើសេនាក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ទ្រង់សួរមហាមាត្យ​ដែលប្រកបដោយ​វោហារ (ចៅក្រម) ថា នែនាយ នរណាបំបួស​រាជអាមាត្យ អ្នកនោះ​ត្រូវទទួលទោស​ដូចម្តេច។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ត្រូវ​កាត់ក្បាលឧបជ្ឈាយ៍ ត្រូវដកអណ្តាត​នៃអនុស្សាវកាចារ្យ ត្រូវកាត់ឆ្អឹង​ជំនីរ​ពាក់កណ្តាលរបស់​គណៈ​សង្ឃ។ គ្រានោះឯង ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ក៏ចូល​ទៅគាល់ព្រះដ៏មានព្រះ​ភាគ។ លុះចូលទៅដល់ហើយ ទ្រង់ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីដ៏សមគួរ ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ទ្រង់​គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ក្រាបបង្គំ​ទូលយ៉ាង​នេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានបុណ្យដ៏ចំរើន មានពួក​ស្តេចខ្លះ​ នៅមិនទាន់​មានសទ្ធា មិនទាន់ជ្រះថ្លា ពួកស្តេចទាំងនោះ​ប្រហែល​ជាគេនឹងបៀតបៀនភិក្ខុទាំងឡាយ​ ដោយហេតុ​បន្តិចបន្តួច​ខ្លះមិនខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរថា លោកម្ចាស់ទាំងឡាយ​កុំគប្បី​បំបួស​រាជអាមាត្យឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ ឲ្យទ្រង់ជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយធម្មីកថា។ ឯព្រះបាទពិម្ពិសារសេនិយៈ ជាធំ​ក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យជ្រាបច្បាស់ ឲ្យកាន់យកល្អ ឲ្យឧស្សាហ៍មាំ ឲ្យរីករាយ​ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ យាងចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​បំបួស​រាជអមាត្យទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ។

 

km/tipitaka/vin/mv/vin.mv.01.27.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann