User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.36

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៦. ឧបាលិទារកវត្ថុ

សង្ខេប

?

mv 01.36 បាលី cs-km: vin.mv.01.36 អដ្ឋកថា: vin.mv.01.36_att PTS: ?

ឧបាលិទារកវត្ថុ (ទី៣៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣៦.)

[១១១] សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានពួកទារកជាសំឡាញ់​គ្នា​១៧ពួក មានទារកឈ្មោះ​ឧបាលិ​ជាប្រធានរបស់ពួកទារក​ទាំងនោះ។ឯមាតានិងបិតារបស់ទារក​ឈ្មោះ​ឧបាលិ ​បានគិត​គ្នា​យ៉ាង​នេះថា អំណើះពីយើងទាំងឡាយទៅហើយ ឧបាលិ​គប្បី​ចិញ្ចឹមជីវិត​ស្រួលផង មិនលំបាកផង ដោយ​ទំនង​ដូចម្តេចអេះ។ ទើបមាតានិងបិតា​របស់ឧបាលិ ក៏គិតគ្នាយ៉ាងនេះថា បើសិនណា​ជា​ឧបាលិ​រៀន​សរសេរ​អក្សរ អំណើះពី​យើងទាំងឡាយទៅ ប្រហែលជាឧបាលិគប្បីចិញ្ចឹមជីវិតស្រួល​​ផង មិនលំបាក​ផង ដោយទំនងយ៉ាងនេះឯង។ មាតានិងបិតា​របស់ឧបាលិ ក៏គិត​គ្នាយ៉ាងនេះ​ទៀតថា បើឧបាលិ​នឹង​រៀន​​សរសេរ​អក្សរ ម្រាមដៃ​(របស់ឧបាលិ) ក៏នឹងលំបាក បើសិនណាជាឧបាលិ​ គ្រាន់តែរៀន​រាប់វិញ ប្រហែលជា អំណើះពី​យើងទាំងឡាយទៅ ឧបាលិ​គប្បី​ចិញ្ចឹមជីវិតស្រួលផង មិនលំបាកផង ដោយ​ទំនង​យ៉ាងនេះឯង។ លំដាប់ពីនោះមក ​មាតានិងបិតា​របស់ឧបាលិ ក៏គិត​គ្នាដូច្នេះទៀតថា បើឧបាលិ​នឹង​រៀន​រាប់ ទ្រូង (របស់ឧបាលិ) ក៏​នឹងលំបាក​ ប្រសិនណាបើឧបាលិ គ្រាន់​តែ​រៀនមើលរូបនិមិត្តវិញ ដល់​អំណើះ​ពី​យើងទាំងឡាយទៅ ឧបាលិប្រហែលជានឹងបាន​ចិញ្ចឹម​ជីវិត​ស្រួល​ផង មិនលំបាកផង ដោយ​អាការ​​ដូច្នេះឯង។ គ្រាតមកទៀត មាតានិងបិតារបស់​ឧបាលិ​ ក៏គិតគ្នា​ដូច្នេះថា បើទុកជា​ឧបាលិ​​រៀន​រូប​និមិត្ត ក៏គង់តែលំបាកភ្នែក ឥឡូវនេះ មាន​តែ​ពួក​សមណៈ ជា​សក្យបុត្រ​ទាំងនេះ ទើបរក្សាសីល​ជាសុខ មានសមាចារស្រួល ឆាន់​ភោជនក៏ល្អ សិង​លើដំណេកទាំង​ឡាយដ៏ហប់ រក​ខ្យល់គ្មាន បើ​សិន​ណាជា​ឧបាលិ​​បានបួសក្នុងសំណាក់​ពួកសមណៈ ជាសក្យបុត្រ​វិញ​យ៉ាងនេះ ទើបអំណើះពី​យើងទាំង​ឡាយ​ទៅ ឧបាលិ​នឹងបានចិញ្ចឹមជីវិត​ងាយផង មិនលំបាកផង។ ឯឧបាលិទារក បានឮពាក្យចរចារ​របស់​មាតា​និង​បិតា​យ៉ាងនេះហើយ។ លំដាប់តពីនោះមក ឧបាលិ​ទារក​ក៏ចូល​សំដៅ​ទៅរកពួកក្មេង​អម្បាលនោះ លុះ​ចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ​នឹងពួក​ក្មេង​ទាំងនោះថា នែនាយទាំងឡាយ អ្នកទាំង​ឡាយ​ចូរមក យើងទាំងឡាយ​នឹងទៅបួស​ក្នុង​សំណាក់​ពួក​សមណៈ ជាសក្យបុត្រ។ ពួកក្មេង​ទាំងនោះ​និយាយ​​ដូច្នេះថា នែនាយ បើអ្នកបួស​មែន យើងទាំង​ឡាយ​ក៏នឹងបួស​ដូចអ្នកដែរ។ លំដាប់នោះ ពួក​ក្មេង​អម្បាលនោះ ក៏ចូល​ទៅរកមាតា​និងបិតា​រៀងខ្លួន ​ហើយនិយាយ​ពាក្យនេះថា សូមអ្នកម្តាយ​អ្នក​ឪពុក អនុញ្ញាត​ឲ្យខ្ញុំ​ចេញចាកផ្ទះ​ទៅបព្វជ្ជា​ក្នុងសភាព​ជាបុគ្គលឥតផ្ទះ។ ឯមាតានិងបិតា​របស់ក្មេង​ទាំង​នោះ យល់ឃើញថា ពួកក្មេង​ទាំងអស់​គ្នានេះ​មានសេចក្តី​ប្រាថ្នាស្មើគ្នា មានបំណងល្អ ក៏អនុញ្ញាត​ឲ្យ។ ពួក​ក្មេងទាំងនោះ ចូលទៅរក​ភិក្ខុទាំងឡាយ ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយ​ក៏ឲ្យបព្វជ្ជា​ឧបសម្បទា​ក្មេង​អម្បាលនោះ។ ពួកភិក្ខុ (ក្មេង) ទាំងនោះ ក្រោកឡើង ហើយយំទារស៊ី​ក្នុងបច្ចូសសម័យនៃរាត្រីថា សូម​លោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុ​ជាគ្រឿង​ទំពាស៊ីមក។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ចូររង់ចាំទម្រាំ​ភ្លឺសិន បើមានបបរ សឹមឆាន់ចុះ បើមានភត្ត សឹមឆាន់ចុះ បើ​មាន​វត្ថុ​ជាគ្រឿង​ទំពាស៊ី សឹមទំពាស៊ីចុះ បើបបរក្តី ភត្តក្តី វត្ថុជាគ្រឿង​ទំពាស៊ីក្តីមិនមាន ចូរត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ហើយសឹមឆាន់ចុះ។ ឯពួក​ភិក្ខុ (ក្មេង) អម្បាលនោះ កាលបើភិក្ខុទាំងឡាយ និយាយ​យ៉ាង​នេះហើយ ក៏រឹងរឹត​តែយំរំអុកប្រាប់​ភិក្ខុទាំងឡាយថា សូមលោកឲ្យបបរមក ឲ្យបាយមក ឲ្យវត្ថុ​ជា​គ្រឿង​​ទំពាស៊ីមក លុះយំទារដូច្នេះហើយ ក៏ជុះ​ដាក់ទី​សេនាសនៈខ្លះ នោម​ស្រោច​សេនាសនៈខ្លះ។ ព្រះ​ដ៏​មានព្រះភាគ បានទ្រង់​តើនឡើងក្នុងបច្ចូសសម័យ​នៃរាត្រី ទ្រង់បានឮសំឡេង​កូនក្មេង លុះទ្រង់​បាន​ស្តាប់​​ហើយ ក៏ហៅព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់ត្រាស់សួរថា ម្នាលអានន្ទ សំឡេងនោះ តើជា​សំឡេង​កូនក្មេងឬអ្វី។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គទ្រង់ត្រាស់សួរបញ្ជាក់​ថែមទៀតថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឮថា ភិក្ខុទាំងឡាយ​ដឹង​ថា បុគ្គលមានអាយុ​មិនទាន់​គ្រប់​២០ឆ្នាំ ហើយឲ្យឧបសម្បទា ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាលភិក្ខុទំាងឡាយ មោឃបុរស​ទាំងនោះដឹងថា បុគ្គល​មានអាយុ​មិនទាន់​គ្រប់២០ឆ្នាំហើយ មិនសមបើ​ឲ្យឧបសម្បទា​(ដូច្នេះ)​ទេ ម្នាលភិក្ខុទំាងឡាយ (ធម្មតា) បុគ្គល​មានអាយុមិនទាន់​គ្រប់​២០ឆ្នាំ រមែង​មិនចេះអត់ធន់​ត្រជាក់ ក្តៅ ឃ្លាន ស្រេក និងរមែងជាបុគ្គល មិនទាន់​ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និង​ពស់​តូចពស់ធំ​ទាំងឡាយ និងគន្លងពាក្យ​ដែលគេ​និយាយ​មិនពីរោះ​ទ្រគោះ​ខ្ជីខ្ជា និងទុក្ខវេទនា​ដែល​ប្រជុំ​​ក្នុងសរីរកាយ​កើតឡើងហើយដ៏ក្លារឹង​អាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យ​ខូចជីវិត (នោះបានឡើយ) ម្នាលភិក្ខុទំាងឡាយ លុះតែ បុគ្គល​មានអាយុ​គ្រប់​២០ឆ្នាំ ទើបជាមនុស្សចេះអត់ធន់​ត្រជាក់ ក្តៅ ឃ្លាន ស្រេក និង​ជាមនុស្ស​ចេះទ្រាំនូវសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃ និងពស់តូចពស់ធំ​ទាំងឡាយ និងគន្លងពាក្យ​ដែលគេ​និយាយ​មិនពីរោះ​ទ្រគោះ​ខ្ជីខ្ជា និងទុក្ខវេទនា​ដែលប្រជុំ​ក្នុងសរីរកាយ​កើតឡើងហើយដ៏ក្លារឹង​អាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យ​ខូចជីវិត (នោះបាន) ម្នាល​ភិក្ខុ​ទំាងឡាយ អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជន​ដែលមិនទាន់​ជ្រះថ្លា និងមិនមែន​នាំឲ្យ​រឹងរឹត​តែ​ជ្រះថ្លា​ដល់ពួកជន​ដែលជ្រះថ្លា​ស្រាប់ហើយទេ។បេ។ លុះបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកហើយទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទំាងឡាយ កាលបើភិក្ខុដឹងថា បុគ្គលមានអាយុ​មិន​ទាន់​គ្រប់​២០ឆ្នាំ មិនគប្បី​ឲ្យឧបសម្បទាទេ។ ភិក្ខុណាឲ្យឧបសម្បទា វិនយធរត្រូវ​ធ្វើឲ្យសមគួរ​តាមធម៌​ចុះ​។1)

 

1)
ក្នុងមហាវិភង្គ ត្រង់ឱនវិសតិវស្សសិក្ខាបទទី៥ នៃសប្បាណកវគ្គទី៧ ក្នុងបាចិត្តិយកណ្ឌថា ឧបជ្ឈាយ៍​ត្រូវអាបត្តិបាចិត្តិយ។
km/tipitaka/vin/mv/vin.mv.01.36.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann