User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.37

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៧. អហិវាតករោគវត្ថុ

សង្ខេប

?

mv 01.37 បាលី cs-km: vin.mv.01.37 អដ្ឋកថា: vin.mv.01.37_att PTS: ?

អហិវាតករោគវត្ថុ (ទី៣៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

((អហិវាតករោគវត្ថុ ៣៧.))

[១១២] សម័យនោះឯង មានត្រកូល១ ធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ។1) ត្រកូលនោះនៅសល់​តែបិតា និងបុត្រតូច។ បិតា​និង​បុត្រតូច​ទាំង​ពីរនាក់នោះ បានទៅបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ ក៏ត្រាច់ទៅ​បិណ្ឌបាត​តែជាមួយគ្នា។ ឯទារកនោះ កាលបើមាន​គេឲ្យ​បាយដល់បិតា ក៏ស្ទុះ​ចូលទៅជិត ហើយនិយាយពាក្យនេះ​ថា នែឪពុក ចូរឲ្យខ្ញុំផង នែឪពុក ចូរឲ្យខ្ញុំផង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រទាំងនេះ មិនប្រព្រឹត្តធម៌​ដ៏ប្រសើរ (សេពមេថុនធម្ម) ទារកនេះ កើត​អំពីភិក្ខុនី។ ភិក្ខុទាំងឡាយ បានឮមនុស្ស​អម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងនោះ ក៏ក្រាប​ទូល​សេចក្តី​នុ៎ះ​​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនគប្បីបំបួសទារក​ដែល​មានអាយុថយ​អំពី១៥ឆ្នាំ គឺបួសជា​សាមណេរ ភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។

[១១៣] សម័យនោះឯង ត្រកូលឧបដ្ឋាក​របស់ព្រះអានន្ទ​ដ៏មានអាយុ ជាត្រកូលមាន​សទ្ធា និង​ជ្រះថ្លា ធ្វើមរណកាលដោយអហិវាតករោគ។ នៅសល់តែទារកពីរនាក់។ ទារកទាំងនោះ ឃើញភិក្ខុ​ទាំងឡាយ ដោយសារ​ធ្លាប់ស្គាល់​មកពីដើម ក៏ស្ទុះចូលទៅជិត។ ភិក្ខុទាំងឡាយក៏បណ្តេញចេញ។ កាល​បើ​​ភិក្ខុទាំងឡាយបណ្តេញហើយ ទារកនោះក៏យំ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ​បានរិះគិត​យ៉ាងនេះ​ថា ព្រះដ៏មានព្រះភាគ​បានបញ្ញត្ត​ហើយថា ទារកដែលមានអាយុថយអំពី​១៥ឆ្នាំ ភិក្ខុមិនត្រូវ​បំបួស ក៏​ឥឡូវនេះ ទារកទាំងនេះ​មានអាយុ​ថយ​អំពី១៥ឆ្នាំ ដោយទំនង​ដូចម្តេច​ហ្ន៎ ទើបបាន​ទារក​ទាំងនេះ​មិន​គប្បី​វិនាស គឺមិនសាបសូន្យ​ចាកផ្នួស។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះទារក​ទាំងនោះ អាច​នឹងចោល​បង្អើល​ក្អែក​​ឲ្យហើរ​ទៅបានដែរឬទេ។ ព្រះអានន្ទ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស អាចចោល​បង្អើល​បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏ទ្រង់​បុញ្ញសិរីជាម្ចាស់ ទ្រង់ធ្វើ​នូវធម្មីកថាហើយ ត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មកទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុបំបួស​ទារក​មាន​អាយុ​​ថយអំពី​១៥ឆ្នាំ ដែលអាច​ចោលបង្អើល​ក្អែក​ឲ្យហើរ​ទៅបាន​។2)

 

1)
រោគ​កើត​អំពីខ្យល់ មានពិសដូចជាពិសពស់។
2)
អដ្ឋកថា ថា ទារកណា ដែល​អង្គុយ​កាន់​​ដុំដី​ដោយដៃឆ្វេង ហើយអាចចោល​ក្អែកដែល​មកដើម្បី​ស៊ីបាយ​ដែលដាក់ខាងមុខ ​ឲ្យហើរ​ទៅបាន ទារកនេះគួរ​ឲ្យ​បព្វជ្ជាបាន។
km/tipitaka/vin/mv/vin.mv.01.37.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann