User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.39

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣៩. អាហុន្ទរិកវត្ថុ

សង្ខេប

?

mv 01.39 បាលី cs-km: vin.mv.01.39 អដ្ឋកថា: vin.mv.01.39_att PTS: ?

អាហុន្ទរិកវត្ថុ (ទី៣៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣៩.)

[១១៥] សម័យនោះឯង ព្រះដ៏មានបុញ្ញសិរី ទ្រង់​គង់ចាំវស្សាអស់​ហេមន្តរដូវ និងគិម្ហរដូវតែ​ក្នុង​ក្រុងរាជគ្រឹះនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ទិសទាំងឡាយក៏ចង្អៀត​ចង្អល់ ងងឹតងងល់​ដល់ពួកសមណៈ ​សក្យបុត្រ ទិសទាំងឡាយ​មិនប្រាកដ​ដល់ពួក​សមណៈ​ទាំងនេះ (ឬអ្វី បានជាគាប់ចិត្ត​នៅតែក្នុង​ទីនេះ មិនទៅទីឯទៀត​សោះ)។ ភិក្ខុទាំងឡាយ បានឮពួកមនុស្ស​ទាំង​នោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មាន​បុណ្យ។ គ្រានោះ ព្រះដ៏មានបុណ្យ​ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់​ត្រាស់ថា ម្នាល​អានន្ទ អ្នកឯងចូរទៅ​កាន់យកកូនសោ ហើយចូរប្រាប់​ពួកភិក្ខុដែលនៅក្នុង​បរិវេណ​តាមលំដាប់ថា ម្នាល​អាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គ​ប្រាថ្នា​នឹងយាងទៅកាន់​ចារិក​ក្នុងទក្ខិណាគិរិ​ជនបទ (បើ) លោកដ៏មានអាយុអង្គណា ត្រូវការ(ទៅ) លោកដ៏មានអាយុ​អង្គនោះ​ចូរ​និមន្ត​មកចុះ។ ព្រះអានន្ទ​ដ៏​មាន​អាយុទទួល​ស្តាប់ព្រះពុទ្ធដីកា​របស់ព្រះដ៏មានព្រះភាគថា សូមទ្រង់​ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកនូវកូនសោ ហើយទៅប្រាប់ភិក្ខុទាំងឡាយដែលនៅតាម​បរិវេណ​ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យ​ ព្រះអង្គប្រាថ្នា​នឹងយាងទៅកាន់​ចារិក​ក្នុងទក្ខិណាគិរិ​ជនបទ (បើ) លោកដ៏​មានអាយុ​អង្គ​ណា ត្រូវការ(ទៅ) លោកដ៏មានអាយុ​អង្គនោះ​ ចូរ​និមន្ត​មកចុះ។ ភិក្ខុទាំងឡាយ​និយាយដូច្នេះថា ម្នាល​អាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្ត​ដើម្បី​ឲ្យភិក្ខុនៅជាប់និស្ស័យ​អស់វស្សា​ទាំង​ឡាយ​១០ ដើម្បីឲ្យ​ភិក្ខុមានវស្សា១០ ឲ្យនិស្ស័យបាន យើង​ទាំងឡាយគប្បីទៅ​ក្នុងទីនោះផង គប្បី​កាន់យក​និស្ស័យ​​ផង ការនៅបានតែបន្តិចបន្តួច​ផង យើងទាំងឡាយ ក៏ត្រូវ​ត្រឡប់មកវិញផង ត្រូវកាន់​យក​និស្ស័យ​​ម្តង​ទៀតផង បើប្រសិន​ណាជា​ព្រះឧបជ្ឈាយ៍​និងអាចារ្យរបស់​យើងទៅផង យើងក៏ទៅដែរ បើ​ព្រះឧបជ្ឈាយ៍ និងអាចារ្យ​របស់​យើង​ទាំងឡាយ​មិនបានទៅទេ យើងក៏មិនបានទៅដែរ ម្នាលអាវុសោ​អានន្ទ កិរិយា​ដែលមានចិត្ត​វិលវល់​មុខជានឹង​ប្រាកដដល់យើងទាំងឡាយ។ គ្រានោះ ព្រះដ៏មានបុណ្យ ទ្រង់យាងទៅកាន់ចារិក​ក្នុងទក្ខិណា​គិរិជនបទ ដោយភិក្ខុសង្ឃមានពួកតិច។ ព្រះដ៏មានបុណ្យ ព្រះអង្គ​គង់នៅក្នុង​ទក្ខិណាគិរិជនបទ សមគួរ​តាម​ព្រះអធ្យាស្រ័យ ហើយក៏យាងត្រឡប់​មក​កាន់​ក្រុងរាជគ្រឹះ​វិញ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកហើយ ទ្រង់ត្រាស់សួរថា ម្នាល​អានន្ទ ហេតុដូចម្តេច​បានជាកាល​ដែល​តថាគត​បានចៀស​ទៅកាន់​ទក្ខិណា​គិរិជនបទ មានពួកភិក្ខុសង្ឃ​តិចម្ល៉េះ។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុដែលឆ្លាស​ប្រតិពល​នៅជាប់និស្ស័យ​អស់​៥​វស្សា ភិក្ខុដែល​មិនឆ្លាស ត្រូវនៅដរាបដល់​អស់ជីវិត។1)

 

1)
អដ្ឋកថា ថា ភិក្ខុដែលមិនឆ្លាសនេះ ទោះបីមាន​វស្សា​ដល់​៦០ ឬ៧០ រាប់អំពីឧបសម្បទាមកក៏ដោយ បើរកភិក្ខុចាស់ជាងខ្លួន​ធ្វើជាអាចារ្យ​មិនបាន ត្រូវតែទៅអង្គុយ​ច្រហោង ផ្គងអញ្ជលីក្នុង​សំណាក់ភិក្ខុអ្នកឆ្លាស ដែលខ្ចីវស្សា​ជាងខ្លួន ហើយ​និយាយ​សូម​​និស្ស័យថា បពិត្រលោកដ៏មានអាយុ សូមលោកជាអាចារ្យរបស់​ខ្ញុំករុណា ៗសូមនៅអាស្រ័យ​នឹង​លោក​​ដ៏មានអាយុផងដូច្នេះ អស់វារៈ​បីដង។ បើនឹងចូលទៅភូមិ ត្រូវទៅអង្គុយច្រហោង ផ្គងអញ្ជលី ហើយនិយាយ​លាអាចារ្យ​ថា បពិត្រ​លោកអាចារ្យ ខ្ញុំករុណា​សូមលាទៅភូមិ​ដូច្នេះទើបបាន។
km/tipitaka/vin/mv/vin.mv.01.39.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann