User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.43

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤៣. ទណ្ឌកម្មវត្ថុ

សង្ខេប

?

mv 01.43 បាលី cs-km: vin.mv.01.43 អដ្ឋកថា: vin.mv.01.43_att PTS: ?

ទណ្ឌកម្មវត្ថុ (ទី៤៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(រឿងទណ្ឌកម្ម (៤៣.))

[១២១] សម័យនោះឯង សាមណេរទាំងឡាយមិនគោរព មិនកោតក្រែង មានការចិញ្ចឹម​ជីវិត​មិនស្មើភាគគ្នា​ក្នុងភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមិនគោរព​ មិនកោតក្រែង មានការចិញ្ចឹមជីវិតមិនស្មើភាគគ្នា ក្នុងភិក្ខុ​ទាំងឡាយ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុធ្វើទណ្ឌកម្ម​ដល់សាមណេរ​ដែលប្រកប​ដោយ​អង្គ​ទាំងឡាយ៥ គឺសាមណេរ​ព្យាយាម​ដើម្បី​នឹងឲ្យ​សាបសូន្យ​លាភរបស់​ភិក្ខុទាំងឡាយ១ សាមណេរ​ព្យាយាម​​ដើម្បីមិនឲ្យជាប្រយោជន៍​1) ​​ ​ ដល់​ភិក្ខុទាំងឡាយ១ សាមណេរព្យាយាម ដើម្បី​នឹងមិនឲ្យ​ភិក្ខុទាំងឡាយ​បាននូវលំនៅ១ សាមណេរ​ជេរគម្រាម​នូវភិក្ខុទាំងឡាយ១ សាមណេរញុំាង​ភិក្ខុ​ទាំងឡាយ​ឲ្យបែក​ចាក​ភិក្ខុ​ទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុធ្វើ​ទណ្ឌកម្ម ដល់​សាមណេរ ដែលប្រកប​ដោយអង្គទាំងឡាយ៥នេះ។ លំដាប់តពីនោះមក ភិក្ខុទាំងឡាយ​បានត្រិះរិះ​នូវ​សេចក្តី​នេះថា យើងទាំង​ឡាយគប្បី​ធ្វើទណ្ឌកម្ម​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុធ្វើនូវ​អាវរណកម្ម គឺកិរិយា​ហាម​ប្រាម (ថា អ្នកកុំចូលមកក្នុងទីនេះ)។ ក៏សម័យ​នោះឯង ពួកភិក្ខុធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ដល់សាមណេរ​ទាំងឡាយ​អស់ទាំង​អារាម​របស់សង្ឃ​ទាំងមូល។ សាមណេរ​ទាំងឡាយ កាលបើចូល​ទៅ​កាន់​​អារាមមិនបាន ក៏ចៀសចេញទៅខ្លះ សឹកចេញ​ទៅខ្លះ ទៅ​ចូលក្នុងពួក​តិរ្ថិយ​ខ្លះ។ ភិក្ខុទាំងឡាយ​ក្រាប​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារាម​របស់​សង្ឃ​​ទាំងមូល​ ភិក្ខុមិនគប្បី​ធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ សាមណេរធ្លាប់នៅ​ក្នុងទីណា ឬធ្លាប់​ចូលទៅ​ក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម តែក្នុងទៅនោះ។ ក៏សម័យ​នោះឯង ភិក្ខុទាំងឡាយធ្វើនូវ​អាវរណកម្ម គឺកិរិយាហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមទ្វារមាត់ ដល់សាមណេរ​ទាំងឡាយ។ មនុស្សទាំងឡាយ កាលធ្វើទឹកបបរខ្លះ សង្ឃភត្តខ្លះ ក៏និយាយ​ពាក្យយ៉ាង​នេះនឹងសាមណេរ​ទាំងឡាយ​ថា បពិត្រលោកដ៏ចំរើន លោកទាំងឡាយ​ចូរមកឆាន់​បបរចុះ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកទាំង​ឡាយ​​ចូរមកឆាន់​ចង្ហាន់ចុះ។ សាមណេរទាំងឡាយ​ក៏និយាយ​ពាក្យ​យ៉ាងនេះថា ម្នាលអាវុសោ យើង​ទាំង​ឡាយ​ឆាន់មិនបានទេ (ព្រោះ) ភិក្ខុទាំងឡាយ លោកធ្វើ​អាវរណកម្មហើយ។ មនុស្សទាំង​ឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ មិនសម​បើធ្វើ​អាវរណកម្ម ហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមមុខទ្វារ ដល់សាមណេរ (ដូច្នេះ)សោះ។ ភិក្ខុទាំងឡាយក្រាប​ទូល​រឿង​នុ៎ះ​​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើនូវ​អាវរណកម្ម ហាមប្រាម​ចំពោះ​អាហារដែល​បរិភោគ​តាមមុខទ្វារ​ឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

ចប់ រឿងទណ្ឌកម្ម។

 

1)
អដ្ឋកថា សំដៅយកឧបទ្រព គឺបៀតបៀនឲ្យមានភ័យ​អន្តរាយ ឲ្យចង្អៀតចង្អល់ចិត្ត។
km/tipitaka/vin/mv/vin.mv.01.43.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann