User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.49

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤៩. តិរច្ឆានគតវត្ថុ

សង្ខេប

?

mv 01.49 បាលី cs-km: vin.mv.01.49 អដ្ឋកថា: vin.mv.01.49_att PTS: ?

តិរច្ឆានគតវត្ថុ (ទី៤៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤៩.)

[១២៧] សម័យ​នោះឯង នាគមួយរូប​នឿយណាយ ​ខ្ពើមរអើម​ក្នុងកំណើតរបស់នាគ។ ឯនាគនោះ ក៏រំពឹងគិតដូច្នេះថា ​ដោយឧបាយដូចម្តេចអេះ ទើបអញ​នឹងបានរួច​ស្រឡះ​អំពី​កំណើត​នៃនាគផង ត្រឡប់បាន​ជាអត្តភាព​ជាមនុស្ស​យ៉ាងឆាប់ផង។ គ្រាតមក នាគនោះរំពឹង​គិតដូច្នេះថា មានតែពួកសមណៈ សក្យបុត្រ​ទាំងនេះ ទើបលោកជាអ្នក​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយពាក្យ​ស្មោះត្រង់ មានសីល មានកល្យាណធម៌ ​បើសិនជាអញ​បានបួស​នឹងពួក​សមណៈ​សក្យបុត្រ អញមុខជានឹងបានរួច​ស្រឡះ​អំពីកំណើត​នាគផង មុខជានឹង​ត្រឡប់​បានអត្តភាព​ជាមនុស្ស​យ៉ាងឆាប់ផង ដោយទំនងយ៉ាងនេះឯងមិនលែងឡើយ។ លំដាប់នោះ នាគនោះក៏ចូលទៅរក​ភិក្ខុ​ទាំងឡាយ​ដោយភេទជា​មាណព ហើយសូមបព្វជ្ជា។ ភិក្ខុទាំងឡាយក៏ឲ្យបព្វជ្ជា​ឧបសម្បទា​នាគនោះ។ សម័យនោះឯង នាគនោះនៅអាស្រ័យ​ក្នុងវិហារ នាទីបំផុត (ដែន)​ជាមួយនឹង​ភិក្ខុមួយរូប។ ឯភិក្ខុ​នោះ​ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃរាត្រី ទៅដើរចង្ក្រម​ក្នុងទីវាល។ កាលដែលភិក្ខុនោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ។ វិហារ (កុដិ)ទាំងមូល ក៏ពេញដោយពស់។ មានភ្នេនទាំងឡាយ លៀនចេញ​ទៅតាមបង្អួច។ កាលដែលភិក្ខុនោះច្រាន​សន្ទះទ្វារ​ដោយគិតថា អញនឹង​ចូលទៅកាន់វិហារ​ ក៏បានឃើញ​នូវវិហារ​ទាំងមូល ពេញដោយពស់ និងភ្នេន​លៀនចេញតាមបង្អួច លុះឃើញ​ហើយ ក៏ខ្លាច ហើយធ្វើនូវសំឡេង​ដ៏ប្លែក។ ភិក្ខុទាំងឡាយស្ទុះចូលទៅ ហើយក៏និយាយពាក្យនេះ​នឹងភិក្ខុ​នោះថា ម្នាលអាវុសោ ហេតុអ្វីក៏លោក​ធ្វើនូវសម្រែក​ដ៏ប្លែក​ដូច្នេះ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ វិហារ​ទាំងមូលនេះ ពេញដោយពស់ មានភ្នេនលៀនចេញ​ទៅតាមបង្អួច។ គ្រានោះ នាគនោះភ្ញាក់​ឡើង​ដោយសំឡេងនោះហើយ ក៏អង្គុយ​លើអាសនៈ​ជារបស់ខ្លួន។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកឯង​ជាអ្វី។ នាគនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំជានាគ។ ភិក្ខុទាំងនោះសួរទៀតថា ម្នាល​អាវុសោ ចុះហេតុដូចម្តេច​បានជាអ្នកឯង​មកធ្វើយ៉ាងហ្នឹង។ នាគនោះក៏ឆ្លើយប្រាប់សេចក្តីនុ៎ះ​​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាប​ទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានបុណ្យ​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់មានព្រះបន្ទូល​ដូច្នេះនឹង​នាគនោះថា អ្នក​ឯងជាពួកនាគ មិនមានធម៌​ដុះដាលឡើង​ក្នុងធម៌វិន័យ​នេះទេ ម្នាលនាគ អ្នកឯង​ចូរទៅវិញទៅ (តែ) អ្នកឯង​ចូររក្សានូវ​ឧបោសថ​ក្នុងថ្ងៃ​ទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨​នៃបក្ខ ក្នុងលំនៅ​របស់ខ្លួន​នោះឯងចុះ កាលបើ​ធ្វើដូច្នេះ​ហើយ អ្នកឯងមុខជានឹង​ល្ពោះ​ចាកកំណើត​នាគផង មុខជានឹង​ត្រឡប់បាននូវ​អត្តភាព​ជាមនុស្ស​យ៉ាងឆាប់រហ័សផង។ នាគនោះក៏គិតថា បានឮថា អញជាសត្វមានធម៌​មិនលូតលាស់​ឡើង​ក្នុង​ធម៌វិន័យនេះទេ រួចក៏​មានទុក្ខ​តូចចិត្ត យំសម្រក់ទឹកភ្នែក ធ្វើនូវសំឡេង​ដ៏ប្លែក ហើយចៀស​ចេញ​ទៅ។ ដំណពីនោះមក ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ បច្ច័យ​ដែលនាំឲ្យនាគ​ប្រែត្រឡប់​ខ្លួន​មកតាម​ប្រក្រតីវិញនេះ1) មានពីរយ៉ាង គឺ​ក្នុងកាល​ដែលនាគសេពមេថុនធម្ម​ដោយនាងនាគមានជាតិ​ស្មើគ្នា១ ក្នុងកាលដែល​នាគដេកលក់​ស្និទ្ធ១ ម្នាលភិក្ខុទាំងឡាយ បច្ច័យទាំងពីរនេះឯង ជាហេតុដែលនាំឲ្យ​នាគប្រែត្រឡប់ខ្លួន​មកតាម​ប្រក្រតីវិញ។ ម្នាល​ភិក្ខុទាំងឡាយ សត្វតិរច្ឆាន​ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បីឲ្យ​ឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។

 

1)
គឺនាគដែល​និម្មិត​ខ្លួន​ជាមាណព​ហើយ អាចត្រឡប់ក្លាយខ្លួន​មកជានាគ​វិញដោយហេតុ​ពីរយ៉ាងនោះ។
km/tipitaka/vin/mv/vin.mv.01.49.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann