User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.56

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥៦. អបត្តកាទិវត្ថុ

សង្ខេប

?

mv 01.56 បាលី cs-km: vin.mv.01.56 អដ្ឋកថា: vin.mv.01.56_att PTS: ?

អបត្តកាទិវត្ថុ (ទី៥៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥៦.)

[១៣៤] សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រគ្មានបាត្រ។ ភិក្ខុទាំង​នោះ ត្រាច់ទៅបិណ្ឌបាត​នឹងដៃ​ទាំងឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​គ្មានបាត្រទេ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រ​គ្មានចីវរ។ ភិក្ខុ​ទាំងនោះ​ក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាត។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​គ្មានចីវរ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រ​គ្មាន​ទាំងបាត្រទាំងចីវរ។ ភិក្ខុ​ទាំងនោះ​ក៏អាក្រាត ត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​គ្មានទាំងបាត្រទាំងចីវរ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់​កុលបុត្រ​ដែលមានបាត្រដែលខ្ចីគេ។ ម្ចាស់បាត្រទាំងឡាយ​នាំយកបាត្រ​ត្រឡប់ទៅវិញ ក្នុងកាលដែល​កុលបុត្រ​នោះបានឧបសម្បទា​ហើយ។ ពួកភិក្ខុ​ទាំងនោះត្រាច់ទៅបិណ្ឌបាតនឹងដៃទាំងឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុញ្ញសិរី។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​ដែលខ្ចីបាត្រគេ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ដែលខ្ចីចីវរគេ។ ម្ចាស់ចីវរទាំងឡាយ​នាំយកចីវរ​ត្រឡប់ទៅវិញ ក្នុងកាល​ដែលកុលបុត្រ​នោះបានឧបសម្បទា​ហើយ។ ពួ​ភិក្ខុ​ទាំងនោះត្រាច់ទៅបិណ្ឌបាត​ទាំងអាក្រាតកាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ប្រហែលគ្នានឹងពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឲ្យឧបសម្បទា​ដល់កុលបុត្រ​ដែលខ្ចីចីវរគេឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​​ឲ្យឧបសម្បទាដល់​កុលបុត្រដែលខ្ចី​ទាំងបាត្រ និងចីវរគេ។ ពួកម្ចាស់គេក៏នាំយក​បាត្រ និងចីវរ​ត្រឡប់​ទៅវិញ​ក្នុងកាលដែល​កុលបុត្រ​នោះបាន​ឧបសម្បទាហើយ។ ពួកភិក្ខុ​ទាំងនោះ​ក៏អាក្រាតកាយ ត្រាច់ទៅបិណ្ឌបាតនឹងដៃទទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ប្រហែលគ្នានឹងពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កុំគប្បី​ឲ្យឧបសម្បទាដល់កុលបុត្រ​ដែលខ្ចី​បាត្រនិងចីវរគេឡើយ ភិក្ខុណាឲ្យ​ឧបសម្បទា ត្រូវអាបត្តិ​ទុក្កដ។

ចប់ វារៈសំដែងអំពីបុគ្គល​២០ចំពូកដែលសង្ឃ​មិនគប្បី​ឲ្យឧបសម្បទា។

 

km/tipitaka/vin/mv/vin.mv.01.56.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann