km:tipitaka:vin:mv:vin.mv.01.59

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥៩. គមិកាទិនិស្សយវត្ថូនិ

សង្ខេប

?

mv 01.59 បាលី cs-km: vin.mv.01.59 អដ្ឋកថា: vin.mv.01.59_att PTS: ?

គមិកាទិនិស្សយវត្ថូនិ (ទី៥៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥៩.)

[១៣៧] ក៏សម័យ​នោះឯង ភិក្ខុមួយរូប​ដើរផ្លូវឆ្ងាយ​ក្នុងជនបទ នាដែន​កោសល។ ភិក្ខុនោះ​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​នៅដោយគ្មាន​និស្ស័យ​ទេ ឯអាត្មាអញសោត មានកិច្ច​ដោយនិស្ស័យ (ត្រូវកាន់យកនិស្ស័យ) ហើយជាមនុស្ស​ដើរ​ផ្លូវឆ្ងាយ អញ​ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​អ្នកដើរ​ផ្លូវឆ្ងាយ ដែលមិនទាន់​បាននិស្ស័យ ឲ្យនៅដោយ​គ្មាននិស្ស័យបាន។

[១៣៨] សម័យ​នោះឯង ភិក្ខុពីររូប​ដើរទៅកាន់ផ្លូវឆ្ងាយ​ក្នុងជនបទ នាដែន​កោសល។ ភិក្ខុទាំងឡាយនោះដើរចូលទៅកាន់អាវាស១។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ១អង្គឈឺ។ ទើបភិក្ខុ​ឈឺនោះ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​នៅដោយគ្មាន​និស្ស័យ​ទេ ក៏អាត្មាអញ មានកិច្ច​ដោយនិស្ស័យ ហើយមានជម្ងឺផង អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឈឺ ដែលមិនទាន់​បាននិស្ស័យ ឲ្យនៅដោយ​គ្មាននិស្ស័យបាន។ ទើបភិក្ខុអ្នកបម្រើ​ជម្ងឺ របស់ភិក្ខុឈឺនោះ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគ​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវ​នៅដោយ​គ្មាន​និស្ស័យទេ ឯអាត្មាអញ​មានកិច្ចដោយនិស្ស័យ ភិក្ខុនេះសោត ក៏នៅឈឺ អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអ្នកបម្រើ​ជម្ងឺ ដែលមិនទាន់បាននិស្ស័យ បើភិក្ខុឈឺសុំ (ឲ្យ​នៅកំដរ ត្រូវ​នៅដោយគ្មាន​និស្ស័យបាន។ សម័យ​នោះឯង ភិក្ខុ១រូប​នៅក្នុងព្រៃ។ ភិក្ខុនោះបានសេចក្តី​សប្បាយ​ក្នុងសេនាសនៈនោះ ទើបភិក្ខុនោះមានសេចក្តី​ត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវ​នៅដោយគ្មាន​និស្ស័យទេ ឯអាត្មា​អញ​សោត មានកិច្ចដោយនិស្ស័យ ឥឡូវ​នៅក្នុង​ព្រៃ ម្យ៉ាងទៀត អញក៏បានសេចក្តីសប្បាយ​ក្នុងសេនាសនៈនេះ អញ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលនៅក្នុងព្រៃ កាលបើកំណត់ដឹង​នូវធម៌​ជាគ្រឿង​នៅសប្បាយ បើមិនទាន់​បាននិស្ស័យ​ទេ ត្រូវនៅដោយគ្មាន​និស្ស័យបាន ដោយគិតថា ភិក្ខុអ្នក​ឲ្យនិស្ស័យ​ដ៏សមគួរ​នឹងមក​ក្នុងកាលណា អញនឹងនៅអាស្រ័យ (កាន់យកនិស្ស័យ) នឹងភិក្ខុនោះក្នុងកាលនោះ។

 

km/tipitaka/vin/mv/vin.mv.01.59.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann