ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ
?
mv 01.62 បាលី cs-km: vin.mv.01.62 អដ្ឋកថា: vin.mv.01.62_att PTS: ?
គព្ភវីសូបសម្បទានុជាននា (ទី៦២)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦២.)
[១៤១] សម័យនោះឯង កុមារកស្សបដ៏មានអាយុមានឆ្នាំ២០ ដោយរាប់យកឆ្នាំតាំងពីនៅក្នុងគភ៌ផងបានឧបសម្បទា។ ទើបកុមារកស្សបដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះដ៏មានព្រះភាគបញ្ញត្តហើយថា ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ ដូច្នេះ ក៏អាត្មាអញមានឆ្នាំ២០ រាប់ទាំងឆ្នាំដែលនៅក្នុងគភ៌ផងបានឧបសម្បទា អាត្មាអញជាឧបសម្បន្ន (ជាភិក្ខុ) ឬមិនបានជាឧបសម្បន្នទេ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តជាបឋមណា កើតឡើងហើយ វិញ្ញាណជាបឋមណា កើតប្រាកដហើយក្នុងផ្ទៃនៃមាតា កំណើតរបស់សត្វនោះឯង ត្រូវរាប់អំពីបឋមចិត្តនោះ ឬបឋមវិញ្ញាណនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទា ដល់កុលបុត្រមានឆ្នាំ២០រាប់ទាំងឆ្នាំដែលនៅក្នុងផ្ទៃ។