User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.64

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦៤. ចត្តារោ និស្សយា

សង្ខេប

?

mv 01.64 បាលី cs-km: vin.mv.01.64 អដ្ឋកថា: vin.mv.01.64_att PTS: ?

ចត្តារោ និស្សយា (ទី៦៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(និស្ស័យ ៤ (៦៤.))

[១៤៣] ក្នុងខណៈ​ឧបសម្បទា​ហើយភ្លាមៗនោះឯង ភិក្ខុត្រូវរាប់ឆាយា​1) (ស្រមោល) ត្រូវប្រាប់រដូវ2) ត្រូវប្រាប់​ចំណែក​ថ្ងៃ3) ត្រូវប្រាប់​សង្គីតិ4) ត្រូវប្រាប់​និស្ស័យ​៤ថា បព្វជ្ជាអាស្រ័យ​ភោជនជាពំនូត ដែលភិក្ខុត្រូវបាន​មកដោយកំឡាំងកំភួនជើង អ្នកត្រូវ​ធ្វើ​សេចក្តី​ប្រឹងប្រែង​ក្នុងភោជននោះអស់​មួយជីវិត។ អតិរេកលាភ (៧យ៉ាង) គឺភត្តដែលទាយកថ្វាយ​ចំពោះ​សង្ឃទាំងអស់១ ភត្តដែលទាយក​ឲ្យដល់​ភិក្ខុ២-៣រូប តាមសង្ឃសំដែងឲ្យ១ ភត្តដែលទាយក​និមន្ត​ទៅប្រគេន១ ភត្តដែល​ទាយក​ឲ្យដល់​ភិក្ខុដោយស្លាក គឺសរសេរឈ្មោះភិក្ខុ ឬទាយក​ហើយចាប់១ ភត្តដែលទាយក​ឲ្យតែមួយថ្ងៃក្នុងបក្ខៗ (ខាងខ្នើត ឬរនោច)១ ភត្តដែលទាយក​ឲ្យក្នុងថ្ងៃឧបោសថ១ ភត្តដែលទាយក​ឲ្យក្នុងថ្ងៃមួយកើត ឬមួយរោច១ (បព្វជិតត្រេកអរក្នុង​អតិរេកលាភនោះបាន)។ បព្វជ្ជា​អាស្រ័យ​នូវចីវរបង្សុកូល​5) អ្នក​ត្រូវ​ធ្វើការឧស្សាហ៍​ក្នុងសំពត់​បង្សុកូលនោះអស់មួយជីវិត។ អតិរេកលាភ (៦យ៉ាង) គឺសំពត់ធ្វើពី​សំបក​ឈើ១ សំពត់​ធ្វើពីកប្បាស១ សំពត់ធ្វើពីសូត្រ១ សំពត់​ធ្វើពីរោមសត្វ១ សំពត់​ធ្វើពីធ្មៃ១ សំពត់ភង្គៈ គឺសំពត់​ធ្វើពីរ​បស់ទាំងប្រាំលាយគ្នា១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យ​ម្លប់ឈើ​ជាសេនាសនៈ អ្នកត្រូវធ្វើការឧស្សាហ៍ក្នុងសេនាសនៈ​នោះអស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺវិហារ១ អឌ្ឍយោគ (រោងបាំងមួយចំហៀង)១ ប្រាសាទវែង១ ប្រាសាទដំបូល​ត្រងិល១ គុហា១ (បព្វជិត​ត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យ​ភេសជ្ជៈដែលត្រាំ​ដោយទឹកមូត្រ​ស្អុយ អ្នកត្រូវធ្វើការឧស្សាហ៍​ក្នុងភេសជ្ជៈ​នោះ​អស់មួយជីវិត។ អតិរេកលាភ (៥យ៉ាង) គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្ញុំ១ ស្ករអំពៅ១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។

ចប់ និស្ស័យ ៤។

 

1)
ក្នុងខណៈដែលសូត្រ​ញត្តិចតុត្ថកម្មវាចា ឧបសម្បទាហើយ ត្រូវឲ្យមនុស្សទៅឈរនៅទីវាល ហើយវាស់ស្រមោលមនុស្ស​ដែលឈរ​នោះដោយបាតជើងឲ្យដឹងថា ស្រមោល​នោះចោលទៅប៉ុន្មាន​ជាន់ប៉ុន្មានទប់ ឯទប់នោះ គឺស្រមោល​ដែលនៅសល់​មិនពេញមួយជាន់ ហើយគេជាន់​ទទឹងផ្ទប់មក វិធីនេះ គេធ្លាប់ធ្វើមកពីដើម​តាមបែបក្នុងគម្ពីរ ឥឡូវ​នេះមាននាឡិកាហើយ តែបួសហើយវេលាណា គេក៏កត់ម៉ោង​មីនុតក្នុងពេល​នោះឲ្យដឹងថា បួសហើយម៉ោងប៉ុន្មានៗ មីនុត ព្រោះការវាស់ស្រមោល ក៏គឺឲ្យដឹងពេលវេលា​ដូចគ្នា​នឹងនាឡិកាដែរ ការកំណត់ពេល​តាមនាឡិកានាំឲ្យស្រួលដល់កិច្ចការសព្វវេលា គឺពេលយប់ ឬពេល​ថ្ងៃ​ស្រទំរកមើលស្រមោលមិនឃើញ។
2)
ឲ្យដឹងថាបួសក្នុងរដូវណា។
3)
ឲ្យដឹងថាពេលព្រឹក ឬរសៀល។
4)
ត្រូវអាចារ្យ​ប្រាប់​ការរួបរួម​ដល់ភិក្ខុដែល​ទើបនឹង​បួសហើយ ឲ្យចាំទុកថា ខ្លួនបួសពីថ្ងៃណា ខែណារដូវណា ពេលម៉ោងប៉ុន្មាន។
5)
សម្ពត់​ដែលគេចោលលើគំនរដី ឬសំរាមហើយរើសយកមកធ្វើជាចីវរ។
km/tipitaka/vin/mv/vin.mv.01.64.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann