User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.65

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦៥. ចត្តារិ អករណីយានិ

សង្ខេប

?

mv 01.65 បាលី cs-km: vin.mv.01.65 អដ្ឋកថា: vin.mv.01.65_att PTS: ?

ចត្តារិ អករណីយានិ (ទី៦៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(កិច្ចមិនគួរធ្វើ៤យ៉ាង (៦៥.))

[១៤៤] ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាដល់ភិក្ខុមួយរូប ហើយចោលឲ្យនៅម្នាក់​ឯង ក៏ចៀសចេញទៅ។ ភិក្ខុនោះ​មកតែម្នាក់ឯង​តាមក្រោយ បានជួបនឹងស្រ្តី​ដែលធ្លាប់​ជាប្រពន្ធ​អំពីដើម​ក្នុងចន្លោះផ្លូវ។ ស្រ្តីនោះនិយាយយ៉ាងនេះថា ឥឡូវនេះ អ្នកឯង​បួសហើយឬ។ ភិក្ខុនោះឆ្លើយថា អើ អញបួសហើយ។ ស្ត្រីនោះនិយាយថា មេថុនធម្ម ពួកអ្នកបួសបានដោយ​កម្រណាស់ (ណ្ហើយ) អ្នកចូរ​មកសេព​មេថុនធម្មចុះ។ ភិក្ខុនោះសេពមេថុនធម្ម​នឹងស្រ្តីនោះហើយ ទៅយឺតយូរក្រោយគេ។ ភិក្ខុទាំង​ឡាយ​បាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វី​បានជាអ្នកឯង​ធ្វើដំណើរ​ឲ្យយឺតយូរ​យ៉ាងនេះ។ ទើប​ភិក្ខុនោះប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​ ទ្រង់ធ្វើធម្មីកថា ហើយ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ឲ្យ​ឧបសម្បទា​ហើយ ឲ្យភិក្ខុ​ជាគ្នីគ្នា​ប្រាប់កិច្ចដែល​ភិក្ខុមិនត្រូវធ្វើ៤យ៉ាងផងថា ភិក្ខុឧបសម្បន្នហើយ មិនត្រូវសេព​មេថុនធម្ម ដោយ​ហោច​ទៅសូម្បី​នឹងសត្វតិរច្ឆានញី។ ភិក្ខុណាសេពមេថុនធម្ម​ ភិក្ខុ​នោះ​មិនមែន​ជាសមណៈ មិនមែន​ជា​កូនចៅ​ព្រះពុទ្ធ​ជាសក្យៈ។ ធម្មតា បុរសមានក្បាលដាច់ហើយ មិនគួរ​រស់​ឡើងបាន ដោយកិរិយា​តភ្ជាប់​សរីរៈ​នោះ មានឧបមាយ៉ាងណាមិញ ភិក្ខុសេពមេថុនធម្ម​ហើយ មិនមែន​ជាសមណៈ មិនមែន​ជា​កូន​ចៅ​ព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុ​ឧបសម្បន្ន​ហើយ មិនត្រូវកាន់យករបស់ដែលគេ​មិនឲ្យ គឺកាន់​យក​ដោយ​ថេយ្យចិត្ត ដោយហោចទៅ ត្រឹមតែស្មៅមួយទង។ ភិក្ខុណាមួយ​កាន់យក​របស់មាន​តម្លៃ​១បាទក្តី គួរដល់១បាទក្តី លើសជាង១បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យកដោយថេយ្យចិត្ត ភិក្ខុ​នោះ​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​​ជាសក្យៈ។ ធម្មតា ស្លឹកឈើលឿង (ទុំ) ដែលជ្រុះ​ចុះចាកទង​ហើយ មិនគួរមានពណ៌​ខៀវ (ស្រស់​ខ្ចី) វិញបាន មានឧបមាយ៉ាងណាមិញ ភិក្ខុកាន់យក​របស់​មានតម្លៃ​១បាទក្តី គួរដល់១បាទក្តី លើសជាង​១​បាទក្តី ដែលគេមិនបានឲ្យ គឺកាន់យក​ដោយថេយ្យចិត្ត មិនមែន​ជាសមណៈ មិនមែនជាកូន​ចៅ​ព្រះពុទ្ធ​ជាសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។ ភិក្ខុឧបសម្បន្ន​ហើយ មិនត្រូវក្លែងធ្វើសត្វ​ឲ្យធ្លាក់ចុះ​ចាកជីវិតឡើយ ​ដោយហោចទៅ តាំងពីស្រមោច​ខ្មៅ និងស្រមោចក្រហម។ ភិក្ខុក្លែងធ្វើរាងកាយ​មនុស្សឲ្យធ្លាក់ចុះ​ចាកជីវិត​ រាប់តាំង​ពី​រំលូតគភ៌​ដោយ​ហោច​ទៅ ភិក្ខុនោះ​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ។ ធម្មតា ថ្មក្រាស់ បែកជា​ពីរហើយ ជាធម្មជាតិជិតវិញ​មិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុក្លែង​ធ្វើនូវ​រាងកាយមនុស្ស​ឲ្យធ្លាក់​ចុះចាកជីវិត ក៏មិនមែន​ជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះ​ដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវនិយាយអួត​ឧត្តរិមនុស្សធម្ម ដោយពាក្យថា អាត្មា​ត្រេកអរ​ចំពោះ​ក្នុងផ្ទះស្ងាត់​ដូច្នេះ ដោយហោចទៅ។ ភិក្ខុណាមានសេចក្តី​ប្រាថ្នា​លាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួត​ឧត្តរិមនុស្សធម្ម គឺឈានក្តី វិមោក្ខក្តី សមាធិក្តី សមាបត្តិក្តី មគ្គក្តី ផលក្តី ដែលមិនពិត ភិក្ខុ​នោះ​មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធ​ជា​សក្យៈ។ ធម្មតា ដើមត្នោត​កំបុតចុងហើយ មិនគួរដុះ​ឡើងទៀត​បាន មានឧបមាយ៉ាងណាមិញ ភិក្ខុ​មាន​សេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់​ហើយ និយាយអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនពិត ក៏មិនមែន​ជាសមណៈ មិនមែន​ជាកូនចៅ​ព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ អ្នកមិន​ត្រូវ​ធ្វើកិច្ចនោះ​អស់​មួយជីវិត។

ចប់ កិច្ចមិនគួរធ្វើ៤យ៉ាង។

 

km/tipitaka/vin/mv/vin.mv.01.65.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann