km:tipitaka:vin:mv:vin.mv.01.66

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦៦. អាបត្តិយា អទស្សនេ ឧក្ខិត្តកវត្ថូនិ

សង្ខេប

?

mv 01.66 បាលី cs-km: vin.mv.01.66 អដ្ឋកថា: vin.mv.01.66_att PTS: ?

អាបត្តិយា អទស្សនេ ឧក្ខិត្តកវត្ថូនិ (ទី៦៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

( ៦៦.)

[១៤៥] ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញ​អាបត្តិ ហើយក៏សឹក​ទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុទាំងឡាយទៀត។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ​ក្នុងសាសនា​នេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ​ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងឃើញ​អាបត្តិ​នោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងឃើញអាបត្តិនោះ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំករុណានឹងមិនឃើញ​អាបត្តិ​នោះទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរអ្នកនោះថា លោកនឹងឃើញអាបត្តិនោះឬទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​នឹងឃើញ ត្រូវឲ្យឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនឃើញទេ មិនត្រូវឲ្យឧបសម្បទាទេ។ លុះភិក្ខុទាំងឡាយ​ឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងឃើញ​អាបត្តិ​នោះទេ។ បើភិក្ខុ​នោះនិយាយថា ខ្ញុំករុណានឹងឃើញ ភិក្ខុទាំងឡាយ​ត្រូវសូត្រ​ឱសារណកម្មចុះ1) បើនិយាយថា ខ្ញុំករុណា​នឹង​មិនឃើញទេ មិនត្រូវ​សូត្រឱសារណកម្មឡើយ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្ម​ហើយ ត្រូវសួរ​ភិក្ខុនោះថា ឥឡូវ​លោកឃើញ​អាបត្តិ​នោះឬទេ។ បើភិក្ខុនោះឃើញ ការឃើញ​នេះជាការល្អ បើមិន​ឃើញទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិន​បាន​សេចក្តីព្រមព្រៀងគ្នាទេ មិនមានអាបត្តិ​ព្រោះបរិភោគ​រួម នៅរួម (ដោយ​ភិក្ខុនោះឡើយ)។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះ​មិនធ្វើតបអាបត្តិ​2) ហើយសឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទា​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងធ្វើតប​អាបត្តិ​នោះឬទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងធ្វើតបវិញ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវសួរសាមណេរនោះថា អ្នកនឹងធ្វើតបអាបត្តិនោះឬទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​នឹងធ្វើតប ត្រូវភិក្ខុទាំងឡាយ ឲ្យ​ឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណានឹងមិនធ្វើតបទេ មិនត្រូវឲ្យឧបសម្បទាឡើយ។ លុះភិក្ខុ​ទាំង​ឡាយ​​ឲ្យឧបសម្បទាហើយ ត្រូវសួរភិក្ខុនោះថា លោកនឹងធ្វើតប​អាបត្តិ​នោះឬទេ។ បើភិក្ខុ​នោះ​និយាយ​ថា ខ្ញុំករុណានឹងធ្វើតបអាបត្តិនោះ ​ត្រូវសូត្រ​ឱសារណកម្មចុះ បើនិយាយថា ខ្ញុំករុណា​នឹង​មិនធ្វើតបទេ មិនត្រូវ​ឲ្យឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្ម​ហើយ ត្រូវនិយាយនឹង​ភិក្ខុនោះថា ចូរ​លោកធ្វើតប​អាបត្តិ​នោះចុះ។ បើភិក្ខុនោះធ្វើតប ការធ្វើតប​នេះជាការល្អ បើមិនធ្វើតបទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវលើកវត្តភិក្ខុនោះទៀត កាលបើមិន​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ មិនត្រូវអាបត្តិ​ព្រោះបរិភោគ​រួម ព្រោះនៅរួមទេ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវភិក្ខុទាំងឡាយលើកវត្ត ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ ហើយសឹកទៅ។ អ្នកនោះត្រឡប់​មកសូម​ឧបសម្បទា​​នឹងភិក្ខុ​ទាំងឡាយទៀត។ ត្រូវភិក្ខុទាំងឡាយនិយាយនឹង​អ្នកនោះយ៉ាងនេះថា អ្នកនឹងលះ​បង់​ទិដ្ឋិអាក្រក់​​នោះទេ។ បើអ្នកនោះនិយាយថា ខ្ញុំករុណានឹងលះបង់ ត្រូវភិក្ខុទាំងឡាយបំបួសចុះ បើ​និយាយថា ខ្ញុំនឹងមិនលះបង់ទេ មិនត្រូវបំបួសទេ។ លុះភិក្ខុទាំងឡាយបំបួសហើយ ត្រូវ​សួរ​សាមណេរ​នោះថា អ្នកនឹងលះបង់ទិដ្ឋិអាក្រក់នោះទេ។ បើសាមណេរនោះ​និយាយថា ខ្ញុំករុណា​នឹងលះបង់ ត្រូវភិក្ខុទាំងឡាយ ឲ្យ​ឧបសម្បទាចុះ បើនិយាយថា ខ្ញុំករុណាមិនលះបង់ទេ មិនត្រូវ​ឲ្យ​ឧបសម្បទាទេ។ លុះភិក្ខុ​ទាំង​ឡាយ​​ឲ្យឧបសម្បទាហើយ ត្រូវសួរថា លោកនឹងលះបង់ទិដ្ឋិអាក្រក់​នោះ​ទេ។ បើភិក្ខុ​នោះ​និយាយ​ថា ខ្ញុំករុណានឹងលះបង់ ​ត្រូវភិក្ខុទាំងឡាយសូត្រ​ឱសារណកម្មចុះ បើ​និយាយ​ថា ខ្ញុំករុណា​នឹង​មិនលះបង់ទេ មិនត្រូវ​សូត្រឱសារណកម្មទេ។ លុះភិក្ខុទាំងឡាយសូត្រឱសារណកម្ម​ហើយ ត្រូវនិយាយនឹង​ភិក្ខុនោះថា ចូរ​លោកលះបង់ទិដ្ឋិអាក្រក់​នោះទៅ។ បើភិក្ខុនោះលះបង់ ការ​លះបង់​នេះជាការល្អ បើមិនលះបង់ទេ កាលបើ​ភិក្ខុទាំងឡាយ​បានសេចក្តីព្រមព្រៀងគ្នា ត្រូវ​លើក​វត្ត​ភិក្ខុ​នោះទៀត បើមិន​បាន​សេចក្តី​ព្រមព្រៀង​គ្នា​ទេ មិនត្រូវអាបត្តិ​ព្រោះបរិភោគ​រួម ព្រោះនៅរួមទេ។

ចប់ មហាខន្ធកៈទី១។

 

1)
គឺសង្ឃត្រូវ​សូត្រ​រម្ងាប់​កម្មនោះ លើកលែង​ធ្វើទោស​តទៅ (មាន​សេចក្តីពិស្តារ​ក្នុង​កម្មក្ខន្ធកៈ)។
2)
ត្រូវអាបត្តិ​ហើយ សម្ងំ មិនចូលបរិវាស ឬមិនសំដែង។
km/tipitaka/vin/mv/vin.mv.01.66.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann