User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.67

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦៧. តស្សុទ្ទានំ

សង្ខេប

?

mv 01.67 បាលី cs-km: vin.mv.01.67 អដ្ឋកថា: vin.mv.01.67_att PTS: ?

តស្សុទ្ទានំ (ទី៦៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦៧.)

[១៤៦] កាលបើព្រះវិន័យ​មានប្រយោជន៍ធំ នាំមកនូវ​សេចក្តី​សុខដល់​ភិក្ខុមានសីល​ជាទីស្រឡាញ់​ទាំងឡាយ ជាសភាវទ្រទ្រង់ទុកនូវ​សាសនាផង ជាទីគោចរ​របស់ព្រះជិនស្រី​ ជាសព្វញ្ញូផង មិនមែនជាវិស័យ​នៃបុគ្គលដទៃ ជាទីក្សេមក្សាន្ត​ដែលព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយ ដោយប្រពៃ ដើម្បី​សង្កត់សង្កិននូវពួក​ភិក្ខុដែល​មានសេចក្តី​ប្រាថ្នា​លាមកផង ដើម្បី​ដម្កល់​ដម្កើង​នូវពួកភិក្ខុដែលមាន​សេចក្តី​ខ្មាសផង ដោយឥតសង្ស័យ អ្នកប្រាជ្ញ​ដែលមានប្រក្រតី​ធ្វើ​នូវ​ប្រយោជន៍​ដ៏សមគួរ តែង​ប្រតិបត្តិ​ដោយឧបាយ ក្នុងខន្ធកវិន័យផង ក្នុងបរិវារៈ​ផង ព្រមទាំង​មាតិកា។ បុគ្គលណាមិនស្គាល់គោ បុគ្គលនោះ​នឹងរក្សាហ្វូង​គោដូចម្តេចបាន យ៉ាងណាមិញ ភិក្ខុណា​មិនស្គាល់​សីល ភិក្ខុនោះនឹងរក្សាសេចក្តីសង្រួម​ក្នុងសីល​ដូចម្តេចបាន យ៉ាងនោះដែរ។​ បើទុកជាព្រះសូត្រ និងព្រះអភិធម្ម​សាបសូន្យអស់​ទៅហើយ តែបើព្រះវិន័យ​មិនទាន់​វិនាស​នៅឡើយទេ ព្រះសាសនា​ឈ្មោះថា ឋិតឋេរតទៅទៀតបាន។ ព្រោះហេតុនៃការសង្គាយនានោះ ខ្ញុំនឹងពោល​នូវឧទ្ទាន​តាមលំដាប់​ដោយសមគួរ​តាមប្រាជ្ញា ចូរលោកទាំងឡាយចាំស្តាប់ខ្ញុំជាអ្នកពោល។ វត្ថុផង និទានផង ន័យ​នៃ​អាបត្តិ​ទាំងឡាយផង បេយ្យាលៈផង វត្ថុជាដើមនោះ ខ្ញុំលំបាក​នឹងធ្វើ​ឲ្យអស់សព្វគ្រប់ ចូរលោកទាំងឡាយ ជ្រាប​ច្បាស់នូវវត្ថុជាដើមនោះ តាមន័យ (នៃឧទ្ទានគាថាដែលខ្ញុំ​ពោលដោយសង្ខេបតទៅនេះចុះ)។ រឿង​ព្រះសម្ពុទ្ធ​ទ្រង់គង់ក្រោមពោធិព្រឹក្ស១ រឿងទ្រង់​គង់ក្រោមរាជាយតនព្រឹក្ស១ រឿង​ទ្រង់ត្រឡប់​មកកាន់អជបាលនិគ្រោធវិញ ហើយទ្រង់​ពុទ្ធបរិវិតក្ក១ រឿងសហម្បតិព្រហ្ម១ រឿងអាឡារតាបស១ រឿងឧទ្ទកតាបស១ រឿង​ព្រះសម្ពុទ្ធទ្រង់ត្រិះរិះ​ថា គួរសំដែង​ធម៌ដល់​បញ្ចវគ្គិយភិក្ខុ១ រឿង​ទ្រង់ជួប​នឹង​ឧបកាជីវក១ រឿងទ្រង់ស្តេចទៅកាន់ព្រៃ​ឥសិបតនមិគទាយវន១ រឿងកោណ្ឌញ្ញភិក្ខុ១ រឿង​ភទ្ទិយភិក្ខុ១ រឿង​វប្បភិក្ខុ១ រឿង​មហានាមភិក្ខុ១ រឿង​អស្សជិភិក្ខុ១ រឿង​យសកុលបុត្រ១ រឿង​សំឡាញ់​៤នាក់១ រឿង​សំឡាញ់៥០នាក់១ រឿង​ព្រះបរមសាស្តានោះទ្រង់​បញ្ជូន​ពួកព្រះអរហន្ត​ទាំងពួង​ទៅកាន់ទិស ដើម្បី​ប្រកាស​សាសនា១ រឿងមារ១ រឿងកុមារទាំង៣០នាក់១ រឿង​ជដិលឈ្មោះឧរុវេលកស្សប១ រឿង​ជដិល​ឈ្មោះ​នទីកស្សប១ រឿង​ជដិលឈ្មោះគយាកស្សប១ រឿងរោងភ្លើង១ រឿងមហារាជ១ រឿង​ព្រះឥន្ទ្រ១ រឿង​ព្រហ្ម១ រឿង​អ្នកដែនអង្គៈ មគធៈ​ទាំងអស់១ រឿង​សំពត់បង្សុកូល១ រឿងស្រះបោក្ខរណី១ រឿង​ថ្មបោកសំពត់បង្សុកូល១ រឿង​ដើមថ្ងាន់១ រឿងថ្មហាលសំពត់បង្សុកូល១ រឿងព្រះសម្ពុទ្ធ​ទ្រង់នាំ​យកផ្លែ​ព្រីង១ រឿងទ្រង់នាំយកផ្លែស្វាយ១ រឿងទ្រង់នាំយកផ្លែកន្ទួតព្រៃ1) ១ រឿង​ទ្រង់​នាំយក​ផ្លែ​សម៉១ រឿងទ្រង់នាំយកផ្កាបារិច្ឆត្តកព្រឹក្ស១ រឿង​ទ្រង់ធ្វើបាដិហារិយ៍​ត្រាស់ថា ម្នាលកស្សប ឧសចូរបែក១ រឿងទ្រង់ត្រាស់ថា ភ្លើងចូរឆេះ១ រឿងទ្រង់ត្រាស់ថា ភ្លើងចូររលត់១ រឿង​ពួកជដិល​មុជទឹក១ រឿងព្រះដ៏មានព្រះភាគនិម្មិតជើងក្រាន១ រឿងភ្លៀង១ រឿងព្រះសម្ពុទ្ធ​គង់ក្នុងគយាសីសប្រទេស១ រឿងទ្រង់គង់ក្នុងលដ្ឋិវនឧទ្យាន (សួនព្រៃត្នោត)១ រឿង​ព្រះបាទ​មាគធរាជ១ រឿង​ឧបតិស្សមាណព១ រឿងកោលិតមាណព១ រឿងអ្នកដែនមគធៈដឹងច្បាស់​ថាពួក​កុលបុត្រប្រព្រឹត្ត​ព្រហ្មចារ្យ១ រឿងពួកភិក្ខុស្លៀកដណ្តប់មិនល្អ១ រឿងទ្រង់​អនុញ្ញាតឲ្យ​ឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិកដែលប្រព្រឹត្ត​មិនល្អ១ រឿងព្រាហ្មណ៍ស្គាំងស្គម​សៅហ្មង១ រឿង​ភិក្ខុប្រព្រឹត្ត​អនាចារ១ រឿងព្រាហ្មណ៍បួសដើម្បីចិញ្ចឹមពោះ១ រឿងមាណពទើបតែនឹង​មកសូមផ្នួស​ភិក្ខុប្រាប់​និស្ស័យមុន១ រឿងទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដោយគណសង្ឃតិចជាង១០រូប១ រឿងទ្រង់​ហាមភិក្ខុ​ដែលមានវស្សាតិចជាង១០ មិនឲ្យៗឧបសម្បទាគេ១ រឿងទ្រង់ហាមភិក្ខុដែលល្ងង់ៗ មិនឲ្យៗ​ឧបសម្បទា​គេ១ រឿង​ឧបជ្ឈាយ៍ចៀសចេញទៅកាន់ទិស១ រឿងភិក្ខុមានវស្សា១០​ឲ្យនិស្ស័យ១ រឿងពួកអន្តេវាសិក​ប្រព្រឹត្ត​មិនល្អក្នុងអាចារ្យត្រូវបណ្តេញ១ រឿងទ្រង់ហាមពួក​ភិក្ខុល្ងង់ៗ មិនឲ្យៗនិស្ស័យគេ១ រឿង​រម្ងាប់​ចាកនិស្ស័យ១ រឿងភិក្ខុប្រកបដោយអង្គ៥ គួរនិងមិនគួរ​ឲ្យឧបសម្បទាគេជាដើម១ រឿងភិក្ខុប្រកប​ដោយអង្គ៦ គួរនិងមិនគួរ​ឲ្យឧបសម្បទាគេជាដើម១ រឿង​ព្រះសម្ពុទ្ធទ្រង់​ត្រាស់ថា បុគ្គល​ណាពីដើម​ធ្លាប់ជាតិរ្ថិយ ដល់មកបួស​ជាភិក្ខុ មិនស្តាប់ពាក្យ​ឧបជ្ឈាយ៍ ហើយត្រឡប់​ទៅជាតិរ្ថិយដូចដើម បើមក​វិញ​មិនត្រូវឲ្យឧបសម្បទាទេ១ រឿងទ្រង់​ត្រាស់ថា បើបុគ្គលឯទៀត​ធ្លាប់ជាតិរ្ថិយ ហើយប្រាថ្នា​បព្វជ្ជា​ឧបសម្បទា ត្រូវឲ្យនៅ​បរិវាស៤ខែ១ រឿង​ទ្រង់ត្រាស់ថា បើតិរ្ថិយ​មកបួស​ទាំងអាក្រាត ត្រូវឧបជ្ឈាយ៍​ស្វែង​រកដំឡៃចីវរឲ្យ១ រឿង​ទ្រង់ត្រាស់ថា បើតិរ្ថិយ​មិនទាន់​កោរសក់ ត្រូវសង្ឃ​អបលោកធ្វើភណ្ឌុកម្មឲ្យ១ រឿង​ទ្រង់ត្រាស់ថា បើជដិលជាកម្មវាទី កិរិយវាទី មិនបាច់​ឲ្យនៅ​បរិវាស១ រឿងទ្រង់ត្រាស់ថា បើជាតិសក្យៈ​ធ្លាប់ជាតិរ្ថិយ​មកបួស មិនបាច់​ឲ្យនៅបរិវាស១ រឿងទ្រង់​បញ្ញត្ត​មិនឲ្យបំបួស​មនុស្ស​មានអាពាធ៥​យ៉ាង​ក្នុងដែនមគធៈ១ រឿងទ្រង់បញ្ញត្តមិនឲ្យបំបួស​រាជអមាត្យ១ រឿង​ភិក្ខុបំបួស​អង្គុលិមាលចោរ ក្រោយមក​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​ចោរ១ រឿង​ព្រះបាទមាគធរាជទ្រង់​អនុញ្ញាត​ទោសដល់​ពួកអ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា១ រឿងព្រះសម្ពុទ្ធ​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​ចោរទំលាយគុក១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យ​បំបួស​ចោរដែល​រាជការ​ព្យួរទោស​ទុក១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​មនុស្សដែល​មានស្នាម​រំពាត់១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យបំបួស​មនុស្សដែល​គេបៀតបៀន​ឲ្យមាន​ស្លាកស្នាម១ រឿង​ទ្រង់បញ្ញត្ត​មិនឲ្យ​បំបួស​មនុស្សដែល​ជំពាក់បំណុលគេ១ រឿង​ទ្រង់បញ្ញត្តមិនឲ្យ​បំបួស​មនុស្ស​ខ្ញុំគេ១ រឿង​ភិក្ខុបំបួស​ទារកកោរទុកជុក១ រឿង​ភិក្ខុបំបួស​ទារក​ឈ្មោះឧបាលិ១ រឿង​ត្រកូលវិនាសដោយ​អហិវាតករោគ១ រឿង​ត្រកូលជាឧបដ្ឋាករបស់ព្រះអានន្ទ​មានសទ្ធា១ រឿង​កណ្តកសាមណេរ១ រឿងមនុស្ស​ពោលទោស​ភិក្ខុថា ទិសចង្អៀត១ រឿងព្រះដ៏មានព្រះភាគគង់​នៅក្នុងនិគ្រោធារាម​ទៀបក្រុងកបិលវត្ថុ១ រឿង​ព្រះសារីបុត្ត​បំបួស​ទារក១ រឿង​ទ្រង់អនុញ្ញាត​សិក្ខាបទ១០ដល់​សាមណេរ១ រឿងសាមណេរនៅ​ដោយមិនគោរព​កោតក្រែង​ភិក្ខុ១ រឿងភិក្ខុត្រិះរិះ​ថាគួរធ្វើ​ទណ្ឌកម្ម​ដូចម្តេច​ដល់សាមណេរ១ រឿង​ភិក្ខុធ្វើ​អាវរណកម្ម​ដល់​ពួកសាមណេរ​ទួទៅ​ទាំងអារាមរបស់​សង្ឃទាំងមូល១ រឿង​ភិក្ខុធ្វើអាវរណកម្ម​ដល់ពួកសាមណេរ​ចំពោះអាហារ​តាមមុខទ្វារ១ រឿង​ពួកឆព្វគ្គិយ​ភិក្ខុធ្វើ​អាវរណកម្ម ដល់ពួកសាមណេរ​មិនប្រាប់​ឧបជ្ឈាយ៍​១ រឿងពួកឆព្វគ្គិយភិក្ខុប្រលោម​យកសាមណេរ​របស់ភិក្ខុជាថេរៈ១ រឿងកណ្ឌកសាមណេរ​ប្រទុស្ត​ភិក្ខុនី​ឈ្មោះ​កណ្តកី១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់ហាមមិន​ឲ្យបំបួស​បណ្ឌក១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្ស​ដែល​លួច​សំវាស១ រឿង​ទ្រង់ហាម​មិនឲ្យបំបួស​ភិក្ខុដែល​រត់ទៅចូលពួក​តិរ្ថិយ១ រឿង​ទ្រង់ហាម​មិនឲ្យ​បំបួស​សត្វតិរច្ឆានដោយហេតុ​អហិនាគ​មកបួស​ក្នុងសំណាក់ភិក្ខុ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្ស​ដែលសម្លាប់ម្តាយ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្សដែលសម្លាប់ឪពុក១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលសម្លាប់ព្រះអរហន្ត១ រឿង​ទ្រង់​ហាម​មិនឲ្យបំបួសមនុស្សដែលប្រទុស្ត​ភិក្ខុនី១ រឿង​ទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែល​បំបែកសង្ឃ១ រឿង​​ទ្រង់ហាមមិនឲ្យបំបួសបុគ្គលដែលធ្វើព្រះលោហិត​ឲ្យពូរពងឡើង១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្សដែលជាឧភតោព្យញ្ជនក១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​បុគ្គល​គ្មានឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យយកសង្ឃជាឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យយកគណៈ​ជាឧបជ្ឈាយ៍១ រឿង​ទ្រង់​ហាមមិនឲ្យយកបណ្ឌក​ជាឧបជ្ឈាយ៍១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​កុលបុត្រ​គ្មានបាត្រ១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់កុលបុត្រ​គ្មានចីវរ១ រឿង​ទ្រង់ហាមមិនឲ្យៗ​ឧបសម្បទា​ដល់​កុលបុត្រ​​គ្មានបាត្រ ​គ្មានចីវរ​ទាំងពីរ​យ៉ាងនោះ១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​បុគ្គល​ដែល​ខ្ចី​បាត្រគេ១ រឿង​ទ្រង់ហាមមិនឲ្យៗឧបសម្បទា​ដល់​បុគ្គល​ដែលខ្ចីចីវរគេ១ រឿង​ទ្រង់ហាមមិន​ឲ្យៗ​ឧបសម្បទា​ដល់​បុគ្គល​ដែលខ្ចីទាំងបាត្រ ទាំងចីវរគេ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតដៃ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុតជើង១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្សកំបុតទាំងដៃ​ទាំង​ជើង១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុត​ត្រចៀក១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្សកំបុត​ច្រមុះ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុត​ទាំង​ត្រចៀក ទាំងច្រមុះ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួសមនុស្សកំបុតម្រាមដៃ១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សកំបុត​មេដៃឬមេជើង១ រឿង​ទ្រង់ហាម​មិនឲ្យបំបួសមនុស្សដាច់​សរសៃធំ​១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សមានម្រាមដៃជាប់គ្នា១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សគម១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សតឿ១ រឿង​ទ្រង់ហាមមិនឲ្យ​បំបួស​មនុស្សពកក១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលគេបៀតបៀន​ឲ្យមានស្លាកស្នាម១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលមានស្នាម​រំពាត់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលរាជការ​ព្យួរ​ទោសទុក១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សជើងស្ទក់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែល​មានរោគអាក្រក់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សប្រទុស្ត​បរិសទ្យ១ រឿង​ទ្រង់ហាមមិនឲ្យបំបួស​មនុស្ស​ទើបនឹងខ្វាក់​ ឬខ្វាក់​ម្ខាង១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សក្ងែងក្ងង់​ដៃជើង១ រឿង​ទ្រង់​ហាម​មិនឲ្យបំបួសមនុស្សខ្ចក១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សដែលស្លាប់​មួយ​ចំហៀងខ្លួន១ រឿង​ទ្រង់​ហាមមិនឲ្យបំបួសមនុស្សខ្វិន១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សចាស់​គ្រាំគ្រា​១ រឿង​ទ្រង់ហាម​មិន​ឲ្យ​បំបួសមនុស្សខ្វាក់​ពីកំណើត ឬខ្វាក់ទាំងពីរខាង១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សគ១ រឿង​ទ្រង់​ហាមមិនឲ្យបំបួសមនុស្សថ្លង់១ រឿង​ទ្រង់ហាមមិនឲ្យបំបួសមនុស្សទាំងខ្វាក់ពីកំណើតទាំងគ១ មិន​ឲ្យ​បំបួសមនុស្សទាំងខ្វាក់​ពីកំណើត​ទាំងថ្លង់១ មិនឲ្យបំបួសមនុស្សទាំងគទាំងថ្លង់១ មិនឲ្យបំបួស​មនុស្ស​ទាំង​ខ្វាក់ពីកំណើត ទាំងគ ទាំងថ្លង់១ រឿងទ្រង់ហាមមិនឲ្យៗនិស្ស័យ​ដល់ពួក​ភិក្ខុអលជ្ជី១ រឿងទ្រង់​ហាម​មិនឲ្យនៅអាស្រ័យ​នឹងពួក​ភិក្ខុអលជ្ជី១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុអ្នកដើរ​ផ្លូវឆ្ងាយ​មិនបាច់​មាន​និស្ស័យ​បាន១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុបម្រើជម្ងឺ មិនទាន់បាននិស្ស័យ​នៅដោយ​ឥតនិស្ស័យ​បាន ព្រោះភិក្ខុឈឺអង្វរ១ រឿង​ព្រះមហាកស្សប​ប្រើបម្រើ​ឲ្យទៅនិមន្តព្រះអានន្ទ​ថា ចូរមកសូត្រឲ្យ​ឧបសម្បទា​បេក្ខៈ១ រឿង​ឧបសម្បទាពីររូប ប្រកែក​គ្នាអំពី​រឿងដណ្តើម​គ្នាឧបសម្បទាមុន១ រឿងទ្រង់អនុញ្ញាត​ឲ្យ​សូត្រ​អនុស្សាវនាជាមួយគ្នា​ដោយមាន​ឧបជ្ឈាយ៍​តែមួយរូប១ រឿងកុមារកស្សប​មានអាយុ២០ឆ្នាំ រាប់​តាំងពីឆ្នាំ​ដែលនៅ​ក្នុងគភ៌ផង បានឧបសម្បទា១ រឿង​ពួកឧបសម្បន្ន​ដែលអាពាធ​ទាំងឡាយ​បៀតបៀន​ប្រាកដឡើង១ រឿង​ពួក​ភិក្ខុសួរ​អន្តរាយិកធម៌នឹងពួក​ឧបសម្បទាបេក្ខៈ ដែលមិនទាន់​ប្រៀនប្រដៅ ឧបសម្បទាបេក្ខៈអៀនខ្មាស១ រឿង​ពួក​ភិក្ខុ​ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈ ក្នុងទីកណ្តាល​ជំនុំ​សង្ឃ​នោះ១ រឿង​ទ្រង់អនុញ្ញាត​ឲ្យប្រៀន​ប្រដៅ​ក្នុងទីសមគួរហើយ សឹម​សួរ​អន្តរាយិកធម៌ក្នុងកណ្តាលសង្ឃ១ រឿង​ទ្រង់ហាម មិនឲ្យភិក្ខុល្ងង់ៗ​ប្រៀន​ប្រដៅ​១ រឿងទ្រង់​ហាមមិនឲ្យ​ភិក្ខុដែលគ្មាន​ការសន្មតិ​ប្រៀន​ប្រដៅ​១ រឿងទ្រង់ហាមមិនឲ្យអាចារ្យនិងឧបសម្បទាបេក្ខៈ ចូលមកក្នុងជំនុំសង្ឃជាមួយគ្នា១ រឿង​ឧបសម្បទា​បេក្ខៈ សូមឧបសម្បទា​នឹងសង្ឃដោយពាក្យថា សូមឲ្យសង្ឃ​ស្រោចស្រង់១ រឿង​ប្រាប់​និស្ស័យ​បួន១ រឿងភិក្ខុដែលបានឧបសម្បទាហើយ ដើរមកតែម្នាក់ឯង ជួបនឹងស្រ្តី​ជាបុរាណទុតិយិកា​ត្រង់កណ្តាល​ផ្លូវ១ រឿងភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះមិនឃើញអាបត្តិ១ រឿងភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះមិនធ្វើ​តបនូវ​អាបត្តិ១ រឿងភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះមិនលះបង់​នូវទិដ្ឋិ​អាក្រក់១។

រួមរឿងក្នុងខន្ធកៈនេះ ១៧២រឿងដោយបការដូច្នេះ។

ចប់ ឧទ្ទានក្នុងមហាខន្ធកៈ។

 

1)
បាលីថា អាមណ្ឌោ ធ្លាប់ប្រែថា ល្ហុង តែត្រង់​ពាក្យថា អាមណ្ឌោនេះ ឃើញក្នុងច្បាប់ឱរុបថា អាមលកោ ដែលប្រែថាកន្ទួតព្រៃ ហេតុនេះ គួរ​ប្រែថា កន្ទួតព្រៃវិញ ព្រោះរឿង​ខាងដើម​ថា ព្រះសម្ពុទ្ធ​ទ្រង់នាំយកផ្លែកន្ទួតព្រៃ។
km/tipitaka/vin/mv/vin.mv.01.67.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann