User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02

មាតិកា

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

ឧបោសថក្ខន្ធកៈ (ទី២)

សង្ខេប

?

mv 02 បាលី cs-km: vin.mv.02 អដ្ឋកថា: vin.mv.02_att PTS: ?

ឧបោសថក្ខន្ធកៈ (ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

៦៨. សន្និបាតានុជាននា

(៦៨.)

[១៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិត​ក្រុងរាជគ្រឹះ។ ក៏សម័យ​នោះឯង ពួកបរិព្វាជក​មានលទ្ធិដទៃប្រជុំគ្នានិយាយ​ធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ។1) មនុស្សទាំងឡាយតែងចូលទៅរក​បរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះ​កើតសេចក្តីស្រឡាញ់ កើតសេចក្តី​ជ្រះថ្លា ក្នុងពួក​បរិព្វាជកមានលទ្ធិ​ដទៃ​ ពួកបរិព្វាជក​មានលទ្ធិ​ដទៃក៏​បានបក្ខពួកឡើង។ គ្រានោះឯង ព្រះបាទ​ពិម្ពិសារសេនិយៈ ជាឥស្សរៈ​ក្នុងដែន​មគធៈ ទ្រង់សម្ងំនៅក្នុង​ទីស្ងាត់ កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួក​បរិព្វាជក​មានលទ្ធិដទៃ​ប្រជុំគ្នា និយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ​តែង​ចូលទៅរកបរិព្វាជក​ទាំងនោះ​ដើម្បីស្តាប់ធម៌ មនុស្សទាំងនោះ​ក៏កើតសេចក្តី​ស្រឡាញ់​ កើត​សេចក្តី​ជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ​ក៏បាន​បក្ខពួកឡើង បើដូច្នោះ​គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខដែរ។ ទើបព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​គង់​ក្នុងទីសមគួរ​ហើយ បានទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃ​នេះ​ ខ្ញុំព្រះករុណាសម្ងំ​នៅក្នុងទីស្ងាត់​ កើតចិត្ត​ត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជក​មានលទ្ធិ​ដទៃ តែងប្រជុំគ្នានិយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ តែងចូល​ទៅរក​បរិព្វាជក​ទាំងនោះ ដើម្បីស្តាប់ធម៌ ពួកមនុស្សទាំងនោះ ក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ ក៏បាន​បក្ខពួកឡើង បើដូច្នោះ គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​សូមទ្រង់​អនុញ្ញាត បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ទាំងឡាយ ត្រូវតែប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ ទី​៨​នៃ​បក្ខ។ គ្រានោះឯង ព្រះដ៏មានព្រះភាគញុំាងព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​ឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ លំដាប់នោះ ព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ដែលព្រះដ៏មានព្រះភាគឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាច​ហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ​ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យប្រជុំ​គ្នាក្នុង​ថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។

៦៩. បាតិមោក្ខុទ្ទេសានុជាននា

(៦៩.)

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថាព្រះដ៏មានព្រះភាគ​អនុញ្ញាត​ឲ្យប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខហើយ។ ភិក្ខុទាំងនោះក៏ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយ​នៅ​តែស្ងៀម។ មនុស្សទាំងឡាយក៏ចូលទៅរក​ភិក្ខុទាំងនោះដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយ ជាសក្យបុត្រ មិនសមបើនឹងមកប្រជុំគ្នា​ក្នុង​ថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយ​នៅតែស្ងៀម ដូចជាជ្រូកធាត់ (ដូច្នេះ) សោះ គួរតែ​លោកទាំងឡាយ​ប្រជុំគ្នា ហើយនិយាយធម៌។ ភិក្ខុទាំងឡាយ បានឮពាក្យ​មនុស្សទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងឡាយ​នោះក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី​៨នៃបក្ខ។

[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​សម្ងំក្នុងទីស្ងាត់​កើតព្រះទ័យ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា បើដូច្នោះមានតែតថាគត​អនុញ្ញាត​សិក្ខាបទទាំងឡាយនោះដែល​តថាគត​បញ្ញត្ត​ហើយដល់​ភិក្ខុ​ទាំងឡាយ ឲ្យជា​បាតិមោក្ខុទ្ទេស​ដល់ពួក​ភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេស​នោះនឹងបានជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាក​ទីសម្ងំ​ក្នុង​ពេល​ថ្ងៃរសៀល ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ​ តថាគតសម្ងំ​នៅក្នុងទីស្ងាត់ កើតចិត្ត​ត្រិះរិះ​ឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគត​អនុញ្ញាត​សិក្ខាបទ​ទាំងឡាយនោះ ដែលតថាគត​បញ្ញត្ត​ដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេស​ដល់ភិក្ខុ​ទាំងឡាយ​នោះ បាតិមោក្ខុទ្ទេស​នោះនឹងជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសំដែង​យ៉ាងនេះ។ គឺភិក្ខុ​ដែល​ឆ្លាស ប្រតិពល​ ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់​សង្ឃហើយ សង្ឃគួរធ្វើ​ឧបោសថ គួរសំដែង​នូវបាតិមោក្ខ។ បុព្វកិច្ច​2) របស់សង្ឃដូចម្តេច។ បពិត្រ​លោកដ៏មានអាយុ​ទាំងឡាយ ចូរលោកទាំង​ឡាយ​​ប្រាប់​សេចក្តី​បរិសុទ្ធិ។ ខ្ញុំនឹងសំដែង​នូវបាតិមោក្ខ។ យើងទាំងឡាយ​ដែលមាន​នៅ​ទាំងអស់គ្នា ចូរ​ប្រុង​ស្តាប់យកចិត្តទុកដាក់នូវ​បាលីនោះ។ លោកអង្គណាមានអាបត្តិ ត្រូវលោក​អង្គនោះ​ប្រាប់ កាលបើ​មិន​មានអាបត្តិទេ ត្រូវនៅឲ្យស្ងៀម។ ខ្ញុំនឹងសំគាល់លោកដ៏មានអាយុ​ទាំងឡាយ​ថា ជាបុគ្គលបរិសុទ្ធ ដោយ​ភាវៈស្ងៀម។ ដូចជាបុគ្គលដែល​ត្រូវគេសួរបញ្ហាចំពោះ​រូបម្នាក់ៗតែង​ដោះស្រាយ យ៉ាងណាមិញ ពាក្យ​ដែល​ខ្ញុំ​ប្រកាសឲ្យដឹងអស់វារៈ​ជាគំរប់​បីដងយ៉ាងនេះ ក្នុងបរិសទ្យ​មានសភាពយ៉ាងនេះ ក៏​ដូច្នោះ​ដែរ។ ភិក្ខុណាមួយ កាលដែលខ្ញុំប្រកាស​ឲ្យដឹងអស់​វារៈ​ជាគំរប់បីដង ទើប​រលឹកឃើញ តែមិន​ប្រាប់​អាបត្តិ​​ដែលមាន ភិក្ខុនោះ ត្រូវសម្បជានមុសាវាទ។ បពិត្រលោក​ដ៏មាន​អាយុទាំងឡាយ ក៏ឯ​សម្បជានមុសាវាទ ព្រះដ៏មានព្រះភាគ​ត្រាស់ថាជាធម៌​ធ្វើសេចក្តី​អន្តរាយ​មួយដែរ ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវប្រាប់អាបត្តិដែលមាន។ ព្រោះថា អាបត្តិដែល​ភិក្ខុប្រាប់ហើយ ជាការស្រួល។

[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះ​ជាប្រធាន ធម្មជាត​នៃជាមុនដម្បូងនៃកុសល​ធម៌ទាំងឡាយ ហេតុនោះតថាគត​ហៅថាបាតិមោក្ខ។ ពាក្យថា លោកដ៏មាន​អាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយដោយសេចក្តី​ស្រឡាញ់ នេះជាពាក្យ​និយាយ​ដោយសេចក្តី​គោរព នេះជាឈ្មោះ​នៃបុគ្គល​ប្រកបដោយសេចក្តី​គោរព​ និង​ជាទីកោតក្រែង។ ពាក្យថា ខ្ញុំ​នឹងសំដែង គឺខ្ញុំនឹងប្រាប់​ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើ​ឲ្យរាក់ នឹងប្រកាស​ឬផ្តៀង។ ពាក្យថា បាលីនោះ តថាគត​សំដៅយកបាតិមោក្ខ។ ពាក្យថា យើងទាំងឡាយ ដែល​មាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាលម៉ាន​ក្នុងបរិសទ្យ​នោះ តថាគត​ហៅភិក្ខុទាំងឡាយ​នុ៎ះ​ថា យើងទាំងឡាយដែលមាននៅ​ទាំងអស់គ្នា។ ពាក្យថា ចូរប្រុង​ស្តាប់ គឺយើងចូរ​ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់​នូវបាតិមោក្ខ​ទាំងអស់​ដោយចិត្ត។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្ត​មានអារម្មណ៍​តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរាយមាយ ហើយពិចារណា (បាតិមោក្ខនោះ)។ ពាក្យថា លោកអង្គណាមានអាបត្តិ គឺភិក្ខុជាថេរៈ ឬភិក្ខុខ្ចី ឬភិក្ខុ​ជាកណ្តាល បណ្តាអាបត្តិទាំង៥កង ត្រូវអាបត្តិណាមួយក្តី បណ្តាអាបត្តិ​ទាំង៧កង ត្រូវអាបត្តិ​ណាមួយ​ក្តី។ ពាក្យថា ត្រូវលោកអង្គនោះប្រាប់ គឺភិក្ខុនោះត្រូវ​សំដែង ភិក្ខុនោះត្រូវបើក ភិក្ខុនោះត្រូវ​ធ្វើឲ្យរាក់​ឡើង ភិក្ខុនោះត្រូវ​ប្រកាស​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ដែលឈ្មោះថា មិនមានអាបត្តិ គឺភិក្ខុមិនបាន​ត្រូវអាបត្តិ​ណាក្តី ត្រូវអាបត្តិ​ណាហើយ ចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវ​នៅស្ងៀម គឺត្រូវ​អត់ មិនត្រូវនិយាយ។ ពាក្យថា ខ្ញុំនឹងសំគាល់​លោកដ៏មានអាយុ​ទាំងឡាយថា ជាបុគ្គល​បរិសុទ្ធ គឺខ្ញុំនឹងដឹង នឹងចាំទុក។ ពាក្យថា ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហា​ចំពោះរូបម្នាក់ៗ តែងដោះ​ស្រាយ​យ៉ាងណាមិញ សេចក្តីថា បុគ្គលម្នាក់​ដែលបុគ្គលម្នាក់ទៀត​សួរហើយ ត្រូវតែដោះស្រាយ​ មានឧបមាយ៉ាងណា ភិក្ខុសួរខ្ញុំ​ចំពោះអាបត្តិ ដែលភិក្ខុគួរដឹង​ក្នុងបរិសទ្យនោះយ៉ាងនោះ ក៏មាន​ឧបមេយ្យ​យ៉ាងនោះដែរ។ ដែលហៅថា បរិសទ្យ​មានសភាពយ៉ាងនេះ គឺតថាគត​សំដៅយក​ភិក្ខុ​បរិសទ្យ។ ពាក្យថា ពាក្យដែលខ្ញុំ​ប្រកាសឲ្យដឹង​អស់វារៈ​ជាគំរប់បីដង គឺពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ម្តងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជាគំរប់ពីរដងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជាគំរប់បីដងផង។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ដែលឈ្មោះថា អាបត្តិដែលមាន គឺ​ភិក្ខុ​ត្រូវអាបត្តិ​ណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា មិនប្រាប់ គឺមិនសំដែង មិនបើក មិនធ្វើ​ឲ្យងាយ មិនប្រកាស​ក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ពាក្យថា ភិក្ខុ​នោះត្រូវ​សម្បជានមុសាវាទ គឺសម្បជានមុសាវាទ ជាអាបត្តិអ្វី។ សម្បជានមុសាវាទ ជាអាបត្តិទុក្កដ។ ពាក្យថា ព្រះដ៏មានព្រះភាគ​ត្រាស់ថា ជាធម៌ធ្វើសេចក្តីអន្តរាយ គឺធម៌​នោះធ្វើនូវ​សេចក្តីអន្តរាយដល់អ្វី។ ធម៌នោះ​ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​បឋមជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានទុតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានតតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានចតុត្ថជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​នូវកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់​ចេញចាក​ភព សេចក្តីស្ងប់ស្ងាត់។ ពាក្យថា ហេតុនោះ គឺព្រោះ​ដំណើរនោះ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ពាក្យថា ប្រាថ្នាសេចក្តីបរិសុទ្ធ គឺប្រាថ្នា​ចេញចាកអាបត្តិ ប្រាថ្នាដើម្បីស្អាត។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុ​ត្រូវប្រាប់​អាបត្តិ​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី។ ពាក្យថា ព្រោះអាបត្តិ​ដែល​ភិក្ខុប្រាប់ហើយជាការស្រួល គឺជាការស្រួល​ដើម្បីអ្វី។ ជាការស្រួលដើម្បីបាន​បឋមជ្ឈាន ជាការស្រួលដើម្បីបានទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បី​បាន​​ចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌​ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។

[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​ឲ្យសំដែង​នូវ​បាតិមោក្ខ​ហើយ ក៏សំដែងនូវ​បាតិមោក្ខ​រាល់ថ្ងៃ។ ភិក្ខុទាំងឡាយខ្លះក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែង​នូវបាតិមោក្ខ​រាល់ថ្ងៃ​ទេ ភិក្ខុ​ណា​សំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ​តែ​ក្នុង​ថ្ងៃ​​ឧបោសថ។ ក៏សម័យ​នោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យសំដែង​នូវ​បាតិមោក្ខ​ក្នុងថ្ងៃឧបោសថ ក៏សំដែង​នូវបាតិមោក្ខ​ក្នុង១បក្ខ​៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ​ក្នុង១បក្ខ ​៣ដងទេ ភិក្ខុណាសំដែង ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ​១៤ក្តី ទី១៥ក្តី។

[១៥២] ​ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែង​នូវ​បាតិមោក្ខ ដោយសមគួរ​ដល់បរិសទ្យ គឺចំពោះ​បរិសទ្យ​របស់ខ្លួនៗ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែង​នូវបាតិមោក្ខ​ ដោយសមគួរ​ដល់បរិសទ្យ គឺចំពោះ​បរិសទ្យ​របស់ខ្លួនៗទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​​នូវ​ឧបោសថកម្ម ដល់ពួក​ភិក្ខុដែលព្រមព្រៀងគ្នា។ ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះយ៉ាងនេះ​ថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តឧបោសថកម្ម ដល់ភិក្ខុទាំងឡាយ​ដែលព្រមព្រៀងគ្នា សេចក្តីព្រមព្រៀង​មានកំណត់​ត្រឹមណាហ្ន៎ មានកំណត់ត្រឹម​អាវាសមួយ ឬផែនដីទាំងអស់។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អាវាស​មួយ​មាន​កំណត់ត្រឹមណា តថាគតអនុញ្ញាតសេចក្តីព្រមព្រៀង​គ្នាមានកំណត់ត្រឹមនុ៎ះ​ឯង។​

៧០. មហាកប្បិនវត្ថុ

(៧០.)

[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរ​ក្រុងរាជគ្រឹះ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំ​នៅក្នុងទីស្ងាត់​ ក៏កើតសេចក្តី​ត្រិះរិះ​ឡើងក្នុង​ចិត្តយ៉ាងនេះថា អាត្មាអញគួរ​ទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញ​គួរទៅធ្វើ​សង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញ​បរិសុទ្ធ​ដោយសេចក្តីបរិសុទ្ធ​យ៉ាងបំផុតហើយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​ការត្រិះរិះ​ក្នុងចិត្ត​របស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ​ ហើយទ្រង់​បាត់អំពី​ភ្នំគិជ្ឈកូដ មកប្រាកដ​ក្នុងទីចំពោះមុខ​ព្រះមហាកប្បិន​ដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមា​ដូចជាបុរស​មានកំឡាំង​លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ​ដែលលាចេញយ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈ​ដែលគេ​តែងតាំងហើយ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់​នៅក្នុងទីគួរ​មួយថា នែកប្បិន អ្នកឯងសម្ងំ​នៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះ​ក្នុងចិត្តយ៉ាងនេះថា អាត្មាអញ​គួរទៅ​កាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញ​បរិសុទ្ធ​ដោយសេចក្តី​បរិសុទ្ធ​យ៉ាងបំផុតហើយ ដូច្នេះ មែនឬ។ ព្រះមហាកប្បិនក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា​ឧបោសថទេ តើបាននរណា​នឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជា​ឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)​សង្ឃកម្ម កុំខានទៅឡើយ។ ព្រះមហាកប្បិនដ៏មានអាយុ​ទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាង​ហ្នឹងហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុ​ឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយ​ដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខ​ព្រះមហាកប្បិនដ៏មានអាយុ​ក្នុងមទ្ទកុច្ឆិមិគទាយវន​ ទៅប្រាកដ​លើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរស​មានកំឡាំង លាដើមដៃ​ដែលបត់ចូល ឬបត់ចូល​ដើមដៃ​ដែលលាចេញ​យ៉ាងនោះឯង។

៧១. សីមានុជាននា

(៧១.)

[១៥៤] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត​ថា អាវាសមួយមានកំណត់ត្រឹមណា សេចក្តីព្រមព្រៀង​មានកំណត់ត្រឹមនុ៎ះ។ ចុះអាវាស​មួយនោះ តើមាន​កំណត់ដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសន្មត​សីមា ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមា​នោះ ត្រូវភិក្ខុសន្មតយ៉ាងនេះ។ ដើមដំបូង ត្រូវភិក្ខុកំណត់ (សំដែង) និមិត្រទាំងឡាយ គឺកំណត់​ភ្នំជានិមិត្រ3) ថ្មជានិមិត្រ ព្រៃជានិមិត្រ ដើមឈើជានិមិត្រ ផ្លូវជានិមិត្រ ដម្បូកជានិមិត្រ ស្ទឹង​ជានិមិត្រ ទឹកជានិមិត្រ លុះភិក្ខុឆ្លាស ប្រតិពល​កំណត់​និមិត្រទាំងឡាយហើយ ត្រូវ​ឲ្យសង្ឃ​ជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រ​ទាំងឡាយ​ដែលសង្ឃ​កំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា បើសម្មតិកម្មមានកាលគួរ​ដល់សង្ឃហើយ គួរ​សង្ឃសន្មត​សីមា​ឲ្យជា​ទីមាន​សំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ កំណត់ត្រឹមនោះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រ​ទាំងឡាយ ​ដែលសង្ឃ​កំណត់ហើយ ដោយជុំវិញ មានកំណត់ត្រឹមណា ឥឡូវសង្ឃសន្មត​សីមា​ ឲ្យជា​ទីមាន​សំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ មានកំណត់ត្រឹមនោះ។ សេចក្តីសន្មតិ​សីមា​ ឲ្យជា​ទីមាន​សំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះត្រូវស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយឡើង។ ​សីមាមាន​សំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា សង្ឃ​បានសន្មត​ដោយ​និមិត្រ​ទាំង​ឡាយ​នេះហើយ។ ការ​សន្មតិ​សីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុកនូវ​ដំណើរនេះ ដោយអាការស្ងៀម​នៅយ៉ាងនេះ។

[១៥៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត្តការសន្មតិ​សីមាហើយ ក៏សន្មតសីមាទាំងឡាយ​ធំហួសពេក គឺទំហំ៤យោជន៍ខ្លះ ៥យោជន៍ខ្លះ ៦យោជន៍ខ្លះ។ ភិក្ខុ​ទាំងឡាយដែលមកកាន់​ទីឧបោសថ ជួនកាលមកទាន់​ភិក្ខុកំពុងសំដែង​បាតិមោក្ខ ជួនកាលមកដល់ ក្នុង​ពេលដែលភិក្ខុសំដែង​បាតិមោក្ខរួចហើយ ជួនកាល​ក៏អាក់​ខាននៅត្រឹម​ពាក់កណ្តាលផ្លូវ។ ភិក្ខុទាំង​ឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវសន្មត​សីមាធំហួសពេក គឺមានទំហំ៤យោជន៍ក្តី ៥យោជន៍ក្តី ៦យោជន៍ក្តីទេ ភិក្ខុណា​សន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​សន្មត​សីមាទំហំ៣យោជន៍​យ៉ាងធំ។

[១៥៦] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្មតនទីបារ​សីមា។4) កាលភិក្ខុ​ទាំងឡាយមកកាន់ឧបោសថ ក៏រសាត់​ទៅតាម​ទឹកខ្លះ បាត្រទាំងឡាយក៏រសាត់​ទៅខ្លះ ចីវរទាំងឡាយ​ក៏រសាត់ទៅខ្លះ។ ភិក្ខុទាំង​ឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិន​ត្រូវ​សន្មត​នទីបារ​សីមាទេ ភិក្ខុណា​សន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងស្ទឹង​ណាមានទូក​ទៅមក​ជានិច្ច មានស្ពាន​តាំងនៅ​ជានិច្ច តថាគតអនុញ្ញាត​ឲ្យ​សន្មតស្ទឹង​មានសភាព​យ៉ាងនោះ​ជា​នទីបារ​សីមាបាន។

៧២. ឧបោសថាគារកថា

(៧២.)

[១៥៧] ក៏សម័យនោះឯង ភិក្ខុទាំងឡាយសំដែងបាតិមោក្ខ​រាល់ៗ​បរិវេណ​ ដោយមិនបានកំណត់​ទី។ ពួកភិក្ខុជាអគន្តុកៈ​មិនដឹងថា ថ្ងៃនេះសង្ឃនឹង​ធ្វើឧបោសថ​ក្នុងទីណា។ ភិក្ខុទាំង​ឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​សំដែង​នូវបាតិមោក្ខ​រាល់ៗ​បរិវេណ​ ដោយមិនបានកំណត់​ទីទេ ភិក្ខុណា​សំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវការទីណា គឺវិហារក្តី អឌ្ឍយោគក្តី ប្រាសាទវែងក្តី ប្រាសាទ​ដម្បូល​ត្រងិល​ក្តី គុហាក្តី តថាគតអនុញ្ញាត​ឲ្យភិក្ខុ​សន្មតទីនោះ ជារោងឧបោសថ ហើយធ្វើ​ឧបោសថចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តែថាភិក្ខុត្រូវសន្មត​យ៉ាងនេះ។ គឺភិក្ខុឆ្លាស ប្រតិពល​ត្រូវ​ឲ្យសង្ឃ​ជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃ​សន្មត​លំនៅ​ឈ្មោះនេះ ជារោង​ឧបោសថ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ឥឡូវសង្ឃ​សន្មត​លំនៅ​ឈ្មោះនេះ ជារោង​ឧបោសថ។ ការសន្មតិលំនៅ​ឈ្មោះនេះ ជារោង​ឧបោសថ គាប់ចិត្តដល់លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​គួរស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មានអាយុ​អង្គណា គួរលោកដ៏មានអាយុ​អង្គនោះនិយាយឡើង។ លំនៅឈ្មោះនេះ សង្ឃបានសន្មត​ជារោងឧបោសថ​ហើយ។ ការសន្មតិនោះគាប់ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវ​ដំណើរ​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[១៥៨] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថពីរ ​ក្នុងអាវាសមួយ។ ភិក្ខុទាំង​ឡាយ​ប្រជុំគ្នា​ក្នុងរោងឧបោសថ​ទាំងពីរ​ ដោយគិតថា សង្ឃធ្វើ​ឧបោសថ​ក្នុងរោងឧបោសថនេះ សង្ឃធ្វើ​ឧបោសថ​ក្នុងរោង​ឧបោសថនេះ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​សន្មតរោងឧបោសថពីរ ​ក្នុងអាវាសមួយទេ ភិក្ខុណា​សន្មត ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុដករោងឧបោសថមួយចេញ ហើយធ្វើ​ឧបោសថក្នុងរោងឧបោសថមួយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវដក​យ៉ាងនេះ គឺភិក្ខុដែលឆ្លាស ប្រតិពល​ត្រូវ​ឲ្យសង្ឃ​ជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃដករោង​ឧបោសថឈ្មោះនេះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឥឡូវសង្ឃដករោង​ឧបោសថឈ្មោះនេះ។ ការដករោង​ឧបោសថឈ្មោះនេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ​គួរស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោកដ៏មានអាយុ​អង្គនោះគួរនិយាយឡើង។ រោងឧបោសថឈ្មោះនេះ សង្ឃ​បានដក​ហើយ។ ការដករោងឧបោសថនេះ គាប់ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

៧៣. ឧបោសថប្បមុខានុជាននា

(៧៣.)

[១៥៩] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថតូចពេក ​ក្នុងអាវាសមួយ។ ឧបោសថ​ក្នុងថ្ងៃនោះ​ មានភិក្ខុសង្ឃច្រើន​ប្រជុំគ្នា។ ភិក្ខុទាំងឡាយអង្គុយលើទី​ដែលសង្ឃ​មិនបានសន្មត ហើយស្តាប់​បាតិមោក្ខ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុត្រូវសន្មតរោងឧបោសថ ហើយសឹមធ្វើ​ឧបោសថ ក៏យើងទាំងឡាយ​អង្គុយ​លើទី​ដែល​សង្ឃមិនបានសន្មត​ ហើយស្តាប់​បាតិមោក្ខ ឧបោសថ ឈ្មោះថា យើងបានធ្វើ ឬមិនបាន​ធ្វើ​ទេ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុអង្គុយលើទីដែល​សង្ឃសន្មត​ហើយក្តី មិនបាន​សន្មតក្តី ស្តាប់​បាតិមោក្ខ​ក្នុងទីណា ភិក្ខុនោះឈ្មោះថា បានធ្វើ​ឧបោសថ​ក្នុងទីនោះហើយ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវការ​របៀង​​ឧបោសថ​5) ទំហំត្រឹមណា ចូរសន្មត​របៀង​ឧបោសថ​ទំហំត្រឹមនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​សន្មតយ៉ាងនេះ។ សង្ឃត្រូវ​កំណត់​និមិត្រ​ទាំងឡាយជាមុន។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល លុះកំណត់​និមិត្រ​​ទាំងឡាយហើយ ​ត្រូវ​ឲ្យសង្ឃ​ជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ និមិត្រទាំង​ឡាយ សង្ឃកំណត់ហើយដោយ​ជុំវិញត្រឹមណា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃ​សន្មត​របៀង​ឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃ​កំណត់​ហើយ ដោយជុំវិញ​ត្រឹមណា ឥឡូវសង្ឃសន្មតរបៀង​ឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ ការសន្មតិរបៀង​ឧបោសថ ដោយនិមិត្រ​ទាំងឡាយនេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោកដ៏មានអាយុ​អង្គនោះនិយាយឡើង។ សង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រ​ទាំង​ឡាយនេះ​ហើយ។ ការសន្មតិរបៀង​ឧបោសថនោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[១៦០] ក៏សម័យនោះឯង ​ក្នុងអាវាសមួយ ពួកភិក្ខុខ្ចីវស្សា ប្រជុំគ្នាមុន ក្នុងថ្ងៃដែល​ធ្វើឧបោសថ​នោះ ហើយចៀសចេញទៅ ដោយគិតថា ព្រះថេរៈ​ទាំងឡាយមិនមកទេ។ ឧបោសថ​ក៏នៅ​ជាគ្មាន​កំណត់​កាល។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា​ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ជាថេរៈ ប្រជុំគ្នាមុន ក្នុងថ្ងៃ​ដែលធ្វើ​ឧបោសថ​នោះ។

[១៦១] ក៏សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានអាវាសជាច្រើន តែមានសីមាស្មើគ្នា (មានសីមា​តែមួយ)។ ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងទីនេះ មានអាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុទាំងឡាយក្នុងអាវាស​ទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ ចូរសង្ឃធ្វើ​ឧបោសថ​​​ក្នុងអាវាស​យើងវិញ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​ទាំងអស់នោះ​ប្រជុំ​ធ្វើ​ឧបោសថ​ជាមួយគ្នា តែថា​ភិក្ខុជាថេរៈ​នៅក្នុងទីណា ត្រូវសង្ឃ​ប្រជុំគ្នា​ធ្វើឧបោសថ​ក្នុងទីនោះ មិនត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ជាពួកឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

៧៤. អវិប្បវាសសីមានុជាននា

(៧៤.)

[១៦២] សម័យនោះឯង ព្រះមហាកស្សប​ដ៏មានអាយុចេញ​ពីស្រុក​ឈ្មោះ​អន្ធកវិន្ទ មកកាន់​ឧបោសថ​ក្នុង​ក្រុងរាជគ្រឹះ ឆ្លងស្ទឹង​ពាក់កណ្តាលផ្លូវ ត្រូវទឹក​កួច​ទៅបន្តិច ចីវរ​ទាំងឡាយ​របស់​លោក​ក៏​ទទឹកអស់។ ភិក្ខុទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងព្រះមហាកស្សប​ដ៏មានអាយុ​ថា នែអាវុសោ ហេតុអ្វី​ក៏ចីវរ​របស់អ្នកទទឹកអស់។ ព្រះមហាកស្សប​និយាយថា ម្នាល​អាវុសោ ខ្ញុំចេញ​ពីស្រុក​ឈ្មោះ​អន្ធកវិន្ទ មកកាន់ឧបោសថ​ក្នុង​ក្រុងរាជគ្រឹះនេះ ឆ្លងស្ទឹង​ពាក់កណ្តាលផ្លូវ ត្រូវទឹក​កួច​ទៅបន្តិច ហេតុនោះ​ចីវរ​ទាំងឡាយ​របស់ខ្ញុំទទឹកអស់។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ សីមាណាមានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ដែលសង្ឃ​សន្មត​ហើយ ចូរសង្ឃ​សន្មតសីមានោះ​ឲ្យជា​តិចីវរាវិប្បវាសសីមាចុះ​។6) ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ឯសីមា ត្រូវសង្ឃ​សន្មតយ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតហើយ ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជា​តិចីវរាវិប្បសសីមា។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាឯណាដែលសង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជា​តិចីវរាវិប្បវាសសីមា។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ សង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមាហើយ​ ការសន្មតិ​នោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ការសន្មតិ​នូវតិចីវរាវិប្បវាសសីមា ព្រះដ៏មាន​ព្រះភាគ​​ទ្រង់អនុញ្ញាតហើយ ក៏ទុកចីវរ​ទាំងឡាយក្នុងចន្លោះផ្ទះ។ ចីវរទាំងឡាយ​នោះ​វិនាសទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយ​កាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់ មានចីវរ​សៅហ្មង។ ភិក្ខុទាំងឡាយ​បាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីក៏អ្នកទាំងឡាយ​មានសម្ពត់​អាក្រក់ មានចីវរ​សៅហ្មង។ ភិក្ខុទាំងឡាយនោះ​និយាយថា នែ​អាវុសោ យើងទាំងឡាយដឹងថា ការសន្មតិ​​នូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគ​​អនុញ្ញាតហើយ ក៏ទុកចីវរ​ទាំងឡាយ​ក្នុង​ចន្លោះ​ផ្ទះនេះ ចីវរទាំងឡាយ​នោះបាត់ទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយ​កាត់ខ្លះ ហេតុនោះ ទើបយើង​មានសម្ពត់​អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ សីមាណាដែលសង្ឃ​សន្មត ឲ្យមាន​សំវាស​ស្មើគ្នា ឲ្យមានឧបោសថ​ជាមួយគ្នា ចូរសង្ឃ​សន្មតសីមានោះ​ឲ្យជា​តិចីវរាវិប្បវាសសីមាចុះ លើក​ទុកតែ​ស្រុក និងឧបចារៈ​របស់ស្រុកចេញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ឯសីមានោះ ត្រូវសង្ឃ​សន្មត​យ៉ាង​នេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាណាដែល​សង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ។ សីមាណាដែលសង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ។ ការសន្មតិសីមានេះ ឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ សង្ឃបានសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញហើយ។ ការសន្មតិនោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តី​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។

៧៥. សីមាសមូហនន

(៧៥.)

[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវ​សន្មត​សមានសំវាសសីមា​7) ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា​8) ជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងដកសីមា ត្រូវដក​តិចីវរាវិប្បវាសសីមា​ជាមុន សឹមដក​សមានសំវាសសីមា​ជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ ឯតិចីវរាវិប្បវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ សង្ឃត្រូវដកតិចីវរាវិប្បវាសសីមានោះចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃ​សន្មត​ហើយ ឥឡូវសង្ឃដកតិចីវរាវិប្បវាសសីមានោះចេញ។ ការដកនូវតិចីវរាវិប្បវាសសីមានេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មាន​អាយុ​អង្គ​នោះ​​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ តិចីវរាវិប្បវាសសីមានោះសង្ឃបានដកហើយ។ ការដកនូវតិចីវរាវិប្បវាសសីមានោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿង​នេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯសមានសំវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃដកសីមា​នោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សីមាណា ដែលសង្ឃ​សន្មត ឲ្យ​ជាសមានសំវាសសីមា ឲ្យមានឧបោសថ​ជាមួយគ្នា​ហើយ ឥឡូវសង្ឃដកសីមានោះចេញ។ ការដក​សីមា ដែលមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា​នេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គ​នោះ​​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះ​និយាយឡើង។ សង្ឃដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នានោះហើយ។ ការ​ដក​ សមានសំវាសសីមានោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។

៧៦. គាមសីមាទិ

(៧៦.)

[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលទៅអាស្រ័យ​ស្រុកណាក្តី និគមណាក្តី ហើយនៅក្នុងសីមា​ដែលសង្ឃ​មិនបានសន្មត មិនបានតាំង​ទុកហើយ សីមាណា​ដែលជាគាមសីមា របស់​ស្រុកនោះក្តី សីមា​ណាដែលជានិគម​សីមារបស់​និគមនោះក្តី សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងស្រុក ឬក្នុងនិគមនោះ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងព្រៃ មិនមែនស្រុក សីមាដែលកំណត់​៧អព្ភន្តរៈ​9) ដោយជុំវិញ សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង​10) ទាំងអស់មិនមែនជាសីមា សមុទ្ទទាំងអស់​មិនមែនជាសីមា ជាតស្រះ​11) ទាំងអស់​មិនមែនជាសីមា។ ម្នាល​ភិក្ខុ​ទាំងឡាយ ទីណាដែលបុគ្គល​កំណត់ ដោយសាចទឹក​របស់មជ្ឈិមបុរស ដោយជុំវិញ​ក្នុងស្ទឹងក្តី ក្នុងសមុទ្ទក្តី ក្នុងជាតស្រះក្តី ទីនេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងទីមាន​ស្ទឹង​ជាដើមនោះ។

[១៦៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទំលាយ​12) សីមាដោយសីមា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មាន​បន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មត​មុនហើយ កម្មនោះរបស់ភិក្ខុទាំង​ឡាយ​នោះ ប្រកបដោយ​ធម៌មិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុ​ទាំងឡាយ​ណាសន្មត​ជាខាងក្រោយ កម្មនោះ​របស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរ​តាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ទំលាយសីមា​13) ដោយសីមាទេ ភិក្ខុណាទំលាយ ត្រូវ​អាបត្តិទុក្កដ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយគ្របសង្កត់សីមាដោយសីមា។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មាន​បន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមា​ដែល​ភិក្ខុទាំងឡាយណាសន្មត​មុនហើយ កម្មនោះរបស់ភិក្ខុទាំង​ឡាយ​នោះ ប្រកបដោយ​ធម៌ ជាកម្ម​មិន​កម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុ​ទាំងឡាយ​ណាសន្មត​ជាខាងក្រោយ កម្ម​នោះ​របស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរ​តាំងនៅបាន ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​គ្របសង្កត់សីមា14) ដោយសីមាទេ ភិក្ខុណាគ្របសង្កត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​សន្មតសីមា ឲ្យដម្កល់ទុកនូវសីមន្តរិក​15) ហើយសឹមសន្មតសីមា។

៧៧. ឧបោសថភេទាទិ

(៧៧.)

[១៦៦] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ឧបោសថ​មានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ​ទាំងនេះ​មានពីរយ៉ាងគឺ ឧបោសថ​មានក្នុង​តិថីទី១៤មួយ ឧបោសថ​មានក្នុង​តិថីទី​១៥មួយ ម្នាលភិក្ខុទាំងឡាយ ឧបោសថមានតែពីរយ៉ាង​ប៉ុណ្ណេះ។ លំដាប់នោះឯង ភិក្ខុទាំងឡាយ​មាន​សេចក្តីត្រិះរិះ​ដូច្នេះថា ឧបោសថកម្មមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ទ្រង់មានបន្ទូលថា ឧបោសថកម្ម​ទាំងនេះ​មាន៤គឺ ឧបោសថកម្មជាពួក មិនត្រូវ​តាមធម៌១ ឧបោសថកម្មព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌១ ឧបោសថកម្មជាពួក តែត្រូវតាមធម៌១ ឧបោសថកម្មព្រមព្រៀងត្រូវតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នេះ ឯឧបោសថ​កម្មដែលជាពួក មិនត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយ​ធ្វើឧបោសថកម្មមាន​សភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាត​ឧបោសថកម្មមានសភាពយ៉ាងនេះទេ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នោះ ឯឧបោសថ​កម្មដែលព្រមព្រៀងគ្នា តែមិនត្រូវ​តាម​ធម៌​ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នកទាំងឡាយ​ធ្វើឧបោសថកម្មមាន​សភាពយ៉ាងនេះទេ ម្យ៉ាង​ទៀត តថាគតមិនអនុញ្ញាត​ឧបោសថកម្មមានសភាពយ៉ាងនេះទេ។ ម្នាលភិក្ខុទាំងឡាយ ជំនុំ​ឧបោសថ​កម្ម​ទាំង៤នោះ ឯឧបោសថ​កម្មដែលជាពួក តែត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអ្នក​ទាំង​ឡាយ​​ធ្វើឧបោសថកម្មមាន​សភាពយ៉ាងនេះទេ ម្យ៉ាងទៀត តថាគតក៏មិនអនុញ្ញាត​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជំនុំឧបោសថកម្មទាំង៤នោះ ឯឧបោសថ​កម្មដែលព្រម​ព្រៀងគ្នា ត្រូវតាមធម៌ណា ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ​ធ្វើឧបោសថកម្មមាន​សភាព​យ៉ាង​នេះ​ តថាគតអនុញ្ញាត​ឧបោសថកម្មមានសភាពយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ភិក្ខុក្នុង​សាសនានេះ ត្រូវសិក្សាថា យើងនឹងធ្វើ​ឧបោសថកម្ម​ដែលព្រមព្រៀងគ្នា ត្រូវតាមធម៌ មានសភាពយ៉ាង​នេះដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយសិក្សាយ៉ាងនេះឯង។

៧៨. សំខិត្តេន បាតិមោក្ខុទ្ទេសាទិ

(៧៨.)

[១៦៧] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បាតិមោក្ខុទ្ទេសទាំងឡាយ មាន​ប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា ម្នាលភិក្ខុ​ទាំងឡាយ បាតិមោក្ខុទ្ទេស​ទាំងនេះ​មាន៥គឺ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសូត្រ​នូវ​ឧទ្ទេសដ៏សេស​សល់ដោយសុតបទ16) នេះជា​បាតិមោក្ខុទ្ទេស​ទី១។ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិកទាំង៤ ហើយសូត្រ​ឧទ្ទេសដែលសេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​​ទី២។ ត្រូវភិក្ខុសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិក៤ សំដែងនូវសង្ឃាទិសេស​១៣ ហើយសូត្រ​នូវ​ឧទ្ទេសដែលសេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​ទី៣។ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេស​១៣ សំដែងនូវ​អនិយត២ ហើយ​សូត្រ​​ឧទ្ទេសដ៏សេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​ទី៤។ ​ឧទ្ទេសដោយពិស្តារ​ជាបាតិមោក្ខុទ្ទេសទី៥។ ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេស​មាន៥យ៉ាង​ប៉ុណ្ណេះឯង។ ក៏សម័យ​នោះ​ឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​អនុញ្ញាត​ការសំដែង​នូវបាតិមោក្ខ​ដោយសង្ខេបហើយ ក៏សំដែងនូវ​បាតិមោក្ខ​ដោយសង្ខេប សព្វកាល (រាល់ៗថ្ងៃឧបោសថ)។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេប​ទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ក្នុងអាវាសមួយ ក្នុង​កោសលជនបទ មានសញ្ចរភ័យ​17) ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងឡាយមិនអាច​នឹងសំដែងនូវ​បាតិមោក្ខដោយពិស្តារ​បាន។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើមាន​សេចក្តី​អន្តរាយ តថាគត​អនុញ្ញាត​ឲ្យ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ សូម្បីមិនមានសេចក្តីអន្តរាយ ក៏សំដែង​នូវបាតិមោក្ខ​ដោយសង្ខេប។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើគ្មាន​សេចក្តី​អន្តរាយ ភិក្ខុមិនត្រូវសំដែង​បាតិមោក្ខ​ដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន ក្នុងពេលដែល​មានសេចក្តីអន្តរាយ។ ឯអន្តរាយ​ក្នុងពេល​ដែលសំដែង​បាតិមោក្ខនោះ (មាន១០យ៉ាងគឺ) អន្តរាយអំពី​ស្តេច (គឺមានស្តេចយាងចូលមក) អន្តរាយអំពីចោរ (គឺមានចោរចូលមកលុកលុយ) អន្តរាយអំពីភ្លើង (គឺ​មានភ្លើង​ព្រៃឆេះរាលមក ឬភ្លើង​អន្ទះកើតឡើង) អន្តរាយអំពីទឹក (គឺមានភ្លៀងខ្លាំង ឬជំនន់ហូរ​មក) អន្តរាយអំពីមនុស្ស (គឺមានមនុស្សច្រើន​ចូលមក) អន្តរាយអំពីអមនុស្ស (គឺខ្មោចចូលភិក្ខុ) អន្តរាយអំពី​សត្វសាហាវ អំពីសត្វ​ទីឃជាតិ (ពួក​សត្វលូនវារ) អន្តរាយដល់ជីវិត (គឺមានភិក្ខុ​កើតជម្ងឺស្លាប់ ឬ​មានមនុស្ស​មានពៀរ​ប៉ងសម្លាប់ភិក្ខុ) អន្តរាយដល់ព្រហ្មចារ្យ (គឺមានមនុស្ស​មកចាប់​ភិក្ខុផ្សិក)។ ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើមានសេចក្តីអន្តរាយ​ទាំងឡាយបែបយ៉ាងនេះ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន កាលបើមិន​មានសេចក្តី​អន្តរាយទេ ឲ្យភិក្ខុសំដែង​ដោយពិស្តារ។

[១៦៨] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនមានគេ​អារាធនា ក៏សំដែង​ធម៌ក្នុង​កណ្តាល​សង្ឃ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលគេមិនអារាធនា មិនត្រូវសំដែង​ធម៌ក្នុង​កណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ជាថេរៈ​សំដែង​ធម៌ខ្លួនឯង ឬអារាធនា​ភិក្ខុដទៃ​បាន។

៧៩. វិនយបុច្ឆនកថា

(៧៩.)

[១៦៩] ក៏សម័យ​នោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនទាន់បានការ​សន្មតិ ក៏សួរវិន័យ​ ក្នុង​កណ្តាល​សង្ឃ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មាន​បន្ទូល​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលគ្មានកាសន្មតិ មិនត្រូវសួរវិន័យ ក្នុង​កណ្តាលសង្ឃទេ ភិក្ខុណាសួរ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ដែលមានការសន្មតិ សួរវិន័យ ក្នុងកណ្តាលសង្ឃបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវសន្មត​ខ្លួន​ ដោយខ្លួនឯងក៏បាន ត្រូវភិក្ខុដទៃ​សន្មតភិក្ខុដទៃ​ក៏បាន។ ក៏ឯសន្មត​ខ្លួន ដោយខ្លួនឯងនោះ ដូចម្តេច។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសម្មតិ​កម្ម​មានកាលគួរ​ដល់សង្ឃហើយ ខ្ញុំសូមសួរ​វិន័យ​នឹងភិក្ខុ​ឈ្មោះនេះ។ ភិក្ខុត្រូវ​សន្មតខ្លួន​ដោយខ្លួន​ឯង​យ៉ាងនេះ។ ក៏ឯភិក្ខុដទៃ ត្រូវសន្មតភិក្ខុដទៃ​ដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិ​កម្ម​មានកាលគួរ​ដល់សង្ឃហើយ ភិក្ខុ​ឈ្មោះនេះ គួរសួរ​វិន័យ​នឹងភិក្ខុ​ឈ្មោះនេះ។ ត្រូវភិក្ខុដទៃ​សន្មតភិក្ខុដទៃ​យ៉ាងនេះ។ ក៏សម័យ​នោះឯង ភិក្ខុ​ទាំង​ឡាយ មានសីលជាទីស្រឡាញ់ មានការសន្មតិហើយ ក៏សួរវិន័យ​ក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុ​បានសេចក្តីគំនុំ បានសេចក្តីមិនពេញចិត្ត ក៏គម្រាម​ដោយប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលទុក​ជាមានការសន្មតិ​ហើយមែន ត្រូវតែរមិលមើល​បរិសទ្យ ពិចារណាបុគ្គល​ហើយសិន សិមសួរវិន័យ​ក្នុងកណ្តាល​សង្ឃ។

៨០. វិនយវិស្សជ្ជនកថា

(៨០.)

ក៏សម័យ​នោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ គ្មានការ​សន្មតិ​ក៏ដោះស្រាយ​វិន័យ​ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែលគ្មានការ​សន្មតិ មិនត្រូវដោះស្រាយ​វិន័យ​ក្នុងកណ្តាល​សង្ឃទេ ភិក្ខុណាដោះស្រាយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុដែលមាន​ការសន្មតិហើយ ដោះស្រាយ​វិន័យ​ក្នុងកណ្តាល​សង្ឃបាន។ ​ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ ត្រូវខ្លួនឯងសន្មត​ខ្លួនក៏បាន ភិក្ខុដទៃ​សន្មតភិក្ខុដទៃ​ក៏បាន។ ក៏ឯខ្លួនឯងសន្មត​ខ្លួនឯង តើដូចម្តេច។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះ​សង្ឃ​ស្តាប់​ខ្ញុំ បើសម្មតិ​កម្ម​មានកាលគួរ​ដល់សង្ឃហើយ ភិក្ខុឈ្មោះនេះ សួរ​វិន័យ​នឹងខ្ញុំហើយ ខ្ញុំត្រូវតែដោះ​ស្រាយ។ ត្រូវខ្លួនឯង​សន្មតខ្លួន​ឯង​យ៉ាងនេះ។ ក៏ឯភិក្ខុដទៃ សន្មតភិក្ខុដទៃ​ តើដូចម្តេច។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិ​កម្ម​មានកាល​គួរ​​ដល់សង្ឃហើយ ភិក្ខុ​ឈ្មោះនេះ ត្រូវដោះស្រាយ​វិន័យដែលភិក្ខុ​ឈ្មោះនេះសួរ។ ត្រូវភិក្ខុដទៃ​សន្មត​ភិក្ខុដទៃ​យ៉ាងនេះ។ ក៏សម័យ​នោះឯង ភិក្ខុ​ទាំង​ឡាយ មានសីលជាទីស្រឡាញ់ បានការសន្មតិហើយ ក៏ដោះស្រាយវិន័យ​ក្នុងកណ្តាលសង្ឃ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងឡាយ​បាន​សេចក្តី​គំនុំ បានសេចក្តីមិនគាប់ចិត្ត ក៏គម្រាមប្រុងនឹងសម្លាប់។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ ដែលទុក​ជាមានការសន្មតិ​ហើយមែន ត្រូវតែរមិលមើល​បរិសទ្យ ពិនិត្យបុគ្គល​ហើយសិន សិមដោះស្រាយវិន័យ​ក្នុងកណ្តាល​សង្ឃ។

៨១. ចោទនាកថា

(៨១.)

[១៧០] ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ចោទអាបត្តិចំពោះភិក្ខុដែលខ្លួន​មិនទាន់​បានសូម​ឱកាស (ជាមុន)។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មាន​បន្ទូល​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវចោទអាបត្តិ​ចំពោះភិក្ខុ ដែលខ្លួន​មិន​បានសូម​ឱកាស (ជាមុន)ទេ ភិក្ខុណាចោទ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុសូម​ឱកាស​ថា សូមលោកដ៏មានអាយុ​បើកឱកាស​(ឲ្យខ្ញុំ) ខ្ញុំចង់​និយាយ​នឹងលោក ដូច្នេះហើយសិន សិមចោទអាបត្តិ។ ក៏សម័យ​នោះឯង ភិក្ខុ​ទាំង​ឡាយ មានសីលជាទីស្រឡាញ់ ឲ្យពួក​ឆព្វគ្គិយភិក្ខុ​បើកឱកាស ហើយចោទអាបត្តិ។ ពួកឆព្វគ្គិយភិក្ខុ​បានសេចក្តីគំនុំ បានសេចក្តីមិនត្រេកអរ ក៏គម្រាម​ដោយប្រាថ្នា​នឹង​សម្លាប់។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើភិក្ខុដទៃ​បើកឱកាស​ឲ្យហើយមែន តថាគត​អនុញ្ញាត​ឲ្យពិនិត្យ​មើល​បុគ្គល​ហើយសិន សិមចោទអាបត្តិ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​គិតគ្នាថា ភិក្ខុ​ទាំង​ឡាយ មានសីល​ជា​ទីស្រឡាញ់ គង់តែឲ្យយើងបើកឱកាស​ជាមុន (មិនខាន) ហើយក៏ឲ្យភិក្ខុទាំងឡាយ ដែលបរិសុទ្ធ​ មិនមាន​អាបត្តិ បើកឱកាសជាមុន ក្នុងការមិនមែន​ជារឿង មិនមែនជាហេតុ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​ឲ្យភិក្ខុ​ទាំងឡាយ​ ដែលបរិសុទ្ធ​ មិនមានអាបត្តិ បើកឱកាស​ក្នុងការមិនមែន​ជារឿង មិនមែនជាហេតុ​ទេ ភិក្ខុណា​ឲ្យបើក (ឱកាស) ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ពិនិត្យ​មើល​បុគ្គលហើយសិន សិមឲ្យគេបើកឱកាស។

៨២. អធម្មកម្មបដិក្កោសនាទិ

(៨២.)

[១៧១] ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្ម​មិនមែនជាធម៌ ក្នុងកណ្តាល​សង្ឃ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវធ្វើ​កម្មមិនមែន​ជាធម៌ ក្នុងកណ្តាលសង្ឃ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះ នៅតែធ្វើកម្ម​មិនមែនជាធម៌​ដដែល។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត្តថា ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើភិក្ខុណាមួយធ្វើ​កម្មមិនប្រកបដោយ​ធម៌ តថាគត​អនុញ្ញាត​ឲ្យភិក្ខុហាមឃាត់បាន។ ក៏សម័យ​នោះឯង ភិក្ខុទាំងឡាយ មានសីលជាទី​ស្រឡាញ់ កាលបើពួកឆព្វគ្គិយភិក្ខុធ្វើកម្ម​មិនមែនជាធម៌ ក៏ហាមឃាត់។ ពួកឆព្វគ្គិយភិក្ខុ បានសេចក្តី​គំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏គម្រាមដោយប្រុងសម្លាប់។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ប្រកាស​សេចក្តីយល់ឃើញក៏បាន។ ភិក្ខុទាំងឡាយ​ប្រកាសសេចក្តីយល់ឃើញ​ក្នុងសំណាក់​ឆព្វគ្គិយភិក្ខុ​ទាំងឡាយនោះឯង។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយ បានសេចក្តី​គំនុំ បានសេចក្តីមិនសប្បាយចិត្ត ក៏​គម្រាម​ដោយ​ប្រុងនឹងសម្លាប់។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​៤ ឬ៥រូប ហាមឃាត់ ឲ្យភិក្ខុ២ ឬ៣រូប ប្រកាស​សេចក្តីយល់ឃើញ​ ឲ្យភិក្ខុ១រូប អធិដ្ឋាន (តាំងចិត្ត)ថា កម្មនោះមិនគាប់ចិត្តដល់​អញទេ។

[១៧២] ក៏សម័យ​នោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ កាលសំដែងនូវបាតិមោក្ខ ក្នុងកណ្តាល​សង្ឃ ក៏ក្លែង ធ្វើមិនឲ្យឮច្បាស់។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នកសំដែងនូវបាតិមោក្ខ មិនត្រូវក្លែង មិនឲ្យឮច្បាស់ទេ ភិក្ខុណា​មិនឲ្យឮច្បាស់ ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ឧទាយិដ៏មានអាយុ ជាអ្នកសំដែង​បាតិមោក្ខ​ដល់សង្ឃ មានសំឡេងដូចក្អែក។ ទើបឧទាយិ​ដ៏មានអាយុ​មានសេចក្តីគិតដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុអ្នកសំដែង​នូវបាតិមោក្ខ ធ្វើសំឡេង​ឲ្យឮច្បាស់ ឯអាត្មាអញ​មានសំឡេង​ដូចក្អែក គួរអញ​ប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុអ្នកសំដែង​នូវបាតិមោក្ខ​ ខំប្រឹង​គិតថា អញត្រូវ​ធ្វើសំឡេង​ឲ្យឮច្បាស់ ដោយបការដូចម្តេច កាលបើភិក្ខុខំប្រឹង (ដូច្នេះ) ទើបមិនត្រូវ​អាបត្តិ។

[១៧៣] ក៏សម័យ​នោះឯង ទេវទត្ត សំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ​ ព្រមជាមួយ​នឹងគ្រហស្ថ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុ​ទាំង​ឡាយ មិនត្រូវភិក្ខុសំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ជាមួយនឹងគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។

[១៧៤] ក៏សម័យ​នោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនមាន​ភិក្ខុអារាធនា ក៏សំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែលមិនមានគេអារាធនា មិនត្រូវសំដែងនូវបាតិមោក្ខ ក្នុងកណ្តាល​សង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​បាតិមោក្ខ​មានព្រះថេរៈ​ជាធំ។

ចប់ អញ្ញតិត្ថិយភាណវារៈទី១១។

៨៣. បាតិមោក្ខុទ្ទេសកអជ្ឈេសនាទិ

(៨៣.)

[១៧៥] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់យាងសំដៅ​ទៅកាន់​ចោទនាវត្ថុនគរ ទ្រង់ត្រាច់ទៅដោយលំដាប់ ទើបបាន​ទៅដល់​ចោទនាវត្ថុនគរនោះ។ សម័យនោះឯង ភិក្ខុច្រើនអង្គនៅក្នុងអាវាសមួយ។ ភិក្ខុជាថេរៈ​ក្នុងអាវាស​នោះល្ងង់ មិនឆ្លាស។ ភិក្ខុជាថេរៈ​នោះមិនដឹង​ឧបោសថ ឬឧបោសថកម្មបាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ទើបភិក្ខុទាំងនោះមានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ថា បាតិមោក្ខមានព្រះថេរៈ​ជាធំ ក៏ព្រះថេរៈ​របស់យើងនេះល្ងង់ មិនឆ្លាស មិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវយើងប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវ​បាតិមោក្ខ​សម្រេច​លើភិក្ខុដែល​ឆ្លាស ប្រតិពល ក្នុងអាវាសនោះ។

[១៧៦] ក៏សម័យនោះឯង ឧបោសថថ្ងៃនោះ មានភិក្ខុច្រើនរូបនៅក្នុងអាវាសមួយ សុទ្ធតែល្ងង់ មិនឆ្លាស។ ភិក្ខុទាំងនោះមិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំង​នោះ​អារាធនា​ព្រះថេរៈ​ថា បពិត្រព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែងនូវបាតិមោក្ខ។ ព្រះថេរៈ​នោះ​និយាយ​យ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងបាតិមោក្ខ​មិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈ​ទី២ថា បពិត្រ​ព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២​នោះ ក៏​និយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំសំដែង​មិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈ​ទី៣ថា បពិត្រព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែងនូវបាតិមោក្ខ។ ព្រះថេរៈ​ទី៣នោះ ក៏​និយាយ​យ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែង​​មិន​កើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់​ភិក្ខុថ្មី​ក្នុងសង្ឃ ដោយឧបាយនេះឯងថា ចូរលោកដ៏​មានអាយុសំដែងនូវបាតិមោក្ខ។ ភិក្ខុ​នោះ ក៏​និយាយ​យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសំដែង​មិន​កើត​ទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថ​ថ្ងៃនោះ​មានភិក្ខុច្រើនរូប ជាភិក្ខុល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំង​នោះ​អារាធនា​ព្រះថេរៈ​ថា បពិត្រព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែង​នូវ​បាតិមោក្ខ។ ព្រះថេរៈ​នោះ​និយាយ​យ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនា​ព្រះថេរៈ​ទី២ថា បពិត្រ​ព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២​នោះ ក៏​និយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំសំដែង​មិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈ​ទី៣ថា បពិត្រព្រះថេរៈ​ដ៏ចំរើន សូមព្រះថេរៈ​សំដែងនូវបាតិមោក្ខ។ ព្រះថេរៈ​ទី៣នោះ ក៏​និយាយ​យ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រ​​មិន​កើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់​ភិក្ខុថ្មី​ក្នុងសង្ឃ ដោយ​ឧបាយ​នេះឯង​ថា លោកដ៏​មានអាយុ ចូរសំដែងនូវបាតិមោក្ខ។ ភិក្ខុ​នោះ ក៏​និយាយ​យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូត្រ​មិន​កើត​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូន​ភិក្ខុ១រូប ទៅកាន់អាវាស​ដែល​មាននៅជិតខាងក្នុង​ថ្ងៃនោះឯងថា នែអាវុសោ ចូរអ្នក​ទៅរៀន​បាតិមោក្ខ​ដោយសង្ខេប ឬដោយ​ពិស្តារ​មក។ លំដាប់នោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​គិតដូច្នេះថា យើងត្រូវបញ្ជូនលោកណាទៅហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុជា​ថេរៈ​បង្គាប់​ភិក្ខុថ្មីបាន។ ភិក្ខុថ្មីទាំងឡាយ​ដែលព្រះថេរៈ​បង្គាប់​ហើយ មិនទៅ។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្មានជម្ងឺ បើព្រះថេរៈ​បង្គាប់​ហើយ ត្រូវតែទៅ ភិក្ខុណាមិនទៅ ត្រូវអាបត្តិទុក្កដ។

៨៤. បក្ខគណនាទិឧគ្គហណានុជាននា

(៨៤.)

[១៧៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងចោទនាវត្ថុនគរ តាមសមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយត្រឡប់មកកាន់​ក្រុងរាជគ្រឹះវិញទៀត។ ក៏សម័យនោះឯង មនុស្សទាំងឡាយ​សួរពួក​ ភិក្ខុ​ដែលកំពុងត្រាច់​ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន តិថីនៃបក្ខ​បានប៉ុន្មានហើយ (គឺប៉ុន្មានកើត ប៉ុន្មានរោចហើយ)។ ភិក្ខុទាំងឡាយបាននិយាយ​យ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ​ទាំងនេះ ត្រឹមតែវិជ្ជារាប់បក្ខ (ប៉ុណ្ណេះ) មិនដឹងទៅហើយ។ ចំណង់បើការល្អណាមួយ​ដទៃទៀត ធ្វើម្តេច​ពួកសមណៈ​ទាំងនេះ​នឹងដឹងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុរៀនរាប់បក្ខ។18) ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណារៀនរាប់​បក្ខហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ទាំងអស់គ្នា​រៀនរាប់បក្ខ។ សម័យនោះឯង ពួកមនុស្ស​សួរភិក្ខុ​ទាំងឡាយ​ដែលកំពុងត្រាច់​ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន ភិក្ខុទាំងឡាយមានប៉ុន្មានអង្គ។ ភិក្ខុទាំងឡាយ​បាននិយាយ​យ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ ជាកូនចៅ​ព្រះពុទ្ធ​ជាសក្យៈ​ទាំងនេះ ត្រឹមតែគ្នីគ្នា​មានប៉ុន្មាន​ ក៏មិន​ដឹង​(ទៅហើយ) ធ្វើម្តេចឡើយ ​ពួកសមណៈ​ទាំងនេះ​នឹងដឹងការល្អ តិចតួចដទៃបាន។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​រាប់ពួកភិក្ខុ។ ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា យើងគួរ​រាប់ភិក្ខុទាំងឡាយ​ក្នុងកាលណាហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរាប់ត្រឹមតែ​ឈ្មោះ ឬឲ្យកាន់​យកស្លាក​ក្នុងឧបោសថថ្ងៃនោះ។

[១៧៨] ក៏សម័យនោះឯង ភិក្ខុទាំងឡាយមិនដឹង​ថាថ្ងៃនេះ ជាថ្ងៃឧបោសថ ក៏នាំគ្នា​ដើរទៅកាន់​ស្រុកឆ្ងាយ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងឡាយនោះមកដល់​ក្នុងពេល​ដែលភិក្ខុកំពុង​សំដែង​នូវ​បាតិមោក្ខ ក៏មាន មកដល់ក្នុងពេលដែល​ភិក្ខុសំដែងនូវ​បាតិមោក្ខ​ចប់ហើយក៏មាន។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុប្រាប់ថា ថ្ងៃនេះជាថ្ងៃឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តីត្រិះរិះយ៉ាងនេះថា ត្រូវ​ភិក្ខុណា​ប្រាប់​ថ្ងៃឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ ប្រាប់អំពីព្រឹក។ ក៏សម័យនោះឯង ព្រះថេរៈ​មួយអង្គភ្លេច (មិនបានប្រាប់) អំពីព្រឹក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុប្រាប់ក្នុងពេល​ឆាន់​ក៏បាន។ ភិក្ខុក៏ភ្លេច​ក្នុងពេលឆាន់ទៀត។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុរលឹក​ឃើញកាលណា ប្រាប់កាល​នោះចុះ។

៨៥. បុព្វករណានុជាននា

(៨៥.)

[១៧៩] ក៏សម័យ​នោះឯង រោងឧបោសថ​ក្នុងអាវាស​មួយស្មោកគ្រោក។ ភិក្ខុជាអាគន្តុកៈ​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​មិនសមបើនឹងមិនបោស​រោងឧបោសថ​សោះ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុបោសរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណាបោសរោងឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនបោស។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានជម្ងឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនបោសទេ (ថាត្រូវតែបោស) ភិក្ខុណាមិនបោស ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ភិក្ខុ​មិនបានក្រាល​អាសនៈ ក្នុងរោងឧបោសថ។ ភិក្ខុទាំងឡាយ​អង្គុយផ្ទាល់ដី កាយភិក្ខុក្តី ចីវរ​ទាំងឡាយក្តី ប្រឡាក់ដោយដី។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុក្រាលអាសនៈ ក្នុងរោង​ឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ត្រូវអ្នកណា​ក្រាលអាសនៈ​ក្នុង​រោង​ឧបោសថ​​ហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់​ហើយ ក៏នៅតែមិនក្រាលអាសនៈ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ភិក្ខុជាថេរៈ​បង្គាប់ហើយ មិនត្រូវ​មិនក្រាល​អាសនៈទេ ភិក្ខុណាមិនក្រាល ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ក្នុងរោងឧបោសថគ្មានប្រទីប។ ភិក្ខុទាំងឡាយ ជាន់កាយគ្នាខ្លះ ជាន់ចីវរគ្នាខ្លះ ក្នុងទីងងឹត។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុអុជប្រទីប​ក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះដូច្នេះថា ត្រូវអ្នកណា​អុជប្រទីប​ក្នុងរោងឧបោសថហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនអុជប្រទីប។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនអុជប្រទីបទេ ភិក្ខុណាមិនអុជប្រទីប ត្រូវអាបត្តិទុក្កដ​19)

៨៦. ទិសំគមិកាទិវត្ថុ

(៨៦.)

[១៨០] ក៏សម៏យ​នោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប​សុទ្ធតែល្ងង់ មិនឆ្លាស មានដំណើរ​ទៅកាន់​ទិស មិនបានលាអាចារ្យ និងឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាច្រើនក្នុងសាសនានេះ ជាភិក្ខុល្ងង់ មិនឆ្លាស មានដំណើរ​ទៅកាន់​ទិស មិនលាអាចារ្យ និងឧបជ្ឈាយ៍។ ម្នាលភិក្ខុទាំងឡាយ ត្រូវអាចារ្យ និងឧបជ្ឈាយ៍​សួរភិក្ខុទាំងនោះថា លោកទាំងឡាយនឹងទៅណា នឹងទៅជាមួយ​នឹងអ្នកណា។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះល្ងង់ មិនឆ្លាស និយាយអាងពួក​ភិក្ខុដទៃ ដែលល្ងង់ មិនឆ្លាស (ដូចគ្នា) ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាចារ្យ និងឧបជ្ឈាយ៍​អនុញ្ញាតឲ្យទេ បើអនុញ្ញាតឲ្យ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ល្ងង់ មិនឆ្លាសទាំងនោះ ដែលអាចារ្យ និងឧបជ្ឈាយ៍​មិនអនុញ្ញាត បើនៅ​តែទៅ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​ជាច្រើន សុទ្ធតែល្ងង់ មិនឆ្លាស​នៅក្នុងអាវាសមួយ។ ភិក្ខុ​ទាំងឡាយនោះ មិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុដទៃជាពហូសូត្រ ចេះចាំព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចាំ​មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ស្រឡាញ់ការ​សិក្សា ក៏មក​ក្នុងអាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ​សង្គ្រោះ អនុគ្រោះ​និយាយ​រាក់ទាក់ ទំនុកបម្រុង​ភិក្ខុជាពហូសូត្រនោះ ដោយគ្រឿង​លំអិត​សម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខ បើភិក្ខុទាំងឡាយនោះ​មិនសង្គ្រោះ​ មិនអនុគ្រោះ មិននិយាយ​រាក់ទាក់ មិនទំនុកបម្រុង​ ដោយ​គ្រឿង​លំអិត​សម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះ មានពួក​ភិក្ខុជាច្រើន​រូបសុទ្ធតែ​ល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយបញ្ជូន​ភិក្ខុ១រូប ទៅកាន់​អាវាសជិត​ខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀន​បាតិមោក្ខ​ដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុ (ដែល​ត្រូវបញ្ជូន​ទៅនោះ) បានបាតិមោក្ខនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ​ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងអាវាសណា​ដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវភិក្ខុទាំងឡាយនោះ​ទៅកាន់​អាវាសនោះ​ទាំងអស់គ្នា បើមិនទៅទេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ​ភិក្ខុជាច្រើនក្នុងសាសនានេះ ​ល្ងង់ មិនឆ្លាស នៅចាំវស្សាក្នុង​អាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹង​ឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះបញ្ជូន​ភិក្ខុ១រូប ទៅកាន់​អាវាសជិត​ខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀន​បាតិមោក្ខ​ដោយសង្ខេប ឬដោយពិស្តារហើយមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ មកយ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយបញ្ជូន​ភិក្ខុ១រូប​ក្នុងរវាង​៧ថ្ងៃថា នែអាវុសោ ចូរអ្នកទៅរៀន​បាតិមោក្ខ​ដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុទាំងនោះ​នៅចាំវស្សា​ក្នុងអាវាសនោះទេ បើនៅ ត្រូវអាបត្តិ​ទុក្កដ។

៨៧. បារិសុទ្ធិទានកថា

(៨៧.)

[១៨១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយថា​ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា សង្ឃនឹងធ្វើឧបោសថ។ កាលបើព្រះដ៏មានព្រះភាគ​ទ្រង់មានបន្ទូល​យ៉ាងនេះ ភិក្ខុ១រូប បានក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះមិនទាន់មក។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឈឺ​ឲ្យ​បារិសុទ្ធិបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុឈឺនោះឲ្យបារិសុទ្ធិយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះ ចូលទៅរក​ភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង រួចអង្គុយច្រហោង ផ្គងអញ្ជលី​ ហើយនិយាយយ៉ាងនេះថា ខ្ញុំ​ឲ្យបារិសុទ្ធិ​ លោកចូរនាំបារិសុទ្ធិ​របស់ខ្ញុំទៅ លោកចូរប្រាប់​បារិសុទ្ធិ​របស់ខ្ញុំ។ ភិក្ខុឈឺ​នោះបញ្ជាក់​ដោយ​កាយ(ក្តី) បញ្ជាក់ដោយវាចា (ក្តី) បញ្ជាក់ដោយកាយវាចា (ក្តី) ឈ្មោះថា ឲ្យបរិសុទ្ធិហើយ ភិក្ខុនោះ​មិនបញ្ជាក់​ដោយកាយ មិនបញ្ជាក់​ដោយវាចា មិនបញ្ជាក់​ដោយកាយវាចាទេ មិនឈ្មោះថា ឲ្យបារិសុទ្ធិ​ទេ។ បើភិក្ខុនោះបានបារិសុទ្ធិនុ៎ះ​យ៉ាងនេះ ការបានបារិសុទ្ធិនុ៎ះ​ ជាការល្អ បើមិនបានទេ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវភិក្ខុនាំភិក្ខុឈឺ​ដោយគ្រែ ឬតាំងមក​ក្នុងកណ្តាលសង្ឃ ហើយធ្វើឧបោសថ។ ម្នាលភិក្ខុទាំងឡាយ បើគំនិតយ៉ាងនេះមានដល់ភិក្ខុអ្នកបម្រើ​ភិក្ខុឈឺថា បើយើងទាំងឡាយ​ឲ្យភិក្ខុឈឺ​ឃ្លាត​ចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងស្លាប់ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យភិក្ខុឈឺ​ឃ្លាត​ចាកទីទេ ត្រូវសង្ឃ​ទៅធ្វើ​ឧបោសថ​ក្នុងទីនោះ។ មិនត្រូវសង្ឃ​ធ្វើ​ឧបោសថ​​ដោយពួក​ឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ចៀស​ចេញចាកទីនោះទៅ ត្រូវឲ្យបារិសុទ្ធិ​ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិទៅ សិកក្នុងទីនោះឯង (ក្តី) ស្លាប់ទៅ (ក្តី) ប្តេជ្ញាខ្លួន​ជាសាមណេរ (ក្តី) ប្តេជ្ញា​ខ្លួន​ជាអ្នកលាសិក្ខា(ក្តី) ប្តេជ្ញាខ្លួន​ជាអ្នកត្រូវអន្តិមវត្ថុ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានចិត្ត​រវើរវាយ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្រប​សង្កត់(ក្តី) ប្តេជ្ញាខ្លួនជាអ្នក​ត្រូវសង្ឃ​លើកវត្ត ព្រោះមិនឃើញ​អាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះ​មិនសំដែង​អាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នក​ត្រូវ​សង្ឃលើកវត្ត​ ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយ(ក្តី) ប្តេជ្ញាខ្លួនជាថេយ្យសំវាសកៈ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទៅចូលពួក​តិរ្ថិយ(ក្តី) ប្តេជ្ញាខ្លួនជាតិរច្ឆាន(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្ត​(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី(ក្តី) ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកញុំាង​ព្រះលោហិត​ឲ្យពុរពងឡើង (ក្តី) ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (មានភេទពីរក្តី) ត្រូវឲ្យបារិសុទ្ធិ​ទៅភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ចៀស​ចេញទៅក្នុង​ពាក់កណ្តាល​ផ្លូវ។ មិនឈ្មោះថា ភិក្ខុនោះ​បាននាំ​បារិសុទ្ធិ​មកដល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​សឹក (ក្តី) ស្លាប់(ក្តី)។បេ។ បេ្តជ្ញា​ខ្លួនជា​ឧភតោព្យញ្ជនក​​(ក្តី) ក្នុង​ពាក់កណ្តាល​ផ្លូវ បារិសុទ្ធិ ក៏មិនឈ្មោះថា ភិក្ខុនោះ​បាននាំ​មក​ដល់​ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ដល់ទៅសង្ឃ ហើយទើបចៀស​ចេញទៅ បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះ​បាននាំ​​មកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ដល់ទៅសង្ឃ ហើយទើបសឹក (ក្តី) ស្លាប់(ក្តី)។បេ។ បេ្តជ្ញា​ខ្លួនជាឧភតោព្យញ្ជនក​(ក្តី) បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះ​បាននាំ​មក​ដល់​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ដល់ទៅសង្ឃ ហើយដេកលក់ មិនបានប្រាប់ ឬភ្លាំងភ្លេច មិនបានប្រាប់ ឬចូល​ឈាន ហើយមិនបានប្រាប់ បារិសុទ្ធិ ក៏ឈ្មោះថា ភិក្ខុនោះ​បាននាំ​មក​ដល់ហើយ។ អាបត្តិមិនមានដល់​ភិក្ខុអ្នកនាំ​បារិសុទ្ធិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបារិសុទ្ធិ​ហើយ បើភិក្ខុអ្នកនាំ​បារិសុទ្ធិ​ទៅដល់សង្ឃ ហើយក្លែងមិនប្រាប់ បារិសុទ្ធិ ឈ្មោះថា ភិក្ខុនោះ​បាននាំ​មក​ដល់​ហើយ តែភិក្ខុអ្នកនាំ​បារិសុទ្ធិ​ត្រូវអាបត្តិទុក្កដ។

៨៨. ឆន្ទទានកថា

(៨៨.)

[១៨២] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយថា​ ម្នាលភិក្ខុ​ទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា សង្ឃនឹងធ្វើកម្ម។ កាលបើព្រះដ៏មានព្រះភាគ​មានបន្ទូល​យ៉ាងនេះ ភិក្ខុ១រូប បានក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន មានភិក្ខុឈឺ ភិក្ខុនោះមិនទាន់មក។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឈឺ​ឲ្យ​ឆន្ទៈ​បាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឆន្ទៈនោះ ត្រូវភិក្ខុឈឺនោះឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះ ចូលទៅរក​ភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង​ ហើយនិយាយយ៉ាងនេះថា ខ្ញុំ​ឲ្យឆន្ទៈ​ លោកចូរនាំឆន្ទៈ​របស់ខ្ញុំទៅចុះ ចូរប្រាប់ឆន្ទៈ​របស់ខ្ញុំ(ផង)។ ភិក្ខុឈឺ​នោះបញ្ជាក់​ដោយ​កាយ​(ក៏បាន) បញ្ជាក់ដោយវាចា (ក៏បាន) បញ្ជាក់ដោយកាយវាចា (ក៏បាន) ឆន្ទៈ ឈ្មោះថាភិក្ខុឈឺនោះ​បានឲ្យហើយ។ ភិក្ខុឈឺ​មិនបានបញ្ជាក់​ដោយកាយ(ក្តី) មិនបានបញ្ជាក់​ដោយវាចា(ក្តី) មិនបានបញ្ជាក់​ដោយកាយវាចា(ក្តី) មិនឈ្មោះថា ភិក្ខុនោះ​បានឲ្យឆន្ទៈ​ទេ។ បើបានឆន្ទៈនុ៎ះ​យ៉ាងនេះ ការបាន​នុ៎ះ​ ជា​ការល្អ បើមិនបានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុត្រូវនាំភិក្ខុឈឺនោះមកក្នុងកណ្តាលសង្ឃ ​ដោយគ្រែ ឬតាំងមក ហើយត្រូវធ្វើសង្ឃកម្មចុះ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុអ្នកបម្រើជម្ងឺ មានគំនិតយ៉ាងនេះ​ថា បើយើងនឹង​ឲ្យភិក្ខុឈឺ​ឃ្លាត​ចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងស្លាប់ដូច្នេះ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុ​ឲ្យភិក្ខុឈឺ​ឃ្លាត​ចាកទីទេ ត្រូវសង្ឃ​ទៅធ្វើកម្ម​ក្នុងទីនោះ មិនត្រូវសង្ឃ​ធ្វើកម្មជាពួក​ឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំ​ឆន្ទៈគេច​ចៀស​ចេញអំពីទីនោះ ត្រូវឲ្យឆន្ទៈ​ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំឆន្ទៈ សឹកក្នុងទីនោះឯង (ក្តី) ស្លាប់ទៅ (ក្តី) ប្តេជ្ញាខ្លួន​ជាសាមណេរ (ក្តី) ប្តេជ្ញា​ខ្លួន​ជាអ្នកពោលលាសិក្ខា(ក្តី) ប្តេជ្ញាខ្លួន​ជាអ្នកត្រូវអន្តិមវត្ថុ (បារាជិកក្តី) ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត(ក្តី) ប្តេជ្ញាខ្លួន​ជាអ្នក​មាន​ចិត្ត​រវើរវាយ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្រប​សង្កត់(ក្តី) ប្តេជ្ញាខ្លួនជាអ្នក​ត្រូវសង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះ​មិនសំដែង​អាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នក​ត្រូវ​សង្ឃលើកវត្ត​ ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយ(ក្តី) ប្តេជ្ញាខ្លួនជា​ថេយ្យសំវាសកៈ (អ្នកលួចសំវាសក្តី) ប្តេជ្ញាខ្លួនជាអ្នកចូលពួក​តិរ្ថិយ(ក្តី) ប្តេជ្ញាខ្លួនជាសត្វតិរច្ឆាន(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្ត​(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី(ក្តី) ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកធ្វើ​ព្រះលោហិត​ឲ្យពុរពងឡើង (ក្តី) ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (ក្តី) ត្រូវឲ្យឆន្ទៈដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំឆន្ទៈ​គេចចៀសទៅក្នុង​ពាក់កណ្តាល​ផ្លូវ ភិក្ខុនោះ ឈ្មោះថា មិន​បាននាំ​ឆន្ទៈ​មកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំ​ឆន្ទៈ​សឹកទៅ (ក្តី) ស្លាប់ទៅ(ក្តី)ក្នុងពាក់កណ្តាលផ្លូវ។បេ។ បេ្តជ្ញា​ខ្លួនជាឧភតោព្យញ្ជនក​(ក្តី) ភិក្ខុនោះ ឈ្មោះថា មិនបាននាំ​ឆន្ទៈមកទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំ​ឆន្ទៈទៅ​ដល់សង្ឃ ហើយ​ទើប​ចៀស​ចេញទៅ ឆន្ទៈ ឈ្មោះថា នាំ​​មកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈហើយ បើភិក្ខុអ្នកនាំ​ឆន្ទៈទៅដល់ទៅសង្ឃ ហើយសឹកទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ បេ្តជ្ញា​ខ្លួនជាឧភតោព្យញ្ជនក​(ក្តី) ភិក្ខុនោះ ឈ្មោះថា បាននាំឆន្ទៈ​មក​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំឆន្ទៈដល់ទៅសង្ឃ ហើយដេកលក់ មិនបានប្រាប់(ក្តី) ភ្លេច មិនបានប្រាប់(ក្តី) ចូលសមាបត្តិ​មិនបានប្រាប់(ក្តី) ភិក្ខុនោះឈ្មោះថា ​បាននាំឆន្ទៈ​មក​ដល់ហើយ។ ភិក្ខុអ្នកនាំឆន្ទៈ មិនត្រូវអាបត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុឈឺ​ឲ្យឆន្ទៈ​ហើយ បើភិក្ខុអ្នកនាំឆន្ទៈដល់ទៅសង្ឃហើយ ក្លែងមិនប្រាប់ ភិក្ខុនោះឈ្មោះថា នាំឆន្ទៈ​មក​ដល់​ហើយ។ ភិក្ខុអ្នកនាំ​ឆន្ទៈ​ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃ​មានកិច្ចត្រូវធ្វើ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ឲ្យបារិសុទ្ធិ​ក្នុងឧបោសថ​ថ្ងៃនោះឲ្យឆន្ទៈទៀត​បាន។

៨៩. ញាតកាទិគ្គហណកថា

(៨៩.)

[១៨៣] ក៏សម័យ​នោះឯង ពួកជនជាញាតិ​ចាប់ភិក្ខុ១រូប​ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ពួកជនជាញាតិចាប់​ភិក្ខុក្នុងឧបោសថ​ថ្ងៃនោះ។ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិ​អស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយ​លែងភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះ​ធ្វើ​ឧបោសថរួច។ បើភិក្ខុបានការលែង​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិ​អស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយនៅចាំ​ក្នុងទី​ដ៏សមគួរ​​ មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបារិសុទ្ធិរួច។ បើភិក្ខុបានការឈប់បង្អង់​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិ​អស់នោះយ៉ាងនេះថា ម្នាលអ្នក​ទាំងឡាយ​ដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​មួយរំពេចសិន ទំរាំសង្ឃ​ធ្វើ​ឧបោសថរួច។ បើភិក្ខុបានការនាំទៅ​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃធ្វើឧបោសថជាពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេ្តចទាំងឡាយ ចាប់ភិក្ខុ​ក្នុង​ឧបោសថថ្ងៃនោះ។បេ។ ពួកចោរចាប់… ពួកអ្នកលេងចាប់… ពួកជន​ជាសត្រូវនៃភិក្ខុចាប់។ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាសត្រូវនៃភិក្ខុ​អស់នោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរ​លែងភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះ​ធ្វើ​ឧបោសថរួច។ បើភិក្ខុបានការលែង​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុ​ទាំង​ឡាយ​​និយាយ​នឹងជនជាសត្រូវនៃភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយចូរឈប់ បង្អង់នៅ​ក្នុងទី​ដ៏សមគួរ​​ មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបារិសុទ្ធិរួច។ បើភិក្ខុបាន​ការឈប់បង្អង់​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងជន​ជាសត្រូវនៃភិក្ខុទាំងនោះយ៉ាងនេះថា ម្នាលអ្នក​ទាំងឡាយ​ដ៏មានអាយុ ណ្ហើយចុះ អ្នកទាំងឡាយ​ចូរនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​មួយរំពេចសិន ទំរាំសង្ឃ​ធ្វើ​ឧបោសថរួច។ បើភិក្ខុបាន​ការ​នាំទៅ​នុ៎ះ​យ៉ាងនេះ ការបាននុ៎ះ ​ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃធ្វើឧបោសថដោយពួកឡើយ បើធ្វើ ត្រូវអាបត្តិទុក្កដ។

៩០. ឧម្មត្តកសម្មុតិ

(៩០.)

[១៨៤] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយថា​ ម្នាលភិក្ខុ​ទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា (ព្រោះ) សង្ឃមានកិច្ចត្រូវធ្វើ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់​មានបន្ទូល​យ៉ាងនេះហើយ ភិក្ខុ១រូប បានក្រាបទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈ្មោះគគ្គៈឆ្កួត ភិក្ខុនោះមិនទាន់មក។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុឆ្កួតទាំងឡាយនេះ​មានពីរយ៉ាង គឺមានភិក្ខុឆ្កួត១យ៉ាង រលឹក​ឧបោសថ​បានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹក​មិនបានខ្លះ រលឹក​មិនបានសោះក៏មាន ភិក្ខុឆ្កួត​១យ៉ាង មកកាន់ឧបោសថ​បានខ្លះ មកមិនបានខ្លះ មកកាន់​សង្ឃកម្ម​បានខ្លះ មកមិនបានខ្លះ មកមិនបាន​សោះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុឆ្កួត​ទាំងពីរយ៉ាងនោះ ភិក្ខុឆ្កួតណារលឹក​ឧបោសថ​បានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹក​មិនបានខ្លះ មកកាន់ឧបោសថ​បានខ្លះ មកមិនបានខ្លះ មកកាន់​សង្ឃកម្ម​បានខ្លះ មកមិនបានខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃឲ្យ​ឧម្មត្តកសម្មតិ20) ដល់ភិក្ខុឆ្កួតបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧម្មត្តកសម្មតិ សង្ឃ​ត្រូវឲ្យយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះគគ្គៈ ជាមនុស្សឆ្កួត រលឹក​ឧបោសថ​បានខ្លះ រលឹកមិនបានខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹក​មិនបានខ្លះ មកកាន់ឧបោសថ​បានខ្លះ មកមិនបានខ្លះ មកកាន់​សង្ឃកម្ម​បានខ្លះ មកមិនបានខ្លះ។ បើសម្មតិកម្មមាន​កាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យ​ឧម្មត្តក​សម្មតិ​ដល់ភិក្ខុឈ្មោះគគ្គៈ​ជាភិក្ខុឆ្កួត ភិក្ខុឈ្មោះគគ្គៈ គប្បីរលឹក​ឧបោសថ​បានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹក​មិនបានក្តី មក​កាន់ឧបោសថ​បានក្តី មកមិនបានក្តី មកកាន់​សង្ឃកម្ម​បានក្តី មកមិនបានក្តី សង្ឃគប្បី​ធ្វើឧបោសថ​ គប្បី​ធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈ​ក៏បាន វៀរចាកភិក្ខុ​ឈ្មោះ​គគ្គៈ​ក៏បាន។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុឈ្មោះគគ្គៈ ជាភិក្ខុឆ្កួត រលឹក​ឧបោសថ​បានខ្លះ រលឹក​មិន​បាន​ខ្លះ រលឹកសង្ឃកម្មបានខ្លះ រលឹក​មិនបានខ្លះ មកកាន់ឧបោសថ​បានខ្លះ មកមិនបានខ្លះ មកកាន់​សង្ឃ​កម្ម​បានខ្លះ មកមិនបានខ្លះ។ ឥឡូវសង្ឃឲ្យ​ឧម្មត្តក​សម្មតិ​ដល់ភិក្ខុឈ្មោះ​គគ្គៈ​​ជាភិក្ខុឆ្កួតថា ភិក្ខុឈ្មោះគគ្គៈ គប្បីរលឹក​ឧបោសថ​បានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹក​មិនបានក្តី មក​កាន់ឧបោសថ​បានក្តី មកមិនបានក្តី មកកាន់​សង្ឃកម្ម​បានក្តី មកមិនបានក្តី សង្ឃ​នឹង​​ធ្វើឧបោសថ​ នឹង​ធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈ​ក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈ​ក៏បាន។ ការឲ្យ​ឧម្មត្តក​សម្មតិដល់ភិក្ខុ​ឈ្មោះ​គគ្គៈ ជាភិក្ខុឆ្កួត ថាភិក្ខុឈ្មោះ​គគ្គៈ រលឹក​ឧបោសថ​បានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹក​មិនបានក្តី មកកាន់ឧបោសថ​បានក្តី មកមិនបានក្តី មកកាន់​សង្ឃកម្ម​បានក្តី មកមិនបានក្តី សង្ឃនឹង​ធ្វើ​ឧបោសថ​ នឹង​ធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈ​ក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈ​ក៏បាន ដូច្នេះ គាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គនោះស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរ​លោកម្ចាស់​អង្គនោះ​និយាយឡើង។ សង្ឃឲ្យ​ឧម្មត្តកសម្មតិ​ដល់ភិក្ខុឈ្មោះ​គគ្គៈ ជាភិក្ខុឆ្កួត​ហើយថា ភិក្ខុឈ្មោះ​គគ្គៈ​ រលឹក​ឧបោសថ​បានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹក​មិនបានក្តី មក​កាន់​ឧបោសថ​បានក្តី មកមិនបានក្តី មកកាន់​សង្ឃកម្ម​បានក្តី មកមិនបានក្តី សង្ឃនឹង​ធ្វើឧបោសថ​ នឹង​ធ្វើ​សង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈ​ក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈ​ក៏បាន។ ការឲ្យ​ឧម្មត្តកសម្មតិ​នោះ គាប់ចិត្ត​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម ខ្ញុំសូម​ចាំទុក​នូវដំណើរ​នេះ ដោយអាការស្ងៀម​នៅយ៉ាងនេះ។

៩១. សង្ឃុបោសថាទិប្បភេទំ

(៩១.)

[១៨៥] ក៏សម័យនោះឯង មានភិក្ខុ៤អង្គ​ គង់ក្នុងអាវាស១ ក្នុងឧបោសថថ្ងៃនោះ។ ទើប​ភិក្ខុទាំងឡាយនោះ មានគំនិត​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយថា ត្រូវភិក្ខុ​ធ្វើឧបោសថ​ ក៏យើងទាំងឡាយ​ជាជន​៤រូប ត្រូវយើងទាំងឡាយ​ធ្វើ​ឧបោសថ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ៤រូប​សំដែង​នូវបាតិមោក្ខបាន។ ក៏សម័យ​នោះឯង មានភិក្ខុ៣រូប​ នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើប​ភិក្ខុទាំងឡាយនោះ មានគំនិត​យ៉ាងនេះថា ព្រះដ៏​មាន​ព្រះភាគ​ទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែង​នូវបាតិមោក្ខ ក៏ឯយើងទាំងឡាយ​ជាជនបីរូប ត្រូវយើង​ធ្វើ​ឧបោសថ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ៣រូបធ្វើបារិសុទ្ធិឧបោសថ​ដល់គ្នា​នឹងគ្នា។​ម្នាលភិក្ខុទាំងឡាយ ក៏ឯបារិសុទ្ធិ​ឧបោសថនោះ ត្រូវ​ភិក្ខុធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យភិក្ខុទាំងឡាយ​នោះដឹងថា ចូរលោកដ៏មានអាយុទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃទី១៥នេះ ជាថ្ងៃឧបោសថ បើកម្មមាន​កាលគួរដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយគួរធ្វើបារិសុទ្ធិឧបោសថ​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង រួច​និយាយនឹងភិក្ខុ​ទាំងឡាយ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ។ ត្រូវភិក្ខុខ្ចីវស្សា ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង រួច​និយាយនឹងភិក្ខុ​ទាំងឡាយ​នោះយ៉ាងនេះថា ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោកទាំងឡាយ​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ។ ក៏សម័យ​នោះឯង ភិក្ខុ២រូប​ នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើប​ភិក្ខុទាំងឡាយ​នោះ មានគំនិត​យ៉ាងនេះថា ព្រះដ៏​មាន​ព្រះភាគ​ទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែង​នូវបាតិមោក្ខ ឲ្យ​ភិក្ខុ​បីរូបធ្វើ​បារិសុទ្ធិឧបោសថ​ដល់គ្នានឹងគ្នាបាន ក៏យើងទាំងឡាយ​ជាជនពីររូប ត្រូវយើង​ទាំងឡាយធ្វើ​ឧបោសថ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថ​បាន។​ម្នាលភិក្ខុ​ទាំងឡាយ ក៏ឯបារិសុទ្ធិ​ឧបោសថនោះ ត្រូវ​ភិក្ខុទាំងឡាយធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង ហើយពោលនឹងភិក្ខុ​ខ្ចីយ៉ាងនេះថា នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ នែអាវុសោ ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ។ ត្រូវភិក្ខុខ្ចីវស្សា ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង ហើយពោលនឹងភិក្ខុ​ជាថេរៈយ៉ាងនេះថា ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ ទានប្រោស ខ្ញុំជា​បុគ្គល​បរិសុទ្ធ សូមលោក​ចាំទុកនូវខ្ញុំ ថាជាបុគ្គល​បរិសុទ្ធ។ ក៏សម័យ​នោះឯង ភិក្ខុតែមួយរូប​ នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើប​ភិក្ខុ​នោះ បានគិត​ដូច្នេះថា ព្រះដ៏​មាន​ព្រះភាគ​ទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែង​នូវបាតិមោក្ខ ឲ្យ​ភិក្ខុ​បីរូបធ្វើ​បារិសុទ្ធិឧបោសថ​ដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថ ក៏អាត្មាអញនៅតែម្នាក់ឯង ត្រូវអញ​ធ្វើ​ឧបោសថ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុតែមួយរូប​នៅក្នុងអាវាស​មួយ​ក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុតែងត្រឡប់​មកនៅក្នុងប្រទេស​ណា​គឺក្នុង​ឧបដ្ឋានសាលាក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវ​ភិក្ខុនោះបោសប្រទេស​នោះហើយ ចូលទៅដំកល់​ទឹកឆាន់ ទឹកប្រើប្រាស់ ក្រាលអាសនៈ អុជប្រទីប ហើយត្រូវ​អង្គុយចាំ។ បើភិក្ខុទាំងឡាយដទៃមក ត្រូវភិក្ខុនោះ​ធ្វើឧបោសថ​ជាមួយនឹងភិក្ខុទាំងឡាយនោះ បើភិក្ខុទាំងឡាយ​ដទៃ​មិនមកទេ ត្រូវភិក្ខុនោះ​អធិដ្ឋាន​ឧបោសថ​ថា ថ្ងៃនេះជាថ្ងៃ​ឧបោសថ​របស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបួនរូបនៅក្នុងអាវាសណា មិនត្រូវភិក្ខុបីរូបនាំ​បារិសុទ្ធិ​របស់ភិក្ខុមួយរូប​មក ហើយសំដែង​នូវ​បាតិមោក្ខ​ក្នុងអាវាសនោះទេ បើភិក្ខុទាំងឡាយនោះសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបី​រូប​នៅក្នុងអាវាសណា មិនត្រូវភិក្ខុពីររូបនាំ​បារិសុទ្ធិ​របស់ភិក្ខុមួយរូប​មក ហើយធ្វើបារិសុទ្ធិឧបោសថ ក្នុង​អាវាសនោះទេ បើភិក្ខុទាំងនោះធ្វើ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពីររូបនៅក្នុងអាវាសណា មិនត្រូវភិក្ខុមួយរូបនាំ​បារិសុទ្ធិ​របស់ភិក្ខុមួយរូប​មក ហើយអធិដ្ឋាន​ឧបោសថ​ក្នុងអាវាស​នោះទេ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។

៩២. អាបត្តិបដិកម្មវិធិ

(៩២.)

[១៨៦] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិ​ក្នុងឧបោសថ​ថ្ងៃនោះ។ ទើបភិក្ខុនោះ​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា មិនត្រូវភិក្ខុប្រកប​ដោយអាបត្តិ​ ធ្វើឧបោសថ​ទេ ក៏អាត្មាអញ​ត្រូវអាបត្តិហើយ ត្រូវអញប្រតិបត្តិ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនា​នេះ មានភិក្ខុ​ត្រូវអាបត្តិក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរក​ភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី​ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិមានឈ្មោះនេះ ខ្ញុំសូមសំដែងនូវ​អាបត្តិនោះ។ ភិក្ខុមិនត្រូវអាបត្តិនោះ គប្បី​សួរភិក្ខុត្រូវអាបត្តិ​នោះថា លោកឃើញ​អាបត្តិនោះឬ។ ភិក្ខុត្រូវអាបត្តិគប្បីប្រាប់ថា អើ ខ្ញុំឃើញ។ ភិក្ខុមិនត្រូវអាបត្តិ គប្បី​ប្រាប់ថា លោកគប្បី​សង្រួម​តទៅ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុមានសេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​ក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ​ចូលទៅរក​ភិក្ខុ១រូប ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង ហើយត្រូវនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំមានសេចក្តី​សង្ស័យ​ក្នុងអាបត្តិ មានឈ្មោះនេះ កាលណាខ្ញុំ​អស់សង្ស័យ​ ខ្ញុំនឹង​សំដែងអាបត្តិ​នោះ​ក្នុងកាល​នោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើ​សេចក្តី​អន្តរាយ​ដល់ឧបោសថ ព្រោះហេតុប៉ុណ្ណោះឡើយ។

[១៨៧] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែង​អាបត្តិ​ស្មើភាគគ្នា (គឺអាបត្តិ​ដូចគ្នា)។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​សំដែង​អាបត្តិ​ស្មើភាគគ្នាទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុទទួល​អាបត្តិ​ស្មើភាគគ្នា។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុទទួល​អាបត្តិ​ស្មើភាគគ្នាទេ ភិក្ខុណាទទួល ត្រូវអាបត្តិទុក្កដ។

៩៣. អាបត្តិអាវិករណវិធិ

(៩៣.)

[១៨៨] ក៏សម័យនោះឯង ភិក្ខុ១រូប​រលឹកឃើញ​អាបត្តិក្នុងពេលដែលសង្ឃ​កំពុង​សំដែង​បាតិមោក្ខ។ ទើបភិក្ខុនោះមានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយថា មិនត្រូវ​ភិក្ខុប្រកបដោយ​អាបត្តិ​ធ្វើ​ឧបោសថទេ ក៏អាត្មាអញ​ត្រូវ​អាបត្តិហើយ អញគប្បី​ប្រតិបត្តិ​ដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុ​រលឹកឃើញ​នូវអាបត្តិ​ ក្នុងពេលដែល​សង្ឃ​កំពុងសំដែង​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីនិយាយនឹង​ភិក្ខុ (អង្គុយ) ជិតខាង​យ៉ាងនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះនេះ ខ្ញុំចេញពីទីនេះហើយ នឹងសំដែងអាបត្តិនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តី​អន្តរាយ​ដល់​ឧបោសថ​ ព្រោះហេតុ​ប៉ុណ្ណោះឡើយ។ ​ម្នាលភិក្ខុទាំងឡាយ មានភិក្ខុក្នុងសាសនានេះ កាលភិក្ខុកំពុង​សំដែង​នូវ​បាតិមោក្ខ (ក៏) មានសេចក្តីសង្ស័យក្នុងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះនិយាយនឹង​ភិក្ខុ (អង្គុយ) ជិតខាង​យ៉ាងនេះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​ក្នុងអាបត្តិឈ្មោះនេះ កាលណា​ខ្ញុំអស់​សង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះកាលនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តី​អន្តរាយ​ដល់​ឧបោសថ​ ព្រោះហេតុ​ប៉ុណ្ណោះឡើយ។

៩៤. សភាគាបត្តិបដិកម្មវិធិ

(៩៤.)

[១៨៩] ក៏សម័យនោះឯង សង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវ​អាបត្តិ​ស្មើភាគគ្នា ក្នុងឧបោសថ​ថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់​បញ្ញត្ត​ហើយថា ភិក្ខុមិនត្រូវសំដែង​អាបត្តិ​ស្មើភាគគ្នាទេ មិនត្រូវទទួលអាបត្តិ​ស្មើភាគគ្នាទេ ក៏សង្ឃ​ទាំងអស់​នេះ ត្រូវអាបត្តិ​ស្មើភាគគ្នា ត្រូវយើងទាំងឡាយប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មាន​សង្ឃ​ទាំងអស់ក្នុងអាវាសមួយ ត្រូវ​អាបត្តិ​ស្មើភាគគ្នា ក្នុងឧបោសថ​ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុ​ទាំងឡាយបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាស​ជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោក​ទៅសំដែងអាបត្តិហើយមក យើងទាំងឡាយ​នឹងសំដែង​អាបត្តិ​ក្នុងសំណាក់​លោក។ បើសង្ឃ​បាន​ការសំដែង​អាបត្តិនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើសង្ឃមិនបានទេ ត្រូវភិក្ខុដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់នេះ​ត្រូវអាបត្តិ​ស្មើ​ភាគគ្នា កាលណាសង្ឃនឹងឃើញ​ភិក្ខុដទៃ​បរិសុទ្ធ មិនត្រូវអាបត្តិ សង្ឃនឹងសំដែង​អាបត្តិនោះ​ក្នុងសំណាក់​ភិក្ខុនោះក្នុងកាលនោះ លុះនិយាយហើយ ត្រូវសង្ឃធ្វើឧបោសថ ត្រូវសំដែង​នូវបាតិមោក្ខ មិនត្រូវសង្ឃ​ធ្វើ​សេចក្តីអន្តរាយ​ដល់ឧបោសថ​ ព្រោះហេតុតែប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនានេះ មាន​សង្ឃ​ទាំងអស់ក្នុងអាវាសមួយ មានសេចក្តីសង្ស័យ​ក្នុង​អាបត្តិ​ស្មើភាគគ្នា ក្នុង​ឧបោសថ​​ថ្ងៃនោះ។ ត្រូវភិក្ខុ​ឆ្លាស ប្រតិពល ឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់នេះ​មានសេចក្តីសង្ស័យ​ក្នុងអាបត្តិ​ស្មើ​ភាគគ្នា កាលណាសង្ឃអស់​សេចក្តីសង្ស័យ សង្ឃនឹងសំដែង​អាបត្តិនោះ​ក្នុងកាលនោះ លុះនិយាយហើយ ត្រូវសង្ឃធ្វើឧបោសថ ត្រូវសំដែង​នូវបាតិមោក្ខ មិនត្រូវសង្ឃ​ធ្វើ​ការអន្តរាយ​ដល់ឧបោសថ​ ព្រោះហេតុតែប៉ុណ្ណោះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏​ក្នុងសាសនានេះ មានសង្ឃនៅចាំវស្សា​ក្នុងអាវាសមួយ ត្រូវ​អាបត្តិ​ស្មើភាគគ្នា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុ​ទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាស​ជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោក​ទៅសំដែងអាបត្តិនោះហើយមក យើងទាំងឡាយ​នឹងសំដែង​អាបត្តិ​នោះ​ក្នុង​សំណាក់​​លោក។ បើសង្ឃ​បាន​ការសំដែង​អាបត្តិនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវសង្ឃបញ្ជូន​ភិក្ខុ១រូបទៅ​ក្នុងរវាង​៧ថ្ងៃថា នែអាវុសោ ចូរលោក​ទៅសំដែង​អាបត្តិ​នោះហើយមក យើងទាំងឡាយ​នឹងសំដែង​អាបត្តិនោះក្នុងសំណាក់​លោក។

[១៩០] សម័យនោះឯង មានសង្ឃ​ទាំងអស់​ក្នុងអាវាស​មួយ ត្រូវអាបត្តិស្មើភាគគ្នា។ សង្ឃ​នោះ មិនដឹងឈ្មោះ មិនដឹងគោត្រ នៃអាបត្តិ​នោះ។ ភិក្ខុដទៃជាពហុសូត ចេះស្ទាត់​នូវព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចេះចាំមាតិកា ជាបណ្ឌិតឆ្លាស​មានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តី​រអែង ស្រឡាញ់​ការសិក្សា មកក្នុងអាវាសនោះ។ ភិក្ខុ១អង្គ ចូលទៅរក​ភិក្ខុជាបណ្ឌិត​នោះ ក្នុងទី​ដែលភិក្ខុនោះ​ឋិតនៅ លុះចូលទៅ​ដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ ភិក្ខុណាធ្វើ​យ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះអ្វី។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះ​ត្រូវអាបត្តិ​ឈ្មោះនេះ នែអាវុសោ លោកត្រូវអាបត្តិ​ឈ្មោះនេះហើយ ចូរលោកសំដែង​អាបត្តិនោះចេញ។ ភិក្ខុនោះនិយាយយ៉ាងនេះថា នែអាវុសោ មិនមែនខ្ញុំ​តែម្នាក់ឯង ត្រូវអាបត្តិនេះឡើយ សង្ឃទាំង​អស់នោះ​ក៏ត្រូវ​អាបត្តិនេះដែរ។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ អ្នកដទៃត្រូវ (អាបត្តិ) ក្តី មិនត្រូវក្តី នឹងធ្វើអ្វីដល់លោកបាន នែអាវុសោ ណ្ហើយ ចូរលោក​ចេញ​ចាកអាបត្តិ​របស់ខ្លួនទៅ។ ទើបភិក្ខុនោះសំដែង​អាបត្តិ​នោះតាមពាក្យ​ភិក្ខុនោះហើយ ក៏ចូល​ទៅរក​ភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះនឹង​ភិក្ខុទាំងឡាយនោះថា នែអាវុសោ ឮថា ភិក្ខុណាធ្វើយ៉ាងនេះផងៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកទាំងឡាយ​ត្រូវអាបត្តិឈ្មោះនេះហើយ ចូរសំដែងអាបត្តិនោះចេញ។ ក៏ឯភិក្ខុទាំងឡាយនោះ មិនប្រាថ្នា​ដើម្បី​សំដែង​អាបត្តិនោះ តាមពាក្យ​ភិក្ខុនោះឡើយ។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃ​ទាំងអស់​ក្នុងអាវាស​មួយ ត្រូវអាបត្តិស្មើភាគគ្នា។ សង្ឃ​នោះ មិនដឹងនាម មិនដឹងគោត្រ របស់អាបត្តិ​នោះទេ។ ភិក្ខុដទៃជាពហូសូត ស្ទាត់ក្នុងព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រង់វិន័យ ចេះចាំមាតិកា ជាបណ្ឌិតឆ្លាស​មានប្រាជ្ញា មានសេចក្តីខ្មាស សេចក្តី​រអែង ស្រឡាញ់​ការសិក្សា មកក្នុងអាវាសនោះ។ ភិក្ខុ១អង្គ ចូលទៅ​រក​ភិក្ខុជាបណ្ឌិត​នោះ ក្នុងទី​ដែលភិក្ខុនោះ​ឋិតនៅ លុះចូលទៅ​ដល់ហើយ បាននិយាយយ៉ាងនេះ នឹង​ភិក្ខុ​នោះថា នែអាវុសោ ភិក្ខុណាធ្វើ​យ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះអ្វីដែរឬ។ ភិក្ខុជា​បណ្ឌិត​នោះ និយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុណាមួយធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះ​ត្រូវអាបត្តិ​ឈ្មោះនេះ នែអាវុសោ លោកត្រូវអាបត្តិ​ឈ្មោះនេះហើយ ចូរលោកសំដែង​អាបត្តិនោះចេញ។ ភិក្ខុនោះ​និយាយ​យ៉ាង​នេះថា នែអាវុសោ មិនមែនតែខ្ញុំម្នាក់ឯង ត្រូវអាបត្តិនេះទេ សង្ឃទាំង​អស់នេះ​ក៏ត្រូវ​អាបត្តិ​នេះ​ដែរ។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ អ្នកដទៃត្រូវ (អាបត្តិ)ក្តី មិនត្រូវក្តី នឹងធ្វើអ្វីដល់លោកបាន នែអាវុសោ ណ្ហើយ ចូរលោក​ចេញ​ចាកអាបត្តិ​របស់ខ្លួនទៅ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុនោះសំដែង​អាបត្តិ​នោះតាម​ពាក្យភិក្ខុនោះហើយ ចូល​ទៅរក​ភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ និយាយ​យ៉ាងនេះនឹង​ភិក្ខុទាំងឡាយនោះថា នែអាវុសោ ឮថា ភិក្ខុណា​ធ្វើ​យ៉ាង​នេះ​ផង​ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកទាំងឡាយ​ត្រូវអាបត្តិឈ្មោះនេះហើយ ចូរលោកទាំងឡាយសំដែងអាបត្តិនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយ​នោះសំដែង​អាបត្តិនោះ តាមពាក្យ​ភិក្ខុនោះ ការសំដែងនុ៎ះ ជាការល្អ បើមិនសំដែងទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុនោះ​ស្តីថាឲ្យភិក្ខុទាំងនោះឡើយ ព្រោះខ្លួនគ្មាន​អំណាច (ស្តីថាឲ្យគេទេ)។

ចប់ ចោទនាវត្ថុភាណវារៈ។

៩៥. អនាបត្តិបន្នរសកំ

(វិធីដែលភិក្ខុធ្វើឧបោសថ​មិនត្រូវអាបត្តិ មាន១៥យ៉ាង (៩៥.))

[១៩១] សម័យនោះឯង ក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុ​21) ជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា ពួកអាវាសិកភិក្ខុឯទៀត​មិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ (ស្រាប់តែមាន) ពួក​អាវាសិកភិក្ខុដទៃច្រើន​ជាង មកដល់ក្នុងវេលានោះ។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថថ្ងៃនោះ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ ​មិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែង​បាតិមោក្ខ​ឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែមានពួក​អាវាសិកភិក្ខុដទៃច្រើន​ជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែង​បាតិមោក្ខ​ឡើងម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើ​ក្នុង​អាវាស១ មានអាវាសិក​ភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ ក៏សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ចំនួនស្មើៗគ្នា មកដល់ក្នុងពេលនោះ។ ឧទ្ទេស​ដែលភិក្ខុសំដែងរួចហើយ ក៏ឈ្មោះថា សំដែងហើយ​ដោយប្រពៃ ត្រូវតែស្តាប់ឧទ្ទេស​ដ៏សេសសល់អំពី​នោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមានពួកអាវាសិក​ភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងទីអាវាស១ ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ ក៏សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​ សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ក៏មានពួក​អាវាសិក​ភិក្ខុ​ដទៃតិចជាង មកដល់ក្នុងពេលនោះ។ ឧទ្ទេស​ដែលភិក្ខុសំដែងរួចហើយ ក៏ឈ្មោះថា សំដែងហើយ​ដោយប្រពៃ ត្រូវតែស្តាប់ឧទ្ទេស​សេសសល់អំពី​នោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើ​ក្នុងទី​អាវាស១ មានពួកអាវាសិក​ភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក ​សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែនឹងសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះ ត្រូវសំដែង​បាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ក្នុងទី​អាវាស១ មានពួកអាវាសិក​ភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូប​ឡើង​ទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់​មក​ដល់​ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក ​សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ចំនួនស្មើៗគ្នា មកដល់ក្នុងពេលនោះ។ បាតិមោក្ខដែល ដែល​ភិក្ខុ​បាន​សំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ។ ពួកអាវាសិកភិក្ខុដទៃ ត្រូវប្រាប់​បារិសុទ្ធិ​ក្នុងសំណាក់​ភិក្ខុទាំងឡាយ ដែលធ្វើ​ឧបោសថ​ហើយនោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិក​ភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​ សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះ​ទើបតែសំដែង​បាតិមោក្ខរួចហើយ ស្រាប់តែមាន​អាវាសិក​ភិក្ខុ​ដទៃតិចជាង មកដល់ក្នុងពេលនោះ។ បាតិមោក្ខដែល​ភិក្ខុ​បានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់​បារិសុទ្ធិ ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើ​ក្នុងទី​អាវាស១ មានពួកអាវាសិក​ភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូប​ឡើង​ទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់​មក​ដល់​ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក ​សំគាល់ថា ព្រមព្រៀង​គ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែនឹងសំដែងបាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យ ក៏មិនទាន់​ក្រោកចេញនៅឡើយ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង មកដល់​ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះ ត្រូវសំដែង​បាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ក្នុង​អាវាស១ មានអាវាសិក​ភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូប​ឡើង​ទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃ​មិនទាន់​មក​ដល់​ឡើយ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក ​សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុ​ទាំងនោះ​ទើបតែសំដែងបាតិមោក្ខរួចហើយ ពួក​​ភិក្ខុបរិសទ្យ​មិនទាន់ក្រោកចេញនៅឡើយ ស្រាប់តែ​មានពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ​ភិក្ខុ​បាន​សំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់​បារិសុទ្ធិ​ក្នុងសំណាក់​ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវអាបត្តិឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិក​ភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំង​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​ សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះ​ទើបតែសំដែង​បាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យ​ខ្លះក៏​បានក្រោកចេញទៅហើយ ស្រាប់តែ​ពួកអាវាសិក​ភិក្ខុ​ដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវ​សំដែងបាតិមោក្ខ​ម្តងទៀតចុះ។ ពួក​ភិក្ខុអ្នក​សំដែង​មិនត្រូវ​អាបត្តិ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុច្រើន​រូប គឺចំនួន​៤រូប ឬច្រើនជាង​៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួក​អាវាសិក​ភិក្ខុដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះសំគាល់ថា ជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែង​បាតិមោក្ខឡើង។ ភិក្ខុ​ទាំងនោះ​ទើបតែ​សំដែង​​បាតិមោក្ខ​រួចហើយ ពួកភិក្ខុបរិសទ្យ​ខ្លះក៏​ក្រោកចេញទៅ ស្រាប់តែ​ពួកអាវាសិក​ភិក្ខុដទៃស្មើៗគ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ បាតិមោក្ខដែល​ភិក្ខុ​បានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់​បារិសុទ្ធិ ក្នុងសំណាក់​ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវ​អាបត្តិ​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិក​ភិក្ខុច្រើនរូប គឺចំនួន​៤​រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុ​ទាំង​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​ សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះ​ទើបតែសំដែង​បាតិមោក្ខ​រួចទៅហើយ ភិក្ខុបរិសទ្យទាំងអស់ ក៏​បានក្រោកចេញទៅ ស្រាប់តែ​ពួកអាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង មក​ដល់​ក្នុងពេលនោះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវ​សំដែងបាតិមោក្ខ​ម្តង​ទៀតចុះ។ ពួក​ភិក្ខុអ្នក​សំដែង​មិនត្រូវ​អាបត្តិ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើនរូប​ គឺចំនួន​៤រូប ឬច្រើនជាង​៤រូបឡើងទៅ ប្រជុំគ្នា​ក្នុង​ឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួក​អាវាសិក​ភិក្ខុដទៃ​មិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះសំគាល់ថា ជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែង​បាតិមោក្ខ។ ភិក្ខុ​ទាំងនោះ​ទើបតែ​សំដែង​​បាតិមោក្ខ​រួចហើយ ភិក្ខុបរិសទ្យ​ទាំងអស់ បាន​ក្រោក​ចេញទៅហើយ ស្រាប់តែ​ពួកអាវាសិក​ភិក្ខុដទៃស្មើៗគ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ បាតិមោក្ខដែល​ភិក្ខុ​បានសំដែង​រួច​ហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់​បារិសុទ្ធិ ក្នុងសំណាក់​ភិក្ខុទាំង​នោះ​ចុះ។ ពួកភិក្ខុអ្នកសំដែង​មិនត្រូវ​អាបត្តិ​ឡើយ។

ចប់ វិធីដែលភិក្ខុធ្វើឧបោសថ​មិនត្រូវអាបត្តិ មាន១៥យ៉ាង។

៩៦. វគ្គាវគ្គសញ្ញីបន្នរសកំ

(រឿង​ភិក្ខុមានសេចក្តី​សំគាល់ក្នុងកម្ម​ជាបក្ខពួកថាព្រមព្រៀង​គ្នាហើយ ធ្វើឧបោសថ​ មាន១៥យ៉ាង (៩៦.))

[១៩២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិក​ភិក្ខុ​​ច្រើន​រូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នា​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មាន​ពួក​អាវាសិក​ភិក្ខុដទៃ​មិន​ទាន់មកដល់ដែរ។ ភិក្ខុទាំងនោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជា​ពួក​​សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ ស្រាប់តែ​ពួក​អាវាសិកភិក្ខុដទៃច្រើន​ជាង មកដល់ក្នុងវេលានោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំង​នោះ ត្រូវសំដែង​​បាតិមោក្ខ​ម្តង​ទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ស្រាប់តែពួក​អាវាសិក​​ភិក្ខុ​​ដទៃ​ស្មើៗ​គ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ ឧទ្ទេស​​ដែលភិក្ខុ​បានសំដែងរួចទៅ​ហើយ ក៏ឈ្មោះថា បានសំដែង​ល្អហើយ ភិក្ខុទាំងនោះ​ត្រូវស្តាប់ នូវឧទ្ទេស​ដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែង​ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស​១ មានពួក​អាវាសិក​​ភិក្ខុ​ច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង​៤រូបឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំង​នោះ​ដឹងថា មានពួកអាវាសិក​ភិក្ខុដទៃ​មិនទាន់​មកដល់ដែរ។ ភិក្ខុ​ទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក​ សំគាល់ថា​ព្រមព្រៀងគ្នា ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុ​ទាំងនោះ​ទើបតែសំដែងបាតិមោក្ខ​រួចហើយ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ ច្រើងជាង មក​ដល់​ក្នុងពេលនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ ត្រូវសំដែង​បាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែង​ត្រូវអាបត្តិ​ទុក្កដ។បេ។ ស្រាប់តែមានពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិច​ជាង។ បាតិមោក្ខ​ដែល ​ភិក្ខុ​បាន​សំដែង​រួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ពួក​អាវាសិក​ភិក្ខុ​ដទៃ ត្រូវប្រាប់​បារិសុទ្ធិ​​ក្នុងសំណាក់​​ភិក្ខុទាំង​នោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុង​ទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើនរូប គឺចំនួន៤រូប ឬច្រើន​ជាង​៤រូប​ឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុ​ទាំងនោះ​ដឹងថា មានពួក​​អាវាសិក​ភិក្ខុ​​ដទៃ​មិនទាន់​មក​ដល់។ ភិក្ខុ​​ទាំង​នោះ សំគាល់​​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួក​ សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើ​​ឧបោសថ សំដែង​បាតិមោក្ខ​ឡើង។ ភិក្ខុទាំងនោះ​ទើបតែសំដែង​បាតិមោក្ខរួចហើយ កាល​ភិក្ខុ​បរិសទ្យ​​មិនទាន់​​ក្រោកចេញ​នៅឡើយ។បេ។ កាលភិក្ខុ​បរិសទ្យ​ខ្លះ​ក្រោក​ចេញ​ទៅហើយ។បេ។ កាលភិក្ខុបរិសទ្យ​ទាំងអស់​បាន​ក្រោកចេញទៅ​ហើយ ស្រាប់តែពួក​អាវាសិក​ភិក្ខុ​ដទៃច្រើនជាង មកដល់​ក្នុង​ពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវ​សំដែង​បាតិមោក្ខ​ម្តងទៀតចុះ។ ពួកភិក្ខុអ្នក​សំដែង​​ត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួក​អាវាសិក​ភិក្ខុ​ដទៃ​​ស្មើៗគ្នា មកដល់ក្នុង​ពេល​នោះ។បេ។ តិចជាង។ បាតិមោក្ខ​ដែល ​ភិក្ខុ​បាន​​សំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុ​ដទៃ ត្រូវប្រាប់​​បារិសុទ្ធិ​ក្នុង​សំណាក់​ភិក្ខុនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។

ចប់ រឿង​ភិក្ខុមានសេចក្តី​សំគាល់ក្នុងកម្ម​ជាបក្ខពួកថាព្រមព្រៀង​គ្នាហើយ ធ្វើឧបោសថ​ មាន១៥យ៉ាង។

៩៧. វេមតិកបន្នរសកំ

(រឿង​ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឧបោសថ​ មាន១៥យ៉ាង (៩៧.))

[១៩៣] ម្នាលភិក្ខុ​ទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុង​ទីអាវាស១ មានពួក​​អាវាសិក​ភិក្ខុ​ច្រើន​​រូប គឺចំនួន​៤រូប ឬច្រើន​ជាង៤រូប​ឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំង​នោះដឹងថា មានពួក​​អាវាសិក​​ភិក្ខុដទៃមក​​មិនទាន់ដល់។ ភិក្ខុ​ទាំងនោះ ក៏មាន​សេចក្តី​សង្ស័យ​ថា យើងគួរ​ធ្វើ​ឧបោសថ​ ឬមិន​គួរធ្វើ​ទេ ហើយចេះ​តែធ្វើ​ឧបោសថ សំដែង​បាតិមោក្ខ​ទៅ។ កាលដែល​ភិក្ខុទាំងនោះ​កំពុង​​សំដែង​​បាតិមោក្ខ ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុដទៃ​ច្រើន​ជាង មកដល់​ក្នុងវេលា​នោះ។ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុ​​ទាំង​នោះ ត្រូវ​សំដែង​​បាតិមោក្ខ​​ម្តងទៀតចុះ។ ពួកភិក្ខុ​អ្នកសំដែង​ត្រូវអាបត្តិ​ទុក្កដ។បេ។ ស្រាប់តែ​ពួក​អាវាសិក​​ភិក្ខុ​ដទៃ​​ស្មើៗគ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ ឧទ្ទេស​​ដែលភិក្ខុ​​បាន​សំដែង​​រួច​ហើយ ក៏ឈ្មោះ​ថា បានសំដែង​ល្អហើយ ភិក្ខុទាំង​នោះត្រូវស្តាប់​ឧទ្ទេស​ដ៏​សេសសល់​ចុះ។ ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើក្នុង​ទីអាវាស​១ មានពួក​អាវាសិក​ភិក្ខុ​ច្រើនរូប គឺចំនួន​៤រូប ឬច្រើន​ជាង៤រូប​ឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុ​ទាំង​នោះ​ដឹង​ថា មានពួក​អាវាសិក​ភិក្ខុដទៃ​​មិនទាន់​មកដល់។ ភិក្ខុ​​ទាំង​នោះ មានសេចក្តី​សង្ស័យថា យើងគួរ​ធ្វើ​ឧបោសថ ឬមិន​គួរធ្វើទេ ហើយ​ចេះតែ​ធ្វើឧបោសថ សំដែង​បាតិមោក្ខ។ កាលដែល​​ភិក្ខុ​ទាំង​នោះ​ទើបនឹង​សំដែង​បាតិមោក្ខ​រួច។បេ។ កាល​ភិក្ខុ​​បរិសទ្យ​​មិនទាន់​បាន​ក្រោក​ចេញនៅ​ឡើយ។បេ។ កាលភិក្ខុ​បរិសទ្យ​​ពួកខ្លះ​បានក្រោក​​ចេញ​ទៅ​ហើយ។បេ។ កាលភិក្ខុ​បរិសទ្យ​​ទាំងអស់​​បាន​ក្រោក​ចេញ​ទៅ​​ហើយ ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​​ដទៃច្រើន​ជាង មកដល់​ក្នុងពេល​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​នោះត្រូវ​សំដែង​​បាតិមោក្ខ​​ម្តងទៀត​ចុះ។ ពួកភិក្ខុ​អ្នកសំដែង​​ត្រូវអាបត្តិ​ទុក្កដ។បេ។ ស្រាប់តែ​ពួក​អាវាសិក​​ភិក្ខុ​ដទៃ​​ស្មើៗគ្នា មកដល់​ក្នុង​ពេល​​នោះ។បេ។ តិចជាង។ បាតិមោក្ខ​ដែល ​ភិក្ខុ​បាន​​សំដែង​​រួច​ទៅ​​ហើយ ក៏ឈ្មោះ​ថា បានសំដែង​ល្អហើយ អាវាសិកភិក្ខុ​ដទៃ ត្រូវប្រាប់​​បារិសុទ្ធិ​​ក្នុងសំណាក់​​ភិក្ខុទាំង​​នោះ​ចុះ។ ពួក​ភិក្ខុ​អ្នក​សំដែង​​ត្រូវ​អាបត្តិទុក្កដ។

ចប់ រឿង​ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឧបោសថ​ មាន១៥យ៉ាង។

៩៨. កុក្កុច្ចបកតបន្នរសកំ

(រឿង​ភិក្ខុធ្វើឧបោសថ ដោយមានសេចក្តីរង្កៀស មាន១៥យ៉ាង (៩៨.))

[១៩៤] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប គឺចំនួន​៤រូប ឬច្រើន​ជាង៤រូប​ឡើងទៅ ប្រជុំគ្នា​​ក្នុង​ឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួក​អាវាសិក​​ភិក្ខុដទៃ​មិនទាន់​មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀស​ថា យើងគួរតែ​ធ្វើ​ឧបោសថ​ មិនមែន​ថាយើង​មិនគួរធ្វើ​ទេ ហើយ​ក៏ធ្វើ​ឧបោសថ សំដែងបាតិមោក្ខទៅ។ កាល​ភិក្ខុទាំងនោះ​កំពុង​សំដែង​​បាតិមោក្ខ ស្រាប់តែពួក​​អាវាសិក​ភិក្ខុដទៃ​ច្រើន​ជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​​នោះ ត្រូវសំដែង​​បាតិមោក្ខ​ម្តង​ទៀតចុះ។ ពួកភិក្ខុអ្នកសំដែង​ត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែ​ពួក​អាវាសិក​​ភិក្ខុ​ដទៃ​​ស្មើៗគ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ ឧទ្ទេស​​ដែលភិក្ខុ​​បាន​សំដែង​​​ហើយ ក៏ឈ្មោះថា បានសំដែង​ល្អហើយ ភិក្ខុទាំងនោះ​ត្រូវស្តាប់​ឧទ្ទេស​​ដ៏សេស​សល់ចុះ។ ពួក​ភិក្ខុ​អ្នកសំដែង​ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស​១ មានពួក​អាវាសិក​ភិក្ខុ​ច្រើនរូប គឺចំនួន​៤រូប ឬច្រើន​ជាង៤រូប​ឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​ថ្ងៃនោះ។ ភិក្ខុ​ទាំង​នោះ​ដឹងថា មានពួក​អាវាសិកភិក្ខុ​ដទៃ​មកមិន​ទាន់ដល់។ ភិក្ខុ​ទាំង​នោះ មានសេចក្តីរង្កៀសថា យើង​គួរ​តែធ្វើ​ឧបោសថ មិនមែនថា​យើងមិនគួរ​ធ្វើទេ ហើយក៏ធ្វើឧបោសថ សំដែង​បាតិមោក្ខទៅ។ កាលដែល​ភិក្ខុ​ទាំងនោះ​​ទើបតែសំដែង​បាតិមោក្ខរួច​ហើយ។បេ។ កាល​ភិក្ខុ​បរិសទ្យ​​មិនទាន់​ក្រោក​ចេញ​នៅ​ឡើយ។បេ។ កាលភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោក​ចេញ​ទៅហើយ។បេ។ កាលភិក្ខុបរិសទ្យ​​ទាំងអស់​ក្រោក​ចេញ​​​ទៅ​ហើយ ទើបមានពួក​អាវាសិក​ភិក្ខុ​​ដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវ​សំដែង​​បាតិមោក្ខ​ម្តង​ទៀតចុះ។ ពួកភិក្ខុអ្នកសំដែង​ ត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួក​អាវាសិក​ភិក្ខុ​ដទៃ​​ស្មើៗគ្នា មកដល់ក្នុង​​ពេល​នោះ។បេ។ តិចជាង។ បាតិមោក្ខ​ដែល ​ភិក្ខុ​បាន​​សំដែង​រួច​ទៅ​ហើយ ក៏ឈ្មោះ​ថា បានសំដែង​ល្អហើយ អាវាសិកភិក្ខុ​ដទៃ ត្រូវប្រាប់​​បារិសុទ្ធិ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​នោះ​ចុះ។ ពួកភិក្ខុអ្នក​សំដែង​​ត្រូវអាបត្តិទុក្កដ។

ចប់ រឿង​ភិក្ខុធ្វើឧបោសថ ដោយមានសេចក្តីរង្កៀស មាន១៥យ៉ាង។

៩៩. ភេទបុរេក្ខារបន្នរសកំ

(រឿង​ភិក្ខុធ្វើឧបោសថ ដោយមានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង (៩៩.))

[១៩៥] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូបឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំងនោះ​ដឹងថា មានពួក​​អាវាសិក​ភិក្ខុ​ដទៃ​មកមិនទាន់ដល់។ ភិក្ខុទាំងនោះ មានបំណង​នឹងបំបែកថា ពួកភិក្ខុ​នុ៎ះ​ចូរបាត់​បង់ទៅ ពួកភិក្ខុ​នុ៎ះ​ចូរវិនាស​ទៅ ប្រយោជន៍​អ្វី​ដោយភិក្ខុទាំងនោះ ហើយក៏ធ្វើ​ឧបោសថ សំដែង​បាតិមោក្ខ​ទៅ។ កាល​ដែលភិក្ខុទាំងនោះ​​កំពុង​សំដែង​បាតិមោក្ខ ស្រាប់តែពួក​អាវាសិក​ភិក្ខុដទៃ​ច្រើន​ជាង មកដល់​ក្នុងពេល​នោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ទាំង​នោះ ត្រូវសំដែង​បាតិមោក្ខ​​ម្តង​ទៀត។ ពួកភិក្ខុអ្នក​សំដែងត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ស្រាប់តែ​ពួក​អាវាសិក​​ភិក្ខុ​ដទៃ​ស្មើៗគ្នា មកដល់​ក្នុងពេល​នោះ។បេ។ តិចជាង។ ឧទ្ទេស​​ដែលភិក្ខុ​​បាន​សំដែង​​រួច​ហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំង​នោះ​ ត្រូវស្តាប់​ឧទ្ទេស​ដ៏​សេសសល់​ចុះ។ ពួក​ភិក្ខុ​អ្នក​សំដែង ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស​១ មានពួក​អាវាសិក​​ភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង​៤រូប​ឡើង​ទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ ភិក្ខុ​ទាំង​​នោះ​ដឹងថា មានពួកអាវាសិក​ភិក្ខុដទៃ​មក​មិនទាន់ដល់។ ភិក្ខុ​ទាំង​នោះ មានបំណង​នឹងបំបែកថា ភិក្ខុ​ទាំងនុ៎ះ ​ចូរបាត់បង់​ទៅចុះ ភិក្ខុទាំងនុ៎ះ​​ចូរវិនាសទៅចុះ ប្រយោជន៍​អ្វី​ដោយភិក្ខុ​ទាំងនោះ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែល​ភិក្ខុ​ទាំងនោះ​ទើបតែសំដែង​បាតិមោក្ខ​រួចហើយ។បេ។ កាល​ដែល​ភិក្ខុ​បរិសទ្យ​មិនទាន់​បាន​ក្រោកចេញ​នៅ​ឡើយ។បេ។ កាលដែល​ភិក្ខុបរិសទ្យ​​ពួកខ្លះ បានក្រោក​​ចេញទៅហើយ។បេ។ កាលដែលភិក្ខុបរិសទ្យ​ទាំងអស់ បាន​ក្រោក​ចេញ​​​ទៅ​ហើយ ស្រាប់តែ​ពួក​អាវាសិក​​ភិក្ខុ​ដទៃ​ច្រើនជាង មកដល់ក្នុងពេលនោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំងនោះ​ត្រូវ​សំដែង​​បាតិមោក្ខ​ម្តង​ទៀត។ តែពួកភិក្ខុ​អ្នកសំដែង​ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ ស្រាប់តែពួក​​អាវាសិក​ភិក្ខុ​​ដទៃ​​ស្មើៗគ្នា មកដល់ក្នុង​ពេល​នោះ។បេ។ តិចជាង។ បាតិមោក្ខ​ដែល​ភិក្ខុ​​បាន​សំដែង​​រួច​ទៅ​ហើយ ក៏ឈ្មោះថា បានសំដែង​ល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវ​ប្រាប់​​បារិសុទ្ធិ​​ក្នុងសំណាក់​ពួកភិក្ខុទាំង​នោះ​ចុះ។ ឯពួកភិក្ខុអ្នក​សំដែង​ ត្រូវអាបត្តិថុល្លច្ច័យ។

ចប់ រឿង​ភិក្ខុធ្វើឧបោសថ ដោយមានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។

ចប់ តិក២៥។

១០០. សីមោក្កន្តិកបេយ្យាលំ

(១០០.)

[១៩៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូបឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំងនោះ​មិន​ដឹង​ថា មានពួក​​អាវាសិក​​ភិក្ខុដទៃ​​ដើរចូលមក​ខាងក្នុង​សីមា​ឡើយ។បេ។ ភិក្ខុ​ទាំងនោះ មិនដឹង​ថា ពួក​អាវាសិក​ភិក្ខុដទៃ បានដើរ​ចូល​មកខាង​ក្នុងសីមា​ហើយ។បេ។ ភិក្ខុ​ទាំងនោះ មិនឃើញ​​ពួកអាវាសិក​ភិក្ខុ​ដទៃកំពុង​​ដើរចូល​មកខាង​ក្នុងសីមា​ឡើយ។បេ។ ភិក្ខុទាំង​នោះមិនឃើញ​​ពួកអាវាសិក​ភិក្ខុដទៃ​​បានដើរ​ចូលមក​ខាងក្នុង​សីមា។បេ។ ភិក្ខុទាំង​នោះ មិនឮថា ពួក​អាវាសិក​ភិក្ខុដទៃ​​ដើរចូល​​មកខាងក្នុង​សីមា។បេ។ ភិក្ខុទាំង​នោះមិនឮថា ពួក​អាវាសិក​ភិក្ខុដទៃ បាន​ដើរចូល​មក​ខាងក្នុង​សីមា។បេ។ អាវាសិក​ភិក្ខុ និងអាវាសិក​ភិក្ខុមាន​ចំនួន​១៧៥តិក​ន័យ អាគន្តុកភិក្ខុ និង​អាវាសិកភិក្ខុ ក៏មាន​ចំនួន​១៧៥ តិកន័យ​ដែរ អាវាសិក​ភិក្ខុ និងអាគន្តុក​ភិក្ខុក៏​មាន​ចំនួន​១៧៥តិកន័យ​ដែរ អាគន្តុកភិក្ខុ និង​អាគន្តុក​ភិក្ខុផងគ្នា ក៏មាន​ចំនួន​១៧៥​តិក​ន័យ​ដែរ បូករួម​ទាំងអស់​ត្រូវជា​៧០០តិកន័យ ដោយ​បេយ្យាល​មុខ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើថ្ងៃ​ទី១៤ ជាថ្ងៃរបស់​ពួក​អាវាសិក​ភិក្ខុ ថ្ងៃទី១៥ ជាថ្ងៃ​របស់​ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកច្រើនជាង ត្រូវពួក​អាគន្តុកភិក្ខុ​ប្រព្រឹត្ត​តាម​ពួកអាវាសិកភិក្ខុ​​វិញចុះ22) ។ បើទុកជា​ស្មើៗគ្នា ក៏ត្រូវតែ​ពួក​អាគន្តុក​ភិក្ខុប្រព្រឹត្ត​​តាមពួក​​អាវាសិកភិក្ខុ​ដែរ។ បើពួក​អាគន្តុក​ច្រើនជាង ត្រូវពួក​​អាវាសិកភិក្ខុ​​ប្រព្រឹត្ត​​តាម​ពួក​​អាគន្តុក​​ភិក្ខុវិញ​ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃ​ទី១៥ ជាថ្ងៃ​របស់​ពួក​អាវាសិកភិក្ខុ ថ្ងៃទី១៤ ជាថ្ងៃ​របស់​ពួក​អាគន្តុក​ភិក្ខុ។ បើពួក​​អាវាសិក​ភិក្ខុច្រើនជាង ត្រូវពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួកអាវាសិក​ភិក្ខុចុះ។ បើចំនួន​ស្មើៗគ្នាទេ ត្រូវពួក​​អាគន្តុកភិក្ខុ​ប្រព្រឹត្ត​តាមពួក​អាវាសិក​ភិក្ខុវិញ។ បើពួក​អាគន្តុកភិក្ខុ​ច្រើនជាង ត្រូវពួក​​អាវាសិក​ភិក្ខុប្រព្រឹត្ត​​តាមពួក​អាគន្តុក​ភិក្ខុ​វិញចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើថ្ងៃ​ទី១កើត ឬ១រោច របស់​​ពួកអាវាសិក​ភិក្ខុ ថ្ងៃទី១៥ របស់​​ពួកអាគន្តុក​ភិក្ខុ។ បើពួក​អាវាសិកភិក្ខុ​ច្រើនជាង ពួកអាវាសិក​​ភិក្ខុមិន​ប្រាថ្នា (នឹងឲ្យ) មិនត្រូវ​ឲ្យសេចក្តី​ព្រមព្រៀង ដល់ពួក​​អាគន្តុកភិក្ខុ​​ឡើយ ត្រូវពួក​អាគន្តុក​ភិក្ខុ ចេញ​ទៅក្រៅ​សីមា ហើយធ្វើ​ឧបោសថ។ បើជា​ស្មើៗគ្នាវិញ ពួកអាវាសិក​ភិក្ខុ​​មិនចង់​ឲ្យ ក៏មិនត្រូវ​ឲ្យសាមគ្គី ដល់ពួក​អាគន្តុកភិក្ខុ​ដែរ ត្រូវតែពួក​អាគន្តុក​ភិក្ខុ ចេញ​ទៅក្រៅ​​សីមា ហើយធ្វើឧបោសថចុះ។ បើពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង ត្រូវពួក​អាវាសិក​ភិក្ខុឲ្យសាមគ្គី ដល់​ពួក​​អាគន្តុកភិក្ខុ ឬត្រូវចេញ​​ទៅក្រៅសីមា។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃ​ទី១៥ ជារបស់​ពួក​អាវាសិកភិក្ខុ ថ្ងៃ១កើត ឬ១រោច ជាថ្ងៃ​របស់​ពួក​អាគន្តុកភិក្ខុ។ បើពួកអាវាសិក​ភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវចេញ​ទៅ​ខាងក្រៅ​សីមា។ បើជា​ស្មើៗគ្នាវិញ ត្រូវពួកអាគន្តុក​​ភិក្ខុ ឲ្យសាមគ្គី ដល់ពួកអាវាសិកភិក្ខុ ឬត្រូវចេញទៅខាង​ក្រៅ​សីមា។ បើអាគន្តុក​ភិក្ខុ​ច្រើនជាង អាគន្តុក​ភិក្ខុមិនប្រាថ្នា (នឹងឲ្យ) ក៏មិនត្រូវ​ឲ្យសាមគ្គី​​ដល់អាវាសិក​ភិក្ខុឡើយ ត្រូវពួក​​អាវាសិក​​ភិក្ខុ ចេញ​​ទៅធ្វើឧបោសថ​ខាងក្រៅ​សីមា។

១០១. លិង្គាទិទស្សនំ

(១០១.)

[១៩៨] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនា​នេះ បើពួកអាគន្តុក​ភិក្ខុ ឃើញ​អាការ​របស់​អាវាសិកភិក្ខុ ឃើញភេទ​​របស់​អាវាសិក​ភិក្ខុ ឃើញនិមិត្ត​​របស់អាវាសិក​ភិក្ខុ ឃើញឧទ្ទេស​របស់​អាវាសិក​ភិក្ខុ ឃើញគ្រែ តាំង ពូក ខ្នើយ ដែលគេរៀប​ចំ​ទុកល្អ ទឹកសម្រាប់​ឆាន់ និងទឹក​​សម្រាប់​​ប្រើប្រាស់ ដែល​គេដំកល់​​ទុកល្អ ឃើញទីបរិវេណ​​រលីង​ល្អ របស់​អាវាសិកភិក្ខុទាំងឡាយ លុះបាន​ឃើញ​ហើយ ក៏មាន​សេចក្តី​​សង្ស័យថា មានពួក​អាវាសិកភិក្ខុ ឬគ្មានទេ។ អាគន្តុកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ​ ក៏មិនបាន​គន់មើល​ឡើយ លុះមិនបាន​គន់​មើល​ហើយ ក៏ធ្វើ​ឧបោសថ​ទៅ នោះត្រូវអាបត្តិ​ទុក្កដ។ អាគន្តុក​ភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់​មើល លុះគន់​មើល​ហើយ ក៏មិន​ឃើញ លុះ​មិន​ឃើញ​ហើយ ក៏ធ្វើ​ឧបោសថទៅ ឥតត្រូវ​អាបត្តិ​ឡើយ។ អាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់​មើល លុះគន់មើល​ទៅហើយ ក៏បានឃើញ លុះឃើញ​ហើយ ក៏ធ្វើឧបោសថ​ជាមួយគ្នា ឥត​ត្រូវ​អាបត្តិ​ឡើយ។ អាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់មើល លុះគន់​មើលហើយ ក៏បាន​ឃើញ លុះឃើញ​ហើយ ក៏ធ្វើ​ឧបោសថផ្សេង​គ្នា នោះ​ត្រូវ​​អាបត្តិទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយ​ខំគន់មើល លុះគន់​មើលហើយ ក៏ឃើញ លុះឃើញ​ហើយ ក៏មានបំណង​​នឹងបំបែក​ថា ភិក្ខុ​ទាំងនុ៎ះ ចូរបាត់បង់​ទៅចុះ ភិក្ខុ​ទាំងនុ៎ះ ចូរវិនាស​ទៅចុះ ប្រយោជន៍​​អ្វីដោយ​ពួក​ភិក្ខុ​ទាំងនោះ ហើយ​ក៏ធ្វើ​ឧបោសថ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឮដំណឹង​អាការ​របស់​អាវាសិក​ភិក្ខុ ភេទ​របស់​​អាវាសិកភិក្ខុ និមិត្ត​របស់​អាវាសិកភិក្ខុ ឧទ្ទេស​របស់​អាវាសិក​ភិក្ខុ ឮសូរជើងរបស់អាវាសិក​ភិក្ខុកំពុងចង្ក្រម ឮសំឡេង​ស្វាធ្យាយ ឮសំឡេង​​ក្អក ឮសំឡេង​កណ្តាស​​របស់​អាវាសិក​ភិក្ខុ​ទាំងឡាយ លុះ​ឮ​ហើយ មាន​សេចក្តី​​សង្ស័យ​ថា មានពួក​​អាវាសិក​ភិក្ខុ ឬមិន​មានទេ។ អាគន្តុក​ភិក្ខុទាំងនោះ​មានសេចក្តី​​សង្ស័យ​ ហើយ​មិនបាន​គន់មើល លុះ​មិន​​បាន​​គន់​មើល​ហើយ ក៏ធ្វើ​​ឧបោសថ​​ទៅ ត្រូវ​អាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ មាន​សេចក្តី​​សង្ស័យ បានគន់​មើល លុះគន់​មើល​​ហើយ ក៏មិន​ឃើញ លុះ​មិន​ឃើញ​ហើយ ក៏ធ្វើឧបោសថ​ទៅ ឥតត្រូវ​អាបត្តិ​ឡើយ។ អាគន្តុក​ភិក្ខុទាំង​នោះ មានសេចក្តី​​សង្ស័យ បានគន់​មើល លុះគន់​មើលទៅ​ហើយ ក៏ឃើញ លុះ​ឃើញ​ហើយ ក៏ធ្វើឧបោសថ​ជាមួយគ្នា ឥត​ត្រូវ​​អាបត្តិ​ឡើយ។ អាគន្តុក​ភិក្ខុទាំងនោះ មាន​សេចក្តី​​​សង្ស័យ បាន​គន់​មើល លុះគន់​មើលទៅ​ហើយ ក៏​ឃើញ លុះឃើញ​ហើយ ក៏ធ្វើ​ឧបោសថ​​ផ្សេង​គ្នា ​ត្រូវ​អាបត្តិ​ទុក្កដ។ អាគន្តុក​ភិក្ខុទាំងនោះ មានសេចក្តី​​សង្ស័យ បានគន់​មើល លុះគន់​មើលទៅហើយ ក៏ឃើញ លុះឃើញ​ហើយ ក៏មាន​បំណង​​នឹងបំបែក​ថា ភិក្ខុទាំង​នុ៎ះ ចូរបាត់​បង់ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរ​វិនាស​ទៅចុះ ប្រយោជន៍​​អ្វីដោយ​​ពួកភិក្ខុ​​ទាំងនោះ ហើយ​ក៏ធ្វើ​ឧបោសថ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​សាសនានេះ បើពួក​អាវាសិកភិក្ខុ ឃើញ​អាការ​របស់​​អាគន្តុកភិក្ខុ ឃើញ​ភេទ​របស់​​អាគន្តុក​ភិក្ខុ ឃើញនិមិត្ត​របស់អាគន្តុកភិក្ខុ ឃើញឧទ្ទេសរបស់អាគន្តុកភិក្ខុ ឃើញបាត្រ ដែលខ្លួន​មិនស្គាល់ ឃើញចីវរ​ដែល​ខ្លួន​មិនស្គាល់ ឃើញ​សំពត់​និសីទនៈ​​ដែលខ្លួន​​មិនស្គាល់ ឃើញ​​ទឹក​សម្រាប់​​លាងជើង ទឹកសម្រាប់​​ស្រោចជើង​របស់អាគន្តុក​ភិក្ខុទាំងឡាយ លុះ​ឃើញ​ហើយ ក៏មាន​សេចក្តី​​សង្ស័យ​ថា មាន​ពួក​​អាគន្តុក​ភិក្ខុ ឬគ្មានទេ។ អាវាសិកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ​ ក៏មិន​បាន​គន់​មើល​ លុះ​មិន​បាន​គន់មើល​​ហើយ ក៏ធ្វើ​​ឧបោសថ​ទៅ ត្រូវអាបត្តិ​ទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យ ក៏គន់​មើល លុះគន់​មើល​ហើយ ក៏មិន​បានឃើញ លុះ​មិន​ឃើញ​ហើយ ក៏ធ្វើ​ឧបោសថទៅ មិនត្រូវ​អាបត្តិ​ឡើយ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់មើល លុះគន់មើល​ទៅហើយ ក៏ឃើញ លុះបាន​ឃើញហើយ ក៏ធ្វើឧបោសថ​ជាមួយគ្នា មិន​ត្រូវ​អាបត្តិ។ អាវាសិកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់​មើល លុះគន់​មើលទៅ​ហើយ ក៏​ឃើញ លុះឃើញ​ហើយ ក៏​ធ្វើ​ឧបោសថ​​ផ្សេង​គ្នា ត្រូវ​អាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យ ក៏ខំគន់មើល លុះគន់មើល​ទៅ​ហើយ ក៏ឃើញ លុះឃើញ​ហើយ ក៏មានបំណង​​នឹងបំបែក​ថា ពួកភិក្ខុ​ទាំងនុ៎ះ ចូរបាត់​បង់ទៅចុះ ពួកភិក្ខុ​ទាំងនុ៎ះ ចូរវិនាស​ទៅចុះ ត្រូវការ​អ្វី​ដោយ​ពួក​ភិក្ខុ​ទាំង​នោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវ​អាបត្តិថុល្លច្ច័យ។ ម្នាល​ភិក្ខុ​​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិកភិក្ខុ ឮអាការ​​របស់​​អាគន្តុកភិក្ខុ ភេទ​​របស់​អាគន្តុកភិក្ខុ និមិត្ត​របស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ ឮសូរជើង​របស់អាគន្តុកភិក្ខុ​កំពុងដើរមក ឮសូរផ្ទាត់​ស្បែកជើង ឮសំឡេងក្អក សំឡេង​កណ្តាស់​របស់​អាគន្តុកភិក្ខុ​​ទាំងឡាយ លុះ​ឮ​ហើយ ក៏មានសេចក្តី​សង្ស័យ​ថា មានពួក​​អាគន្តុកភិក្ខុ ឬគ្មានទេ។ អាវាសិកភិក្ខុ​ទាំងនោះ​មានសេចក្តី​​សង្ស័យ​ ក៏មិនបាន​គន់​មើល​ លុះ​​មិនបាន​​គន់មើល​​ហើយ ក៏ធ្វើ​ឧបោសថ​​ទៅ ត្រូវអាបត្តិ​​ទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ មាន​សេចក្តី​សង្ស័យ ក៏គន់មើល លុះគន់​មើល​ហើយ ក៏មិនឃើញ លុះ​មិន​ឃើញ​ហើយ ក៏ធ្វើ​ឧបោសថទៅ មិនត្រូវ​អាបត្តិ។ អាវាសិកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ក៏គន់មើល លុះគន់​មើលហើយ ក៏ឃើញ លុះឃើញ​ហើយ ក៏ធ្វើ​​ឧបោសថ​ជា​មួយ​គ្នា ឥត​ត្រូវ​​អាបត្តិឡើយ។ អាវាសិកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ក៏គន់មើល លុះគន់​​មើល​ហើយ ក៏​ឃើញ លុះឃើញហើយ ក៏​ធ្វើ​​ឧបោសថ​ផ្សេង​គ្នា នោះត្រូវ​អាបត្តិទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ មាន​សេចក្តី​​​សង្ស័យ ក៏គន់​មើល លុះគន់មើល​​ហើយ ក៏ឃើញ លុះឃើញ​ហើយ ក៏មាន​បំណង​នឹង​បំបែកថា ភិក្ខុទាំង​នុ៎ះ ចូរបាត់បង់​ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរវិនាស​ទៅចុះ ត្រូវការ​អ្វី​ដោយ​ពួក​ភិក្ខុ​ទាំងនោះ ហើយ​ក៏ធ្វើឧបោសថ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

១០២. នានាសំវាសកាទីហិ ឧបោសថករណំ

(១០២.)

[១៩៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ ឃើញពួក​អាវាសិកភិក្ខុមានសំវាស​ផ្សេងៗគ្នា ពួកអាគន្តុកភិក្ខុទាំងនោះ ក៏ត្រឡប់​ជាយល់ឃើញថា ជាអ្នក​មានសំវាស​ស្មើគ្នាទៅវិញ លុះត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាស​ស្មើគ្នាហើយ ក៏មិនបានសួរ លុះមិនបាន​សួរ​ហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ បានសួរ​លទ្ធិរបស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ ក៏មិនអាច​គ្របសង្កត់​បាន23) លុះគ្រប​សង្កត់​មិន​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរលទ្ធិ​របស់​ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាច​​គ្រប់សង្កត់​​បាន លុះគ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​​ឧបោសថ​​ផ្សេងគ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួក​​អាវាសិកភិក្ខុ​មានសំវាស​ស្មើគ្នា តែពួកអាគន្តុក​ភិក្ខុទាំងនោះ ត្រឡប់​​យល់ឃើញ​ថា ជាអ្នក​មានសំវាស​ផ្សេងគ្នាទៅវិញ លុះត្រឡប់​យល់ឃើញថា ជាអ្នកមាន​សំវាស​ផ្សេងគ្នា​ទៅវិញហើយ ក៏មិនបាន​សួរ លទ្ធិរបស់​ភិក្ខុទាំងនោះ លុះមិន​បានសួរ​ហើយ ក៏ធ្វើ​ឧបោសថជា​មួយគ្នា ត្រូវ​អាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​របស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​​ជាផ្សេងគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​​របស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ ក៏អាច​គ្រប​សង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើពួក​អាវាសិកភិក្ខុ ឃើញពួក​អាគន្តុកភិក្ខុ​មានសំវាស​ផ្សេង​ៗគ្នា តែអាវាសិក​ភិក្ខុទាំង​នោះ ត្រឡប់​បាននូវសេចក្តី​យល់ឃើញថា ជាអ្នក​មានសំវាស​​ស្មើគ្នាវិញ លុះត្រឡប់​បាននូវសេចក្តី​យល់ឃើញថា ជាអ្នកមានសំវាស​​ស្មើគ្នាហើយ ក៏មិន​បាន​សួរលទ្ធិ​របស់ភិក្ខុទាំងនោះ លុះមិន​បានសួរ​ហើយ ក៏ធ្វើ​ឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ បានសួរ​លទ្ធិ​របស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹង​គ្របសង្កត់​បាន លុះ​គ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​​ឧបោសថ​ជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បានសួរ​លទ្ធិ​​របស់​ភិក្ខុទាំងនោះ លុះសួរ​ហើយ មិនអាចនឹង​​គ្របសង្កត់​បាន លុះគ្របសង្កត់​​មិនបានហើយ ក៏ធ្វើ​ឧបោសថ​ផ្សេង​គ្នា ឥតត្រូវ​អាបត្តិឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិកភិក្ខុ ឃើញ​ពួក​អាគន្តុក​ភិក្ខុមានសំវាស​​ស្មើគ្នា តែអាវាសិក​ភិក្ខុទាំងនោះ ត្រឡប់​​បាននូវសេចក្តី​​យល់ឃើញថា ជាអ្នក​មាន​សំវាសផ្សេង​គ្នាទៅវិញ លុះត្រឡប់​បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាស​ផ្សេងគ្នា​ហើយ ក៏មិនបាន​សួរលទ្ធិរបស់​​ភិក្ខុទាំងនោះ លុះមិនបាន​សួរ​ហើយ ក៏ធ្វើឧបោសថ​ជាមួយគ្នា ត្រូវ​អាបត្តិ​ទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បានសួរ​​លទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់​បាន លុះ​គ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​​ផ្សេងគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាវាសិកភិក្ខុ​ទាំងនោះ បាន​សួរលទ្ធិ​របស់ភិក្ខុ​ទាំងនោះ លុះសួរហើយ ក៏អាច​គ្រប​សង្កត់​បាន លុះគ្របសង្កត់​​បានហើយ ក៏ធ្វើ​ឧបោសថ​ជាមួយគ្នា មិនត្រូវ​អាបត្តិឡើយ។

១០៣. នគន្តព្វវារោ

(១០៣.)

[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិន​ត្រូវចេញ​​ពីអាវាស ដែលមាន​ភិក្ខុ ហើយទៅ​កាន់​អាវាស​ដែល​គ្មាន​ភិក្ខុឡើយ វៀរលែងតែ (មានភិក្ខុល្មម​គ្រប់​គណៈសង្ឃ) វៀរ​លែងតែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថ​ថ្ងៃនោះ ភិក្ខុមិនត្រូវចេញ​ពីអាវាស ដែលមាន​ភិក្ខុ ទៅ​កាន់​​អនាវាស (ទីដែលមិន​មែនជា​អាវាស) ដែល​គ្មាន​​ភិក្ខុឡើយ វៀរលែង​តែសង្ឃ វៀរ​លែងតែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថ​ថ្ងៃនោះ ភិក្ខុមិន​ត្រូវចេញ​ពីអាវាស ដែលមាន​ភិក្ខុ ទៅកាន់​អាវាស ឬអនាវាស ដែល​គ្មាន​​ភិក្ខុឡើយ វៀរលែង​តែសង្ឃ វៀរ​លែង​តែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថថ្ងៃ​នោះ ភិក្ខុមិនត្រូវ​ចេញ​ពីអនាវាស ដែលមាន​ភិក្ខុ ទៅ​កាន់​​អាវាស ដែល​​គ្មាន​ភិក្ខុ… ទៅកាន់​អនាវាស​​ដែល​គ្មានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស​ដែលគ្មាន​ភិក្ខុឡើយ វៀរលែង​តែសង្ឃ វៀរ​លែង​តែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃ​នោះ ភិក្ខុមិនត្រូវ​ចេញ​ពីអាវាស ឬអនាវាស ដែលមាន​ភិក្ខុ ទៅកាន់​អាវាស ដែល​គ្មាន​ភិក្ខុ… ទៅកាន់​អនាវាស ដែល​គ្មាន​ភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស ដែល​គ្មាន​ភិក្ខុឡើយ វៀរលែងតែសង្ឃ វៀរ​លែងតែ​មាន​សេចក្តី​អន្តរាយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថ​ថ្ងៃ​នោះ ភិក្ខុមិន​ត្រូវចេញ​ពីអាវាស ដែលមាន​ភិក្ខុ ទៅកាន់​​អាវាស ដែលមាន​​ភិក្ខុ គឺក្នុងអាវាសណា​ដែល​មាន​ពួក​ភិក្ខុ​​មាន​សំវាស​ផ្សេងគ្នា​ឡើយ វៀរលែង​តែសង្ឃ វៀរ​លែង​តែ​មាន​សេចក្តី​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃ​នោះ ភិក្ខុមិនត្រូវចេញ​​ពីអាវាស ដែលមាន​​ភិក្ខុ ទៅកាន់​​អនាវាស ដែល​មាន​ភិក្ខុ គឺក្នុងអនាវាស​ណាដែល​មានពួក​ភិក្ខុ​មានសំវាស​ផ្សេងគ្នា​ឡើយ វៀរលែងតែសង្ឃ វៀរ​លែងតែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថថ្ងៃ​នោះ ភិក្ខុមិនត្រូវចេញ​ពីអាវាស ដែលមាន​ភិក្ខុ ទៅកាន់​អាវាស ឬ​អនាវាស ដែលមាន​ភិក្ខុ គឺអាវាស ឬអនាវាសណាដែល​មានពួក​ភិក្ខុ​មានសំវាស​ផ្សេងគ្នា​ឡើយ វៀរលែងតែសង្ឃ វៀរ​លែង​តែ​មានសេចក្តី​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃ​នោះ ភិក្ខុមិនត្រូវចេញ​ពី​អនាវាស ដែល​មាន​ភិក្ខុ ទៅកាន់​​អាវាស ដែលមាន​ភិក្ខុ… ទៅកាន់អនាវាស​ដែលមានភិក្ខុ… ទៅកាន់អាវាស ឬអនាវាស​ដែល​មានភិក្ខុ គឺក្នុងអាវាស ឬអនាវាស​ណាដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ឡើយ វៀរលែង​តែសង្ឃ វៀរ​លែង​តែ​មានសេចក្តី​​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថ​ថ្ងៃ​​នោះ ភិក្ខុមិនត្រូវ​ចេញ​ពីអាវាស ឬអនាវាស ដែលមាន​​ភិក្ខុ ទៅកាន់​​អាវាស ដែលមាន​ភិក្ខុ … ទៅកាន់​អនាវាស​ដែលមានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែល​មានពួក​ភិក្ខុ​​មានសំវាស​​ផ្សេងគ្នា​ឡើយ វៀរលែង​តែសង្ឃ វៀរ​លែង​តែ​មានសេចក្តី​​អន្តរាយ។

១០៤. គន្តព្វវារោ

(១០៤.)

ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បីចេញ​ពីអាវាស ដែល​មាន​ភិក្ខុ ទៅកាន់​​អាវាស ដែល​មាន​ភិក្ខុ (នោះបាន) គឺក្នុង​អាវាស​ណា​មាន​ពួក​ភិក្ខុ​​មានសំវាស​ស្មើគ្នា ហើយ​ថែមទាំង​​ដឹងថា អាវាស​​ណា​ដែល​ខ្លួនអាច​ទៅ​ទាន់ក្នុងថ្ងៃ​​នេះបាន​ជាប្រាកដ។ ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បី​ចេញ​ពី​អាវាស ដែល​មាន​ភិក្ខុ ទៅកាន់​​អនាវាស ដែលមាន​​ភិក្ខុបាន… ទៅកាន់​អាវាស ឬអនាវាស​​ដែលមាន​ភិក្ខុ គឺ​អាវាស ឬអនាវាស​ណា ដែល​មាន​ពួក​ភិក្ខុ​​មានសំវាស​ស្មើគ្នា ហើយទាំង​​ដឹងថា អាវាស​​ណាដែល​ខ្លួនអាច​​ទៅទាន់​ក្នុងថ្ងៃ​​នេះបាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ឧបោសថ​ថ្ងៃ​នោះ ភិក្ខុ​គប្បីចេញ​ពីអនាវាស ដែលមាន​ភិក្ខុ ទៅកាន់​អាវាស ដែលមាន​ភិក្ខុ… ទៅកាន់​អនាវាស​​ដែលមានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស​​ដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាស​ណា​ដែលមាន​ពួក​ភិក្ខុ​មាន​សំវាសស្មើគ្នាបាន ហើយ​ថែម​ទាំង​ដឹងថា អាវាស​ណា​ដែល​ខ្លួនអាច​​ទៅទាន់ក្នុងថ្ងៃ​​នេះបានជាប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងឧបោសថ​ថ្ងៃ​នោះ ភិក្ខុគប្បី​ចេញពីអាវាស ឬអនាវាស ដែលមាន​​ភិក្ខុ ហើយទៅ​កាន់​អាវាស ដែលមាន​ភិក្ខុ… ទៅកាន់​​អនាវាស​ដែលមានភិក្ខុ… ទៅកាន់​អាវាស ឬអនាវាស ដែលមានភិក្ខុ គឺក្នុង​អាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ​​មានសំវាសស្មើគ្នា ហើយថែមទាំង​ដឹងថា អាវាស​ណា​ដែល​ខ្លួនអាច​ទៅ​ទាន់ក្នុងថ្ងៃ​នេះ​បានជាប្រាកដ។

១០៥. វជ្ជនីយបុគ្គលសន្ទស្សនា

(១០៥.)

[២០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខ​ដល់ភិក្ខុនីបរិសទ្យ ដែលអង្គុយ (ជាប់​ហត្ថបាស)ឡើយ ភិក្ខុណា​សំដែង ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​សំដែងបាតិមោក្ខ​ដល់សិក្ខមានា… ដល់​សាមណេរ… ដល់​សាមណេរី… ដល់ភិក្ខុ​ដែលពោល​​លាសិក្ខា… ដល់ភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុ (គឺត្រូវ​អាបត្តិបារាជិក​ណាមួយ) ដែលជា​បរិសទ្យ​អង្គុយនៅ (ជាប់​ហត្ថបាស)ឡើយ ភិក្ខុណា​សំដែង ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិនត្រូវ​សំដែងបាតិមោក្ខ​​ដល់ភិក្ខុ​ដែល​សង្ឃ​លើកវត្ត ព្រោះ​មិន​ឃើញ​អាបត្តិ ដែលជា​បរិសទ្យអង្គុយ​ជាប់​ហត្ថបាស​ឡើយ ភិក្ខុណាសំដែង ភិក្ខុនោះ​ត្រូវវិន័យធរកាត់ទោស​ឲ្យសមគួរ​​តាមធម៌ចុះ។ ភិក្ខុមិន​ត្រូវសំដែង​បាតិមោក្ខ​ដល់​ភិក្ខុដែលសង្ឃ​​លើកវត្ត ព្រោះ​មិនបានសំដែង​អាបត្តិ ដែលជា​បរិសទ្យអង្គុយ​ជាប់​ហត្ថបាសឡើយ… មិនត្រូវសំដែង​បាតិមោក្ខ​ដល់​ភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះ​​មិនលះបង់​ទិដ្ឋិអាក្រក់ ដែលជា​បរិសទ្យអង្គុយ​ជាប់​ហត្ថបាសឡើយ ភិក្ខុ​ណាសំដែង ភិក្ខុនោះ​ត្រូវវិន័យធរ​កាត់ទោស​ឲ្យសមគួរ​​តាមធម៌ចុះ។ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខ​ដល់មនុស្សខ្ទើយ ដែលជាបរិសទ្យអង្គុយជាប់​​ហត្ថបាសឡើយ ភិក្ខុណាសំដែង ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមិនត្រូវ​សំដែង​បាតិមោក្ខ​​ដល់បុគ្គលលួច​សំវាស … ដល់ភិក្ខុ​ដែល​រត់ចូល​ទៅ​កាន់​ពួកតិរ្ថិយ… ដល់​សត្វតិរច្ឆាន… ដល់​មាតុឃាតក​បុគ្គល គឺបុគ្គល​​ដែល​​សម្លាប់​​មាតា… ដល់បិតុឃាតក​បុគ្គល គឺបុគ្គល​​ដែល​សម្លាប់បិតា ដល់អរហន្តឃាតក​បុគ្គល គឺបុគ្គល​ដែល​សម្លាប់​ព្រះអរហន្ត… ដល់បុគ្គល​ដែលទ្រុស្ត​ភិក្ខុនី … ដល់បុគ្គលដែលបំបែកសង្ឃ… ដល់បុគ្គល​ដែលធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ជាម្ចាស់​​ឲ្យពូរពង​ឡើង ដល់បុគ្គល​ដែលមាន​ភេទពីរ ដែលជា​បរិសទ្យអង្គុយ​ជាប់​ហត្ថ​បាសឡើយ ភិក្ខុណា​សំដែង ត្រូវអាបត្តិ​ទុក្កដ។

[២០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ធ្វើឧបោសថ​ដោយការឲ្យបារិសុទ្ធិ ហៅថា បារិវាសិកៈ (មានបរិសទ្យ​​ក្រោកចេញ​ទៅហើយ) វៀរលែង​តែបរិសទ្យ​​មិនទាន់​ក្រោកចេញ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវ​​ធ្វើឧបោសថ​​ក្នុងថ្ងៃដែល​​មិនមែន​ជា​ថ្ងៃ​ឧបោសថ​ឡើយ វៀរលែង​សង្ឃ​សាមគ្គី​ឧបោសថចេញ។

ចប់ ឧបោសថក្ខន្ធកៈ។

ចប់ ភាណវារៈទី៣។

១០៦. តស្សុទ្ទានំ

(ឧទ្ទាននៃឧបោសថក្ខន្ធកៈនោះគឺ (១០៦.))

ក្នុងខន្ធកៈនេះ មានរឿង៨៦។

[២០៤] រឿង​ពួកតិរ្ថិយ និងព្រះបាទ​ពិម្ពិសារ១ រឿងភិក្ខុប្រជុំគ្នាអង្គុយស្ងៀម១ រឿង​សំដែងធម៌១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់សម្ងំ​នៅក្នុងទីស្ងាត់ ហើយ​ទ្រង់អនុញ្ញាត​​ឲ្យភិក្ខុសំដែងបាតិមោក្ខ១ រឿងភិក្ខុសំដែង​បាតិមោក្ខ​​រាល់ថ្ងៃ ព្រះសម្ពុទ្ធ​​ទ្រង់អនុញ្ញាត​​ឲ្យភិក្ខុ​សំដែង​បាតិមោក្ខ​​ក្នុងមួយ​បក្ខ​ម្តង១ រឿងឆព្វគ្គិយភិក្ខុ​សំដែង​​បាតិមោក្ខចំពោះ​បរិសទ្យ​របស់​ខ្លួនៗ ទើបព្រះ​អង្គ​អនុញ្ញាត​ឧបោសថកម្ម​ដល់ភិក្ខុដែលព្រម​ព្រៀងគ្នា១ រឿងព្រះអង្គ​ទ្រង់​អនុញ្ញាត​ដែនសាមគ្គី១ រឿងព្រះមហាកប្បិន​នៅក្នុង​មទ្ទកុច្ឆិមិគទាយវន១ រឿងទ្រង់​អនុញ្ញាត​​ឲ្យសម្មតិ​សីមា១ រឿងឆព្វគ្គិយ​ភិក្ខុសន្មត​សីមាធំពេក១ រឿងនទីបារសីមា១ រឿងភិក្ខុ​សំដែង​បាតិមោក្ខ​រាល់ៗ​បរិវេណ១ រឿងអាវាស​តែមួយ​ ភិក្ខុសន្មត​ឲ្យមានរោង​ឧបោសថ​ពីរ១ រឿងភិក្ខុ​សន្មត​រោងឧបោសថ​តូចពេក១ រឿងភិក្ខុខ្ចីវស្សា ប្រជុំគ្នាធ្វើឧបោសថ​មុនភិក្ខុចាស់វស្សា១ រឿងក្រុង​រាជគ្រឹះ​​មានអាវាស​​ច្រើន តែមាន​សីមាជាមួយគ្នា១ រឿងទ្រង់អនុញ្ញាត​អវិប្បវាសសីមា និងសម្មតិ​សមាន​សំវាស​សីមាមុន រួចសម្មតិ​​អវិប្បវាសសីមាក្រោយ១ រឿងសូត្រកម្មវាចាដកសីមា១ រឿងគាមសីមាដែល​សង្ឃ​មិនបានសន្មត១ រឿងនទីសីមា- សមុទ្ទសីមា- ជាតសរសីមា និងឧទកុក្ខេបសីមា១ រឿងឆព្វគ្គិយភិក្ខុ​ទំលាយ​សីមាដោយ​សីមា១ រឿងឆព្វគ្គិយ​ភិក្ខុគ្របសីមា​គេដោយសីមា​​របស់ខ្លួន១ រឿងភិក្ខុសង្ស័យ​ថា​ឧបោសថ​​មានប៉ុន្មាន និងភិក្ខុ​សង្ស័យថា ឧបោសថកម្ម​មានប៉ុន្មាន១ រឿងភិក្ខុ​សង្ស័យថា បាតិមោក្ខុទ្ទេស​មាន​ប៉ុន្មាន១ រឿងភិក្ខុ​​មានភ័យ​អំពី​មនុស្សនៅ​ក្នុងដងព្រៃ១ រឿងសំដែង​​បាតិមោក្ខ​សង្ខេប​​ដោយឥតមាន​សេចក្តីអន្តរាយ១ រឿងភិក្ខុ​​សំដែងធម៌​ដោយ​ឥតមានគេ​អារាធនា១ រឿងភិក្ខុសួរ​វិន័យ​ដោយឥតមាន​សម្មតិ១ រឿងពួកឆព្វគ្គិយភិក្ខុ​គម្រាម​ពួកភិក្ខុ​មានសីលជា​ទីស្រឡាញ់១ រឿង​ពួក​ឆព្វគ្គិយ​​ភិក្ខុគម្រាម​បំណង​​នឹងធ្វើ​ឲ្យ​វិនាស​​ដល់ពួក​ភិក្ខុមាន​សីល​ជាទី​ស្រឡាញ់​ម្តងទៀត១ រឿងព្រះអង្គ​​អនុញ្ញាត​ឲ្យភិក្ខុសូម​ឱកាស ហើយ​សឹមចោទ១ រឿងព្រះអង្គ​អនុញ្ញាត​ឲ្យ​ហាមឃាត់​អធម្មកម្ម១ រឿងព្រះអង្គ​អនុញ្ញាត​ឲ្យភិក្ខុ៤រូប ឬ៥រូប​ហាមឃាត់បាន បើ២រូប ៣រូប​ឲ្យ​ប្រកាស​​សេចក្តី​យល់​ឃើញ១ រឿងពួក​ឆព្វគ្គិយភិក្ខុ​សំដែង​បាតិមោក្ខ​​ក្លែងធ្វើ​សំឡេង​​មិនឲ្យឮច្បាស់១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុដែល​សំដែង​បាតិមោក្ខខំប្រឹង​ប្រែងធ្វើ​សំឡេង​​ឲ្យឮច្បាស់១ រឿងទេវទត្ត​សំដែង​បាតិមោក្ខដល់​បរិសទ្យ​មានទាំង​គ្រហស្ថ១ រឿងពួកឆព្វគ្គិយភិក្ខុ​ឥតមានគេអារាធនា ហើយសំដែង​បាតិមោក្ខ១ រឿងភិក្ខុនៅក្នុង​ចោទនាវត្ថុ មិនស្គាល់​ថ្ងៃឧបោសថ​ជាដើម១ រឿងភិក្ខុច្រើនរូប​មិនស្គាល់ថ្ងៃឧបោសថ​ជាដើម១ រឿងទ្រង់​អនុញ្ញាតឲ្យបញ្ជូន​ភិក្ខុមួយរូបទៅរៀន​បាតិមោក្ខ​ក្នុងអាវាស​ជិតខាងក្នុងថ្ងៃនោះ១ រឿងភិក្ខុខ្ចី​ទទួល​បង្គាប់​ភិក្ខុ​ចាស់ ហើយមិន​បានទៅ១ រឿងមនុស្ស​សួរ​ភិក្ខុថា​ប៉ុន្មាកើត ប៉ុន្មានរោច១ រឿងមនុស្សសួរ​ថា ចំនួន​ភិក្ខុមាន​ប៉ុន្មានអង្គ១ រឿងភិក្ខុ​មិនដឹង​ជា​ថ្ងៃឧបោសថ​ ហើយទៅបិណ្ឌបាត​​ក្នុងស្រុកឆ្ងាយ១ រឿងទ្រង់​​អនុញ្ញាត​​ឲ្យភិក្ខុប្រាប់ថ្ងៃ​ឧបោសថ​ដល់ភិក្ខុផងគ្នា១ រឿងព្រះថេរៈ​ភ្លេច​ឧបោសថកាល១ រឿងអាវាសមួយ​មានរោង​ឧបោសថស្មោកគ្រោក១ រឿងទ្រង់អនុញ្ញាត​​ឲ្យក្រាលអាសនៈ​​ក្នុងរោង​ឧបោសថ១ រឿងទ្រង់​អនុញ្ញាត​ឲ្យ​អុជប្រទីប​ក្នុង​រោង​ឧបោសថ១ រឿងភិក្ខុ​ដើរទៅ​កាន់ទិស មិនលា​អាចារ្យ ឧបជ្ឈាយ៍១ រឿងភិក្ខុ​ដទៃ​ជា​ពហូសូត១ រឿងទ្រង់​អនុញ្ញាត​ឲ្យ​បញ្ជូនភិក្ខុ​​មួយរូប​​ទៅរៀន​បាតិមោក្ខ​​ក្នុងអាវាស​​ជិតខាងក្នុង​​ថ្ងៃនោះ១ រឿងភិក្ខុ​ច្រើនរូប​មិនឆ្លាស នៅចាំវស្សា​​ក្នុងអាវាស​មួយ១ រឿងទ្រង់​ឲ្យសង្ឃ​​ប្រជុំ​ធ្វើ​ឧបោសថ១ រឿងទ្រង់អនុញ្ញាត​​ឲ្យភិក្ខុឈឺ​​ឲ្យបារិសុទ្ធិ១ រឿងទ្រង់​​ឲ្យសង្ឃ​ប្រជុំធ្វើ​កម្ម១ រឿងពួក​ញាតិ​មក​ចាប់ភិក្ខុមួយ​អង្គ​ក្នុងថ្ងៃ​​ឧបោសថ១ រឿងគគ្គភិក្ខុ១ រឿងភិក្ខុបួនរូប​នៅក្នុង​អាវាស​មួយ១ រឿងភិក្ខុបីរូប​នៅក្នុងអាវាសមួយ១ រឿងភិក្ខុពីររូប​នៅក្នុងអាវាស​មួយ១ រឿងភិក្ខុមួយ​រូបនៅក្នុង​អាវាស​មួយ១ រឿងភិក្ខុ​ត្រូវអាបត្តិ១ រឿងឆព្វគ្គិយភិក្ខុ​សំដែង​សភាគាបត្តិ១ រឿងភិក្ខុរលឹក​ឃើញ​នូវ​អាបត្តិ​ក្នុងពេល​ដែល​សំដែង​​បាតិមោក្ខ១ រឿងសង្ឃ​ទាំងអស់ត្រូវ​​សភាគាបត្តិ​ហើយ មានសេចក្តីសង្ស័យ១ រឿងសង្ឃ​មិនស្គាល់​​នាមនិងគោត្រ​របស់អាបត្តិ១ រឿងភិក្ខុជា​ពហូសូត១ រឿងអាវាសិក​ភិក្ខុច្រើនរូប១ រឿង​អាវាសិកភិក្ខុដទៃ​ស្មើៗគ្នា១ រឿងអាវាសិកភិក្ខុ​ដទៃតិច​ជាង១ រឿងបរិសទ្យ​​មិនទាន់ក្រោក​ចេញ១ រឿងបរិសទ្យ​ខ្លះក្រោកចេញ​ទៅហើយ១ រឿងបរិសទ្យ​ទាំង​អស់​ក្រោកចេញទៅហើយ១ រឿងអាវាសិក​ភិក្ខុ​បានដឹង​ថាអាវាសិក​ភិក្ខុដទៃមក​មិនទាន់ដល់១ រឿងភិក្ខុមាន​សេចក្តីសង្ស័យ១ រឿងភិក្ខុមាន​សេចក្តី​រង្កៀស​ថា យើងគួរ​ធ្វើឧបោសថ ឬមិនគួរ​ធ្វើ១ រឿងភិក្ខុដឹងថា មានអាវាសិកភិក្ខុ​ដទៃ​មកមិនទាន់ដល់១ រឿងភិក្ខុ​ឃើញអាការ​​ជាដើមរបស់​អាវាសិក​ភិក្ខុ១ រឿងភិក្ខុ​ឮអាការ​​ជាដើម​របស់​អាវាសិកភិក្ខុ១ រឿងអាគន្តុកភិក្ខុ និងអាវាសិកភិក្ខុ១ រឿងអាវាសិកភិក្ខុ​ថាថ្ងៃចាតុទ្ទសី តែអាគន្តុក​ភិក្ខុថា​ ថ្ងៃបណ្ណរសី១ រឿងថ្ងៃ​មួយរោច ឬមួយកើត របស់​អាវាសិកភិក្ខុ តែអាគន្តុក​ភិក្ខុថាជា​ថ្ងៃ​បណ្ណរសី១ រឿង​អាវាសិក​ភិក្ខុ និងអាគន្តុកភិក្ខុ​ទាំងពីរពួក​​មានភេទ និងសំវាស​​ផ្សេងគ្នា ឬស្មើគ្នា១ រឿង​ទ្រង់​ហាម​មិនឲ្យភិក្ខុធ្វើ​ឧបោសថ ដោយការ​ឲ្យបារិសុទ្ធិ ឈ្មោះ​បារិវាសិកៈ១ រឿងទ្រង់ហាម​​មិនឲ្យធ្វើ​​ឧបោសថខុស​ថ្ងៃឧបោសថ វៀរលែងតែ​សង្ឃសាមគ្គី​ឧបោសថចេញ១ ឧទ្ទានទាំងនេះ ជាហេតុ​​ធ្វើរឿង​​ឲ្យជឿជាក់​ច្បាស់​ឡើង យើងបាន​ចំណែកចែកទុក​ហើយ។

ចប់ ភាគ ៦។

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
គឺ​ក្នុង​កន្លះ​ខែម្តងៗ ហៅថាបក្ខមួយៗ។
2)
កិច្ចដែលសង្ឃ​ត្រូវចាត់ចែង​ឲ្យស្រេច​មុនធ្វើឧបោសថ។
3)
អដ្ឋកថា ថា ភ្នំមាន៣យ៉ាង គឺភ្នំថ្មសុទ្ធ១ ភ្នំដីសុទ្ធ១ ភ្នំថ្មលាយដី១ កំណត់ប៉ុនដំរីឡើងទៅ។ និមិត្រថ្មនោះ កំណត់ប៉ុនគោធំ ក្របីធំជាយ៉ាងធំ យ៉ាងតូចកំណត់ប៉ុនដុំស្ករអំពៅ មានទម្ងន់​៣២បល (ប្រហែល​ទម្ងន់​គ្រាប់ស្រូវ​៥១២០០គ្រាប់)។ និមិត្រព្រៃនោះ គឺវៀរព្រៃឈើ​មានខ្លឹមខាងក្រៅ មានដូង ត្នោត ស្លាជាដើមចេញ ក្រៅអំពីនោះ គួរទាំងអស់។ និមិត្រដើមឈើនោះ បានដល់ដើមឈើ​មានខ្លឹម មានដើមរាំងភ្នំ​ជាដើម។ និមិត្រផ្លូវនោះ សំដៅយកផ្លូវ​ដើរជើង ផ្លូវរទេះ។ និមិត្រដម្បូកនោះ កំណត់​កំពស់​៨ធ្នាប់ មានទំហំ​ប៉ុនស្នែង​គោឡើងទៅ។ និមិត្រស្ទឹងនោះ គឺសំដៅយកស្ទឹងដែលមានខ្សែទឹក​មិនដាច់​គ្រប់៤ខែ ក្នុងរដូវភ្លៀង កាលភិក្ខុនី​ស្លៀកដណ្តប់​បិទបាំង​បរិមណ្ឌល៣ ចុះឆ្លងទៅ ល្មមទទឹក​ស្បង់ នេះជាកំណត់​យ៉ាងរាក់បំផុត។ និមិត្រ​ទឹកនោះ សំដៅយកទឹកមិនហូរ ដូចជាទឹកដក់​នៅក្នុង​កន្លែង​ជ្រូកឈ្មុះក្តី បឹងសម្រាប់ក្មេង​អ្នកស្រុកលេងក្តី រណ្តៅ​ដែលគេជីក​ ហើយចាក់ទឹកឲ្យពេញក្តី រហូត​ដល់​អណ្តូង​ ស្រះបោក្ខរណី​ជាដើម។
4)
សន្មតសីមាត្រើយស្ទឹង គឺសីមា​ដែលសង្ឃ​ចងគ្របស្ទឹង ទុកឲ្យនៅក្នុងសីមា
5)
រោងឧបោសថ​ដែលសន្មតហើយមុននោះ នៅតូច ហើយត្រូវ​ការ​តរបៀង​ថែមឲ្យធំ​ទៀត​បាន។
6)
ភិក្ខុនៅ​ក្នុងខេត្ត​សីមាបែបនេះ ទុកជា​នៅប្រាសចាកត្រៃចីវរ ក៏មិនត្រូវ​អាបត្តិ ព្រោះប្រាសចាកត្រៃចីវរ។
7)
សីមា​ដែល​មានសំវាសស្មើគ្នា គឺសីមាដែលសង្ឃ​ត្រូវតែធ្វើសង្ឃកម្ម ដោយព្រមព្រៀងគ្នា​ បែកគ្នាមិនបាន។
8)
សីមាដែលភិក្ខុនៅប្រាសចាកត្រៃចីវរបាន។
9)
(អដ្ឋកថា) ១អព្ភន្តរៈ​មានប្រមាណ​២៨ហត្ថ។
10)
ស្រះដែលកើតឯង មិនមានអ្នកណា​ជីក ជាទីខូងស្រាប់ ទឹកហូរមកពេញឯង។
11)
ត្រង់បាឡីថា នទី ប្រែថា ស្ទឹងក៏បាន ទន្លេក៏បាន។
12)
១.២ អដ្ឋកថា ថា ភិក្ខុទំលាយពទ្ធសីមាភិក្ខុ​ដទៃ​ដោយសីមារបស់ខ្លួន គឺប្រៀបដូចជាកន្លែង១មានដើមឈើ២ដើម មានមែកគងពាក់លើគ្នា ដើមស្វាយ​នៅទិសខាងកើត ដើមព្រីងនៅទិសខាងលិច។ ភិក្ខុ១ពួក ចងសីមា យកដើមព្រីងជានិមិត្ត​សីមា​របស់ខ្លួន នៅទិសខាងលិច។ ភិក្ខុ១ពួកទៀត ចងសីមា​យកដើមស្វាយ​ជានិមិត្ត​របស់ខ្លួន​នៅទិស​ខាងកើត។ ការចងសីមាយ៉ាងនេះ ហៅថា ទំលាយ ឬរំលាយ​ពទ្ធសីមាភិក្ខុដទៃ​ដោយសីមារបស់ខ្លួន។
13)
14)
អដ្ឋកថា ថា ភិក្ខុគ្របសង្កត់ពទ្ធសីមាភិក្ខុដទៃ ដោយសីមារបស់ខ្លួន គឺចងសីមារបស់ខ្លួន​យកពទ្ធសីមារបស់​ភិក្ខុដទៃ​ទាំងអស់ក្តី តែមួយកន្លែងក្តី មកទុកខាងក្នុងសីមា​របស់​ខ្លួន។
15)
អដ្ឋកថា ថា ទីឧបចារៈរបស់​សីមា គឺត្រូវ​សង្ឃទុក​ទីទំនេរ​ពីសីមាទៅចំនួន​១ហត្ថក្តី ១ចំអាមក្តី ៤ធ្នាប់ក្តី។
16)
អដ្ឋកថា ថា កាលបើសំដែងនិទានចប់ហើយ មិនបានសូត្រ​សិក្ខាបទ​ដោយពិស្តារ គឺគ្រាន់តែសូត្រថា សុតា ខោ បនាយស្មន្តេហិ ចត្វារោ បារាជិកា ធម្មា។បេ។ អវិវទមានេហិ សិក្ខិតព្វន្តិ ដូច្នេះជាដើម ប្រែថា បារាជិក​ធម៌ទាំង៤ លោកដ៏មានអាយុទាំងឡាយ​បានស្តាប់ហើយ។បេ។ កុំវិវាទគ្នា គប្បីសិក្សាចុះ។
17)
អដ្ឋកថា ថា ភ័យ​កើតពីមនុស្ស​នៅក្នុងព្រៃ។
18)
កន្លះខែមួយៗ ហៅថា​បក្ខមួយៗ។
19)
រឿង​ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ប្រាកដក្នុងច្បាប់ឱរុប​ទាំងឡាយតពីបាលី​នេះយ៉ាងនេះថា ក៏សម័យ​នោះឯង ពួកភិក្ខុ​អ្នកនៅចាំអាវាស ក្នុងអាវាស​កន្លែងមួយ មិនចូល​ទៅដំកល់ទឹក​ឆាន់ មិនចូល​ទៅដំកល់​ទឹកប្រើប្រាស់។ ភិក្ខុជាអាគន្តុកៈ​ទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ​អ្នកនៅចាំអាវាស​ មិន​សមបើនឹងមិនដំកល់ទឹកឆាន់ មិនដំកល់ទឹកប្រើប្រាស់សោះ។ ភិក្ខុទាំងឡាយក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុដំកល់ទឹកឆាន់ ទឹកប្រើប្រាស់។ ទើបភិក្ខុទាំងឡាយមាន​សេចក្តី​ត្រិះរិះដូច្នេះថា ត្រូវអ្នកណា​ដំកល់​ទឹកឆាន់ ទឹកប្រើប្រាស់ហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុជាថេរៈ​បង្គាប់​ភិក្ខុថ្មី។ ពួកភិក្ខុថ្មី ដែលព្រះថេរៈ​បង្គាប់ហើយ ក៏នៅតែមិនដំកល់ទុក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈ​បង្គាប់ហើយ មិនត្រូវមិនដំកល់ទុក (ត្រូវតែចូលទៅដំកល់ទុក) ភិក្ខុណាមិនដំកល់ទុក ត្រូវអាបត្តិទុក្កដ។
20)
សេចក្តី​សន្មតិ​ថាជាមនុស្សឆ្កួត។
21)
ភិក្ខុដែល​នៅជាប់​ជានិច្ច​ក្នុងអាវាស​មួយ គឺមិនមែនជាអាគន្តុកភិក្ខុ។
22)
អដ្ឋកថា ថា ពួកភិក្ខុ​នៅក្នុងអាវាស​ថា ថ្ងៃ​ចាតុទ្ទសីឧបោសថ ចំណែក​ខាងពួក​ភិក្ខុដែល​មកពីដែនខាងក្រៅថា ថ្ងៃ​បណ្ណរសី​ឧបោសថ បើពួកភិក្ខុ​នៅក្នុងអាវាស​(ច្រើនជាង) បានធ្វើ​បុព្វកិច្ច​ថា អជ្ជុបោសថោចាតុទ្ទសោ​ដូច្នេះហើយ ត្រូវ​តែពួក​​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​​តាម កុំរឹង​ទទឹង​ឡើយ។
23)
អាគន្តុកភិក្ខុទាំងនោះ មិនអាច​​ធ្វើ​ភិក្ខុ​ដែលមាន​សំវាស​ផ្សេងគ្នា ឲ្យមក​ជា​អ្នកមានសំវាស​​រួមគ្នាវិញ​បាន គឺថា ឲ្យ​គេលះបង់​ទិដ្ឋិ​របស់គេមិន​បាន។
km/tipitaka/vin/mv/vin.mv.02.txt · ពេលកែចុងក្រោយ: 2023/01/30 02:44 និពន្ឋដោយ Johann