User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.01

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៦៨. សន្និបាតានុជាននា

សង្ខេប

«កំណើត​ទម្លាប់​ថ្ងៃ​សីល»៖ សាសនា​ដទៃ​បាន​ធ្វើ​អោយ​មនុស្ស​ទាំង​ឡាយកើត​សេចក្ដី​ជ្រះ​ថ្លា ដោយ​ការប្រជំុ​គ្នា​និយាយ​ធម៌​ជា​ទៀង​ទាត់។ ពីព្រោះ​ស្ដេចព្រួយ​បារម្ភ ចំពោះ​ប្រជាប្រិយ​ភាពសាសនា​ព្រះ​ពុទ្ធ បាន​ស្នើរសំុ​ព្រះ​ពុទ្ធៗ បាន​អនុញ្ញាតដល់​ភិក្ខុ​សង្ឃ ប្រជុំគ្នា​ នៅថ្ងៃឧបោសថ។ «ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​​ឲ្យ​ប្រជុំ​​គ្នា​ក្នុង​​ថ្ងៃ​ទី​១៤ ទី​១៥ និង​ទី​៨​នៃ​បក្ខ។»

mv 02.01 បាលី cs-km: vin.mv.02.01 អដ្ឋកថា: vin.mv.02.01_att PTS: ?

សន្និបាតានុជាននា (ទី៦៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦៨.)

[១៤៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិត​ក្រុងរាជគ្រឹះ។ ក៏សម័យ​នោះឯង ពួកបរិព្វាជក​មានលទ្ធិដទៃប្រជុំគ្នានិយាយ​ធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ។1) មនុស្សទាំងឡាយតែងចូលទៅរក​បរិព្វាជកទាំងនោះ ដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះ​កើតសេចក្តីស្រឡាញ់ កើតសេចក្តី​ជ្រះថ្លា ក្នុងពួក​បរិព្វាជកមានលទ្ធិ​ដទៃ​ ពួកបរិព្វាជក​មានលទ្ធិ​ដទៃក៏​បានបក្ខពួកឡើង។ គ្រានោះឯង ព្រះបាទ​ពិម្ពិសារសេនិយៈ ជាឥស្សរៈ​ក្នុងដែន​មគធៈ ទ្រង់សម្ងំនៅក្នុង​ទីស្ងាត់ កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួក​បរិព្វាជក​មានលទ្ធិដទៃ​ប្រជុំគ្នា និយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ​តែង​ចូលទៅរកបរិព្វាជក​ទាំងនោះ​ដើម្បីស្តាប់ធម៌ មនុស្សទាំងនោះ​ក៏កើតសេចក្តី​ស្រឡាញ់​ កើត​សេចក្តី​ជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ​ក៏បាន​បក្ខពួកឡើង បើដូច្នោះ​គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខដែរ។ ទើបព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​គង់​ក្នុងទីសមគួរ​ហើយ បានទូល​ព្រះដ៏មានព្រះភាគ​ដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃ​នេះ​ ខ្ញុំព្រះករុណាសម្ងំ​នៅក្នុងទីស្ងាត់​ កើតចិត្ត​ត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជក​មានលទ្ធិ​ដទៃ តែងប្រជុំគ្នានិយាយធម៌​ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ មនុស្សទាំងឡាយ តែងចូល​ទៅរក​បរិព្វាជក​ទាំងនោះ ដើម្បីស្តាប់ធម៌ ពួកមនុស្សទាំងនោះ ក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជក​មានលទ្ធិដទៃ ក៏បាន​បក្ខពួកឡើង បើដូច្នោះ គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខដែរ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​សូមទ្រង់​អនុញ្ញាត បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ទាំងឡាយ ត្រូវតែប្រជុំគ្នាក្នុងថ្ងៃទី១៤ ទី១៥ ទី​៨​នៃ​បក្ខ។ គ្រានោះឯង ព្រះដ៏មានព្រះភាគញុំាងព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ​ឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ លំដាប់នោះ ព្រះបាទពិម្ពិសារ​សេនិយៈ ជាឥស្សរៈក្នុងដែនមគធៈ ដែលព្រះដ៏មានព្រះភាគឲ្យយល់ច្បាស់ ឲ្យប្រតិបត្តិល្អ ឲ្យអាច​ហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិលខាងស្តាំ) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ​ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យប្រជុំ​គ្នាក្នុង​ថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។

 

1)
គឺ​ក្នុង​កន្លះ​ខែម្តងៗ ហៅថាបក្ខមួយៗ។
km/tipitaka/vin/mv/vin.mv.02.01.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann