km:tipitaka:vin:mv:vin.mv.02.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៦៩. បាតិមោក្ខុទ្ទេសានុជាននា

សង្ខេប

ដោយ​មាន​ការ​រិះ​គន់ ពី​មនុស្ស​ទាំង​ឡាយ ដែល​​ភិក្ខុ​សង្ឃ​ប្រជុំ​គ្នា​ហើយ​អង្គុយ​នៅ​តែ​ស្ងៀម ព្រះ​ពុទ្ធអនុញ្ញាត ឲ្យ​​ប្រជុំ​គ្នា​និយាយ​ធម៌។ក្នុង​ឨកាស​នោះ​ផង​ដែរ ព្រះ​ពុទ្ធ​ បាន​អនុញ្ញាត ឲ្យ​ភិក្ខុ​សម្ដែង​នូវ​បាតិមោក្ខរួម​គ្នា ជា​មួយ​នឹង​សិក្ខា​បទ​មួយៗ សម្រាប់ធ្វើ​ ជាឧបោសថកម្ម។

mv 02.02 បាលី cs-km: vin.mv.02.02 អដ្ឋកថា: vin.mv.02.02_att PTS: ?

បាតិមោក្ខុទ្ទេសានុជាននា (ទី៦៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦៩.)

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថាព្រះដ៏មានព្រះភាគ​អនុញ្ញាត​ឲ្យប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខហើយ។ ភិក្ខុទាំងនោះក៏ប្រជុំគ្នាក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយ​នៅ​តែស្ងៀម។ មនុស្សទាំងឡាយក៏ចូលទៅរក​ភិក្ខុទាំងនោះដើម្បីស្តាប់ធម៌។ មនុស្សទាំងឡាយនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយ ជាសក្យបុត្រ មិនសមបើនឹងមកប្រជុំគ្នា​ក្នុង​ថ្ងៃ​ទី១៤ ទី១៥ និងទី៨នៃបក្ខ ហើយអង្គុយ​នៅតែស្ងៀម ដូចជាជ្រូកធាត់ (ដូច្នេះ) សោះ គួរតែ​លោកទាំងឡាយ​ប្រជុំគ្នា ហើយនិយាយធម៌។ ភិក្ខុទាំងឡាយ បានឮពាក្យ​មនុស្សទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងឡាយ​នោះក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី​៨នៃបក្ខ។

[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​សម្ងំក្នុងទីស្ងាត់​កើតព្រះទ័យ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា បើដូច្នោះមានតែតថាគត​អនុញ្ញាត​សិក្ខាបទទាំងឡាយនោះដែល​តថាគត​បញ្ញត្ត​ហើយដល់​ភិក្ខុ​ទាំងឡាយ ឲ្យជា​បាតិមោក្ខុទ្ទេស​ដល់ពួក​ភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេស​នោះនឹងបានជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាក​ទីសម្ងំ​ក្នុង​ពេល​ថ្ងៃរសៀល ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ​ តថាគតសម្ងំ​នៅក្នុងទីស្ងាត់ កើតចិត្ត​ត្រិះរិះ​ឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគត​អនុញ្ញាត​សិក្ខាបទ​ទាំងឡាយនោះ ដែលតថាគត​បញ្ញត្ត​ដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេស​ដល់ភិក្ខុ​ទាំងឡាយ​នោះ បាតិមោក្ខុទ្ទេស​នោះនឹងជា​ឧបោសថកម្ម​របស់ភិក្ខុទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសំដែង​យ៉ាងនេះ។ គឺភិក្ខុ​ដែល​ឆ្លាស ប្រតិពល​ ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់​សង្ឃហើយ សង្ឃគួរធ្វើ​ឧបោសថ គួរសំដែង​នូវបាតិមោក្ខ។ បុព្វកិច្ច​1) របស់សង្ឃដូចម្តេច។ បពិត្រ​លោកដ៏មានអាយុ​ទាំងឡាយ ចូរលោកទាំង​ឡាយ​​ប្រាប់​សេចក្តី​បរិសុទ្ធិ។ ខ្ញុំនឹងសំដែង​នូវបាតិមោក្ខ។ យើងទាំងឡាយ​ដែលមាន​នៅ​ទាំងអស់គ្នា ចូរ​ប្រុង​ស្តាប់យកចិត្តទុកដាក់នូវ​បាលីនោះ។ លោកអង្គណាមានអាបត្តិ ត្រូវលោក​អង្គនោះ​ប្រាប់ កាលបើ​មិន​មានអាបត្តិទេ ត្រូវនៅឲ្យស្ងៀម។ ខ្ញុំនឹងសំគាល់លោកដ៏មានអាយុ​ទាំងឡាយ​ថា ជាបុគ្គលបរិសុទ្ធ ដោយ​ភាវៈស្ងៀម។ ដូចជាបុគ្គលដែល​ត្រូវគេសួរបញ្ហាចំពោះ​រូបម្នាក់ៗតែង​ដោះស្រាយ យ៉ាងណាមិញ ពាក្យ​ដែល​ខ្ញុំ​ប្រកាសឲ្យដឹងអស់វារៈ​ជាគំរប់​បីដងយ៉ាងនេះ ក្នុងបរិសទ្យ​មានសភាពយ៉ាងនេះ ក៏​ដូច្នោះ​ដែរ។ ភិក្ខុណាមួយ កាលដែលខ្ញុំប្រកាស​ឲ្យដឹងអស់​វារៈ​ជាគំរប់បីដង ទើប​រលឹកឃើញ តែមិន​ប្រាប់​អាបត្តិ​​ដែលមាន ភិក្ខុនោះ ត្រូវសម្បជានមុសាវាទ។ បពិត្រលោក​ដ៏មាន​អាយុទាំងឡាយ ក៏ឯ​សម្បជានមុសាវាទ ព្រះដ៏មានព្រះភាគ​ត្រាស់ថាជាធម៌​ធ្វើសេចក្តី​អន្តរាយ​មួយដែរ ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវប្រាប់អាបត្តិដែលមាន។ ព្រោះថា អាបត្តិដែល​ភិក្ខុប្រាប់ហើយ ជាការស្រួល។

[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះ​ជាប្រធាន ធម្មជាត​នៃជាមុនដម្បូងនៃកុសល​ធម៌ទាំងឡាយ ហេតុនោះតថាគត​ហៅថាបាតិមោក្ខ។ ពាក្យថា លោកដ៏មាន​អាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយដោយសេចក្តី​ស្រឡាញ់ នេះជាពាក្យ​និយាយ​ដោយសេចក្តី​គោរព នេះជាឈ្មោះ​នៃបុគ្គល​ប្រកបដោយសេចក្តី​គោរព​ និង​ជាទីកោតក្រែង។ ពាក្យថា ខ្ញុំ​នឹងសំដែង គឺខ្ញុំនឹងប្រាប់​ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើ​ឲ្យរាក់ នឹងប្រកាស​ឬផ្តៀង។ ពាក្យថា បាលីនោះ តថាគត​សំដៅយកបាតិមោក្ខ។ ពាក្យថា យើងទាំងឡាយ ដែល​មាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាលម៉ាន​ក្នុងបរិសទ្យ​នោះ តថាគត​ហៅភិក្ខុទាំងឡាយ​នុ៎ះ​ថា យើងទាំងឡាយដែលមាននៅ​ទាំងអស់គ្នា។ ពាក្យថា ចូរប្រុង​ស្តាប់ គឺយើងចូរ​ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់​នូវបាតិមោក្ខ​ទាំងអស់​ដោយចិត្ត។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្ត​មានអារម្មណ៍​តែមួយ មានចិត្តមិនរវើរវាយ មានចិត្តមិនរាយមាយ ហើយពិចារណា (បាតិមោក្ខនោះ)។ ពាក្យថា លោកអង្គណាមានអាបត្តិ គឺភិក្ខុជាថេរៈ ឬភិក្ខុខ្ចី ឬភិក្ខុ​ជាកណ្តាល បណ្តាអាបត្តិទាំង៥កង ត្រូវអាបត្តិណាមួយក្តី បណ្តាអាបត្តិ​ទាំង៧កង ត្រូវអាបត្តិ​ណាមួយ​ក្តី។ ពាក្យថា ត្រូវលោកអង្គនោះប្រាប់ គឺភិក្ខុនោះត្រូវ​សំដែង ភិក្ខុនោះត្រូវបើក ភិក្ខុនោះត្រូវ​ធ្វើឲ្យរាក់​ឡើង ភិក្ខុនោះត្រូវ​ប្រកាស​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ដែលឈ្មោះថា មិនមានអាបត្តិ គឺភិក្ខុមិនបាន​ត្រូវអាបត្តិ​ណាក្តី ត្រូវអាបត្តិ​ណាហើយ ចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវ​នៅស្ងៀម គឺត្រូវ​អត់ មិនត្រូវនិយាយ។ ពាក្យថា ខ្ញុំនឹងសំគាល់​លោកដ៏មានអាយុ​ទាំងឡាយថា ជាបុគ្គល​បរិសុទ្ធ គឺខ្ញុំនឹងដឹង នឹងចាំទុក។ ពាក្យថា ដូចជាបុគ្គលដែលត្រូវគេសួរបញ្ហា​ចំពោះរូបម្នាក់ៗ តែងដោះ​ស្រាយ​យ៉ាងណាមិញ សេចក្តីថា បុគ្គលម្នាក់​ដែលបុគ្គលម្នាក់ទៀត​សួរហើយ ត្រូវតែដោះស្រាយ​ មានឧបមាយ៉ាងណា ភិក្ខុសួរខ្ញុំ​ចំពោះអាបត្តិ ដែលភិក្ខុគួរដឹង​ក្នុងបរិសទ្យនោះយ៉ាងនោះ ក៏មាន​ឧបមេយ្យ​យ៉ាងនោះដែរ។ ដែលហៅថា បរិសទ្យ​មានសភាពយ៉ាងនេះ គឺតថាគត​សំដៅយក​ភិក្ខុ​បរិសទ្យ។ ពាក្យថា ពាក្យដែលខ្ញុំ​ប្រកាសឲ្យដឹង​អស់វារៈ​ជាគំរប់បីដង គឺពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ម្តងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជាគំរប់ពីរដងផង ពាក្យដែលខ្ញុំ​ប្រកាស​ឲ្យដឹង​អស់​វារៈ​ជាគំរប់បីដងផង។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ដែលឈ្មោះថា អាបត្តិដែលមាន គឺ​ភិក្ខុ​ត្រូវអាបត្តិ​ណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា មិនប្រាប់ គឺមិនសំដែង មិនបើក មិនធ្វើ​ឲ្យងាយ មិនប្រកាស​ក្នុងកណ្តាលសង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលមួយក្តី។ ពាក្យថា ភិក្ខុ​នោះត្រូវ​សម្បជានមុសាវាទ គឺសម្បជានមុសាវាទ ជាអាបត្តិអ្វី។ សម្បជានមុសាវាទ ជាអាបត្តិទុក្កដ។ ពាក្យថា ព្រះដ៏មានព្រះភាគ​ត្រាស់ថា ជាធម៌ធ្វើសេចក្តីអន្តរាយ គឺធម៌​នោះធ្វើនូវ​សេចក្តីអន្តរាយដល់អ្វី។ ធម៌នោះ​ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​បឋមជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានទុតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានតតិយជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបានចតុត្ថជ្ឈាន ធ្វើ​នូវសេចក្តី​អន្តរាយ​ដល់ការបាន​នូវកុសលធម៌ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់​ចេញចាក​ភព សេចក្តីស្ងប់ស្ងាត់។ ពាក្យថា ហេតុនោះ គឺព្រោះ​ដំណើរនោះ។ ពាក្យថា រលឹកឃើញ គឺដឹងបាន ចាំបាន។ ពាក្យថា ប្រាថ្នាសេចក្តីបរិសុទ្ធ គឺប្រាថ្នា​ចេញចាកអាបត្តិ ប្រាថ្នាដើម្បីស្អាត។ ដែលឈ្មោះថា អាបត្តិដែលមាន គឺភិក្ខុត្រូវអាបត្តិណាក្តី ត្រូវហើយមិនចេញចាកអាបត្តិក្តី។ ពាក្យថា ត្រូវប្រាប់ គឺភិក្ខុ​ត្រូវប្រាប់​អាបត្តិ​ក្នុងកណ្តាល​សង្ឃក្តី កណ្តាលគណៈក្តី ចំពោះបុគ្គលម្នាក់ក្តី។ ពាក្យថា ព្រោះអាបត្តិ​ដែល​ភិក្ខុប្រាប់ហើយជាការស្រួល គឺជាការស្រួល​ដើម្បីអ្វី។ ជាការស្រួលដើម្បីបាន​បឋមជ្ឈាន ជាការស្រួលដើម្បីបានទុតិយជ្ឈាន ជាការស្រួលដើម្បីបានតតិយជ្ឈាន ជាការស្រួលដើម្បី​បាន​​ចតុត្ថជ្ឈាន ជាការស្រួលដើម្បីបានកុសលធម៌​ទាំងឡាយ គឺឈាន វិមោក្ខ សមាធិ សមាបត្តិ នេក្ខម្មៈ ការរលាស់ចេញចាកភព សេចក្តីស្ងប់ស្ងាត់។

[១៥១] ក៏សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​ឲ្យសំដែង​នូវ​បាតិមោក្ខ​ហើយ ក៏សំដែងនូវ​បាតិមោក្ខ​រាល់ថ្ងៃ។ ភិក្ខុទាំងឡាយខ្លះក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែង​នូវបាតិមោក្ខ​រាល់ថ្ងៃ​ទេ ភិក្ខុ​ណា​សំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ​តែ​ក្នុង​ថ្ងៃ​​ឧបោសថ។ ក៏សម័យ​នោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យសំដែង​នូវ​បាតិមោក្ខ​ក្នុងថ្ងៃឧបោសថ ក៏សំដែង​នូវបាតិមោក្ខ​ក្នុង១បក្ខ​៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨​នៃបក្ខ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ​ក្នុង១បក្ខ ​៣ដងទេ ភិក្ខុណាសំដែង ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ​១៤ក្តី ទី១៥ក្តី។

[១៥២] ​ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែង​នូវ​បាតិមោក្ខ ដោយសមគួរ​ដល់បរិសទ្យ គឺចំពោះ​បរិសទ្យ​របស់ខ្លួនៗ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែង​នូវបាតិមោក្ខ​ ដោយសមគួរ​ដល់បរិសទ្យ គឺចំពោះ​បរិសទ្យ​របស់ខ្លួនៗទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​​នូវ​ឧបោសថកម្ម ដល់ពួក​ភិក្ខុដែលព្រមព្រៀងគ្នា។ ទើបភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះយ៉ាងនេះ​ថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តឧបោសថកម្ម ដល់ភិក្ខុទាំងឡាយ​ដែលព្រមព្រៀងគ្នា សេចក្តីព្រមព្រៀង​មានកំណត់​ត្រឹមណាហ្ន៎ មានកំណត់ត្រឹម​អាវាសមួយ ឬផែនដីទាំងអស់។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អាវាស​មួយ​មាន​កំណត់ត្រឹមណា តថាគតអនុញ្ញាតសេចក្តីព្រមព្រៀង​គ្នាមានកំណត់ត្រឹមនុ៎ះ​ឯង។​

 

1)
កិច្ចដែលសង្ឃ​ត្រូវចាត់ចែង​ឲ្យស្រេច​មុនធ្វើឧបោសថ។
km/tipitaka/vin/mv/vin.mv.02.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann