User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧០. មហាកប្បិនវត្ថុ

សង្ខេប

«តើ​ខ្ញុំ​គួរតែ ទៅ​កាន់​ឧបោសថ ដើម្បី​ធ្វើ​សង្ឃ​កម្ម ឬ​មិន​គួរ​ទៅ​ទេ ព្រោះ​ខ្ញុំបរិសុទ្ធ ដោយ​សេចក្ដី​បរិសុទ្ធ យ៉ាង​បំផុត​ហើយ?» ព្រះ​ពុទ្ធ​ បាន​ជ្រៀបការ​ត្រិះ​រិះ​ក្នុង​ចិត្តរបស់​ព្រះ​មហា​កប្បិន ហើយប្រាប់​ឲ្យ​ទៅកាន់ ឧបោសថ​កុំខាន​ឡើយ ពីព្រោះ «នរណា​នឹង​ធ្វើ​សក្ការៈ គោរព​បូជាឧបោសថ ប្រសិន​បើសមណៈ ខ្លួនឯង​មិន​គោរព​បូជា​ឧបោសថ?»

mv 02.03 បាលី cs-km: vin.mv.02.03 អដ្ឋកថា: vin.mv.02.03_att PTS: ?

មហាកប្បិនវត្ថុ (ទី៧០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧០.)

[១៥៣] ក៏សម័យនោះឯង ព្រះមហាកប្បិនដ៏មានអាយុ នៅក្នុងមទ្ទកុច្ឆិមិគទាយវន ក្បែរ​ក្រុងរាជគ្រឹះ។ លំដាប់នោះឯង ព្រះមហាកប្បិនដ៏មានអាយុសម្ងំ​នៅក្នុងទីស្ងាត់​ ក៏កើតសេចក្តី​ត្រិះរិះ​ឡើងក្នុង​ចិត្តយ៉ាងនេះថា អាត្មាអញគួរ​ទៅកាន់ឧបោសថឬ ៗមិនគួរទៅទេ អាត្មាអញ​គួរទៅធ្វើ​សង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថា អាត្មាអញ​បរិសុទ្ធ​ដោយសេចក្តីបរិសុទ្ធ​យ៉ាងបំផុតហើយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​ការត្រិះរិះ​ក្នុងចិត្ត​របស់ព្រះមហាកប្បិនដ៏មានអាយុ ដោយព្រះហឫទ័យ​ ហើយទ្រង់​បាត់អំពី​ភ្នំគិជ្ឈកូដ មកប្រាកដ​ក្នុងទីចំពោះមុខ​ព្រះមហាកប្បិន​ដ៏មានអាយុ ក្នុងមទ្ទកុច្ឆិមិគទាយវន (រហ័ស) ឧបមា​ដូចជាបុរស​មានកំឡាំង​លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ​ដែលលាចេញយ៉ាងនោះឯង។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈ​ដែលគេ​តែងតាំងហើយ។ ព្រះមហាកប្បិនដ៏មានអាយុ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីគួរមួយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះនឹងព្រះមហាកប្បិនដ៏មានអាយុ ដែលគង់​នៅក្នុងទីគួរ​មួយថា នែកប្បិន អ្នកឯងសម្ងំ​នៅក្នុងទីស្ងាត់ ហើយកើតការត្រិះរិះ​ក្នុងចិត្តយ៉ាងនេះថា អាត្មាអញ​គួរទៅ​កាន់ឧបោសថឬ ៗមិនគួរទៅទេ គួរទៅធ្វើសង្ឃកម្មឬ ៗមិនគួរទៅទេ ព្រោះថាអាត្មាអញ​បរិសុទ្ធ​ដោយសេចក្តី​បរិសុទ្ធ​យ៉ាងបំផុតហើយ ដូច្នេះ មែនឬ។ ព្រះមហាកប្បិនក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា អ្នកជាពួកព្រាហ្មណ៍ បើនឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា​ឧបោសថទេ តើបាននរណា​នឹងធ្វើសក្ការៈ នឹងគោរព នឹងរាប់អាន នឹងបូជា​ឧបោសថវិញ នែព្រាហ្មណ៍ ចូរអ្នកទៅកាន់ឧបោសថ កុំខានទៅឡើយ ចូរអ្នកទៅ (ធ្វើ)​សង្ឃកម្ម កុំខានទៅឡើយ។ ព្រះមហាកប្បិនដ៏មានអាយុ​ទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាង​ហ្នឹងហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគឲ្យព្រះមហាកប្បិនដ៏មានអាយុ​ឃើញត្រូវ កាន់យកត្រូវ អាចហ៊ាន រីករាយ​ដោយធម្មីកថាហើយ ទ្រង់បាត់ទៅអំពីមុខ​ព្រះមហាកប្បិនដ៏មានអាយុ​ក្នុងមទ្ទកុច្ឆិមិគទាយវន​ ទៅប្រាកដ​លើភ្នំគិជ្ឈកូដ (រហ័ស) ឧបមាដូចជាបុរស​មានកំឡាំង លាដើមដៃ​ដែលបត់ចូល ឬបត់ចូល​ដើមដៃ​ដែលលាចេញ​យ៉ាងនោះឯង។

 

km/tipitaka/vin/mv/vin.mv.02.03.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann