km:tipitaka:vin:mv:vin.mv.02.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧៣. ឧបោសថប្បមុខានុជាននា

សង្ខេប

ព្រះ​ពុទ្ធ អនុញ្ញាត​អោយធ្វើ​របៀង​ឧបោសថ ហើយ​ប្រជំុ​គ្នា​នៅ​កន្លែង ដែល​មាន​ព្រះ​ថេរៈ ប្រសិន​បើ​មាន​អាវាស (អារាម) ​ច្រើន​ជិតៗ​គ្នា។

mv 02.06 បាលី cs-km: vin.mv.02.06 អដ្ឋកថា: vin.mv.02.06_att PTS: ?

ឧបោសថប្បមុខានុជាននា (ទី៧៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧៣.)

[១៥៩] ក៏សម័យនោះឯង សង្ឃសន្មតរោងឧបោសថតូចពេក ​ក្នុងអាវាសមួយ។ ឧបោសថ​ក្នុងថ្ងៃនោះ​ មានភិក្ខុសង្ឃច្រើន​ប្រជុំគ្នា។ ភិក្ខុទាំងឡាយអង្គុយលើទី​ដែលសង្ឃ​មិនបានសន្មត ហើយស្តាប់​បាតិមោក្ខ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុត្រូវសន្មតរោងឧបោសថ ហើយសឹមធ្វើ​ឧបោសថ ក៏យើងទាំងឡាយ​អង្គុយ​លើទី​ដែល​សង្ឃមិនបានសន្មត​ ហើយស្តាប់​បាតិមោក្ខ ឧបោសថ ឈ្មោះថា យើងបានធ្វើ ឬមិនបាន​ធ្វើ​ទេ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុអង្គុយលើទីដែល​សង្ឃសន្មត​ហើយក្តី មិនបាន​សន្មតក្តី ស្តាប់​បាតិមោក្ខ​ក្នុងទីណា ភិក្ខុនោះឈ្មោះថា បានធ្វើ​ឧបោសថ​ក្នុងទីនោះហើយ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវការ​របៀង​​ឧបោសថ​1) ទំហំត្រឹមណា ចូរសន្មត​របៀង​ឧបោសថ​ទំហំត្រឹមនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវ​សន្មតយ៉ាងនេះ។ សង្ឃត្រូវ​កំណត់​និមិត្រ​ទាំងឡាយជាមុន។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល លុះកំណត់​និមិត្រ​​ទាំងឡាយហើយ ​ត្រូវ​ឲ្យសង្ឃ​ជ្រាបថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ និមិត្រទាំង​ឡាយ សង្ឃកំណត់ហើយដោយ​ជុំវិញត្រឹមណា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃ​សន្មត​របៀង​ឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃ​កំណត់​ហើយ ដោយជុំវិញ​ត្រឹមណា ឥឡូវសង្ឃសន្មតរបៀង​ឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ ការសន្មតិរបៀង​ឧបោសថ ដោយនិមិត្រ​ទាំងឡាយនេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោកដ៏មានអាយុ​អង្គនោះនិយាយឡើង។ សង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រ​ទាំង​ឡាយនេះ​ហើយ។ ការសន្មតិរបៀង​ឧបោសថនោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[១៦០] ក៏សម័យនោះឯង ​ក្នុងអាវាសមួយ ពួកភិក្ខុខ្ចីវស្សា ប្រជុំគ្នាមុន ក្នុងថ្ងៃដែល​ធ្វើឧបោសថ​នោះ ហើយចៀសចេញទៅ ដោយគិតថា ព្រះថេរៈ​ទាំងឡាយមិនមកទេ។ ឧបោសថ​ក៏នៅ​ជាគ្មាន​កំណត់​កាល។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា​ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ជាថេរៈ ប្រជុំគ្នាមុន ក្នុងថ្ងៃ​ដែលធ្វើ​ឧបោសថ​នោះ។

[១៦១] ក៏សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ មានអាវាសជាច្រើន តែមានសីមាស្មើគ្នា (មានសីមា​តែមួយ)។ ភិក្ខុទាំងឡាយក្នុងអាវាសទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងទីនេះ មានអាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុទាំងឡាយក្នុងអាវាស​ទាំងនោះ ជជែកគ្នាថា ចូរសង្ឃធ្វើឧបោសថ​​ក្នុងអាវាស​យើងវិញ ចូរសង្ឃធ្វើ​ឧបោសថ​​​ក្នុងអាវាស​យើងវិញ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​ទាំងអស់នោះ​ប្រជុំ​ធ្វើ​ឧបោសថ​ជាមួយគ្នា តែថា​ភិក្ខុជាថេរៈ​នៅក្នុងទីណា ត្រូវសង្ឃ​ប្រជុំគ្នា​ធ្វើឧបោសថ​ក្នុងទីនោះ មិនត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ជាពួកឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

 

1)
រោងឧបោសថ​ដែលសន្មតហើយមុននោះ នៅតូច ហើយត្រូវ​ការ​តរបៀង​ថែមឲ្យធំ​ទៀត​បាន។
km/tipitaka/vin/mv/vin.mv.02.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann