km:tipitaka:vin:mv:vin.mv.02.07

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧៤. អវិប្បវាសសីមានុជាននា

សង្ខេប

ព្រះ​ពុទ្ធ​អនុញ្ញាត​​សន្មត់សីមា ជា​​ព្រំ​ដែន​ទុក​ចីវរ​បាន។

mv 02.07 បាលី cs-km: vin.mv.02.07 អដ្ឋកថា: vin.mv.02.07_att PTS: ?

អវិប្បវាសសីមានុជាននា (ទី៧៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧៤.)

[១៦២] សម័យនោះឯង ព្រះមហាកស្សប​ដ៏មានអាយុចេញ​ពីស្រុក​ឈ្មោះ​អន្ធកវិន្ទ មកកាន់​ឧបោសថ​ក្នុង​ក្រុងរាជគ្រឹះ ឆ្លងស្ទឹង​ពាក់កណ្តាលផ្លូវ ត្រូវទឹក​កួច​ទៅបន្តិច ចីវរ​ទាំងឡាយ​របស់​លោក​ក៏​ទទឹកអស់។ ភិក្ខុទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងព្រះមហាកស្សប​ដ៏មានអាយុ​ថា នែអាវុសោ ហេតុអ្វី​ក៏ចីវរ​របស់អ្នកទទឹកអស់។ ព្រះមហាកស្សប​និយាយថា ម្នាល​អាវុសោ ខ្ញុំចេញ​ពីស្រុក​ឈ្មោះ​អន្ធកវិន្ទ មកកាន់ឧបោសថ​ក្នុង​ក្រុងរាជគ្រឹះនេះ ឆ្លងស្ទឹង​ពាក់កណ្តាលផ្លូវ ត្រូវទឹក​កួច​ទៅបន្តិច ហេតុនោះ​ចីវរ​ទាំងឡាយ​របស់ខ្ញុំទទឹកអស់។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ សីមាណាមានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ដែលសង្ឃ​សន្មត​ហើយ ចូរសង្ឃ​សន្មតសីមានោះ​ឲ្យជា​តិចីវរាវិប្បវាសសីមាចុះ​។1) ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ឯសីមា ត្រូវសង្ឃ​សន្មតយ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាណាដែលសង្ឃសន្មតហើយ ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជា​តិចីវរាវិប្បសសីមា។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាឯណាដែលសង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជា​តិចីវរាវិប្បវាសសីមា។ ការសន្មតិសីមានេះ ឲ្យជាតិចីវរាវិប្បវាសសីមា គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ សង្ឃសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមាហើយ​ ការសន្មតិ​នោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ការសន្មតិ​នូវតិចីវរាវិប្បវាសសីមា ព្រះដ៏មាន​ព្រះភាគ​​ទ្រង់អនុញ្ញាតហើយ ក៏ទុកចីវរ​ទាំងឡាយក្នុងចន្លោះផ្ទះ។ ចីវរទាំងឡាយ​នោះ​វិនាសទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយ​កាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់ មានចីវរ​សៅហ្មង។ ភិក្ខុទាំងឡាយ​បាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីក៏អ្នកទាំងឡាយ​មានសម្ពត់​អាក្រក់ មានចីវរ​សៅហ្មង។ ភិក្ខុទាំងឡាយនោះ​និយាយថា នែ​អាវុសោ យើងទាំងឡាយដឹងថា ការសន្មតិ​​នូវតិចីវរាវិប្បវាសសីមា ព្រះដ៏មានព្រះភាគ​​អនុញ្ញាតហើយ ក៏ទុកចីវរ​ទាំងឡាយ​ក្នុង​ចន្លោះ​ផ្ទះនេះ ចីវរទាំងឡាយ​នោះបាត់ទៅខ្លះ ត្រូវភ្លើងឆេះខ្លះ ត្រូវកណ្តុរទាំងឡាយ​កាត់ខ្លះ ហេតុនោះ ទើបយើង​មានសម្ពត់​អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះ​ភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ សីមាណាដែលសង្ឃ​សន្មត ឲ្យមាន​សំវាស​ស្មើគ្នា ឲ្យមានឧបោសថ​ជាមួយគ្នា ចូរសង្ឃ​សន្មតសីមានោះ​ឲ្យជា​តិចីវរាវិប្បវាសសីមាចុះ លើក​ទុកតែ​ស្រុក និងឧបចារៈ​របស់ស្រុកចេញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ឯសីមានោះ ត្រូវសង្ឃ​សន្មត​យ៉ាង​នេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សីមាណាដែល​សង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មតសីមានោះឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ។ សីមាណាដែលសង្ឃ​សន្មត​ឲ្យមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា ឥឡូវសង្ឃសន្មតសីមានោះ ឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ។ ការសន្មតិសីមានេះ ឲ្យជា​តិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មានអាយុអង្គនោះ​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ សង្ឃបានសន្មតសីមានោះ ឲ្យជាតិចីវរាវិប្បវាសសីមា លើកទុកតែស្រុក​ និងឧបចារៈ​របស់ស្រុកចេញហើយ។ ការសន្មតិនោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តី​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។

 

1)
ភិក្ខុនៅ​ក្នុងខេត្ត​សីមាបែបនេះ ទុកជា​នៅប្រាសចាកត្រៃចីវរ ក៏មិនត្រូវ​អាបត្តិ ព្រោះប្រាសចាកត្រៃចីវរ។
km/tipitaka/vin/mv/vin.mv.02.07.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann