User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.08

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧៥. សីមាសមូហនន

សង្ខេប

ព្រះ​ពុទ្ធអនុញ្ញាត​ ការ​គិត​ដើម្បី​ដក​នូវ​សីមា។

mv 02.08 បាលី cs-km: vin.mv.02.08 អដ្ឋកថា: vin.mv.02.08_att PTS: ?

សីមាសមូហនន (ទី៧៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧៥.)

[១៦៣] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងសន្មតសីមា ត្រូវ​សន្មត​សមានសំវាសសីមា​1) ជាមុន សឹមសន្មតតិចីវរាវិប្បវាសសីមា​2) ជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុនឹងដកសីមា ត្រូវដក​តិចីវរាវិប្បវាសសីមា​ជាមុន សឹមដក​សមានសំវាសសីមា​ជាខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ ឯតិចីវរាវិប្បវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃសន្មតហើយ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ សង្ឃត្រូវដកតិចីវរាវិប្បវាសសីមានោះចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ តិចីវរាវិប្បវាសសីមាណា ដែលសង្ឃ​សន្មត​ហើយ ឥឡូវសង្ឃដកតិចីវរាវិប្បវាសសីមានោះចេញ។ ការដកនូវតិចីវរាវិប្បវាសសីមានេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោកដ៏មាន​អាយុ​អង្គ​នោះ​​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ តិចីវរាវិប្បវាសសីមានោះសង្ឃបានដកហើយ។ ការដកនូវតិចីវរាវិប្បវាសសីមានោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿង​នេះ ដោយអាការ​ស្ងៀម​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯសមានសំវាសសីមា ត្រូវភិក្ខុដកយ៉ាងនេះ។ ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ បើសម្មតិកម្ម​មានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃដកសីមា​នោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សីមាណា ដែលសង្ឃ​សន្មត ឲ្យ​ជាសមានសំវាសសីមា ឲ្យមានឧបោសថ​ជាមួយគ្នា​ហើយ ឥឡូវសង្ឃដកសីមានោះចេញ។ ការដក​សីមា ដែលមានសំវាស​ស្មើគ្នា មានឧបោសថ​ជាមួយគ្នា​នេះ គាប់​ចិត្ត​ដល់លោកដ៏​មានអាយុ​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គ​នោះ​​ស្ងៀម មិនគាប់ចិត្តដល់លោក​ដ៏មាន​អាយុ​​អង្គណា គួរលោក​ដ៏មាន​អាយុ​អង្គនោះ​និយាយឡើង។ សង្ឃដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នានោះហើយ។ ការ​ដក​ សមានសំវាសសីមានោះ គាប់​ចិត្ត​ដល់សង្ឃ ហេតុនោះទើប​សង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។

 

1)
សីមា​ដែល​មានសំវាសស្មើគ្នា គឺសីមាដែលសង្ឃ​ត្រូវតែធ្វើសង្ឃកម្ម ដោយព្រមព្រៀងគ្នា​ បែកគ្នាមិនបាន។
2)
សីមាដែលភិក្ខុនៅប្រាសចាកត្រៃចីវរបាន។
km/tipitaka/vin/mv/vin.mv.02.08.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann