km:tipitaka:vin:mv:vin.mv.02.11

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧៨. សំខិត្តេន បាតិមោក្ខុទ្ទេសាទិ

សង្ខេប

ព្រះ​ពុទ្ធ​ពន្យល់​​នូវ​ការសូត្របាតិមោក្ខ ៥​យ៉ាងគួរសូត្រ​​ពិស្ដារ ​និង​ពេលណា​គួរ​សូត្រ​សង្ខេប ហើយ​សម្ដែង​ធម៌​ត្រូវ​មាន​ការ​អារធនា ពី​ព្រះថេរៈ​ក្នុងកណ្ដាល​ជំនំុ​សង្ឃ។​

mv 02.11 បាលី cs-km: vin.mv.02.11 អដ្ឋកថា: vin.mv.02.11_att PTS: ?

សំខិត្តេន បាតិមោក្ខុទ្ទេសាទិ (ទី៧៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧៨.)

[១៦៧] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បាតិមោក្ខុទ្ទេសទាំងឡាយ មាន​ប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា ម្នាលភិក្ខុ​ទាំងឡាយ បាតិមោក្ខុទ្ទេស​ទាំងនេះ​មាន៥គឺ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសូត្រ​នូវ​ឧទ្ទេសដ៏សេស​សល់ដោយសុតបទ1) នេះជា​បាតិមោក្ខុទ្ទេស​ទី១។ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិកទាំង៤ ហើយសូត្រ​ឧទ្ទេសដែលសេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​​ទី២។ ត្រូវភិក្ខុសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិក៤ សំដែងនូវសង្ឃាទិសេស​១៣ ហើយសូត្រ​នូវ​ឧទ្ទេសដែលសេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​ទី៣។ ភិក្ខុត្រូវសំដែង​នូវនិទាន​ ហើយសំដែងនូវបារាជិកទាំង៤ សំដែងនូវសង្ឃាទិសេស​១៣ សំដែងនូវ​អនិយត២ ហើយ​សូត្រ​​ឧទ្ទេសដ៏សេស​សល់ដោយសុតបទ នេះជា​បាតិមោក្ខុទ្ទេស​ទី៤។ ​ឧទ្ទេសដោយពិស្តារ​ជាបាតិមោក្ខុទ្ទេសទី៥។ ម្នាលភិក្ខុទាំងឡាយ បាតិមោក្ខុទ្ទេស​មាន៥យ៉ាង​ប៉ុណ្ណេះឯង។ ក៏សម័យ​នោះ​ឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគ​អនុញ្ញាត​ការសំដែង​នូវបាតិមោក្ខ​ដោយសង្ខេបហើយ ក៏សំដែងនូវ​បាតិមោក្ខ​ដោយសង្ខេប សព្វកាល (រាល់ៗថ្ងៃឧបោសថ)។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេប​ទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ក៏សម័យ​នោះឯង ក្នុងអាវាសមួយ ក្នុង​កោសលជនបទ មានសញ្ចរភ័យ​2) ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងឡាយមិនអាច​នឹងសំដែងនូវ​បាតិមោក្ខដោយពិស្តារ​បាន។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើមាន​សេចក្តី​អន្តរាយ តថាគត​អនុញ្ញាត​ឲ្យ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ សូម្បីមិនមានសេចក្តីអន្តរាយ ក៏សំដែង​នូវបាតិមោក្ខ​ដោយសង្ខេប។ ភិក្ខុ​ទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កាលបើគ្មាន​សេចក្តី​អន្តរាយ ភិក្ខុមិនត្រូវសំដែង​បាតិមោក្ខ​ដោយសង្ខេបទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​សំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន ក្នុងពេលដែល​មានសេចក្តីអន្តរាយ។ ឯអន្តរាយ​ក្នុងពេល​ដែលសំដែង​បាតិមោក្ខនោះ (មាន១០យ៉ាងគឺ) អន្តរាយអំពី​ស្តេច (គឺមានស្តេចយាងចូលមក) អន្តរាយអំពីចោរ (គឺមានចោរចូលមកលុកលុយ) អន្តរាយអំពីភ្លើង (គឺ​មានភ្លើង​ព្រៃឆេះរាលមក ឬភ្លើង​អន្ទះកើតឡើង) អន្តរាយអំពីទឹក (គឺមានភ្លៀងខ្លាំង ឬជំនន់ហូរ​មក) អន្តរាយអំពីមនុស្ស (គឺមានមនុស្សច្រើន​ចូលមក) អន្តរាយអំពីអមនុស្ស (គឺខ្មោចចូលភិក្ខុ) អន្តរាយអំពី​សត្វសាហាវ អំពីសត្វ​ទីឃជាតិ (ពួក​សត្វលូនវារ) អន្តរាយដល់ជីវិត (គឺមានភិក្ខុ​កើតជម្ងឺស្លាប់ ឬ​មានមនុស្ស​មានពៀរ​ប៉ងសម្លាប់ភិក្ខុ) អន្តរាយដល់ព្រហ្មចារ្យ (គឺមានមនុស្ស​មកចាប់​ភិក្ខុផ្សិក)។ ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើមានសេចក្តីអន្តរាយ​ទាំងឡាយបែបយ៉ាងនេះ តថាគតអនុញ្ញាត​ឲ្យភិក្ខុសំដែង​នូវបាតិមោក្ខ​ដោយសង្ខេបបាន កាលបើមិន​មានសេចក្តី​អន្តរាយទេ ឲ្យភិក្ខុសំដែង​ដោយពិស្តារ។

[១៦៨] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនមានគេ​អារាធនា ក៏សំដែង​ធម៌ក្នុង​កណ្តាល​សង្ឃ។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលគេមិនអារាធនា មិនត្រូវសំដែង​ធម៌ក្នុង​កណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ​ជាថេរៈ​សំដែង​ធម៌ខ្លួនឯង ឬអារាធនា​ភិក្ខុដទៃ​បាន។

 

1)
អដ្ឋកថា ថា កាលបើសំដែងនិទានចប់ហើយ មិនបានសូត្រ​សិក្ខាបទ​ដោយពិស្តារ គឺគ្រាន់តែសូត្រថា សុតា ខោ បនាយស្មន្តេហិ ចត្វារោ បារាជិកា ធម្មា។បេ។ អវិវទមានេហិ សិក្ខិតព្វន្តិ ដូច្នេះជាដើម ប្រែថា បារាជិក​ធម៌ទាំង៤ លោកដ៏មានអាយុទាំងឡាយ​បានស្តាប់ហើយ។បេ។ កុំវិវាទគ្នា គប្បីសិក្សាចុះ។
2)
អដ្ឋកថា ថា ភ័យ​កើតពីមនុស្ស​នៅក្នុងព្រៃ។
km/tipitaka/vin/mv/vin.mv.02.11.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann